Friday, March 11, 2011

ស្វែងយល់ពីអត្ថប្រយោជន៍នៃរុក្ខជាតិព្នៅខ្មែរ

លក្ខណ៍ ចៅតា
រុក្ខជាតិព្នៅ (សូមគោរពផ្ញើជូនជាពិសេសដល់បង Chheng Uor Yi)
ព្នៅ, មានឈ្មោះវិទ្យាសាស្រ្ត eagle ramiflora ឫ (Baccaurea ramiflora)
ឈ្មោះជាភាសាអង់គ្លេស Golden apple
ឈ្មោះជាភាសាបារាំង Oranger de Lalabar ហើយស្ថិតនៅក្នុងគ្រួសារ Rutaceae
លក្ខណៈផ្នែករុក្ខសាស្រ្ត
ព្នៅគឺជាដើមឈើដុះផុតពីដីប្រមាណ១០-១៥ម៉ែត្រនិងបែកមែក ស្លឹកចោលម្លប់ត្រឈឹងត្រឈៃ។ជនជាតិខ្មែរជំនាន់មុននិយមដាំវា
តាមការពារចោរផ្សេងៗព្រោះមា...នបន្លាដុះតាមដើមមែករបស់វា។ស្លឹករបស់វារលីងស្អាតនិង មានទំហំទទឹងប្រមាណ២-៧សង់ទីម៉ែត្រនិងបណ្តោយប្រមាណ៤-១២សង់ទីម៉ែត្រ។ ផ្កាព្នៅមានពណ៏សបរិសុទ្ធស្អាត ឬសលាយបៃតង និងមានក្លិនក្រអូបគួរឲ្យចង់ស្រង់ ស្រូបផ្ការបស់វានៅចន្លោះស្លឹកនិងចុងមែក វាជាដើមឈើចូលចិត្តពន្លឺថ្ងៃហើយធន់និង អាកាសធាតុល្អព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ព្នៅចេញផ្កានៅក្នុង អំឡុងខែមីនាឧសភានិងផ្លែនៅក្នុងអំឡុងខែធ្នូ-កុម្ភៈដែលជាពេលធ្លាក់ខ្យល់មកពីទិសខាង ជើងល្មមទើបគេនិយមបេះផ្លែវាទៅពុះយកជ័របិទក្រដាសធ្វើខ្លែងបង្ហោះលេងក្នុងរដូវ លម្ហើយ។
ព្នៅអាចដាំដុះដោយការសាបលើដីខ្សាច់លាយជីកំប៉ុសឬជីលាមកសត្វក៍បាន។ ពេល ដើមវាធំប៉ុនម្រាមដៃហើយទើបគេបំបែកវាទៅដាំក្នុងរណ្តៅដែលបានជីកត្រៀមទុកជា ស្រេច ឬ ប្រើវិធីគាស់យកពន្លកដែលដុះបែកចេញពីគល់ដើមធំទៅដាំក៍បានដែរ។ព្នៅ ចូលចិត្តទឹកនិងសំណើមជាមធ្យម។
ប្រភពដើម
ព្នៅគឺជារុក្ខជាតិមានប្រភពពីប្រទេសអូស្រ្តាលី ស្រីលង្កា និងឥណ្ឌា ទើបត្រូវគេហៅជា ភាសាអង់គ្លេសម៉្យាងទៀតថាBengalQuince។ខ្មែរយើងចាត់ទុកព្នៅថាជាដើមឈើមង្គល ខណៈដែលពួកឥណ្ឌាមានជំនឿថាវាមានទំនាក់ទំនងជាមួយព្រះសិវៈនិងមានគុណសម្បត្តិ ជាឳសថដ៏ល្អ។
ប្រយោជន៏របស់ព្នៅ
ស្លឹកខ្ទីនិងត្រួយរបស់ព្នៅអាចធ្វើជាអន្លក់ទឹកគ្រឿងឬរបោយនិងអាចយកទៅស្លក្នុង សម្លប្រភេទខ្លះដើម្បីជួយឲ្យមានក្លិនក្រអូបប្រហើរ។ ស្លឹកត្រួយវាពេលបរិភោគទៅនាំឲ្យដើរ ខ្យល់ស្រូល។ វាក៍អាចព្យាបាលជំងឺពោះវៀនព្រោះមានជាតិរំអិលឈ្មោះ Mucilage និង ផេកទីន(pectin)។ផ្លែទុំរបស់វាមានពណ៏លឿងនិងមានក្លិនក្រអូបសាច់ម៉ដ្ឋល្អអាចប្រើជា ចំណីឬថ្នាំកែរោគប្រដិត។
សម្បកព្នៅអាចធ្វើជាថ្នាំជ្រលក់ក្រណាត់ពណ៏លឿង។ចំណែកសាច់ឈើត្រូវបានគេនាំ ទៅធ្វើជារទេះ និង ផ្លូវរទេះគោ។
ផ្លែហាន់ជាចំណិតស្តើងៗហាលឲ្យស្ងួតឬនាំយកទាំងស្រស់ទៅឆុងទឹកផឹកកែរោគរាក រូសក៏បាន។ក្រៅពីនេះគេអាចយកទៅធ្វើជាថ្នាំបាយបាននិងព្យាបាលជំងឺពោះវៀនរ៉ាំរ៉ៃនិង ជំងឺមួលរបស់កូនក្មេងដោយក្នុងករណីនេះគេត្រូវប្រើវាមួយភាគទល់នឹងទឹកដប់ភាគហើយ ទទួលទាន ២០-៣០ សេសេ។ ផ្លែព្នៅខ្ចីទាំងមូលក៍អាចនាំយកទៅស្ងោរយកទឹកឲ្យស្រ្តីមានគភ៏ទទួលទានផងដែរ ដោយគេមានជំនឿថានឹងជួយឲ្យម្តាយនិងកូនមានសុវត្ថិភាពសម្រាលកួនស្រួលលើសពី នេះគេមានជំនឿថាបើពេលស្ងោរនោះផ្លែព្នៅខ្ចីប្រេះបែកសម្បកកូននៅក្នុងផ្ទៃគឺជាកូនស្រី តែបើសម្បកមិនបែកទេគឺជាកូនប្រុស។
