Friday, March 11, 2011

រៀនចាំ និង រៀនយល់ តើមួយណាប្រសើរជាង? ធ្វើម៉េចទើបរៀនឆាប់ចាំបានល្អ?

Saksolyka Penh រៀនចាំ តែឆាបភ្លេចវិញណាស់ តើធ្វើម៉េចទៅ?
Chheng Uor Yi រៀនយល់ប្រសើរជាងរៀនចាំ ! បើយល់ហើយ ចាំក៏បានយូរដែរ។ ពេលណាយើងចង់ចាំឡើងវិញ សូមរំលឹក ឬអនុត្តតាមកិច្ចណែនាំនោះឲ្យញយៗទៅនឹងបានចាំយូរជាងមុនមិនខាន។
Chheng Uor Yi ជួនកាលការភ្លេចបណ្តាលមកពីរឿងនោះវែងៗពេក ឬពេលខ្លះមកពីការយល់របស់យើងមិនទាន់ដល់កម្រិតល្មម ឯអ្នកពន្យល់ទៀតសោតក៏ពន្យល់យើងមិនបានច្បាស់។ ការភ្លេចខ្លះបណ្តាលមកពីពេលយើងកំពុងរៀននោះមានអ្នកមករំខានយើងច្រើន ឬយើងមិនសូវយកចិត្តទុកដាក់រៀនដោយខ្លួនឯង ឬបណ្តាលមកពីសុខភាពរបស់យើងមិនសូវល្អ។ រឿងភ្លេចមួយទៀតមកពីយើងរៀនមិនបានកំនត់គោលដៅសិក្សាបានច្បាស់លាស់ ។ ពេលខ្លះភ្លេចបណ្តាលមកពីយើងមិនបានប្រើរបៀបរៀនមិនទាន់គ្រប់គ្រាន់។
Chheng Uor Yi រៀនគឺ ត្រូវធ្វើពេញមួយជីវិតរបស់យើង។ រៀន គឺត្រូវរៀនពីគ្រប់អ្វីៗទាំងអស់ដែលនៅជុំវិញយើង។ ដំណក់ទឹកតែបន្តិចៗ ស្រក់លើថ្ម យូរៗទៅ ក៏គង់នឹងអាចទំលុះថ្មបាន ឯអ្នករៀនដែលតែងតែខិតខំស្រវាស្រទេញរៀនសូត្រ គិត ស្រាវជ្រាវ សួរ ស្តាប់ បង្រៀន រៀន កត់ត្រា គ្រប់ពេលមិនដាច់ ក៏គង់នឹងធ្វើឲ្យលោកអ្នកបានចាំស្ទាត់មិនខាន។
Chheng Uor Yi ការអានក៏អាចជួយលោកអ្នកបានមួយផ្នែកធម៌ផងដែរក្នុងការជួយឲ្យចង់ចាំបានល្អផងដែរ។
សូមមេត្តាពិចារណានូវជម្រៅអត្ថបទមួយចំនួនដូចខាងក្រោម សង្ឃឹមថា នឹងអាចជួយជាពន្លឺបានខ្លះមិនខាន៖
កំណាព្យ
អង្គទាំងបួនរបស់អ្នកសិក្សា
( សុ ចិ បុ លិ )
បទភុជង្គលីលា
1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។
2. ខំរៀនវិជ្ជាគ្រប់មុខ តាមដោយទំនុក សុចិបុលិ។
3. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។
4. បុ សួរសំនួរងឿងឆ្ងល់ លិ កត់សំគាល់ ទុកជាក្បួនច្បាប់។
5. អ្នកណាប្រាសចាកអង្គមួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។
6. អ្នកណាត្រាប់អង្គបួនបានហើយ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។

ចិត្តំ ទន្តំ សុខំបរំ)៖ចិត្តដែលបានអប់រំហើយរមែងទទួលបានសេចក្តីសុខ។
ចំលងតាមក្បួនតម្រាខ្មែរ រៀបរៀងដោយ យី ឆេងអ៊ួ ហៅ ប៉េង
បណ្ណារក្ស រក្សាទុកឯកសារដោយ ឌឿន វណ្ណដេត
Chheng Uor Yi ចំរៀង យើងខ្មែរស្រលាញ់ការអាន
1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០ លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០
Chheng Uor Yi កំណាព្យ ប្រយោជន៍នៃការអាន
បទពាក្យប្រាំពីរ
1. អានច្រើនចេះច្រើនកើនវិជ្ជា អានរាល់ទិវាពិតប្រពៃ
វេលាចង្អៀតឆ្លៀតលកលៃ អានច្រើនប្រាជ្ញវៃមុតភ្លឺថ្លា។
2. អានច្រើនយល់ច្រើនកើនដំណឹង ទីដែលចង់ដឹងក្នុងចិន្តា
ទោះមិនដែលឃើញផ្ទាល់នេត្រា អានច្រើនកាលណាហាក់ទៅដល់។
3. អានច្រើនដឹងច្រើនកើនចំណេះ ជាយានពិសេសរត់លើថ្នល់
ស្រាយអាថ៌កំបាំងស្រាយចម្ងល់ ចំណោទកង្វល់អស់ព្រោះអាន។
4. អំណានជាផ្លូវនាំជីវិត រុងរឿងល្អពិតពុំប្រាសប្រាណ
ភោគផលពុំអាចកាត់ថ្លៃបាន បរវរក្សេមក្សាន្តប្រពៃពិត។
5. បណ្តាំដូនតាចាំណាពៅ ចូរយកសៀវភៅធ្វើជាមិត្ត
អានច្រើនចេះច្រើនកើនគំនិត វែងខ្លីឆ្ងាយជិតពិតស្មោះសរ។
6. ទោះក្រោមដំបូលរុក្ខជាតិ សំភីខ្មីឃ្មាតអានបន្ត
ស្តើងក្រាស់ចាស់ថ្មីនៅតែល្អ ភ័ក្រ្តស្រស់បវរចងចាំទុក។
ភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ ជីម វ៉ាតធីតា គ្រូភាសាខ្មែរ
Chheng Uor Yi កំណាព្យ អាន
បទពាក្យ ប្រាំពីរ
1. អានសៀវភៅឈ្នះអវិជ្ជា ឈ្នះគ្រប់វេលាគ្រប់ញាតិផៅ
បានអានស្រាយអស់ភាពហ្មងសៅ ដែលសល់ទុកនៅក្នុងចិន្តា។
2. បានអានសៀវភៅនាំសេរី ស្គាល់អស់ដែនដីក្នុងលោកា
កម្ពុជាអាមេរិកកាណាដា ខ្ពស់ស្មើវេហាឆាប់ទៅដល់។
3. បានអានសៀវភៅឆាប់ស្គាល់គ្នា ស្គាល់អស់ទេវតាគ្មានពិភាល់
មនុស្សសត្វក្នុងលោកស្រស់និមល ប្រេតទៀតគ្មានសល់ព្រោះសៀវភៅ។
4. បានអានសៀវភៅបាត់អផ្សុក អានច្រើនលះទុក្ខឲ្យអស់ទៅ
