Monday, October 3, 2011

កំណាព្យ អស្សុចភ្លៀងធ្លាក់

បទពាក្យបួន
1. អស្សុចភ្លៀងធ្លាក់.................ចេញខែវស្សា
ភ្លៀងផ្តាំខេមរា...................ដល់ពេលកឋិន។
2. ផ្តាំទៅក្តាមខ្យង.....................ស្រអែមមាសឆ្អិន
ទប់ទឹកហើយសិន...............ទុកខែកត្តិក។
3. ភ្លៀងធ្លាក់ពេលល្ងាច.............ខ្យល់ធ្លាក់រអឹក
ទឹកច្រើនសន្ធឹក...................ហៀរហូរពេញស្រែ។
4. អស្សុចកត្តិក..........................ស្រអែមមាសស្នេហ៍
ប្រុសបងពូកែ......................ឡកក្បាច់ឆៃយ៉ាំ។
5. បងបង់សំណាញ់....................ស្រីស្រស់ស្រងាំ
អូនឈររងចាំ.........................យួរធុងដាក់ត្រី។
6. បងរាយសន្ទូច.......................ទំពាំងទូលដី
ត្រីស្រស់ថ្មីៗ.........................ស្លរកកូរអាំង។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៦និង៣០នាទី ដល់ ម៉ោង ៧ព្រឹក

កំណាព្យ អាយ៉ៃខ្មែរ

បទពាក្យបួន
1. តារ៉ាក់តាក់ទីង.......................អើយច្រៀងអាយ៉ៃ
ច្រៀងពេលរាត្រី.....................ដីស្រែចំការ។
2. អ្នកស្រុកគ្រប់គ្នា.....................ចូលមកទស្សនា
អាយ៉ៃដូនតា...........................មានមកជាយូរ។
3. តារ៉ាក់តាក់ទីង........................ជាទ្រព្យសំណាង
ញាតិមិត្តជិតខាង....................រាប់អានជានិច្ច។
4. ខ្ញុំជាកូនខ្មែរ............................មិនអាចបំភ្លេច
ថែទាំជានិច្ច............................មិនឲ្យបាត់បង់។
5. តារ៉ាក់តាក់ទីង........................ដ៏ស្រស់ផូរផង់
វប្បធម៌មិនបង់........................ជាតិនឹងថ្កើងថ្កាន។
6. អាយ៉ៃខ្មែរយើង.......................ជាទ្រព្យកំសាន្ត
ជូនញាតិសន្តាន.....................ស្តាប់ពេលទំនេរ។
7. តារ៉ាក់តាក់ទីង........................ទ្រព្យល្អលើសគេ
វប្បធម៌ស្រុកខ្មែរ.....................ដូនតាទុកមក។
8. អាយ៉ៃបែបខ្មែរ.........................ល្អណាស់ពន្លក
ច្រៀងឆ្លើយសៀតស៊ក...........កាព្យប្រជាប្រិយ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១០ ដល់ ម៉ោង ១១យប់

កំណាព្យ រទេះគោខ្មែរ

បទពាក្យបួន
1. គោខ្ញុំមួយនឹម......................ពុកទឹមទៅស្រែ
បរទេះខ្មែរ.........................លំនាំបុរាណ។
2. រទេះនង្គ័ល..........................នាំឲ្យសុខសាន្ត
ខ្មែរគ្រប់ៗប្រាណ...............ពេញដែនបុរី។
3. រទេះដឹកជី............................ដាក់ស្រែចាស់ថ្មី
នង្គ័លដាស់ដី.......................រនាស់ថ្កើងថ្កាន។
4. ស្រែច្រើនហិចតា.................ស្រូវល្អហួសស្មាន
ផ្ដល់ផលឲ្យបាន...................សម្បត្តិធូរធារ។
5. រទេះដឹកផល........................បានច្រើនប្រការ
តសាវតា..............................រាប់ពាន់ជំនាន់។
6. រទេះខ្មែរលឿន.....................រត់តាមមិនទាន់
កូនខ្មែររួសរាន់.....................ជួយថែរក្សា។
7. រទេះគោខ្មែរ.........................ថ្លៃខ្ពស់អស្ចារ្យ
ល្បីក្នុងលោកា.....................ទេសចរសរសើរ។
8. ចង់សាកចង់ជិះ ..................កំសាន្តដំណើរ
តំបន់ព្រៃលើ.......................ព្រៃក្រោមស្រុកស្រែ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១២និង០០នាទី ដល់ ម៉ោង ១២និង២៤ នាទីរសៀល

កំណាព្យ គីរីរម្យអនុស្សាហ៍

បទកាកគតិ
1. គីរីរម្យភ្នំ……….......ដ៏មនោរម្យ……........…ប្រជុំភ្នំខ្មែរ
ខេត្តកំពងស្ពី……...ទេសចរហូរហែ...........ធ្លាក់អន្លង់ស្នេហ៍
គីរីរម្យភ្នំ។
2. គីរីរម្យភ្នំ................លឺតែសត្វយំ...............តូចធំជួបជុំ
អមខ្យល់ត្រជាក់....ទឹកធ្លាក់រងំ..................ធ្វើឱ្យចិត្តខ្ញុំ
បំភ្លេចមិនបាន។
3. គីរីរម្យភ្នំ...............ធម្មជាតិមនោរម្យ............ប្រសើរថ្កើងថ្កាន
រុក្ខជាតិខ្ពស់ទាប...ផ្កាស្មៅប្រៀបបាន...........ពរជ័យពីឋាន
សួគ៌នភាល័យ។
4. គីរីរម្យភ្នំ................ជាទីប្រជុំ........................ទេសចរគ្រប់វ័យ
មកលំហែកាយ.....សប្យាយគ្មានភ័យ...........ទេសភាពខៀវខ្ចី
ទឹកជ្រោះធម្មជាតិ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៩និង១៧នាទី ដល់ ម៉ោង ១០ ព្រឹក

កំណាព្យ ពុកម៉ែគំរូ

បទពាក្យបួន
1. ពុកទៅឯស្រែ…………..ម៉ែនៅឯផ្ទះ
ខំធ្វើការណាស់............ចិញ្ចឹមបុត្រភ្ងារ។
2. ពុកខំធ្វើស្រែ...............ម៉ែធ្វើចំការ
ដីក្បែរសាលា..............ក្នុងភូមិជិតផ្ទះ។
3. ម៉ែរៀបបាយទឹក..........បំពេញក្រពះ
មនុស្សនៅក្នុងផ្ទះ.........ឱ្យមានសុខភាព។
4. ចាត់ចែងកូនចៅ...........ជារៀងដរាប
ឱ្យរៀបកាតាប.............ទៅសាលារៀន។
5. ឆ្លៀតពេលទំនេរ...........ម៉ែមិនខ្មាស់អៀន
ខិតខំបង្រៀន...............លេខនិងអក្សរ។
6. ឱ្យកូនបានចេះ............បានពិន្ទុល្អ
កូនពិតបវរ..................ដោយសារពុកម៉ែ។
7. ពុកខំធ្វើល្អ..................សក្តិសមជាខ្មែរ
ស្រលាញ់អ្នកម៉ែ..........ឧត្តមភរិយា។
8. ផ្តល់គំរូល្អ...................ដល់កូនគ្រប់គ្នា
ផ្តល់សុខរមនា............ពេញក្នុងបូរី។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង៥៣នាទី ដល់ ម៉ោង ៩និង១៦នាទីព្រឹក

កំណាព្យ អំបុកស្រូវខ្មែរ

បទកាកគតិ

1. អំបុកស្រូវថ្មី................ឆោមស្រស់ពិសី................ឈ្ងុយឈ្ងប់ម្លេះណា
អំបុកស្រូវខ្មែរ..............ថែតដូនតា.......................អស់ជនខេមរា
នឹកនាជានិច្ច។

2. អំបុកស្រូវថ្មី................នៅដែនបូរី........................មិនចេះរិលរិច
អំបុកដាល់ដៃ.............ម៉ែផ្ញើរជានិច្ច......................កូនមិនអាចភ្លេច
ទីភូមិសុខសាន្ត។

3. អំបុកស្រូវថ្មី.................ឈ្ងុយឆ្នាញ់រកអ្វី..............បំភ្លេចមិនបាន
អំបុកធម្មជាតិ..............ស្គាល់ញាតិសន្តាន...........ថែបរិស្ថាន
ថែសុខភាពខ្មែរ។

4. អំបុកស្រូវថ្មី................មិត្តទាំងប្រុសស្រី...............ក៏ចូលចិត្តដែរ
អំបុកសំណាង............ ទេព្តាស្រុកស្រែ.................យើងជាកូនខ្មែរ
ត្រូវថែរក្សា។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១១និង៣នា0ទី ដល់ ម៉ោង ១២និង៣០នាទី

កំណាព្យ ទេសចរណ៍តាមទូក

បទពាក្យបួន
1. បងជិះទូកលេង..........................នៅតាមគង្គា
ចិត្តប៉ងទស្សនា........................ទេសភាពស្រុកខ្មែរ។

2. ឆ្លងបឹងតូចធំ............................នៅចំការស្រែ
ស្រអែមមាសស្នេហ៍.................អូនដើរទូលក្អម។


3. ក្នុងទឹកមានត្រី..........................ក្នុងស្រែមានម្អម
ស្រូវទុំក្រហម...........................ពេញស្រែល្វឹងល្វើយ។

4. អូនបេះព្រលិត..........................ត្រូវខ្យល់រំហើយ
ចាបយំឆ្លងឆ្លើយ........................ប្រលែងគូវា។


5. ផ្ទៃមេឃស្រឡះ........................គួរចង់ទស្សនា
ទឹកបឹងរងថ្លា.............................ត្រីហែលឆ្វាត់ឆ្វែង។

6. ធម្មជាតិស្រុកខ្មែរ......................ស្រស់គ្រប់កន្លែង
ទេសចរសំដែង.........................ទឹកចិត្តរីករាយ។


7. ជិះទូកទស្សនា..........................បងឃើញតាយាយ
ពុកម៉ែរៀបកាយ........................យួរស្រាក់ទៅវត្ត។

8. អមដោយចង្ហាន់.........................វេប្រគេនភ័ទ្ធ
ធ្វើបុណ្យទៅវត្ត...........................សន្សំកុសល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៩និង៣នាទី ដល់ ម៉ោង ១០និង៣០នាទីព្រឹក

កំណាព្យ អ្នកស្ទូចទេសចរណ៍

បទពាក្យបួន
1. បងរកស្ទូចត្រី.......................នៅក្រោយផ្ទះអូន
ជិះនៅលើក្បូន......................ចេកនិងឬស្សី។

2. ស្ទូចត្រីកន្ត្រប់.........................នុយប្រហុកថ្មី
ស្រស់ឆោមពិសី.....................បងលួចមើលនាង។


3. ត្រីខែកត្តិក..............................ត្រីល្អរូបរាង
ត្រីនាំសំណាង.........................មកដល់រូបបង។

4. ត្រីនៅក្នុងស្រែ.........................ហែលក្បែររបង
ត្រីស្រស់នួនល្អង......................ចិត្តបងចង់ស្ទូច។


5. បងអ្នកនេសាទ.........................ចិត្តចងប៉ងគួច
ស្នេហ៍មិនលាក់លួច..................តែលើរូបស្រី។

6. ចរិយាអូនល្អ..............................សក្តិសមឥតបី
ពាក្យពេចន៍សំដី.........................សមនារីខ្មែរ។


7. ឱត្រីកន្ត្រប់..................................សូមកុំប្រួលប្រែ
កុំភ្លេចនុយខ្មែរ.............................ប្រហុកដូនតា។

8. បងស្ទូចត្រីមែន............................តែមិនប្រហារ
ឱម្ចាស់ចិត្ត...................................បងស្ទូចទេសចរណ៍។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង២៣នាទី ដល់ ម៉ោង ៩ព្រឹក

កំណាព្យ សន្យាខែភ្ជុំ-ផលខែកត្តិក

បទពាក្យបួន
1. កត្តិកដល់ហើយ...............ត្រជាក់ឆ្អឹងខ្នង
ដល់ភ្ជុំនួនល្អង..................បងបានសន្យា។

2. សុំឲ្យម៉ែពុក.......................ចែចូវជីវ៉ា
ចូលដល់មេបា....................តាមប្រពៃណី។


3. កត្តិកដល់ហើយ..................កែវអើយកុំភ័យ
ធ្លាក់ខ្យល់ប៉ីៗ......................ពីទិសខាងជើង។

4. ត្រីចូលអន្លុង.......................ស្រែក្បែរផ្ទះយើង
ស្រូវក្រាស់មិនស្តើង.............ភោគផលពេញស្រែ។


5. កត្តិកដល់ហើយ...................ឱស្រស់មាសស្នេហ៍
ស្រូវនៅស្រុកខ្មែរ..................ជះក្លិនក្រអូប។

6. ក្លិនឈួលពិដោរ...................ទេសចរសុំស្រូប
រសជាតិក្រអូប......................បាយអង្ករខ្មែរ។


7. កត្តិដល់ហើយ......................ញាតិមិត្តពុកម៉ែ
រៀបចំទៅស្រែ......................ច្រូតកាត់ផលថ្មី។

8. ឆ្នាំនេះផលល្អ........................អំណរឥតបី
អំបុកស្រូវថ្មី...........................ចេកដូងអំពៅ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៥និង៣០នាទី ដល់ ម៉ោង ៦ព្រឹក

កំណាព្យ ស្លៀកពាក់បែបខ្មែរ

បទពាក្យប្រាំពីរ

1. ទៅវត្តអូនស្លៀកហូលផាមួង...................បងសុំបួងសួងជួបពិសី
ភ្ជុំរួចបងពឹងចាស់ចូលស្តី........................ពុកម៉ែលកលៃតាមទំនៀម។

2. អូនស្លៀកបែបខ្មែរសមណាស់ស្រី...........សម្បុរខៀវខ្ញីពេញចិត្តភ្លាម
បងក៏ជាខ្មែរថែទំនៀម.............................មិនឲ្យស្វិតក្រៀមទេនួនល្អង។


3. សំលៀកបំពាក់ខ្មែរបូរាណ......................សម័យមិនបានឲ្យឃ្លាតឆ្គង
ក្បូរក្បាច់ដូនតាល្អម៉ត់ហ្មង......................ថែមិនរំលងភាពជាខ្មែរ។

4. ខ្មែរគ្រប់កន្លែងមិនដែលភ្លេច...................ចងចាំជានិច្ចរាល់ថ្ងៃខែ
ស្លៀកពាក់ប្រកាន់ភាពជាខ្មែរ..................ជាតិខ្លាំងពូកែសាងអង្គរ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៣និង៣៥នាទី ដល់ ម៉ោង ៤និង៩នាទីរសៀល

កំណាព្យ បឹងរាក់ទឹកជន់

បទកាកគតិ

1. បឹងរាក់ទឹកជន់....................រាស្ត្រសែនទារុណ.....................ទឹកជន់លិចអស់
លិចស្រែលិចស្រូវ.................លិចដំណាំអស់.......................លិចផ្ទះទាបខ្ពស់
មនុស្សសត្វភិតភ័យ។

2. បឹងរាក់ទឹកជន់.......................ផលធារពីមុន..........................រលោះរាល់ថ្ងៃ
ដោយជនពួកខ្លះ....................គិតតែកម្រៃ.............................ល្ងិតល្ងង់មិនលៃ
ថែបរិស្ថាន។


3. បឹងរាក់ទឹកជន់.......................ច្បាស់ជាស៊យស៊ុន...................សង្គ្រោះលែងបាន
បឹងសូមអង្វរ..........................អស់ញាតិសន្តាន......................សូមថែបរិស្ថាន
ឲ្យបានគ្រប់គ្នា។

4. បឹងរាក់ទឹកជន់.......................ឈប់ធ្វើដូចមុន............................ទៅណាខេមរា
ឈប់ចាក់លុបបឹង..................សូមជួយជីកស្តារ.........................ឲ្យបានជ្រៅណា
រក្សាព្រៃផង។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៩ ដល់ ម៉ោង ១០ព្រឹក
Nemo Heng ធម្មជាតិមិនចេះនិយាយ តែដាក់ទោសមនុស្សដោយផ្ទាល់

កំណាព្យ ទូកដរអនុស្សាហ៍

បទពាក្យបួន
1. ព្រលឹមព្រលប់.......................ថ្ងៃយប់មិនថា
ចម្លងយាយតា........................បងប្អូនប្រុសស្រី។

2. ឆ្លងស្ទឹងព្រែកត្នោត.................ដាក់ដល់ត្រើយលៃ
ឲ្យបានប្រពៃ...........................សុវត្ថិភាព។


3. ខ្ញុំរត់ទូកដរ..............................ចេះស្ទង់ចេះស្ទាប
ផ្លូវសុវត្ថិភាព............................នៅលើជលសា។

4. ចម្លងមនុស្សសត្វ.....................ទ្រព្យធនខេមរា
ដោយពឹងច្រវ៉ា.........................អុំទៅអុំមក។


5. ទូកត្នោតទូកឈើ.....................អ្នកផ្តល់ពន្លក
អ្នកបាននាំមក.........................នូវទ្រព្យសំណាង។

6. ប្រាករៀលកាក់ល្អិត..................ពីអ្នកជិតខាង
ដូរនឹងកម្លាំង.............................ខ្ញុំខំប្រឹងអុំ។


7. អនុស្សាវរីយ៍.............................ទីដ៏ឧត្តម
ក្រាំងតាផូខ្ញុំ...............................ដែលធ្លាប់រស់នៅ។

8. ឆ្លៀតពេលទំនេរ........................ដាំចេកអំពៅ
ចម្លងឆោមឆ្លៅ...........................ដាក់ទៅត្រើយម្ខាង។


9. ពេលនេះខ្ញុំឃ្លាត........................ពីទ្រព្យសំណាង
ញាតិមិត្តជិតខាង.......................ខានឆ្លងដូចមុន។

10. ធ្វើឲ្យចិត្តខ្ញុំ.................................នឹកច្រើនពេកពន់
ថ្ងៃណាតូចតន់............................បងបានជួបទៀត។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៩ ដល់ ម៉ោង ១០ព្រឹក

កំណាព្យ ផឹកតែខែភ្ជុំ

បទកាកគតិ
1. ផឹកតែខែភ្ជុំ.........................ផឹកនៅស្រុកខ្ញុំ..................ជួបជុំបងប្អូន
ផឹកទាំងចាស់ក្មេង..............ផឹកលេងស្នេហ៍ស្នង..........និយាយផ្តោះផ្តង
រកអភិវឌ្ឍន៍។

2. ផឹកតែខែភ្ជុំ.........................ផឹកប្រមូលផ្តុំ......................អ្នកប្រាជ្ញក្នុងវត្ត
ក្រុមខ្លះជុំជិត......................ដំកង់ព័ន្ធព័ទ្ធ......................ផឹកនៅក្រៅវត្ត
តាមផ្ទះញាតិមិត្ត។


3. ផឹកតែខែភ្ជុំ......................តែស្រស់មាសមុំ....................ឈ្ងុយឆ្ងាញ់ជាប់ចិត្ត
តែឆុងថ្មីៗ.......................ដោយស្នាដៃពិត.....................ស្រីស្រស់វរមិត្ត
កូនខ្មែរល្បីល្បាញ។

4. ផឹកតែខែភ្ជុំ......................អ្នកស្រុកភូមិខ្ញុំ.........................ទាំងប្រុសទាំងស្រី
លះបង់សុរា....................កញ្ឆាបារី..................................លះល្បែងបនស្រី
មកជុំផឹកតែ។


5. ផឹកតែខែភ្ជុំ.....................ធ្វើឲ្យចិត្តខ្ញុំ.................................មានការប្រួលប្រែ
អារម្មណ៍ស្រស់ថ្លា...........ខ្លាំងក្លាពូកែ...............................តាំងចិត្តជួយថែ
ខ្មែរឲ្យគង់វង្ស។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១
តែងម៉ោង៩ ដល់ ១០យប់។
អា តឿ ពីរោះណាស់ មានន័យណាស់ នឹកដល់ទិដ្ឋភាពមួយនេះពិតជាត្រជាក់ក្នុងអារម្មណ៍មែន។

កំណាព្យ ខ្មែរកើនអ្នកប្រាជ្ញ

បទកាកគតិ

1. ផ្ទៃមេឃស្រឡះ..................ថ្ងៃរះភ្លឺច្បាស់.................ពីទិសខាងកើត
ព្រះច័ន្ទពេញវង់..................សម្រស់ល្អឆើត..............អ្នកប្រាជ្ញកើនកើត
ពេញផ្ទៃស្រុកខ្មែរ។
2. លោកគង់ថារិទ្ធ..................លោកមានគំនិត..............ខ្លាំងក្លាពូកែ
ច្នៃកង់អាគុយ.....................ប្រើនៅស្រុកខ្មែរ..............មិនលក់ឲ្យទេ
សិទ្ធអ្នកនិពន្ធ។
3. លោកញៀនផល្លឹក.............ប្រាជ្ញច្រើនសន្ធឹក.............ល្អខ្លាំងពេកពន់
ផលិតឡានខ្មែរ..................ដោយប្រើរូបមន្ត................ថាមពលកើតមុន
ឡានម៉ាកអង្គរ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង ១១ ដល់ ១២ព្រឹក

Monday, August 22, 2011

កំណាព្យ ស្នូរទឹកភ្លៀង បទកាកគតិ



1. ស្តាប់ស្នូរទឹកភ្លៀងដូចសំនៀងស្រី………………..ដូចជាតន្ត្រីបុរាណជាតិខ្មែរ
ស្នូរតំណក់ភ្លៀងដូចសំនៀងម៉ែ……………………ធ្លាប់ច្រៀងបំពេរកាលកូនក្មេងវ័យ។

2. ទឹកភ្លៀងអ្នកបានផ្តល់ក្តីសុខា……………………...ដល់ជាតិខេមរាកិច្ចប្រពៃ
ធ្វើកសិកម្មបានផលច្រើនក្រៃ………………………ជាតិខ្មែរថ្លាថ្លៃល្បីក្នុងលោកា។

3. ឱស្នូរទឹកភ្លៀងសំនៀងធម្មជាតិ…………………….ផលល្អមិនឃ្លាតដូចរូបជីវា
ច្រៀងលួងលោមបងឲ្យស្បើយទុក្ខា……………….ដូចជាទេវតាចុះពីឋានលើ។

4. ស្នូរដំណក់ភ្លៀងអមខ្យល់តិចៗ…………………….ខ្ញុំមិនអាចភ្លេចស្រស់ស្រីជំទើ
អូនល្អគ្មានពីរញាតិក៏សរសើរ……………………….បងសូមចូលស្នើរៀបការនឹងបង។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង ៥កន្លះ ដល់ ម៉ោង ៦គត់ ព្រឹក

មេសូត្រ៖ ប្រដាប់ប្រដាររៀនសូត្ររបស់ខ្ញុំ (បទកាកគតិ)


1. ប្រដាប់ប្រដារ..........សម្រាប់សិក្សា............រៀនសូត្ររាល់ថ្ងៃ
ជ័រលុបសៀវភៅ........បន្ទាត់ខ្មៅដៃ............ប្រើថែសំចៃ
សន្សំវាទុក។
2. កាតាបក្តារឈ្នួន........ប្រើច្រើនថែថួន..........រៀបចំដោយមុខ ត្រូវការងាយរក.........ព្រោះបានដាក់ទុក............មិនរំខានពុក
រកប្រាក់ទិញទៀត។
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

ចម្រៀង យើងទៅសាលា


(លំនាំបទផ្កាយលើមេឃ)
1. មកមិត្តយើងអើយ...........កុំនៅកន្តើយទៅសាលារៀន..........ដើរអែបខាងស្តាំតាមពាក្យទូន្មាន ទីសាលារៀនឲ្យបានមុនគ្រូ។ (ស្ទួន)
2. ដល់ពេលចេញលេង............ពួកយើងក្មេងៗកុំបង្អង់យូរ......លេងល្បែងកម្រាន្តអារម្មណ៍បានធូរ កុំបង្អង់យូរលេងឲ្យសប្បាយ។ (ស្ទួន)
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

កំណាព្យ រីករាយថ្ងៃចូលរៀន


បទកាកគតិ
1. លាថ្ងៃសម្រាក.............ពីរខែបានផ្អាក...............ពីការសិក្សា
ខ្ញុំឃ្លាតមិត្តភក្តិ.............គ្រូនិងសាលា................ថ្ងៃនេះស្រស់ថ្លា
បានជួបជុំគ្នា។
2. ឆ្នាំសិក្សាថ្មី..................មិត្តខ្ញុំប្រុសស្រី................កែប្រែឫកពារ
តាំងចិត្តរៀនសូត្រ.........គ្រប់មុខវិជ្ជា...................បំពេញការងារ
ដោយចិត្តរីករាយ។
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

កំណាព្យ ភ្ជុំទៅវត្តណា? (បទកាកគតិ)



