ដោយ យន់ សុធា(Sothea Yon) សហកាជាមួយលោក លោកយី ឆេងអ៊ូ (ប៉េង) (Chheng Uor Yi)
ថ្ងៃទី ១៦ ខែកុម្ភះ ២០១១
តើមានមនុស្សប៉ុន្មាននាក់ដែលបំណងល្អចំពោះប្រជាជននិងសង្គមខ្មែរផ្នែកអប់រំនិងវប្បធម៌ជំរុញការអានសៀវភៅដល់ប្រជាជនខ្មែរ?
ថ្ងៃនេះខ្ញុំបានសន្ទនាជាមួយលោកយី ឆេងអ៊ូ (ប៉េង) តាមបណ្ដាញកិច្ចសន្ទនាក្រុមក្នុងគេហទំព័រ«សាសនានិងអក្សរសិល្ប៍ខ្មែរ»។លោកជាបណ្ណារក្ស ក្ន...ុងក្រុងភ្នំពេញរឿង«ការអានសៀវភៅ»របស់ប្រជាជនកម្ពុជា ធ្វើអោយខ្ញុំជម្រុញចិត្តធ្វើការសិក្សាស្រាវជ្រាវ សូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅក្នុងឱកាសនេះ។
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសសម្បូរដោយបណ្ឌិតប្រាជ្ញក្នុងសម័យកាលកន្លងមក។តាមបណ្ដាសិលាចារឹក និងគម្ពីរដីកាតក់ត្រាទុកក្នុងក្រាំងពង្សាវតា និងស្លឹករិត ហើយមានប្រាសាទសិលាជាច្រើន បានអោយសេចក្ដីសំខាន់ក្នុងការសិក្សារៀនរៀនសូត្រ ការអានសៀវភៅ ថ្វីត្បិតភាគច្រើនជាត្រកូលអ្នកជាន់ខ្ពស់ក៏ដោយ។បច្ចុប្បន្នទាំងរាជរដ្ឋាភិបាល និងឯកជនបានយកចិត្ដទុកដាក់យ៉ាងសំខាន់លើការលើកស្ទួយវប្បធម៌ការអាននេះ ដូច្នេះ ខ្ញុំសូមធ្វើការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។
ចំណាប់អារម្មណ៍«អាន»តាមប្រវត្ដិសាស្ដ្រ
តាមការសិក្សារបស់លោកអាចារ្យមហា ប៉ាងខាត់ ព្រះសង្ឃខ្មែរជំនាញ់ផ្នែកសិលាចារិត ភាសាសំសង្ក្រិតនិងភាសាបាលី ក្នុងអត្ថបទ«វប្បធម៌សំស្ក្រិត» លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងលើសិលាចារិតវ៉ូកាញ(Vo-Cah)។លោកបានបញ្ចាក់ថា សិលាចារិតនេះ មានពីរបែប បែបមួយជាអក្សរព្រាហ្មណី ជាតួអក្សរបល្លៈ វប្បធម៌សាសនាព្រាហ្មណ៍ មួយទៀតសិលាចារិតនេះបានផ្ដល់សេចក្ដីសំខាន់ចំពោះព្រះពុទ្ធសាសនា។ លោកបានបញ្ជាក់ថា«បើគ្មានការសិក្សាទេ គេមិនអាចនឹងចារឹតនូវអក្ស បទកវីកំណាព្យ មានព្យាង្គ ឃ្លា ល្បះ ប្រយោគចាប់ជួនរណ្ដំ ពេញដោយអត្ថន័យ អត្ថរស»បានទេ។ ក្នុងសៀវភៅ«ពុទ្ធសាសាន២៥០០»របស់លោកអាចារ្យមហាប៉ាងខាត់ លោកបានអោយដឹងអំពីទឹកព្រះទ័យរបស់ព្រះរាជាក្នុងសម័យនគរភ្នំ និងសម័យចេឡា ទ្រង់បានត្រាស់អោយចំណារសិលាចារិតនានា រហូតសិលាចារិតទាំងនេះ ក្លាយជាច្បាប់ សម្រាប់ការអប់រំ និងជាច្បាប់បញ្ញត្ដិសម្រាប់ព្រះរាជាក្នុងកាលខាងមុខប្រព្រឹត្តិបដិបត្តិតាម។
ក្នុងវិសុទ្ធិមគ្គ(VIMUTTIMAGGA)បានអោយដឹងថាខ្មែរសម័យនគរភ្នំមានការសិក្សាជាន់ខ្ពស់ ដូចជាករណីភិក្ខុសង្ឃបាលោ និងមន្ដ្រសេនដែលមានចំណេះខ្ពង់ខ្ពស់បំផុតបណ្ដាអ្នកប្រាជ្ញនានារបស់ប្រជាជនខ្មែរក្នុងសម័យនោះ រហូតបានសរសេរនិងប្រែគម្ពីរដិកាទាំងភាសាខ្មែរ សំស្ក្រិត និងភាសាចិន ស្នាដៃរបស់លោកដែលនៅសល់សព្វថ្ងៃគឺ ព្រះត្រៃបិដក ច្បាប់ភាសាចិន និងគម្ពីរវិមុត្ដិមគ្គ។ ក្នុងគម្ពីរវិមុត្តិមគ្គដែលជាស្នាដៃរបស់លោក ហើយសព្វថ្ងៃក្លាយជាគម្ពីរមានគុណូប្បការជាអតិបរិមារដល់សង្គមលោក ដែលអ្នកប្រាជ្ញពុទ្ធសាសនាទូទាំងពិភពលោកទទួលស្គាល់ បានរៀបរាប់ឈ្មោះគម្ពីរដីកាដែលជាស្នាដៃរបស់លោកភិក្ខុសង្ឃបាលោបានបន្សល់ទុក។