ចេះស្រាយបញ្ហាតាមសៀវភៅ ដឹងសុខទុក្ខចៅព្រោះបានអាន។
5. បានអានសៀវភៅដឹងប្រវត្តិ ពាក្យស្បែពាក្យស្បត់ពីបុរាណ
ដឹងកេរ្តិ៍មត៌កស្គាល់សន្តាន ដឹងភាពក្សេមក្សាន្តភាពអន្តរាយ។
6. បានអានលិខិតយល់សិល្ប៍សាស្ត្រ យល់វិជ្ជាច្បាស់ហ៊ានបរិយាយ
យល់ខាតចំណេញយល់ជិតឆ្ងាយ ចេះបញ្ចៀសឆ្ងាយពីពាលា។
7. បានអានសៀវភៅយល់ព្រះធម៌ យល់ដីសណ្តរយល់វិជ្ជា
យល់ធម៌សង្គ្រោះដល់ផងគ្នា យល់ច័ន្ទអង្គារ៍ពុធសុក្រសៅរ៍។
8. បានអានយល់ពីអក្សរសាស្ត្រ អានបានយល់ច្បាស់ឈប់ល្ងង់ខ្លៅ
បានអានយល់អស់ត្រជាក់ក្តៅ បានអានជួយចៅបានដេកលក់។
9. អានហើយអានទៀតអានកុំឈប់ អានរាល់ថ្ងៃយប់កុំទំនេរ
អានគ្រប់ទីក្រុងចំការស្រែ អានភាសាខ្មែរគំរួចៅ។
10. ខំអានអស់មាមីងពុកម៉ែ អាននៅក្រុងស្រែ ជៀសល្ងង់ខ្លៅ
អានច្រើនដើម្បីបានឆ្ពោះទៅ ប្រាជ្ញាឆ្អិនឆ្អៅខ្ពស់បវរ។
11. អានច្រើនដឹងច្រើនបាត់អផ្សុក អានច្រើនកើនសុខញាតិសាទរ
អានច្រើននាំមកការងារល្អ អាននាំអ៊ូអរគ្រប់ច្រកផ្លូវ។
12. អានច្រើនយល់ច្រើនសូមញាតិចាំ អានរាល់ខែឆ្នាំរាល់រដូវ
អានគ្រប់វេលាដែលសល់នៅ អានរហួតទៅថ្ងៃបរលោក។
ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស
Sek Soam
1. អានច្រើនកើនពិតនូវចំណេះ ចំណង់ចង់ចេះមិនដែលចប់ គតិជាស្ពានឈានប្រសព្វ កើតកាលកើនទ្រព្យសព្វវិជ្ជា។
2. អានច្រើនកើនគិតរឹតបញ្ញា យល់សព្វទិសានាមអ្នកជា មានបញ្ញាជនធនធានា កកើតច្រើនគ្នាជាតិរុងរឿង។
Sothea Yon
1. បើអានបានច្រើន ចំណេះចម្រើ កើនឡើងជាទ្វេរ យល់ដឹងហេតុការណ៍ ស្រុកទេសយើងគេ រកវិធីកែ
ដើម្បីអភិវឌ្ឍ។
Chheng Uor Yi សារៈប្រយោសារៈប្រយោជន៍នៃការអាន ដោយ លោក នភ ហង្ស ផលា
=====================================================================
សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានា បានចងក្រងឡើង ដើម្បីណែនាំមនុស្ស អោយបណ្តុះសតិប្រាជ្ញា និងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ការអានច្រើន អាចធ្វើអោយមនុស្ស ទាំងឡាយក្នុងសង្គម មានឱកាសបានទទួលនូវ គំនិតល្អៗជាច្រើន សម្រាប់ស្រង់យកមក គិតពិចារណា ហើយយកមកប្រើប្រាស់ ជាប្រយោជន៍ ដល់ការរស់នៅ របស់យើងគ្រប់ៗគ្នា ឆ្ពោះរកសេចក្ដីចម្រើន ភាពដុះដាល ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បី ប្រឹងព្យាយាម ជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បី បណ្ដុះប្រាជ្ញា របស់យើងម្នាក់ៗ ឆ្ពោះទៅរក កម្រិតឧត្ដម នៃសភាពជាមនុស្សដែលមានកត្តិនាម ថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។
យើងនាំគ្នាអានដើម្បី៖
- កំសាន្តសប្បាយ ពេលទំនេរ
- លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ ដែលកំពុងរំខាននៅក្នុងចិត្ត
- បង្កើនចំណេះដឹង ទូលំទូលាយ ក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរ និងបង្កើនជីវភាពរស់នៅ អោយបាន កាន់តែប្រសើរឡើង ជាងមុន។
- ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អ អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌
- បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្ត ស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបានកាន់តែ ល្អពណ្ណរាយឡើង។
សៀវភៅល្អៗ សម្រាប់យើងជ្រើសរើស យកមកអាន មានដូចជា ៖
- សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រម ច្បាប់អប់រំនានា សៀវភៅវប្បធម៌
- សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ្ដ ភូមិសាស្ត្រ វិទ្យាសាស្ត្រ
- សៀវភៅអំរប់សតិ ស្មារតី មានសៀវភៅធម៌ជំនួយសតិ សៀវភៅរៀនសមាធិ
- កាសែតពត៌មាន ដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃ នៅក្នុងសង្គម
ជំនួយគំនិតក្នុងការអាន ៖
- ម្ហូបអាហារជាចំណីបំប៉នរាងកាយ គំនិតប្រសើរទាំងឡាយ ជាចំណីបំប៉នសតិប្រាជ្ញារបស់មនុស្ស
- ការអានជាកូនសោរ បើកទ្វារ ឆ្ពោះទៅរកចំណេះដឹង ទូលំទូលាយទាំងឡាយ...
