Monday, March 7, 2011

បណ្តុះប្រាជ្ញាប្រសិទ្ធ ដោយការអានសៀវភៅ ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍

=====================================================================
អ្វីទៅដែលហៅថា ប្រាជ្ញាប្រសិទ្ធ?
ប្រាជ្ញាប្រសិទ្ធ គឹជាមូលដ្ឋាននៃគំនិតទាំងឡាយរបស់មនុស្ស ដែលកើតឡើង ដោយការសិក្សារៀនសូត្រ ក្នុងជិវិត រៀងរាល់ថ្ងៃ។ ចំណែកប្រភពនៃការសិក្សារៀនសូត្រទៀតសោត ក៏មានច្រើនប្រភេទដែរ ដូចជា ការអប់រំប្រៀនប្រដៅ ពីឪពុកម្តាយតាំងពីតូចរហូតមក ការសិក្សាទូទៅនៅក្នុងសាលារៀន ការអប់រំនៅតាមវត្តអារាម ការអប់រំហ្វឹកហ្វឹននៅ ក្នុងការងារ ការហ្វឹកហ្វឺននៅក្នុងមុខរបរវិជ្ជាជីវៈ តាមការសេពគប់មិត្តភក្តិឬអ្នកជិតខាង ការស្តាប់វិទ្យុ ការតាមដាន កម្មវិធីនៅលើទូរទស្សន៍ ឬ ការអានសំណេរផ្សេងៗដូចជាកាសែតសារពត៌មាន ទស្សនាវដ្តី ប្រលោមលោក កំណាព្យ ចម្រៀង ជាដើម។ល។
ប្រាជ្ញាប្រសិទ្ធ អាចនាំអោយមនុស្ស ឆ្លុះបញ្ចាំងឃើញនូវ មធ្យោបាយប្លែកៗសម្រាប់ដោះស្រាយជីវភាព ប្រចាំថ្ងៃផង ដោះស្រាយឧត្តមគតិផ្សេងៗនៅក្នុងការសិក្សានៅសាលាផង ដោះស្រាយវិបត្តិធំៗនៅក្នុងជីវិតដទៃទៀត នៅគ្រា អន់ក្រ ដោយវិធីសាស្ត្រយ៉ាងប៉ិនប្រសប់។ ឧទាហរណ៍ដូចជា ពេលយើងជីកដំឡូងបាន ម្តាយយើងធ្លាប់បង្រៀន អោយស្ងោរ ចំហុយ ឬដុតអោយឆ្អិន មុននឹងបរិភោគ។ លុះយើងជួបអ្នកជិតខាង គេឈូសដំឡូងហើយលាយស្ករ ខ្ទិះដូង កូរហើយដុត ក៏កើតជានំថ្មីយ៉ាងឆ្ងាញ់ មួយបែបទៀត។ ក្រោយមក យើងចូលរៀនសាលា អ្នកគ្រូខាង វិជ្ជាមេផ្ទះ បានបង្រៀនអំពីឧស្សាហកម្មធ្វើម្សៅដំឡូងមី លក់អោយអតិថិជន ប្រើប្រាស់ក្នុងការចំអិនអាហារចំអិននំ បែបផ្សេងៗទៀត ដើម្បីដាក់លក់នៅក្នុងផ្សារ។ មកដល់ពេលនោះ យើងក៏បានស្គាល់វិធីកែឆ្នៃដំឡូង ច្រើនបែប ច្រើនយ៉ាង សម្រាប់បម្រើសេចក្តីត្រូវការក្នុងជីវិត។ ថ្ងៃមួយ យើងចង់ប្រកបរបរវិជ្ជាជីវៈជាអ្នកបើកហាងលក់នំ។ ពេលនោះ ការរៀនចេះដឹងទាំងឡាយ បាននាំអោយយើងចេះគិត ចេះបំបែកការចេះដឹងទាំងឡាយនោះ ដើម្បីរកមធ្យោបាយ ដោះស្រាយ នៅក្នុងការទាក់ទងរោងចក្រ ទិញម្សៅមី