១\សមាសភាពតួអង្គ៖
ក/ ផ្នែកនារី៖
មីងវណ្ណេត ប្រពន្ធពូភក្ដី សំដែងដោយ កញ្ញាសាំង សុវណ្ណេត
ស្រីលាភ កូនស្រីពូភក្ដី សំដែងដោយ កញ្ញា ស្រីលាភ
ម៉ារី មិត្តស្រីលាភ សំដែងដោយ កញ្ញា ត្រឹងម៉ារី
នារី មិត្តស្រីលាភ សំដែងដោយ កញ្ញា
វ៉ាន់ដា មិត្តស្រីលាភ សំដែងដោយ កញ្ញា ឆានវ៉ាន់ដា
ស្រីមុំ មិត្តស្រីលាភ សំដែងដោយ កញ្ញាអ៊ូ ស្រីមុំ
និងមិត្តនារីច្រើនទៀត។
ខ/ផ្នែក បុរស៖-
ពូភក្ដី ប្ដីមីងវណ្ណេត សំដែងដោយ ភក្ដី (១១ប្រយោគ)
ស៊ីថៃ- មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ ស៊ីថៃ (៧ប្រយោគ)
តារា មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ តារា (១០ប្រយោគ)
ចក់ គូដណ្ដឹងចាស់ កញ្ញា ស្រីលាភ សំដែងដោយ ហុកចក់ (៨ប្រយោគ)
ហយ មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ នាយហយ (៥ប្រយោគ)
រដ្ឋា ប៉ូលីស សំដែងដោយយុវសិស្ស រដ្ឋា (១ប្រយោគ)
រឺទ្ធី ប៉ូលីស សំដែងដោយយុវសិស្ស រឺទ្ធី (១ប្រយោគ)
អ្នកប្រុសម៉េង កូនឧកញ៉ា គូដណ្ដឹងថ្មី កញ្ញា ស្រីលាភ ដោយ អ៊ិន វិបុល (៥ប្រយោគ)
ឧត្តម អ្នកសមគំនិត អ្នកប្រុស ម៉េង សំដែងដោយ មួង ឧត្តម (៦ប្រយោគ)
អាន ដៃជើងអ្នកប្រុស ម៉េង សំដែងដោយ អ៊ុកសំអាន (៧ប្រយោគ)
២ទីកន្លែងទំនាស់៖ នៅគេហដ្ឋាន ពូភក្ដី មីងផល្លា
៣\សកម្មភាព៖ រដូវចូលឆ្នាំ ក្មេងៗស្រីប្រុសជួបជុំគ្នាលេងល្បែងប្រជាប្រិយ តែត្រូវរំខានដោយក្មេងទំនើង
មួយក្រុម។
វាំងននបើកឆាកឡើង! ហោមរោងយីកេ
១-ឆាឱរណាៗណោងអឺយ ...អឺអឺងអឺយ ឆាឱរណាៗណោងអឺយ ណោងរ៉ាក់ ណោងរ៉ៃសៃជំពូ មីឡេនចៅស៊ូយូរាជសាប៉ៃ
ណោងកូរ៉ាក់ ណោងកូរ៉ៃ ម៉ៃមីអឺយម៉ៃអឺយ រ៉េវៗកុមាររ៉េវៗ ឆាឱរណាៗណោងអឺយ ...អឺអឺងអឺយ ឆាឱរណាៗណោងអឺយ។
២-ឃើញព្រៃណោងអើយកុំឈប់ ឃើញម្លប់ណោងអើយកុំឈរ សូមអញ្ជើញខ្មៅមក ឆាអេ មៈមៈ ឆាឱរណាៗណោងអឺយ ..
