=====================================================================
សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានា បានចងក្រងឡើង ដើម្បីណែនាំមនុស្ស អោយបណ្តុះសតិប្រាជ្ញា និងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ការអានច្រើន អាចធ្វើអោយមនុស្ស ទាំងឡាយក្នុងសង្គម មានឱកាសបានទទួលនូវ គំនិតល្អៗជាច្រើន សម្រាប់ស្រង់យកមក គិតពិចារណា ហើយយកមកប្រើប្រាស់ ជាប្រយោជន៍ ដល់ការរស់នៅ របស់យើងគ្រប់ៗគ្នា ឆ្ពោះរកសេចក្ដីចម្រើន ភាពដុះដាល ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បី ប្រឹងព្យាយាម ជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បី បណ្ដុះប្រាជ្ញា របស់យើងម្នាក់ៗ ឆ្ពោះទៅរក កម្រិតឧត្ដម នៃសភាពជាមនុស្សដែលមានកត្តិនាម ថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។
យើងនាំគ្នាអានដើម្បី៖
- កំសាន្តសប្បាយ ពេលទំនេរ
- លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ ដែលកំពុងរំខាននៅក្នុងចិត្ត
- បង្កើនចំណេះដឹង ទូលំទូលាយ ក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរ និងបង្កើនជីវភាពរស់នៅ អោយបាន កាន់តែប្រសើរឡើង ជាងមុន។
- ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អ អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌
- បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្ត ស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបានកាន់តែ ល្អពណ្ណរាយឡើង។
សៀវភៅល្អៗ សម្រាប់យើងជ្រើសរើស យកមកអាន មានដូចជា ៖
- សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រម ច្បាប់អប់រំនានា សៀវភៅវប្បធម៌
- សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ្ដ ភូមិសាស្ត្រ វិទ្យាសាស្ត្រ
- សៀវភៅអំរប់សតិ ស្មារតី មានសៀវភៅធម៌ជំនួយសតិ សៀវភៅរៀនសមាធិ
- កាសែតពត៌មាន ដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃ នៅក្នុងសង្គម
ជំនួយគំនិតក្នុងការអាន ៖
- ម្ហូបអាហារជាចំណីបំប៉នរាងកាយ គំនិតប្រសើរទាំងឡាយ ជាចំណីបំប៉នសតិប្រាជ្ញារបស់មនុស្ស
- ការអានជាកូនសោរ បើកទ្វារ ឆ្ពោះទៅរកចំណេះដឹង ទូលំទូលាយទាំងឡាយ...
- សៀវភៅល្អ ជាគ្រូអាចារ្យ ដែលបង្រៀនយើង មួយនឹងមួយ យ៉ាងស្ងៀមស្ងាត់
- សៀវភៅល្អ គឺជាមិត្តល្អរបស់យើង នៅពេលយើងគ្មាននរណាទាំងអស់នៅក្នុងជីវិត
- សៀវភៅល្អ គឺជាអ្នកដឹកនាំ ឬជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្ត រុងរឿង។
សំណូមពរ ៖
បើអ្នកអានប្រាថ្នាស្វែងរក ភាពរីករាយកំសាន្ដ ពីការអានសៀវភៅវិញនោះ យើងគួរគប្បីជ្រើសរើស រកសៀវភៅ ណាដែលមាន លក្ខណៈសមរម្យ ក្នុងន័យកំសាន្ត កុំអោយរំលងឃ្លាឃ្លាត ពីវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌។ ព្រោះថា ការអានសៀវភៅ បែបកំប្លុកកំប្លែង បែបអាសអាភាស ពាសវាលពាសកាល នឹងនាំអោយ ខ្លួនយើង ទទួលនូវ ឥទ្ធិពលជីវិត ដែលខ្វះភាពថ្លៃថ្នូរប្រពៃ ជាទីបំផុត ប្រៀបបានដូចជាយើង សេពគប់មិត្តទាំងឡាយ ដែលប្រព្រឹត្តមិនប្រពៃក្នុងជីវិត ដូចគ្នាដែរ។
ធម្មតា រសជាតិនៃការស្រង់គំនិត និងចំណេះវិជ្ជា ពីការអានសៀវភៅប្រសើរៗ គឺជាចំណីបំប៉នអារម្មណ៍ របស់ យើង អោយកាន់តែមាន សុខុមាលភាពល្អ បំប៉នសតិយើង អោយកាន់តែភ្លឺស្វាង ក្នុងផ្លូវប្រពៃ សុចរិត គុណធម៌ និងសុវត្ថិភាព និងអោយកាន់តែមានប្រាជ្ញា ចេះដឹងទូលំទូលាយ មិនខុសឡើយ ពីម្ហូបចំណីអាហារ ដែលយើង ទទួលទាន សម្រាប់ទ្រទ្រង់រាងកាយ របស់យើងដូច្នោះដែរ។ បើបានទទួលចំណីល្អ (មានន័យថា សៀវភៅ ដែលមានរសជាតិ បណ្តុះសុខភាពនិងសតិប្រាជ្ញាល្អ) សុខភាពយើង ក៏បានលូតលាស់ដុះដាល ល្អប្រសើរ គ្មានជំងឺ គ្មានការរំខាន ក្នុងជីវិតឡើយ។ តែបើយើង ទទួលឥទ្ធិពល ពីចំណីពិសពុល ប្រកបដោយមេរោគ រំខានជីវិត វិញនោះ យើងក៏នឹងត្រូវរងនូវវិបត្តិ ក្នុងជីវិតរបស់ខ្លួន មិនខានដែរ។ ដូច្នេះ ក្នុងឋានៈ ជាមនុស្ស ដែល ត្រេកការចេះដឹង ត្រេកការកំសាន្តសប្បាយ ត្រេកសុខុមាលភាព នៃចិត្តនិងសតិប្រាជ្ញា យើងគប្បី រៀនជ្រើសរើស សៀវភៅ សម្រាប់យកមកសេព ជាគ្នា នៅក្នុងជីវិត។
No comments:
Post a Comment