ហេតុអ្វីបានជាត្រូវកំណត់គោលដៅ?
ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ suonpeaklika http://news.sabay.com.kh/
អ្វីជាការការកំណត់គោលដៅ? តើនរណាខ្លះដែលត្រូវតែកំណត់គោលដៅ? តើការកំណត់គោលដៅមានសារសំខាន់បែបណាខ្លះ ?រួចមនុស្សគ្រប់រូបត្រូវធ្វើដូចម្តេចទើបល្អ?
លោក ស៊ឹម តារា សមាជិករបស់ សភាពាណិជ្ជករអន្តរជាតិកម្ពុជា ដែលជាបុគ្គលជោគជ័យម្នាក់ក្នុងជីវិត និងត្រូវបានសាធារណជនទទួលស្គាល់ថាជាវាគ្មិនដ៏ពូកែ។ សព្វថ្ងៃនេះ លោកជានាយកគ្រប់គ្រងកម្មវិធីសិក្សាដោយជោគជ័យ(SES) នឹងបកស្រាយចំងល់ជុំវិញការកំណត់គោលដៅនេះ។
Sabay៖ ជម្រាបសួរលោក! ចា៎ តើអាចពន្យល់បានទេអ្វីទៅជាការកំណត់គោលដៅ?
ល.ស៊ឹម តារា៖ បាទ! នរណាៗក៏តែងមានក្ដីស្រមៃ ចង់ទទួលជោគជ័យ។ អ្នកទាំងនោះត្រូវកំណត់និងដឹងថាអ្វីដែលគាត់ចាំបានឲ្យបាន ច្បាស់។ អ្វីដែលគាត់ចង់បាននោះគឺជា “គោលដៅ”ហ្នឹងឯង។
Sabay៖ ចុះគោលដៅនិងគោលបំណង ខុសគ្នាបែបណាខ្លះលោក?
ល.ស៊ឹម តារា៖ សូមកុំច្រឡំ បាទ…គោលបំណងគឺជាទិសដៅនៃជីវិតរបស់យើង ហើយសួរថាតើយើងចង់រស់នៅក្នុងជីវិតរបស់យើងនោះវាយ៉ាងម៉េច? ចំណែកគោលដៅប្រៀបបានជាបង្គោល ជាគន្លាក់ ឬដំណាក់កាលនៃផ្លូវទៅកាន់ទិសដៅនោះ។ ដូចនេះគោលដៅត្រូវកំណត់ជាដំណាក់ៗ ហើយបន្តបន្ទាប់រហូតទៅដល់ទិសដៅមួយនោះ។
Sabay៖ តើការកំណត់គោលដៅមានសារៈសំខាន់បែបណា?
ល.ស៊ឹម តារា៖ ការកំណត់គោលដៅគឺមានន័យថាយើងមានទិសដៅដែលត្រូវដើរទៅនោះច្បាស់លាស់។
Sabay៖ មានមតិខ្លះគិតថាទាល់តែអ្នកដឹកនាំទើបចាំបាច់ត្រូវកំណត់គោលដៅ ។តើនរណាខ្លះដែលត្រូវកំណត់គោលដៅនេះ? ឬទាំងអស់គ្នា?
ល.ស៊ឹម តារា៖ ការលើកឡើងបែបនេះ មានន័យថា ទាល់តែអ្នកដឹកនាំ ឬអ្នកដែលមានមុខតំណែងធំទើបអាចទទួលជោគជ័យមែនទេ?ឯអ្នកផ្សេងគឺ គ្មានឱកាសមែនទេ? ជាទូទៅទាំងអស់គ្នា តែងតែចង់ទទួលបានជោគជ័យ នោះទាមទារអ្នកទាំងនោះចាំបាច់ត្រូវកំណត់គោលដៅនោះ ហើយយើងគួរតែលើកទឹកចិត្តឲ្យអ្នកទាំងនោះ ត្រូវហ៊ានសុបិន ហ៊ានស្រមៃ តាំងពីក្មេង។
Sabay៖ តើការកំណត់គោលដៅនេះអាចបែងចែកជាប្រភេទឬផ្នែកអ្វីខ្លះ?