ទិញប្រដាប់ធ្វើនំ ស្គាល់ពីរបៀបធ្វើនំ រួចហើយ ប្រាជ្ញាក៏ជួយអោយយើងចេះផលិតកែឆ្នៃការដុតនំ ទៅតាមទេពកោសល្យរបស់យើង ថ្មីៗទៀត ដែលយើងទើប បង្កើតខ្លួនយើង អោយកើតជានំប្លែកៗ ខុសពីនំដែលអ្នកផងធ្លាប់បរិភោគពីមុនៗមក ព្រមទាំងមានរសជាតិឆ្ងាញ់ មានក្បាច់ឆ្លាក់នំស្អាតៗ គួរជាទីទាក់ទាញអារម្មណ៍នៃអ្នកផង។ល។ ដោយសារប្រាជ្ញាប្រសិទ្ធ យើងក៏បានបើក ហាងនំ ដែលមានឈ្មោះល្បីល្បាញ ឆ្ងាញ់ ហើយមានតម្លៃសមគួរ គួរជាទីពេញចិត្ត របស់អតិថិជនទាំងឡាយ។ នោះហើយជាប្រសិទ្ធភាពប្រសើរនៃប្រាជ្ញា។
អំពីវិញ្ញាសាវិញ្ញាណ១០៖
១/ រូបវិញ្ញាណ គឺការទទួលដឹងតាមរយៈកាយខាងក្រៅ មានដូចជា ចក្ខុវិញ្ញាណ (ការដឹងតាមរយៈភ្នែក មើលឃើញ) សោតវិញ្ញាណ (ការដឹងតាមរយៈត្រចៀក ស្តាប់ឮ) ឃានវិញ្ញាណ (ការដឹងតាមរយៈច្រមុះ ស្គាល់ក្លិន) ជីវហាវិញ្ញាណ (ការដឹងតាមរយៈអណ្តាត ស្គាល់រសជាតិ) និងកាយវិញ្ញាណ (ការដឹងតាម រយៈស្បែក ដឹងត្រជាក់ក្តៅ រឹងទន់ រលោង ឬគគ្រាត) ។ល។
២/ អរូបវិញ្ញាណ គឹការដឹងដោយកាយខាងក្នុង មានដូចជា ព្រលឹងវិញ្ញាណ តុលាវិញ្ញាណ ចិត្តវិញ្ញាណសតិវិញ្ញាណ និងប្រាជ្ញាវិញ្ញាណ។
ក/ ព្រលឹងវិញ្ញាណ ជាវិញ្ញាណមួយជួយអោយយើងបានដឹងថា យើងកំពុងមានជីវិត។ បើអត់ព្រលឹង រូបកាយយើងនឹងក្លាយជាអង្កត់ឧិស អាសារឥតការ។ ព្រលឹងជួយមនុស្សអោយចេះញែកជីវិត រវាងពិភពពីរ ដាច់ផ្សេងពីគ្នាគឺ ពិភពនៃជីវិតពិត និងពិភពនៃក្តីស្រម័យ មានដូចជា យល់សប្តិ ប្រផ្នូល ស្រមើស្រមៃ ភ្លឹក ការមើលឃើញស្រមោលនៅក្នុងអារម្មណ៍របស់យើងជាដើម។ ពិភពនៃជីវិតពិត គឺអ្វីដែលមនុស្សអាចមើល ឃើញ ប្រទះជួប មានវត្តមាន ឬភស្តុតាងជាក់លាក់ អាចអោយយើងញែកចាប់បាន គ្រប់មនុស្សទាំងអស់ មិនរំលង។ តែពិភពនៃក្តីស្រម័យ កើតឡើងនៅពេលមនុស្ស ខ្លាច តក់ស្លុត ភ័យ បារម្ភ ព្រួយ (ខ្លាចខ្មោច ខ្លាចវិញ្ញាណតាមធ្វើបាប...) ពេលគេប៉ុនប៉ងចង់ធ្វើអ្វីមួយ ឬរំពឹងរំពៃចង់បានអ្វីមួយ (ស្រមៃឃើញខ្លួនគេ សង់ផ្ទះថ្មីស្អាតមួយខ្នង, ស្រមៃបានរៀបការនឹងស្រីសោភា មុខមាត់យ៉ាងនេះយ៉ាងនោះ...) ពេលគេនឹក អាល័យដល់នរណាម្នាក់ឬដល់សង្គមណាមួយ ពេលមនុស្សពិភាល់ក្នុងចិត្ត ពេលគេគេងមិនឆ្អែត សម្រាក ខួរក្បាល មិនគ្រប់គ្រាន់ ជាដើម។