អឺអឺងអឺយ ឆាឱរណាៗណោងអឺយ។
៣- ខ្ញុំស្រែកថ្លៃលោកអើយខ្ញុំហៅ ខ្ញុំសូមអំពាវនាវដល់កន្ទោងខៀវស្រី (បន្ទរ៖ឆា)(ពីរដង) ឆាឱ!ខៀវអើយ...ចាំអី សូមអញ្ជើញ
ខៀវស្រីមកសោយរាជ្យសោយផ្កា។
៤-សាធុអើយ ក្រាបថ្វាយបង្គំ ហៃយើព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះពិស្នុកា(ពីរដង) ខ្ញុំសូមបួងសួងអើយអស់ទេវតា
ទាំងឆកាមាទិសទាំងប្រាំបី។
៥(ពោល)៖ អេអឺយ នាងនាថពិសី ស្រស់ស្រីចេញលើកដៃ ឡើងរាំ អេអឺយ...។
៦-ទេសាបុងអើយតែងខ្លួនទេសាបុង ទេសាបុងតែងខ្លួនទេសាអា ហៃយោវារលា អឺយសាំងសួរណព្រះចៅត្រៃភពអឺយព្រះសួរនា
ហាអឺអឺអឺអឺអឺអឺងអឺយ ហាអឺអឺអឺអឺអឺអឺងអឺយ។
៧- អឺងអឺយគ្រានោះ ហៃយើពួកក្រុមអឺយរបាំ ហៃនែយើងនាំគ្នារាំ តាមក្បាច់ខេមរា (ពីរដង) ពត់ពេនទន្ទ្រាំអឺយសមអស្ចារ្យ
ក្បាច់ពីដូនតាអឺយថែអោយគង់ ហាអឺអឺអឺអឺអឺអឺងអឺយ ហាអឺអឺអឺអឺអឺអឺងអឺយ។
៨- ហៃ សាមសេ សូណា ឡេវកា (ពីរដង) ចាប់យាយអោយតា ៗអោយប្រាំកាក់ (ម្ដងទៀត)
៩ - ( បន្ទរ) ហីណិប ហីបរិផា សៃយ៉ា កូជីបុរស ភាសាភាហុសៃយ៉ា កាំប្រម៉ា សៃយ៉ុង អឺងអឺយ
កនយើងពីរនាក់ អៃយ៉ះ ឡើងឡកត្រសង អឺងអឺយ (២ដង) សុំផ្លូវទៅផង លោកអឺយទៅឡកយីកេ (២ដង)។
ខ្ញុំមកពីនាយលោកអឺយគ្មានអ្វីទទួលទេ អឺងអឺយ (២ដង) មានតែយីកេ លោកអឺយជូនកែកំសាន្ត (២ដង)
( បន្ទរ ) . ហីណិប ហីបរិផា សៃយ៉ាកូជីបុរស ភានាភាហុសៃយ៉ា កាំប្រម៉ាសៃយ៉ុង អឺងអឺយ។
នាយអាន ៖ យី! និយាយអីចឹង យីកេយើង លេងអំពីរឿងអ្វីទៅហ្ន៎?
តារា៖ រឿងចូលឆ្នាំជួបម៉ែ!
នាយ អាន ៖ កុំឆ្កួត! អាចំកួត! យីកេយើងលេង រឿងចូលឆ្នាំជូបស្នេហ៍ ទេ!
តារា អើ!បើដឹងហើយ សួរអញធ្វើអ្វី? ទៅចូលក្នុងវិញ!
ពោល៖ អេអើយ...រដូវចូលឆ្នាំមកដល់ហើយ ឱបងប្អូនអើយនៅចាំអី លេងល្បែងកំសាន្តប្រជាប្រិយ ល្បែងប្រពៃណីខ្មែរបុរាណ។
ស្រីលាភ - -ម៉ែ! កូន គិត ថាច្បាប់ស្រី មកដល់ពេលនេះ វាហួសសម័យហើយ។ព្រោះថាគ្រាន់តែ
សើចលឺផងក៏មិនបាន ច្បាប់នេះ រឹត បន្តឹងសិទ្ធិសេរី-ភាពកូនស្រីខ្លាំងណាស់។ម៉ែ ជាមនុស្ស
ចាស់ តើម៉ែលំបាកអ្វីខ្លះពេលនោះ?
មីងវណ្ណេត -ហេតុអ្វី បានជាកូនលើកសំនួរនេះមកសួរម៉ែនៅថ្ងៃជិតចូលឆ្នាំអ៊ីចឹង?