ល.ស៊ឹម តារា៖ ការកំណត់គោលដៅនេះ អាស្រ័យលើបុគ្គលម្នាក់ៗតែគួរមានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងជីវិត ដែលយើងចង់បាន ដោយអាចបែងចែកជាផ្នែកដូចជា៖
១. ការសិក្សា និងការងារៈ ភាគច្រើនត្រូវនឹងសិស្សឬនិស្សិតដែលគាត់ត្រូវកំណត់ថារៀនឲ្យបាន ចំណាត់ថ្នាក់បែបណា? ត្រូវជ្រើសរើសមុខវិជ្ជាអ្វី?នៅសាលាណា? ហើយរៀនចប់គាត់ធ្វើអ្វី?
២. ការអភិវឌ្ឍខ្លួនឯង
៣. ទំនាក់ទំនង(គ្រួសារ និង ទំនាក់ទំនង): រស់នៅ ការប្រាស្រ័យជាមួយមនុស្សជុំវិញចង់បានបែបណា?
៤. ប្រាក់ចំណូលៈ តើចង់បានប្រាក់ចំណូលប៉ុន្មាន?
៥. សុខភាពនិងកីឡា
ដូចនេះ ប្រាំចំណុចនេះ អាចធ្វើឲ្យជីវិតយើងមានការរីកចម្រើន តែក៏មិនមែនមានន័យថាគ្រប់គ្នាត្រូវតែកំណត់យកទាំង៥ ចំណុចនេះដែរ។ បុគ្គលម្នាក់ អាចមានលើសពី៥ចំណុចនេះក៏បាន។
Sabay៖ តើត្រូវធ្វើបែបណាដើម្បីគោលដៅដែលបានកំណត់នេះទទួលជោគជ័យ?
ល.ស៊ឹម តារា៖ នេះជារឿងដាច់ដោយឡែក។ ការកំណត់គោលដៅជារឿងផ្សេង ឯការដែលធ្វើបែបណាឲ្យសម្រេចគោលដៅជារឿងផ្សេង។ ការពិតការកំណត់គោលដៅនេះគឺជាសិល្បៈមួយដែលទាមទារឲ្យគ្រប់គ្នា ចេះ ទើបយើងអាចសម្រេចបានជោគជ័យមួយដែលអ្នកផ្សេងធ្វើមិនដូច តែការកំណត់គោលដៅមិនមែនមានន័យថាយើងបានធ្វើនោះទេ។ ជាទូទៅវាមានដំណាក់កាលដូចខាងក្រោម៖ គោលដៅ>យុទ្ធសាស្ត្រ>សកម្មភាព។
ខ្ញុំសូមបញ្ជាក់ថា មិនមែនគ្រប់គ្នាអាចសម្រេចបានតាមសកម្មភាពដែលគេបានធ្វើនោះទេ។ អ្នកខ្លះទទួលបានជោគជ័យ ឯអ្នកខ្លះបរាជ័យ។
Sabay៖ សម្រាប់អ្នកទទួលជោគជ័យ តើគាត់នឹងត្រូវធ្វើម៉េចបន្តទៀត? ហើយចុះអ្នកដែលបរាជ័យ?