ចាប់តាំងពីសតវត្សទី ៨ មក ប្រទេសកម្ពុជាបានឯករាជពីជ្វា បានស្ថាបនាគ្រប់វិស័យ ក្នុងនោះដែលលេចត្រដែតជាងគេបំផុតគឺ«សាសនស្ថាន» សំខាន់គឺប្រាសាទនានាក្នុងប្រទេស ជាពិសេសក្នុងខេត្តសៀមរាប បើយើងមកទស្សនានឹងបានឃើញបណ្ណាល័យ រាប់សិបកន្លែងក្នុងបណ្ដាប្រាសាទទាំងនោះ ដើម្បីសម្រាប់ផ្ទុកឯកសារដល់ការសិក្សាស្រាវជ្រាវ ទទឹមនិងនេះក៏បានកត់ត្រាជាសិលាចារិតផងដែរ។
ឯកសារកត់តា្ររបស់ទូនចិនឈ្មោះជូ តាខ្វាន់ បានអោយដឹងថា ខ្មែរក្នុងសម័យអង្គរ មានការសិក្សាយ៉ាងយកចិត្ដទុកដាក់ អ្នកស្រុកយកកូនអោយមករៀនក្នុងវត្ត លោកបានបញ្ជាក់ ទៀតថា មានការចារអក្សរក្នុងស្លឹករិត។
ដូចដែលបានរៀបរាប់ដោយត្រួស ៗ សរអោយឃើញថា ប្រជាជនខ្មែរគ្រប់យុគសម័យផ្ដល់សេចក្ដីសំខាន់ការសិក្សារៀនសូត្រ ជាពិសេសគឺចំណារទាំងឡាយដែលមានបន្សល់ទុកក្នុងសិលាចារិតរាប់ពាន់ផ្ទាំង ដែលយើងអាចធ្វើសម្មតិកម្មបានថា«ខ្មែរចូលចិត្តអានសៀវភៅបំផុត ក្នុងបណ្ដាប្រទេសនៅអាស៊ី»ក្នុងសម័យនោះ។
នេះគ្រាន់តែជារឿងរាវកើតឡើងក្នុងអតីតប៉ុណ្ណោះ ចាប់តាំងពីប្រទេសកម្ពុជាប្រលូកចូលក្នុងនយោបាយទាំងក្នុងនិងក្រៅប្រទេស ក្រោយសម័យអង្គរ ខ្មែរមានអោនភាពយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ បញ្ហាអសន្ដិសុខកើតឡើងក្នុងសង្គម ជាហេតុត្រូវផ្លាស់ប្ដូរទីក្រុង ជារឿយៗ និទានប្រវត្ដិសាស្ដ្រ«រឿងព្រះគោព្រះកែវ»បានអោយដឹងថា ខ្មែរយើងត្រូវបាត់បង់របស់មានតំលៃបំផុតមិនអាចបំភ្លេចបាន នោះគឺតម្រា ឯកសារនានាដែលត្រូវត្រូវពួកសៀមដុះបំផ្លាញ់ និងរឹបអូសយកទៅប្រទេសរបស់គេ ក្នុងរាជសម័យព្រះនាងអង្គម៉ី និងព្រះបាទអង្គឌួង តាមឯកសាររបស់លោកអេង សុត«ឯកសារមហាបុរសខ្មែរ» ឯកសាររបស់អាដឺមារ៍តឡាក្លែរ«ប្រវតិ្ដសាស្ដ្រកម្ពុជា» ឯកសារ«បណ្ដាំតាមាស»របស់ឃីង ហុកឌី អ្នកប្រាជ្ញផ្នែកអក្សរសិល្ប៍ខ្មែរ ឯកសារទាំងនេះបានបញ្ជាក់អោយឃើញថា ក្នុងសម័យនោះ គម្ពីរឯកសារ វត្តវាអារាម ត្រូវយួនដុតបំផ្លាញ់។ ទោះបីត្រូវគេបំផ្លាញ់យ៉ាងណាក៏ដោយ យើងអាចយល់បានថា សម័យនេះមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសិក្សា ដូចជាឯកសារប្រវត្តិសាស្ដ្រកម្ពុជារបស់ត្រឹង ងា ថាព្រះបាទអង្គយកចិត្ដទុកដាក់ចំពោះការសិក្សារៀនសូត្រ ហើយទ្រង់បានព្រះសំណេរវណ្ណកម្មបានជាច្រើនរឿង ដូចជារឿងកាកី ច្បាប់ស្រីជាដើម ចំណែកលោកយាង សំក្នុងនិក្ខេបទ«Buddhism in Cambodia,1795-1954» មានទស្សនដូចគ្នានិងលោកត្រឹង ងា។ ទាំងនេះ សុទ្ធតែធ្វើអោយយើងយល់ដឹងអំពីកិច្ចអភិវឌ្ឍន៍ក្នុងការសិក្សានិងការអានសៀវភៅរបស់ប្រជាជនខ្មែរ។
