Monday, March 7, 2011

បទឧទ្ទេសនាម ស្តីពី ទំនាក់ទំនងរវាងការអាន និងការសរសេរ នៅកម្ពុជា

 សូមគោរពអស់លោក លោកស្រី ជាបណ្តាវាគ្មិនទាំងឡាយ
 សូមគោរពអស់លោក លោកស្រី អ្នកនាងកញ្ញាដែលមានវត្តមាននៅទីនេះ
 សូមស្វាគមបណ្តាក្មួយៗទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះ
ជាបឋមនាងខ្ញុំថ្លែងអំណរគុណដល់អង្គការដើម្បីភាពញញឹមនៃកុមារដែលបានផ្តល់ឱកាសឲ្យនាងខ្ញុំអាចធ្វើបទបង្ហាញអំពីប្រធានបទមួយដែលមានចំណងជើងថា ទំនាក់ទំនងរវាងការអាន និងការសរសេរ ដែលអាចជាចំណែកមួយនៃភាពចាំបាច់សម្រាប់សង្គមកម្ពុជាយើងនាពេលសព្វថ្ងៃនេះព្រោះថាយើងមិនអាចបដិសេធបានទេ ដែលថាកម្ពុជាជាសង្គមមួយមិនសូវមានការនិយមអាន ដោយមានមូលហេតុខ្លះៗគឺៈ
 ភាពមិនចេះអក្សរនៅកើតមានចំពោះប្រជាជនខ្មែរនៅឡើយ ហើយអនក្ខរភាពនេះជាសត្រូវ
ចំពោះការអានយ៉ាងធំធេងបំផុត។
 ជីវភាពរបស់ប្រជាជនខ្មែរភាគច្រើននៅមានកំរិតទាប ដូច្នេះអ្វីចាំបាច់គឺការទិញបាយបរិភោគដែលមិនមែនជាការទិញសៀវភៅអាននោះទេ។
 សង្គមកម្ពុជា មានទម្លាប់មិនសូវចូលចិត្តអាន។បើមានអ្នកអានមួយចំនួន ក៏ពួកគាត់អានតែអ្វី ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនដោយកម្រមានអ្នកដែលអាននូវគ្រប់សំណេរនោះឡើយ។
 មនុស្សដែលជាបញ្ញវន្តដែលនិយមការអាន ក៏និយមតែអានសៀវភៅបរទេស ចំណុចនេះអាចមានមូលហេតុមកពីសំណេរអក្សរសិល្ប៍ខ្មែរនៅមានកម្រិតពិតមែន។
 អ្នកនិពន្ធខ្មែរខ្លះនៅមានបញ្ហាប្រឈមខ្លះៗដែលនាំអោយសំណេរពួកគាត់មានកម្រិត។
 ភាពមិនសម្បូរបែបនៃសំណេរនៅប្រទេសយើង។
 វិស័យសោតទស្សន៍កំពុងមានឥទ្ធិពលទៅទស្សនិកជន។ល។
បើការអានជាចំណែកដ៏សំខាន់បំផុតនៅក្នុងជីវិតរស់នៅរបស់មនុស្ស តែដោយសារមានមូលហេតុដូចដែលខ្ញុំលើកមកពីខាងលើ ដូចនេះដើម្បីលើកតម្កើងការអាននៅកម្ពុជា មិនមែនត្រូវធ្វើក្នុងរយៈមួយឆ្នាំ ឬ ពីរឆ្នាំបានឡើយ។ជាមួយបញ្ហានេះទំនាក់ទំនងរវាងការអាន និងការសរសេរ អាចរួមចំនែកក្នុងដំណោះស្រាយដោយសាកល្បងបង្ហាញនូវបញ្ហាមួយចំនួនដែលត្រូវ ឬគួរធ្វើ មានៈ
1. ការលើកតម្កើងការអាន
ក) ការលើកតម្កើងការអាននៅក្នុងគ្រួសារ
ខ) ការលើកតម្កើងការអាននៅតាមសាលារៀន
គ) ការលើកតម្កើងការអាននៅតាមបណ្ណាល័យនានា
ឃ) ការលើកតម្កើងការអាននៅកន្លែងធ្វើការ
2. ស្នាដៃអក្សរសិល្ប៍និងអ្នកនិពន្ធ
ក) ស្នាដៃអក្សរសិល្ប៍នៅកម្ពុជា
ខ) អ្នកនិពន្ធនិងការពាក់ព័ន្ធ

១) ការលើកតម្កើងការអាន
ក ការលើកតម្កើងការអាននៅក្នុងគ្រួសារ
មានពាក្យមួយឃ្លាដែលនិយាយថា ដាំដើមឈើតែដប់ឆ្នាំគឺបានផល ឯដាំដើមមនុស្សថ្មី មិនមែនដប់ឆ្នាំទេដែលបានផល គឹវាអាចឈានដល់ទៅមួយរយឆ្នាំ អត្ថន័យនៃពាក្យនេះ ហាក់ដូចជាប្រាប់ថា បើចង់កែប្រែសង្គមមួយអោយនិយមការអាន ទាមទារត្រូវមានមនុស្សថ្មីដែល និយមអាន ដោយត្រូវប្រើពេលវេលាយូរ។អីចឹងសម្រាប់កម្ពុជា គួរតែមានការ លើកតម្កើងការអាននៅតាមគ្រួសារ ដោយត្រូវចាប់ផ្តើមឡើងពីឪពុក ម្តាយ ឬអាណាព្យាបាល ព្រោះថាទង្វើមនុស្សធំ នឹងក្លាយទៅជាគំរូដ៏ល្អដែលជម្រុញអោយកូនចៅរបស់ពួកគាត់ នឹងចូលចិត្តអានតាម ហើយបើអាចនោះ យ៉ាងហោចណាស់នៅតាមគ្រួសារ គួរតែមានទូដែលមានសៀវភៅមួយនៅក្នុងផ្ទះ។