- សៀវភៅល្អ ជាគ្រូអាចារ្យ ដែលបង្រៀនយើង មួយនឹងមួយ យ៉ាងស្ងៀមស្ងាត់
- សៀវភៅល្អ គឺជាមិត្តល្អរបស់យើង នៅពេលយើងគ្មាននរណាទាំងអស់នៅក្នុងជីវិត
- សៀវភៅល្អ គឺជាអ្នកដឹកនាំ ឬជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្ត រុងរឿង។
សំណូមពរ ៖
បើអ្នកអានប្រាថ្នាស្វែងរក ភាពរីករាយកំសាន្ដ ពីការអានសៀវភៅវិញនោះ យើងគួរគប្បីជ្រើសរើស រកសៀវភៅ ណាដែលមាន លក្ខណៈសមរម្យ ក្នុងន័យកំសាន្ត កុំអោយរំលងឃ្លាឃ្លាត ពីវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌។ ព្រោះថា ការអានសៀវភៅ បែបកំប្លុកកំប្លែង បែបអាសអាភាស ពាសវាលពាសកាល នឹងនាំអោយ ខ្លួនយើង ទទួលនូវ ឥទ្ធិពលជីវិត ដែលខ្វះភាពថ្លៃថ្នូរប្រពៃ ជាទីបំផុត ប្រៀបបានដូចជាយើង សេពគប់មិត្តទាំងឡាយ ដែលប្រព្រឹត្តមិនប្រពៃក្នុងជីវិត ដូចគ្នាដែរ។
ធម្មតា រសជាតិនៃការស្រង់គំនិត និងចំណេះវិជ្ជា ពីការអានសៀវភៅប្រសើរៗ គឺជាចំណីបំប៉នអារម្មណ៍ របស់ យើង អោយកាន់តែមាន សុខុមាលភាពល្អ បំប៉នសតិយើង អោយកាន់តែភ្លឺស្វាង ក្នុងផ្លូវប្រពៃ សុចរិត គុណធម៌ និងសុវត្ថិភាព និងអោយកាន់តែមានប្រាជ្ញា ចេះដឹងទូលំទូលាយ មិនខុសឡើយ ពីម្ហូបចំណីអាហារ ដែលយើង ទទួលទាន សម្រាប់ទ្រទ្រង់រាងកាយ របស់យើងដូច្នោះដែរ។ បើបានទទួលចំណីល្អ (មានន័យថា សៀវភៅ ដែលមានរសជាតិ បណ្តុះសុខភាពនិងសតិប្រាជ្ញាល្អ) សុខភាពយើង ក៏បានលូតលាស់ដុះដាល ល្អប្រសើរ គ្មានជំងឺ គ្មានការរំខាន ក្នុងជីវិតឡើយ។ តែបើយើង ទទួលឥទ្ធិពល ពីចំណីពិសពុល ប្រកបដោយមេរោគ រំខានជីវិត វិញនោះ យើងក៏នឹងត្រូវរងនូវវិបត្តិ ក្នុងជីវិតរបស់ខ្លួន មិនខានដែរ។ ដូច្នេះ ក្នុងឋានៈ ជាមនុស្ស ដែល ត្រេកការចេះដឹង ត្រេកការកំសាន្តសប្បាយ ត្រេកសុខុមាលភាព នៃចិត្តនិងសតិប្រាជ្ញា យើងគប្បី រៀនជ្រើសរើស សៀវភៅ សម្រាប់យកមកសេព ជាគ្នា នៅក្នុងជីវិត។
Chheng Uor Yi កម្រងជីវិត របស់ អ្នកប្រាជ្ញ ហ្រ្វង់ស្វ័រ អារ៉ាហ្គោ (ចំណូលចិត្តអានសៀវភៅ)(១៧៨៦-១៨៥៣)
ហ្រ្វង់ស្វ័រ អារ៉ាហ្គោ ជាអ្នកគណិតសាស្រ្ត និងជាអ្នករូបវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសបារាំង។ កាលអាយុ ១៧ឆ្នាំ អារ៉ាហ្គោ បានទទួលបានលេខ១ក្នុងការប្រលង ចូលសកលវិទ្យាល័យជាន់ខ្ពស់ ដែលជាមហាវិទ្យាល័យបច្ចេកទេសមួយដ៏ល្បីឈ្មោះ ធ្លាប់បានបណ្តុះបណ្តាលអ្នកប្រាជ្ញដ៏ឆ្នើមជាច្រើនរូបមកហើយ សំរាប់ប្រទេសបារាំង។
ពេលប្រលងចេញពីមហាវិទ្យាល័យ លោកត្រូវបានតែងតាំងអោយធ្វើជាជំនួយការអោយលោក ប៊ីណេ ហើយត្រូវបានអោយចូលរួមក្នុងសកម្មភាពវាស់វែងខ្សែរវ័ណ្ឌផែនដី។បន្ទាប់មក លោកត្រូវបានបោះឆ្នោតជ្រើសចូលជាសមាជិកបណ្ឌិតសភាបារាំង ជាសាស្រ្តាចារ្យសកលវិទ្យាល័យជាន់ខ្ពស់ និងជានាយកស្ថានីយតារាសាស្រ្ត។
អារ៉ាហ្គោបង្កើតស្នាដៃជាច្រើន រួមវិភាគទានក្នុងវិទ្យាសាស្រ្តហើយលោកបានដាក់ចេញជាដំបូង បង្អស់នូវទ្រឹស្តីបទរលក និងទ្រឹស្តីបទចំណាំងប៊ែរ ទ្រឹស្តីបទស្តីពីចរន្តអាំងឌុចស្សុង Induction ។
មិនចាំបាច់ចាំដល់១០ឆ្នាំ ទេ!
តាំងពីនៅតូច កុមារអារ៉ាហ្គោ បានបង្ហាឲ្យឃើញនូវស្មារតីខ្លួនទីពឹងខ្លួននិងទឹកចិត្តប្តេជ្ញាពុះពារ គ្រប់ឧបសគ្គ។
អាយុ១២ឆ្នាំមានម្តងនោះអារ៉ាហ្គោបានរកឃើញសៀវភៅមួយក្នុងគំនរសៀវភៅចាស់ៗរបស់ខ្លួន។កុមារទាញយកមក មើលហើយជាការធម្មតាគឺមិនយល់អ្វីទាល់តែសោះ។កុមារក៏យកទៅសួរឪពុក។ឪពុកអារ៉ាហ្គោបើកពីរ-បីទំព័ររួចគ្រវីក្បាលៈ
ទេ! សៀវភៅនេះ កូនអានឥលូវមិនទាន់បានទេ។ចាំបួនដប់ឆ្នាំទៀតសិនណា៎។
រឿងនេះកន្លងផុតទៅ។ស្រាប់តែថ្ងៃមួយ ឪពុកឃើញកូនកាន់របស់មួយនៅនឹងដៃៈ
ស្អីហ្នឹង អារ៉ាហ្គោ?
បាទ...”បំពង់ឆ្លុះ” ដែលកូនធ្វើដោយខ្លួនឯង។
ទុកធ្វើអី?
ទុកគូរផែនទីទីក្រុង...
ការពិតសៀវភៅកាលពីថ្ងៃមុននោះ បានណែនាំបញ្ហាភូមិសាស្រ្តដ៏លំបាកស្មុគស្មាញ។អារ៉ាហ្គោល បានអានបណ្តាវិធីវាស់ដែលចែងក្នុងនោះ រួចខំធ្វើ ឧបករណ៍ដោយខ្លួនឯង ដើម្បីគូរផែនទីទីក្រុង។
ជំហានកំណត់សំរេច
កាលពីនៅតូច ថ្ងៃមួយនោះ នៅតាមផ្លូវ កុមារអារ៉ាហ្គោបានជួបនាយទាហានម្នាក់កំពុងដោះកាំភ្លើងត្បាល់ ដើម្បីជួសជុល។អារ៉ាហ្គោចាត់ទុកនេះជាការចំឡែកណាស់។
ពូអើយ ពូជាអ្នកណា?
ពូជានាយទាហានអង្គភាពទ័ពជាងណា៎ ក្មួយ!
ធ្វើយ៉ាងម៉េចទៅ ទើបខ្ញុំបានក្លាយទៅជានាយទាហានអង្គភាពទ័ព ដូចពូទៅន៎?
អូ៎ ត្រូវតែរៀនសូត្រចប់សកលវិទ្យាល័យ។
ចុះសកលវិទ្យាល័យគឺជាអ្វីទៅ?
