1. ស្លឹកត្នោតមានប្រយោជន៍ច្រើនណាស់ ស្លឹកខ្ចីស្លឹកចាស់ល្អដូចគ្នា
ស្លឹកខ្ចីវេចនំទុំធ្វើជា កណ្តបប្រក់វាជាដំបូល។
2. ស្លឹកចាស់ដេរធ្វើជាជញ្ជាំង ធ្វើស្មុកល្អខ្លាំងតត្រកូល
ធ្វើផ្លិតកន្ទេលមួកលក់ចូល ជាលុយចំណូលទប់ជីវភាព។
3. ស្លឹកខ្ចី-ចាស់ធ្វើគ្រឿងសិប្បកម្ម កែច្នៃរាល់ឆ្នាំល្អរៀងរាប
ជារូបសត្វចាបជាកាតាប ប្រើមិនចេះសាបឬរេផ្លាស់។
4. ស្លឹកខ្ចីធ្វើប៉ីផ្លុំពីរោះ និយាយដោយស្មោះនឹករឿងចាស់
នៅក្មេងរត់លេងធ្លាមុខផ្ទះ ប្រាជ្ញាវៃវាសផ្លុំប៉ីត្នោត។
5. កំពូលស្លឹកវិញក៏ល្អដែរ ច្នៃធ្វើជាខ្សែចងដេរដោត
នេះហើយប្រយោជន៍នៃស្លឹកត្នោត ខ្មែរត្រូវខំដោតដាំកុំប្រែ។
6. ស្លឹកខ្ចីវេចខ្ចប់នំកណ្តំ វេចបានសក្តិសមនំបែបខ្មែរ
នំពេញនិយមក្រុងនិងស្រែ នំអស់ជនខ្មែរធ្វើហូបបាន។
7. ស្លឹកខ្ចីធ្វើស្រាក់វេចស្ករត្នោត ខ្មែរយើងមិនឆោតគ្រប់ភូមិថាន
ចេះច្នៃលៃលកគ្រប់ៗប្រាណ ជ្រោងត្នោតឲ្យបានខ្ពស់បវរ។
8. ស្លឹកណាចាស់ៗយកមកអប់ បំពង់ឲ្យសព្វស្ងួតឈ្ងុយល្អ
ដុតរោលៗឲ្យបវរ យកទៅបន្តត្រងទឹកត្នោត។
9. ស្លឹកចាស់ដេរធ្វើជាមួកបាន ពាក់បានគ្រប់ប្រាណធ្លាប់ពិសោធន៍
នេះហើយគឺជាគុណស្លឹកត្នោត ខ្មែរអើយឈប់ឆោតជួយស្ទួយខ្មែរ។
ភ្នំពេញរសៀល ថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ហៅប៉េង)
បណ្ណារក្សខ្មែរ
No comments:
Post a Comment