អក្សរសិល្ប៏កុមារគឺជាប្រការចាំបាច់ ក្នុងការបង្កើតមនុស្សថ្មីនេះ។សព្វថ្ងៃនេះ មានគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើន ដែលធ្វើការជាមួយការបោះពុម្ពអក្សរសិល្ប៏កុមារ និងមានស្ថាប័នមួយចំនួនបានបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធកុមារ ដោយសហការជាមួយអ្នកនិពន្ធកុមារ អ្នកចិត្តសាស្រ្តកុមារ និងអ្នកគំរូកុមារ ជាជនបរទេសទៀតផង។
ខ ការលើកតម្កើងការអាននៅតាមសាលារៀន
ប្រសិនបើអាច ដោយនៅតាមសាលារៀនគួរមានកម្មវិធីដែលអាចផ្តល់រយៈពេលពី ៥ទៅ ១០នាទី ដើម្បីអោយសិស្សអានសៀវភៅដែលគេចូលចិត្ត មុនពេលចូលសិក្សា និងកម្មវិធីមួយទៀតគឺគ្រូបង្រៀននាំសិស្សតូចៗទៅកាន់បណ្ណាល័យណាមួយដែលនៅក្នុង ឬនៅជិតសាលារៀនរបស់ពួកគាត់។
មានឧទាហរណ៏ខ្លះៗពីរប្រទេសស៊ុយអែដ គឺកម្មវិធីជំនួបរវាងអ្នកនិពន្ធ និងសិស្ស នៅតាមសាលារៀន។កម្មវិធីបែបនេះ វាអាចផ្តល់ប្រយោជន៏ដល់សិស្ស និងអ្នកនិពន្ធព្រមទាំង បានដើរតួនាទីសំខាន់ក្នុង ការលើកតម្កើងការអាន ផងដែរ ព្រោះថាការដែលអ្នកនិពន្ធ មានឱកាសជួបជាមួយអ្នកអានជាសិស្សគឺជាពេលវេលាដែលពួកគាត់បកស្រាយនូវសំណួរផ្សេងៗ របស់សិស្ស ដែលទាក់ទងនឹងស្នាដៃរបស់គាត់ អ្នកនិពន្ធអាចផ្តល់គំនិតល្អៗ ដល់សិស្សជាអ្នកអាន អាចប្រាប់វិធីសរសេរសៀវភៅ អាចផ្សព្វផ្សាយពីស្នាដៃរបស់ពួកគាត់ជាដើម។កម្មវិធីនេះមិនដូចគំនិតគ្រូបង្រៀនរបស់ខ្មែរម្នាក់ដែលគាត់ចោទប្រកាន់ថា ជាការផ្សព្វផ្សាយពាណិជ្ជកម្មពីស្នាដៃរបស់ អ្នកនិពន្ធតែម្យ៉ាងគត់ នោះទេ និងបដិសេធកម្មវិធីបែបនេះសម្រាប់សាលារៀនមួយនៅកម្ពុជា។
ហើយកន្លងមកអង្គការដើម្បីភាពញញឹមនៃកុមារនេះក៏បានប្រារព្ធកម្មវិធីអ្នកនិពន្ធជួបជាមួយ ក្មួយៗជាសិស្សប៉ុន្មានលើកមកហើយ ហើយពេលនេះកម្មវិធីថ្មីនេះជាសក្ខីភាពផងដែរ។មិនតែប៉ុណ្ណោះសហព័ន្ធអភិវឌ្ឍសៀវភៅនៅកម្ពុជា ដែលមានខ្ញុំជាប្រធាន ធ្លាប់បានសហការជាមួយបណ្ណាល័យអន្តរជាតិនៃប្រទេសស៊ុយអែត បានប្រារព្ធកម្មវិធីបែបនេះជាច្រើនលើក នៅតាមសាលារៀនមួយចំនួនទូទាំងប្រទេសកម្ពុជា ដូចជាសាលារៀននៅទីក្រុងភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង និងមានការជួបជាមួយកុមារនៅអង្គការហ្រ្វេន អង្គការសិល្បៈសំរាប់កុមារ ជាពិសេសគឺអង្គការដើម្បីភាពញញឹមនៃកុមារយើង និងអង្គការផ្សងៗទៀតដែលធ្វើការជាមួយកុមារ ជាច្រើនលើករួចមកហើយទៀត។
គ ការលើកតម្កើងការអាននៅតាមបណ្ណាល័យនានា
បណ្ណាល័យមានតួនាទីសំខាន់ណាស់ចំពោះការអាន។នៅប្រទេសកម្ពុជាមានបណ្ណាល័យជាច្រើន ដូចជាបណ្ណាល័យតាមមហាវិទ្យាល័យ សាលារៀន បណ្ណាល័យចល័តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្តាអង្គការក្រៅរដ្ឋាភិបាលនានា បណ្ណាល័យនៃមជ្ឈមណ្ឌលវប្បធម៌បារាំង បណ្ណាល័យឯកជន និងជាពិសេសគឺបណ្ណាល័យជាតិដ៏ធំ។ល។បណ្ណាល័យនៅប្រទេសកម្ពុជាទាំងឡាយកន្លងមកតែងតែមានសកម្មភាពជាច្រើនដើម្បីបុព្វហេតុ ការលើកតម្កើងការរាប់អាន យ៉ាងសស្រាក់សស្រាំ។តែសម្រាប់បទបញ្ហាញរបស់ខ្ញុំនាពេលនេះ ខ្ញុំសូមមិននិយាយពីសកម្មភាព ទាំងឡាយរបស់បណ្ណាល័យនានាក្នុងប្រទេសយើង ដែលបានប្រព្រឹត្ត ជារៀងរាល់ថ្ងៃយ៉ាងប្រសើរមកនោះទេ។ខ្ញុំសូមលើកឧទាហរណ៏ខ្លះៗដែលទាក់ទងនឹងបណ្ណាល័យនៅប្រទេសមួយចំនួនដែល