ទសពិធរាជធម៌១០យ៉ាងៈ
សេរីភាព ខ្មែរ
កាលពីម្សិលមិញមានបងប្អូនអ្នកភូមិចក្រភពមហាគ្រួសារខ្មែរយើងបានសំណូមពរ អោយខ្ញុំជួយរកអត្ថបទទសពិធរាជធម៌។ ជាភ័ព្វសំណាង ក្រោយពីរាវរកតាមអាំងទែណិត ខ្ញុំក៏បានប្រទះឃើញអត្ថបទនេះដូចបំណងមែន។ សូមអញ្ជើញអានដោយមេត្រី!
ទសពិធរាជធម៌១០យ៉ាងៈ
ទសពិតធម៌ ទសពិធធម៌ គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ គោលធម៌ទាំង ១០ ប្រការមាន៖
១-ទាន (Donation) ទាន គឺការផ្តល់អោយដូចជា វត្ថុ សំភារៈ ចំណេះដឹង អប់រំ ក្បួនច្បាប់ និងការអប់រំព្រះធម៌ដល់ប្រជាជាតិខ្មែរ ជាទីស្រឡាញ់របស់ខ្លួនជាដើម។ មេដឹកនាំខ្មែរ ត្រូវហ៊ានលះបង់ធនធានផ្ទាល់ខ្លួន ធ្វើអំណោយទាន ដល់ប្រជាពលរដ្ឋខ្មែរ ដែលក្រីក្រលំបាក។ មេដឹកនាំខ្មែរ ត្រូវធ្វើទាន ក្នុងគន្លង គតិបណ្ឌិត មិនមែនក្នុងបែបប្រជាភិថុតឡើយ។ ពោលគឺ អំណោយជា ផ្លែ ខ្សែសន្ទូច និងចំណេះ ដឹង ដើម្បីអោយខ្មែរ ចេះរក ចេះស្ទូចត្រី ចិញ្ចឹមជីវិតដោយខ្លួនឯង។
២-សីល Sila) អ្នកដឹកនាំល្អ គឺជាអ្នកដែលប្រកាន់ខ្ជាប់វិន័យ អំពើល្អ តាមឱវាទព្រះពុទ្ធ។ មេដឹកនាំខ្មែរ ត្រូវមាន សីល ៥ក្នុង ខ្លួន។
ទី១-សីលទាំង៥ រួមមាន+ អ្នកដឹកនាំខ្មែរ មិនសាហាវយង់ឃ្នង មិនប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ
ទី២-អ្នកដឹកនាំខ្មែរ មិនត្រូវពុករលួយ ស៊ីសំណូក លួចបន្លំ កេងយកទ្រព្យសម្បត្តិជាតិ ឬទ្រព្យ បុគ្គល ឬក្រុមគ្រួសារណាមួយ ដើម្បីប្រយោជនផ្ទាល់ខ្លួន ឬប្រយោជនក្រុមគ្រួសារ និងបក្សពួកឡើយ។ មេដឹកនាំ ត្រូវតែមានការស្មោះត្រង់ ចំពោះជាតិគ្រប់ពេលវេលា។
ទី៤-អ្នកដឹកនាំជាតិខ្មែរ មិនមែនជាអ្នកដែលល្មោភកាមតណ្ហា បុណ្យសក្កិ អំណាច និងទ្រព្យ សម្បត្តិជាតិឡើយ។ មិនត្រូវប៉ះពាល់កូន ប្រពន្ធគេ ឬ ធ្វើអោយខូចខាតផលប្រយោជនជាតិ និងប្រជាពលរដ្ឋខ្មែរ។
ទី៤-អ្នកដឹកនាំជាតិខ្មែរ មិនត្រូវពោលពាក្យកុហក ត្រូវតែស្មោះត្រង់ តាំងពីការគិត និយាយ និង កាធ្វើឡើងទៅ ។ពោល គឺ គិត និយាយ និងធ្វើ តែ១។ មេដឹកនាំជាតិខ្មែរ មិនត្រូវគិតផ្សេងៗ និយាយផ្សេង ធ្វើផ្សេងនោះទេ។
ទី៥-មេដឹកនាំជាតិខ្មែរ មិនត្រូវលង់ ក្នុងការសេពគ្រឿងញៀន អាភៀន កញ្ឆា ស្រី ស្រា ល្បែង ព្រោះនាំអោយ ខូចស្មារតី និង ប៉ះពាល់ដល់សុខភាព។ សារុបមក មេដឹកនាំត្រូវគ្រប់គ្រងអារម្មណទាំង៦ អោយមានភាពប្រក្រតីជាដាច់ខាត គឺភាពសាមញ្ញ មិនវង្វេង និងលង់តាមអារម្មណទាំង ៦ នោះឡើយ ព្រោះនាំអោយយើងមាន ចំណុចខ្សោយភ្លេចស្មារតី។ ព្រះពុទ្ធទ្រង់ត្រាស់ទុកថា“ អ្នកធ្វេសប្រហែស បាត់បង់ស្មារតី ប្រៀបដូច មនុស្សស្លាប់” ។
៣-បរិច្ចាគ ឬការលះបង់ (Sacrifice) បរិច្ចាគ ឬ ការលះបង់។ មេដឹកនាំខ្មែរ ត្រូវលះបង់ខ្លួន ដើម្បីជួយសង្គ្រោះជាតិ អោយរស់រាន មានជីវិតគង់វង្ស។ការលះបង់ ជាកត្តាសំខាន់ក្នុងទាក់ទាញ ជំនឿពីអ្នកក្រោមឱវាទ ឬអ្នកជំវិញ អោយដើរតាមខ្លួន។ ភាពកំណាញ់ស្វិត នឹងធ្វើអោយអ្នកដឹកនាំ បាត់បង់ប្រីយភាព បាត់បង់ជំនឿពីអ្នកផង។ ការលះបង់ទីនេះ ចង់និយាយសំដៅ ទៅលើការលះបង់ ដើម្បីសាងប្រយោជន៏អ្វីមួយ សំរាប់សង្គមជាតិខ្មែរ។ ក្នុងឋានៈ ជាមេដឹកនាំខ្មែរ ត្រូវហ៊ានធ្វើគំរូ នាំមុខគេ ក្នុងការធ្វើពលីកម្ម អាយុជីវិត លះបង់តាំងពី ធនធាន ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កិត្តិយសមុខមាត់ រហូតដល់ ជីវិត ដើម្បីធ្វើប្រយោជន៍ ជូនជាតិនិងជួយសង្គ្រោះ ប្រជាជាតិខ្មែរ ដែលកំពុងរងទុក្ខវេទនា ក្រីក្រ អត់ឃ្លាន ល្ងង់ខ្លៅ និងភ័យខ្លាច រស់ក្នុងរបបភេរវកម្ម។តើត្រូវធ្វើការលះបង់អ្វីខ្លះ?
