សេចក្តីអធិប្បាយ
បុព្វបុរសខ្មែរយើង ជាមនុស្សចាស់ទុំប្រកបដោយតម្រិះវិជ្ជាជ្រៅជ្រះ តាមរយៈការសិក្សាពីក្បួនខ្នាតគម្ពីរសាស្ត្រា ពីជីវភាពជាក់ស្តែងនៅក្នុងជីវិត ការសង្កេតពីជីវិតនៅជុំវិញខ្លួន និងបទពិសោធមនុស្សដទៃទៀត។ ដោយចង់បន្សល់ទុកនូវបទពិសោធជីវិតដល់នរជនជំនាន់ក្រោយ ទើបបុព្វបុរសខ្មែររៀបចំចងក្រងពាក្យពេចន៍អប់រំទូន្មានជាច្រើន ក្នុងនោះក៏មានសុភាសិតមួយឃ្លាបានលើកឡើងថា «បើចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីត្រូវចេះថ្លឹង កុំប្រឹងជុះតាមដំរី»។
តើសុភាសិតនេះមានអត្ថន័យដូចម្តេចដែរ?
ដើម្បីឈានទៅដល់ការបកស្រាយឲ្យមានន័យទូលំទូលាយប្រកបដោយអត្ថន័យពិស្តារនោះ តោងយើងស្វែងយល់ពាក្យមួយចំនួនសិន។ ចំពោះពាក្យ «ចង់ធំ» មានសេចក្តីថា ចង់មានឋានៈបុណ្យសក្តិខ្ពស់ មានមុខមានមាត់ក្នុងសង្គម។ «ថ្លឹង» សំដៅដល់ ការប្រមាណ ថ្លឹងថ្លែង លៃលក ប្រៀបប្រមាណមើល។ «ឆាប់ខឹង» មានន័យថា ឆាប់ឆេវឆាវ ងាយនឹងបង្កជម្លោះ ប៉ះភ្លាមងរខ្ទើតដូចខ្ទួយ។ យោងតាមការពន្យល់ពាក្យមួយចំនួនខាងលើនេះ ប្រធានចង់មានន័យសេចក្តីថា បើចង់មានមុខមាត់ឋានៈធំត្រូវខំប្រឹងប្រែងពីតូចពីក្មេង បើខ្លាចខូតកុំឆាប់ឆេវឆាវបង្កជម្លោះ ចំពោះការធ្វើកិច្ចការអ្វីត្រូវចេះថ្លឹងថ្លែងប្រមាណមើលឲ្យបានច្បាស់លាស់ ។
ជាក់ស្តែងណាស់ក្នុងជីវិតក្តី ក្នុងកិច្ចការងារក្តី គឺត្រូវតែចាប់ផ្តើមពីចំណុចដំបូង។ មានចំណុចផ្តើមទើបមានចំណុចបញ្ចប់ ដូចយើងឡើងជណ្តើរដូច្នោះដែរ គឺត្រូវចាប់ផ្តើមឡើងពីកាំទីមួយឡើងទៅ។ នៅក្នុងប្រធានរបស់យើង ឃ្លាទីមួយបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីនេះ។
«បើចង់ធំឲ្យខំពីតូច» ដៅសេចក្តីថា រាល់រូបបុគ្គលទាំងអស់ដែលបំណងប្រាថ្នាចង់ធ្វើធំ ចង់មានបុណ្យសក្តិកេរ្តិ៍ឈ្មោះកិត្តិយសក្នុងសង្គម គឺត្រូវតែខិតខំប្រឹងប្រែងពីក្មេងវ័យ តាំងពីការរៀនសូត្រ ប្រកបកិច្ចការមុខរបរ តស៊ូអំណត់អត់ធន់ជម្នះនូវរាល់ឧបសគ្គដែលប្រឈមមុខ។ នៅក្នុងស្នាដៃអក្សរសិល្ប៍ រឿងកុលាបប៉ៃលិន តួអង្គចៅចិត្រ ដែលខិតខំកសាងខ្លួនតាំងពីកម្មករជីកត្បួងរហូតដល់ជាអ្នកកាន់បញ្ជី និងឈានដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកហ្លួងរតនសម្បត្តិទាំងមូល។
«បើខ្លាចខូចកុំឆាប់ខឹង» ឃ្លានេះមានន័យថា បើខ្លាចខូចខាតបាត់បង់បាក់បែកនូវទ្រព្យសម្បត្តិផ្សេងដោយសារតែការខឹងឆេវឆាវរបស់ខ្លួននោះ ជួនកាលក៏អាចឈានទៅដល់ការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះព្រោះតែខឹងក្រោធ។ នៅក្នុងសង្គមជាក់ស្តែង មនុស្សមួយចំនួនដែលមានចរិតឆាប់ខឹងរឹងរួស គ្រាន់តែខឹងអីបន្តិចបន្តួចក៏បោករបស់របរ បោកចានឆ្នាំង ប៉ះដៃយកដៃប៉ះជើងយកជើង បង្កវិនាសទ្រព្យដោយឥតប្រយោជន៍។ ទង្វើនេះ នាំឲ្យអ្នកដទៃជិតខាងមើលងាយមើលថោកជាអនេក។ បើចង់ចៀសឲ្យផុតពីប្រការទាំងនេះ គួរតែកុំឆាប់ខឹងច្រលោតដោយឥតមូលហេតុ ត្រូវរៀនហាត់ពត់លត់ដំចិត្ត រក្សាភាពនឹងនរ ឈ្នះសេចក្តីក្រោធដោយការអត់ធ្មត់ សន្តោសមានមេត្តាកុរណាធម៌។
«ការអ្វីត្រូវចេះថ្លឹង» គឺ មុននឹងចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ គប្បីត្រូវចេះថ្លឹងថ្លែងប្រមាណមើលឲ្យបានសមគួរសិន ព្រោះរាល់ការអ្វីក៏ដោយ បើយើងមិនចេះគិតគូរវាជាមុនទេ វាអាចមានផលវិបាកដល់យើងនៅពេលក្រោយ ហើយកិច្ចការនោះក៏ពុំបានសម្រេចតាមបំណងដែរ។ ក្រឡេកមើលទៅទំព័រប្រវត្តិសាស្រ្តខ្មែរយើងដ៏ជូរចត់នៅសម័យលង្វែក ប្រជាជនខ្មែរយើងមួយចំនួនដែលមានចិត្តលោភលន់ មិនបានគិតថ្លឹងថ្លែងឲ្យបានត្រឹមត្រូវ នាំគ្នាកាប់ឆ្ការព្រៃឫស្សីយកប្រាក់ដួងដែលសៀមដាក់បញ្ឆោត ធ្វើឲ្យកំពែងឫស្សីត្រូវបំផ្លិចបំផ្លាញ ជាហេតុនាំឲ្យទ័ពសៀមវាយយកក្រុងលង្វែកបានដោយងាយ។
ឃ្លាចុងក្រោយនៃប្រធានបទសុភាសិតខាងលើគឺ «កុំប្រឹងជុះតាមដំរី» បានន័យថា ឃើញគេធ្វើអ្វីៗបានល្អ ក៏ចេះតែចង់ធ្វើតាមគេ តែពុំបានពុំគិតពីសមត្ថភាព លទ្ធភាពរបស់ខ្លួន មិនបានមើលមុខមើលក្រោយពីទំហំដើមទុនដែលខ្លួនឯងមាន។ ប៉ុន្តែមិនមែនមានន័យថាមិនឲ្យយើងយកគំរូតាមអ្នកដទៃដែលធ្វើល្អនោះទេ គឺចង់ពញ្ញាក់អារម្មណ៍ឲ្យយើងគិតពិចារណាពីលទ្ធភាពសមត្ថភាពរបស់ខ្លួនជាមុន មុននឹងប្រកបកិច្ចការនោះ ក៏ដូចជាឲ្យយើងចេះរៀបចំខ្លួនទុកជាមុន ដើម្បីនឹងធ្វើឲ្យសម្រេចនូវភារកិច្ចដែលយើងបម្រុងនឹងធ្វើនោះ។
ជាសរុបមក មុននឹងកាន់កិច្ចការធំ មានមុខតំណែងធំខ្ពងខ្ពស់នៅក្នុងសង្គម ត្រូវតែខិតខំរៀបចំគោលដៅពីតូច ពេលធ្វើការងារអ្វីមិនត្រូវខឹងច្រលោតនាំឲ្យខាតប្រយោជន៍ ដើម្បីធ្វើឲ្យសម្រេចកិច្ចការគួរគប្បីថ្លឹងថ្លែងពិចារណា និងមិនត្រូវចេះតែធ្វើអ្វីតាមតែគំរូរបស់ជនដទៃ ដោយមិនបានមើលខ្លួនឯងគ្រប់ជ្រុងជ្រោយជាមុនឡើយ។
យោងតាមការបកស្រាយខាងលើនេះ គ្រប់ឃ្លានៃប្រធានសុភាសិត សុទ្ធតែមានការអប់រំទូន្មានយើងជាអ្នកសិក្សា។ ប្រធានមានតម្លៃជាវិជ្ជមាន។ ក្នុងនាមយើងជាអនុជនជំនាន់ក្រោយ ត្រូវតែសិក្សាស្វែងយល់បន្ថែមទៀតពីស្នាដៃបុព្វបុរសដែលបានបន្សល់ទុកឲ្យ និងខិតខំកសាងអភិវឌ្ឍខ្លួនជានិច្ច ព្រមទាំងព្យាយាមសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីចូលរួមចំណែកស្តារកិត្តិនាមមាតុប្រទេសឡើងវិញ៕
តែងដោយ យុវសិស្ស ឡយ សុវណ្ណ និង ហេង ឧត្តម ថ្នាក់ P3E
បណ្ណាល័យFP ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១១
No comments:
Post a Comment