ខ្ញុំធ្លាប់បានទៅទស្សនាដូចជាៈ នៅប្រទេសជប៉ុន គេមានកម្មវិធីមួយសម្រាប់កុមារពីរអាយុ១ឆ្នាំដល់ ៣ឆ្នាំ។កម្មវិធីធ្វើអោយម្តាយ និងកូនតូចៗរបស់ពួកគាត់ មកអានសៀវភៅរូបភាពងាយៗនៅក្នុង បណ្ណាល័យ ដោយមានការជ្រោមជ្រែងពីបណ្ណារក្ស។ ឯប្រទេសស៊ុយអែតវិញជាមួយគោលដៅ ដើម្បីទៅដល់អ្នកអានទាំងឡាយ បណ្ណារក្សតែងតែផ្តល់ពត៌មានអំពីភាពចាំបាច់នៃ សៀវភៅ និង ការអាន ទៅដល់ទារកដែលបំរុងនឹងកើត ដោយបណ្ណារក្ស បានទំនាក់ទំនងជាមួយមន្ទីរសម្ភព ដើម្បីផ្តល់ពត៌មានពីបណ្ណាល័យ ផ្តល់សៀវភៅរូបភាពងាយៗ ស៊ីឌី ចម្រៀងទាក់ទងនឹងកុមារ និងអ្វីទៀតដែលទាក់ទងការអានទុកសម្រាប់អោយមន្ទីរសម្ភពផ្តល់ជូនគ្រួសារដែលមកសម្រាល បុត្រ។ លុះពេលដែលទារកប្រសូតមក បណ្ណារក្សផ្ញើរលិខិតជូនពរ វត្ថុអនុស្សាវរីយ៍ និងប្រាប់អំពី ការស្វាគមន៏ដែលពួកគាត់នាំកូនមកកាន់បណ្ណាល័យ។ប្រទេសនេះក៏មានកម្មវិធីមួយឈ្មោះថា កូនចៅរបស់អ្នកទាំងអស់គ្នា។កម្មវិធីនោះគឺ លោកតា លោកយាយដែលចូលនិវត្តន៏បាននិទានរឿង ឲ្យក្មេងៗស្តាប់។និងនៅមានសកម្មភាពជាច្រើនទៀតដែលបណ្ណាល័យប្រទេសទាំងពីរបានធ្វើ។
កិច្ចការនិទានរឿងឲ្យកុមារស្តាប់នេះនៅកម្ពុជាយើងវិញក៏មានប្រារព្ធធ្វើដែរ គឺជាសកម្មភាព តាមបណ្តាគ្រឹះស្ថាននានាដែលធ្វើការជាមួយអក្សរសិល្ប៏កុមារ ដូចជាៈបណ្ណាល័យ ចល័ត ទាំងឡាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការដំរីសរ អង្គការនិស្សិតស្ម័គ្រចិត្ត ស៊ីប៉ា។ល។ ដែលមានការនិទានរឿងអោយកុមារស្តាប់ផងដែរ គ្រាន់តែអ្នកនិទានរឿងទាំងនោះ ជាអ្នកធ្វើការ នៅស្ថាប័នទាំងនោះមិនមែនជាមនុស្សចាស់ដែលចូលនិវត្តន៏នោះទេ។
ឃ ការលើកតម្កើងការអាននៅកន្លែងធ្វើការ
មានការសង្កេតឃើញថា សូម្បីតែមន្ត្រីរាជការ បុគ្គលិក នៅក្រសួងមន្ទីរ តាមបណ្តាអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជាមួយចំនួនធំ ក៏មិនសូវនិយមការអានដែរ។ ចុះប្រសិនស្ថាន័នទាំងឡាយនោះ អាចផ្តល់ម៉ោងត្រឹមតែ៥នាទីមុនពេលចូលធ្វើការ ដើម្បីអោយអ្នកធ្វើការទាំងនោះបានអានកាសែត ឬសៀវភៅដែលគេចូលចិត្ត ដែលករណីនេះជាចំណែកអាច លើកតម្កើងការអាន ដែរ។




២) អក្សរសិល្ប៏ និងអ្នកនិពន្ធ
ក ស្នាដៃអក្សរសិល្ប៏នៅកម្ពុជា
ដោយសារកម្ពុជាមានប្រជាជនខ្មែរមួយចំនួនធំ ដែលមានកម្រិតក្នុងការអានសៀវភៅជាភាសាបរទេស ដូច្នេះសំណេរលើស្នាដៃអក្សរសិល្ប៏ជាភាសាខ្មែរ ជាភាពសំខាន់សំរាប់អ្នកអាននៅ កម្ពុជា។អ្វីដែលខ្ញុំលើកយកមកនិយាយនាពេលនេះមាន ប្រលោមលោក កំនាព្យ ប្រជុំរឿងព្រេងខ្មែរ គតិលោក និងសៀវភៅរឿងរូបភាពសម្រាប់កុមារខ្មែរ និងបកប្រែពីភាសាបរទេសខ្លះផង។ជាការពិតមកដល់ពេលនេះមានការកើនយ៉ាងខ្លាំងនូវការបោះពុម្ពសៀវភៅទាំងនេះជាងកាលពីរ៧ឆ្នាំមុន។ ក្នុងចំនោមស្នាដៃអក្សរសិល្ប៏ទាំងនោះយើងសង្កេតឃើញមានចំណុចល្អនិងមិនល្អគឺបានបង្ហាញពីៈ
 អត្តសញ្ញាណរបស់ជាតិ មានដូចជា ភាសា ប្រពៃណី ទំនៀមទំលាប់ របៀបរបប រស់នៅរបស់ប្រជាជនខ្មែរជាដើម ដោយតួអង្គមានឈ្មោះជាខ្មែរ ប្រាប់ពីពិធីរៀប មង្គលការជាខ្មែរ បុណ្យសពរបស់ខ្មែរ ការស្លៀកពាក់របស់ខ្មែរ សម្លខ្មែរ រដូវចម្រូត មុខរបររបស់ប្រជាជនខ្មែរ។ល។ដេលមានក្នុងរឿងៈទុំទាវ ផ្កាស្រពោន រនោចផុតហើយ ទំនួញក្មេងកំព្រា ទំនៀមទំលាប់នៃការចោះត្រចៀកកូនស្រីក្មេងវត្តសម័យបារាំង។ល។