ក្នុងសម័យខ្មែរស្ថិតក្រោមការត្រួតត្រារបស់បារាំង ៗ គេពុំសូវយកចិត្តទុកដាក់ការៀនសូត្ររបស់ខ្មែរប៉ុន្មានទេ ទទឹមនិងនេះ គេបានកាត់ផែនដីខ្មែរអោយសៀមទៀតផង ជាពិសេសខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ធ្វើអោយប្រជាជនថៃសព្វថ្ងៃយល់ច្រឡំថា ខេត្តទាំងនេះជារបស់ថៃ ដូចជាការបំផុសជាតិនិយមរបស់ក្រុមអាវលឿង។ ក្នុងឯកសារ«បាត់ដំបងក្នុងសម័យលោកម្ចាស់»របស់លោក តូចឈឿន បានអោយដឹងថា ខេត្តដែលសៀមគ្រប់គ្រង ពួកគេបានបើកសាលាបង្រៀនភាសាថៃក្នុងខេត្តបាត់ដំបង ដើម្បីអោយកូនខ្មែរនៅទីនោះបានរៀនភាសាថៃ និងចេះនិយាយភាសាថៃ។ ក្នុងន័យនេះ គេមានបំណងដើម្បីលប់បំបាត់វប្បធម៌ខ្មែរផ្នែកអក្សរសាស្ដ្រ ជាហេតុធ្វើអោយសម្ដេចព្រះបាទស៊ីសុវត្តិបង្កើតសាលារៀនដំបូងក្នុងខេត្តសៀមរាប ក្នុងឆ្នាំ ១៩០៤ តាមឯកសារ«ប្រវត្តិពុទ្ធិកសិក្សា»របស់ពុទ្ធសាសនបណ្ឌិត្យក្នុងគោលបំណងដើម្បីអោយប្រជាជនខ្មែរទាំងព្រះសង្ឃនិងប្រជាជនទូទៅបានរៀនសូត្រ និងយល់តំលៃពីអក្សរសាស្ដ្រនិងភាសាខ្មែរ។
ក្នុងរបបអនានិគមបារាំង គេព្យាយាមលប់បំបាត់អក្សរសាស្ដ្រខ្មែរ ជាពិសេសលោកហ្ស៊ក កូត្យេដែលមានអំណាចក្នុងសម័យនេះ បង្ខំអោយលោកហ្ស៊ក ហ្សឺដេសបង្កើតតួអក្សរខ្មែរ ជារ៉ូមាំង ទោះបីលោកហ្ស៊ក ហ្សឺដេស និងសហការីរួមមាននាងកាពីឡែ ជាដើមមានគុណូប្បការ យ៉ាងធំធេងក្នុងកម្ពុជា ជាពិសេសបានបង្កើតរាជបណ្ណាល័យ និងពុទ្ធសាសនបណ្ឌិតក្នុងក្រុងភ្នំពេញ បានប្រមូលនិងចងក្រងសៀវខ្មែរក្នុងសម័យនោះ។ឯកសារសិក្សាចក្ររបស់ខេមរបានអោយដឹងថា យុទ្ធសាស្ដ្ររបស់ពុទ្ធសាសនបណ្ឌិត្យក្នុងការអប់រំសិក្សា បានបំផុសអោយកូនខ្មែរក្នុងសម័យនេះចេះអានសៀវភៅ ជាពិសេសគឺបានបង្កើតកម្មវិធី«បណ្ណាល័យចល័ត» ។តែពួកអនានិគមមានអំណាចផ្នែកនយោបាយ គេមិនព្រមអោយកូនខ្មែរចេះដង់ យ៉ាងណាក៏ដោយ ពួកស្នេហាជាតិ ជាពិសេសគឺលោកអាចារ្យហែមចៀវ ព្រះសង្ឃក្នុងសាលាបាលីជាន់ខ្ពស់ និស្សិត បញ្ញាវន្ដ និងប្រជាជនទូទៅបានក្រោកឡើងប៉ះបោរប្រឆាំងនិងទង្វើររបស់បារាំង។ ទាំងនេះបញ្ជាក់អោយឃើញថា ខ្មែរយើងផ្ដើមយកចិត្តទុកដាក់ អានសៀវភៅកាន់តែច្រើន ធ្វើអោយកាន់តែយល់ដឹងនូវតំលៃរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងរាជសម័យព្រះបាទសម្ដេចនរោតម សីហនុ ទ្រង់ផ្ដល់សេចក្ដីសំខាន់ដល់ការសិក្សារៀនសូត្រ មានមហាវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សានិងបណ្ណាល័យស្ទើរគ្រប់តំបន់នានាទូទាំងប្រទេស។
ខ្មែរធ្លាក់ក្នុងកណ្ដាប់ដៃនៃសង្គ្រាម អ្នកប្រាជ្ញបណ្ឌិត សិក្សានុសិស្សត្រូវគេ(ខ្មែរក្រហម)ចាប់យកទៅសំលាប់ចោទដោយគ្មានហេតុផល ដូចមាននៅក្នុងសំនុំរឿងរបស់តុលាការកាត់ទោស បនប្រល័យពូជសាសន៍ប៉ុលពត អៀងសារី។ ខ្មែរធ្លាក់ដល់កំរិតសូន្យផ្នែកការសិក្សា។តែយ៉ាងណាក៏ដោយ ក្រោយពីសម័យសង្គ្រាម ខ្មែរព្យាយាមពង្រឹងនិងអភិវឌ្ឍគ្រប់ផ្នែកក្នុងនោះមានការសិក្សាផងដែរ។