ល. ស៊ឹម តារា៖ អ្នកទទួលជោគជ័យ គាត់នឹងបន្តកំណត់គោលដៅបន្ទាប់ ហើយធ្វើសកម្មភាពទៅរកគោលដៅនោះទៀត ចំណែកអ្នកដែលមិនទទួលជោគជ័យជាទូទៅមានបីប្រភេទ៖
បុគ្គលទី១៖ រកលេស ស្ដីបន្ទោស រួចបោះបង់ចោល(មកពីនេះ ពីនោះ…ខ្ញុំសាកល្បងហើយតែ…)
បុគ្គលទី ២៖ សាកល្បងម្ដងហើយម្ដងទៀត តាមវិធីដដែលៗដូចមុន ហើយនៅតែមិនបានសម្រេចដដែល(គិតដដែល ធ្វើដដែល និងទទួលលទ្ធផលដដែលដែរ)។
បុគ្គលទី ៣៖ ចាត់ទុកថានេះជាបទពិសោធន៍ ជាការរៀនសូត្រ មិនមែនជាការបរាជ័យទេ។ ដូចនេះគាត់នឹងធ្វើម្ដងទៀតដោយផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយទីបំផុតគាត់នឹងទទួលជោគជ័យ។
Sabay៖ មានអ្នកខ្លះនិយាយថា គោលដៅមិនគួរកំណត់ធំពេក ឬតូចពេកទេ។ តើលោកពន្យល់ដូចម្តេច?
ល.ស៊ឹម តារា៖ ចាំថាការកំណត់គោលដៅគឺកំណត់អ្វីដែល យើងចង់បាន មិនមែនកំណត់អ្វីដែលអាចធ្វើទៅបានទេ។ បុគ្គលមួយចំនួន ច្រើនកំណត់គោលដៅដោយគិតថាខ្លួនឯងអាចធ្វើបានអី។ ឧទាហរណ៍៖ បុរសម្នាក់កំណត់គោលដៅថា ចង់បានប្រាក់កម្រៃ ២០០-២៥០ ដុល្លារក្នុង១ ខែ។ នេះមិនមែនជាអ្វីដែលគាត់ចង់បានទេ តែជាអ្វីដែលគាត់អាចសម្រេចបាន។ ខ្ញុំមិនចង់ឲ្យការកំណត់គោលដៅមានកំណត់បែបផែនបែបនេះទេ។ មានទស្សនវិទូជនជាតិអាមេរិកម្នាក់និយាយថា មនុស្សម្នាក់បរាជ័យក្នុងជីវិតមិនមែនដោយសារការកំណត់គោលដៅធំពេក ហើយមិនបានសម្រេចនោះទេ តែមនុស្សបរាជ័យនៅពេលដែលកំណត់គោលដៅទាបពេក ហើយសម្រេច។
Sabay៖ អីចឹង តើគោលដៅគួរកំណត់ឲ្យមានលក្ខណៈបែបណាខ្លះ?
ល.ស៊ឹម តារា៖ បាទ! កុំខ្លាចកំណត់ធំ ដោយគិតថាអ្វីដែលអ្នកពិតជាចង់បានមែន។ តែទោះជាយ៉ាងណា គួរតែមានលក្ខណៈ SMAD គឺ
S: Specific មានន័យថាគោលដៅត្រូវតែជាក់លាក់ ប្រាកដថាអ្នកពិតជាចង់បាន
M: Measurable គោលដៅត្រូវអាចវាស់វែងបាន
A: Action plan ដាក់ផែនការសកម្មភាព
D: Deadline ត្រូវកំណត់ពេលវេលា ជាក់លាក់ដើម្បីទទួលបាន
Sabay៖ ជាថ្មីម្ដងទៀតលោក! ប្រសិនបើគោលដៅដែលកំណត់មិនបានសម្រេច នោះយើងអាចកំណត់សារជាថ្មីជំនួសការផ្លាស់ប្ដូរយុទ្ធសាស្ត្រឬ សកម្មភាពឬយ៉ាងណា?
ល. ស៊ឹម តារា៖ កុំផ្លាស់ប្ដូរគោលដៅទេ ព្រោះអ្នកប្រាកដហើយថា នោះជាអ្វីដែលអ្នកចង់បាន តែត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រវិញ។ ហ៊ឺ! តែមានករណីខ្លះដែលយើងផ្លាស់ប្ដូរ គោលដៅ នៅពេលដែលជំនឿ និងតម្លៃបានផ្លាស់ប្ដូរក្នុងការរស់នៅរបស់អ្នកដែរ។
Sabay៖ តើមានកត្តាសំខាន់អ្វីខ្លះដែលអាចធ្វើឲ្យមនុស្សម្នាក់អាចទៅដល់គោលដៅ?