 គំនិតស្នេហាជាតិរីកចំរើនបែបទំនើប មានៈធនញ្ជ័យ ទុំទាវ ក្រោមម្លប់ពោធិព្រឹក្ស ព្រះខ័នរាជ្យ មេឃបាត់ដួងចន្ទ ជាដើម។
 មានការអោយតំលៃទៅលើគុណ ទោស, ទៅលើអំពើល្អត្រូវតែឈ្នះអំពើអាក្រក់ តែប្រសិនបើតួអង្គអាក្រក់ណាមួយរួចផុតពីច្បាប់ ក៏គង់ទទួលទោសពីសង្គម ឬពី មនសិការរបស់ខ្លួនឯងដែរ និងអាចពេលខ្លះ អ្នកនិពន្ធក៏មានបំណងអោយតួអាក្រក់ខ្លះ មិនទទួលទោស ដែលគឺជាការសន្តោសលើកលែងដោយអ្នកនិពន្ធមិនប្រាថ្នាចង់អោយ មានការសងសឹក មានដូចជាៈ ព្រះនាងកំប៉ោង ក្រពើរមិលគុណ ព្រហ្មលិខិតត្រីក្នុងត្រី ព្រោះអារក្សបានបង្កើតស្រី និងសឹងតែគ្រប់រឿងទាំងអស់។
 តែងតែកំណត់អំពី សាមគ្គីភាពជាតិ និងអន្តរជាតិ ជាប្រការចាំបាច់ក្នុងការរស់នៅរបស់ មនុស្ស មានៈ គូលីកំណែន មេឃបាត់ដួងចន្ទ និងផ្សេងទៀតជាច្រើន។ល។
 ស្នាដៃទាក់ទងនឹងតុលាការ មានៈ ទន្សាយនិងអ្នកបរទេះគោ ភេនិងត្រី។ល។
 បង្ហាញពីតម្លៃនៃវិជ្ជា សប្បុរសធម៌ ការធ្វើអោយសម្រេចបំណងប្រាថ្នារបស់អ្នកដ៏ទៃ ការពារសម្បត្តិវប្បធម៌ បរិស្ថាន សត្វព្រៃ អនាម័យជាដើម មានះ កុមារល្អ ចម្លាក់តោ អ្នកណាជាតាភ្នែកក្រហម ស្បែកជើងកីឡា។ល។
 បង្ហាញអំពីអ្វីថ្មីៗដែលកើតមាននៅក្នុងសង្គម ដូចជាការបញ្ជ្របយ៉េនឌឺ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បញ្ហាអេដស៏។ល។ មានដូចជា យប់ក៏រំលង ផ្ការីកម្តងទៀត បើផ្កាមានទឹកខ្ញុំចង់អួតពី...។ល។
 ការកាច់កុងលើពាក្យសំដីរបស់តួ បង្ហាញថាតួឆ្លាតវៀងវៃ ពូកែ ក្លាហាន ចិត្តល្អ មានការទទួលខុសត្រូវ រហូតតួមានរូបស្អាត គឺជាលក្ខណៈសម្បត្តិរបស់តួឯក ដែលអ្នក អាននិយម ព្រោះអ្នកអានតែងចង់បានតួឯកដែលមានអ្វីៗសុទ្ធសឹងជាពិសេសនិង អស្ចារ្យ មានដូចជាៈ កញ្ញាម្ទេសទុំ រលកបោកខ្សាច់ និងច្រើនរឿងទៀត។
 បានបង្ហាញពីតួឯកដែលមានការតស៊ូ ភាពស្មោះត្រង់ ការព្យាយាម បើទោះបីជាតួឯកនោះជាមនុស្សកំព្រា ក្រតោកយ៉ាកក្តី ឬ រស់ក្នុងជីវិតដែលពោរពេញទៅដោយការ ប្រឈមជាមួយឧបសគ្គយ៉ាងច្រើននៅក្នុងសង្គម តែយ៉ាងណាតួឯកនោះគឺមានភាពរឹងមាំជាងវ័យរបស់គេមានបទពិសោធន៏ជីវិតយ៉ាងប្រសើរសម្រាប់ទប់ទល់ជាមួយឧបសគ្គ ហើយនៅទីបញ្ចប់ តួឯកនឹងបានសម្រេចជោគជ័យក្នុងជីវិត មានដូចជាៈកុលាបប៉ៃលិន ជាតិស្រ្តី បំភ្លេចមិនបាន ការតស៊ូក្នុងការសិក្សា ព្រះអាទិត្យថ្មីរះលើផែនដីចាស់។ល។
 អក្សរសិល្ប៏ខ្លះសរសរអំពីជីវិតក្មេងដែលមានឪពុកម្តាយ ជាអ្នកងប់ងល់នឹងល្បែង ឬ សុរា ឬគ្រួសារបែកបាក់គ្នាដោយអំពើហឹង្សាពីសំណាក់បុរសជាឪពុក បណ្តាលអោយតួឯកជាក្មេងតូច ត្រូវរស់ឯកកោគ្មានទីពឹងក្នុងសង្គមជីវិតពោពេញទៅដោយគ្រើថ្នាក់គួរ
អោយខ្លាច តែក្មេងនោះអាចដោះស្រាយបញ្ហាជីវិតបាន និងមានជំនួយពីស្ថាប័នផ្សេងៗ។អក្សរសិល្ប៏ប្រភេទនេះជាអក្សរសិល្ប៏ដែលមានបំណងរិះគន់មនុស្សធំដែលមិនទទួលខុសត្រូវលើកុមារ ឬ មិនមានសមត្ថភាពក្នុងការចិញ្ចឹមកូន មានដូចជាៈពិភពលោករបស់ខ្ញុំ,ខ្សែទឹកហូរ,កម្រងផ្កាម្លិះ។ល។