ដូចដែលបានរៀបរាប់មកខាងលើ សរបញ្ជាក់អោយឃើញថា ខ្មែរយើងព្យាយាមណាស់ក្នុងការលើកកំពស់ផ្នែកការរៀនសូត្រ ជាពិសេសគឺការអានសៀវភៅតែម្ដង។
ការអាននិងបញ្ហា
បច្ចុប្បន្ន ថ្វីត្បិតតែរដ្ឋាភិបាលយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់ប្រជាជន កម្ពុជា ដូចជា«យុទ្ធសាស្ដ្រចតុកោណ»អណ័តិទីបួនបានបញ្ជាក់យ៉ាងច្បាស់ «ការសិក្សាសម្រាប់ទាំងអស់គ្នា»តែយ៉ាងនោះក៏យបញ្ហាការអានសៀវភៅនៅតែមានកំរិតខ្ពស់នៅឡើយ។
តាមប្រភពពត៌មានសុខភាព «អភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអានរបស់ពលរដ្ឋ»របស់កញ្ញា រស់ សុធា បានអោយដឹងថា បញ្ហាកើតឡើងដោយសារជីវភាព ធ្វើអោយកូនកសិករមួយភាគធំត្រូវជំរុញចិត្តបោះបង់ការសិក្សារៀនសូត្រ ចំណែការអានសៀវភៅ កាន់តែប្រសប់បញ្ហា ព្រោះបើពួកគេបោះបង់ការៀនសូត្រហើយ ពួកគេគ្មានពេលនឹងអានសៀវភៅឡើយ។
តាមប្រភពពត៌មាន វីអូអេ រាយការរបស់លោក ពេជ្យ សំណាង ចុះផ្សាយក្នុងថ្ងៃច័ន្ទ ទី ៣០ ខែ សីហា ២០១០ បានបញ្ជាក់អោយដឹងថា ប្រទេសខ្មែរហាក់នៅពុំទាន់មានវប្បធម៌នៃការអានសៀវភៅនិងការសរសេរនៅឡើយ ដោយសារប្រជាជនខ្មែរភាគច្រើនគ្មានទម្លាប់នៃការអាន និងកង្វះការផ្តល់តម្លៃដល់ស្នាដៃរបស់អ្នកនិពន្ធ។ ដូចជាក្រុមអ្នកជំនាញខាងការអាននិងការសរសេរបានលើកឡើងថា ប្រទេសខ្មែរនៅប្រឈមមុខនឹងបញ្ហានៃការអាននិងការសរសេរនៅឡើយ ដោយសារតែកង្វះទម្លាប់នៃការអានក្នុងចំណោមប្រជាជនខ្មែរភាគច្រើន និងជាពិសេសកង្វះការឲ្យតម្លៃទៅលើស្នាដៃរបស់អ្នកនិពន្ធ។
ប្រភពពត៌មាននេះដែរបានស្រង់ពាក្យសំដីរបស់អ្នកស្រីប៉ាល់ វណ្ណរីរក្ស អ្នកនិពន្ធរឿងប្រលោមលោកខ្មែរថា «យើងមិនអាចបដិសេធបានទេថា បច្ចុប្បន្ននេះ សង្គមខ្មែរគឺជាសង្គមមួយដែលមិនសូវនិយមការអាន។ វាមានមូលហេតុមួយចំនួនដែលទាក់ទងលើបញ្ហានេះ ឧទាហរណ៍ភាពមិនចេះអក្សរដែលនៅមានចំពោះប្រជាជនខ្មែរ ជីវភាពប្រជាជនខ្មែរដែលនៅក្រីក្រ។ ដូច្នេះភាពចាំបាច់របស់គាត់គឺការទិញបាយ មិនមែនជាការទិញសៀវភៅនោះឡើយ»។ប្រភពពត៌មាននេះបញ្ជាក់អោយដឹងថា ប្រជាជនខ្មែរប្រមាណ៨០% ក្នុងចំណោមប្រជាជនសរុបជាង១៤លាននាក់រស់នៅតាមទីជនបទនានាក្នុងប្រទេសកម្ពុជា ហើយចន្លោះពី៣០ទៅ៣៥% ក្នុងចំណោមពួកគេត្រូវគេរាយការណ៍ថាកំពុងរស់នៅដោយពឹងផ្អែកលើប្រាក់ចំណូលតិចជាង១ដុល្លាររអាមេរិកក្នុងមួយថ្ងៃ។ដោយឡែក តួលេខនៃអត្រាចេះអានអក្សរក្នុងចំណោមប្រជាជនកម្ពុជានៅមានភាពប្រទាញប្រទង់គ្នានៅឡើយ ប៉ុន្តែបើផ្អែកតាមវិទ្យាស្ថានជាតិ ស្ថិតិមនុស្សពេញវ័យនៅកម្ពុជាជាង៧០%គឺជាអ្នកចេះអានអក្សរ។