ល. ស៊ឹម តារា៖ មានកត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្រៅជះឥទ្ធិពលតែ៣០%ប៉ុណ្ណោះ ដែលរួមមាន ចំណេះដឹង ជំនាញ។ ចំណែក ៧០%ទៀតជាកត្តាខាងក្នុង គឺអារម្មណ៍ដែលជាអ្នកគ្របដណ្ដប់ ជាកត្តាជំរុញសកម្មភាពរបស់អ្នក។ ជាទូទៅ អារម្មណ៍មានពីរ គឺវិជ្ជមាន(ក្ដីស្រលាញ់ ការលើកទឹកចិត្ត កម្លាំង…) និងអវិជ្ជមាន ហើយអារម្មណ៍អវិជ្ជមាន(ខ្លាច កំហឹង ស្ត្រេស)នេះហើយដែលជាកត្តាកម្រិត ចំណេះ ជំនាញ និងសកម្មភាពរបស់អ្នក។
Sabay៖ ពិតជាមានខ្លឹមសារមែនសម្រាប់ការបកស្រាយ ទាំងនេះ។ ជាចុងក្រោយតើលោក មានអ្វីផ្ដាំផ្ញើទៅកាន់យុវវ័យជំនាន់ក្រោយដែរឬទេ?
ល. ស៊ឹម តារា៖ បាទ ខ្ញុំសូមជម្រាបថា បុគ្គលភាគច្រើនតែងមានការយល់ដឹងពី កត្តាខាងក្នុង(ផ្នត់គំនិត)នេះតិចតួច ទើបបានជាមានមនុស្សមិនច្រើនដែលទទួលជោគជ័យក្នុងគោលដៅរបស់ខ្លួន។ តើអ្នកឃើញទេថា មានមនុស្សជាច្រើនដែលមានចំណេះដឹង មានជំនាញ បទពិសោធន៍តែមិនបានសម្រេច ខណៈដែលមនុស្សខ្លះ មិនសូវជាមានចំណេះដឹងតែហាក់ទទួលជោគជ័យច្រើនជាង។ ខ្ញុំសូមបញ្ជាក់ទៀតថា ផ្នត់គំនិតនេះគឺជាជំនឿ និងតម្លៃ មានន័យថា យើងធ្វើនូវអ្វីដែលយើងជឿជាក់ យើងធ្វើនូវអ្វីដែលយើងឲ្យតម្លៃ។ ដូចនេះខ្ញុំសូមលើកទឹកចិត្តអ្នកទាំងគ្នា រៀនហ្វឹកហាត់ពង្រឹងកត្តាខាងក្នុងដែលជាសក្ដានុពលមានស្រាប់ពី ធម្មជាតិរបស់បុគ្គលម្នាក់ៗ។
Sabay៖ ចាស សូមអរគុណច្រើនចំពោះការបកស្រាយយ៉ាងក្បោះក្បាយជុំវិញប្រធានបទ ” ការកំណត់គោលដៅ”។ Sabay ជឿជាក់ថាអត្ថបទនេះពិតជាមានអត្ថន័យណាស់សម្រាប់អ្នកអានគ្រប់គ្នា។ សូមជូនពរលោកជួបសំណាងល្អ! ជម្រាបលា។
ល. ស៊ឹម តារា៖ បាទ សូមអរគុណ!ជម្រាបលា។
សម្រាប់គ្រឹះស្ថាន របស់លោក ស៊ឹម តារា( Success Education System) ក៏មានវគ្គបង្រៀនពិសេសៗជាច្រើនសម្រាប់ចាក់សោសក្ដានុពលរបស់លោក អ្នក ការហ្វឹកហាត់ ប្រើ ផ្នត់គំនិត ឈានទៅរកសកម្មភាពឆ្ពោះទៅកាន់គោលដៅដែលបានកំណត់។ សូមទទួលព័ត៌មានបន្ថែមពី
No comments:
Post a Comment