នាយទាហានក៏ផ្ទុះសំណើចៈ
ឆ្លើយសំនួរមួយនេះ ចំពោះក្មួយឯងពិតជាពិបាកណាស់! ល្អបំផុតក្មួយឯងគួរតែទៅរកមើល នៅបណ្ណាល័យឃុំ នោះនឹងមានតារាងណែនាំអំពីសកលវិទ្យាល័យហើយ!...
មិនអោយខាតពេលសូម្បីមួយនាទី អារ៉ាហ្គោរត់យ៉ាងលឿនទៅកាន់បណ្ណាល័យរកមើល តារាងដែលណែនាំពីសកលវិទ្យាល័យ។
ពិតមែន នៅក្នុងតារាងនោះបាននិយាយច្បាស់លាស់ពីគោលបំណងបណ្តុះបណ្តាល ពីកម្មវិធី ពីររបៀបសុំប្រឡងចូលសកលវិទ្យាល័យ. . . កុមារយើងក៏ចូលចិត្តមួយរំពេច ហើយប្តេជ្ញាចិត្តត្រូវតែ ប្រលងចូលសកលវិទ្យាល័យនេះ។ កុមារអារ៉ាហ្គោបានជួបប្រទះសៀវភៅពិជគណិត រួចប្រឹងអាន ហើយស្វែងយល់ដោយខ្លួនឯង។កន្លែងខ្លះដែលមិនយល់ អារ៉ាហ្គោក៏ប្រឹងយកទៅសួរបងប្អូនម្នាក់ដែល នៅឆ្ងាយ។មួយឆ្នាំកន្លះបានកន្លងផុតទៅអាស្រ័យដោយការតស៊ូព្យាយាមរៀនដោយខ្លួនឯង ប្អូនយុវសិស្សវិទ្យាល័យ អារ៉ាហ្គោបានត្រៀមខ្លួនយ៉ាងគ្រប់គ្រាន់នូវចំនេះដឹងសំរាប់ប្រលងចូលសកលវិទ្យាល័យ។
គន្លឹះសំរាប់ប្រែក្លាយទៅជាឆ្លាតវាងវៃ
នៅពេលត្រៀមប្រឡងចូលសកលវិទ្យាល័យ អារ៉ាហ្គោ បានប្រឡូកតែម្នាក់ឯងជាមួយនឹងបណ្តា សៀវភៅពិជគណិត។ពីព្រោះនៅក្នុងភូមិដ៏ឆ្ងាយដាច់ស្រយាលនៃភូមិកំណើត គ្មាននរណាម្នាក់មាន សម្ថភាពគ្រប់គ្រាន់ ដើម្បីជួយណែនាំ ដល់កុមារដែលស្រឡាញ់ការសិក្សានេះឡើយ។
ថ្ងៃមួយនោះអារ៉ាហ្គោបានរកឃើញសៀវភៅរបស់ឡាក្រង់ ដែលជាអ្នកគណិតសាស្រ្តដ៏ល្បីល្បាញ របស់ប្រទេសបារាំងនាជំនាន់នោះ។
អារាហ្គោ ចាប់ផ្តើមអានភ្លាមពីទំព័រដំបូងរហូតដល់ចប់ ហើយមិនយល់អ្វីទាល់តែសោះ។កុមារក៏រត់ ទៅរកបងជីដូនមួយ រៃណង់ ដែលជាអ្នកចូលចិត្តពិជគណិតដែរនោះ ដោយត្អូញត្អែរថាៈ
ខួរក្បាលប្អូនឆោតល្ងង់ពេក!ធ្វើយ៉ាងណាទើបឆ្លាតវៀងវៃបាន?
បងជីដូនមួយញញឹមហើយតបថាៈ
ខ្ញុំមានបទពិសោធមួយ។បើសិនជាអានលើកដំបូងមិនយល់ត្រូវតែអានសារឡើងវិញអោយ បានម៉ត់ចត់។អានលើកទី២មិនយល់ត្រូវអានលើទី៣បន្តទៀត។
អារ៉ាហ្គោចាត់ទុកបទពិសោធន៍នេះជាការត្រឹមត្រូវ។ជាការពិតការអានលើកទី៣ អារ៉ាហ្គោកត់សំគាល់ឃើញថារាល់បញ្ហាចាក់ស្រេះត្រូវបានស្រាយចេញអស់។
ថ្ងៃក្រោយមក អ្នកគណិតសាស្រ្តយើងតែងរៀបរាប់ករណីរបស់ខ្លួនប្រាប់សិស្សទាំងឡាយហើយ ធ្វើការសន្និដ្ឋានថាៈ
• មនុស្សមិនមែនងាយបានទទួលបញ្ញាពីកំណើតមកទេ។តែគេអាចក្លាយជាមនុស្សឆ្លាតបាន ដោយការប្តេជ្ញាចិត្ត។
ទេព្យកោសល្យ ឬ ក៏ការប៉ិនប្រសប់
នៅពេលប្រលងចេញពីសាលា អារ៉ាហ្គោបានជួបលោកសាស្រ្តាចារ្យឡឺក្រង់ក្នុងសម័យ ប្រលងសំណួរ និង ចំលើយ។ឡឺក្រង់ ល្បីឈ្មោះថាជាអ្នកមានចរិកពិបាកហើយងាយច្រលោត
ចំពោះរឿងរ៉ាវនានា។មុនពេលចូលបន្ទប់ប្រឡង មិត្តភក្តិទាំងអស់បានខ្សិបប្រាប់អារ៉ាហ្គោៈ
ប្រយ័ត្នណា៎!កុំធ្វើឲ្យលោកតាគាត់ច្រលោតឮទេ!
មិត្តយុវជនពោរពេញដោយក្តីសង្ឃឹម បានឈានចូលក្នុងបន្ទប់ប្រឡង។ប្រហែលជា មកពីឥរិយាបថរបស់អារ៉ាហ្គោ ទើបធ្វើឲ្យលោកសាស្រ្តាចារ្យមិនពេញចិត្ត គាត់ក៏សួរដោយ សំលេងម៉ឺងម៉ាត់ៈ
បងឯងជាជនជាតិអ៊ីតាលីឫ?
ជំរាបលោកសាស្រ្តាចារ្យមិនមែនទេ ខ្ញុំជាជនជាតិបារាំង។
ម៉េចក៏អញ្ចឹង? ភាសាជនជាតិបារាំងគ្មានឈ្មោះ អារ៉ាហ្គោទេ?
ជំរាបលោកសាស្រ្តាចារ្យមានដែរតើបាទ។ភស្តុតាងគឺខ្ញុំជាជនជាតិបារាំង
លោកសាស្រ្តាចារ្យចាស់យើង ក៏ខឹងច្រលោត។គាត់សួរអារ៉ាហ្គោដល់ទៅ២ម៉ោង ដោយសួរចូលជ្រៅក្នុងបញ្ហាល្បិចជាច្រើន។ អារ៉ាហ្គោ ឆ្លើយតបវិញយ៉ាងល្អប្រសើរ។
នាទីចុងក្រោយគាត់ចេញលំហាត់ពិជគណិតមួយឲ្យយុវសិស្សរឹងក្បាលនេះ។
ជំរាបប្រសាសន៍លោកសាស្រ្តាចារ្យ. . .