ក្រុមអ្នកជំនាញនិយាយថា ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់មនុស្សអំពីពិភពលោក និងអាចជួយឲ្យមនុស្សមានការផ្លាស់ប្តូររបៀបគិតរបស់ពួកគេ ហើយអាចថែមទាំងផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេបានថែមទៀតផង។
ប្រភពពត៌មាននេះបានដកស្រង់ពាក្យសំដីរបស់អ្នកនាង Allyson Hose អ្នកនិពន្ធជនជាតិអូស្ត្រាលី មានប្រសាសន៍ថា «ការអភិវឌ្ឍការអាននិងការសរសេរនៅកម្ពុជាក៏អាស្រ័យលើការអភិវឌ្ឍសង្គមឲ្យបានកាន់តែទូលំទូលាយជាងនេះ ការផ្តល់និធិ និងការផ្តល់អាទិភាពដល់ការអប់រំ ការលើកតម្កើងសេរីភាពក្នុងការបញ្ចេញមតិ និងការលើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល»។
ប្រភពពត៌មាននេះបានដកស្រង់ពាក្យសំដីលោកសាស្ត្រាចារ្យហេង ស្រ៊ាងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានប្រសាសន៍បន្ថែមផងដែរថា ដើម្បីបង្កើតឲ្យមានវប្បធម៌នៃការអាននិងសរសេរនៅក្នុងប្រទេសកម្ពុជា កម្ពុជាក៏ត្រូវបង្កើតយន្តការដែលធានាឲ្យមានការប្រកួតប្រជែងសមត្ថភាពពិតប្រាកដក្នុងការជ្រើសរើសមុខតំណែងការងារនៅក្នុងទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ដើម្បីលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសយុវជនឲ្យនាំគ្នាចាប់ផ្តើមអានបន្ថែមទៀតដើម្បីបង្កើនចំណេះវិជ្ជារបស់ខ្លួនសម្រាប់ការប្រកួតប្រជែងនោះ។
«ការយកចំណេះវិជ្ជាទៅប្រកួតប្រជែងក្នុងទីផ្សារការងារ អាហ្នឹងជាកត្តាធំតែម្តង ព្រោះមនុស្សភាគច្រើនរៀនដើម្បីរស់ សព្វថ្ងៃហ្នឹង រៀនដើម្បីរកទីផ្សារការងារ។ ដល់ទីផ្សារការងារមិនសូវមានការប្រកួតប្រជែងអញ្ចឹង ការរៀនសូត្រក៏មិនសូវមានការប្រកួតប្រជែងដែរ។ អ្នកខ្លះមករៀនយកតែសញ្ញាប័ត្រ ហើយគាត់អត់មានការចេះដឹងផង»។
ការចុះធ្វើការសិក្សាស្រាវជ្រាវក្នុងការនិក្ខេបទរបស់ខ្ញុំមួយឆ្នាំកន្លង បានចូលទៅតាមបណ្ដាសកលវិទ្យាល័យ បណ្ណាល័យនានា ទាំងក្នុងក្រុងភ្នំពេញ និងបណ្ដាខេត្ដទូទាំងប្រទេសកម្ពុជា តាមការសង្កេតបណ្ដាបណ្ណាល័យ និស្សិត សិក្សានុសិស្សចូលទៅអានមានកំរិតទាបនៅឡើយ ហើយការអោយសេវាកម្មរបស់បណ្ណាល័យក៏នៅមានកម្រិតទាបដែរ។ទោះបីបណ្ណារក្សព្យាយាមយកចិត្ដទុកដាក់លើការអោយសេវាកម្មដ៏ដោយ ខ្ញុំបានធ្វើការសន្ទនា ជាមួយបណ្ណារក្សក្នុងបណ្ណាល័យភ្នំពេញ និងវិទ្យាសា្ថនពុទ្ទសាសនបណ្ឌិត ពួកគាត់នៅមានបញ្ហាផ្នែកជីវភាព ក្រោយពីធ្វើតួនាទីរបស់ខ្លួនជាបណ្ណារក្ស ពួកគាត់ត្រូវប្រកបអាជីពពិសេស របស់គាត់ តាមកិច្ចសន្ទនានេះ ពួកគាត់បានប្រាប់អោយដឹងថាអ្នកអានមានកំរិតទាបនៅឡើយ តាមកិច្ចសន្ទនារបស់ខ្ញុំជាមួយលោកយី ឆេងអ៊ូ ហៅ(ប៉េង) ជាបណ្ណារក្សក្នុងបណ្ដាញ លោកបច្ចេកវិជ្ជាក្នុងគេហទំព័រ«សាសនានិងអក្សរសិល្ប៍ខ្មែរ»បង្កើតឡើងដោយខ្ញុំ ក្នុងថ្ងៃនេះ លោកប៉េង បានអោយដឹងថា អាជីពបណ្ណារក្សពុំសូវមានគេយកចិត្តទុកដាក់ ទោះបីបណ្ណារក្ស មានសុឆន្ទៈបំផុសស្មារតីអោយប្រជាជនស្រលាញ់ការអានសៀវភៅ។