ខ/ តុលាវិញ្ញាណ នាំអោយយើងទទួលអារម្មណ៍ អំពីចលនា ល្បឿន និងទំនាញផែនដី ទៅលើខ្លួនរបស់ យើង។ អ្នកដែលចេះប្រើតុលាវិញ្ញាណបានប្រសិទ្ធ គឺដោយការហ្វឹកហ្វឺនខ្លួនជាមួយចលនា ប្រឆាំងនឹង ទំនាញរបស់ផែនដី ដូចជាការជិះទោងខ្ពស់ៗ ការលោតបង្វិលខ្លួនដាំដូង ការជិះគ្រឿងចក្រនៅសួនកំសាន្ត ជាដើម នោះពួកគេមិនចេះពុលរលក ឬពុលអាកាស ពេលជិះយាន ធ្វើដំណើរ ផ្លូវគោក ផ្លូវទឹក ឬអាកាស។
គ/ ចិត្តវិញ្ញាណ មានពីរបែប គឺចិត្តទំនើង ជាចិត្តដែល មានសេរីភាពហួសហេតុ ដូចជា ការស្រើបស្រាល ត្រេកអរ រំភើប ចំណង់ ប្រាថ្នា លោភ ត្រេកត្រអាល ជាដើម និងចិត្តដែលត្រូវទទួលការកៀបសង្កត់ ដូចជា ខឹង មួម៉ៅ គុំគួន ស្អប់ ប្រទុស្ត ឈឺចាប់ ខ្ជិល អផ្សុក ជាដើម។ មុននឹងអាចរក្សាចិត្តអោយមានលំនឹង មិនលំអៀងខ្លាំងទៅខាងណាមួយ យើងត្រូវការប្រសិទ្ធភាពនៃសតិវិញ្ញាណ ជាវិញ្ញាណទី៩។
ឃ/ សតិវិញ្ញាណ ជួយអោយយើង ចេះថ្លឹងថ្លែងហេតុផល ខុសនិងត្រូវ ល្អអាក្រក់ សុចរិតទុច្ចរិត ជាដើម ដើម្បីកុំអោយយើងមានដំណើរជីវិត ក្រោមការកៀបសង្កត់របស់ ភាពពុះកញ្ជ្រោលនៃអារម្មណ៍ (ចិត្ត)។
ង/ ប្រាជ្ញាវិញ្ញាណ គឺជាវិញ្ញាណដ៏ប្រសិទ្ធបំផុត ក្នុងចំណោមវិញ្ញាណទាំងដប់ ក្នុងការជួយអោយយើង បណ្តុះបណ្តាលសមត្ថភាព ទេពកោសល្យជំនាញៗ ទាំងគំនិត ទាំងវិជ្ជាសិក្សា និង វិជ្ជាជីវៈ ដើម្បីនាំជីវិត ឆ្ពោះទៅរកភាពភ្លឺស្វាង ជោគជ័យធំធេង សុខសប្បាយ ហើយរីកចម្រើន។
តើការអានមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដើម្បីបណ្តុះប្រាជ្ញាប្រសិទ្ធិ?
ប្រភពដែលមានប្រសិទ្ធភាព ជាងគេបំផុត នៅក្នុងការបណ្តុះ អនុភាពនៃប្រាជ្ញាប្រសិទ្ធ គឺការអានសៀវភៅ ព្រោះថា ភ្នែកជាប្រភពទីមួយ ដែលនាំមនុស្សអោយស្គាល់អ្វីទាំងឡាយ មុនគេបង្អស់។ ការមើលឃើញដោយភ្នែក ធ្វើអោយ យើងចេះចំណាំ ហើយការចំណាំធ្វើអោយយើងស្គាល់ដឹងច្រើន ជាទីបំផុត។ ការស្តាប់ឮ មិនសូវមានអនុភាពស្មើនឹង ការឃើញដោយផ្ទាល់ភ្នែកឡើយ ដូចពាក្យចាស់លោកប្រដៅថា ការឮមួយពាន់ដង