-លះបង់ ភាពមុខមាត់និយម សំភារះហ៉ឺហា អំនួតអួតអាងនិយម អាត្មានិយមនិងភាពភ្លើតភ្លើន។ ដូចពោលខាងលើខ្លះៗមកហើយ ដើម្បីដឹកនាំគេត្រូវធ្វើអោយគេមានជំនឿមកលើខ្លួនយើង ស្រឡាញ់គោរពយើងជាមុន។ ដើម្បីអោយអ្នកផង ជឿស្រឡាញ់យើង យើងត្រូវធ្វើខ្លួន អោយ សមសួន មានប្ញកពារថ្លៃថ្នូរ ដោយការវៀរចាក អំពើអបាយមុខផ្សេងៗ។ ជាពិសេស លះបង់ការ ស្រេកឃ្លានមុខមាត់អំនួតអួតអាង ភាពភ្លើតភ្លើនិងសំភារះនិយម ហ៉ឺហាសំបូរ គ្មានព្រំដែន។
-លះបង់ ភាពមុខមាត់និយមក្នុងឋានះជាអ្នកដឹកនាំខ្មែរ ត្រូវហ៊ានលះបង់ មិនត្រឹមតែទ្រព្យធន ពេលវេលាប៉ុណ្ណោះទេ តែត្រូរហ៊ានលះបង់តាំងពីមុខមាត់ កិត្តិយស ឡើងទៅ។ ពោលគឺ ត្រូវតែ ចុះបំរើពលរដ្ឋដល់ទីកន្លែង។
៤-អាជ្ជវៈ ឬ សេចក្តីសោះត្រង់ (Honest) អាជ្ជវៈ គឺជាសេចក្តីត្រង់ មិនវៀចវេរ ក្រឡិចក្រឡុច។ មេដឹកនាំខ្មែរ ត្រូវស្មោះត្រង់ចំពោះ ឧត្តមគតិរួម មុខងារ តួរនាទី របស់ខ្លួន ត្រង់ចំពោះ ក្រុមការងារ ត្រង់ចំពោះប្រទេសជាតិខ្មែរ និងប្រជាពលរដ្ឋខ្មែរ ត្រង់ទាំងការគិត ការនិយាយ និងការអនុវត្តការងារ ត្រង់ចំពោះអ្នកក្រោមបង្គាប់ និង ត្រង់ ចំពោះសេចក្តីល្អទាំងឡាយ។ ភាពស្មោះត្រង់ ជាផ្លូវដ៏ល្អមួយ ញ៉ាំងអោយមានការជឿជាក់ ពីអ្នកជុំវិញខ្លួន។ ជំនឿជាក់ពីអ្នកផងទាំងពួង នឹងធ្វើអោយមាន ការរួបរួមសាមគ្គីគ្នាជុំវិញខ្លួន យើងជាអ្នកដឹកនាំ ហើយអាចជួយធ្វើឱយ ការដឹកនាំ របស់យើង ដើរទៅរកជោគ ជ័យបានឆាប់ រហ័ស ។ ក៏ប៉ុន្តែ នៅពេល ដែលមានការរួបរួមជុំវិញខ្លួនហើយ យើងជាមេដឹកនាំ មិនត្រូវភ្លេចខ្លួន ភ្លើតភ្លើន មើលងាយអ្នកផង ជុំវិញឡើយ។ កាន់តែមានការរួបរួមជុំវិញខ្លួន ខ្លាំងឡើងកាលណា កាន់តែផ្តល់សារះសំខាន់ ដល់សហការីជុំវិញខ្លួន កាន់តែអោនលំទោន ប្រកបដោយសេចក្តី ថ្លៃថ្នូរខ្ពស់ឡើងជានិច្ច។ មិនគួរនិយាយពីអ្នកក្រោមឱវាទ ថាអាក្រក់យ៉ាងនេះ មិនល្អយ៉ាង នោះឡើយ។ ត្រូវរិះរកវិធីកែខៃដោយភាពស្មោះត្រង់ ដើម្បីធ្វើអោយមានការរីកចំរើនទាំងអស់គ្នា ដើរទៅជាមួយគ្នាឆ្ពោះទៅរកជោគជ័យ។ ត្រូវចាំថា អង្គការនយោបាយដឹកនាំរបស់យើង ប្រៀប បីដូច ជាក្រុមតូរ្យតន្ត្រីមួយដែរ។ ត្រូវមានភាពប៉ិ់នប្រសប់ ក្នុងការងាររៀងខ្លួន ដូចគ្នាស្មើៗ គ្នា។ បើ ស្គរលេងល្អ តែហ្គីតា លេងអន់ ក៏មិនកន្ត្រាក់ ទាក់អារម្មណ៍ អ្នកមើលអ្នកស្តាប់។ បើស្គ ហ្គីតា លេងល្អ តែបើអ្នកច្រៀង ច្រៀងមិនពិរោះ គ្មានការទាក់ទាញ នៅរឹងស្តូក ក៏មិ់នអាចទាក់ អារម្ម ណ៍ អ្នកក្រោមឆាក អោយហក់លោតឡើងរាំបានឡើយ។ ពោលគឺ ទាំងអស់គ្នា ជាក្រុមការ ងារ ដែលស្មោះត្រង់នឹងគ្នា មានការទទួលខុសត្រូវតាមមុខងាររៀងៗខ្លួនដោយ ស្មោះស្មគ្រ័គ្មានល្បិច ប៉ែងជើង ប៉ែងដៃគ្នាឡើយ។ យ៉ាងណាមិញ ក្នុងភាពជាអង្គការនយោបាយមួយ ត្រូវតែកសាងអោយទៅជា ក្រុមការងារល្អរលូនបំផុត Best and smooth Team Work ទើបអាចជំរុញអោយ ប្រជាជាតិខ្មែរទាំងអស់ ភ្ញាក់រលឹកជឿជាក់លើយើងបាន។ ម្នាក់ៗ មានភាពស្មោះត្រង់ចំពោះ ភារៈរបស់ខ្លួនជាអ្នកដឹកនាំ មិនថាថ្នាក់ណា នៅទីណា កន្លែងណា មិនចាំបាច់ ដេកចាំអោយ មានអ្នកដាស់តឿន ឬធ្វើដើម្បីផ្គាប់មុខមាត់ឡើយ។ ម្នាក់ៗត្រូវគិតថា យើងចេះអ្វីមួយ ដែល អ្នកឯទៀតមិនចេះ តែអ្នកឯទៀត ក៏ចេះអ្វីមួយដែលយើងមិនចេះ។ ហេតុនេះ ដើម្បីសំរេច ជោគជ័យ អ្នកដឹកនាំមានភារះពូត ប្រមូលផ្តុំ សមត្ថភាព និងការប្រឹងប្រែង របស់អ្នកជុំវិញខ្លួន ដើរឆ្ពោះទៅរកគោលដៅរួម ដោយភាពស្មោះត្រង់និងពុះពារ ព្យាយាម ប្តូរផ្តាច់យ៉ាងអត់ធ្មត់ បំផុត ដោយការនាំមុខគេជានិច្ច ក្នុងការពុះពារឧបសគ្គ័ផ្សេងៗ ។ ចូរពិចារណាចងចាំនិងយល់ យ៉ាងជាក់ថា ខ្សែហ្គីតាមួយ មានសំលេងតែមួយប៉ុណ្ណោះ ខ្សែទាំង៥មានសំលេងខុសៗគ្នា តែដោយភាពប៉ិនប្រសប់របស់អ្នកលេងហ្គីតា ចេះរួមផ្សំសំលេងខ្សែទាំងនោះ បញ្ចូលគ្នាធ្វើឱ្យ អ្នកលេង អាចលេងភ្លេងបានយ៉ាងពិរោះរណ្តំ នាំព្រលឹងអាត្ម័ន អ្នកស្តាប់ អ្នកទស្សនា អោយលង់លក់ ទៅតាមចំណង់របស់គេបាន។ តើអ្នកណាមួយ អាចទាយថា អ្នកលេងដែលប្រើប្រាស់ហ្គីតានេះ នឹងលេងបានត្រឹមតែប៉ុន្មានបទ ប្រាកដជាគ្មានចំឡើយទេ។ យ៉ាងណាមិញ យើងជាអ្នកដឹកនាំជាតិខ្មែរ ដែលស្រឡាញ់ជាតិពិត ក៏ត្រូវរៀនសូត្រពីនេះដែរ ទើបយើងអាចកសាង ក្រុមការងារល្អរលូនបាន។ ក្រៅពីនេះ ការរួមសុខរួមទុក្ខជាកត្តាសំខាន់ខ្លាំងណាស់។ ដូចរៀបរាប់មកខាងលើ មកហើយគឺ អ្នកដឹកនាំខ្មែរ ត្រូវតែស្មោះត្រង់ គ្រប់ឥរិយាបថទាំអស់ តាំងពី ការគិត ការនិយាយ ការធ្វើ ការ រស់ នៅដោយភាពប្តូរផ្តាច់ ចំពោះជាតិមាតុភូមិ ប្រជាជាតិខ្មែរ និងអង្គការនយោបាយរបស់ ខ្លួន ដែលខ្លួនមានតួនាទីដឹកនាំ ដើម្បីជំរុញការតស៊ូឆ្ពោះទៅរកជោគជ័យផ្តាច់ព្រត្យ័ ដោយគ្មាន វៀចវេរ ។ “ដាក់ខ្លួនឱយទាប ដើម្បីមើលអោយបានដល់ជំរៅបញ្ហា តែក្រោកឈរឱយខ្ពស់ ដើម្បី មើលឱយបានឆ្ងាយ ដោយភាពភ្លឺស្វាងនៃអនាគត”។
៥-មទ្ទវៈ ឬ ភាពរាបសារទន់ភ្លន់ (Gentle) មទ្ទវៈ ជាសេចក្តីរាបសារទន់ភ្លន់។ មេដឹកនាំខ្មែរ ត្រូវសំដែងនូវទឹកមុខញញឹម រួសរាយរាក់ទាក់ជានិច្ច ចំពោះអ្នកក្រោមបង្គាប់ និង ប្រជាពលរដ្ឋខ្មែរទូទៅ ទោះជានៅពេល មានឧបសគ្គ័ ពិបាកយ៉ាងណាក្តី។ សេចក្តីរីករាយ របស់មេដឹកនាំជាឱសថ អាចលើកទឹកចិត្តទាហាន ឬអ្នកក្រោមឱវាទ អោយមានទឹកចិត្តប្រយុទ្ធ ឬមានក្តីសង្ឃឹមទៅមុខបាន។ ហេតុនេះ មេដឹកនាំខ្មែរមិនត្រូវធ្វើមុខស្រពាប់ស្រពោន មុខក្រញូវមុខស្អុយ ប្រកាន់ ឬកក្រអឺតក្រទម ច្រងេងច្រងាង ឆេវឆាវ អាង ថាខ្លួនឯងអ្នកធំមានអំណាច ឬមេគេនោះទេ។ មេដឹកនាំត្រូវតែ រាក់ទាក់ដាក់អ្នកតូច អ្នកក្រោម បង្គាប់ និងប្រជាពលរដ្ឋសាមញ្ញមុនជានិច្ច។ ត្រូវព្យាយាមស្គាល់ឈ្មោះអ្នកក្រោមឱវាទ អោយ បាន អស់ និងត្រូវហៅអោយចំៗឈ្មោះ ថាលោក. ក... ឬ លោក...