 អក្សរសិល្ប៏ខ្មែរមិនសូវមានការបង្ហាញភាពសំខាន់ពីការរ៉ាប់រងដ៏លំបាករបស់ស្រ្តី ទាំងការងារផ្ទះផង និងការងារសង្គមផង ដែលនាងត្រូវបានបុរស ឬគ្រួសាររបស់បុរស ទទួលស្គាល់ទេ។អក្សរសិល្ប៏បែបនេះច្រើនតែជាប្រធានបទរបស់ស្ថាប័នមួយចំនួនដែលធ្វើការជាមួយយ៉េនឌឺតែប៉ុណ្ណោះ។
 អក្សរសិល្ប៏ភាគច្រើនតែងបង្ហាញពីទំនាស់វណ្ណៈរវាងអ្នកមាននិងអ្នកក្រជាជាងបង្ហាញ ពីយ៉េនឌឺ
 អក្សរសិល្ប៏បែបប្រវត្តិសាស្រ្តមានព្រះចន្ទរាជា,ព្រះចៅពញាយ៉ាត,ព្រះបាទត្រសក់ផ្អែម។ល។
 មានស្នាដៃទាក់ទងរបបដឹកនាំប្រទេសកម្ពុជា មាន ជីវិតឥតន័យ,អ្នកដើរកាត់ភ្លៀង,អ្នកដែលឃ្លាតឆ្ងាយ,រកាឆ្នាំថ្មី,ស្លឹកឈើចាកមែក,ភ្លៀងរដូវក្តៅ,ក្រោមតំណក់ទឹកភ្លៀង។ល។
 ស្នាដៃទាក់ទងនឹងសង្រ្គាម សន្តិភាព គ្រាប់មីន ក៏មានដែរ។តែអក្សរសិល្ប៏តាមបែប វិទ្យាសាស្រ្តសឹងតែមិនមាន។
 មានសៀវភៅវិភាគបង្ហាញពីទស្សនៈផ្សេងៗចំណេះដឹងទូទៅ ដែលបកប្រែពីភាសាបរទេស មានៈប្រាជ្ញាជីវិត,ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ,សម្តីមាសជាដើម។
 ចំពោះអក្សរសិល្ប៏ដែលបកប្រែពីបរទេសដែលមានអត្ថន័យ អត្ថរូប អត្ថរសយ៉ាងល្អៗ តែមានបញ្ហាពិបាកបញ្ជ្របទៅក្នុងស្រទាប់អ្នកអានខ្មែរ មានរឿងៈពីពីស្រោមជើងវែង, ព្រះអង្គម្ចាស់តូចពីណូគីយ៉ូ,អ៊ីដា២នាក់។ល។
 និងមានអក្សរសិល្ប៏ច្រើនប្រភេទទៀត ដែលខ្ញុំមិនអាចនឹងរៀបរាប់ជូនអស់បាន។
 អក្សសិល្ប៏ខ្មែរក៏ទទួលបានការបកប្រែជាភាសាបរទេសៈជប៉ុន,អង់គ្លេស,បារាំង,ថៃ,ស៊ុយអែត
 បញ្ហាស្នេហានៅក្នុងអក្សរសិល្ប៏ដែលល្អៈ ស្មោះត្រង់ ភក្តីភាព មិនបង្កប់ល្បិចកល គូស្នេហ៍ជាមនុស្សដែលមានការទទួលខុសត្រូវ ស្រលាញ់យុត្តិធម៌ មានសន្តានចិត្តល្អ ។ល។ បានន័យថាអ្វីៗទាំងអស់ស្ថិតក្នុងគុណធម៌ និងសីលធម៌។
ដូច្នេះអាចកំណត់បានថា អត្តសញ្ញាណជាតិ ជំហរសីលធម៌ និងមហិច្ចតាប្រកបដោយ គុណធម៌តាមបែបសិល្បៈ ជាមួយការប៉ិនប្រសប់នៅក្នុងអក្សរសិល្ប៍ គឺមុជជ្រៅចូលទៅក្នុងបេះដូង អ្នកអានបាន។
ប៉ុន្តែស្នាដៃដែលបានបោះពុម្ពទាំងឡាយនោះ ទោះបីជាអ្នកសរសេរមានសិទ្ធក្នុងការសរសេរ មែនប៉ុន្តែស្នាដៃខ្លះជាបែបទុទិដ្ឋនិយមហួសហេតុ បង្ហាញពីភាពអសកម្មមួយចំនួនរបស់តួអង្គ ឬសង្គមហើយមិនព្រមចូលរួមផ្តល់ដំណោះស្រាយឡើយ,មានខ្លះទៀត ពេលអានរួចគឺធ្វើអោយ មនុស្សអស់សង្ឃឹមយ៉ាងខ្លាំងកីមាន,ស្នាដៃផ្សេងទៀតថ្វីបើមានបង្កប់អ្វីមួយដែលអ្នកសរសេរចង់បាន តែការបង្ហាញនូវភាពរោលរាលផ្នែកកាមគុណហួសហេតុពេក ដែលបានប៉ះពាល់ដល់ប្រពៃណី និងទមនៀមទំលាប់ខ្មែរយើង,ខ្លះទៀតគឺសំណេរទាំងស្រុងនោះបានប្រាសចាកពីសុជីវធម៌ និង ភាពថ្លៃ្ថថ្នូរ,ស្នាដៃមួយចំនួនទៀតមានការសរសេរខ្វះខាតសិល្ប៍វិធី ក្នុងការទាក់ទាញអ្នកអាន ទាំងអត្ថន័យ អត្ថរូប អត្ថរសតែម្តង,និងមានស្នាដៃសម្រាប់កុមារខ្លះ ខ្ញុំយល់មិនមែនសម្រាប់កុមារទេ គីវាសម្រាប់មនុស្សធំទៅវិញុ។ល។
ហើយដើម្បីបង្កើនគុណភាពនៃសំណេរ បើអាចនោះ ការបង្កើតក្រុមមួយដើម្បីធ្វើការរិះគន់ អក្សរសិល្ប៍ គឺជាដំណោះស្រាយដ៍ល្អសម្រាប់សង្គមកម្ពុជាយើង។
ខ អ្នកនិពន្ធ និងការពាក់ព័ន្ធ
ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានពីការបង្ហាញអ្វី ជាអត្តសញ្ញាណជាតិ តម្លៃលើសីលធម៌ និងមហិច្ចតាប្រកបដោយគុណធម៌នៅក្នុងអក្សរសិល្ប៍គឺមិនមែនជាការបង្ហាញបែបត្រង់ៗទេ នោះគឺជាការបញ្ចូលតាមជំនាញដ៏ពូកែរបស់អ្នកនិពន្ធដោយមានកត្តាជាច្រើនទៀត ដែលមានទំនាក់ទំនងជាមួយអ្នកនិពន្ធដូចជាៈ
-សំណេររបស់អ្នកនិពន្ធៈជាមួយអ្វីដែលខ្ញុំបានលើកទាំងឡាយដែលមានក្នុងស្នាដៃអក្សរ សិល្ប៍ខ្មែរ នៅក្នុងចំនុចមុននេះ ស្នាដៃដែលមានតម្លៃពិសេសគួរអោយកត់សំគាល់ គឺបើ សំណេររបស់អ្នកនិពន្ធមានតម្លៃយូរអង្វែង ត្រូវតែប្រកបទៅដោយ ការសម្លឹងទៅមើលមុខវែងឆ្ងាយ។
សំណេរទាំងនោះត្រូវតែប្រើភាសាដែលល្អសឹងឥតខ្ចោះ ជាមួយឃ្លាប្រយោគមានភាពរលូន ងាយយល់ មិនសូវវែង មានបង្កប់នូវសុភាសិត ឬពាក្យឧបមា ដែលគួរជាទីចាប់អារម្មណ៍ពីអ្នកអាន និងកាន់តែប្រសើរនោះ គឺត្រូវបានអ្នកអានយកទៅនិយាយតាមក៏មាន។
តួអង្គត្រូវតែមានភាពជា អ្នកបាចសាច នូវអ្វីៗជាច្រើន ដូចជា បាចសាចនូវសេចក្តីល្អ បាចសាចនូវចំនេះដឹងទៅអ្នកដ៍ទៃ បាចសាចនូវពន្លឺទៅកាន់ទីងងឹត បាចសាចនូវការលួងលោម ចំពោះអ្នកមានវិបត្តិ បាចសាចនូវក្តីសង្ឃឹមទៅកាន់អ្នកអស់សង្ឃឹមជាដើម។
សម្រាប់កុមារវិញ សៀវភៅត្រូវសរសេរជាឃ្លាប្រយោគបែបងាយៗ ខ្លីៗ ដើម្បីអោយពួកគេ ងាយយល់ ងាយចាំ មានរូបភាពពណ៌ស្រស់ៗជាការទាក់ទាញ និងមានទំព័រតិចផងដែរ។
-ច្បាប់កម្មសិទិ្ធបញ្ញា និងគ្រិះស្ថានបោះពុម្ពផ្សាយៈ
-ច្បាប់កម្មសិទ្ធបញ្ញា នឹងត្រូវបានការពារនូវផលប្រយោជន៍អ្នកនិពន្ធព្រោះថា រាល់ស្នាដៃ របស់អ្នកនិពន្ធត្រូវបានផ្សព្វផ្សាយនៅកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក គឺភាគច្រើនតាមរយៈគ្រឹះស្ថានបោះពុម្ពផ្សាយនានា ហើយដែលអ្នកនិពន្ធទទួលបានកម្រៃពីការងារ។ច្បាប់កម្មសិទ្ធបញ្ញា នឹងជួយធានានូវផ្នែកច្បាប់ និងសេដ្ឋកិច្ច ដល់អ្នកសរសេរ។តែសព្វថ្ងៃនេះច្បាប់មិនទាន់បានអនុវត្តល្អនិងជ្រួតជ្រាបទៅគ្រប់ស្រទាប់មនុស្សនៅក្នុងសង្គមកម្ពុជានៅឡើយទេ។ ឯនៅប្រទេសជឿនលឿនជាច្រើនទៀតក្នុងពិភពលោកវិញ ច្បាប់កម្មសិទ្ធបញ្ញាជាមុខវិជ្ជាមួយដែលត្រូវសិក្សានៅ តាមសាលារៀនតាំងពីបឋមសិក្សាទៅដល់ថ្នាក់មហាវិទ្យាល័យទៀតផង ដើម្បីបញ្ជ្រាបច្បាប់នេះទៅដល់ស្រទាប់មនុស្សនៅសង្គម ហើយក៏ជាការលើកទឹកចិត្តដល់អ្នកបង្កើតស្នាដៃ និងទប់ស្កាត់នូវការលួចចម្លងពីសំណាក់ជនល្មើស។
នៅប្រទេសយើងមានគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើនមាន ដំរីស,រៃយំ,សន្តិស្មគ្រចិត្ត,ស៊ីប៉ា។ល។ ជាលក្ខណៈបែបអង្គការ, និងគ្រឹះស្ថានបោះពុម្ពផ្សាយបែបឯកជនសុធ្ធសាធមាន ពិភពរឿងនិទាន,យើងអាន,SSPP,បន្ទាយស្រី,អង្គរ,អង្គរធំ,កូម៉ិក អាត បឹងទន្លេសាប និងមានមួយ ចំនួនទៀត។ល។ហើយក៏មានគ្រឹះស្ថានបោះពុម្ពផ្សាយរបស់រដ្ឋដែរ គឺរបស់ក្រសួងអប់រំ ក្រសួងផ្សេងៗទៀត ដែលបោះពុម្ពសៀវភៅទាក់ទងនឹងសាម៉ីក្រសួង។ល។