ការដោះស្រាយបញ្ហានិងលើកកំពស់ការ«អាន»
ប្រភពពត៌មាន វីអូអេ បានដកស្រង់ការបញ្ចេញយោបល់របស់លោកសាស្ត្រាចារ្យហេង ស្រ៊ាងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ដើម្បីបង្កើតឲ្យមានវប្បធម៌នៃការអាននិងសរសេរនៅក្នុងប្រទេសកម្ពុជា កម្ពុជាក៏ត្រូវបង្កើតយន្តការដែលធានាឲ្យមានការប្រកួតប្រជែងសមត្ថភាពពិតប្រាកដក្នុងការជ្រើសរើសមុខតំណែងការងារនៅក្នុងទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ដើម្បីលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសយុវជនឲ្យនាំគ្នាចាប់ផ្តើមអានបន្ថែមទៀតដើម្បីបង្កើនចំណេះវិជ្ជារបស់ខ្លួនសម្រាប់ការប្រកួតប្រជែងនោះ។
«ការយកចំណេះវិជ្ជាទៅប្រកួតប្រជែងក្នុងទីផ្សារការងារ អាហ្នឹងជាកត្តាធំតែម្តង ព្រោះមនុស្សភាគច្រើនរៀនដើម្បីរស់ សព្វថ្ងៃហ្នឹង រៀនដើម្បីរកទីផ្សារការងារ។ ដល់ទីផ្សារការងារមិនសូវមានការប្រកួតប្រជែងអញ្ចឹង ការរៀនសូត្រក៏មិនសូវមានការប្រកួតប្រជែងដែរ។ អ្នកខ្លះមករៀនយកតែសញ្ញាប័ត្រ ហើយគាត់អត់មានការចេះដឹងផង»។
ដោយឡែក លោកឃឹម ច័ន្ទសុអហំ នាយកសមាគមអក្សរសិល្ប៍នូ ហាច មានប្រសាសន៍ថា ទម្លាប់នៃការអាននិងសរសេរគឺត្រូវចាប់ផ្តើមឡើងតាំងពីកុមារភាពទៅ។ ដូច្នេះលោកនិយាយថា កម្ពុជាត្រូវគិតគូរអំពីការអភិវឌ្ឍការអានរបស់កុមារដើម្បីឈានទៅបង្កើតឲ្យបាននូវវប្បធម៌នៃការអាននិងសរសេរក្នុងប្រទេសកម្ពុជានេះ។
«ដំបូងបំផុតគឺត្រូវបង្កើតគ្រប់គ្រឹះស្ថានសិក្សាជាពិសេសថ្នាក់បឋមហ្នឹង ត្រូវបណ្តុះយ៉ាងណាឲ្យមានការអានឲ្យច្រើនតាមរយៈបណ្តាល័យ ឬសៀវភៅសម្រាប់កុមារ ព្រោះនៅស្រុកខ្មែរយើង យើងឃើញមានតិចណាស់សៀវភៅសម្រាប់កុមារ ហើយភាគច្រើនជាស្នាដៃបកប្រែ ទើបតែរយៈកាលចុងក្រោយនេះទេ ដែលមានអ្នកនិពន្ធសម្រាប់កុមារ។ អញ្ចឹងការបណ្តុះចេញពីកុមារ ព្រោះកុមារជាមូលដ្ឋានគ្រឹះ ដូចជាទំពាំងអញ្ចឹង។ ពេលដល់វ័យធំ បានយើងចាប់បង្ខំឲ្យអាន។ ពេលហ្នឹងវាលំបាក»។
អ្នកស្រីខ្លូត វីបុឡា ប្រធានបណ្ណាល័យជាតិកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងពង្រីកសេវាកម្មបណ្ណាល័យឲ្យបានច្រើនថែមទៀតដើម្បីទាក់ទាញប្រជាជនកម្ពុជាឲ្យនាំគ្នាអានកាន់តែច្រើនឡើង។
«កម្ពុជាយើងពីមុន យើងមានសៀវភៅតិចបំផុត។ ប៉ុន្តែឥឡូវយើងមានច្រើន អញ្ចឹងអាចផ្តល់នូវសេចក្តីត្រូវការដល់អ្នកអានទាំងអស់គ្នា ហើយមិនត្រឹមតែប៉ុណ្ណេះទេ ឥឡូវនេះគ្រប់បណ្ណាល័យជាតិ បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យរដ្ឋសភា បានពង្រីក បើកផ្នែកបណ្ណាល័យសាធារណៈ បើកជូនដល់យើងទាំងអស់គ្នា ឲ្យបានអានកាន់តែច្រើន»។