មិនមានប្រសិទ្ធភាពស្មើនឹងការ ឃើញនឹងភ្នែកមួយដងឡើយ។ ប៉ុន្តែការឃើញដោយភ្នែកមានច្រើនយ៉ាង ដូចជាការឃើញទង្វើរបស់ឪពុកម្តាយ យើងក៏រៀនអនុវត្តន៍តាម។ ការឃើញទង្វើបង្ហាត់របស់គ្រូរបាំ យើងក៏ហ្វឹកហ្វឺនតាម យូរទៅក៏ចេះរាំដូចគ្រូបង្ហាត់របាំ នោះដែរ។ ប៉ុន្តែ ការស្រង់យកវិធីបណ្តុះជំនាញដោយមានគ្រូហ្វឹកហ្វឺន ជាវិធីដែលពិបាករកពេលជួបជុំគ្នា ដើម្បីហ្វឹក ហ្វឺន។ ជួនកាល លោកគ្រូមានជំនាញ មានគំនិត មានប្រាជ្ញា មានទេពកោសល្យល្អៗហើយ តែដោយលោករស់នៅ ឆ្ងាយ មិនអាចមកបង្រៀនបានដោយផ្ទាល់ តើយើងត្រូវធ្វើដូចម្តេច? ចំពោះអ្នកប្រាជ្ញដែលជាគ្រូបាអាចារ្យ រមែង សរសេរចងក្រងសៀវភៅជាតម្រា សម្រាប់បង្រៀនណែនាំសិស្ស ដែលនៅឆ្ងាយទៅមិនដល់។ ជួនកាល វិធីសាស្ត្រ សិក្សា និងវិជ្ជាដែលត្រូវបង្រៀន ហ្វឹកហ្វឺននោះ មានច្រើនហួសបរិមាណ នឹងបង្រៀនមួយថ្ងៃ ពីរថ្ងៃ ឬ មួយខែពីរខែ មិនគ្រប់គ្រាន់។ ដូច្នោះហើយ លោកអ្នកប្រាជ្ញក៏ចងក្រងសៀវភៅសិក្សាទាំងនេះឡើង ដើម្បីអោយសិស្ស ដែលនៅ ឆ្ងាយៗពុំមានពេលអង្គុយក្នុងថ្នាក់សម្រាប់រៀនបាន អាចយកតម្រានោះទៅសិក្សាស្ងៀមស្ងាត់ នៅផ្ទះរៀងៗខ្លួន ឬនៅទីណាដែលគ្រូពិបាកនឹងទៅជួយបង្រៀន ទៅតាមចំនួនពេលវេលាខែឆ្នាំ ដែលសិស្សអាចឆ្លៀតពេល រៀនបាន ដោយខ្លួនឯង។ ចំណែកការអានសៀវភៅទៀតសោត យើងក៏ប្រើភ្នែក បើកឃើញតួអក្សរហើយ ក៏ប្រឹងអានអោយ ដាច់ អោយយល់អត្ថន័យ ប៉ុន្តែបើអានមិនដាច់ យើងក៏ងើបស្វែងរកមធ្យោបាយ បកស្រាយពាក្យទាំងនោះអោយ យើងបានយល់ច្បាស់ នូវចំណេះវិជ្ជាដែលផ្តោតជាប់នៅក្នុងសៀវភៅទាំងនោះ។
នៅពេលយើងអានទៀតសោត ភ្នែកយើងមើលឃើញត្រឹមតួអក្សរ តែមិនឃើញរូបសោះ។ នៅពេលនោះហើយ ដែលយើងត្រូវប្រើវិញ្ញាណទី៦ (ព្រលឹងវិញ្ញាណ) អោយជួយបណ្តុះរូបភាព នៅក្នុងអារម្មណ៍របស់យើង ឧទាហរណ៍ យើងអានសៀវភៅអំពីសំណង់ភូមិគ្រិះ។ សៀវភៅបានណែនាំផ្ទះគម្រូមួយ មានរានហាលខាងមុខ មានជណ្តើរនៅ ចំហៀងផ្ទះ មានដំបូលក្បឿង ក្រហម មានសសរ១៦ដើម មានផ្ទះបាយពីខាងក្រោយ មានដាំសួនផ្កានៅជុំវិញផ្ទះ មានរបងដើមផ្ការំយោលជាជួរ។ វិញ្ញាណទី៦អាចនាំអោយយើង បង្ករូបភាពរបស់ភូមិគ្រិះនោះ នៅក្នុងអារម្មណ៍ ទៅតាមកម្រិតប្រាជ្ញារបស់យើង ថាតើផ្ទះនោះ មានសណ្ឋានយ៉ាងម៉េច ស្អាតយ៉ាងម៉េច រមណីយ៍យ៉ាងម៉េចខ្លះ តាម ដែលយើងអាចលៃលកបញ្ចេញរូបនោះ មកក្នុងអារម្មណ៍របស់យើងបាន។ ក្រោយមក យើងប្រើប្រាជ្ញា ក្នុងការគូររូប ដែលមាននៅក្នុងអារម្មណ៍យើងនោះ ចេញមកលើសន្លឹកក្រដាស ហើយក៏ផាត់ពណ៌ខាត់កែឆ្នៃក្បាច់សង់តាក់តែង ភូមិគ្រិះមួយនោះអោយល្អ ទៅតាមលក្ខណៈដែល យើងចូលចិត្តចង់អោយក្លាយជារូបរាងផ្ទះដ៏ស្អាតសោភា។ បន្ទាប់ មក យើងក៏ប្រើប្រាជ្ញាប្រដេញបន្ថែមទៀតក្នុងការស្វែងវិធីសង់ភូមិគ្រិះនោះនៅលើដីភូមិ អោយក្លាយជាភូមិគ្រិះដ៏ មានសោភណ័ស្រស់ស្អាត ហើយមានតម្លៃប្រសើរ នៅក្នុងទីផ្សារ។
ដូច្នេះ នៅពេលណាដែលយើងបានអានច្រើន យើងក៏បានយល់ដឹងច្រើន ហើយក៏បណ្តុះរូបភាពនៅក្នុងអារម្មណ៍ របស់យើងក៏ច្រើនដូចគ្នាដែរ។ បើយើងរៀនកាត់ដេរ យើងនឹងកកើនរូបភាពនៅក្នុងអារម្មណ៍ អំពីម៉ូដខោអាវដែល ត្រូវកាត់ដេរ។ បើយើងសិក្សាអំពីកុំព្យូទ័រ យើងនឹងស្រមៃឃើញរូបភាពនៃការបង្កើតប្រពន្ធ័គេហ៍ទំព័រថ្មីៗបែបផ្សេងៗ តាមដែលប្រាជ្ញាយើងជួយបណ្តុះបាន។ ក្រោយមកទៀត ទើបយើងយកការចេះដឹងនោះ ទៅអនុវត្តន៍ការងារ នៅ ក្នុងជីវិត ដើម្បីបញ្ចេញក្តីស្រមៃនិងការចេះដឹងទាំងឡាយនៅក្នុងខ្លួន អោយក្លាយជាស្នាដៃពិតដ៏ប្រសើររបស់យើង។ រួមសេចក្តីមក សៀវភៅគឺជាគ្រូបណ្តុះប្រាជ្ញានិងសិល្ប៍វិធីផ្សេងៗ ដែលជាមូលដ្ឋាន ជួយអោយយើងយកទៅបំបែក ជំនាញនានា តាមលក្ខណៈផ្សេងៗប្លែកៗ ដោយការប៉ិនប្រសប់ របស់អ្នកអាននិមួយៗរៀងៗខ្លួន ដើម្បីបម្រើសេចក្តី ត្រូវការនៅក្នុងជីវិត អោយបានរីកចម្រើនរុងរឿង ហើយជោគជ័យ។
ម៉្យាងវិញទៀត សៀវភៅគឺជាគ្រូបង្រៀនដែលស្ងាត់ស្ងៀមបំផុត មិនចេះបន្ទោស មិនចេះរអ៊ូ មិនចេះមាក់ងាយ ប្រមាថ មានតែបណ្តុះស្មារតីអោយយើងកាន់តែឆ្លៀវឆ្លាត មានការអត់ធ្មត់ជាងមុន មានអារម្មណ៍ ស្ងប់ស្ងៀមជាងមុន ហើយនៅពេលយើងគ្មានញាតិមិត្តណាទាំងអស់ជុំវិញខ្លួន សៀវភៅគឺជាមិត្តដ៏ប្រសើរ សម្រាប់ជួយលួងលោមចិត្ត របស់យើង អោយក្សេមក្សាន្ត ចាកឆ្ងាយទុកកង្វល់ទាំងឡាយ។
តើយើងគប្បីជ្រើសសៀវភៅបែបណាដើម្បីអាន?