ម៉េច?បងឯងធ្វើមិនបានទេឬ?
បាទ ធ្វើបាន ព្រោះលំហាត់នេះចំពោះខ្ញុំវាស្រួលពេក សុំលោកសាស្រ្តាចារ្យចេញ លំហាត់មួយផ្សេង ពិបាកជាងនេះបានទេបាទ!
លោកសាស្ត្រាចារ្យសំលឹងមុខអារ៉ាហ្គោមួយនាទី សំដែងនូវភាពងឿងឆ្ងល់ ហើយបានដាក់លក្ខខ័ណ្ឌមួយទៀតអោយលំហាត់នោះ។ អារ៉ាហ្គោ នៅតែស្រាយបំភ្លឺបានយ៉ាងល្អ ញ៉ាំងអោយលោកសាស្រ្តាចារ្យមានចរិតពិបាកនេះ ត្រូវតែសរសើរចំពោះអារ៉ាហ្គោ។
ក្រោយមក គឺឡាក្រង់ បានរៀបរាប់រឿងនេះហើយនិយាយថាៈ
ខ្ញុំកោតសរសើរ និងចាប់ផ្តើមគោរពអារ៉ាហ្គោ តាំងពីពេលនោះមក។
យុវជនយើងបង្ហាញអោយឃើញនូវការជឿជាក់លើខ្លួនឯង ហើយចង់ឆ្លងកាត់សម័យប្រឡងដោយសមត្ថភាពខ្លួនឯងពុំមែនដោយការប៉ិនប្រសប់ឡើយ។

Chheng Uor Yi បណ្តុះប្រាជ្ញាប្រសិទ្ធ ដោយការអានសៀវភៅ ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍
=====================================================================
អ្វីទៅដែលហៅថា ប្រាជ្ញាប្រសិទ្ធ?
ប្រាជ្ញាប្រសិទ្ធ គឹជាមូលដ្ឋាននៃគំនិតទាំងឡាយរបស់មនុស្ស ដែលកើតឡើង ដោយការសិក្សារៀនសូត្រ ក្នុងជិវិត រៀងរាល់ថ្ងៃ។ ចំណែកប្រភពនៃការសិក្សារៀនសូត្រទៀតសោត ក៏មានច្រើនប្រភេទដែរ ដូចជា ការអប់រំប្រៀនប្រដៅ ពីឪពុកម្តាយតាំងពីតូចរហូតមក ការសិក្សាទូទៅនៅក្នុងសាលារៀន ការអប់រំនៅតាមវត្តអារាម ការអប់រំហ្វឹកហ្វឹននៅ ក្នុងការងារ ការហ្វឹកហ្វឺននៅក្នុងមុខរបរវិជ្ជាជីវៈ តាមការសេពគប់មិត្តភក្តិឬអ្នកជិតខាង ការស្តាប់វិទ្យុ ការតាមដាន កម្មវិធីនៅលើទូរទស្សន៍ ឬ ការអានសំណេរផ្សេងៗដូចជាកាសែតសារពត៌មាន ទស្សនាវដ្តី ប្រលោមលោក កំណាព្យ ចម្រៀង ជាដើម។ល។
ប្រាជ្ញាប្រសិទ្ធ អាចនាំអោយមនុស្ស ឆ្លុះបញ្ចាំងឃើញនូវ មធ្យោបាយប្លែកៗសម្រាប់ដោះស្រាយជីវភាព ប្រចាំថ្ងៃផង ដោះស្រាយឧត្តមគតិផ្សេងៗនៅក្នុងការសិក្សានៅសាលាផង ដោះស្រាយវិបត្តិធំៗនៅក្នុងជីវិតដទៃទៀត នៅគ្រា អន់ក្រ ដោយវិធីសាស្ត្រយ៉ាងប៉ិនប្រសប់។ ឧទាហរណ៍ដូចជា ពេលយើងជីកដំឡូងបាន ម្តាយយើងធ្លាប់បង្រៀន អោយស្ងោរ ចំហុយ ឬដុតអោយឆ្អិន មុននឹងបរិភោគ។ លុះយើងជួបអ្នកជិតខាង គេឈូសដំឡូងហើយលាយស្ករ ខ្ទិះដូង កូរហើយដុត ក៏កើតជានំថ្មីយ៉ាងឆ្ងាញ់ មួយបែបទៀត។ ក្រោយមក យើងចូលរៀនសាលា អ្នកគ្រូខាង វិជ្ជាមេផ្ទះ បានបង្រៀនអំពីឧស្សាហកម្មធ្វើម្សៅដំឡូងមី លក់អោយអតិថិជន ប្រើប្រាស់ក្នុងការចំអិនអាហារចំអិននំ បែបផ្សេងៗទៀត ដើម្បីដាក់លក់នៅក្នុងផ្សារ។ មកដល់ពេលនោះ យើងក៏បានស្គាល់វិធីកែឆ្នៃដំឡូង ច្រើនបែប ច្រើនយ៉ាង សម្រាប់បម្រើសេចក្តីត្រូវការក្នុងជីវិត។ ថ្ងៃមួយ យើងចង់ប្រកបរបរវិជ្ជាជីវៈជាអ្នកបើកហាងលក់នំ។ ពេលនោះ ការរៀនចេះដឹងទាំងឡាយ បាននាំអោយយើងចេះគិត ចេះបំបែកការចេះដឹងទាំងឡាយនោះ ដើម្បីរកមធ្យោបាយ ដោះស្រាយ នៅក្នុងការទាក់ទងរោងចក្រ ទិញម្សៅមី ទិញប្រដាប់ធ្វើនំ ស្គាល់ពីរបៀបធ្វើនំ រួចហើយ ប្រាជ្ញាក៏ជួយអោយយើងចេះផលិតកែឆ្នៃការដុតនំ ទៅតាមទេពកោសល្យរបស់យើង ថ្មីៗទៀត ដែលយើងទើប បង្កើតខ្លួនយើង អោយកើតជានំប្លែកៗ ខុសពីនំដែលអ្នកផងធ្លាប់បរិភោគពីមុនៗមក ព្រមទាំងមានរសជាតិឆ្ងាញ់ មានក្បាច់ឆ្លាក់នំស្អាតៗ គួរជាទីទាក់ទាញអារម្មណ៍នៃអ្នកផង។ល។ ដោយសារប្រាជ្ញាប្រសិទ្ធ យើងក៏បានបើក ហាងនំ ដែលមានឈ្មោះល្បីល្បាញ ឆ្ងាញ់ ហើយមានតម្លៃសមគួរ គួរជាទីពេញចិត្ត របស់អតិថិជនទាំងឡាយ។ នោះហើយជាប្រសិទ្ធភាពប្រសើរនៃប្រាជ្ញា។