ចំពោះផ្លែព្នៅចាស់ដែលនៅពុំទាន់ទុំគេអាចហាន់វាជាចំណិតក្រាស់ៗឆឹងជាមួយស្ករ ធ្វើជាបង្អែមក្លិនក្រអូបឈ្ងុយគួរឲ្យចង់ទទួលទាន។វាមិនត្រឹមតែជាបង្អែមឆ្ងាញ់ពិសារទេ តែអាចជួយកែរោគមួលទៀតផង។ ចំណែកផ្លែទុំហើយគេអាចយកសាច់វាញ៉ាំស្រស់ឬនាំយកមកកោសសំបកឲ្យរលីង ហើយដំសម្បកឲ្យបែកយកទៅស្ងោរទឹកស្ករក្រហមទាំងមូលក៍បាន ដោយវាមានគុណ សម្បត្តិជាថ្នាំជួយឲ្យលាមកដើរស្រួល និងដើរខ្យល់ស្រួលសមស្របសំរាប់មនុស្សចាស់ ដែលឧស្សាហ៏ទល់លាមកជាប្រចាំ។សំខាន់គឺក្នុងការពិសោធន៏គេប្រទះឃើញថាសារធាតុ ផេកទីននៅក្នុងព្នៅមានអនុភាពសម្លាប់មេរោគនៅក្នុងពោះវៀនបាន។
ចុងបញ្ចប់ជ័រព្នៅដែលនៅជុំវិញគ្រាប់មានភាពស្អិតល្អអាចប្រើជំនួសកាវស្អិតឬបាយ ម៉ានបាន។មនុស្សបុរាណនិយមយកជ័រព្នៅទៅលាយជាមួយថ្នាំគូររូបដើម្បីគូសវាសរូបភាព លើជញ្ជាំង ព្រោះវាជាប់ និង ធន់បានយូរ។
ភេសជ្ជៈផ្លែព្នៅ
យកព្នៅក្រៀមទៅស្ងោរដោយដាក់ទឹកល្មមតែលិចព្នៅហើយដាំឲ្យពុះត្រងយកទឹក ទុក។ បន្ទាប់មកយកទឹកព្នៅនេះមួយភាគលាយជាមួយស្ករកន្លះភាគកូរឲ្យរលាយចូលគ្នា ធ្វើជាភេសជ្ជៈក្តៅផឹកឲ្យជ្រះស្រឡះបំពងក។វាមានប្រយោជន៏ជាងទឹកក្រូចលាយហ្គាស ទូទៅព្រោះវាជាភេសជ្ជៈជំនួយសុខភាពយ៉ាងល្អ៕
ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ
ឆ្នាំទី ៩ លេខ ២៥០ ថ្ងៃទី ២១-៣១ សីហា ២០០៣
Chheng Uor Yi ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃរបស់ប្អូនក្នុងការស្រាវជ្រាវ និង បានចែកចាយនូវឯកសារដ៏មានតម្លៃនេះចំពោះខ្ញុំ។ នេះជាសណ្តានចិត្តដ៏ល្អបំផុតដែលគួរឲ្យគោរពកោតសរសើរបំផុត ។ ទឹកចិត្តនេះបានបង្ហាញយ៉ាងច្បាស់ នូវភាពជាកូនចៅខ្មែរ ដែលប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់តាំងពីបុរាណកាលមក។
បងសូមជូនពរប្អូនស្រី បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និង បានសម្រេចនូវបំណងល្អៗទាំងឡាយដូចសេចក្តីប្រាថ្នា។
ពីបងប្រុស
យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ
លក្ខណ៍ ចៅតា សូមអរគុណសំរាប់ពាក្យជូនពររបស់បង ខ្ញុំសូមសាធុ ទទួលយក....ខ្ញុំធ្វើដោយសេចក្តីរីករាយបំផុត ហើយឯកសារនេះ ខ្ញុំមិនបានទៅស្រាវជ្រាវអី ខ្លាំងណាស់ណានោះទេ គឺខ្ញុំយកតពីគេមកដែរទេ គ្រាន់តែមានបន្ថែមចំនុចខាងលើតែ បន្តិចប៉ុណ្ណោះ។ គ្រប់យ៉ាងគឺវាកើតចេញពីសណ្តានចិត្តពិតៗរបស់ខ្ញុំ...សូមអរគុណបងដូចគ្នា សំរាប់ការចែករំលែកនូវចំណេះដឹងល្អៗ ដលល់ពួកខ្ញុំ!! សូមបងទទួលយកនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ..លក្ខណ៍
Chheng Uor Yi សាធុ! សាធុ! សាធុ!

No comments:

Post a Comment