អ្នកស្រីខ្លូត វិបុឡាមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នបណ្ណាល័យជាតិមានសៀវភៅចំនួនប្រមាណ១២ម៉ឺនក្បាល ជាភាសាខ្មែរ បារាំង និងអង់គ្លេស ហើយក៏មានសៀវភៅអានសម្រាប់កុមារផងដែរ។
ជាមួយគ្នានេះដែរ លោកថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជាក៏បានលើកទឹកចិត្តដល់កវី និងអ្នកនិពន្ធ ដោយការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃជារៀងរាល់ឆ្នាំផងដែរ ដើម្បីជំរុញឲ្យមានការអាននិងការតែងនិពន្ធស្នាដៃថ្មីៗប្រកបដោយគុណភាពនិងភាពច្នៃប្រឌិតបន្ថែមទៀត។
«យើងមានការតាក់តែងកំណាព្យ ការតាក់តែងសៀវភៅរឿង។ យើងមានបើកមហោស្រពសិល្បៈ ចំរៀង និងការតែងនិពន្ធមានជាហូរហែរ។ នេះគឺជាការប្រមូលបន្តិចម្តងៗដើម្បីអូសទាញគេឲ្យយកចិត្តទុកដាក់នឹងបញ្ហាដែលទាក់ទងនឹងការអាន និងការសរសេរ»។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ដើម្បីបង្កើតឲ្យមានវប្បធម៌នៃការអាននិងការសរសេរនៅក្នុងប្រទេសកម្ពុជា គេត្រូវបង្កើតឲ្យមានទម្លាប់នៃការអាននៅក្នុងសាលារៀន បណ្ណាល័យ កន្លែងធ្វើការ ទីកន្លែងកម្សាន្តនិងជាពិសេសគឺនៅក្នុងរង្វង់គ្រួសារតែម្តង ដោយត្រូវផ្តើមចេញពីឪពុកម្តាយ ឬអាណាព្យាបាលដែលត្រូវបង្ហាញដល់កុមារ ឬកូនៗរបស់ខ្លួននូវគំរូនៃការចូលចិត្តអាននិងសរសេរនេះ៕
លោកប៉េង បណ្ណារក្សខ្មែរ លោកមានសុឆន្ទនិយមយ៉ាងខ្លាំងក្នុងការជម្រុញវប្បធម៌ការអានសៀវភៅ ហើយលោកមានបំណងបង្កើតបណ្ណាល័យផ្ទាល់ខ្លួនទៀតផង ដើម្បីផ្ដល់ការ សិក្សាស្រាវជ្រាវដល់យុវជនខ្មែរអោយមានកំរិតការសិក្សា ការយល់ដឹងនិងការស្រលាញ់អានសៀវភៅ។
លោកប៉េង បានធ្វើប្លង់គម្រោងបេកសកម្មជីវិតរបស់លោកក្នុងការផ្ដល់ការយល់ដឹងតាមរយះការអានថា៖
១.ធ្វើយ៉ាងណាអោយមនុស្សសត្វលោករស់ប្រកបដោយសុខសន្ដិភាពនិងការអភិវឌ្ឍយូរអង្វែង
២.លើកស្ទួយការអាននៅពាសពេញប្រទេសកម្ពុជា អាស៊ីនិងឈានទៅដល់ប្រទេសទន់ខ្សោយផ្សេងៗ ទៀតក្នុងលោក។
៣.លើកស្ទួយការអប់រំសម្រាប់ទាំងអស់គ្នា ជាពិសេសប្រទេសកម្ពុជាយើង។
៤.លើកស្ទួយវប្បធម៌ការអានខ្មែរ មនុស្សធម៌និងការជំរុញការងារស្ម័គ្រចិត្ដនៅកម្ពុជាអោយបានខ្លាំងក្លា។
លោកប៉េងបានបញ្ជាក់ថា បើខ្មែរសុខចិត្តអានរាល់ថ្ងៃ យ៉ាងតិចគឺ បីភាគបួននៃប្រជាជនទូទាំងប្រទេស កម្ពុជានឹងអភិវឌ្ឍទាំងផ្នែកការសិក្សាស្រាវជ្រាវ កម្រិតវប្បធម៌ រួមទាំងការអភិវឌ្ឍនៃសង្គមកាន់តែរីកចម្រើនមិនចាញ់អរិយប្រទេសក្នុងលោកប៉ុន្មានឡើយ។
ទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប៉េង ដែលធ្វើការសន្ទនាជាមួយខ្ញុំក្នុងថ្ងៃនេះ ធ្វើអោយខ្ញុំមានគំនិតសរសេរអត្ថបទនេះឡើងហើយខ្ញុំសូមលើកយកកំណាព្យរបស់លោកដែលផ្ដល់ខ្ញុំចុះផ្សាយក្នុងគេហទំព័រ«សួនកំណាព្យខ្មែរ» និងគេហទំព័រ«សាសនានិងអក្សរសិល្ប៍ខ្មែរ» ដូចតទៅ៖