1. ដល់រដូវភ្ជុំ...............តើស្រស់ស្រីមុំ...................អូនទៅវត្តណា?
ទៅវត្តទីក្រុង...........ឬវត្តចំការ..........................វត្តស្រែមួយណា?
បងសុំទៅផង។
2. ភ្ជុំនៅឆ្នាំនេះ............ជាពេលពិសេស.................ណាស់ណានួនល្អង
អូនពេញក្រមុំ..........ចរិយាម៉ត់ម៉ង.....................បងធ្វើបុណ្យផ្សង
ជួបតែអូនមួយ។
3. រដូវបុណ្យភ្ជុំ.............ខ្មែរតែងជួបជុំ....................ធ្វើបុណ្យគ្មានព្រួយ
រាប់បាតដាក់បិណ្ឌ.....ប្រឹងប្រែងលើកស្ទួយ..........ព្រះពុទ្ធលោកជួយ
ព្រោះយើងធ្វើល្អ។
4. ឱស្រស់ពាលពៅ......យើងដើរសំដៅ..................ទៅវត្តស្រ៊ូស្រ
ដៃម្ខាងយួរស្រាក់.......ដោយចិត្តអំណរ................តាំងចិត្តស្មោះស
ប្រគេនចង្ហាន់។
5. ប្រគេនរួចហើយ.........ឱស្រស់ត្រាណត្រើយ........សូមកុំប្រកាន់
ទស្សនាទេសភាព.......ជ្រកក្រោមម្លប់ថ្ងាន់............ហូបបាយសារ៉ាម៉ាន់
សម្រស់វស្សា។
6. ភ្ជុំបុណ្យជាតិខ្មែរ..........កូនចៅតែងតែ...................មានចិត្តជ្រះថ្លា
រៀបចំបច្ច័យ...............ជូនដល់យាយតា................ពុកម៉ែផងណា
ព្រមទាំងសន្តាន។
7. ភ្ជុំបិណ្យរំឮក...............គុណច្រើនសន្ធឹក................ដូនតាចែកឋាន
ឧទ្ទិសសុំឲ្យ.................លោកទទួលបាន................ក្តីសុខសាន្តត្រាណ
ក្នុងឋានបរលោក។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២១-២២ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង៦ កន្លះ និងបញ្ចប់នៅម៉ោង ៧ព្រឹក
Chanroeun Pa
Peng! thanks for sharing your inspirational poems with us. I am so impressed by your talent and the constructive motives between each word. I am the founder of the www.CamboSastra.org. I am very interested in posting all your poems on this education website if you don't mind. Cheers and keep up your fantastic work. Chanroeun
CAMBOSASTRA
www.CamboSastra.org
Cambodian Education Resources Centre
Chheng Uor Yi
Dear Brother,
It’s my great honor to get admiration today.
I would like to say thanks you very much for your kindness to support my writing.
I promise to continue and to spend all my efforts on my writing to be more and more development.
Best respects.
Yi Chheng Uor (Peng)
Cambodian Librarian
Phnom Penh,
Cambodia

កំណាព្យ យើងសម្អាតផ្ទះ (បទកាកគតិ)

1. ព្រលឹមស្វាងរះ..........យើងសម្អាតផ្ទះ...........រូតរះបោសជូត
នាំសុខសួស្តី.............ជោគជ័យរហូត...........យើងខំស្រូតរូត
ទាន់នៅព្រលឹម។

2. យើងមិនបង្អង់..........សម្អាតផ្ចិតផ្ចង់.............ពុកម៉ែសង្ឃឹម
ជួយកិច្ចការលោក......លោកតែងញញឹម........គ្មានអ្វីប្រៀបផ្ទឹម
ឃើញកូនឧស្សាហ៍។

3. យើងសម្អាតផ្ទះ..........ឲ្យបានល្អល្អះ............សមកូនខេមរា
សមពូជអ្នកជា............សមពូជឧស្សាហ៍..........សមពូជអស្ចារ្យ
ល្បីក្នុងសកល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង៦ កន្លះ និងបញ្ចប់នៅម៉ោង ៧ព្រឹក

Tuesday, July 12, 2011

កំណាព្យ ប្រភេទនំខ្មែរ

បទពាក្យប្រាំពីរ


1) នំខ្មែរនំម៉ែបង្កើតមក...............លីវយីគោកធ្លកម្ចាស់ក្សត្រី
ស្តេចដំបូងគេដ៏ល្បាញល្បី...................គ្រងទឹកគ្រងដីថែប្រជា។

2) នំខ្មែរមានរសឆ្ងាញ់ពិសា.............តំណាងដូនតាពីសួគ៌ា
បានហូបនំខ្មែរគាប់ទ័យា.....................នាំភាពរមនាសុខសួស្តី។

3) នំខ្មែរមានអ្វីខ្លះទៅមិត្ត?..............កវីសូមគិតគូរស្រដី
បង្ហាញប្រាប់ញាតិទាំងប្រុសស្រី.................ខំឈ្លកលកលៃបង្ហាញប្រាប់។

4) មាននំបញ្ចុក ក្រុប ក្រូច កង............នំពងអន្សង ត្នោត ដំណាប់
នំដុត នំពុម្ព ម៉ែបង្ហាត់ ........................នំខ្មែរមិនបាត់ ដូរប្រាក់រៀល។

5) មាននំអន្សម គ្រក់ គម កូរ..............នំខ្មែរសំបូរនំល្ពៅ ជាល
នំទៀន អំបុក គ្មានគេដៀល.....................នំនាំប្រាក់រៀលកើនសេដ្ឋកិច្ច។

6) មាននំក្រតម ពពាយ ខ្ញី.................នំហ៊ានស្រដី ខ្មែរកុំភ្លេច
គួរខ្មែរលើកស្ទួយត្បូងជើងលិច.....................កើតក្រែងរិលរេចក្រោយលែងស្គាល់។

7) មាននំអាកោ បត់ អម្បែង.................នំស្លឹកស្រស់ក្មេង គ្មានពិភាល់
នំបត់ នំលត សុទ្ធគេស្គាល់........................បានស្រង់រសផ្ទាល់ភ្លេចលែងបាន។

8) មាននំអម្បែង ចាក់ចុរ ធ្មៃ.................ជាតិខ្មែរឈ្លាសវៃ ច្នៃឲ្យថ្កាន
នំអម្បែងខ្មែរស្គាល់សណ្តាន........................នាំខ្មែរសុខសាន្តពេញបូរី។

9) មាននំច័ក្កច័ន ត្រចៀកព្នង.................នំចាហួយផង ការ៉េមកី
នំតាប៉ែ ភឹង សង់ខ្យាស្រី...........................ហូបបានគ្រប់វ័យមិនជិនណាយ។

10) មាននំក្រឡាន ពោត ប៉េងប៉ោះ..............ជ័រគល្បីអស់ទីជិតឆ្ងាយ
នំបេ កង់ខ្វៀននាំសប្បាយ..........................ខ្មែរនៅជិតឆ្ងាយឲ្យរាប់អាន។

11) មាននំកំពង បង្អែមត្នោត ...................ចេកខ្ទិះ គេកោតថា ថ្កើងថ្កាន
លាយរសខ្ទិះដូងឆ្ងាញ់រកគ្មាន.........................សន្តានព្រេងលានពេញនិយម។

12) មាននំផ្កាស្នោនំតាឡៃ....................ខ្មែរខំកែច្នៃល្អសក្តិសម
ស្ទួយជាតិឲ្យខ្ពស់យសឧត្តម្ភ........................ថ្លៃថ្លាមនោរម្យក្រៃកន្លង។

13) មាននំប៉ាក្រុង នំកន្ទ្រាំ ....................ចេកចៀនភូមិខ្ញុំ សមម៉ត់ហ្មង
បើបានភ្លក់ហើយឈប់រំលង.........................ញាតិមិត្តប្អូនបងស្នេហ៍រាល់ថ្ងៃ។

14) មាននំចាក់ចុរនំចេកបុក....................នំនាំខ្ពស់មុខនាំឈ្លាសវៃ
នំខ្មែរបុរាណនំប្រពៃ......................ធាតុផ្សំមិនថ្លៃងាយរកបាន។

15) មាននំត្រៀបបាយ នំត្រឡាច.................នំហូបមិនខ្លាចទុក្ខរុកក្នុងប្រាណ
ហូបនាំសុខភាពគ្រប់សណ្តាន.....................នំនាំខ្មែរបានសួគ៌សិរី។

16) មាននំប្រអួល នំជើងជ្រូក.................បានឃើញសូមលូកភ្លក់ពីរបី
បានជ្រាបរសឆ្ងាញ់ចេញស្រដី......................សូមអ្នកលកលៃលក់ឲ្យខ្លះ។

17) មាននំសែសយ ត្រាវ សណ្តែក.............បំពួនស្ករ ប្លែករសឆ្ងាញ់ណាស់
បានហូបរួចហើយចង់ឃើញម្ចាស់ ...................លះភាពអៀនខ្មាស់ចង់ហូបទៀត។

18) មាននំដំឡូង កំពឹសចៀន.................កូនខ្មែរខំរៀនច្នៃគ្រប់ស្នៀត
រកឃើញនំខ្មែរថ្មីថែមទៀត.........................រាស្ត្រខ្មែរជ្រកជ្រៀតទាញយកផល។

19) មាននំផ្លែអាយនំកើតក្តី ...................នំជនប្រុសស្រីធ្លាប់បានយល់
ហូបពេលត្រជាក់សុខលែងខ្វល់.....................ហូបតិចឆ្ពោះដល់ឆ្ងាញ់ជាប់ចិត្ត។

20) មាននំម្សៅជ្រែ ក្រឡោជី..................នំផ្សំធាតុពីម្សៅមីស្អិត
នំបំពងខ្លាញ់ កន្ទក់ល្អិត......................នំឆ្ងាញ់ជាប់ចិត្តលំអងរំចេក។

21) មាននំគ្រាប់ស្លែង ក្រម៉ៅថត.............នំសុំទីចតទីដំណេក
ចតនៅស្រុកខ្មែរពន្លឺផ្លេក..................បំបាត់ភាពស្រេករសនំខ្មែរ។

22) ទាំងនេះជានំរបស់យើង...............សូមថែដាក់ទ្រើងកុំគេចកែ
លក់ទិញច្នៃស្ទួយនំកេរខ្មែរ..............ឲ្យល្បីហូរហែដូចដូនតា។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ចាប់ផ្តើមតែង៖ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១១
បញ្ចប់នៅ ព្រលឹមថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១១
រយៈពេលសរុប៖ ៦ ម៉ោង
ប្រភេទនំខ្មែររួមមាន
1. នំលំអងរំចេក 2. នំម្សៅជ្រែ 3. នំក្រឡោជី 4. នំបំពងខ្លាញ់ 5. នំកន្ទក់ 6. នំគ្រាប់ស្លែង
7. នំកើតក្ដី 8. នំសណ្ដែកកូរ 9. នំកំពឹសចៀន 10. នំដំឡូង 11. នំបំពួនស្ករ 12. នំក្រម៉ៅថត
13. នំផ្លែអាយ 14. នំដំឡូងចៀន 15. បង្អែមសណ្តែក 16. ពោតកំបោរ 17. នំសែសយ 18. នំត្រាវចៀន
19. នំជើងជ្រូក 20. នំប្រអួល 21. នំត្រៀបបាយ 22. នំត្រលាច 23. នំចេកបុក 24. នំចាក់ចុរ
25. បង្អែមត្នោត 26. នំចេកចៀន 27. នំផ្កាស្នោ 28. នំចេកខ្ទិះ 29. នំកំពង 30. នំជ័រគ
31. នំក្រឡាន 32. នំតាឡៃ 33. នំប៉េងកំបោះ 34. នំកន្ទ្រាំ 35. នំប៉ាក្រុង 36. នំកង់ខ្វៀន
37. នំបញ្ចុក 38. នំគម 39. នំអន្សម 40. នំអាកោ 41. នំកូរ 42. នំពុម្ព
43. នំកង 44. នំពោត 45. នំដុត 46. នំគ្រក់ 47. នំអម្បែង 48. នំជាល
49. នំក្រូច 50. នំត្នោត 51. នំបត់ 52. នំស្លឹកស្រស់ 53. នំត្រចៀកព្នង 54. នំលត
55. នំបេ 56. នំក្រតម 57. នំល្ពៅ 58. នំទៀន 59. នំខ្ញី 60. នំចាហួយ
61. នំធ្មៃ 62. នំច័ក្កច័ន 63. នំភឹង 64. នំពងអន្សង 65. នំដំណាប់ 66. នំតាប៉ែ
67. នំការ៉េមកី 68. នំអំបុក 69. នំសង្យា 70. នំពងអន្សង 71. នំក្រុប 72. នំពពាយ
នំដំណាប់( ចេក អំពិល ត្រាវ គូលែន ទុរេន ប៉េងប៉ោះ ប្រដូលពេជ្រ បើមឈូក កន្ទួត ស្វាយ ពុទ្រា ទំពាំងបាយជូ ) នំចំណី មេនំ នំនែក
ក. នំសៀម៖ នំថងមួន នំខាវម៉ៅថត នំថងងួន ខ. នំបារាំង៖នំបុ័ង គ. នំយួន៖ បាញ់ឌុក បាញ់ឆែវ បាញ់ស្រ៊ុង បាញ់ហយ បាញ់បែវ
ឃ. នំចិន៖ នំអ៊ី នំចាំង នំប៉ាវ នំពារ នំថងយិប នំចាំងនំអ៊ី នំ ( ន. ) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើមចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏មាន មានប្រភេទនិងឈ្មោះផ្សេងៗ (បា. ហៅ ខាទនីយ ឬ ខាទនីយាហារ) រាប់ចូលក្នុងពួកចំណីឬបង្អែមគ្រប់មុខ) វចនានុក្រមសម្តេចសង្ឃជួនណាត បង្អែម ( ន. ) ចំណីផ្អែម ។ ព. ផ្ទ. ចម្អាប ។ ចំណី ( ន. ) វត្ថុសម្រាប់ឆី, ខាទនីយវត្ថុ គឺអាហារដែលផ្អែម : ម្ហូបចំណី គឺចម្អាបនិងបង្អែម ។ គ្រឿងចិញ្ចឹមជីវិតរបស់សត្វតិរច្ឆានក៏ហៅថា ចំណី ដែរ : ស្មៅ, ស្លឹកឈើ ... ជាចំណីគោ, ក្របី ។ចំណុក ( ប. ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចំណី : ចំណីចំណុក គឺចំណីសម្រាប់ស៊ីចុក មានច្រើនមុខ នេះខ្លះនោះខ្លះ ។ សម្ល សំ-ល៉ ( ន. ) ម្ហូបដែលកើតពីស្ល : សម្លម្ជូរ, សម្លប្រហើរ ។ សម្លសំដៅ សម្លដែលគេបម្រុងចំពោះមនុស្សម្នាក់ៗ ។ (ព. សា.) សម្លរាយរងឬសម្លទាំងពួង ។ ( ន. ) ឈ្មោះខ្នុរមួយប្រភេទ ស្លឹកធំៗឆែកៗរង្វើលៗផ្លែខ្ចីប្រើជាបន្លែស្ល គ្រាន់ទុំប្រើលីងបរិភោគបាន : ខ្នុរសម្ល ។បាយ ( ន. ) ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិតឬសង្កត់យកទឹកចេញរួចផ្ងំឲ្យងំ : បាយខ្សាយ, បាយដំណើប ។ បរិភោគបាយ, ពីសាបាយ, ហូបបាយ, ទទួលទានបាយ, អាស្រ័យបាយ, ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត់ ។ ដាំបាយ គឺចម្អិនបាយ : ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឲ្យល្មម កុំផាត់ទឹកបាយចោលព្រោះការផាត់បាយនាំឲ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឲ្យខូចវីតាមីន) ។ ម. ព. វីតាមីន ទៀតផង ។ បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ថា បរិភោគ, ស៊ី ដោយរួបរួមជាការបរិភោគភោជនាហារក្នុងពេល, ច្រើននិយាយដោយខ្លីថា : អ្នកទាំងអស់គ្នា បាយហើយឬនៅ ? ទៅបាយឯណា ?; ម៍បាយជាមួយគ្នា! ។ល។

កំណាព្យ លាព្រោះវិជ្ជា

បទពាក្យប្រាំបី ជួនព្យាង្គទី ៤ បែបចម្រៀង



1. សម្លេងទូកដរចរឆ្ងាយជ្រោយច្រាំង ខ្លួនខ្ញុំភាន់ភាំងព្រោះត្រូវឃ្លាតឆ្ងាយ
បែកពីភូមិស្រុកទីធ្លាប់សប្បាយ ខ្ញុំឃ្លាតតែកាយដើម្បីវិជ្ជា។
2. លាពុកលាម៉ែលាបងលាប្អូន លាតាលាដូននៅឲ្យសុខា
លាគ្រូឧត្តមលាហើយសាលា លាស្រែចំការថ្លៃស្មើជីវិត។
R. ខ្ញុំត្រូវឃ្លាតឆ្ងាយតែមួយវេលា ឃ្លាតទៅសិក្សាបន្ថែមកម្រិត
ពេលបានរៀនចប់ខ្ញុំនឹងគូរគិត ត្រលប់នែបនិត្យជិតអ្នកវិញហើយ។
3. វិជ្ជាអាចជួយគ្រប់គ្នាឲ្យបាន ចម្រើនថ្កើនថ្កានរហូតដល់ត្រើយ
ខ្ញុំនឹងខិតខំមិនប្រហែសឡើយ រៀនចេះដឹងហើយឆ្លើយតបអភិវឌ្ឍន៍។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ព្រលឹមថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១១ រយៈពេលសរុប៖ កន្លះម៉ោង

កំណាព្យ ខ្មែរត្រូវស្ទួយខ្មែរ


បទពាក្យប្រាំបី ជួនព្យាង្គទី ៤ បែបចម្រៀង

1. បានកើតជាខ្មែរត្រូវតែរក្សា ជាតិនិងសាសនាព្រះមហាក្សត្រយើង
ស្ទួយអ្នកដឹកនាំប្រជាឲ្យថ្កើង ឲ្យបានខ្ពស់ឡើងជាពូជថ្លៃថ្លា។
2. ត្រូវអភិរក្សអភិវឌ្ឍផ្សព្វផ្សាយ វប្បធម៌ទាំងឡាយកេរពីដូនតា
ស្រលាញ់បណ្តុះអក្សរភាសា អក្សរសិល្ប៍ខេមរាឲ្យល្បីរន្ទឺ។
R…ខំរៀនខំសូត្រច្នៃឲ្យបានច្រើន ខំពូនឲ្យកើនកើតជាពន្លឺ
បង្កើតសង្ឃឹមសុចរិតជាភ្លឺ ខំផ្លុំឲ្យឮពីរោះជាខ្មែរ។
3. ធ្វើល្អថ្ងៃនេះសង្ឃឹមថ្ងៃស្អែក ខ្មែរសុខលែងបែកខ្មែរដើម្បីខ្មែរ
ខ្មែរពូជលីវយីកៅឌិណ្យឥតប្រែ ខ្មែរពូជពូកែសកលស្ញប់ស្ញែង។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ចាប់ផ្តើមតែង៖ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១១
បញ្ចប់ ព្រលឹមថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១១ រយៈពេលសរុប៖ ១ម៉ោង

Friday, July 8, 2011

ទុក្ខមនុស្សក្នុងលោក បទកាកគតិ

ទុក្ខមនុស្សក្នុងលោក
បទកាកគតិ

1. អាកាសប្រែប្រួល ក្តៅខ្លាំងដីឈួល រុក្ខជាតិស្ងួតហែង
សត្វរងទុក្ខធំ មនុស្សសោកសង្រេង លំបាកលែងថ្លែង
ពិភពអន្តរាយ។
2. នៅតំបន់ខ្លះ ភ្លៀងព្យុះច្រើនណាស់ ប៉ើងផ្ទះទៅឆ្ងាយ
ស៊ូណាមិជន់ ព្រាត់កូនព្រាត់ម្តាយ សំណង់ខ្ចាត់ខ្ចាយ
បែបបាក់គ្មានសល់។
3. ទុក្ខកើនរាល់ឆ្នាំ ប្រជាលែងចាំ ដំណាំបាត់ផល
ពលរដ្ឋខ្វះបាយ ចាយលុយលែងសល់ ទាហានគ្រប់ពល
ជួយរាស្ត្រលែងឈ្នះ។
4. នៅប្រទេសខ្លះ ត្រជាក់ខ្លាំងណាស់ លែងហ៊ានជំនះ
ធ្លាក់ព្រិលទឹកកក គរក្រាស់លើផ្ទះ មនុស្សខ្វល់ក្រៃក្រាស់
បរិស្ថានអន្តរាយ។
5. នេះមកពីអ្វី សូមជនប្រុសស្រី ស្តាប់ខ្ញុំបរិយាយ
មកពីមនុស្ស ឃ្លាតចាកចេញឆ្ងាយ សីលធម៌ពណ្ណរាយ
បំផ្លាញបរិស្ថាន។
6. អ្នកខ្លះរកស៊ី មិនគិតសំភី សុខភាពភូមិឋាន បំផ្លាញព្រៃឈើ លែងគិតសន្តាន ឲ្យតែខ្លួនបាន
លុយចូលហោរប៉ៅ។
7. រីឯអ្នកប្រាជ្ញ ចិត្តមិនខ្លបខ្លាច ទាញភពចូលជ្រៅ ខួងប្រេងដុតសាំង បង្កើនកំដៅ អូស្សូនហោចទៅ
កំដៅចូលស្រួល។
8. អ្នកមានទុកមាស ពេជ្រច្រើនក្រៃក្រាស់ កើនគ្មានប្រែប្រួល
ចិត្តធំលាភច្រើន រោគលោភឆាបឈួល ជីកគាស់ដីទួល
រាវរករ៉ែត្បូង។
9. អ្នកក្រខ្វះភ័ព្វ ទុក្ខគ្មានគេរាប់ ខំបូងសង្រូង
រុលរើបំរះ ធ្វើការតាំងតូង ធ្វើទាំងលិចត្បូង
ជើងកើតផលតិច។
10. ខ្ញុំសូមអង្វរ អ្នកដែលមានធម៌ សូមកុំភ្លាំងភ្លេច
ចែកក្តីសុខគ្នា ការពារដីព្រេច ព្រៃស្រោងជើងលិច
ដាំដុះបន្ថែម។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១១



កំណាព្យ តន្ត្រីបុរាណខ្មែរ
បទកាកគតិ
1. ពូជខ្មែរល្បាញល្បី ចេះប្រឌិតច្នៃ ឧបករណ៍បុរាណ
តន្ត្រីច្រើនបែប តផៅសន្តាន សូមចាំគ្រប់ប្រាណ
ជិតហាសិបមុខ។
2. មានមុខប្រើខ្សែ មានប្រើខ្យល់ដែរ រាយជាទំនុក
គោះដំតូងតាំង ឆូងឆាំងអែអុក ផ្អើលអស់អ្នកស្រុក
ចូលមកទស្សនា។
3. មានទ្រច្រើនបែប សោធំអមអែប ទ្រខ្មែរអស្ចារ្យ
ទ្រឆេទ្រអ៊ូ សោតូចសង្ហា ទ្រមានគ្រួសារ
អ៊ូចំហៀងអម។
4. ឃឹមតូចឃឹមធំ ខ្សែដៀវក្រមុំ គងរីហែហម
ចាប៉ីដងវែង លាន់ឮថ្នាក់ថ្នម ដេញកូតតាមក្រម
ដូនតាចារទុក។
5. គែនស្នែងព្លយខ្លុយ ខ្យងស័ង្ខប្រថុយ ផ្លុំជាទំនុក
ប៉ីអរអង្គួច សុំខ្លួននាំមុខ ស្រឡៃមិនសុខ
តូចធំស្ម័គ្រដែរ។
6. មានរនាតឯក រនាតធុងមិនប្លែក រនាតដែកកញ្ចែ
កញ្ច្រាំឃ្មោះឡោ ក្រាប់ឆាបសុំស្នេហ៍ ឈិងប៉ាន់មិនប្រែ
ចូលជួយស្គរដៃ។
7. ស្គរយាមស្គរធំ គងវង់តូចមុំ ស្គរឆៃយ៉ាំថ្លៃ
ឯកខ្លែងក្រពះ ត្រដោកវាងវៃ កណ្តឹងខំច្នៃ
សំឡេងណេងណឹង។
8. គងឈ្មោលគងញី ស្គរយីកេសំភី គងវង់តូចហ្នឹង
ស្គរថូនរមនា ស្គរសាំងណាពឹង មិមខ្មែរព្រលឹង
ខ្មែរយូរមកហើយ។
9. ដូច្នេះកូនខ្មែរ ត្រូវខំធួនថែ ផ្សាយកុំកន្តើយ
រៀនដេញកូតផ្លុំ គោះដំឲ្យហើយ ស្ទួយខ្មែរឲ្យស្បើយ
ពីគ្រោះអន្តរាយ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញពរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១១
ឯកសារយោងពីប្រភេទឧបករណ៍តន្ត្រីបុរាណខ្មែរ៖ អង្គការUNESCO