ខ ជាដើម។ ការហៅចំឈ្មោះ មានន័យខាងចិត្តសាស្ត្រមួយធំណាស់ ជាពិសេស ចំពោះអ្នកដែលមានឋានៈតូចទាបជាង ។ ក្រៅពីនេះ មេដឹកនាំត្រូវទទួលនូវសេចក្តីគោរព ពីអ្នកផង ដោយការយកចិត្តទុកដាក់មិនព្រងើយកន្តើយ ហើយត្រូវដាក់ខ្លួនអោយមានលក្ខណៈសាមញ្ញ ជាមួយនឹងប្រជាពលរដ្ឋ និងអ្នកក្រោមបង្គាប់។ មិនស៊ីជោរ អួតអាង ពេលគេសរសើរ មិនត្រូវអង្គុយលើចង្អេរលើកខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ពោលគឺមិនត្រូវនិយាយពីរឿង ខ្លួនឯងថា គ្រាន់បើជាងអ្នកដទៃ ឬ តាំងខ្លួនឯងជាមេដឹកនាំរបស់អ្នកទាំងអស់នោះ។ ផ្ទុយទៅវិញ យើងត្រូវតាំងខ្លួនយើង ជាអ្នកបំរើ ប្រជាពលរដ្ឋខ្មែរទើបប្រសើរ។ មេដឹកនាំ ត្រូវហ៊ានសារភាពកំហុស ដោយការទទួលខុសត្រូវ និង ដោយទឹកមុខញញឹមពេញចិត្ត ចំពោះអ្វីដែលយើងបានធ្វើខុស ឬយើងបានចាត់ការខុស ។ មេដឹកនាំខ្មែរ ត្រូវទន់ភ្លន់ តែមិនទន់ជ្រាយនោះទេ បើប្រៀបធៀបទៅ និងដើមឈើ មេដឹកនាំត្រូវធ្វើដូចជាដើម ផ្ចឹក ក្រញូង និងបេង ជាដើម ដែលមានភាពទន់ខាងក្រៅ តែរឹងប៉ឹងខាងក្នុង។ មេដឹកនាំខ្មែរ មិនត្រូវធ្វើដូចដើមល្ហុង និងអំពៅ ដែលមានលក្ខណៈរឹងក្រៅ តែប្រហោង ក្នុងនោះទេ។ មេដឹកនាំត្រូវចេះ ស្គាល់កាលៈទេសៈ និងស្ថានការណ៍ តើពេលណា យើងត្រូវធ្វើមេដឹក នាំគេ? ហើយពេលណាយើងត្រូវធ្វើជាអ្នកក្រោមបង្គាប់គេ?។ កាន់តែមានការរួបរួម មានជោគជយ័ក្នុងការធ្វើអោយអ្នកផងរួបរួមគ្នាដើរតាមខ្លួន អ្នកដឹកនាំជាតិខ្មែរ កាន់តែមាន ភាពរាបសារ ទន់ភ្លន់អោនលំទោន ចំពោះអ្នកជំវិញខ្លួន ខ្លាំងឡើងជាលំដាប់។ ភាពរួសរាយ រាក់ទាក់អោន លំទោន របស់អ្នកដឹកនាំ ជាមន្តស្នេហ៌មួយអាចធ្វើអោយគេដើរតាម គោលការណ៍នានារបស់ខ្លួន និងរបស់អង្គការនយោបាយខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ “ ដើម្បីដឹកនាំគេ ត្រូវធ្វើអោយ គេស្រឡាញ់យើងជាមុន ដើម្បីអោយគេស្រឡាញ់យើង យើងត្រូវស្រឡាញ់គេដោយស្មោះស្មគ្រ័ ជាមុន”។ នៅពេល ប្រជាជាតិខ្មែរទូទៅ មានការជឿជាក់លើយើង និងមានការភ្ញាក់រលឹក ដូចយើងហើយនោះ នោះនឹងញ៉ាំងអោយយើងអាច ជំរុញការរំដោះជាតិរបស់យើង ឆាប់បាន ដល់ទិសដៅ។ តែត្រូវចាំថា “យើងជាអ្នកបំរើជាតិប្រជាជាតិ មិនមែនជាអ្នកជិះ ជាន់សង្កត់ សង្កិនរាស្ត្រខ្មែរតូចតាចឡើយ”។
៦-តបៈ ឬស្អាតស្អំ (Clean) តបៈ ការដុះខាត់សំអាតចិត្ត ឬកំចាត់នូវអំពើអាក្រក់ក្នុងខ្លួន។ តើត្រូវកំចាត់អ្វីខ្លះ? មេដឹកនាំ ត្រូវកំចាត់អារម្មណ៍ដែលនាំអោយយើងប្រព្រឹត្តិអំពើអាក្រក់ទាំងឡាយ និងបញ្ជាអារម្មណ៍របស់ខ្លួនឯងមិនអោយក្តៅក្រហាយ។ មេដឹកនាំខ្មែរមិនធ្វើអោយក្តៅក្រហាយដល់ចិត្តអ្នកដទៃ អ្នកក្រោមឱវាទឡើយ។ យើងត្រូវមានផែនការ កាលវិភាគ កំណត់ច្បាស់លាស់សំរាប់កិច្ចការ ប្រចាំថ្ងៃ ហើយអនុវត្តតាមផែនការនោះ។ ដូច្នេះ យើងត្រូវសង្កេតមើលសកម្មភាពរបស់យើងគ្រប់ពេលវេលាបើយើងដឹងថា យើងធ្វើខុស ឬធ្វើអំពើអាក្រក់ យើងត្រូវកែប្រែចេញ។ បើយើងដឹងថា