អំពីវិញ្ញាសាវិញ្ញាណ១០៖
១/ រូបវិញ្ញាណ គឺការទទួលដឹងតាមរយៈកាយខាងក្រៅ មានដូចជា ចក្ខុវិញ្ញាណ (ការដឹងតាមរយៈភ្នែក មើលឃើញ) សោតវិញ្ញាណ (ការដឹងតាមរយៈត្រចៀក ស្តាប់ឮ) ឃានវិញ្ញាណ (ការដឹងតាមរយៈច្រមុះ ស្គាល់ក្លិន) ជីវហាវិញ្ញាណ (ការដឹងតាមរយៈអណ្តាត ស្គាល់រសជាតិ) និងកាយវិញ្ញាណ (ការដឹងតាម រយៈស្បែក ដឹងត្រជាក់ក្តៅ រឹងទន់ រលោង ឬគគ្រាត) ។ល។
២/ អរូបវិញ្ញាណ គឹការដឹងដោយកាយខាងក្នុង មានដូចជា ព្រលឹងវិញ្ញាណ តុលាវិញ្ញាណ ចិត្តវិញ្ញាណសតិវិញ្ញាណ និងប្រាជ្ញាវិញ្ញាណ។
ក/ ព្រលឹងវិញ្ញាណ ជាវិញ្ញាណមួយជួយអោយយើងបានដឹងថា យើងកំពុងមានជីវិត។ បើអត់ព្រលឹង រូបកាយយើងនឹងក្លាយជាអង្កត់ឧិស អាសារឥតការ។ ព្រលឹងជួយមនុស្សអោយចេះញែកជីវិត រវាងពិភពពីរ ដាច់ផ្សេងពីគ្នាគឺ ពិភពនៃជីវិតពិត និងពិភពនៃក្តីស្រម័យ មានដូចជា យល់សប្តិ ប្រផ្នូល ស្រមើស្រមៃ ភ្លឹក ការមើលឃើញស្រមោលនៅក្នុងអារម្មណ៍របស់យើងជាដើម។ ពិភពនៃជីវិតពិត គឺអ្វីដែលមនុស្សអាចមើល ឃើញ ប្រទះជួប មានវត្តមាន ឬភស្តុតាងជាក់លាក់ អាចអោយយើងញែកចាប់បាន គ្រប់មនុស្សទាំងអស់ មិនរំលង។ តែពិភពនៃក្តីស្រម័យ កើតឡើងនៅពេលមនុស្ស ខ្លាច តក់ស្លុត ភ័យ បារម្ភ ព្រួយ (ខ្លាចខ្មោច ខ្លាចវិញ្ញាណតាមធ្វើបាប...) ពេលគេប៉ុនប៉ងចង់ធ្វើអ្វីមួយ ឬរំពឹងរំពៃចង់បានអ្វីមួយ (ស្រមៃឃើញខ្លួនគេ សង់ផ្ទះថ្មីស្អាតមួយខ្នង, ស្រមៃបានរៀបការនឹងស្រីសោភា មុខមាត់យ៉ាងនេះយ៉ាងនោះ...) ពេលគេនឹក អាល័យដល់នរណាម្នាក់ឬដល់សង្គមណាមួយ ពេលមនុស្សពិភាល់ក្នុងចិត្ត ពេលគេគេងមិនឆ្អែត សម្រាក ខួរក្បាល មិនគ្រប់គ្រាន់ ជាដើម។
ខ/ តុលាវិញ្ញាណ នាំអោយយើងទទួលអារម្មណ៍ អំពីចលនា ល្បឿន និងទំនាញផែនដី ទៅលើខ្លួនរបស់ យើង។ អ្នកដែលចេះប្រើតុលាវិញ្ញាណបានប្រសិទ្ធ គឺដោយការហ្វឹកហ្វឺនខ្លួនជាមួយចលនា ប្រឆាំងនឹង ទំនាញរបស់ផែនដី ដូចជាការជិះទោងខ្ពស់ៗ ការលោតបង្វិលខ្លួនដាំដូង ការជិះគ្រឿងចក្រនៅសួនកំសាន្ត ជាដើម នោះពួកគេមិនចេះពុលរលក ឬពុលអាកាស ពេលជិះយាន ធ្វើដំណើរ ផ្លូវគោក ផ្លូវទឹក ឬអាកាស។
គ/ ចិត្តវិញ្ញាណ មានពីរបែប គឺចិត្តទំនើង ជាចិត្តដែល មានសេរីភាពហួសហេតុ ដូចជា ការស្រើបស្រាល ត្រេកអរ រំភើប ចំណង់ ប្រាថ្នា លោភ ត្រេកត្រអាល ជាដើម និងចិត្តដែលត្រូវទទួលការកៀបសង្កត់ ដូចជា ខឹង មួម៉ៅ គុំគួន ស្អប់ ប្រទុស្ត ឈឺចាប់ ខ្ជិល អផ្សុក ជាដើម។ មុននឹងអាចរក្សាចិត្តអោយមានលំនឹង មិនលំអៀងខ្លាំងទៅខាងណាមួយ យើងត្រូវការប្រសិទ្ធភាពនៃសតិវិញ្ញាណ ជាវិញ្ញាណទី៩។
ឃ/ សតិវិញ្ញាណ ជួយអោយយើង ចេះថ្លឹងថ្លែងហេតុផល ខុសនិងត្រូវ ល្អអាក្រក់ សុចរិតទុច្ចរិត ជាដើម ដើម្បីកុំអោយយើងមានដំណើរជីវិត ក្រោមការកៀបសង្កត់របស់ ភាពពុះកញ្ជ្រោលនៃអារម្មណ៍ (ចិត្ត)។
ង/ ប្រាជ្ញាវិញ្ញាណ គឺជាវិញ្ញាណដ៏ប្រសិទ្ធបំផុត ក្នុងចំណោមវិញ្ញាណទាំងដប់ ក្នុងការជួយអោយយើង បណ្តុះបណ្តាលសមត្ថភាព ទេពកោសល្យជំនាញៗ ទាំងគំនិត ទាំងវិជ្ជាសិក្សា និង វិជ្ជាជីវៈ ដើម្បីនាំជីវិត ឆ្ពោះទៅរកភាពភ្លឺស្វាង ជោគជ័យធំធេង សុខសប្បាយ ហើយរីកចម្រើន។
តើការអានមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដើម្បីបណ្តុះប្រាជ្ញាប្រសិទ្ធិ?