សៀវភៅបោះពុម្ពសម្រាប់លក់នៅក្នុងទីផ្សារមានច្រើនប្រភេទណាស់។ ក្នុងលក្ខណៈជាមនុស្ស មានសតិប្រាជ្ញា ពេញលេញ ជួយណែនាំអោយស្គាល់ល្អអាក្រក់ ខុសត្រូវ ទុច្ចរិត សុចរិត យើងគប្បីប្រើសតិ (វិញ្ញាណទី៩) ដើម្បី វែកញែកថាតើសៀវភៅមួយណា នាំប្រយោជន៍ល្អដល់ជីវិតរបស់យើង ហើយសៀវភៅបែបណាដែលនាំនូវវិបត្តិ សម្រាប់ជីវិតរបស់យើង។ សៀវភៅខ្លះ បានត្រូវសរសេរឡើងដោយអ្នកនិពន្ធដែលប្រើមនោសញ្ចេតនាពុះកញ្ជ្រោល ក្នុងការបង្ហាញស្នាដៃ (ចិត្តវិញ្ញាណ ជាវិញ្ញាណទី៨) ហើយគេក៏សរសេរបង្កភាពស្រើបស្រាល ភាពពុះកញ្ជ្រោល នៅក្នុងអារម្មណ៍ អោយខឹង កាច គុំគួន ឬស្យា សងសឹក ដាក់នៅក្នុងសំណេររបស់គេ។ សៀវភៅបែបនេះ ពុំមាន នាំសារប្រយោជន៍អ្វីដល់យើង ក្រៅពីបង្កអោយ ចិត្តវិញ្ញាណរបស់យើងកម្រើកឥតព្រំដែនតែប៉ុនណោះ។ ជាពិសេស បើសិនជាអ្នកនិពន្ធនោះពុំមានប្រើសតិ ដើម្បីគ្របដណ្តប់សាច់រឿងមនោសញ្ចេតនានោះអោយនឹងន មានព្រំដែន សមរម្យត្រឹមត្រូវនោះទេ សៀវភៅបែបនោះ ច្រើននាំមកនូវផលវិបាកអវិជ្ជមានច្រើនប្រការត្រឡប់វិញដល់អ្នកអាន។ សៀវភៅខ្លះទៀត ដែលបានត្រូវចងក្រងឡើងដោយអ្នកនិពន្ធ ដែលយកសតិប្រាជ្ញាមកគ្របដណ្តប់សាច់សារ សំណេរនោះ រមែងជាសៀវភៅដែលនាំមក នូវប្រាជ្ញានឹងការចេះដឹង (ប្រាជ្ញាវិញ្ញាណ ជាវិញ្ញាណទី១០) ដល់អ្នក អានជានិច្ច។
សៀវភៅរូបវិទ្យា ខាងម៉ាស៊ីន ឬខាងប្រពន្ធ័អេឡិចត្រូនិច ច្រើនទាក់ទងទៅនឹងវិញ្ញាណទី៧ ដែលទាក់ទង ទៅនឹង ទំនាញផែនដី ទំនាញមេដែក និងសុវត្ថិភាព របស់មនុស្ស ដែលត្រូវទទួលរងចលនា ល្បឿន ឬទំនាញផែនដី។
ដូច្នេះ សៀវភៅបណ្តុះសតិនិងប្រាជ្ញា មានដូចជា៖
១/ សៀវភៅសិក្សាវិជ្ជាជីវៈ រៀនកាត់ដេរ រៀនធ្វើម្ហូបអាហារ រៀនជួសជុលគ្រឿងយន្ត រៀនកាត់សក់ រៀនសង់ផ្ទះ រៀនតុបតែងលំនៅដ្ឋាន រៀនគូរម៉ូដផ្ទះ។ល។
២/ សៀវភៅសិក្សាទូទៅ ដូចជា គណិតវិទ្យា រូបវិទ្យា សៀវភៅពេទ្យ សៀវភៅសុខភាព សៀវភៅប្រវត្តិវិទ្យា ភូមិវិទ្យា សៀវភៅវប្បធម៌ សៀវភៅអក្សរសិល្ប៍ សៀវភៅវិទ្យាសាស្រ្តកុំព្យូទ័រ សៀវភៅចិត្តវិទ្យា សៀវភៅណែនាំមាតាបិតា សៀវភៅណែនាំទម្លាប់ល្អ សៀវភៅគតិលោក ស្រីហិតបទេស សៀវភៅកំណាព្យអប់រំ ដូចជាច្បាប់ក្រមង៉ុយ ច្បាប់កូនចៅ ច្បាប់ហៃមហាជន សៀវភៅដោះស្រាយសុភាសិត សៀវភៅដោះស្រាយកំហឹងក្នុងគ្រួសារ ជាដើម។
៣/ សៀវភៅធម៌នានា សៀវភៅគហិបដិបត្តិ សៀវភៅណែនាំរបៀបសមាធិ សៀវភៅទសជាតក បញ្ញាសជាតក។
៤/ សៀវភៅដែលអង្គការបោះពុម្ពចែកចាយ ដូចជាសៀវភៅ រឿងនិទានខ្លីៗ សៀវភៅរឿងព្រេង សៀវភៅចំណោទ និងប្រាជ្ញា សៀវភៅពាក្យប្រដៅ សៀវភៅប្រលោមលោកបែបអប់រំ រឿងកំប្លែង ។ល។

No comments:

Post a Comment