ខ្លួនយើងអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន យើងត្រូវឈប់ធ្វើដូច្នោះ យើងត្រូវត្រឡប់មកគិតដល់ប្រយោជនជាតិ ប្រយោជនសង្គមនិងប្រជាជាតិខ្មែរទាំងមូលវិញផង។ ក្នុងនាម យើងជាមេដឹកនាំខ្មែរ ត្រូវធ្វើដូចព្រះអាទិត្យផង និងជាព្រះច័ន្ទ ផង។ តើអ្វីខ្លះទៀត ដែលមេដឹកនាំខ្មែរ គួរលះបង់ចេញ? មេដឹកនាំខ្មែរត្រូវលះបង់ ឈប់គិត ព្យាបាទខ្មែរគ្នាឯង ឈប់ឈ្លោះប្រកែកជាមួយខ្មែរ ឈប់ចងគំនុំ គុំគួន នឹងិខ្មែរគ្នាឯង និងឈប់និយាយឌឺដងឡកឡឺយដៀមដាម ដោយពាក្យផ្លែផ្ការ ឬអំណួត បែបមនុស្សពាលបាតផ្សារ ឬ មួលបង្កាច់ទំលាក់កំហុសដាក់ អ្នកស្នេហាជាតិទៀត។ មេដឹកនាំខ្មែរ ត្រូវឈប់កំណាញ់ ឬមាយា លាក់ពុត។ មេដឹកនាំខ្មែរ មិនត្រូវធ្វើជាមនុស្សក្បាល រឹង ចចេស ត្រូវចេះស្តាប់ហេតុផល និង ស្តាប់យោបល់អ្នកក្រោមបង្គាប់យកមកពិចារណា។ ត្រូវចាំថា បើយើងចង់ដឹកនាំគេ យើងត្រូវតែយកគំនិត យោបល់អ្នកក្រោមបង្គាប់ មកគិតមកពិចារណា ថ្លឹងថ្លែង ជាគតិខ្លះ។ “អ្នកទាបតូច មិនសុទ្ធតែជាអ្នកល្ងង់ខ្លៅឡើយ ឯអ្នកដែលមាន មានសញ្ញាបត្រ័ បណ្ឌិត មិនមែនសុទ្ធ តែជាអ្នកគិត ត្រូវឆ្លៀវឆ្លាត ជាងគេឯងទាំងអស់ដែរ”។ អ្នកដឹកនាំខ្មែរ ត្រូវតែស្អាតស្អំ ទាំងចិត្ត គំនិត ទាំងស្មារតី មិនប្រព្រិត្តិអ្វីដែល ជាអំពើស្មោគគ្រោក អាបាយមុខផ្សេងៗដែលនាំអោយ មានរឿងអាស្រូវដល់កេរ្តិ៍ឈ្មោះ និងធ្វើអោយការដឹកនាំមិនទទួលជោគជ័យ។ ក្រៅពីនេះ មិនត្រូវ ទទួលយកសំណូកសូកប៉ាន់ផ្សេងៗ ដែលនាំឱយប្រឡាក់ប្រឡូស ដល់កិត្តិយសរបស់ខ្លួន ឬនាំអោយមានអយុត្តិធម៌ ក្នុងការដឹកនាំ ដោយសារតែការទទួលយកសំណូកសូកប៉ាន់នេះ។ ទោះជា មេដឹកនាំខ្មែរ ត្រូវតែប្រកាន់នូវភាពស្អាតស្អំ មិនទាក់ទាមនឹង អំពើមិនល្អមិនត្រឹមត្រូវ តាមសីលធម៌ តែអ្នកដឹកនាំខ្មែរ មិនត្រូវរារែកនឹងអ្វី ដែលខ្លួនយល់ថា ត្រឹមត្រូវសំរាប់ការសង្គ្រោះជាតិ ការរំដោះប្រជាជាតិខ្មែរឡើយ។ “ ខ្មែររស់ព្រោះ ខ្មែរហ៊ានស្លាប់” តែ “ខ្មែរនឹងស្លាប់ បើខ្មែរ កំសាកខ្លាចសេចក្តីស្លាប់”។
៧-អក្កោធៈ (Peace) អក្កោធៈ គឺការមិនងាយខឹងក្រេវក្រោធ។ មេដឹកនាំខ្មែរ មិនត្រូវខឹងក្រេវក្រោធ ឆេវឆាវជាដាច់ខាត ព្រោះការខឹងនេះ គឺជារនាំងបាំងអោយយើងងងឹត មិនស្គាល់ខុសនិងត្រូវ ល្អនិងអាក្រក់ យុត្តិធម៌និងអយុត្តិធម៌ ដោយសារតែសេចក្តី វង្វេងនឹងភ្លើងកំហឹង។ បើមេដឹកនាំខ្មែរ មានសេច ក្តីក្រោធ នោះមិនមែនជាការល្អសោះឡើយ ព្រោះសេចក្តីក្រោធ ប្រៀបដូចជាច្រែះ របស់អាវុធក្នុងលោក ប្រៀបដូចជាភ្លើងឆេះសំរាប់នាំទៅរកសេចក្តីវិនាស។ អ្នកក្រោធរមែងមិនដឹងនូវ ហេតុផល និងធ្វើឱយចិត្តក្តៅ សោកសៅ(មិនស្ងប់)មានទុក្ខជានិច្ច។ គេសំគាល់សេចក្តីក្រោធ បានតាមរយៈ ការមិនពេញចិត្ត ការទាស់ចិត្តការក្តៅ ពុះកញ្ជ្រោល ការគិតឈ្លោះប្រកែក និងការចងគំនុំសងសឹក។ ម៉្យាងទៀតពាក្យថា ក្រោធ ក៏មានន័យថា ខុស ដូច្នេះបើមេដឹក នាំខ្មែរ ខឹង ឬខ្ញាល់ មានន័យថា ខុស ដូចពាក្យចាស់ពោលថា “ខឹងខុស ខឹងខូច ខឹងខាត ”(ចូរមើលរឿង មាយើង)។អាស្រ័យហេតុនេះ មេដឹកនាំខ្មែរ គ្រប់លំដាប់ថ្នាក់ មិនត្រូវយកការខឹងក្រេវក្រោធ មកដាក់ខ្លួនឡើយ។