-កម្រៃលើស្នាដៃនិពន្ធៈ ជាចំណុចសំខាន់មួយដែលត្រូវបានគ្រឹះស្ថានបោះពុម្ពផ្សាយខ្លះ មើលរំលង ហើយមិនមែនដោយសារតែខ្ញុំមានអាជីពជាអ្នកនិពន្ធ ត្រូវនិយាយពីបញ្ហានេះទេ ព្រោះប្រសិនបើកម្រៃដែលអ្នកនិពន្ធទទួលបានមក មានភាពតិចតួច, ពួកគាត់មុខជាត្រូវទទួលនូវស្នាដៃដែលអោយសមស្របទៅតាមទឹកប្រាក់ដែលគាត់ទទួលបាន តែបើពួកគាត់ទទួលបានកម្រៃដែលសមគួរ,ពួកគាត់មុខជានឹងមានពេលវេលាច្រើនដើម្បីពិចារណារិះរកវិធី ធ្វើអោយស្នាដៃគាត់កាន់តែប្រសើរឡើង ព្រោះថារាល់ការសរសេរ បើយើងមើលមួយលើកនឹងមានការកែសម្រួលម្តង, បើមើលច្រើនលើក នឹងកែច្រើនដង។ ដូច្នេះបើនិយាយទៅដល់បញ្ហាដែលពួកគាត់ទទួលបានកម្រៃ ទាប ហើយក្នុងការរស់នៅ អ្នកនិពន្ធត្រូវការប្រាក់យកទៅទិញបាយបរិភោគដូចមនុស្សនានាដែរ ពួកគាត់មានភាពចាំបាច់ ត្រូវគិតពីតុល្យភាពនៃពេលវេលា និងកម្រៃដែលទទួលបាន គឺលៃយ៉ាងណា មិនអាចអោយពួកគាត់នឹងអត់ប្រាក់ ក្នុងការទិញបាយបរិភោគនោះទេ ព្រោះខ្ញុំសូមជំរាបថា មិនមានអ្នកនិពន្ធខ្មែរណាម្នាក់រស់ក្នុងជីវភាពល្អ ដោយសារការលក់ស្នាដៃមួយ មុខនោះទេ។
រាជរដ្ឋាភិបាលៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើផ្នែកនេះជាច្រើន ដោយមានការរៀបចំប្រលងប្រជែងអក្សរសិល្ប៍ កម្មវិធីសិក្ខាសាលានានា ការតាំងពិព័រណ៍សៀវភៅនាពេលកន្លងមក។ ជាសំណូមពរ យើងសុំអោយលោកជួយលើការបោះពុម្ពស្នាដៃល្អៗ អោយកាន់តែច្រើន ដើម្បីលើកទឹកចិត្តអ្នកសរសេរ,ដើម្បីអោយសៀវភៅមានតម្លៃថោក និងជាការជួយសម្រួលដល់ផ្នែកសេដ្ឋកិច្ចរបស់អ្នកអានផងដែរ។
សមាគមនានាៈដែលពាក់ព័ន្ធជាមួយអ្នកនិពន្ធមាន សមាគមអ្នកនិពន្ធខ្មែរសមូហកម្មនូ ហាច សហព័ន្ធអភិវឌ្ឍន៏សៀវភៅនៅកម្ពុជា សមាគមអក្សរសិល្ប៍ខ្មែរ Pen Club នៅកម្ពុជា។ល។ មានសារៈសំខាន់ក្នុងការជួយដល់អ្នកនិពន្ធ ដូចជាៈ នៅទីនោះអាចអោយអ្នកនិពន្ធផ្លាស់ប្តូរ បទពិសោធរវាងគ្នាទៅវិញទៅមក,មានឱកាសបង្ហាញពីស្នាដៃ,ជួយរកទីផ្សារអោយអ្នកនិពន្ធថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ,ជួយការងារផ្នែកច្បាប់ដល់អ្នកនិពន្ធ។ល។
ការប្រឡងប្រជែងស្នាដៃអក្សរសិល្ប៍ៈគឺជាវិធីសំខាន់មួយ ក្នុងការលើកទឹកចិត្ត ផ្តល់ឱកាសដល់អ្នកនិពន្ធ,ដល់គ្រឹះស្ថានបោះពុម្ពផ្សាយ,ដល់អ្នកអានផងដែរ។ការប្រឡងប្រជែងស្នាដៃនេះ ជាប្រយោជន៍សម្រាប់អ្នកនិពន្ធថ្មី ដែលជាធម្មតាពួកគាត់អាចនឹងពិបាករកឱកាសនឹង បញ្ចេញស្នាដៃ និង នាំមកនូវភាពល្បីឈ្មោះ,បើជាអ្នកនិពន្ធចាស់ ពួកគាត់កាន់តែមានការប្រយ័ត្ន ប្រយែង និងសម្រិតសម្រាំងស្នាដៃនាំអោយមានភាពល្បីល្បាញកាន់តែខ្លាំងជាងមុន។សម្រាប់គ្រឹះ ស្ថានបោះពុម្ព ពួកគាត់ទទួលបានស្នាដៃ ដែលល្អប្រសើរ អាចនឹងលក់បានចំនួនច្រើន។សម្រាប់អ្នកអាន ទទួលបានចំនេះដឹងល្អៗជាច្រើន ពីសៀវភៅដែលជាប់រង្វាន់ទាំងនោះ។កន្លងមកមានអ្នកនិពន្ធខ្មែរយើង ធ្លាប់បានទទួលរង្វាន់ថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ជាច្រើនរូបមកហើយ ដូចជាថ្នាក់អន្តរជាតិមានៈ ឯកឧត្តមពេជ្រ ទុំក្រវិល,ឯកឧត្តមម៉ៅ អយុទ្ធ,លោកគង់ ប៊ុនឈឿន,ឯកឧត្តមជ័យ ចាប,លោកគឹម ពេជ្រពីនន់,រូបខ្ញុំ,លោកស្រីពេជ្រ ព្រឿង,លោកស៊ូ ចំរើន,លោកវ៉ា សំអាត,លោកស្រីម៉ៅ សំណាង,លោកស្រីអ៊ុំ សុផានី,លោកមាច ប៉ុណ្ណ,លោកស៊ីន ទូច។ល។ឯរង្វាន់ថ្នាក់ជាតិមានៈលោកឡឹក រ៉ាវី,លោកសួន សុរិន្ទ,លោកស្រីអ៊ី តាយ៉េ,លោកឡាំង ប៉េងសៀក,លោកសំ សុភារិន,លោកអ៊ុន សុខហ៊ាង,លោកសុខ សុធន,លោកស្រីប៉ែន សេដ្ឋរិន,លោកតារាវិច្ឆ័យ,កញ្ញាយាង សុកុនី,លោកស្រីយីម នីម៉ូឡា, លោកសយឡូត,លោកយូ សុភា,កញ្ញាណេង កន្និដ្ឋា,កញ្ញាភូ ចរិយា,លោកសុខ ធូ,លោកស្រីចន្ទ មុនី,លោកសុខ ចន្ទផល,។ល។ហើយសុំអភ័យដែលនាងខ្ញុំមិនអាចរៀបរាប់ឈ្មោះអស់ លោក លោកស្រីដែលទទួលបានរង្វាន់អស់ ដោយសារតែពេលវេលាមានកំណត់។
ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីជូយផ្តល់ព័ត៌មានពីសៀវភៅ ទៅដល់អ្នកអាន។
រោងពុម្ព មានចំណែកធ្វើអោយសៀវភៅមានរូបភាពទាក់ទាញដល់អ្នកអាន ជាមួយការជួយ ដល់តម្លៃសៀវភៅអោយមានភាពសមរម្យ។
ជាការពិតការលើកតម្កើងការអាន មិនមែនធ្វើត្រឹមតែអ្វីដែលខ្ញុំលើកឡើងមកនេះទេ គឺនៅមានការចូលរួមពីស្ថាប័នជាតិនានា អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ស្ថាប័នឯកជនទាំងឡាយ និងបុគ្គលិកពាក់ព័ន្ធ ជាច្រើនក្រុម និងជាច្រើននាក់ទៀតដែលត្រូវរូមចំណែកក្នុងការងារនេះ។
ហើយដោយសារតែស្នាដៃអក្សរសិល្ប៍ ដែលបានបង្ហាញនូវអត្តសញ្ញាណជាតិ មានតម្លៃ លើសីលធម៌ និងគុណធម៌ ដែលមិនមែនជាការបង្ហាញបែបត្រង់ៗគឺជាការបញ្ចូលតាមជំនាញ បែបសិល្បៈដ៏ពូកែរបស់អ្នកនិពន្ធ ទើបមានមតិបានផ្តល់ដល់ពួកគាត់ថា ជាមនុស្សនៅក្នុងចំណោមអ្នកបានរួមចំណែកយ៉ាងសំខាន់បំផុតទៅលើការផ្តល់ចំនេះដឹងទូទៅ និងបានពិភាក្សា បញ្ហាសង្គមទាំងឡាយ ហើយគាត់ជាអ្នកមានអទិភាពច្រើនបំផុត និងមានភារៈទទួលខុសត្រូវដ៏ ច្រើនលើសលុបនៅក្នុងសង្គមដែលមានការលើកតម្កើងការអាន ផងដែរ។
តែយ៉ាងណាការអាន មិនចាំបាច់ត្រូវតែរើសសៀវភៅ ល្អរឺ មិនល្អ ឬសៀវភៅប្រភេទណានោះទេ, សម្រាប់ខ្ញុំ អោយតែមានអក្សរ គឺយើងត្រូវអាន ហើយអានដោយការចេះទទួលយកនូវអ្វី ល្អស្គាល់ គេចចេញនិងឈានទៅបោះចោលនូវអ្វីដែលមិនល្អ តែប្រសិនជាជួបវាដោយគេចមិនបានយើងនឹងមានវិធីប្រឈមជាមួយវា បានយ៉ាងប្រសើរទៀតផង។
ហេតុអ្វីបានជាខ្ញុំនិយាយថាត្រូវតែអានព្រោះថាការអានបានផ្តល់នូវព័ត៌មាន ផ្តល់នូវចំនេះ ដឹងគ្រប់បែបយ៉ាងផ្តល់នូវគំនិត ធ្វើអោយប្រាជ្ញាមនុស្សរីកចម្រើន ធ្វើអោយមនុស្សមានភាពឆ្លាត វៃក្នុងការរស់នៅប្រាប់នូវវិធីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ... និង ផ្តល់នូវសារះសំខាន់ជា ច្រើនទៀតដល់យើងគ្រប់គ្នា។ ដូច្នេះយើងម្នាក់ត្រូវតែអាន អានឲបានច្រើន អានមិនចេះស្កប់ស្កល់ អានមិនមានពេលកំនត់ អានជារៀងរហូតក្នុងពេលដែលយើងរស់នៅ។
សរុបមក ទំនាក់ទំនងរវាងការអាន និង ការសរសេរ ជាភាពចាំបាច់ក្នុងការលើកតម្កើងការអាននៅកម្ពុជា ព្រោះថាការអានជាការគិត ដែលប្រៀបដុចជាសារៈសំខាន់នៃ ទឹកភ្លៀង ចំពោះគ្រាប់ពូជ,ឯការសរសេរជាការគិត ដែលប្រៀបដូចជាសារៈសំខាន់នៃដី ចំពោះ ដើមឈើកំពុងលូតលាស់ ។
សូមអរគុណ!
ធ្វើបទបង្ហាញដោយ៖ អ្នកស្រីប៉ាល់ វណ្ណារីរក្ស
រៀបចំគម្រោងសកម្មភាពដោយ៖ ក្រុមបណ្ណារក្សអង្គការដើម្បីភាពញញឹមនៃកុមារ
គាំទ្រគម្រោង និង ចូលរួមសហការដោយ៖ អង្គការដើម្បីភាពញញឹមនៃកុមារ ក្រុមហ៊ុនបោះពុម្ពផ្សាយ សមាគមអក្សរសិល្ប៍ និង សប្បុរសជនជាច្រើននៅកម្ពុជា
ជំនួយការវាយអត្ថបទ៖ ហេង ធីរ៉ា និស្សិត មហាវិទ្យាល័យធនាគារ និង ហិរញ្ញវត្ថុ នៃវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុ
កាលបរិច្ឆេទនៃកម្មវិធី៖ ១៦-ធ្នូ-២០១០
កាលបរិច្ឆេទវាយអត្ថបទផ្សាយ៖ ៧-មីនា-២០១១

No comments:

Post a Comment