ប្រភពដែលមានប្រសិទ្ធភាព ជាងគេបំផុត នៅក្នុងការបណ្តុះ អនុភាពនៃប្រាជ្ញាប្រសិទ្ធ គឺការអានសៀវភៅ ព្រោះថា ភ្នែកជាប្រភពទីមួយ ដែលនាំមនុស្សអោយស្គាល់អ្វីទាំងឡាយ មុនគេបង្អស់។ ការមើលឃើញដោយភ្នែក ធ្វើអោយ យើងចេះចំណាំ ហើយការចំណាំធ្វើអោយយើងស្គាល់ដឹងច្រើន ជាទីបំផុត។ ការស្តាប់ឮ មិនសូវមានអនុភាពស្មើនឹង ការឃើញដោយផ្ទាល់ភ្នែកឡើយ ដូចពាក្យចាស់លោកប្រដៅថា ការឮមួយពាន់ដង មិនមានប្រសិទ្ធភាពស្មើនឹងការ ឃើញនឹងភ្នែកមួយដងឡើយ។ ប៉ុន្តែការឃើញដោយភ្នែកមានច្រើនយ៉ាង ដូចជាការឃើញទង្វើរបស់ឪពុកម្តាយ យើងក៏រៀនអនុវត្តន៍តាម។ ការឃើញទង្វើបង្ហាត់របស់គ្រូរបាំ យើងក៏ហ្វឹកហ្វឺនតាម យូរទៅក៏ចេះរាំដូចគ្រូបង្ហាត់របាំ នោះដែរ។ ប៉ុន្តែ ការស្រង់យកវិធីបណ្តុះជំនាញដោយមានគ្រូហ្វឹកហ្វឺន ជាវិធីដែលពិបាករកពេលជួបជុំគ្នា ដើម្បីហ្វឹក ហ្វឺន។ ជួនកាល លោកគ្រូមានជំនាញ មានគំនិត មានប្រាជ្ញា មានទេពកោសល្យល្អៗហើយ តែដោយលោករស់នៅ ឆ្ងាយ មិនអាចមកបង្រៀនបានដោយផ្ទាល់ តើយើងត្រូវធ្វើដូចម្តេច? ចំពោះអ្នកប្រាជ្ញដែលជាគ្រូបាអាចារ្យ រមែង សរសេរចងក្រងសៀវភៅជាតម្រា សម្រាប់បង្រៀនណែនាំសិស្ស ដែលនៅឆ្ងាយទៅមិនដល់។ ជួនកាល វិធីសាស្ត្រ សិក្សា និងវិជ្ជាដែលត្រូវបង្រៀន ហ្វឹកហ្វឺននោះ មានច្រើនហួសបរិមាណ នឹងបង្រៀនមួយថ្ងៃ ពីរថ្ងៃ ឬ មួយខែពីរខែ មិនគ្រប់គ្រាន់។ ដូច្នោះហើយ លោកអ្នកប្រាជ្ញក៏ចងក្រងសៀវភៅសិក្សាទាំងនេះឡើង ដើម្បីអោយសិស្ស ដែលនៅ ឆ្ងាយៗពុំមានពេលអង្គុយក្នុងថ្នាក់សម្រាប់រៀនបាន អាចយកតម្រានោះទៅសិក្សាស្ងៀមស្ងាត់ នៅផ្ទះរៀងៗខ្លួន ឬនៅទីណាដែលគ្រូពិបាកនឹងទៅជួយបង្រៀន ទៅតាមចំនួនពេលវេលាខែឆ្នាំ ដែលសិស្សអាចឆ្លៀតពេល រៀនបាន ដោយខ្លួនឯង។ ចំណែកការអានសៀវភៅទៀតសោត យើងក៏ប្រើភ្នែក បើកឃើញតួអក្សរហើយ ក៏ប្រឹងអានអោយ ដាច់ អោយយល់អត្ថន័យ ប៉ុន្តែបើអានមិនដាច់ យើងក៏ងើបស្វែងរកមធ្យោបាយ បកស្រាយពាក្យទាំងនោះអោយ យើងបានយល់ច្បាស់ នូវចំណេះវិជ្ជាដែលផ្តោតជាប់នៅក្នុងសៀវភៅទាំងនោះ។
នៅពេលយើងអានទៀតសោត ភ្នែកយើងមើលឃើញត្រឹមតួអក្សរ តែមិនឃើញរូបសោះ។ នៅពេលនោះហើយ ដែលយើងត្រូវប្រើវិញ្ញាណទី៦ (ព្រលឹងវិញ្ញាណ) អោយជួយបណ្តុះរូបភាព នៅក្នុងអារម្មណ៍របស់យើង ឧទាហរណ៍ យើងអានសៀវភៅអំពីសំណង់ភូមិគ្រិះ។ សៀវភៅបានណែនាំផ្ទះគម្រូមួយ មានរានហាលខាងមុខ មានជណ្តើរនៅ ចំហៀងផ្ទះ មានដំបូលក្បឿង ក្រហម មានសសរ១៦ដើម មានផ្ទះបាយពីខាងក្រោយ មានដាំសួនផ្កានៅជុំវិញផ្ទះ មានរបងដើមផ្ការំយោលជាជួរ។ វិញ្ញាណទី៦អាចនាំអោយយើង បង្ករូបភាពរបស់ភូមិគ្រិះនោះ នៅក្នុងអារម្មណ៍ ទៅតាមកម្រិតប្រាជ្ញារបស់យើង ថាតើផ្ទះនោះ មានសណ្ឋានយ៉ាងម៉េច ស្អាតយ៉ាងម៉េច រមណីយ៍យ៉ាងម៉េចខ្លះ តាម ដែលយើងអាចលៃលកបញ្ចេញរូបនោះ មកក្នុងអារម្មណ៍របស់យើងបាន។ ក្រោយមក យើងប្រើប្រាជ្ញា ក្នុងការគូររូប ដែលមាននៅក្នុងអារម្មណ៍យើងនោះ ចេញមកលើសន្លឹកក្រដាស ហើយក៏ផាត់ពណ៌ខាត់កែឆ្នៃក្បាច់សង់តាក់តែង ភូមិគ្រិះមួយនោះអោយល្អ ទៅតាមលក្ខណៈដែល យើងចូលចិត្តចង់អោយក្លាយជារូបរាងផ្ទះដ៏ស្អាតសោភា។ បន្ទាប់ មក យើងក៏ប្រើប្រាជ្ញាប្រដេញបន្ថែមទៀតក្នុងការស្វែងវិធីសង់ភូមិគ្រិះនោះនៅលើដីភូមិ អោយក្លាយជាភូមិគ្រិះដ៏ មានសោភណ័ស្រស់ស្អាត ហើយមានតម្លៃប្រសើរ នៅក្នុងទីផ្សារ។
ដូច្នេះ នៅពេលណាដែលយើងបានអានច្រើន យើងក៏បានយល់ដឹងច្រើន ហើយក៏បណ្តុះរូបភាពនៅក្នុងអារម្មណ៍ របស់យើងក៏ច្រើនដូចគ្នាដែរ។ បើយើងរៀនកាត់ដេរ យើងនឹងកកើនរូបភាពនៅក្នុងអារម្មណ៍ អំពីម៉ូដខោអាវដែល ត្រូវកាត់ដេរ។ បើយើងសិក្សាអំពីកុំព្យូទ័រ យើងនឹងស្រមៃឃើញរូបភាពនៃការបង្កើតប្រពន្ធ័គេហ៍ទំព័រថ្មីៗបែបផ្សេងៗ តាមដែលប្រាជ្ញាយើងជួយបណ្តុះបាន។ ក្រោយមកទៀត ទើបយើងយកការចេះដឹងនោះ ទៅអនុវត្តន៍ការងារ នៅ ក្នុងជីវិត ដើម្បីបញ្ចេញក្តីស្រមៃនិងការចេះដឹងទាំងឡាយនៅក្នុងខ្លួន អោយក្លាយជាស្នាដៃពិតដ៏ប្រសើររបស់យើង។ រួមសេចក្តីមក សៀវភៅគឺជាគ្រូបណ្តុះប្រាជ្ញានិងសិល្ប៍វិធីផ្សេងៗ ដែលជាមូលដ្ឋាន ជួយអោយយើងយកទៅបំបែក ជំនាញនានា តាមលក្ខណៈផ្សេងៗប្លែកៗ ដោយការប៉ិនប្រសប់ របស់អ្នកអាននិមួយៗរៀងៗខ្លួន ដើម្បីបម្រើសេចក្តី ត្រូវការនៅក្នុងជីវិត អោយបានរីកចម្រើនរុងរឿង ហើយជោគជ័យ។
ម៉្យាងវិញទៀត សៀវភៅគឺជាគ្រូបង្រៀនដែលស្ងាត់ស្ងៀមបំផុត មិនចេះបន្ទោស មិនចេះរអ៊ូ មិនចេះមាក់ងាយ ប្រមាថ មានតែបណ្តុះស្មារតីអោយយើងកាន់តែឆ្លៀវឆ្លាត មានការអត់ធ្មត់ជាងមុន មានអារម្មណ៍ ស្ងប់ស្ងៀមជាងមុន ហើយនៅពេលយើងគ្មានញាតិមិត្តណាទាំងអស់ជុំវិញខ្លួន សៀវភៅគឺជាមិត្តដ៏ប្រសើរ សម្រាប់ជួយលួងលោមចិត្ត របស់យើង អោយក្សេមក្សាន្ត ចាកឆ្ងាយទុកកង្វល់ទាំងឡាយ។
តើយើងគប្បីជ្រើសសៀវភៅបែបណាដើម្បីអាន?