អត្តសញ្ញាណតន្ត្រីបុរាណខ្មែរ
(រៀបចំ និង ទទួលស្គាល់ដោយអង្គការUNESCO)
១-ឧបករណ៍ប្រើខ្សែ (ដេញ កេះ វាយថើរៗ)
ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ/តៈខេ/តាខេ ឃឹមតូច ឃឹមធំ គងរី
២.ឧបករណ៍ប្រើខ្យល់ (ផ្លុំ បឺត)
ស្រឡៃតូច ស្រឡៃធំ ខ្លុយ ប៉ីអរ ស្នែង ខ្ចងស័ង្ក ព្លយ គេន អង្គួច
៣.ឧបករណ៍គោះដំ
រនាតឯក រនាតធុង រនាតដែក គងវង់ធំ គងវង់តូច គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ត្រឡោក កណ្តឹង ត្រដោក ក្រាប់ ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ ស្គរឆៃយ៉ាំ
៤.ឧបករណ៍ ឯកខ្លែង។







កំណាព្យ អាហារខ្មែរ
បទកាកគតិ
1. អាហារខ្មែខ្ញុំ ប្រមូលផ្សែផ្សំ ពីធម្មជាតិពិត
មិនប្រើគីមី បានហូបស្នាលស្និទ្ធ ជុំអស់ញាតិមិត្ត
សុខភាពប្រពៃ។
2. អាហារខ្មែរខ្ញុំ ចាត់ចែងរៀបចំ សព្វអស់អ្វីៗ
ត្រីអាំងឪឡឹក ទឹកគ្រឿងថ្លាថ្លៃ បន្លែត្រួយខ្ចី
ជីខ្មែរសព្វមុខ។
3. អាហារខ្មែរខ្ញុំ ទាក់អស់ក្រមុំ កម្លោះគ្រប់ស្រុក
កុមារតាយាយ ហូបជុំអែកអុក រសជាតិឆ្ងាញ់ខ្មុក
ចំការក្រុងស្រែ។
4. អាហារខ្មែរខ្ញុំ នាំខ្មែរសុខុម តពូជហូរហែ
ទោះនៅស្រុកគេ ក៏នឹកដល់ខ្មែរ ផ្សព្វផ្សាយម្ហូបខ្មែរ
ល្បីក្នុងសកល។
5. អាហារខ្មែរខ្ញុំ ចំអិនសក្តិសម ដោយស្រស់និមល
កូនខ្មែរអង្គរ បវរនឹងថ្កល់ ស្ទួយខ្មែរខ្ពស់ដល់
អារ្យលោកា។
6. អាហារខ្មែរខ្ញុំ ហូបក្រោមឈើខ្ទុំ ជ្រៃស្នាយរាំងចារ
ហូបរួចទម្រេត សុខស្រួលក្រៃណា អ្នកស្រែចំការ
មិនភ្លេចម្ហូបខ្មែរ។
អាហារខ្មែរខ្ញុំ ល្បីសាយភិរម្យ ដល់ស្រុកក្រៅដែរ
កូរ៉េជប៉ុន បារាំងជួយថែ អាមេរិកស្នេហ៍
ចិនកាណាដា។
អូស្ត្រាលីកាណាដា។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹម ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១១




កំណាព្យ ប្រភេទរបាំប្រពៃណីខ្មែរ
បទកាកគតិ

1. ខ្ញុំបាទកវី សូមចងសម្តី ពីរបាំខ្មែរ
ទំនៀមពូជពង្ស ប្រភេទជាងសែ កូនចៅខំថែ
តពីដូនតា។
2. មានក្ងោកប៉ៃលិន របាំមាសឆ្អិន ស្រុកប៉ៃលិនណា
បន់សុំត្បូងពេជ្រ ឆាប់បានផ្លែផ្កា បន់សុំដូនតា
ជួបជ័យលាភី។
3. របាំបោកស្រូវ ជ្រាបដល់ចូលជ្រៅ ខេត្តល្បីគ្មានពីរ
បាត់ដំបងខ្មែរ ខេត្តស្រស់សោភី ប្រជាមូលមីរ
ស្រូវច្រើនលេខមួយ។
4. មានរបាំត្រុដិ នាងម៉េវល្អសុទ្ធ ខ្មែរតែងលើកស្ទួយ
លេងបុណ្យចូលឆ្នាំ ប្រភពតែមួយ ខេត្តសៀមរាបត្រួយ
ជួរភ្នំដងរែក។
5. របាំសែនភ្លយ បេះក្រវាញលយ ក្ងោកពោធិសាត់ប្លែក
របាំជនជាតិ ខ្មែរស្រស់ល្អឯក ខ្មែរខំចាយចែក
ពីខេត្តពោធិសាត់។
6. មានរបាំក្អម អារក្ខចាមតម គោរពមធ្យ័ត
មិនត្រូវនិយាយ ពាក្យនាំខ្ចាយខ្ចាត់ ខ្មែរលែងបង់បាត់
កំពង់ឆ្នាំងរក្សា។
7. របាំព័ទ្ធរង្គ (រ៉ុង) នៅខេត្តកោះកុង ថែតដូនតា
របាំបរគោ កំពង់ឆ្នាំងស្រស់ថ្លា ស្ករត្នោតស្នេហា
កង្កែបនេសាទ។
8. មានស្នែងទន្សោង ភ្លយសួយពត់កោង រេរាំស្អាងស្អាត
កន្តែរ៉ែច្រម វាយក្រាប់ជាអាថ៌ រាំលើប្រាសាទ
សក្តិសមឥតខ្ចោះ។
9. វាំវង់ភូមិថ្មី របាំល្បាញល្បី ខ្មែរមិនភ្លេចសោះ
វង់ស្រ៊ុនហាន់ទើម នៅខេត្តកៀនកោះ ខេត្តសាងកេរ្តិ៍ឈ្មោះ
រតនគីរី។
10. មានកាប់ក្របី ផឹកស្រាដីព្រៃ ខ្ពង់រាបរមណីយ៍
គោះអង្រែគែន អន្ទង់ហែនញី ច្រូតស្រូវស្នាពីរ
ស្គរកន្សែងស្នេហ៍។
11. ដូសទឹកប៊ូស្រា បុកល័ខស្គលចារ តូណៃទីនដែរ
អាពាហ៍ពិពាហ៍ បក្សីស្រុកស្រែ ដាល់អំបុកខែ
រះពេញក្រឡង់។
12. របាំត្បាល់កាប់ គងសួយស្ទួយចាប់ ត្បាល់ក្តឿងផូរផង់
វាយកួយចាក់គ្រើល ស្ទឹងត្រែងស្ទឹងត្រង់ អ្នកមើលរហង់
ឆៃយ៉ាំចាក់ក្បាច់។
13. មានចាក់អង្រង កណ្តូបសេះផង គោះត្រឡោកផ្តាច់
ក្រមាបុរាណ ខ្មែរថ្លៃជាងពេជ្រ បានប្រើសម្រេច
ការល្អគ្រប់យ៉ាង។
14. របាំទាំងនេះ បានផ្តល់ចំណេះ ទុកជាសំអាង
កូនចៅជាន់ក្រោយ កម្សាន្តច្រើនយ៉ាង ខំថែដូចប្រាង្គ
អង្គរល្បាញល្បី។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១

ឯកសារយោង៖ ទស្សនីយភាពខ្មែរ ២០០៣ រៀបរៀងដោយ គណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌ តំណាងដោយលោក ពេជ្រ ទុំក្រវ៉ិល។

ប្រភេទរបាំប្រពៃណីតាមខេត្តនីមួយៗ៖
1. កំពង់ស្ពឺ(ភ្លយសួយ, កន្តែរ៉ែ, ដាល់អំបុក, ស្គរ, គងសួយ)
2. កំពង់ឆ្នាំង (ស្នែងទន្សោង, អារក្ខចាម, ក្អម, បរគោ)
3. កំពង់ធំ(កន្តែរ៉ែ, ចាក់គ្រើល, ត្បាល់កាប់ ឬត្បាល់ក្តឿង)
4. ពោធិសាត់(បេះក្រវ៉ាញ, សែនភ្លយ, ស្នែងទន្សោង)
5. កណ្តាល(វាយត្រាប់, អន្ទង់ហែន, គោះអង្រែ)
6. សៀមរាប និង ជួរភ្នំដងរែក(ត្រុដិ , ត្រុដិនាងម៉េវ, ចាក់អង្រង)
7. តាកែវ(ច្រម, វាយក្រាប់)
8. ស្វាយរៀង(គោះត្រឡាច, កណ្តូបសេះ)
9. មណ្ឌលគិរី (តូណែទីន, កាប់ក្រទីនស្រា)
10. រតនៈគិរី(រំាវង់ភូមថ្មី, រំាវង់ស្រ៊ុនហាន់ដើម)
11. ស្ទឹងត្រែង(គែន, វាយគួយ)
12. កំពង់ចាម(គោះអង្រែ)
13. ក្រុងប៉ៃលិន(ក្ងោកប៉ៃលិន)
14. កោះកុង(ព័ទ្ធរង្គ ឬព័ទ្ធរ៉ុង)
របាំនៅចំរុះតាមខេត្តនានា៖ ស្នា, នេសាទ, កង្កែប, អាពាហ៏ពិពាហ៏បក្សី, ស្ករត្នោត, ច្រូតស្រូវ, បុកល័ក, កន្សែងស្នេហ៏, ឆៃយុំា, ដួសទឹកជ្រោះប៊ូស្រា, ស្គលជនជាតិស្ទៀង, ក្រមា)
ប្រភេទរបាំប្រពៃណីខ្មែរទាំង ៤២ types of Khmer traditional dances : 42








កំណាព្យ ប្រភេទម្រេចខ្មែរ
បទកាកគតិ
1. តើអ្នកដឹងទេ ម្រេចនៅស្រុកខ្មែរ មានប៉ុន្មានមុខ
ដាំនៅទីណាមាន ប៉ុន្មានស្រុក សូមរាយទំនុក
ដូចតទៅនេះ។
2. ម្រេចខ្មែរមានប្រាំ ប្រភេទសូមផ្តាំ សូមឈប់រេរិះ
ម្រេចកោរ ឬ ស ម្រេចខ្មៅពិសេស ម្រេចកង្កែបម្លិះ
ម្រេចក្រហមអាចម៍សត្វ។
3. ម្រេចនៅស្រុកខ្មែរ មានដាំហូរហែ ច្រើនស្រុកមិនបាត់
មាននៅកំពត កំពង់ចាមចាត់ ដីច្រើនពេកក្តាត់
ក្រហមអំណោយផល។
4. មាននៅរតៈ នគីរីថ្នាក់ គុណភាពលែងខ្វល់
ម្រេចខ្មៅពិសេស លំដាប់ឈានដល់ អន្តរជាតិឆ្ងល់
សុំសាករសជាតិ។
5. មាននៅមណ្ឌល គីរីនិមល ខ្លេះដាំស៊កសៀត
តាមចំការធំ ចំការតូចទៀត ខ្មែរខំឈ្លកឆ្លៀត
បង្កើតសេដ្ឋកិច្ច។
6. ម្រេចខ្មែរល្បីណាស់ បរទេសយល់ច្បាស់ ចាំមិនដែលភ្លេច
គុណភាពដាច់គេ ខាងដំណាំម្រេច ខ្មែរខំខ្ចប់វេច
ប្រើលក់ស្រុកក្រៅ ។
7. ម្រេចមានប្រយោជន៍ កេរ្តិ៍មិនអាសោចម៍ ជាថ្នាំកំដៅ
ត្រជាក់ស្រៀវស្រាញ បុកលាយទឹកក្តៅ ហូបចូលជ្រាបទៅ
ក្តៅបែកញើសជោក។
8. ជាគ្រឿងផ្សំម្ហូប ខស្ងោរក្លិនស្រូប ស្រង់រសទឹកគោក
ឆាបបរត្រី គុយទាវថ្លៃថោក មីស្រុះអស់រោគ
ឈួលក្លិនពិសា។
9. ដូច្នេះកុំភ្លេច ត្រូវខំដាំម្រេច កើតចេញផ្លែផ្កា
ប្រើប្រាស់ក្នុងស្រុក សល់លក់ដែរណា នាំរៀលដុល្លារ
ចម្រើនសេដ្ឋកិច្ច។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១
ចាប់ផ្តើមតែង៖ ម៉ោង ១រសៀល តែងចប់៖ ម៉ោង៤ រសៀល។
ឯកសារយោង៖ សៀវភៅវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត និង ប្រសាសន៍របស់ លោកពូ ជាច័ន្ទ បរិបូរណ៍ តំណាងរាស្ត្រខ្មែរ។




កំណាព្យ រស់រៀន
(បទពាក្យប្រាំ)
1. រស់រៀនសូត្រអានឲ្យចាំស្ទាត់ រស់រៀនឲ្យម៉ត់គ្រប់វិជ្ជា
រស់រៀននិយាយពាក្យសន្ទនា រស់រៀនការពារអំពើល្អ។
2. រស់រៀនសន្សំគ្រប់វិជ្ជា រស់រៀនរចនាឲ្យបវរ
រស់រៀនសរសេរចារឲ្យល្អ រស់រៀនបន្ដកេរ្ដ៍ដូនតា។
3. រស់រៀនគិតច្នៃបង្កើតថ្មី រស់រៀនឲ្យល្បីអស់ខេមរា
រស់រៀនសាងបុណ្យគេស្នេហា រស់រៀនទេសនាប្រដៅសត្វ។
4. រស់រៀនកែប្រែកំហុសខ្លួន រស់រៀនអត់ឱនលះបង់បាត់
រស់រៀនធ្វើការឲ្យមធ្យ័ត រស់រៀនដើរស្កាត់រកវិជ្ជា។
5. រស់រៀនគិតគូរសួរឆ្លើយតប រស់រៀនឲ្យស្របនឹងគ្នីគ្នា
រស់រៀនឲ្យចប់សព្វវិជ្ជា រស់រៀនការពារភូមិឲ្យសុខ។
6. រស់រៀនសង្កេតឲ្យប្រាកដ រស់រៀនត្រាកត់ចាំទៅមុខ
រស់រៀនប្រព្រឹត្តការនាំសុខ រស់រៀនជួយស្រុកឲ្យរីកធំ។
7. រស់រៀនស្រាវជ្រាវការគ្រប់មុខ រស់រៀនចងទុកការភិរម្យ
រស់រៀនវែកញែកការតូចធំ រស់រៀនឆ្លាក់ផ្គុំការក្នុងក្រៅ។
8. រស់រៀនស្មូត្រច្រៀងឲ្យពិរោះ រស់រៀនបង់បោះការម្មងសៅ
រស់រៀនរាល់ថ្ងៃក្រែងខ្លោចឆៅ រស់រៀននាំចៅកែអផ្សុក។
9. រស់រៀនរកស៊ីការសុចរិត រស់រៀនគូរគិតជួយភូមិស្រុក
រស់រៀនថែព្រៃរបោះស្ដុក រស់រៀនដាក់ទុកទ្រព្យក្នុងក្រៅ។
10. រស់រៀនវែកញែកឲ្យប្រាកដ រស់រៀនសន្មត់ការរាក់ជ្រៅ
រស់រៀនប្រកបការត្រឹមត្រូវ រស់រៀនដើរផ្លូវពុទ្ធបានផ្ដាំ។
11. រស់រៀនឲ្យបានច្រើនភាសា រស់រៀនឆ្លាក់ចារអស់បណ្ដាំ
រស់រៀនថែកេរឲ្យយូរឆ្នាំ រស់រៀនចំណាំគុណពុកម៉ែ ។
12. រស់រៀនសេពគប់នឹងមនុស្សល្អ រស់រៀនស្មោះសរនឹងពូជខ្មែរ
រស់រៀនស្ទួយជាតិកុំប្រួលប្រែ រស់រៀនថ្មមថែឲ្យផុតភ័យ។
13. រស់រៀនមិនឈប់តកូនចៅ រស់រៀនក្នុងក្រៅឲ្យប្រពៃ
រស់រៀនឲ្យអស់សព្វអ្វីៗ រស់រៀនថ្លាថ្លៃជាពូជមនុស្ស។
14. រស់រៀនជានិច្ចនឹងនាំសុខ មិត្តអើយចាំទុករស់រៀននោះ
កប់ពាក្យរស់រៀនក្នុងពង់ពោះ ញាតិលែងរលោះពីភពសុខ៕
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់)






កំណាព្យ ដំឡូងខ្មែរ
បទកាកគតិ
1. ខ្ញុំបាទកវី សូមថ្លែងសំដី ប្រាប់ដល់ញោមញាតិ
ពីដំឡូងខ្មែរ តច្រើនរយជាតិ កុំឲ្យធ្លោយទៀត
ថែដំឡូងយើង។
2. ដំឡូងនេះនៃ ប្រយោជន៍ច្រើនក្រៃ នាំខ្មែរឲ្យថ្កើង
ផ្តល់រសបំប៉ន កាយធំធាត់ឡើង ដុះនៅត្បូងជើង
ងាយថែរក្សា។
3. មានដំឡូងក្តួច មូលត្រែងដុះរួច ទឹកក្រពើស្យា
ទៀនបាសប្រវឹក សាយត្នោតអខ្យា ភ្លុកស្រំដៃខ្លា ឈាមមាន់សេមាន់។
4. មានដំឡូងល្ពៅ ច្រឹងបាត់អំពៅ ពស់ស្ដាប់ឲ្យទាន់
កែវព្រឹងបាក់ស្វាយ ឈើដូងរួសរាន់ ជ្រាំច្រឹងវេវ័ន
ជ្រៅពងលលក។
5. មានដំឡូងជ្វា គបារាំងជា រាងធំកំពក
មានប្រយោជន៍ច្រើន អាចច្នៃលៃលក ដុតឆឹងដាក់ស្ពក
ពិសារជុំគ្នា។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់)

ប្រភពឯកសារ ៖
១.សៀវភៅវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជូនណាត
២.ការសាកសួរផ្ទាល់ជាមួយកសិកររស់នៅភូមិ(លោកឡាង គឹមលីម)ភូមិ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
៣.មិត្តសិក្ខាកាមក្នុងផ្នែកបណ្ដុះបណ្ដាលការនិទានរឿង សម្រាប់កុមារ រៀបចំដោយ អង្គការ SVA និង PSE ថ្ងៃទី៣ ដល់ទី៦ ខែមេសា ២០១១
៤.ការសាកសួរជាមួយនឹង សិស្សានុសិស្ស និងបុគ្គលិក PSE (ឆ្នាំ ២០១០- ២០១១)
៥.ការផ្ដល់យោបល់ពីមិត្តភក្ដិក្នុងFacebook
៦.ការផ្ដល់យោបល់ពីគ្រួសារ(ប្រពន្ធ ឪពុកម្ដាយ បងប្អូនថ្លៃ និងបង្កើត)
៧.បទពិសោធន៍របស់ខ្ញុំតាំងពីកុមារភាព។


កំណាព្យ នឹកស្រុក
(បទកាកគតិ)
1. នឹកស្រុកនឹកស្រែ នឹកអស់ដីកេរ ពុកម៉ែយាយតា
នឹកអស់ញាតិមិត្ត នឹកជាតិខេមរា នឹកស្រែចំការ
ធ្លាប់នៅរួមគ្នា។
2. នឹកស្រុកនឹកស្រែ នឹកដីធ្លាប់ថែ នឹកចារាំងត្រោះ
នឹកភ្នំទន្លេ នឹកព្រៃរបោះ ព្រៃស្រោងល្បាតល្បោះ
នឹកជីធម្មជាតិ។
3. នឹកស្រុកនឹកស្រែ នឹកញាតិពុកម៉ែ នឹករំដេងល្មៀត
នឹកគោក្របី នឹកចង់ជួបទៀត នឹកព្រៃធ្លាប់ជ្រៀត
បេះបោចផល្លា។
4. នឹកស្រុកនឹកស្រែ នឹកវត្តធ្លាប់តែ ស្ដាប់លោកទេសនា
នឹកគ្រូនឹកសិស្ស ពូមីងយាយតា នឹកជាតិខេមរា
រស់នៅទីឆ្ងាយ។
5. នឹកស្រុកនឹកស្រែ នឹកគ្រូធ្លាប់តែ បង្រៀនបរិយាយ
ប្រដៅស្កីថា ឲ្យចាកចេញឆ្ងាយ ពីភពអន្ដរាយ
រកផ្លូវប្រសើរ។
6. នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ ធ្លាប់ជូនដំណើរ
ឲ្យកូនទៅរៀន ជួបក្ដីប្រសើរ គ្រងកូនឲ្យដើរ
ផ្លូវសុខសួស្ដី។
7. នឹកស្រុកនឹកស្រែ នឹកបឹងធ្លាប់តែ ស្វែងរកចាប់ត្រី
នឹកឈ្នាងអង្រុត សំណាញ់ល្បាញល្បី ច្បូកខ្មែរពិសី
នេសាទបុរាណ។
8. នឹកស្រុកនឹកស្រែ នឹកដល់ព្រះខែ បំភ្លឺភូមិឋាន
ក្នុងពេលរាត្រី ដីខ្មែរសុខសាន្ដ ជុំញាតិសន្ដាន
បញ្ជាន់ស្រូវលាន។
9. នឹកស្រុកនឹកស្រែ នឹកអស់កេរខ្មែរ ធ្លាប់ផ្ដល់ជាស្ពាន
ចម្លងពូជខ្មែរ ខ្ពស់ស្មើវិមាន ឋានសួគ៌និព្វាន
សុខគ្រប់អាត្មា។
10. នឹកស្រុកនឹកស្រែ នឹកជាតិធ្លាប់តែ ល្បីល្បាញអស្ចារ្យ
មហានគរ ខ្ពស់ស្មើតារា មនុស្សក្នុងលោកា
ប្រាថ្នាចង់ជួប។
11. នឹកស្រុកនឹកស្រែ នឹកល្បែងធ្លាប់តែ សប្បាយរួមរួប
ប្រជាប្រិយខ្មែរ សប្បាយកើនផ្គួប ខ្ញុំប្រាថ្នាជួប
គ្រប់បុណ្យចូលឆ្នាំ។
12. នឹកស្រុកនឹកស្រែ នឹកទ្រព្យស្រុកខ្មែរ ដូនតាបានផ្ដាំ
មានទឹកមានត្រី ធ្វើល្អផុតកម្ម កូនអើយចូរចាំ
សេពកប់មនុស្សល្អ។
នឹកស្រុកនឹកស្រែ ខ្ញុំមិនគ្នាន់គ្នេរ ថែពូជបវរ
ពូជដ៏ល្បាញល្បី ពូជកេរអង្គរ ពូនជ្រុំឲ្យល្អ
ជួបសុខខេមរា។
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ


កំណាព្យ រំលឹកកេរខ្មែរ
បទកាកគតិ
1. អាកាសស្អុះស្អាប់ មេសាផ្តើមចាប់ រដូវក្តៅហែង
ចិត្តខ្ញុំមិនសុខ ចង់ពោលថ្លាថ្លែង ប្រាប់ខ្មែរគ្នាឯង
ឲ្យបានយល់ខ្មែរ។
2. ពូជខ្មែរខ្ពង់ខ្ពស់ ពូជមានកិត្តយស មានចារហូរហែ
លើស្ត្រាស្លឹករឹត លើប្រាសាទដែរ ចែកទុកមិនប្រែ
រហូតសព្វថ្ងៃ។
3. ខ្មែរមុនភ្លឺច្បាស់ ខ្មែរក្រោយក្រឡះ ខ្លះមិនដឹងអី
មិនដឹងថាខ្មែរ មានគុណតម្លៃ ថាធ្លាប់ជាញជ័យ
ពេញភាគអាស៊ី។
4. ខ្មែរល្បីអ្វីខ្លះ? ខ្មែរល្បីច្រើនណាស់ របាំគ្មានពីរ
មានអប្សរា រាំវង់សោភី ខ្មែរគ្រប់ទិសទី
រាំលេងចូលឆ្នាំ។
5. មានក្បាច់ចម្លាក់ ក្បាច់រស់ឥតអាក់ ខ្មែរតែងចំណាំ
មានចម្លាក់លៀន ចម្លាក់លោតផ្សាំ ចម្លាក់លិបផ្តាំ
ឆ្លាក់លើប្រាសាទ។
6. មានរបាំគែន ច្រូតស្រូវក្នុងដែន អង្គរស្អាងស្អាត
មានក្ងោកប៉ៃលិន គោះត្រឡោកឆ្លាត ត្រុដិនិងនេសាទ
ទេពមច្ឆាស្រី។
7. មានក្ងោកពោធិសាត់ បេះក្រវាញចាត់ របាំល្បាញល្បី
មានគោះអង្រែ មេខលាស្រី លាងអារក្សថ្មី
កន្សែងស្នេហា។
8. មានទេពមនោរម្យ របាំសក្ដិសម ជូនពរអស្ចារ្យ
មានគោះអង្រ្កង កេរពីដូនតា ខ្មែរគ្រប់អាត្មា
ចងចាំថែទុក។
9. មានម្ហូបអាហារ ល្បីឆ្ងាញ់អស្ចារ្យ កកូរអាម៉ុក
ម្ជូរគ្រឿងសម្លក់ ត្រីអាំងប្រហុក ជ្រក់ក្រៅឆ្នាំងសុខ
ឆ្ងាញ់អស់បាយកក។
10. មានបុកក្រសាំង ត្រីស្ងោរមាន់អាំង ទាខ្វៃសាច់ក្រក
ទឹកត្រីផ្អែមឆ្ងាញ់ អស់គ្រប់ច្រកល្ហក កូនខ្មែរមិនដក
ចិត្តពីម្ហូបខ្មែរ។
11. មាននំអាកោ គមអន្សមស្ងោរ នំក្រូចស្រុកស្រែ
នំគ្រក់នំត្នោត នំបញ្ចុកដែរ នំច័ក្កច័នស្នេហ៍
នំបត់ផ្លែអាយ។
12. មានចាហ៊ួយសំខ្យា នំជាលអស្ចារ្យ នំកងស្ដួចកាយ
នំដុតចេកចៀន ដំឡូងដុតផ្សាយ រសជាតិឈ្ងុយសាយ
ឆ្ងាញ់ពេញនគរ។
13. មានរបាំរាំវង់ ខ្មែរមិនបោះបង់ គ្រប់គ្នាសាទរ
មានចង្វាក់ច្រើន រាំវង់តុងហ្គោ រាំក្បាច់ស្រុះល្អ
រាំសារ៉ាវ៉ាន់។
14. រាំប្រឺនកន្ទ្រឹម រាំផ្តល់សង្ឃឹម តាលុងមិនប្រកាន់
រាំចូកកំពឹស ឡាំលាវវៀងច័ន្ទ ឡាំថូនតាយ៉ាន់
រាំស្លូរាំទ្វីស។
15. រាំបូឡេរ៉ូ រាំយែកម៉ាំបូ ឆាឆាមុងឃីស
រាំម៉ាឌីហ្សន បែបកាត់បរទេស រាំយែកពិសេស
ប៉ាសូដូបច្នៃ។
16. ខ្មែរមានកំណាព្យ មានច្រើនមិនសាប ច្រើនបទក្រាស់ក្រៃ
ជិតចិតសិបបទ ខ្មែរយកលកលៃ ច្រៀងស្មូត្រគ្រប់វ័យ
ចួនពាក្យរណ្តំ។
17. ខ្មែរអ្នកកសិកម្ម ធ្វើស្រែពាន់ឆ្នាំ លូតលាស់និយម
ដាំដុះយកផល ផ្គត់ផ្គង់ផ្សែផ្សំ សិប្បកម្មធំ
សង់ប្រាសាទទៀត។
ដូច្នេះយើងខ្មែរ ត្រូវជួយពូនថែ ជាខ្មែរកុំឃ្លាត
ស្រលាញ់វប្បធម៌ ថែច្នៃតទៀត ពូនជ្រុំញោមញាតិ
ឲ្យល្បីកើតកើន។
ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ របាំជនជាតិ របាំតាំងយូ នំអ៊ូ នំកាតំ នំចាំង នំចក្រចុល នំកូ នំបាញ់ឌុក នំបាញ់បែវ នំបាញ់ចានឿក នំអ៊ី នំទ្រាបបាយ នំជើងជ្រូក នំពុម្ព នំបំពង់ នំចេកបុក នំល្ពៅ នំអំបែង នំដុត។


កំណាព្យ កូនខ្មែរថែវប្បធម៌ជាតិ
បទកាកគតិ
1. ប្រុសខ្មែរសង្ហារ ស្រីខ្មែរវិញណា ស្រស់គ្មានគេផ្ទឹម
ស្លៀកពាក់បែបខ្មែរ ក្នុងចិត្តសង្ឃឹម ទឹកមុខញញឹម
រក្សាកេរខ្មែរ។
2. ប្រកាន់ឫកពា រក្សាគ្នីគ្នា ជាកូនអ្នកស្រែ
ជាកូនអង្គរ ល្បាញល្បីពូកែ ចិត្តចាំថួនថែ
កេរ្តិ៍ប្រពៃណី។
3. ប្រុសឈ្មោះឧត្តម ឯស្រស់ស្រីមុំ ឈ្មោះថាសិរី
ទាំងគូត្រសង ទំពាំងខ្មែរល្បី លូតលាស់ដុះថ្មី
ស្នងទំពាំងចាស់។
4. ស្នងចាស់ជាន់មុន ថែទាំមិនស៊ុន វប្បធម៌ល្អល្អះ
ល្បែងប្រជាប្រិយ ចំរៀងថ្មីចាស់ របាំច្រើនណាស់
បែបខ្មែរសុទ្ធសាធ។
5. ថែល្បែងរបាំ ចំរៀងរេរាំ អប្សរាស្អាត
ថែទឹកថែដី ចម្លាក់ប្រាសាទ កូនអើយសង្វាត
ជ្រោងខ្ពស់កុំទាប។
6. ថែថួនពាក្យកាព្យ ចំរៀងមិនសាប បែបខ្មែរជ្រួតជ្រាប
កូនខ្មែរគ្រប់រូប ថែគ្មានគូប្រៀប ថែផ្សាយរៀងរាប
តគ្រប់ជំនាន់។
7. គ្របមាន់សេ្តចចង់ ខ្មែរមិនបង្អង់ ចូលលេងរួសរាន់
ខ្សឹបផ្កាចោលឈូង បោះឡូដើរយ័ន ដេញតាមឲ្យទាន់
លេងលាក់ន្សែង។
8. ផ្សាយល្បែងប្របកៃ ល្បែងប្រជាប្រិយ សីចាប់កូនខ្លែង
លាក់ធ្យូងប៉ក់ចាប ចត្រង្គខែងរ៉ែង រាវបង្កងម្នាក់ឯង
កណ្តាលវង់ធំ។
9. លេងគោះត្រឡាច ទាញព្រ័ត្រអង់អាច អ៊ូចិនបាយខុំ
លេងរុញអង្រែ កូនគោលភូមិខ្ញុំ គោះពព្លាក់ផ្គុំ
លាក់កូនកាសខ្មែរ។
10. លេងចោះប្រម៉ាត់ ល្បែងយើងស្ទើរបាត់ គ្រប់ក្រុងនិងស្រែ
រកពាក្យបណ្តៅ ក៏ល្បីណាស់ដែរ ក្នុងនាមយើងខ្មែរ
ត្រូវតែលើកស្ទួយ។
រសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
សំលៀកបំពាក់បុរាណខ្មែរ មានទ្រង់ទ្រាយ ល្អឥតខ្មោះ ស្លៀកទៅជួយលើកសម្ជស្ស ឲ្យម្ចាស់កាន់តែល្អជាងមុនទៅទៀត (កូនខ្មែរត្រូវតែឲ្យតម្លៃសំលៀកបំពាក់ខ្មែរ និងវប្បធម៌ខ្មែរ


កំណព្យវប្បធម៌ខ្មែរ ៖ ប្រយោជន៍ស្លឹកត្នោតខ្មែរ
បទពាក្យប្រាំពីរ
1. ស្លឹកត្នោតមានប្រយោជន៍ច្រើនណាស់ ស្លឹកខ្ចីស្លឹកចាស់ល្អដូចគ្នា
ស្លឹកខ្ចីវេចនំទុំធ្វើជា កណ្តបប្រក់វាជាដំបូល។
2. ស្លឹកចាស់ដេរធ្វើជាជញ្ជាំង ធ្វើស្មុកល្អខ្លាំងតត្រកូល
ធ្វើផ្លិតកន្ទេលមួកលក់ចូល ជាលុយចំណូលទប់ជីវភាព។
3. ស្លឹកខ្ចី-ចាស់ធ្វើគ្រឿងសិប្បកម្ម កែច្នៃរាល់ឆ្នាំល្អរៀងរាប
ជារូបសត្វចាបជាកាតាប ប្រើមិនចេះសាបឬរេផ្លាស់។
4. ស្លឹកខ្ចីធ្វើប៉ីផ្លុំពីរោះ និយាយដោយស្មោះនឹករឿងចាស់
នៅក្មេងរត់លេងធ្លាមុខផ្ទះ ប្រាជ្ញាវៃវាសផ្លុំប៉ីត្នោត។
5. កំពូលស្លឹកវិញក៏ល្អដែរ ច្នៃធ្វើជាខ្សែចងដេរដោត
នេះហើយប្រយោជន៍នៃស្លឹកត្នោត ខ្មែរត្រូវខំដោតដាំកុំប្រែ។
6. ស្លឹកខ្ចីវេចខ្ចប់នំកណ្តំ វេចបានសក្តិសមនំបែបខ្មែរ
នំពេញនិយមក្រុងនិងស្រែ នំអស់ជនខ្មែរធ្វើហូបបាន។
7. ស្លឹកខ្ចីធ្វើស្រាក់វេចស្ករត្នោត ខ្មែរយើងមិនឆោតគ្រប់ភូមិថាន
ចេះច្នៃលៃលកគ្រប់ៗប្រាណ ជ្រោងត្នោតឲ្យបានខ្ពស់បវរ។
8. ស្លឹកណាចាស់ៗយកមកអប់ បំពង់ឲ្យសព្វស្ងួតឈ្ងុយល្អ
ដុតរោលៗឲ្យបវរ យកទៅបន្តត្រងទឹកត្នោត។
9. ស្លឹកចាស់ដេរធ្វើជាមួកបាន ពាក់បានគ្រប់ប្រាណធ្លាប់ពិសោធន៍
នេះហើយគឺជាគុណស្លឹកត្នោត ខ្មែរអើយឈប់ឆោតជួយស្ទួយខ្មែរ។
ភ្នំពេញរសៀល ថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ហៅប៉េង)
បណ្ណារក្សខ្មែរ
Seek to change the world for the better by changing ourselves first. Chanbo Keo :


កំណាព្យ ទឹកគ្រឿង
បទពាក្យប្រាំពីរ
1. ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា តពីដូនតាចំការក្រុង
ខ្មែរលើខ្មែរក្រោមមិនបោះបង់ សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។
2. ទឹកគ្រឿងខ្មែរផ្សំពីប្រហុក សាច់ត្រីក្រឡុកបញ្ចូលគ្នា
សណ្តែកដីខ្ទឹមឈ្ងុយយោលយារ អមស្រេចជាគ្នាអន្លក់ខ្ចី។
3. លាយអំពិលចាស់ខ្ចីឬទុំ ក្រឡុកផ្សែផ្សំនឹងសាច់ត្រី
លាយសាច់ប្រហុកដុតថ្មីៗ ចុងភៅលកលៃឲ្យល្មមឆ្ងាញ់។
4. ក្រឡុកកូររួចភ្លក់មើលសិន ស្លាបព្រាមាសឆ្អិនសុំស្រលាញ់
ដួសហុតមួយគ្រូករសឈ្ងុញឆ្ងាញ់ ត្រួយរាំងសុំចាញ់ចូលមកជួយ។
5. អ្នកភ្លក់ឈប់ទ្រឹងមួយភ្លែតសិន កញ្ឆែតមាសឆ្អិនថាកុំព្រួយ
ខ្ញុំស្ម័គ្រខ្លួនដែរចូលមកជួយ ខ្ញុំមានមែកត្រួយជួយបំពេញ។
6. ភ្លក់ឆ្ងាញ់ល្មមហើយដួសដាក់ចាន ធំតូចប៉ុន្មានចែកចាយចេញ
ហុចញាតិជិតខាងមិនទោរម្នេញ ព្រោះចិត្តស្រលាញ់រាប់អានគ្នា។
7. ចែកញាតិរួចហើយគិតខ្លួនម្តង ដួសមិនរំលងជូនអាទា
អាកុងអាម៉ាទ្រជន្មា ប្រកបសុទ្ទារស់បន្ត។
8. ទឹកគ្រឿងម្ហូបខ្មែរតំណាងជាតិ ដក់ជាប់ញោមញាតិស្មើត្រីខ
កូនចាំជានិច្ចទោះមានក្រ កូនថែបន្តឲ្យល្បីពេញ។
9. ទឹកគ្រឿងម្ហូបកេរពីដូនតា កូនខ្មែរស្នេហាតែងទន្ទេញ
មុនបាយតែងនឹកដល់រសឆ្ងាញ់ ទឹកគ្រឿងវិលវិញជួបខេមរា។
10. ទឹកគ្រឿងមានឈ្មោះបោះសម្លេង ពេញដែនធំធេងឆ្ងាញ់អស្ចារ្យ
មានផ្ទាប់អន្លក់ពីចំការ ដំណាំដូនតាជាហូរហែ។
11. អន្លក់ទឹកគ្រឿងមានច្រើនណាស់ ខ្មែរយើងមិនខ្វះសព្វបន្លែ
ស្ពៃក្តោបត្រកួនត្រួយស្វាយដែរ សណ្តែកកួរចែត្រប់អាចឹក។
12. ហូបបាយទឹកគ្រឿងរសឆ្ងាញ់ណាស់ បាយថ្មីបាយចាស់អង្ករខ្មែរ
ឆ្ងាញ់អស់គ្រប់គ្នាពុកនិងម៉ែ យាយតាចៅដែរហូបមិនណាយ។
13. ហូបបាយទឹកគ្រឿងឆ្ងាញ់គ្មានពីរ ខ្មែរយើងគ្រប់ទីតែងសប្បាយ
បានភ្លក់ទឹកគ្រឿងរសជ្រាបកាយ ឆ្ងាញ់មិនជិនណាយរសម្ហូបខ្មែរ។
14. ទឹកគ្រឿងហូបបានគ្រប់ៗគ្នា ទោះនៅទីណាក៏ហូបដែរ
ទោះនៅខេត្តខណ្ឌភូមិឃុំខ្មែរ ក្រុងចំការស្រែតែងស្ទួយខ្ពស់។
15. ហូបទឹកគ្រឿងខ្មែរនាំសេរី នាំជោគនាំជ័យនាំកិត្តិយស
នាំប្រាជ្ញាញាណឈានផុតគ្រោះ នាំយកកេរឈ្មោះខ្មែរល្បាញល្បី។
16. ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង បាយក្តៅបាយក្តាំងដាំថ្មីៗ
ទាក់ចិត្តពុកម៉ែញាតិតាយាយ ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។
17. បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ ស្រស់ឆោមល្វតល្វន់ចិត្តបវរ
ចេះតុបចេះតែងចេះដាំស្ល ជួបជ័យមិនក្រតរៀងទៅ។
ភ្នំពេញ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០ និងព្រលឹមថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង បណ្ណារក្ស

សូមសាកល្បងឆ្លើយមកមើល មុខម្ហូបនេះមានឈ្មោះដូចម្តេច? តើប្អូននេះមានប្រភពដើមមកពីណា? តើអ្នកធ្លាប់ហូបវាពីមុនមកទេ? បើធ្លាប់តើរសជាតិវាយ៉ាងម៉េចដែរ?

ទឹកគ្រឿង៖ គឺជាទឹកជ្រលក់អន្លក់ដោយត្រីសាបឬត្រីឆ្អើរលាយនឹងព្រហក់ឬកាពិ និងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម។ តាមវចនានុក្រមសម្តេចសង្ឃជួនណាត។

ខាងក្រោមនេះជាការរកឃើញរបស់ខ្ញុំជាមួយនឹងសិស្សានុសិស្សមួយចំនួននៅ
អង្គការដើម្បីភាពញញឹមនៃកុមារ៖
អន្លក់ទឹកគ្រឿង៖ ព្រលិត រំចង់ ភ្លៅកង្កែប ផ្កាក្រសាំង ស្តៅ កញ្ឆែត ត្រកួន ផ្កាស្នោរ ស្ពៃក្រញ៉ាញ់ ស្ពៃក្តោប ត្រប់វែង ត្រប់ខ្លី ត្រប់ពុតញង ម្ទេសប្លោក ត្រសក់ស្រូវ ត្រសក់ផ្អរ សណ្តែកួរ ប៉េងប៉ោង ត្រួយស្វាយ ត្រួយសាម៉ាវព្រៃ ត្រួយដំឡូង ត្រួយរាំង ត្រួយព្រីង ត្រួយកន្ទុំថេត ត្រួយននោង ត្រួយល្ពៅ ត្រួយន្ទួត ត្រយ៉ូងចេក បណ្តូលចេក ផ្លែចេកខ្ចី ស្លឹកផ្ទីរ ស្លឹកបាស សណ្តែកបណ្តុះ សាឡាត់ ស្លឹកជីគ្រប់មុខ ផ្លែល្ហុង ផ្កាល្ហុង ននោងខ្ចី ពពាយ ស្វាយខ្ចី ផែ្លអំពិលខ្ចី ច្រាច់ ស្លឹកជម្លូរ ក្រសាំងទាប ត្រួយម្ទេស ខ្នុរខ្ចី មើមខ្ញី ផ្កាដំបងយក្ស ផ្កាកំប្លោក ត្រួយកណ្តៀង ត្រួយរលួស ជន្ទល់ភ្នំ ស្វាយអន្លក់ ច្រវ៉ាទូក ត្រួយស្មាច់ ស្លឹកងប់ ស្លឹកកន្ទ្រង់ ស្លឹកកន្ទ្រោប ស្លឹកម្រះ ផ្លែប៉េងប៉ោះ ផ្លែម្រះខ្ចី ននោងពស់ ននោងជ្រុង សណ្តែកបារាំង ខ្ទឹមបារាំង ត្រួយដំឡូង ត្រួយម្កាក់ (ស្រុក-ព្រៃ) ត្រួយជើង មាន់ ត្រួយម្ទេសព្រៃ ត្រួយអង្គារ៍ដី ស្នៀតពោត ផ្ទីរគ្រប់មុខ ផ្លែត្នោតខ្ចី ភ្នំភ្នែង ត្រួយវល្លិ៍តាអើក ស្ពៃជើងទា កន្ទីងរីង ក្រអៅឈូក ផ្កាអង្គារ៍ដី ត្រួយស្វាយចន្ទី ស្ពៃបុចយ ផ្កាល្ពៅ ផ្លែដំបែក ក្តិបស្វាយ ដើមចង្វារ ដើមចង្វារទូក ស្លឹកល្ងៀង ប្រម៉ាត់ដី ស្លឹកណ្តៀង ត្រួចច្រែះ ត្រពាំងចិន ត្រួយស្លឹកឈូក ននោងក្រអូប សំបកក្រូចឆ្មា ក្តិបត្រឡាច ស្គន់ ម្អម ផ្កាក្ងោក ត្រួយលៀប ត្រួយពោធិ ត្រួយជ្រៃត្រួយរលួស(ស្រុក) ត្រួយស្វាយ។ ស្លឹកអណ្តាតត្រកួត ស្លឹកអង្គាញ់ (ស្រុះសិន



កំណព្យវប្បធម៌ខ្មែរ ៖ នំគ្រក់ខ្មែរ
បទពាក្យប្រាំពីរ
1. នំគ្រក់នំលក់នៅស្រុកខ្មែរ ឈ្ងុយឆ្ងាញ់ហូរហែម៉ែផលិត
ផ្សំពីគ្រឿងម្ស៉ៅអង្គរពិត ស្រូវខ្មែរថេរឋិតនៅស្រុកខ្មែរ។
2. នំគ្រក់ជានំនាំសំណាង ជានំតំណាងវប្បធម៌ដែរ
នំនាំសេរីគ្រប់ក្រុងស្រែ បានហូបចង់ថែឲ្យគត់យូរ។
3. នំគ្រក់ខ្មែរចូលចិត្តគ្រប់គ្នា ហូបមិនរួញរានំគំរូ
នំតំណាំងសុខស្នេហ៍ទាំងគូ នំមិនរអ៊ូចេះផ្គាប់ម្ចាស់។
4. នំគ្រក់នំលក់ពេលរសៀល នំនាំប្រាក់រៀលសុខកើនច្បាស់
នំនាំញាតិផៅជុំមិនខ្វះ នំនាំអ្នកខ្លះផុតទុក្ខា។
5. នំគ្រក់ស្រុកខ្មែរថែមខ្ទិះដូង ក្លិនជះជើងត្បូងភូមិខេមរា
នំគ្រក់ថែទាំសុខភាពតា យាយដែរផងណាព្រោះនំគ្រក់។
6. ម៉ែខិតខំធ្វើដោយផ្ទាល់ដៃ ទឹកចិត្តប្រពៃទាំងវីវក់
រងកំដៅភ្លើងព្រោះនំគ្រក់ ចិត្តដិតដាមជក់ចាក់ចែកចាយ។
ភ្នំពេញល្ងាចថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១១


កំណាព្យ ទឹកអំពៅខ្មែរ បទកាកតិ
1. ទឹកអំពៅខ្មែរ ដើមដុះនៅស្រែ ចំការដីខ្ញុំ
ពុកម៉ែខំដាំ ចំណូលផ្សែផ្សំ សូមស្រស់ស្រីមុំ
សាកមើលមួយកែវ។
2. ទឹកអំពៅខ្មែរ រាស្ត្រខំធួនថែ ខំពូនចូកចែវ
នាំនាវាខ្មែរ ជ្រោងខ្ពស់ដូចថែវ ថ្នាក់ថ្នមដូចកែវ
តម្លៃដូចពេជ្រ។
3. ទឹកអំពៅខ្មែរ បានភ្លក់លែងប្រែ លែងចោលលែងភ្លេច លែងទុកទំនេរ ដីកេរព្រៃព្រិច ដីសល់ច្រើនតិច
ខំដាំយកផល។
4. ទឹកអំពៅខ្មែរ រសជាតិមិនប្រែ សុខភាពមិនខ្វល់ ហូបតិចសុខច្រើន ណាស្រស់និមល មិននាំអំពល់
ដូចផលផន់គេ។
5. ទឹកអំពៅខ្មែរ រសពីស្រុកស្រែ ថែមិនគ្នាន់គ្នេរ ថែអស់ផៅញាតិ មិនឲ្យឃ្លាតទេ ថែយើងថែគេ
ព្រោះរសបរិសុទ្ធ។
6. ទឹកអំពៅខ្មែរ នៅក្រុងនិងស្រែ ថែបានគត់មុត
មិនដាក់គីមី ជីធម្មជាតិសុទ្ធ អ្នកហូបគេចផុត
ជំងឺតំកាត់់។
7. ទឹកអំពៅខ្មែរ ស្រអែមមាសស្នេហ៍ រាក់ទាក់គ្រប់ម៉ាត់ ញាតិមកពីឆ្ងាយ ទៅមកឆ្លងកាត់ រាក់ទាក់មិនស្ងាត់
ពូជខ្មែរកូនល្អ។
8. ទឹកអំពៅខ្មែរ ឆោមស្រស់មាសមេ នារីស្មោះស មិនចោលប្រពៃ ណីដ៏បវរ អនាម័យល្អ
ថ្នមចិត្តអ្នកទិញ។
9. ទឹកអំពៅខ្មែរ ស្រងាំមាសស្នេហ៍ ចាំចិត្តវិលវិញ ផឹកបានមួយដង ចិត្តប៉ងទន្ទេញ ចាំថ្ងៃវិលវិញ
ជួបទៀតអំពៅ។
ភ្នំពេញព្រលឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស

កំណាព្យ សម្រស់ភ្នំសំពៅ បទកាកគតិ
1. នៅបាត់ដំបង ទេសភាពម៉ត់ហ្មង ស្រុកស្រែខ្មែរយើង គន់មើលពីកើត គន់មើលពីជើង ភ្នំខ្ពស់យសថ្កើង
ដូចអង្គរខ្មែរ។
2. បែរមុខទៅកើត ក្បាលខ្ពស់ច្រអើត កណ្តាលវាលស្រែ
មើលចំពីមុខ ហាក់មានមន្តស្នេហ៍ ល្អឆើតកើនទ្វេ
ភ្នំសំពៅខ្មែរ។
3. មានស្រែត្រពាំង មានបឹងជ្រៅខ្លាំង ប្របនឹងផ្ទះដែរ
មានចំការធំ ល្វឹងល្វើយហូរហែ ស្រណោះម្លេះទេ
រដូវរាយមង។
4. មងប្រាំងវស្សា តពីដូនតា ខ្មែរមិនរំលង
មានរាយសន្ទូច មានច្បូកអួនផង មានឈ្នាងព្រាំជង
ក្រឡាថែត្រី។
5. មានទាំងសំណាញ់ មានជុជវល្លិ៍វេញ មានទ្រូលាន់ស្បៃ ដាក់យកអន្ទង់ បង់អូសយកត្រី ចិត្តគិតរំពៃ
ទុកពូជក្រោយទៀត។
6. ទេសភាពត្រកាល វាលក្រហមច្រាល ទេសភាពមិនឃ្លាត នាំយកសម្រស់ មកឲ្យខ្មែរទៀត ចិត្តខ្មែរថែញាតិ
គ្រប់សម័យកាល។
ភ្នំពេញថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស


កំណាព្យវប្បធម៌ខ្មែរ៖ ប្រយោជន៍កំប្លោក
បទពាក្យ ប្រាំពីរ
1. កវីខ្ញុំបាទសូមរៀបរាប់ ទ្រព្យដ៏គួរគាប់កំប្លោកខ្មែរ
ដុះអណ្តែតទឹកដីកេរម៉ែ ពុកខិតខំថែព្រោះយល់ច្បាស់។
2. ពុកយល់កំប្លោកថាថ្លាថ្លៃ ប្រយោជន៍ច្រើនក្រៃយ៉ាងជាក់ច្បាស់
ជាប្រភេទស្មៅដុះក្នុងស្រះ ខ្មែរយើងច្រើនណាស់ស្គាល់ពិសី។
3. ឱផ្កាកំប្លោកដុះក្នុងបឹង ឃើញស្រស់បែបហ្នឹងនឹកដល់ស្រី
កូនកសិករឃ្វាលក្របី ស្រស់ឆោមពិសីគាប់ចិន្តា។
4. កាលនៅពីក្មេងបងនិងម៉ុម ធ្លាប់ហូបជួបជុំម្ហូបខេមរា
ទឹកគ្រឿងអន្លក់កំប្លោកផ្កា ហូបឆ្ងាញ់អស្ចារ្យកណ្តាលស្រែ។
5. កំប្លោកអ្នកមានគុណច្រើនក្រៃ ខ្មែរខំលកលៃជាហូរហែ
ស្លឹកយកខ្ចប់នំធាងធ្វើខ្សែ ឫសវិញអ្នកស្រែយកធ្វើជី។
6. ដៃធាងខ្ចីស្លបានច្រើនមុខ ជន្លក់ប្រហុកឆ្ងាញ់វក់វី
ស្លម្ជូរកូនត្រីឆ្ងាញ់គ្មានពីរ រួមញាតិគ្រប់ទីស្នេហ៍កំប្លោក។
7. ដើមចាស់ហាលស្ងួតច្នៃធ្វើស្មុក សំពៀតនាំសុខខ្សែចងដោក
ជាខ្សែចែវចំណងកំប្លោក ចងនំថ្លៃថោកជាប់បានល្អ។
8. ស្លឹកខ្ចប់នំគមនំផ្លែអាយ ខ្ចប់ណែមជិតឆ្ងាយខ្ពស់បវរ
ទាក់ទាញទឹកចិត្តអស់ទេសចរ មានចិត្តសាទរទ្រព្យកំប្លោក។
9. ឫសខ្ចីជាចំណីសត្វទឹក សត្វធាត់សន្ធឹករស់ផុតរោគ
ព្រោះបានចំណីពីកំប្លោក សត្វខ្មែរមិនថោករស់សុខសាន្ត។
10. ស្លឹកខ្ចីជាចំណីសត្វក្របី គោផងណាថ្លៃស្រស់ចំណាន
ពួកវាចូលចិត្តគ្រប់សណ្តាន ទោះនៅភូមិឋានណាក៏ដោយ។
11. ផ្កាលំអដល់ធម្មជាតិ រក្សារៀងរាបមិនឲ្យរោយ
ដាស់អស់ទេចរស្នេហ៍ពាន់រយ ជ្រោមស្ទួយខ្ពស់ឲ្យផុតអស់ឋាន។
12. កំប្លោកជាចំណីសត្វស្លាប មានមាន់កាបកាបទាស៊ីបាន
ចំណីចំណេញកសិដ្ឋាន ចិញ្ចឹមឆាប់បានលក់យកសាច់។
13. កំប្លោកមានប្រយោជន៍ច្រើនទៀត ខ្មែរអើយសូមឆ្លៀតត្រៀមជាស្រេច
ទាញផលពីវាឲ្យល្អល្អាច់ បង្កើនសេដ្ឋកិច្ចឈប់ជួបរោគ។
14. ខ្ញុំនឹកកំប្លោកព្រោះខ្ញុំខ្មែរ ជាកូនអ្នកស្រែសែនវិយោគ
បានឃើញខ្មែរខ្លះភ្លេចកំប្លោក ទុកចោលមិនយកមកប្រើការ។
15. ខ្មែរអើយភ្ញាក់ឡើងខំលកលៃ ប្រឌិតផ្សំច្នៃកេរដូនតា
តម្លៃច្រើនណាស់ស្រស់ជីវ៉ា ខ្ពស់ស្មើវេហាត្រូវការពារ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ រសៀលថ្ងៃ០៤ មិនា ២០១១
1. កំប្លោក ជាឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកៀតដុះអណ្តែតទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន ដើមនិងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួត អាចប្រើការបានច្រើនយ៉ាងគឺ វេញជាខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើសំពៀត។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត

កំណាព្យ ប្រយោជន៍ផ្លែត្នោតខ្ចី
បទពាក្យប្រាំបី និង ប្រាំពីរ
1. រៀមបេះត្នោតខ្មែរដោយហត្ថទាំងទ្វេ ជូនពៅមាសមេធ្វើជាបង្អែម
លៃលកយ៉ាងណាជីវ៉ាបន្ថែម រសជាតិសាបផ្អែមតាមចំណង់ចិត្ត។
2. បង្អែមផ្លែត្នោតរសជាតិប្លែក អ្នកស្រុកលៃចែកជូនញាតិមិត្ត
មួយចានពីរចានផុសពីចិត្ត ខ្មែររាប់អានមិត្តតសាវតា។
3. បានហូបបង្អែមឆ្ងាញ់រកគ្មាន បានទទួលពានញាតិស្នេហា
ហូបហើយហូបទៀតអស់ខេមរា ក្រុងស្រែចំការហូបរាល់ថ្ងៃ។
4. បង្អែមត្នោតខ្មែរថ្លៃសមរម្យ ទាក់ចិត្តមាសមុំស្រស់ថ្លាថ្លៃ
ភ្ញាក់អស់ទេសចរច្រើនក្រាស់ក្រៃ គិតខំលកលៃហូបឲ្យបាន។
5. បង្អែមត្នោតខ្មែរលាយខ្ទិះដូង ក្លិនហើរជើងត្បូងទាក់សន្តាន
មកណេះខ្ញុំសូមហូបមួយចាន ថោកថ្លៃប៉ុន្មានក៏ភ្លក់ដែរ។
6. សាច់ផ្លែត្នោតខ្ចីសល់ទុកស្ល កកូរវឹកវរតហូរហែ
ត្នោតផ្តល់រសឆ្ងាញ់ឲ្យកើនទ្វេរ ជីវិតអ្នកស្រែមិនភ្លេចត្នោត។
7. បង្អែមត្នោតខ្មែរមានច្រើនមុខ ជូនយាយតាពុកម៉ែពិសោធ
មានមុខបបរលាយគ្រាប់ត្នោត មានទាំងគ្រាប់សោតសុទ្ធមិនលាយ។
8. បើបានហូបហើយសូមកុំភ្លេច ដួសដាក់ខ្ចប់វេចជាសម្ពាយ
ផ្ញើដល់បងប្អូននៅស្រុកនាយ ស្រុកអាយបានភ្លក់រសផ្លែត្នោត។
សហអ្នកនិពន្ធ៖ សុខ គឹមហេង និង យី ឆេងអ៊ួ (ប៉េង) ថ្ងៃទី
២៤-២៥ ខែ កុម្ភៈ ឆ្នាំ ២០១១





កំណាព្យ សង្ឃឹមខ្ទមខ្មែរ
បទកាកគតិ

1. ឱខ្ទមកំសត់ ខ្ទមនៅជនបទ អ្នកទ្រុឌទ្រោមម្លេះ
ពេលបានឃើញអ្នក ទ្រូងខ្ញុំស្ទើរប្រេះ ក្តៅងំស្ទើរឆេះ
គ្មានថ្នាំព្យាបាល។
2. ខ្លួនអ្នកតូចពិត តែអ្នកមានចិត្ត ធំក្រៃមហាសាល កាលអ្នកនៅឈរ កិរិយាច្រាល ស្ទុះស្ទារឈឺឆ្អាល់
សង្គ្រោះរូបខ្ញុំ។
3. ពេលនេះអ្នកដួល ព្រោះគ្មានជន្ទល់ ទប់មូរប្រមុំ
ឲ្យបានរឹងមាំ ដូចជាពេលមុន ថ្ងៃនេះស៊យស៊ុន
លែងបានជ្រកទៀត។
4. នេះហើយជីវិត កសិករពិត ជីវិតឃ្លៀងឃ្លាត ឆ្ងាយពីក្តីសុខ មិនដូចគេទៀត រស់នៅជ្រកជ្រៀត
ហូបតែមួយថ្ងៃ។
5. សង្ឃឹមសប្បុរស ហាក់មិនឃើញសោះ ជួយចូលបច្ច័យ ជួយសង្គ្រោះអ្នក ឲ្យបានប្រពៃ រឹងមាំដូចថ្ងៃ
មុនទេណាអ្នក។
6. តែទោះយ៉ាងនេះ សូមអ្នករេរិះ សង្ឃឹមជឿជាក់
ជីវិតត្រូវស៊ូ កុំបីធ្លោយធ្លាក់ មិនយូរទេអ្នក
នឹងរុងរឿងហើយ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ រសៀល ថ្ងៃ០៨ មីនា ២០១១









កំណាព្យ ខ្មែរពូជអ្នកកសិកម្ម
បទពាក្យប្រាំពីរ
1. រដូវដកស្ទូងមកដល់ហើយ បងប្អូនខ្មែរអើយខំរូតរះ
ដួសបាយដាក់ល្អីដាំនៅផ្ទះ ដងទឹកក្នុងស្រះជិតភូមិយើង។
2. បរគោថ្មើរជើងគ្មានបង្អង់ រំពៃផ្ចិតផ្ចង់ឆ្ពោះទៅជើង
ជួយដកសំណាបពុកម៉ែយើង សំណាបក្រាស់ស្តើងតាមប្រភេទ។
3. ដកពីព្រលឹមទល់ព្រលប់ ដកយូរនឿយឈប់ស្របតាមហេតុ
ទាញបាយកញ្ជើរហូបមួយឆ្អែត ពេលថ្ងៃក្រលែតរះត្រង់ក្បាល។
4. ឆ្លៀតពេលសម្រាកទាញសៀវភៅ អានពីរឿងរ៉ាវន័យធ្ងន់ស្រាល
អានមួយស្របក់ចប់មួយក្បាល ក្រោមស្នាយចារច្រាលម្លប់ត្រឈៃ។
5. ថ្ងៃជ្រេបន្តិចមិនបង្អង់ ពុកម៉ែស្រោចស្រង់មុខលកលៃ
ដាស់តឿនកូនៗឲ្យឆ្លាតវៃ ក្រោកពីម្លប់ព្រៃដកបន្ត។
6. ដកហើយដកទៀតចិត្តសង្ឃឹម ផលខ្ពស់ត្រដឹមចិត្តអំណរ
សន្ទូងស្រែយើងនឹងលាស់ល្អ ប្រជាកសិកមរខ្មែរខ្ពស់ថ្កើង។
7. ដកហើយដកទៀតចិត្តសង្ឃឹម ផលខ្ពស់ត្រដឹមសែនសារទរ
សន្ទូងស្រែយើងនឹងលាស់ល្អ ប្រជាកសិករខ្មែរខ្ពស់ថ្កើង។
8. ពូជខ្មែរអ្នកល្បីកសិកម្ម រីករាយម៉ឺនឆ្នាំពូជខ្ពស់ឡើង
ខ្មែរពូជឧស្សាហ៍ឆ្លាតមិនស្តើង ខំជ្រោងខ្ពស់ឡើងគ្រប់ៗគ្នា។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១១




កំណាព្យ ទុក្ខខ្មែរឥលូវ
បទពាក្យ ប្រាំពីរ

1. ផ្ទះខ្ទមកំសត់កំនត់ហូរហែ ទាំងចំការស្រែក្រុងដែរណាមិត្ត
អ្នកក្រដេកដីអ្នកមានរួមរឹត ឆក់យកជីវិតឲ្យតែខ្លួនមាន។
2. មិនខ្វល់អ្នកណាថាមានឬក្រ ឲ្យតែខ្លួនល្អបានផុតពីស្ពាន
អ្នកក្រោយលំបាករាប់រយសែនលាន ឲ្យតែខ្លួនមានហ៊ឺហារបានហើយ។
3. មិនខ្វល់សុខទុក្ខខ្មែរទាំងនគរ សង្គមវឹកវរហែកហួរឥតស្បើយ
ក្រហើយអវិជ្ជាទៀតណាមិត្តអើយ សូមជ្រាបឲ្យហើយនេះជាទុក្ខខ្មែរ។
4. ទុក្ខគ្មានគេរាប់ទុក្ខគ្មានជំរក ទុក្ខរស់ជ្រៀតជ្រកទុក្ខខ្វះដីស្រែ
ទុក្ខខ្វះវិជ្ជាទុក្ខក្រហូរហែ ទុក្ខគ្មានគេថែព្រោះខ្វះប្រាក់ចាយ។
5. ទុក្ខនៅផ្ទះខ្ទមប្រក់ស្បូវចំការ ទុក្ខអស់ខេមរាទុក្ខមុខសប្បាយ
ទោះខ្លួនជួបទុក្ខមុខនៅពព្រាយ តែបើបរិយាយវែងឆ្ងាយណាស់មិត្ត។
6. សូមស្លេះរឿងទុក្ខត្រឹមណេះសិនចុះ សូមញាតិស្រីប្រុសបែរនាំមកគិត
រកក្បួនដោះស្រាយឲ្យបានឆ្ងាយពិត ឲ្យខ្មែររស់ជិតភាពសុខចម្រើន។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ
ភ្នំពេញ ព្រលឹមថ្ងៃ០៤ មិនា ២០១១








កំណាព្យ ប្រយោជន៍នៃការអាន
បទពាក្យប្រាំពីរ
1. អានច្រើនចេះច្រើនកើនវិជ្ជា អានរាល់ទិវាពិតប្រពៃ
វេលាចង្អៀតឆ្លៀតលកលៃ អានច្រើនប្រាជ្ញវៃមុតភ្លឺថ្លា។
2. អានច្រើនយល់ច្រើនកើនដំណឹង ទីដែលចង់ដឹងក្នុងចិន្តា
ទោះមិនដែលឃើញផ្ទាល់នេត្រា អានច្រើនកាលណាហាក់ទៅដល់។
3. អានច្រើនដឹងច្រើនកើនចំណេះ ជាយានពិសេសរត់លើថ្នល់
ស្រាយអាថ៌កំបាំងស្រាយចម្ងល់ ចំណោទកង្វល់អស់ព្រោះអាន។
4. អំណានជាផ្លូវនាំជីវិត រុងរឿងល្អពិតពុំប្រាសប្រាណ
ភោគផលពុំអាចកាត់ថ្លៃបាន បរវរក្សេមក្សាន្តប្រពៃពិត។
5. បណ្តាំដូនតាចាំណាពៅ ចូរយកសៀវភៅធ្វើជាមិត្ត
អានច្រើនចេះច្រើនកើនគំនិត វែងខ្លីឆ្ងាយជិតពិតស្មោះសរ។
6. ទោះក្រោមដំបូលរុក្ខជាតិ សំភីខ្មីឃ្មាតអានបន្ត
ស្តើងក្រាស់ចាស់ថ្មីនៅតែល្អ ភ័ក្រ្តស្រស់បវរចងចាំទុក។
ភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ ជីម វ៉ាតធីតា គ្រូភាសាខ្មែរ










កំណាព្យ អាន
បទពាក្យ ប្រាំពីរ
1. អានសៀវភៅឈ្នះអវិជ្ជា ឈ្នះគ្រប់វេលាគ្រប់ញាតិផៅ
បានអានស្រាយអស់ភាពហ្មងសៅ ដែលសល់ទុកនៅក្នុងចិន្តា។
2. បានអានសៀវភៅនាំសេរី ស្គាល់អស់ដែនដីក្នុងលោកា
កម្ពុជាអាមេរិកកាណាដា ខ្ពស់ស្មើវេហាឆាប់ទៅដល់។
3. បានអានសៀវភៅឆាប់ស្គាល់គ្នា ស្គាល់អស់ទេវតាគ្មានពិភាល់
មនុស្សសត្វក្នុងលោកស្រស់និមល ប្រេតទៀតគ្មានសល់ព្រោះសៀវភៅ។
4. បានអានសៀវភៅបាត់អផ្សុក អានច្រើនលះទុក្ខឲ្យអស់ទៅ
ចេះស្រាយបញ្ហាតាមសៀវភៅ ដឹងសុខទុក្ខចៅព្រោះបានអាន។
5. បានអានសៀវភៅដឹងប្រវត្តិ ពាក្យស្បែពាក្យស្បត់ពីបុរាណ
ដឹងកេរ្តិ៍មត៌កស្គាល់សន្តាន ដឹងភាពក្សេមក្សាន្តភាពអន្តរាយ។
6. បានអានលិខិតយល់សិល្ប៍សាស្ត្រ យល់វិជ្ជាច្បាស់ហ៊ានបរិយាយ
យល់ខាតចំណេញយល់ជិតឆ្ងាយ ចេះបញ្ចៀសឆ្ងាយពីពាលា។
7. បានអានសៀវភៅយល់ព្រះធម៌ យល់ដីសណ្តរយល់វិជ្ជា
យល់ធម៌សង្គ្រោះដល់ផងគ្នា យល់ច័ន្ទអង្គារ៍ពុធសុក្រសៅរ៍។
8. បានអានយល់ពីអក្សរសាស្ត្រ អានបានយល់ច្បាស់ឈប់ល្ងង់ខ្លៅ
បានអានយល់អស់ត្រជាក់ក្តៅ បានអានជួយចៅបានដេកលក់។
9. អានហើយអានទៀតអានកុំឈប់ អានរាល់ថ្ងៃយប់កុំទំនេរ
អានគ្រប់ទីក្រុងចំការស្រែ អានភាសាខ្មែរគំរួចៅ។
10. ខំអានអស់មាមីងពុកម៉ែ អាននៅក្រុងស្រែ ជៀសល្ងង់ខ្លៅ
អានច្រើនដើម្បីបានឆ្ពោះទៅ ប្រាជ្ញាឆ្អិនឆ្អៅខ្ពស់បវរ។
11. អានច្រើនដឹងច្រើនបាត់អផ្សុក អានច្រើនកើនសុខញាតិសាទរ
អានច្រើននាំមកការងារល្អ អាននាំអ៊ូអរគ្រប់ច្រកផ្លូវ។
12. អានច្រើនយល់ច្រើនសូមញាតិចាំ អានរាល់ខែឆ្នាំរាល់រដូវ
អានគ្រប់វេលាដែលសល់នៅ អានរហួតទៅថ្ងៃបរលោក។
ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស


កំណាព្យ ឆ
បទពាក្យប្រាំពីរ
1. ឆឆាប់រិះគិតឆាប់ឆ្ពោះដល់ ឆមិនដែលខ្វល់ឆោតឆេវឆាវ
ឆឆាន់ក្នុងវត្តមិនគិតផៅ ឆនោះគេហៅឆៅតម្រា។
2. ឆឆាប់រៀនអានឆឆាប់យល់ ឆឆាប់ដឹងកលព្រោះឧស្សាហ៍
ឆឆាប់បានជួយជាតិខេមរា ឆឆាប់ឆ្លាក់ចារថ្លាគំនិត។
3. ឆឆាប់ធ្វើការពីព្រលឹម ឆឆាប់សង្ឃឹមទាញមកជិត
ឆឆាប់ត្រួសត្រាយជួយឲ្យស្និត ឆឆាប់ស្រាយពិតទុក្ខអាត្មា។
4. ឆឆាប់សរសេរតែងនិពន្ធ ឆឆាប់និមន្តលោកទេសនា
ឆឆាប់រៀនគិតស្រាយតម្រា ឆឆាប់ស្នេហាបណ្ឌិតប្រាជ្ញ។
5. ឆឆាប់និយាយតែពាក្យល្អ ឆឆាប់ជួយទ្រខ្មែរអង់អាច
ឆឆាប់គិតអ្វីឲ្យស្រេចបាច់ ឆឆាប់រត់គេចពីបារី។
6. ឆ រៀនរៀបឬកចរិយា ឆ នាំអាត្មាពណ្ណរង្សី
ឆកុំឆខ្លាំងនាំសេរី ឆកុំគប្បីឆអន្ធពាល។
7. ឆឆាប់ស្រាវជ្រាវឆឆាប់យល់ ឆឆាប់រុករុលឆាប់ដល់វាល
ឆឆាប់ច្រូតស្មៅឆាប់ពេញជាល ឆឆាប់ខ្វាលគោគោឆាប់ឆ្អែត។
8. ឆឆាប់អប់រំទាន់ថ្មីៗ ឆឆាប់ដាស់ដីចុងខែចែត្រ
ឆឆាប់សាបព្រោះគ្រប់ស្រុកខេត្ត ឆឆាប់បណ្តែតមងវស្សា។
9. ឆឆាប់បង្កើតគ្រឿងសិប្បកម្ម ឆឆាប់ផ្តែផ្តាំដល់ខេមរា
ឆឆាប់លើកស្ទួយកេរ្តិ៍ដូនតា ឆឆាប់រក្សាអស់ដែនដី។
10. ឆឆាប់ញញឹមរកញាតិមិត្ត ឆឆាប់រិះគិតជំនួញថ្មី
ឆឆាប់ឈ្មុសឈ្មុលកាប់គាស់ដី ឆឆាប់បុកដីដាំដំណាំ។
11. ឆឆាប់បង្រៀនខ្មែរឲ្យចេះ គ្រប់អស់តំរិះរុក្ខកម្ម
ផ្សព្វផ្សាយបន្តដល់ម៉ឺនឆ្នាំ ពូជកសិកម្មឲ្យវឌ្ឍនា។
12. ឆឆាប់រៀបចំគ្រោងជីវិត ឆឆាប់ឲ្យសិទ្ធមនុស្សផងគ្នា
ឆឆាប់ក្លាហានមិនរួញរា ឆឆាប់កាប់ឆ្ការដើម្បីខ្មែរ។
13. ឆឆាប់ភ្ញាក់ខ្លួនពីលោភៈ លះបង់ទោសៈមោហៈដែរ
តាមបណ្តាំព្រះពុកនិងម៉ែ ក្តីសុខមិនប្រែទេព្រះស្តែង។
14. ឆឆាប់ក្រោកឡើងពីដំណេក ឆឆាប់ពុនរែកទូលលីសែង
ឆឆាប់ពឹងពាក់លើខ្លួនឯង ឆនេះមិនវែងក្តីលំបាក។
15. ឆឆាប់ចាប់យកក្រមសីលធម៌ ឲ្យខ្ពស់បវរដូចហ៊ឹងស្កាក
ខ្ពស់ផុតលើក្បាលតំកល់ដាក់ ព្រះពុទ្ធរូបឆ្លាក់ក្នុងលំនៅ។
16. ឆឆាប់ចូលគេងពីព្រលប់ ឆឆាប់ត្រលប់ពីស្រុកក្រៅ
ឆឆាប់ជួយខ្មែរក្រែងខ្មែរខ្លៅ ឆឆាប់ជួយចៅដែលរងទុក្ខ។
17. ឆឆាប់រូតរះទាន់រដូវ ឆឆាប់នាំផ្លូវកូនអ្នកស្រុក
ឆឲ្យឆាប់ដើរក្នុងផ្លូវសុខ ឆឆាប់ខ្ពស់មុខព្រោះយល់ច្បាស់។
18. ឆឆាប់លក់ដូរទាន់នៅព្រឹក ឆឆាប់រំលឹកមេរៀនចាស់
ឆឆាប់ទទួលពាក្យល្អល្អះ ឆឆាប់ថែចាស់កុំឲ្យស៊ុន។
19. ឆឆាប់ដាំដុះឈើហូបផ្លែ ឆឆាប់ថ្នមថែកូនប្រពន្ធ
ឆឆាប់ធ្វើអ្វីល្អបានមុន ឆឆាប់រែកពុនថែគ្រួសារ។
20. ឆឆាប់លះបង់ខ្ជិលច្រអូស ឆឆាប់លះចុះពាក្យមុសារ
ឆឆាប់យកធម៌តាមអាត្មា ឆឆាប់ទៅរ៉ាចោលពាក្យឈ្លោះ។
21. ឆឆាប់កែប្រែភាពខុសឆ្គង ឆឆាប់រំលងពាក្យទ្រគោះ
ឆឆាប់ជៀសឆ្ងាយពីរឿងឈ្លោះ ឆនោះឈ្មោះថាឆបានសុខ។
22. ឆឆាប់យកពាក្យដូនតាខ្មែរ ឆឆាប់បែកបែរពាក្យនាំទុក្ខ
ឆឆាប់ចងចាំពាក្យម៉ែពុក ឆឆាប់នាំសុខឲ្យប្រពន្ធ។
23. ឆឆាប់ចចារនឹងឆោមឆាយ ឆនាំសប្បាយឲ្យដូចមុន
ឆអ្វីឲ្យល្អឆទន់ភ្លន់ ឆដេញទារុណឲ្យឆ្ងាយឆាប់។
24. ឆឆ្លាស់ពាក្យពេចន៍ឲ្យពិរោះ ឆលេងឲ្យស្មោះជាប្រញាប់
ឆឲ្យលីណាបានសាស័ព្ទ ប្អូនហេងសូមស្តាប់ឈប់ឆខុស។
25. ឆឆាប់ជួយគ្នាគ្រាមានទុក្ខ ឆឆាប់វាយលុកខ្មាំងសត្រូវ
ឆឆាប់រុញវាឲ្យឆ្ងាយទៅ ឆឆាប់ត្រាយផ្លូវកូនចៅយើង។
26. ឆឆាប់ពិនិត្យរកហេតុផល ឆឆាប់បានយល់ពាក្យផ្កុំថ្កើង
ឆឆាប់ដាំដុះស្រូវស្រែយើង ឆឆាប់កើតកើនយសទទួល។
27. ឆចេះលៃលកឆ្អែតក្រពះ ឆប្រឹងយកឈ្នះឆេះឆាបឈួល
ឆកុំឆេវឆាវនាំរមួល ឆពោះព្រួលៗឆឆាប់ខឹង។
28. ឆឆាប់ជំរុះភាពហ្មងសៅ ឆឆាប់ជួយពៅស្រស់ព្រលឹង
ឲ្យចេះរៀនរកខ្លាំងដូចសឹង្ហ ឆឆាប់ឡើងវឹងខ្ពស់ថ្កុំថ្កើង។
29. ឆខ្ញុំមិនកាចណាជីវ៉ា ឆឆ្លាតដូចតាខេមរាយើង
ឆឆាប់សាងសង់ខ្មែរត្បូងជើង ឆឆាប់ស្ទុះឡើងខ្មែរទាំងឡាយ។
30. ឆឆាប់គេចពីល្បែងស្រីស្រា ឆនោះគេថាមិនលីលា
ឆឆាប់យល់ចិត្តញាតិផងគ្នា ឆនោះគេថាឆមិនស្តាយ។
31. ឆនេះនៅស្ទើរមិនទាន់អស់ ឆស្អាតល្អក្បោះឆឆើតឆាយ
ឆវីឆវ័ន្តឆដូចម្តាយ ឆឆាប់និយាយពាក្យទន់ភ្លន់។
32. ឆឆាប់ទទួលយល់ខុសត្រូវ ឆនេះមិនសូវជាស៊យស៊ុន
ឆនេះដូចជាឆពីមុន ឆផុតអាសន្នគួរតំកល់។
33. ឆឆាប់សាងសង់ផ្ទះឲ្យខ្ពស់ ឆឆាប់ស្រាយអស់នូវចម្ងល់
ឆឆាប់កត់ត្រារាល់ពាក្យឆ្ងល់ ឆឆាប់ទៅដល់ព្រោះខំប្រឹង។
34. ឆឆាប់នៅមានន័យច្រើនទៀត ឆឈប់រាប់រៀបស្លេះត្រឹមហ្នឹង
ឆឆេងអ៊ួកាត់ចិនខ្មែរក្លឹង ឆដូចខ្ញុំហ្នឹងឆព្រោះខ្មែរ។
35. ឆនេះពិតជាឆបវរ ឆនាំអំណរដល់ពុកម៉ែ
ឆឆ្លាតឆឆ្លាក់ឆឆាប់កែ ឆនាំជាតិខ្មែរស្គាល់រុងរឿង។
ភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
សហអ្នកនិពន្ធ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ស PSE
និង សុខ គឹម ហេង បណ្ណារក្ស វិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា



កំណាព្យ អ និង ក (អក)
បទពាក្យប្រាំពីរ
1. នេះនឹងថ្លាថ្លែងពីសត្វអក ស្រែកគ្រប់ច្រកល្ហកអង្វរព្រាន
ឈប់បាញ់សម្លាប់ឈប់រុករាន រំលោភបំពានសត្វកេរខ្មែរ។
2. អកនៅទីនេះសុំអង្វរ អកសុំមនុស្សធម៌ដូចសត្វដែរ
អកសុំមេត្តាកូនចៅខ្មែរ រក្សាធួនថែអអានកកុំ។
3. អកសុំឲ្យខ្មែរថែឡើងវិញ អានសូត្រទន្ទេញចាប់អារម្មណ៍
ស្រាវជ្រាវរកឫសធម៌ឧត្តម អកអង្វរសុំខ្មែរកុំរេ។
4. អអានឲ្យបានគ្រប់សៀវភៅ កកុំទុកនៅពេលទំនេរ
អអានឲ្យយល់សាវតាខ្មែរ កកុំប្រួលប្រែពីមនុស្សធម៌។
5. អអានសរសេររួចជាស្រេច កកុំបំភ្លេចអស់ពូជវល្លិ៍
អអានឲ្យយល់អស់ន័យធម៌ កកុំបន្តពេលទំនេរ។
6. អអានឲ្យអស់ប្រវត្តិសាស្ត្រ កកុំផ្តេសផ្តាសចោលចង្អេរ
អអានភូមិសាស្ត្រខ្មែរយើងគេ កកុំរិះរេពាក្យបវរ។
7. អអានយល់ដឹងពីសាសន៍គេ កកុំគ្នាន់គ្នេរចោលសីលធម៌
អអានជ្រោងខ្មែរឲ្យបវរ កកុំបន្តពាលឫស្យា។
8. អអានឲ្យអស់ពីសិល្បៈ កកុំប្រលាក់ក្បត់សាវា
អអានបណ្តាំពីដូតា កកុំរក្សាមនុស្សខិលខូច។
9. អអានឲ្យអស់សីលវិជ្ជា កកុំរេរាការងារតូច
អអានឲ្យឆ្អិនកុំឲ្យខ្លោច កកុំប្រដូចការខុសខ្នាត។
10. អអានឲ្យអស់គ្រប់ភាសា កកុំខ្ជីខ្ជាត្រូវសង្វាត
អអានកត់ត្រាពាក្យត្រូវខ្នាត កកុំប្រមាថភូមិកំនើត។
11. អអានឲ្យអស់គំនិតថ្មី កកុំជេរស្តីមនុស្សមិនកើត
អអានឲ្យអស់កុំញញើត កកុំពើងពើតនឹងសត្រូវ។
12. អអានដើម្បីផ្តុំគំនិត កកុំប្រព្រឹត្តខុសម៉ែឳ
អអានដើម្បីអស់កូនចៅ កកុំចូលទៅទីងងឹត។
13. អអានដើម្បីការសិក្សា កកុំប្តេជ្ញាចោលពាក្យពិត
អអានស្រាវជ្រាវរកគំនិត កកុំប្រព្រឹត្តខុសច្បាប់រដ្ឋ។
14. អអានពីច្បាប់ឲ្យបានល្អ កកុំសាទរនឹងពាក្យព្រាត់
អអានពីអ្វីឲ្យប្រាកដ កកុំសន្មត់ឆាប់សន្និដ្ឋាន។
15. អអានឲ្យចៅបានសណ្តាប់ កកុំប្រាយប្រាប់ពាក្យមិនថ្កាន
អអានឲ្យយល់ពីសន្តាន កកុំប្រែប្រាណពីខ្មែរយើង។
16. អអានឲ្យក្មេងមានទម្លាប់ កកុំប្រសព្វពាលត្បូងជើង
អអានដើម្បីកូនចៅយើង កកុំនាំភ្លើងដល់មនុស្សជាតិ។
17. អអានដើម្បីអប់រំចិត្ត កកុំស្នេហ៍ស្និទ្ធខុសមារយាទ
អអានយល់អស់ល្បិចស៊កសៀត កកុំជួបទៀតអស់ទុក្ខភ័យ។
18. អ ក សុំស្លេះត្រឹមណេះចុះ សូមញាតិស្រីប្រុសត្រាប្រណី
កុំចាប់កំហុសព្រោះខ្ញុំខ្ចី កំណាព្យតែងខ្លីស្ទើរពិសោធន៍។
ភ្នំពេញ អធ្រាត្រ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ វាយតម្លៃអត្ថបទដោយ លោកព្រឹទ្ធាចារ្យ កវីឯក វ៉ែន សុន








កំណាព្យ ខខ្មែរ
បទពាក្យប្រាំពីរ
1. ខ្ញុំសូមវន្ទាដល់អស់លោក ដែលមានជ័យជោគឫទ្ធិចេស្តារ
សណ្តាប់ខខ្ញុំខខេមរា ខនោះយ៉ាងណាសូមតាមដាន។
2. ខខ្ញុំខខ្មែរខត្រីខ ខស្រស់បវរដួសដាក់ចាន
ខត្រីសាច់គោជ្រូកសន្តាន ខស្រស់ផុំផានខខាតបាយ។
3. ខខិតខំរៀនគ្មានទំនេរ ខខំខុសគេខស្តាប់ម្តាយ
ខខំស្តាប់គ្រូខំបរិយាយ ខនាំខ្មែរក្លាយជាល្បាញល្បី។
4. ខខ្ញុំខេមរាខំគ្រប់ស្រុក ខខំសម្រុកទាំងប្រុសស្រី
ខខ្ញុំខិតខំត្រាជោគជ័យ ខខំប្រពៃក្រលែងជិត។
5. ខខំសន្សំគិតលកលៃ ខនាំសេរីដល់ញាតិមិត្ត
ខខ្ញុំខខ្លាចសុញគំនិត ខខ្ញុំខំគិតជួយពុកម៉ែ។
6. ខខំរកស៊ីគ្រប់កិច្ចការ ខខ្ញុំរក្សាពូជអ្នកស្រែ
ខខំចងក្រងជាហូរហែ ខខំរៀនដែរខំជំនះ។
7. ខខំរៀនអានរៀនសរសេរ ខគ្មានទំនេរធ្វើការផ្ទះ
ខខំប្រឹងប្រែងរើបំរះ ខខំយកឈ្មះអស់ឧបគ្គ។
8. ខខំកត់ត្រារាល់គំនិត ខខំយោងយិតមិត្តក្លើម្រក្ស
ខខំស្ទុះស្ទារឡើងគ្រប់ថ្នាក់ ខខំថ្នមថ្នាក់ជនក្រីក្រ។
9. ខខំធ្វើការទាំងយប់ថ្ងៃ ខំគ្មានសំចៃខំឲ្យល្អ
ខខំលើកស្ទួយឲ្យបវរ ខំឲ្យខ្មែរល្អពេញបូរី។
10. ខខំលើកស្ទួយស្នាដៃខ្មែរ ខខិតខំថែខ្មែរគ្រប់វ័យ
ខខិតខំជួយឲ្យខ្មែរល្បី ខខំរែងស្ទៃផលបវរ។
11. ខខំបង្កើតគំនិតថ្មី ខំទាំងប្រុសស្រីខំបន្ត
ខខំជាតិខ្មែរទាំងខ្មៅស ខខំឲ្យល្អគ្រប់វេលា។
12. ខខំសន្សំបទពិសោធ ខខំក្រែងឆោតអវិជ្ជា
ខយើងខខំទាំងអស់គ្នា ខំទាំងចំការស្រែនិងក្រុង។
13. ខខំផលិតអស់ញាតិមិត្ត ខខំពិនិត្យទាំងក្រៅក្នុង
ខខំត្បាញដេរហូលសារុង ខខំវេញធ្លុងស្ទួយកេរ្តិ៍ឈ្មោះ។
14. ខខំស្ម័គ្រចិត្តជួយកុមារ ខខំសិក្សាឲ្យបានខ្ពស់
ខខំនាំយកកិត្តិយស ខខំនាំឈ្មោះល្បីឲ្យខ្មែរ។
15. ខខំបង្រៀនកូនចៅក្រោយ ខខំកុំឲ្យឆាប់បែកបែរ
ខខំរំលឹកវប្បធម៌ខ្មែរ ខខិតខំថែពាក្យព្រេងនាយ។
16. ខខំជំរុះពាក្យមុសារ ខខំខែមរាដូចតាយាយ
ខខិតខំសាងឲ្យថ្លាថ្លៃ ខខំកែច្នៃគំនិតថ្លា។
17. ខខំស្តាប់ឱវាទព្រះពុទ្ធ ខខំម៉ត់ចត់ជៀសមុសា
ខខំប្រជែងឲ្យថ្លៃថ្លា ខខំរចនាក្រោមដល់លើ។
18. ខខំប្រព្រឹត្តិអំពើល្អ ខខំអង្វរឈប់កាប់ឈើ
ខខំលើកទ្រើងខំលើកធ្នើ ខខំមើលលើទីសុវត្ថិភាព។
19. ខខំជីកសួររកឫសគល់ ខខំពន្យល់ឲ្យសុភាព
ខខំបាចទឹកឲ្យពេញប្រៀប ខខំជ្រាវទៀតពាក្យបណ្តៅ។
20. ខខំរកស៊ីទាំងយប់ថ្ងៃ ខំគ្មានសំចៃគិតក្នុងក្រៅ
ខខំដឹកនាំឲ្យឆ្ពោះទៅ ខខំសំដៅកើនសេដ្ឋកិច្ច។
21. ខខំញញឹមទៅរកភ្ញៀវ ខខំស្រាវជ្រាវពីកើតលិច
ខខំបណ្តុះឲ្យកើតប៉ិច ខខំមិនភ្លេចពីគុណធម៌។
22. ខខំធ្វើការងារស្ម័គ្រចិត្ត ខខំរិះគិតជួយអ្នកក្រ
ខខំជ្រោងខ្មែរឲ្យខ្ពស់ល្អ ខខំបន្តវេនជូនជាតិ។
23. ខខំយល់ចិត្តអស់ផងគ្នា ខខំមិនរាជួយស្ទួយញាតិ
ខខំបណ្តុះផ្សាំមារយាទ ខខំមិនឃ្លាតពីកូនចៅ។
24. ខខិតខំសាងធម៌សុចរិត ខខំឆ្ងាយពិតពីសត្រូវ
ខខំការពារឲ្យសល់នៅ ខខំសំដៅធម៌សុខសាន្ត។
25. ខខំការពារក្រែងមានឈ្លោះ ខខំទាំងអស់ថែបរិស្ថាន
ខខំផ្សព្វផ្សាយគុនបុរាណ ខខំឲ្យបានល្បីគ្រប់ស្រុក។
26. ខខំដាំដុះឲ្យបានច្រើន ខខំបង្កើនផលគ្រប់មុខ
ខខំលកលៃល្អដូចពុក ខខំវាយលុកទុក្ខក្នុងប្រាណ។
27. ខខំយាត្រាឆាប់ដល់ទី ខខំរកស៊ីមានគ្រប់ប្រាណ
ខខំរៀនស្មូត្រសន្ទនាអាន ខខំឲ្យបានផលប្រទាក់។
28. ខខំអប់រំអស់ផងគ្នា ខខំមិនរារាល់ឧបសគ្គ
ខខំគូសវាសសរសេរឆ្លាក់ ខខំស្មោះស្ម័គ្រមគ្គប្រាំបី។
ភ្នំពេញ អាធាត្រ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ វាយតម្លៃអត្ថបទដោយ លោកព្រឹទ្ធាចារ្យ កវីឯក វ៉ែន សុន











គ្រូប្រពន្ធល្អ
បទពាក្យប្រាំពីរ
1. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រខ្មែរមិនយូរគ្រូវាងវៃ
គ្រូខ្មែរខិតខំប្រឌិតច្នៃ សន្សំលកលៃជម្នះក្រ។
2. គ្រូក្រតែទ្រព្យចិត្តទូលាយ ក្រគ្រូក្រងាយឆាប់បានល្អ
ក្រគ្រូចេះអប់រំបវរ ក្រគ្រូមិនក្រចិត្តសប្បុរស។
3. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរឆាប់ថ្កើងយស
ក្រគ្រូក្រប្រព្រឹត្តរឿងឈ្លោះ ក្រនេះខ្ពង់ខ្ពស់ញាតិរាប់រក។
4. ក្រល្អូរគ្រូល្អដូចជើងពាន គ្រូខំបង្រៀនដាំពន្លក
ក្រគ្រូមិនកាន់រឿងស្មោគគ្រោក ក្រគ្រូមិនយកលុយសូកប៉ាន់។
5. ក្រគ្រូសុខចិត្តយកគុណធម៌ ក្រគ្រូបវរក្រប្រកាន់
ក្រគ្រូចេះចាត់ចែងចង្ហាន់ ក្រគ្រូប្រកាន់សាងគំនិត។
6. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរព្រោះចេះគិត
ក្រគ្រូមិនកាន់ធម៌ទុចរិត គ្រូក្រប្រព្រឹត្តពាលឫស្យា។
7. ក្រគ្រូក្រចោលអស់សន្តាន ក្រគ្រូក្លាហានថែខេមរា
ក្រគ្រូខំបង្កើនវិជ្ជា ក្រគ្រូមិនរាក្នុងជីវិត។
8. គ្រូល្អក្រល្អូរមានឈប់ក្រ ក្រគ្រូបវរជាបណ្ឌិត
ក្រគ្រូថ្កើងយសព្រោះចេះគិត គ្រូក្រប្រព្រឹត្តល្បែងពាលា។
9. ក្រគ្រូក្រចោលអស់តម្រា ក្រគ្រូស្នេហាគ្រប់វិជ្ជា
ក្រគ្រូបង្កើតឋានរមនា ក្រគ្រូថែគ្នាក្រែងវិនាស។
10. ក្រគ្រូក្រប្រព្រឹត្តហិង្សា ក្រគ្រូឧស្សាហ៍ធ្វើការផ្ទះ
ក្រគ្រូសុខចិត្តប្រឹងជម្នះ ក្រគ្រូវាយឈ្នះអវិជ្ជា។
11. គ្រូល្អក្រល្អូរសិស្សត្រូវចាំ ក្រគ្រូសូមផ្តាំខំរៀនសូត្រ
ក្រគ្រូត្រូវធ្វើឲ្យស្លូតបូត ក្រមិនរបូតពីសីលធម៌។
12. ក្រគ្រូក្របំភ្លេចសិស្សគុន ក្រគ្រូក្រមុនក្រោយឈប់ក្រ
ក្រគ្រូមិនដែលក្រ.បី.ត ក្រគ្រូជួយទ្រជាតិឱ្យថ្កើង។
13. គ្រូល្អក្រល្អូរគ្រូសុភាព ក្រគ្រូមិនទាបដុះដាក់ផើង
ក្រគ្រូជួយជាតិញាតិផៅឡើង ក្រគ្រូដុះឡើងយសអំណាច។
14. ក្រគ្រូក្រលះបង់ចោលសិស្ស ក្រគ្រូប្រតិស្ឋក្នុងឋានប្រាជ្ញ
ក្រគ្រូបង្រៀនយ៉ាងអង់អាច ក្រគ្រូមិនខ្លាចសិស្សកាចខូច។
15. ក្រគ្រូមិនភ្លេចវប្បធម៌ខ្មែរ ក្រគ្រូមិនប្រែធំទៅតូច
ក្រគ្រូមិនខ្មៅដូចសំពោច ក្រគ្រូរុងរោចន៍អស់ចំបែង។
16. គ្រូល្អក្រល្អូរសូមញាតិចាំ គ្រប់អស់ខែឆ្នាំជួយជ្រោងជ្រែង
ជួយគ្រូឈប់ក្រឈប់ទើសទែង ក្រគ្រូមិនលែងអប់រំសិស្ស។
សំគាល់ ៖ ពាក្យ ល្អូរ = រអ៊ូរ
ភ្នំពេញ ព្រលឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស



កំណាព្យ ពរឆ្នាំ ថ្មី ២០១១
បទកាកគតិ
1. ពីរពាន់ដប់មួយ ខ្មែរត្រូវបានស្ទួយ រួចចាកទុក្ខា
សូមឲ្យឆ្នាំថ្មី សិរីប្រការ ទាំងបីនេះណា
ចម្រើនមង្គល។
2. ប្រការទីមួយ រឿងនាំទុក្ខព្រួយ ជាសកុំឲ្យយល់
សូមអស់រួមជាតិ ឃ្លាតពីអំពល់ ស្គាល់តែឫសគល់
នៃក្តីសប្បាយ។
3. ប្រការទីពីរ រឿងធ្លាប់ញ៉ាំញី ចាកចេញទៅឆ្ងាយ
កុំមកម្តងទៀត ឲ្យឃ្លាតអន្តរាយ ពីជនទាំងឡាយ
គ្រប់ភូមិគ្រប់ឋាន។
4. ពីរពាន់ដប់មួយ ខ្មែរចេះលើកស្ទួយ គ្រប់ទីភូមិស្ថាន
ខ្មែរចេះស្រលាញ់ វប្បធម៌ថ្កើងថ្កាន ប្រាសាទបុរាណ
លេខអក្សរសាស្ត្រ។
5. ថែទាំងអស់គ្នា ថែគ្រប់វេលា ឲ្យបានល្អល្អះ
បង្រៀនកូនចៅ ផ្សព្វផ្សាយគ្រប់ផ្ទះ ជាតិខ្មែរល្បីណាស់
ពេញក្នុងលោកា។
6. ពរបានពីមិត្ត ពិតជាប្រសិទ្ធ ប្រពៃក្រៃណា
7. សូមអស់បារមី ឋានរិទ្ធិអស្ខារ្យ ជួយគ្រងរក្សា អ្នកទាំងអស់គ្នា។
8. ពីពាន់ដប់មួយ ខ្មែរយើងលែងព្រួយ រឿងទុក្ខវេទនា
ខ្មែរលើខ្មែរក្រោម ផុតពីព្យុះមា ផុតពីសង្ឃរា
ហានក្លាគ្រប់ឋាន។
9. ប្រការទីបី ប្រាជ្ញាវាងវៃ ដល់ខ្មែរគ្រប់ប្រាណ
ឲ្យតែបានជួប ជំនួបសុខសាន្ត នាំជាតិយើងថ្កាន
រុងរឿងរៀងទៅ៕
ភ្នំពេញថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
សហអ្នកនិពន្ធដោយ
ក. វីរៈ ដារា(ល្បៈខណ្ឌទី១ ដល់ ទី ៤)
ខ. យី ឆេងអ៊ួ / ប៉េង(ល្បៈខណ្ឌទី ៥ ដល់ ទី ៦)
គ. និង ជាតា (ល្បៈខណ្ឌទី ៧)





កំណាព្យ
កូនខ្មែរកាត់ចិនបេះដូងខ្មែរ
បទពាក្យ ប្រាំពីរ
1. ខ្ញុំជាកូនខ្មែរកាត់ចិនក្លាយ មកពីស្រុកអាយកំពង់ឆ្នាំង
ខ្មែរខ្លះបែរចោទថាខ្ញុំខ្មាំង ព្រោះឈ្មោះខ្ញុំនេះមិនដូចខ្មែរ។
2. ខ្ញុំឈ្មោះឆេងអ៊ួចិត្តមិនស្មូ មានចិត្តអាសូរដូចអ្នកដែរ
បេះដូងខ្ញុំមួយជួយមិនប្រែ ស្លាប់រស់ជាខ្មែរតកូនចៅ។
3. សូមទុកចិត្តចុះទោះដល់ណា មិនភ្លេចចំការស្រែញាតិផៅ
សណ្តាយសណ្តាន់ម្ជូរម្រះព្រៅ ប្រហុកមិនខ្លៅធ្វើប្រាជ្ញបាន។
4. ខ្ញុំសែនស្រលាញ់វប្បធម៌ខ្មែរ ក្រុងចំការស្រែផៅសណ្តាន
អភិវឌ្ឍអភិរក្សផ្សព្វផ្សាយបាន រុងរឿងថ្កើងថ្កានដូចសម័យអង្គរ។
ភ្នំពេញ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ ហៅប៉េង បណ្ណារក្ស
Chanbo Keo: Intellectuals solve problems; geniuses prevent them. Albert Einstein
A leader is a dealer in hope.~Napoleon Bonaparte