៨-អវិហឹង្សា (Nonviolent) អវិហឹង្សា មានន័យថា មិនបៀតបៀនធ្វើអោយអ្នកដទៃក្តៅក្រហាយ កើតទុក្ខដោយសារខ្លួន ជាពិសេសលើ ពលរដ្ឋរបស់ខ្លួនឯង។ មេដឹកនាំខ្មែរ មិនត្រូវយកអំណាចតួនាទីរបស់ខ្លួន ទៅគាបសង្កត់ជិះជាន់គំរាមកំហែងប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជនផ្ទាល់ខ្លួន ឬផលប្រយោជន៍ បក្សពួកខ្លួននោះទេ។ មេដឹកនាំខ្មែរ ត្រូវគោរពសិទ្ធិពលរដ្ឋ កុមារ ចាស់ទុំ និងស្ត្រីភេទ។ មេដឹកនាំ មិនត្រូវប្រើអំពើហិង្សឹចំពោះជនរួមជាតិឡើយ ត្រូវប្រកាន់យកប្រជាធិបតេយ្យ យកប្រជាជាតិ ខ្មែរជាធំ។ មេដឹកនាំខ្មែរ ត្រូវអោយអភ័យ និងលើកលែងទោស ចំពោះអ្នកដើរតាម ឬប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើខុស។ មិនមែនខុសដៃ យកដៃ ខុសជើង យកជើងទេ។ ត្រូវចាំថា អ្នកដើរតាម និងប្រជាពលរដ្ឋខ្មែរគ្មានកំហុសទេ ខុសឬត្រូវ គឺជាលទ្ធផលរបស់មេដឹកនាំ ព្រោះមេដឹកនាំ ជាអ្នកទទួលខុសត្រូវ។ ប្រជាពលរដ្ឋខ្មែរប្រៀបដូចជាកូនយើង ដែលពួកគេមិនដឹងអ្វីទេ។ ហេតុនេះ ហើយ មេដឹកនាំខ្មែរ ត្រូវធ្វើការអប់រំបណ្តុះបណ្តាល ពលរដ្ឋខ្មែរ ឱយមានចំណេះដឹង និងសមត្ថភាពគ្រប់ៗគ្នា។ បើអ្នកក្រោមឱវាទ ធ្វើខុស ឬបរាជ័យក្នុងកិច្ចការអ្វីមួយ កំហុសត្រូវធ្លាក់ លើមេដឹកនាំ ជាអ្នកខុស មិនត្រូវដាក់កំហុសឬដាក់ទោសលើ អ្នកក្រោមបង្គាប់នោះទេ។ មេដឹកនាំខ្មែរ ជាអ្នកសំរេចចិត្តលើ កិច្ចការគ្រប់យ៉ាងទាំងការប៉ាន់ប្រមាណ ស្ថានការណ៍ ការរៀប ចំផែនការ ការអនុវត្តន៍ ការដឹកនាំធ្វើ និងត្រួតពិនិត្យជាដើម យើងជា មេដឹក នាំ ត្រូវតាំងខ្លួនជាអ្នកបំរើរបស់ប្រជាពលរដ្ឋខ្មែរមិនមែនធ្វើជាចៅហ្វាយកៀប សង្កត់ប្រជាពលរដ្ឋខ្មែរឡើយ។
៩-ខន្តី (Patient) ខន្តី គឺការអត់ធន់។ មេដឹកនាំខ្មែរ នឹងទទួលបានជោគជ័យ លើកិច្ចការងារទាំងពួង បើសិនជា មេដឹកនាំខ្មែរទាំងអស់មានខន្តី គឺសេចក្តីអត់ធន់។ តើមេដឹកនាំខ្មែរត្រូវអត់ធន់និងអ្វីខ្លះ? មេដឹក នាំខ្មែរ ត្រូវអត់ធន់និងសេចក្តីលំបាក សេចក្តីវេទនាការឈឺចាប់ទាំងពួង ការិះគន់ ការមើលងាយ មិនលើកទឹកចិត្ត៘ មេដឹកនាំខ្មែរ ត្រូវអត់ធន់និងតណ្ហា ឬមហិច្ឆតាផ្ទាល់ខ្លួន ដែលគាបសង្កត់ ជំរុញ អោយប្រព្រឹត្តិអំពើមិនត្រឹមត្រូវ (ទុច្ចរិត)។ មេដឹកនាំខ្មែរ មិនធ្វើតាមតែអារម្មណ៍ ឬចិត្តរបស់ខ្លួន នោះឡើយ។ មេដឹកនាំខ្មែរ ត្រូវអត់ធន់ដុសខាត់ភាពល្ងង់ខ្លៅរបស់ខ្លួន និងភាពល្ងង់ ខ្លៅ របស់ ប្រជាពលរដ្ឋ ឬអ្នកក្រោមបង្គាប់។ មេដឹកនាំខ្មែរ ត្រូវអត់ធន់ ចំពោះការងាររបស់ខ្លួន ពាក្យណែនាំ ឬការប្រឹក្សាពីអ្នកផងទាំងពួង មិនថាអ្នកក្រោមបង្គាប់ ឬជាគ្រូអាចារ្យយើងឡើយ។ មេដឹកនាំខ្មែរ ត្រូវអត់ធន់ ចំពោះការត្មេះតេះដៀល ការប្រឆាំងពីសង្គម និងចំពោះពេលវេលា ដែលធ្វើការងារមិនបានសំរេច។ ចំណុចពិសេសមួយទៀត មេដឹកនាំត្រូវមាន អំណត់ចំពោះការ ស្តាប់ ការជឿ។ មិនត្រូវជឿងាយ ខឹងងាយ ផ្តេសផ្តាស (ត្រចៀកស)ឡើយ។ ឮមួយរយដង មិនស្មើនិងឃើញម្តង ការឃើញមួយរយដង មិនស្មើយើងបានប៉ះម្តង ទោះជាមានហេតុផលក៏ដោយ ក៏មិនត្រូវដាក់ចិត្តជឿភ្លាមទេ។ មេដឹកនាំខ្មែរ ត្រូវចុះមើល ស្ថានការណពិត ជាក់ស្តែង ដោយខ្លួនឯង និងបង្កើតទំលាប់នេះដល់អ្នកក្រោមបង្គាប់។ ជាពិសេស ចំពោះអ្នកស្នេហាជាតិខ្មែរ ត្រូវមានការអត់ធន់ គ្រប់បែបយ៉ាងគ្រប់ពេលវលាទាំងអស់ រហូតដល់សំរេចជោគជ័យចុងក្រោយ ក្នុងការតស៊ូ សង្គ្រោះប្រទេសជាតិ ឱ្យរស់ឡើងវិញ។ តោងគោរព ប្រណិបត្តន៍តាម ព្រះពុទ្ធបរមគ្រូនៃយើងដែលអត់ធន់ស្វែងរកមាគ៌ាប្រោសសត្វលោករហូតបានសំរេចព្រះនិព្វាន្ត។
១០-អវិរោធនៈ (Keep doing right) អវិរោធនៈ គឺការមិនធ្វើខុស។ មេដឹកនាំខ្មែរ ត្រូវធ្វើអោយបានត្រឹមត្រូវជានិច្ច ទាំងការគិតត្រូវ ការយល់ត្រូវ ការនិយាយត្រូវ ការធ្វើត្រូវ ការព្យាយាមត្រូវ ការភ្ញាក់រលឹកត្រូវ ការតំកល់ចិត្តត្រូវ និងការចិញ្ចឹមជីវិតត្រូវ។ តែមិនត្រូវរួញរាដល់មិនហ៊ានធ្វើអ្វីសោះ ព្រោះខ្លាចខុសនោះឡើយ ក្នុងភាពជាអ្នកដឹកនាំ ត្រូវហ៊ានប្រថុយ ហ៊ានអារកាត់ នៅក្នុងកាលៈទេសៈ ចាំបាច់។ ប៉ុន្តែការហ៊ានប្រថុយ ត្រូវផ្អែកលើ ផលប្រយោជនជាតិ និងជនរួមជាតិជាធំ ផ្អែកលើកលយុទ្ធសាស្ត្រ ត្រឹមត្រូវស្ថានការណ៍ជុំវិញខ្លួន ពេលវេលា និង លទ្ធភាពហុចអោយ។ មិនត្រូវ ប្រថុយដោយគ្មានគ្រឹះ គ្មានការត្រេះរិះពិចារណាឡើយ។ មេដឹកនាំខ្មែរ មិនត្រូវប្រកាន់នូវគុណធម៌ងាប់ស្តូក គ្មានភាពបត់បែន តាមតំរូវការសំរាប់ អ្នកដឹកនាំនោះឡើយត្រូវចេះវិភាគរក អ្វីល្អ អ្វីអាក្រក់ អ្វីគ្រោះថ្នាក់ដល់សង្គមជាតិខ្មែរ ពោលគឺត្រូវហ៊ានធ្វើការអាកាត់ ដើម្បីផលប្រយោជន៍ប្រជាជាតិខ្មែរ និងជាតិជាធំ។យើងគួរសិក្សាពី រឿងល្បើកខ្មែរមួយ ដែលនិយាយពីព្រះសង្ឃ ពីរអង្គ ធ្វើដំណើរទៅជួបនឹងព្រះពុទ្ធអង្គ ដើម្បីបានសំរេច ជាព្រះអារហន្ត។ នៅតាមផ្លួវ ព្រះសង្ឃទាំងពីរអង្គ ត្រូវដាច់ចង្ហាន់។ ពេលនោះ មានទេវតា មកនិមិត្តជា សត្វត្រី នៅចំពោះ ព្រះភ័ក្ត្រ ព្រះសង្ឃទាំងពីរអង្គ។ ព្រះសង្ឃមួយអង្គគិតថា បើព្រះអង្គសំលាប់ត្រីនោះ ធ្វើចង្ហាន់ ព្រះអង្គនឹងត្រូវប្រាសចាកពីវិន័យធម៌ដោយត្រូវអាបត្តិ។ ឯព្រះសង្ឃ មួយអង្គទៀតគិតថា បើអាត្មាអញ មិនសំលាប់ត្រីនេះ ធ្វើចង្ហាន់ទេ អាត្មាអញនឹងត្រូវសុគត ដោយឥតប្រយោជន៍ ហើយមិនបានទៅទាន់ព្រះត្រាស់ដឹងឡ៉ើយ តែបើអាត្មាអញសំលាប់ត្រីនេះ ឆាន់អាត្មាអញ នឹងបានរស់រានមានជីវិត ទៅទាន់ព្រះត្រាស់ដឹង ហើយពិតជាបានសំរេចអរហន្ត ជាមិនខាន។ បន្ទាប់មក ព្រះអង្គត្រឡប់មកប្រស់ត្រីនោះវិញ។ ព្រះសង្ឃអង្គ ដែលមិនបានឆាន់ត្រីក៏សុគតទៅ ដោយមិនបាន ផលអ្វីឡើយ។ ឯព្រះសង្ឃអង្គដែលឆាន់ត្រី ក៏បានទៅទាន់ព្រះត្រាស់ដឹងហើយបានសំរេចព្រះអារហន្ត និងបានត្រឡប់ទៅ ប្រស់ត្រីនោះអោយរស់រានមានជីវិតឡើងវិញ។ រឿងល្បើកខ្មែរខាងលើនេះ បានបង្រៀនយើងថា ក្នុងឋានៈជាអ្នកដឹកនាំខ្មែរ យើងមិនត្រូវប្រកាន់ គុណធម៌ងាប់ស្តូករហូត លែងហ៊ានធ្វើអ្វី ដែលខ្លួនយល់ថាជាប្រយោជនដល់ជាតិ ដល់ប្រជាជាតិខ្មែរ ព្រោះតែខ្លាច ប្រាសចាកគុណធម៌នោះទេ។ ត្រូវហ៊ានអារកាត់ធ្វើអ្វីដែលខ្លួនយល់ថា ជាប្រយោជន៍ ដល់ជាតិ និងប្រជាជាតិខ្មែរ ដោយស៊ូទ្រាំនឹងការរិះគន់ទាំងឡាយពី មជ្ឈដ្ឋានផ្សេងៗ ក្នុងសង្គមដែលយល់មិន ដល់ជំរៅនៃស្ថានការណ៍ ឬក៏មាននិស្ស័យតែខាងរិះគន់ ខាងពេបជ្រាយ តែមិនហ៊ានធ្វើអ្វីជា ប្រយោជន៍ដល់សង្គមសោះ។ មិនត្រូវតូចចិត្ត រាថយព្រោះតែ ការរិះគន់នោះ ឡើយ។ ព្រោះថា ពពួកជនអវិជ្ជមាន មិនមែនមានតែក្នុងសង្គមខ្មែរ បច្ចុប្បន្ននោះទេ តែមានតាំងពីសម័យ ព្រះពុទ្ធអង្គ នៅជាក្សត្រ័មកម្លេះ (ពួកមា)។ តែបើយើងមានភាពរឹងប៉ឹង ទាំងផ្លូវចិត្ត ផ្លូវ កាយ គ្រប់គ្រាន់ ឈ្នះរឿងរ៉ាងអស់ទាំងនេះ យើងនឹងទទួលបានជោគជ័យយ៉ាងប្រាកដ ហើយ ពួកជនអវិជ្ជមាន(មា) ទាំងនេះ នឹងក្លាយមកជាបរិវារ ជាអ្នកចុះញ៉មយើងវិញមិនខាន។
-ការដែលធ្វើគំរោងផែនការមិនខុសៈ មេដឹកនាំខ្មែរ មុននឹងធ្វើផែនការ ត្រូវតែស្គាល់ស្ថានការណ អោយច្បាស់ សិក្សាយកពត៌មានអោយបានជាក់លាក់។មេដឹកនាំខ្មែរ ត្រូវចំរ៉ាញ់ពត៌មាន ដែល ទទួល បាន រហូតទាល់តែពត៌មាននោះល្អិតល្អន់ល្អ ទើបយកពត៌មាននោះ មកធ្វើផែនការ ដើម្បី ប្រៀបធៀបជា មួយគូរប្រកួតប្រជែងរបស់យើង ដោយដឹងជាមុនថា គំរោងផែនការ នោះពិតជាឈ្នះ ឬគំរោងផែនការ នោះចាញ់។ មេដឹកនាំខ្មែរ ត្រូវដឹងពីខ្លួនឯង និង សត្រូវទាំងចំនួន កំលាំង សមត្ថភាព ស្មារតី ធនធាន បច្ចេកវិទ្យា សំភារះស្ថានការណ៍ និងបរិដ្ឋានជុំវិញខ្លួន៘ បើសិន មានខ្វះចន្លោះ ត្រូវកែតំរូវ និងបំពេញបន្ថែម អោយបានត្រឹមត្រូវ មុននិងដាក់អោយគេ អនុវត្តន។
-ការមិនធ្វើខុសដោយសំដីៈ ដោយចិត្ត ដោយកាយវិការ ដោយការងារចំពោះខ្លួនឯង អ្នកក្រោម បង្គាប់ សហការី ការងារ ប្រជាពលរដ្ឋ ច្បាប់ តួនាទី ទំនៀមទំលាប់ វប្បធម៌ និងប្រពៃណី ជាតិ ខ្មែរ នេះហើយ ជាលក្ខណៈ មេដឹកនាំល្អរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ មិនគាំទ្រ មិនសមគំនិត នឹង អ្នកធ្វើខុសឡើយ ។ ពេលធ្វើខុស អ្នកដឹកនាំខ្មែរ ត្រូវហ៊ានទទួលខុស មិនលំអៀង ព្រោះអគតិ ៤ យ៉ាង គឺការស្រឡាញ់ ស្អប់ ច្រណែន ឈ្នានីស ។
@ដកស្រង់ចេញពីសៀភៅ មេដឹកនាំខ្មែរភាគ១ របស់បណ្ឌិត ស ធម្មរង្សី ដោយ សេរីភាព ខ្មែរ
សូមបញ្ជាក់ថា ទសពិធរាជធម៌នេះ មិនសម្រាប់តែអ្នកដឹកនាំប្រទេស រដ្ឋឡើយ អាចប្រើអនុវត្តប្រកប ដោយប្រសិទ្ធិភាពចាប់តាំងពីមេគ្រួសារឡើងទៅ។
No comments:
Post a Comment