លោកប៊ូផុង ជាអ្នកប្រាជ្ញវិទ្យាសាស្រ្តជាតិបារាំងម្នាក់។ គាត់ជាអ្នកធ្វើការមួយយ៉ាងឯក តែគាត់មាន ទំលាប់សម្រាន្តទ្រមក់។ រាល់ព្រឹកគាត់តែងរអ៊ូ៖ “ខាតពេលសន្ធឹកថ្ងៃនេះ” ក៏ប៉ុន្តែគាត់មិនដែលភ្ញាក់ទាន់ ពេលវេលាសោះ។ សង្ឃឹមខ្លួនឯងមិនកើត គាត់ក៏ប្រាប់អ្នកបម្រើឈ្មោះ ស៊ោ សិប ឱ្យដាស់គាត់នៅ ម៉ោង ៦ព្រឹក។ ថ្ងៃបន្ទាប់មក អ្នកបម្រើដាស់អង្រួនគាត់តាមពេលកំនត់ តែគាត់គ្រាន់តែថ្ងូរអ៊ិះអ៊ុះ មិនព្រម ក្រោកពីដំណេកឡើយ។ តាមទំនងនេះគាត់នៅតែភ្ញាក់ពីដំណេកយឺតដដែល។
បន្ទាប់មកគាត់បង្គាប់អ្នកបម្រើជាថ្មីទៀត៖ បើដល់ម៉ោង៦ព្រឹកហើយអញនៅតែដេកដំអក់ទៀត ឯងត្រូវប្រើមធ្យោបាយយ៉ាងណា ឱ្យអញចាកចេញពី ដំណេកកុំខាន។ មិនរវល់ច្រើន ស្អែកឡើងអ្នកបម្រើកាន់ទឹកមួយថូ ទៅឈរនៅក្បែគ្រែ រង់ចាំដល់ម៉ោង៦ ព្រឹក។ គ្រាន់តែនាឡិកាវាយម៉ោងចប់ គាត់ផ្ទីងថូចាក់ទឹកចំមុខអ្នកប្រាជ្ញ ហើយឈរប្រុងច្រានចៅហ្វាយទម្លាក់ពីលើគ្រែ តែគាត់ត្រូវ ទឹកចូលច្រមុះ ខំក្រោកទាន់។ នៅថ្ងៃនោះ លោកប៊ូ ផុងធ្វើការបានសន្ធឹក។
ថ្ងៃក្រោយមក ស៊ោ សិប ដាស់ចៅហ្វាយគាត់តាមរបៀបដដែលដូចមុនៗ។ អ្នកប្រាជ្ញយើងទ្រាំមិន បាន ក៏កែខ្លួនរួចពីទម្លាប់ដេកទ្រមក់នេះទៅ។ ចាប់ពីពេលនោះមក គាត់បានភ្ញាក់ពីព្រហាម ហើយនិពន្ធពី សត្តវិទ្យាបានច្រើន។
នៅដំនាច់ឆ្នាំគាត់មានប្រសាសន៍ថា “ស៊ោ សិប ត្រូវបានចំនែកសៀវភៅបីឬបួនក្បាលជារង្វាន់”។
(ដកស្រង់ចេញពីសៀវភៅរៀនអានថ្នាក់ទី៧ លោកហួហេង ឆ្នាំ១៩៧៤)
Posted on ខែមីនា 16, 2011 by wisdomsupportcenter|
No comments:
Post a Comment