កំណាព្យ អរ (អនិងរ)
បទពាក្យប្រាំពីរ
ដោយChheng Uor Yi
1-អអានររៀនឲ្យបានច្រើន ដើម្បីបង្កើនភាពធាត់ធំ
អអានររៀនទាំងគេខ្ញុំ ក្រោយចេះខំផ្គុំកសាងជាតិ
2-អអានររៀនទាំងអស់គ្នា ពូនផ្តុំវិជ្ជាគ្រប់ផៅញាតិ
អអានររៀនមិនឲ្យឃ្លាត ខំលៃជ្រកជ្រៀតដើម្បីអ្នក។
3-អអានររៀនគ្រប់លំនៅ គេចភាពល្ងង់ខ្លៅយល់ត្រជាក់
អអានរៀនឲ្យជាក់លាក់ ខំអស់គ្រប់ថ្នាក់រាស្ត្រមន្ត្រី។
4-អអានររៀនបានគ្រប់គ្នា ស្រាវជ្រាវកុំរាទាំងប្រុសស្រី
អអានររៀនអស់មន្ត្រី រាស្ត្រដែរគ្រប់វ័យរៀនមិនឈប់។
5-អអានររៀនទាំងអំណរ ខំរៀនជៀសក្រទាំងថ្ងៃយប់
អអានររៀនគ្រប់ឋានភព ខំជ្រាវមិនឈប់អស់វិជ្ជា។
6-អអានររៀនស្ទួយវប្បធម៌ ឲ្យខ្ពស់បវរខ្មែររមនា
អអានររៀនជៀសពាលា នាំអស់ផងគ្នាជួបមង្គល។
ភ្នំពេញរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១១
ឯកសារយោង
ពុទ្ធសាសនា ២៥០០.ភ្នំពេញៈពុទ្ធសាសនបណ្ឌិត.១៩៦៣
ប្រវតិ្ដពុទ្ធិកសិក្សា.ភ្នំពេញៈពុទ្ធសាសនបណ្ឌិត,២០០៧.
ពុទ្ធិកសិក្សា.ទស្សនាវដ្ដីអនុមាស ផ្សាយចេញពីពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជភ្នំពេញ,១៩៥៨-១៩៦០
សិក្សាចក្រ,ទស្សនាវដ្ដីនៃមជ្ឃមណ្ឌលខេមរសិក្សា,លេខ ៨-៩.២៥៥១.-២០០៧.
សំនុំរឿងរបស់តុលាការកាត់ទោស បនប្រល័យ ពូជសាសន៍ប៉ុល ពត អៀងសារី,ភ្នំពេញ :ក្រសួងឃោសន្នការ,វប្បធម៌និងពត៌មាន,๑๙๘๑.
កុយ លោត.ជីវប្រវត្តិព្រះអាចារ្យហែម ចៀវ).ភ្នំពេញ, ๑๙๗๒.
ឃីង ហុកឌី,បណ្ដាំតាមាស .ភ្នំពេញ:អង្គរ, ๒๐๐๗.
ត្រឹង ងា.ប្រវត្តិសាស្ដ្រខ្មែរ, ភាគ ๑ – ๒.ភ្នំពេញ, ๑๙๗๓.
តូច ឈឿន.បាត់ដំបងសម័យលោកម្ចាស់.ភ្នំពេញ:មជ្ឃមណ្ឌលអរិយធម៌ខ្មែរ, ๑๙๙๔.
អាដឺមារត ក្លែ,ប្រវត្តិសាស្ដ្រប្រទេសកម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១នៃគ្រិស្តសករាជរហូតមក) ,ប្រែដោយ ទេព មេងឃាង,ភ្នំពេញ:មជ្ឃមណ្ឌលឯកសារខ្មែរ, ๒๐๐๕.
អេងសុត.ឯកសារមហាបុរសខ្មែរ.ភ្នំពេញៈអន្ដរជាតិ,១៩៦៩
Sam,Yang. Buddhism in Cambodia, 1795 -1954.Thesis of Master of arts. cornel University, 1990.
Bhadantacariya Buddhaghosa, The Path of Purification(VISUDDHI MAGGA), Bhikkhu Nanamoli(tr.) ,Taiwan: Corporate Body of the Buddha Education Foundation,2007
Arahant Upatissa, The Path of Freedom(VIMUTTIMAGGA),N.R.M.Ehara, Soma Thera,& Khemida Thera,(tr.) Taiwan: Corporate Body of the Buddha Education Foundation,2007
http://www.voanews.com/khmer/news/Culture-of-Reading-and-Writing-in-Cambodia-101802013.html
http://www.roomtoread.org/Page.aspx?pid=300
http://www.healthcambodia.org/2011/01/11/readingdevelopment/
No comments:
Post a Comment