សៀវភៅបោះពុម្ពសម្រាប់លក់នៅក្នុងទីផ្សារមានច្រើនប្រភេទណាស់។ ក្នុងលក្ខណៈជាមនុស្ស មានសតិប្រាជ្ញា ពេញលេញ ជួយណែនាំអោយស្គាល់ល្អអាក្រក់ ខុសត្រូវ ទុច្ចរិត សុចរិត យើងគប្បីប្រើសតិ (វិញ្ញាណទី៩) ដើម្បី វែកញែកថាតើសៀវភៅមួយណា នាំប្រយោជន៍ល្អដល់ជីវិតរបស់យើង ហើយសៀវភៅបែបណាដែលនាំនូវវិបត្តិ សម្រាប់ជីវិតរបស់យើង។ សៀវភៅខ្លះ បានត្រូវសរសេរឡើងដោយអ្នកនិពន្ធដែលប្រើមនោសញ្ចេតនាពុះកញ្ជ្រោល ក្នុងការបង្ហាញស្នាដៃ (ចិត្តវិញ្ញាណ ជាវិញ្ញាណទី៨) ហើយគេក៏សរសេរបង្កភាពស្រើបស្រាល ភាពពុះកញ្ជ្រោល នៅក្នុងអារម្មណ៍ អោយខឹង កាច គុំគួន ឬស្យា សងសឹក ដាក់នៅក្នុងសំណេររបស់គេ។ សៀវភៅបែបនេះ ពុំមាន នាំសារប្រយោជន៍អ្វីដល់យើង ក្រៅពីបង្កអោយ ចិត្តវិញ្ញាណរបស់យើងកម្រើកឥតព្រំដែនតែប៉ុនណោះ។ ជាពិសេស បើសិនជាអ្នកនិពន្ធនោះពុំមានប្រើសតិ ដើម្បីគ្របដណ្តប់សាច់រឿងមនោសញ្ចេតនានោះអោយនឹងន មានព្រំដែន សមរម្យត្រឹមត្រូវនោះទេ សៀវភៅបែបនោះ ច្រើននាំមកនូវផលវិបាកអវិជ្ជមានច្រើនប្រការត្រឡប់វិញដល់អ្នកអាន។ សៀវភៅខ្លះទៀត ដែលបានត្រូវចងក្រងឡើងដោយអ្នកនិពន្ធ ដែលយកសតិប្រាជ្ញាមកគ្របដណ្តប់សាច់សារ សំណេរនោះ រមែងជាសៀវភៅដែលនាំមក នូវប្រាជ្ញានឹងការចេះដឹង (ប្រាជ្ញាវិញ្ញាណ ជាវិញ្ញាណទី១០) ដល់អ្នក អានជានិច្ច។
សៀវភៅរូបវិទ្យា ខាងម៉ាស៊ីន ឬខាងប្រពន្ធ័អេឡិចត្រូនិច ច្រើនទាក់ទងទៅនឹងវិញ្ញាណទី៧ ដែលទាក់ទង ទៅនឹង ទំនាញផែនដី ទំនាញមេដែក និងសុវត្ថិភាព របស់មនុស្ស ដែលត្រូវទទួលរងចលនា ល្បឿន ឬទំនាញផែនដី។
ដូច្នេះ សៀវភៅបណ្តុះសតិនិងប្រាជ្ញា មានដូចជា៖
១/ សៀវភៅសិក្សាវិជ្ជាជីវៈ រៀនកាត់ដេរ រៀនធ្វើម្ហូបអាហារ រៀនជួសជុលគ្រឿងយន្ត រៀនកាត់សក់ រៀនសង់ផ្ទះ រៀនតុបតែងលំនៅដ្ឋាន រៀនគូរម៉ូដផ្ទះ។ល។
២/ សៀវភៅសិក្សាទូទៅ ដូចជា គណិតវិទ្យា រូបវិទ្យា សៀវភៅពេទ្យ សៀវភៅសុខភាព សៀវភៅប្រវត្តិវិទ្យា ភូមិវិទ្យា សៀវភៅវប្បធម៌ សៀវភៅអក្សរសិល្ប៍ សៀវភៅវិទ្យាសាស្រ្តកុំព្យូទ័រ សៀវភៅចិត្តវិទ្យា សៀវភៅណែនាំមាតាបិតា សៀវភៅណែនាំទម្លាប់ល្អ សៀវភៅគតិលោក ស្រីហិតបទេស សៀវភៅកំណាព្យអប់រំ ដូចជាច្បាប់ក្រមង៉ុយ ច្បាប់កូនចៅ ច្បាប់ហៃមហាជន សៀវភៅដោះស្រាយសុភាសិត សៀវភៅដោះស្រាយកំហឹងក្នុងគ្រួសារ ជាដើម។
៣/ សៀវភៅធម៌នានា សៀវភៅគហិបដិបត្តិ សៀវភៅណែនាំរបៀបសមាធិ សៀវភៅទសជាតក បញ្ញាសជាតក។
៤/ សៀវភៅដែលអង្គការបោះពុម្ពចែកចាយ ដូចជាសៀវភៅ រឿងនិទានខ្លីៗ សៀវភៅរឿងព្រេង សៀវភៅចំណោទ និងប្រាជ្ញា សៀវភៅពាក្យប្រដៅ សៀវភៅប្រលោមលោកបែបអប់រំ រឿងកំប្លែង ។ល។
Chheng Uor Yi បើចង់ដឹងបន្ថែមពីវិធីសាស្ត្រនៃការរៀនសូត្រ សូមចូលទៅអាននៅក្នុងគេហទំព័រ http://wisdomsupportcenter.blogspot.com/

No comments:

Post a Comment