កំណាព្យ
ខ្សែជីវិតអ្នករើសសម្រាម
បទពាក្យប្រាំពីរ
1. ក្ររើសសំរាមហៅក្រមហា ក្រនៅចំការក៏មិនស្មើ
ខ្វះគ្រប់ខ្វះសព្វទោះជណ្តើរ គ្រឿងផ្សំប្រហើរក៏ខ្វះទៀត។
2. ខ្វះគ្រឿងហូបចុកខ្វះខោរអាវ ខ្វះក្នុងខ្វះក្រៅរំដេងល្មៀត
ខ្វះចំណេះដឹងល្អវរនាថ ខ្វះល្បិចស៊កសៀតនិយាយស្តី។
3. គេចេះគេមានជំនាញល្អ សុខភាពបវរទ្រព្យប្រពៃ
ចង់ហូបរស់រៀនគ្មានភិតភ័យ ឯខ្ញុំក្រក្រីរស់វេទនា។
4. ទោះក្រលំបាកក្តីម្តេចម្តា ខ្ញុំកូនខេមរាស៊ូមិនរា
ខំរៀនរកច្នៃគ្រប់វេលា រុករកទីណាត្រាបានសុខ។
5. ពេលនេះកូនឃ្លានណាស់ពុកម៉ែ មិនគិតយូរទេរើសបាយញ៉ុក
ដាក់ចូលក្នុងមាត់មិនស្មាញស្មុក ពូនញ៉ុកៗមិនទោរម្នេញ។
6. កូនគេអ្នកមានគេស៊ីរើស ខ្ញុំក្រមិនទើសរើសស៊ីវិញ
ព្រោះខ្ញុំអ្នកក្រគ្មានលុយទិញ ក្នុងចិត្តទោម្នេញខ្មាស់លោកីយ។
7. បាយផ្អូមរុយរោមគ្មានថង់ច្រក ខ្លួនភក់ស្រម៉កហូបផ្ទាល់ដៃ
រើសបាយមកហូបចោលផ្ទាល់ដី បងប្អូនប្រុសស្រីគ្មានគិតខ្វល់។
8. ខ្ញុំជាកុមារកំព្រាម្តាយ ពុករត់ខ្ចាត់ខ្ចាយគិតលែងយល់
ព្រាត់ប្រាសនិរាសស្រស់និមល កូនរស់សែនខ្វល់គ្មានមេបា។
9. ដេកយប់ដេកថ្ងៃតាមសំយ៉ាប មានអ្នកធ្វើបាបសែនទុក្ខា
ដេញវ៉ៃទាត់ធាក់តាមចិន្តា ជនពាលឫស្យាគ្មានមនុស្សធម៌។
10. ខ្ញុំរស់កំដរជីវិតទុក ដើរកាត់ច្រើនស្រុកជាបន្ត
ដើរខ្វះគោលដៅគ្មានខ្សែវល្លិ៍ លែងយល់មនុស្សធម៌ហើយជាតិនេះ។
11. រស់នៅថ្ងៃនេះស្លាប់ថ្ងៃស្អែក ជីវិតទូលរែកទុក្ខតាមជិះ
រស់ខ្វះអាហារខ្វះតម្រិះ លោកអើយខ្ញុំនេះអ្នកណាដឹង។
និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង បណ្ណារក្ស
25-សីហា-2010





កំណាព្យ ទឹកចិត្តឱពុក
បទពាក្យប្រាំពីរ

1. ពាក្យពុកឬឪខ្លីស្រួលហៅ តែមានជម្រៅក្នុងសន្តាន
ស្តាប់លឺពាក្យនេះរំភើបប្រាណ ពុកនាំក្សេមក្សាន្តដល់គ្រួសារ។
2. ពុកខំធ្វើការមិនទំនេរ រាល់ថ្ងៃហូរហែគ្រប់កិច្ចការ
ពុករែកលីសែងយ៉ាងហានក្លា ដើម្បីបុត្រានិងបុត្រី។
3. ថ្ងៃខ្លះជិះកង់ទៅផ្លូវឆ្ងាយ ជាមួយសម្ពាយធ្ងន់តិចអី
បន្លែបន្លុករំដងខ្ញី លក់យកកម្រៃទប់ជីវភាព។
4. ទោះត្រូវឆ្លងអូរបឹងប្រឡាយ កាត់វាលវែងឆ្ងាយទីខ្ពស់ទាប
ពុកទៅទាំងអស់សូមជម្រាប ពុកខំប្រញាប់ត្រឡប់វិញ។
5. ថ្ងៃខ្លះជួនពុកក្តៅរងា តាមផ្លូវតាមផ្សារគ្មានទោរម្នេញ
នៅតែសង្វាតលក់ទំនិញ ឲ្យតែបានចេញនាំចំណូល។
6. ថ្ងៃខ្លះពុកត្រូវជនអន្ធពាល សំឡុតរោលរាលគៃប្រមូល
យកប្រាក់ពុកអស់គ្មានយោគយល់ វាយដំគ្មានខ្វល់ពាក្យអង្វរ។
7. ពេលបានឃើញពុកមកដល់ផ្ទះ ម៉ែខំរូតរះទាំងត្រេកអរ
ជួយដាក់អីវ៉ាន់ពុកចុះមក៍ រៀបចំបន្តបាយទឹកពុក។
8. រដូវវស្សាមកដល់ហើយ ពុកមិនកន្តើយរៀបដាក់ទុក
ពូជធារដំណាំខ្មែរគ្រប់មុខ សាបព្រួសពេញស្រុកបង្កើនផល។
9. ពុកខំភ្ជួររាស់ខំដាស់ដី បង្កើនផលថ្មីជាជន្ទុល
សម្រាប់ឆ្នាំថ្មីឲ្យកើនដល់ ចម្រើនភោគផលសុខប្រពៃ។
10. ពុកអើយកូនសូមក្រាបសំពះ អរព្រះគុណណាស់លើសអ្វីៗ
ដែលខំចិញ្ចឹមកូនប្រុសស្រី សូមជួបសិរិត្រើយមង្គល។
11. សូមពុកប្រកបតែសុខភាព សុខជាដរាបគ្មានពិភាល់
ជាមួយអ្នកម្តាយរហូតដល់ មួយរយឆ្នាំយល់តែថ្កើងថ្កាន។

ភ្នំពេញ យប់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធ ដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស






កំណាព្យ ទឹកចិត្តអ្នកម៉ែ
បទពាក្យប្រាំពីរ
1. ពិនិត្យទៅមើលមុខអ្នកម៉ែ ស្រស់ថ្លាដូចខែពេញបូរមី
ពិនិត្យទៅចិត្តអ្នកម៉ែថ្លៃ ដូចពេជ្រចរណៃគ្មានថ្ងៃផ្លាស់។
2. ពិនិត្យទៅមើលចិត្តអ្នកម៉ែ ត្រជាក់កើនទ្វេជ្រាលជ្រៅណាស់
ទឹកចិត្តអ្នកម៉ែគ្មានកែផ្លាស់ ពីក្មេងដល់ចាស់ចិត្តតែមួយ។
3. ពិនិត្យទៅមើលទង្វើម៉ែ ល្អល្អះណាស់ដែរតែងលើកស្ទួយ
ប្រៀនប្រាប់ប្រដៅកូនញយៗ កុំឲ្យកូនធ្លោយក្នុងអបាយ។
4. ម៉ែធ្វើកិច្ចការរាល់ថ្ងៃយប់ មិនចេះឈរឈប់មិនសោកស្តាយ
ទោះត្រូវភ្លៀងផ្គររួមរឹតកាយ ម៉ែមិនសោកស្តាយសាច់ឈាមបង់។
5. ទោះខ្លួនត្រូវក្តៅព្រឺរងា មិនរួញរេរាឈប់បង្អង់
កណ្តៀតទូលយួរការុងថង់ ដើម្បីរឿងរុងជីវភាពថ្កាន។
6. ហត់នឿយម្លឹងហើយមិនត្អែរត្អូញ ម៉ែមិនរារួញញញឹមបាន
បង្កប់សង្ឃឹមដល់សណ្តាន គ្រួសារថ្កើងថ្កានព្រោះអ្នកម៉ែ។
7. កូនសូមអរគុណដល់អ្នកម៉ែ ដែលខិតខំថែកូនទាំងទ្វេ
សូមម៉ែជួបសុខសួស្តីដែរ សូមម៉ែជួបតែជ័យគ្រប់គ្រា។
ភ្នំពេញ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ហៅប៉េង) បណ្ណារក្ស ទូរស័ព្ទ : 016 74 23 81 អ៊ីម៉េល : ychhenguor@gmail.com
អាចច្រៀងបានលំនាំបទ: ទុំទាវ (បងដូចរាជសី ស្រីដូចគុហារ)និងទាវមកដល់ហើយ





កំណាព្យ ទឹកចិត្តបងប្រុស
បទពាក្យ ប្រាំពីរ
1. ទឹកចិត្តបងប្រុសដូចពុកម៉ែ ចេះថ្នាក់ថ្នមថែប្អូនប្រុសស្រី
ស្វែងរកអាហារនំចំនី ស្វែងរកអ្វីៗផ្គាប់ចិត្តប្អូន។
2. ឲ្យតែប្អូនបានជួបសុខៈ មិនចេះអន់អាក់ចាត់ដូចកូន
រុកកាត់ព្រៃផ្សៃងងឹតសូន្យ ឆ្លងព្យុះទូកក្បូនមិនត្អូញហត់។
3. ឃើញប្អូនធ្វើខុសខំតម្រង់ មិនចាំបង្អស់ប្រៀនហ្មត់ចត់
ប្រដៅដើរផ្លូវល្អប្រាកដ មិនខ្លាចនឿយហត់ ឬប្អូនខឹង។
4. ពេលពុកទៅស្រែម៉ែមិននៅ គិតក្នុងគិតក្រៅព្យាយាមប្រឹង
ដាំបាយស្លរអាំងដុតស្ងោរឆឹង ឲ្យតែព្រលឹងប្អូនបានឆី។
5. ប្អូនញ៉ាំឆ្អែតហើយគេងលក់អស់ មិននៅស្ងៀមសោះខំលកលៃ
រែកទឹកពុសអុសគក់ភួយស្បៃ លុះពេលរាត្រីចរមកដល់។
6. ពេលយប់បងប្រុសមិនកណ្ដើយ ញ៉ាំបាយរួចហើយខំតំកល់
បង្រៀនប្អូនឲ្យចេះគ្មានសល់ វិជ្ជាថ្កើងថ្កល់ស្រស់ទងវង។
7. ជួនមានថ្ងៃខ្លះពុកម៉ែថា បងប្រុសនេះណាខុសទំនង
បន្ទោសប្អូនក្មេងថាខុសឆ្គង ថាខុសទំនងគ្មានដើមចុង។
8. ពេលខ្លះត្រូវប្អូនចោទបងថា ខុសក្បួនតម្រាចារទុកក្នុង
ពាក្យចាស់ពីព្រេងម្តេចលះបង់ ម្ដេចក៏បងល្ងង់លម្អៀងឆ្ងាយ។
1. ទោះប្អូនចោទថាបងលម្អៀង តិចច្រើនមិនទៀងខុសពីម្ដាយ
ខុសពីច្បាប់ពុកមិនបរិយាយ ចិត្តបងមិនឆ្ងាយស្រលាញ់ប្អូនទេ។

ភ្នំពេញ ថ្ងៃ ២១ ខែ តុលា ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង

កំណាព្យ ទំនួញជនរងគ្រោះ
បទពាក្យប្រាំពីរ
1. មួយរោចខែកត្តិកពីរពាន់ដប់ ប្រជាប្រសព្វលើស្ពានពេជ្រ
ស្លាប់គរជើងគ្នាខ្មែរមិនភ្លេច ម្ភៃប្រាំរំលេចរំលឹកខ័ន្ធ។
2. ស្លាប់គ្មានមូលហេតុពិតប្រាដក ខ្លះច្រានគ្នារត់ខ្លះមិនហាន
ខ្លះនាំគ្នាស្រែកថាបាក់ស្ពាន ខ្លះទៀតថាមានខ្សែភ្លើងឆក់។
3. ខ្លះកាន់ដៃគ្នាសរសៀចូល ក្នុងហ្វូងមនុស្សមូរយ៉ាងវីវក់
ខ្វះអុកស៊ីហ៊្សែនសែនដង្កក់ យមបាលតាមឆក់ជីវិតក្ស័យ។
4. ខ្លះសុំអង្វររកអ្នកជួយ ខ្លះអង្វរក្មួយពូមីងថ្លៃ
ជួយកូនខ្ញុំផងរួចមួយថ្ងៃ ឲ្យផុតពីក្ស័យសូមអាណិត។
5. ជួយកូនខ្ញុំហើយយកទៅចុះ ធ្វើជាកូនប្រុសស្រីខ្លួនពិត
ខ្ញុំមិនទាមទារស្រស់វរមិត្ត ឲ្យតែស្នេហ៍ស្និទ្ធរស់ជីវី។
6. កូនអើយនេះជាទុក្ខមេបា ទុក្ខធំណាស់ណាទុក្ខគ្រប់ទី
សង្ឃឹមថ្ងៃក្រោយគ្មានទីពីរ ខ្មែរវក់ខ្មែរវីដូច្នេះទៀត។

ភ្នំពេញថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស



កំណាព្យ អរ (អនិងរ)
បទពាក្យប្រាំពីរ
1. អអានររៀនឲ្យបានច្រើន ដើម្បីបង្កើនភាពធាត់ធំ
អអានររៀនទាំងគេខ្ញុំ ក្រោយចេះខំផ្គុំកសាងជាតិ។
2. អអានររៀនទាំងអស់គ្នា ពូនផ្តុំវិជ្ជាគ្រប់ផៅញាតិ
អអានររៀនមិនឲ្យឃ្លាត ខំលៃជ្រកជ្រៀតដើម្បីអ្នក។
3. អអានររៀនគ្រប់លំនៅ គេចភាពល្ងង់ខ្លៅយល់ត្រជាក់
អអានររៀនឲ្យជាក់លាក់ ខំអស់គ្រប់ថ្នាក់រាស្ត្រមន្ត្រី។
4. អអានររៀនបានគ្រប់គ្នា ស្រាវជ្រាវកុំរាទាំងប្រុសស្រី
អអានររៀនអស់មន្ត្រី រាស្ត្រដែរគ្រប់វ័យរៀនមិនឈប់។
5. អអានររៀនទាំងអំណរ ខំរៀនជៀសក្រទាំងថ្ងៃយប់
អអានររៀនគ្រប់ឋានភព ខំជ្រាវមិនឈប់អស់វិជ្ជា។
6. អអានររៀនស្ទួយវប្បធម៌ ឲ្យខ្ពស់បវរខ្មែររមនា
អអានររៀនជៀសពាលា នាំអស់ផងគ្នាជួបមង្គល។
ភ្នំពេញរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) Chheng Uor Yi
បណ្ណារក្សខ្មែរ

ចម្រៀងប្រជាប្រិយ


ចម្រៀងបទ
ស្វាគមន៍ភ្ញៀវទេសចរ

លំនាំបទគោះអង្រែ និង បទតាក់កន្តែរ៉ែ យីកេ

1. យើងជាកុមារអ៊ើៗអ៊ើងអ៊ើយ ស្វាគមន៍ប្រិយមិត្ត (២ដង)
មកពីៗឆ្ងាយជិត អ៊ើៗអើយ ជាតិអន្តរជាតិ។ (២ដង)
2. ចូលមកទស្សនាអ៊ើៗអ៊ើងអ៊ើយ ពុំដែលរវាទ (២ដង)
ប្រាង្គប្រាៗសាទជាតិ អ៊ើៗអើយ អង្គរល្បាញល្បី។
3. មានអង្គរធំអ៊ើៗអ៊ើងអ៊ើយ មានបន្ទាយស្រី (២ដង)
ព្រះវិហារៗជាញជ័យ អ៊ើៗអើយ និងអង្គរតូច។
4. មានទួលបាសានអ៊ឺៗអ៊ើងអ៊ើយ បារាយរាប់យោជន៍ (២ដង)
បឹងបួៗ រុងរោចន៍ អ៊ើៗអើយ ល្បីក្នុងលោកា។
5. ព្រែកទ័លចុងឃ្នាសអ៊ើៗអ៊ើងអ៊ើយ ប្រសើរថ្លៃថ្លា (២ដង)
សំបូរៗ បក្សា អ៊ើៗអើយ បក្សីគ្មានខ្វះ។
6. មានបឹងយក្សឡោមអ៊ើៗអ៊ើងអ៊ើយ ប៊ូស្រាល្អល្អះ (២ដង)
ស្រុកខ្មែរៗល្បីណាស់ អ៊ើៗអើយ សម្បត្តិវប្បធម៌។
7. សម្បត្តិធម្មជាតិ អ៊ើៗអ៊ើងអ៊ើយ ក៏មានមានហែហូរ (២ដង)
សត្វយំៗ ថ្ងួចថ្ងូរ អ៊ើៗអើយ រំពងប្រឹក្សា។
8. យើងសូមជូនពរអ៊ើៗអ៊ើងអ៊ើយ ឲ្យបានសុខា (២ដង)
ដែលមកៗ ទស្សនា អ៊ើៗអើយ អង្គរអច្ឆរិយ។

និពន្ធដោយ យី ឆេងអ៊ួ ប៉េងបណ្ណារក្ខ 22-តុលា-2010




ចម្រៀងបទ

កត្តិកធ្លាក់ខ្យល់

ចង្វាក់តាលុង
លំនាំបទ៖ សម្រស់ធម្មជាតិស្រុកយើង (លោក ម៉ិញ សុធីវណ្ណ)

1. ជំនោរកត្តិក បក់ធ្លាក់ពីជើង ប្រជាស្រុកយើង សែនអបអរក្រៃ កត្តិកធ្លាក់ខ្យល់ បងតែងស្រមៃ បានជួបរីករាយ ច្រូតស្រូវនួនល្អង។ បន្ទរ : យើងតែងជុំគ្នា ច្រូតស្រូវស្រែផង។
2. ជំនោរកត្តិក រងាផ្កាគ ប្រជាអបអរ នឹងអុំទូកខ្មែរ មិនថាទីក្រុង ឬចំការស្រែ យាយតាពុកម៉ែ ប្រណាំងទូកផង។ បន្ទរ : បងប្អូនពុកម៉ែ ប្រណាំងទូកម្តង។
3. ជំនោរត្រជាក់ ធ្លាក់មកពីជើង រាស្ត្រខ្មែរស្រុកយើង អបរអរកន្លង ខំប្រមូលផល ស្រែកច្រៀងលេងផង ដូចអូននិងបង បានស្គាល់ចិត្តគ្នា។ បន្ទរ : ច្រូតស្រូវរួចហើយ យើងនឹងរៀបការ។
4. ប្រជាគ្រប់ស្រុក សុខសើចក្អាកក្អាយ ទឹកមុខរីករាយ បានច្រូតស្រូវធ្ងន់ ស្រូវស្រាលត្រូវច្រូត ទុកជង្រុកមុន រីឯស្រូវធ្ងន់ ប្រមូលផលក្រោយ។ បន្ទរ : ប្រមូលរួចហើយ លៃលកលក់ខ្លះ ។
5. ប្រជាកសិករ អបអរកសិកម្ម ធ្វើស្រែច្រើនឆ្នាំ រាប់ពាន់តំណ តាំងពីបុរាណ សម័យអង្គរ សាងសុខបន្ត ដល់ពេលបច្ចុប្បន្ន។ បន្ទរ : យើងខំបន្ត ព្រោះជួយជាតិថ្កើង ។
6. ខ្មែរពូជអ្នកជា ខ្មែរមានសេរី ខ្មែរបានផុតភ័យ ខ្មែរត្រូវរុងរឿង ខ្មែរត្រូវក្លាហាន ដូចតាឃ្លាំងមឿង ខ្មែរត្រូវរុងរឿង ដូចសម័យអង្គរ។ បន្ទរ : ខ្មែរត្រូវរុងរឿង ឲ្យដូចសម័យអង្គរ ។

និពន្ធដោយ: យី ឆេងអ៊ួ (ប៉េង) ខែ កក្កដា ឆ្នាំ 2010





ចម្រៀងបទ
យើងខ្មែរស្រលាញ់ការអាន

(លំនាំបទរាំវង់ ស្មារតីខ្មែរ)
1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។


និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០
លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០





ចម្រៀងបទ
យើងនាំគ្នាអាន

(លំនាំបទ ប្រជុំគ្នា)

1. ជំរាបសួរ បងប្អូន មិត្តភក្តិទាំងឡាយ មកពីជិតឆ្ងាយ ចូលមកយើងនាំគ្នាអាន យើងនាំគ្នារៀន ស្រាវជ្រាវ បន្តសន្តាន នាំជាតិថ្កើងថ្កាន រុងរឿងល្បីសាយដូចសម័យអង្គរ។ បន្ទរ៖ មួយ ពីរ ដូចសម័យអង្គរ។
2. ចូលបណ្ណាល័យ នាំគ្នាចូលបណ្ណាគារ យើងស្ទុះយើងស្ទារជ្រើសអានទិញ សៀវភៅល្អ ស្រង់បទពិសោធន៍ចំនេះឲ្យខ្ពស់បវរ យើងជាកូនល្អ យើងជាសិស្សល្អ យើងជាមិត្តល្អ។ បន្ទរ៖ មួយ ពីរ ជាពលរដ្ឋល្អ។
3. នាំគ្នាអានរាល់ពេលដែលយើងទំនេរ មិនដើរលេងទេ មិនសេពគប់មិត្តមិនល្អ យើងអាន រាល់ថ្ងៃ យើងអានដោយចិត្តស្មោះស យើងនាំគ្នាល្អ ទាំងក្រុមគ្រួសារ ទាំងក្នុងសហគមន៍។ បន្ទរ៖ មួយ ពីរ ទាំងក្នុងសង្គម។
4. កុមារល្អ យុវជនល្អ ខំអានសរសេរ ស្រាវជ្រាវកើនទ្វេ ដើម្បីជាតិខ្មែរថ្កើងថ្កាន យើងមាន គុណធម៌ មានសីលធម៌ អភិវឌ្ឍឲ្យបាន គ្រប់ស្រុកភូមិស្ថាន គ្រប់ញាតិសណ្តានសេដ្ឋកិច្ចប្រសើរ។ បន្ទរ៖ មួយ ពីរ សេដ្ឋកិច្ចប្រសើរ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង)នៅភ្នំពេញ
ផ្តើមការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០ បញ្ចប់ការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០















ចម្រៀងបទ

បណ្តាំស្រីស្មោះស្នេហ៍

លំនាំបទ អនិច្ចាសីលធម៌ ច្រៀងដោយលោក ចាន់ សុធី

1. សាស័ព្ទសំដី អឺយ......ឱណាលោកអ្ហើយ.....ស្រីស្មោះនឹងស្នេហា អឺអឺយ។ (២ដង)
ផ្តាំជនខេមរា ឲ្យស្រលាញ់វប្បធម៌ អឺយ.......។ (ផ្ទួន)

2. ស្រលាញ់ចិត្តកាយ អឺយ......ឱណាលោកអ្ហើយ.....សំដីស្មោះស អឺអឺយ។ (២ដង)
សាងអំពើល្អ នាំជាតិឲ្យថ្កើងថ្កាន អឺយ.......។ (ផ្ទួន)


3. ស្មោះស្ម័គ្រស្រុកទេស អឺយ....ឱណាលោកអ្ហើយ....ការពារឲ្យបាន អឺអឺយ។ (២ដង)
ក្រែងចោរសាមាន្យ ឈ្លានពានទឹកដី អឺយ.......។ (ផ្ទួន)

4. ស្រីស្មោះស្នេហា អឺយ....ឱណាលោកអ្ហើយ....ជូនពរអស់ប្រុសស្រី ។ (២ដង)
រស់ក្នុងបុរី ខ្មែរឲ្យបានសុខសាន្ត អឺយ.......។ (ផ្ទួន)


១៨-វិច្ឆិកា-២០១០
និពន្ធទំនុកច្រៀង ដោយ យី ឆេងអ៊ួ (ប៉េង)








ចម្រៀងបទ

បណ្តាំស្រីស្មោះស្នេហ៍

លំនាំបទ ណរេណរេ

5. សាស័ព្ទសំដី ស្រីស្មោះនឹងស្នេហា ក្រមុំបងអ្ហើយ ស្រីស្មោះស្នេហា។(២ដង)
ផ្តាំជនខេមរា ឲ្យស្រលាញ់វប្បធម៌ ។ (ផ្ទួន)

6. ស្រលាញ់ចិត្តកាយ សំដីឱស្មោះស ក្រមុំបងអ្ហើយ សំដីស្មោះស។ (២ដង)
សាងអំពើល្អ នាំជាតិឲ្យថ្កើងថ្កាន។ (ផ្ទួន)


7. ស្មោះស្ម័គ្រស្រុកទេស ការពារឲ្យបាន ក្រមុំបងអ្ហើយ ការពារឲ្យបាន។ (២ដង)
ក្រែងចោរសាមាន្យ ឈ្លានពានទឹកដី។ (ផ្ទួន)

8. ស្រីស្មោះស្នេហា ជូនពរអស់ប្រុសស្រី ក្រមុំបងអ្ហើយ ជូនពរប្រុស្រី។ (២ដង)
រស់ក្នុងបុរី ខ្មែរឲ្យបានសុខសាន្ត។(ផ្ទួន)


១៨-វិច្ឆិកា-២០១០
និពន្ធទំនុកច្រៀង ដោយ យី ឆេងអ៊ួ (ប៉េង)










ចម្រៀងបទ

ខ្មែររួបរួមគ្នា
ចង្វាក់ប្រជាប្រិយបែបបាសាក់
លំនាំបទ ខ្មែរអើយប្រុងប្រាណ (ចង្កឹះមួយបាច់)

1. សំណាងពឹងចំណេះ ឯអ្នកប្រាជ្ញចេះលោកពឹងគម្ពីរ រុក្ខជាតិពឹងធរណី អ្នករកស៊ីពឹងជំនួញ ខ្មែរអើយចូរកុំរារួញ ៗ ខំរៀនខំជួញ អើអើយជំនួញថ្លាថ្លៃ ៗ។

2. រទេះពឹងគោ រីឯម៉ូតូពឹងសាំង អ្នកលីលោកពឹងកំលាំង អ្នកប្រាជ្ញខ្លាំងពឹងវិជ្ជា
ខ្មែរអើយខំរៀនគ្រប់គ្នាៗ ខំពុះខំពារ អើអើយជំនះឧបសគ្គៗ ។

3. សេចក្តីស្នេហា ឱណាលោកពឹងគ្នីគ្នា ចេះរួបរួមសាមគ្គា ផ្គុំគ្នាចេញជាកម្លាំង
ខ្មែរអើយត្រូវហ៊ានតតាំងៗ ជួយជាកម្លាំងអើអើយកសាងរដ្ឋាៗ ។

4. សំណាបយោងដី ថ្លៃអើយស្រីយោងបុរស មានចិត្តស្ម័គ្រស្មោះ កសាងគ្រួសារតែមួយ ខ្មែរអើយត្រូវខំលើកស្ទួយៗ ជាតិខ្មែរតែមួយអើអើយកសាងរួមគ្នាៗ ។


ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១
( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ











ចម្រៀងបទ
សួស្តីឆ្នាំថ្មី

លំនាំបទ៖ ផ្គរលាន់ឯត្បូង(ចង្វាក់ប្រជាប្រិយ)

1. សួស្តីឆ្នាំថ្មីប្រុសស្រីកូនចៅខ្មែរ (ក្រមុំ មុំបង ឱកូនខ្មែរ)! (២ដង)
យើងមិនគ្នាន់គ្នេរនាំគ្នាឱចូលឆ្នាំ(២ដង)
2. យើងទៅវត្តវ៉ារលេងល្បែងតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ) ក្នុងថ្ងៃចូលឆ្នាំសន្សំឱសិរី...
3. យើងច្រៀងយើងរាំលេងបែបប្រជាប្រិយ (ក្រមុំ មុំបង បែបប្រជាប្រិយ)
សាងសុខសួស្តីឲ្យបានពេញមួយឆ្នាំ...។
4. យើងនាំគ្នាលេងធ្វើបុណ្យតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ)
យើងបណ្តុះផ្សាំពូជទំពាំងកុសលៗ
5. ប្រគេនចង្ហាន់ស្តាប់ធម៌ឲ្យឆ្ពោះដល់ (ក្រមុំ មុំបងឲ្យឆ្ពោះដល់)
សុខគ្មានពិភាល់ដល់ញាតិមិត្តគ្រប់គ្នា។
6. យើងរៀបចំផ្ទះទទួលតាមវេលាៗ (ក្រមុំ មុំៗបងតាមវេលា)
ដំណើទេវតាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីៗ
7. យើងសំអាតចិត្តឲ្យល្អជ្រះថ្លាសិរី ៗ (ក្រមុំ មុំបងថ្លាសិរី)
លាទុក្ខលាភ័យគ្មានថ្ងៃឲ្យជួបទៀតៗ
8. យើងពួនភ្នំខ្សាច់ស្រង់ព្រះល្អវរនាថ (ក្រមុំៗបងល្អវរនាថ)
យើងឈ្លកយើងឆ្លៀតស្ទួយខ្មែរឲ្យល្បីសាយៗ


ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១
( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ









ចម្រៀងបទ
សួស្តីឆ្នាំថ្មី

ចង្វាក់កន្ទ្រឹម លំនាំបទ សែនដូនតា

1. សួស្តីឆ្នាំថ្មី….បងប្អូនប្រុសស្រីទាំងឡាយៗ
សូមជួបសុខសប្បាយ រីករាយ គ្រប់ក្រុមគ្រួសារៗ។

2. សួស្តីឆ្នាំថ្មី សូមជួបសិរីគ្រប់ប្រការៗ
សូមថែដូនថែតាថែញាតិកូនប្តីប្រពន្ធៗ។

3. សួស្តីឆ្នាំថ្មី សូមផុតគ្រោះភ័យស៊យស៊ុនៗ
សូមជួបសុខជាទុន គ្រប់ៗគ្នារស់ក្នុងបុរីៗ។

4. ចូលឆ្នាំយើងច្រៀង យើងរាំលេងល្បែងប្រជាប្រិយៗ
យើងសើចលេងក្អាកក្អាយ សប្បាយគ្រប់ញាតិសន្តានៗ

5. សប្បាយរួចហើយ មិត្តអើយយើងរៀបចំខ្លួនប្រាណៗ
រៀបចំម្ហូបដាក់ចាន ប្រគេនព្រះសង្ឃគង់នៅវត្តៗ។

ព្រែកតាមាក់ រសៀលថ្ងៃទី ១៥-មេសា-២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ











ចម្រៀងកុមារ
យើងខ្ញុំរៀនសូត្រ
(លំនាំបទស្អាតជានិច្ច)
I. ម៉ាក់និងប៉ាៗ ខំធ្វើការដើម្បីកូនៗ ខំរៀនសូត្រមិនសាបសូន្យ ដើម្បីអនាគតរុងរឿង។

II. ស្ដាប់លោកគ្រូ ស្ដាប់អ្នកគ្រូ កុំរអ៊ូពេលធ្វើកិច្ចការ ត្រូវអត់ធ្មត់ជួយម៉ាក់ប៉ា អានសាស្រ្តារាល់ពេលទំនេរ។

III. យើងខំអានៗ ស្រុកក្សេមក្សាន្ដព្រោះមានបណ្ឌិត មានគុណធម៍ សីលធម៍ពិត ឆ្នៃគំនិតគំរូសង្គម។

និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង) 02-09-10
អត្ថន័យ៖ អប់រំកុមារឲ្យស្រលាញ់ការរៀនសូត្រ





















ចម្រៀងបទ

នឹកស្រុក
(លំនាំបទ ជីវិតក្មេងវត្ត)
1. គន់មើលទេសភាពអើយ....ពីកំពូលភ្នំ....ធ្វើឲ្យអ្ហើយចិត្តខ្ញុំ...នឹកស្រែចំការ (២ដង)
ធ្លាប់ឃ្វាលក្របី ....ភ្ជួរស្រែដូនតា ..សែនសុខរមនាជាមួយឱម៉ែពុក។
អ្ហាអឺងអឺយ សែនសុខរមនាអឺយ....ជាមួយឱម៉ែពុក។

2. នឹកគោក្របី……នឹកស្នាចដូនតា នឹកអស់អឺយខេមរា…ប្រជាកសិករ (២ដង)
ឧស្សាហ៍ព្យាយាម សាងអំពើល្អ ស្រលាញ់យុត្តិធម៌ រក្សាជាតិខ្មែរ។
អ្ហាអឺងអឺយ ស្រលាញ់យុត្តិធម៌ រក្សាជាតិខ្មែរ។

3. នឹកផ្អកត្រីអាំងអើយ…នឹកក្រសាំងប្រហុក នឹកត្រពាំងថ្លុកអឺយ…ធ្លាប់នេសាទត្រី (២ដង) នឹកផលដំណាំ នឹកកញ្ជើល្អី...ខ្ញុំនិងអឺយបងស្រី ធ្លាប់ទូលលក់ភោគផល។អ្ហាអឺងអឺយ ខ្ញុំនិងអឺយបងស្រី ធ្លាប់ទូលលក់ភោគផល។

4. នឹកអស់បឹងឈូកអឺយ......នឹកជ្រូកមាន់ទា នឹកអស់ឱគ្នីគ្នា....ធ្លាប់រួមច្រួតស្រូវ (២ដង) នឹកល្បែងកំសាន្ត បូរាណខ្មែរនៅ....ច្រើនមុខពេកកូវ ដីឥដ្ឋបែបធម្មជាតិ។ អ្ហាអឺងអឺយ ច្រើនមុខពេកកូវ ដីឥដ្ឋបែបធម្មជាតិ។

5. សង្ឃឹមថ្ងៃមួយ អាចជួយភូមិស្រុក...ឲ្យបានអឺយខ្ពស់មុខ កិត្តិយសល្បាញល្បី។ (២ដង) រក្សាម៉ែពុក ញាតិមិត្តតាយាយ រួមរស់សប្បាយ ចម្រើនឱទៅមុខ។ អ្ហាអឺងអឺយ រួមរស់ សប្បាយ ចម្រើនឱទៅមុខ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចាប់ផ្តើម៖ ភ្នំពេញព្រលឹមថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១១
បញ្ចប់៖ ភ្នំពេញព្រលឹមថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១
អត្ថន័យ៖ លើកពីតម្លៃវប្បធម៌ខ្មែរ







ចម្រៀងបទ

កម្លោះស្រុកស្រែស្នេហ៏ក្រមុំទីក្រុង
លំនាំបទភ្លេងថ្មី

1. អូនអ្នកទីក្រុង បងអ្នកស្រុកស្រែ រីករាយម្លេះទេ កាលពីឆ្នាំមុន
រាប់បាតដាក់បិណ្ឌ សន្សំផលបុណ្យ ឆ្នាំនេះមិនស៊ុន បានជួបម្ដងទៀត។

2. អូនល្អគ្មានទាស់ សម្បត្តិចរិយា សុភាពរាបសារ ស្គាល់ខុស ស្គាល់ត្រូវ
រក្សារវប្បធម៍មិនឲ្យអាស្រូវ តកូនតចៅ ផៅសន្ដានខ្មែរ។

R…ល្អទាំងវិជ្ជាទឹកចិត្តសប្បុរស អូនល្អគ្មានទាស់យល់ចិត្តអ្នកផង
ក្មេងចាស់ប្រុសស្រីហារស្ដីមិនឆ្គង សក្ដិសមម៉ត់ហ្មងជានារីខ្មែរ។

3. អូនអ្នកទីក្រុងបងអ្នកជនបទ បងស្នេហ៍ប្រាកដចូលដល់មេបា
មិនឲ្យរំលងលំអានខេមរា យើងពីរអង្គារសុខសួស្ដីអើយ។

និពន្ធទំនុកច្រៀងនិងបទភ្លេងថ្មីដោយ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១០
ឬអាចច្រៀងតាម៖ លំនាំបទពីដើម សំបួរមាសអើយ(ស៊ិន ស៊ីសាមុត)
អត្ថន័យ៖ អប់រំ (លើកស្ទួយតម្លៃវប្បធម៌ខ្មែរ)












ចម្រៀងបទ

អនុស្សាហ៏ភូមិកំណើត
លំនាំបទភ្លេងពីខ្មែរដើម

1. លើខ្នងភ្នំធំ សូររងំ សត្វតូចធំស្រែកខ្ញៀវខ្ញារ
គន់មើលវង្សភ័ក្រត្រា អូនស្រស់ដូចទេពអប្សរាខ្មែរ។

2. ខាងស្ដាំដៃបង ស្រស់នួនល្អងគឺភ្នំតូចជិតបង្កើយ
ដូចជាស្រស់ត្រាណត្រើយ កំពុងរួមស្នេហ៍សុខសាន្ដនឹងបង។

3. ខាងមុខយើងនេះ កុំរេរិះ គឺទីវាលធំល្វឹងល្វើយ
មើលចុះមាសអូបអើយ ទីដែលបងធ្លាប់ឃ្វាលគោក្របី។

4. ខាងឆ្វេងដៃវិញ កុំទោរម្នេញ ស្រស់ពីសីគឺជលសារ
ផ្ទៃបឹងធំអស្ចារ្យ រដូវវស្សាធម្មជាតិមនោរម្យ។

5. លើខ្នងភ្នំដង យើងត្រសង រកជីកកមើមបេះផល្លា
ព្រៃគ្រីទីស្នេហា ភូមិស្រុកកំណើតដ៏ស្រស់នៃខ្ញុំ។

និពន្ធទំនុកច្រៀង៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១០
លំនាំបទពីដើម (ស៊ិន ស៊ីសាមុត)
អត្ថន័យ៖ អប់រំ (លើកស្ទួយតម្លៃ វប្បធម៌ ទេសចរណ៍ និង បរិស្ថានខ្មែរ)









ចម្រៀងបទ
ឱអំពិលទឹក
(លំនាំបទពីដើម ៖ ឱសែនស្រណោះលោកអ៊ីង យ៉េង)
1. ឱអំពិលទឹក បងនឹកនួនល្អងអើយ! ដុះតាមរបងស្រុកស្រែចំការ
ស្លឹកដុះលាស់ខ្ចី បងសែនស្នេហា ដូចស្រស់ ជីវ៉ាកំពុងពេញវ័យ។
2. ឱអំពិលទឺក បងនឹកតែស្រី អូនលាស់ត្រួយខ្ចីនាខែវស្សា
បងទៅភ្ជួររាស់ នាខែវស្សា ចុងខែមេសាធ្វើកសិកម្ម ។
R. អំពិលទឹកអូន ជាក្បូននិស្ស័យ ឆោមឆើតពិសី ដុះលើដីខ្មែរ
អំពិលទឹកអូន ផ្តល់ផលកើនទ្វេ ដើមស្លឹកនិងផ្លែទ្រនំសុខសាន្ត ។
3. អំពិលទឹកអូន ជាក្បូននិស្ស័យ ខ្លួនបងក្រក្រីមានភ័ព្វវាសនា
ជួបអំពិលទឹក ស្មោះនឹងស្នេហា កេរ្តិ៍ពីដូនតាអង្គររុងរឿង ។
4. បងមិនភ្លេចទេ អំពិលទឹកខ្មែរអើយ! ដុះលើដីកេរខេមរាយូរឆ្នាំ
អំពឹលទឹកផ្តល់ ផលជាប្រចាំ ស្នេហាបងចាំលុះថ្ងៃអវសាន។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
បាធាយព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១១ (ថ្ងៃទៅឆេងម៉េង)
ភ្នំពេញថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១
អត្ថន័យ៖ វប្បធម៌
















ចម្រៀងបទ
សម្រស់ស្រុកខ្ញុំ
(លំនាំបទ ពីដើម ៖ កំពតកំពូលដួងចិត្ត ស៊ិនស៊ីសាមុត)

1. ឳស្រុកព្រៃគ្រីទីដ៏ឧត្តម………………ទីដ៏មនោរម្យរស្មើនឹងសង្ខារ
ទីផ្ដល់កំណើតដល់ខ្ញុំនេះណា…………ទីស្រែចំការទីមិនអាចភ្លេច។
2. ទីដែលសំបូរទិដ្ឋភាពធម្មជាតិ………..ទីដែលអស់ញាតិចងចាំជានិច្ច
ទីខ្ញុំស្រណោះរាល់ថ្ងៃរៀបលិច…………ទីខ្ញុំមិនភ្លេចអនុស្សាវរីយ៍ទាំងឡាយ។
3. គឺទីនេះហើយដែលខ្ញុំលូតលាស់……ទីព្រៃរបោះទីធ្លាទាំងឡាយ
ទីធ្លាប់ឡើងភ្នំទីលំហែរកាយ…………..ទីខ្ញុំឃ្លាតឆ្ងាយជិតសាបសិបឆ្នាំ។
4. ទីខ្ញុំធ្លាប់រត់លេងកាលកុមារ …………ទីដែលដូនតាលោកធ្លាប់បានផ្ដាំ
ទីផ្ដល់ក្ដីសុខមិនធ្លាប់ប្រេះស្រាំ…………ទីដែលខ្ញុំចាំខ្ញុំនឹករាល់ថ្ងៃ។
5. ពេលដែលខ្ញុំបានទៅលេងម្ដងៗ…….មិនដែលរំលងឡើងភ្នំរុកព្រៃ
សំដៅកំពូលភ្នំខ្ពស់ស្កឹមស្កៃ …………...ព្រោះចង់ឃើញព្រៃជ្រោះកំពូលភ្នំ។
6. កំពូលភ្នំធំមនោរម្យជាងគេ……………សម្រស់កើនទ្វេររុក្ខជាតិតូចធំ
ថែមខ្យល់ត្រជាក់ញញាក់អារម្មណ៍…….ទាំងគេទាំងខ្ញុំមិនចង់ឃ្លាតឆ្ងាយ។
7. ឡើងដល់កំពូលហាក់បានទៅដល់….ឋានសួគ៌នឹងថ្កល់នាំចិត្តសប្បាយ
ទេសភាពជុំវិញវាលស្រែវែងឆ្ងាយ……..បឹងបួរទាំងឡាយអមអែបសម្រស់។

ភ្នំពេញថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចាប់ផ្តើមតែង យប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១ វេលាម៉ោង ៦ល្ងាច









ចម្រៀងបទ
កុមារក្លាហាន
បទភ្លេងតែងថ្មី
១- យើងជាកុមារហាអើយ ក្លាហានអង់អាច
រៀបចំជាស្រេច ទៅឯសាលា។ (២ដង)
២- យើងខំស្តាប់គ្រូហាអើយ ខំសូត្រអក្ខរា
ខំពិចារណា ចំណោទលំហាត់។ (២ដង)
៣-យើងខំកត់ត្រាហាអើយ ឲ្យបានមត្យ័ធ
ខំស្រាយលំហាត់ ដែលគ្រូដាក់ឲ្យ។ (២ដង)
៤- យើងខំសូត្រអានហាអើយ ឲ្យបានញឹកញយ
យើងមិនបណ្តោយ ឲ្យល្ងង់រុករាន។ (២ដង)
៥-យើងខំរៀនសូត្រហាអើយ ចំណេះជាស្ពាន
នាំជាតិថ្កើងថ្កាន ល្បីសាយគ្មានអាក់។ (២ដង)
៦-ដូច្នេះពុកម៉ែហាអើយ គួរតែជឿជាក់
ថាកូនមិនធ្លាក់ អំពើពាលា។ (២ដង)

និពន្ធដោយ៖ យី ឆេងអ៊ួ ភ្នំពេញ ព្រលឹមថ្ងៃទី ៨-មីនា-២០១១ បណ្ណារក្ខខ្មែរ












ចម្រៀងបទ
សុ ចិ បុ លិ
លំនាំបទពីដើម៖ ស្អប់ណាស់ស្រីៗញ៉ាំស្រា


1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។
ខំរៀនខំសូត្រវិជ្ជាគ្រប់ មុខ។(ផ្ទួន) តាមដោយទំនុក សុចិបុលិ។ (បន្ទរ)

2. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។
បុ សួរសំនួរព្រោះ ការងឿងឆ្ងល់។ (ផ្ទួន) លិ កត់សំគាល់ ទុកជាក្បួនច្បាប់។ (បន្ទរ)

3. អ្នកណាប្រាសចាកអង្គបួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។
អ្នកណាត្រាប់អង្គបួននេះបានហើយ។ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។ (ផ្ទួន)


ដកស្រង់ចេញពី កំណាព្យ អង្គទាំងបួនរបស់អ្នកសិក្សាបទភុជង្គលីលា របស់បុព្វបុរសខ្មែរ
កែសម្រួលទំនុកច្រៀងដោយ៖ យី ឆេងអ៊ួ ហៅ ប៉េង បណ្ណារក្ខ
ភ្នំពេញ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១













ចម្រៀងបទ

ខ្យល់បរិសុទ្ធលើកំពូលភ្នំ

(លំនាំបទ ពីដើម ៖ វាយោបក់ផាត់ - នារីកំពូលដួងចិត្ត ស៊ិនស៊ីសាមុត)

1. វាយោបក់ផាត់មកប៉ះកាយា.................សត្វយំខ្ញៀវខ្ញារលើកំពូលភ្នំ
ចិត្តខ្ញុំរសាយពីរឿងទុក្ខធំ.........................ហាក់បានជួបជុំដូចវ័យកុមារ។
2. ភ្នំតូចភ្នំធំភ្នំបកឫស្សី............................ភ្នំខ្មោចភ្នំជ័យភ្នំមាន់រមនា
ភ្នំដងភ្នំខ្លាគេស្គាល់គ្រប់គ្នា.......................ភ្នំព្រះវិហារលើក្រោមជុំជិត។
3. នៅជុំវិញភ្នំមានបឹងច្រើនណាស់.............ទេសភាពល្អល្អះខ្ញុំតែងនឹកគិត
កាលនៅកុមារបឹងធ្លាប់ស្គាល់ចិត្ត...............ផ្តល់សារៈពិតត្រីព្រៃពេញប្រៀប។
4. វាយោអ្នកមានគុណធំពេកក្រៃ.................លួងលោមហឫទ័យបានស្បើយមួយគ្រា ធម្មជាតិស្រុកខ្ញុំគួរគន់ទស្សនា.....................ជ្រលងបព្វតាបឹងបួរល្វឹងល្វើយ។













ចម្រៀងបទ

ចាំស្នេហ៍
(លំនាំបទពីដើម ស៊ិន ស៊ីសាមុត) ចង្វាក់រាំវង់

1. ចាំអើយចាំ រាល់ខែរាល់ឆ្នាំរាល់ថ្ងៃ(២ដង) ចាំអូនរៀងរាល់រាត្រី (២ដង) ឱស្រស់ពិសីតើស្រីទៅណា? បងគេងសោកា ចង់ជួបជីវ៉ា បានចចារដូចគ្រាដើម(២ដង) ។


2. ចាំអើយចាំ ថ្ងៃណាស្រស់អូនវិលវិញ(២ដង) រាល់ថ្ងៃបងតែងទន្ទេញ (២ដង) ថាបានជួបវិញរួមក្តីស្នេហា តើដឹងទេថា អូនជាធីតាក្នុងដួងចិត្តបង(២ដង) ។


3. សូមអូនឆ្លើយ ឲ្យបងអស់ក្តីសង្ស័យ (២ដង) សូមអូននាងត្រាប្រណី(២ដង) ដាក់ទានស្នេហ៍ស្រី ឲ្យរូបបងផង ឱស្រស់ស្នេហ៍ស្នង បងមិនរំលងប្រពៃណីខ្មែរឡើយ(២ដង) ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ព្រលឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១
អត្ថន័យ៖ លើកពីតម្លៃវប្បធម៌ខ្មែរ










ចម្រៀងបទ
យើងជាកូនខ្មែរ

1. យើងជាកូនខ្មែរ រក្សាថួនថែ តម្លៃជាតិ អរិយធម៌ ថ្លៃថ្លាវរនាថ
ធនធានធានធម្មជាតិ ដែនដីសីមា ដំណែលដូនតា ពង្សអ្នកកេ្សមក្សាន្ត។

2. យើងមិនប្រហែស កសាងចំណេះ ប្រសើរកល្យាណ ទូន្មានខ្លួនល្អ
បន្តសន្តាន អំបូរថ្កើងថ្កាន សុខសាន្តមេត្រី ជាជាតិប្រពៃ ស្កឹមស្កៃបវរ ។

3. យើងជាកូនខ្មែរ បានរក្សាថែ ច្រើនរាប់តំណរ សិល្បៈរចនា ប្រាសាទអង្គរ
សម្បត្តិវប្បធម៌ អក្សរសាស្រ្តា ស្នាដៃអស្ចារ្យ ខេមរារុងរឿង ។

និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០


















ចម្រៀងបទរាំវង់
ស្មារតីខ្មែរ

1. យើងខ្មែរ ស្រលាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហប្រសប់គ្រប់យ៉ាង (ច្រៀងបន្ទរ) ។

2. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួង ចិត្តមេត្រី (ច្រៀងបន្ទរ) ។


3. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ ប្រជាជួបសុខសេរី (ផ្ទួន)
សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ) ។

4. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ នាំជាតិរុរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ) ៕


និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០














ចម្រៀង ពេលដែលរៀមថ្នាក់ថ្នម!
1. ពេល ដែលរៀមបីបមបំពេរ ស្រស់មាសមេ អូនគាប់ ហឫទ័យកន្លង រៀមសូមថ្នាក់ថ្នមត្រកង
ស្រស់ស្នេហ៍ស្នង កំពូងដួងចិត្តអមតៈ។
បឹងស្រុកខ្ញុំ៖ បឹងកំពឹស បឹងប្រយ៉ាប បឹងធំ បឹងឆ្នុកទ្រូ បឹងកំពង់ពោធិ៍ បឹងកាដឹង បឹងតាអ្នកដា បឹងអន្លុងអក បឹងកោះធំ បឹងសន្ទុះ បឹងស៊ៃតាកួច បឹងទន្លេច្រឡៃ បឹងតាប៉ន់ដូនតោ



2. ចម្រៀងកុមារ យើងខំរៀនសូត្រ
(លំនាំបទពីដើម៖ ស្អាតជានិច្ច)
3. ម៉ាក់និងប៉ាៗ ខំធ្វើការ ដើម្បីកូនៗ ខំរៀនមិនសាបសូត្រ មិនសាបសូន្យ ដើម្បីអនាគតរុងរឿង។


ចម្រៀងកុមារ៖ ទំនេរអានសៀវភៅ (លំនាំបទដេកឬដើរ)
I. ពេលទំនេរត្រូវអានសៀវភៅ កុំទុកនៅនាំអសោចកេរ្ដិ៍ អានរាល់ថ្ងៃយល់ន័យផងដែរ ក្រុងឬស្រែខំរៀនគ្រប់គ្នា។
II.
III.
IV. តាមប្រសាសន៍លោកគ្រូ ប៉ាក់ សំបុល បណ្ណារក្ខអង្គការដើម្បីភាពញញឹមនៃកុមារ បទយីកេសំខាន់ៗ៖

ឆឺមុនី តាក់កន្តែរែ ណោងភីសាណា ណរេណរេ
ណោងមនី កូរេយួនសា រំភើយផាត់ ឆាឱវារវ៉ាន់ អាតេរ៉ៃ