ពូភក្ដី ម៉ែវា! កូនស្រីយើង លើកយកបញ្ហាទំនៀមទំលាប់ប្រពៃណីបុរាណ មកពិភាក្សា
បានសេចក្ដីថា វាចេះដឹងបានមួយកំរិតទៀតហើយ
(ច្រៀងបន្ទរ) ណៃកងណងឡេ អឺយម៉ាចេវ៉េ ណៃកងណងឡេ ហាអឺអឺអឺអឺអឺងអឺយ
ស្រីលាភ ៖- ១/ ម៉ែអឺយកូនគិតថាមានច្បាប់ស្រី ចាស់ហួសសម័យជាច្បាប់បុរាណ
គ្រាន់តែសើចលឺផងក៏មិនបាន ជាការរំខាន សិទ្ធិស្ត្រីខេមរា។
មីងវណ្ណេត ២/ច្បាប់ស្រីម៉ឺនម៉ៃកវីអ្នកតែង លោកគិតខ្លីវែងមានច្បាប់មាត្រា
ស្ត្រីខ្មែរទូទៅរៀនសូត្រគ្រប់គ្នា ទោះបីកាចជាមិន យកទោសពៃរ៍។
៣/ កូនអឺយស្រីខ្លះសើចលឺឡេះឡោះ ពួកប្រុសកំលោះហៅស្រីចិត្តងាយ
គេយកលេងសើចគ្រាន់តែសប្បាយ ចំនាយខ្លួនប្រាណហើយឥតបានការ។
(ច្រៀងបន្ទរ) ណៃកងណងឡេ អឺយម៉ាចេវ៉េ ណៃកងណងឡេ ហាអឺអឺអឺអឺអឺងអឺយ
ពូភក្ដី កូនអើយច្បាប់ស្រី បានលើកតំលៃស្ត្រីខ្មែរយើងមានលក្ខណៈពិសេសថ្លៃថ្នូរណាស់ ហើយក៏
សំគាល់អត្តសញ្ញាណស្ត្រីខ្មែរយើងផង ។ អើ... កន្លែងខ្លះ មានលក្ខណៈតឹងតែងដែរ ដូចជា
ហាម «ស្លាម្លូត្រូវស៊ីអោយច្រៀក កុំបីបៀកទាំងមូលមិញ មិនអោយសើចលឺឡេះឡោះ
និងប្រុសកំលោះ»ជាដើម ប៉ុន្តែ ...
មីងវណ្ណេត ប៉ុន្តែម៉ែក៏មិនដែលឃើញ គេយកស្ត្រីដែលធ្វើខុសនឹងច្បាប់នោះ ទៅដាក់គុក ដាក់ច្រវាក់ខ្នោះ
ឃ្នាងអ្វីដែរ។តាមតែ កូនគិតមើលចុះ កន្លែងណាគួរយក កូនប្រតិបត្តិ
.គឺធ្វើយ៉ាងណាអោយសមរម្យ សមនឹងភ្នែកអ្នកស្រុក ភូមិផងរបងជាមួយ។
ស្រីលាភ ៖ ចា៎ម៉ែ ពេលនេះ កូនយល់ច្បាស់ហើយ។
ពូភក្ដី អើ! មើលរៀបចំបោសសំអាតផ្ទះសំបែង ព្រោះកៀកថ្ងៃចូលឆ្នាំផង។
ស្រីលាភ ចេញទៅក្រោយវាំងននផុតទៅ
ពូភក្ដី ម៉ែវា ខ្ញុំព្រួយចិត្តណាស់ តាំងពីឯង ផ្ដាច់ពាក្យពីអន្ទិតចក់ ហើយលើកកូនយើងអោយ
អ្នកប្រុសម៉េងវិញ។
មីងវណ្ណេត អ្នកប្រុសម៉េង គេជាកូនលោកឧកញ៉ា ជាកូនអ្នកមានសម្បត្តិស្ដុកស្ដម្ភ។
ពូភក្ដី តែ វាអត់រៀនអីសោះ! វា ជាក្មេងទំនើង! វាឈ្លើយ !
មីងវណ្ណេត កូនអ្នកមាន គឺល្អ ! កូនអ្នកក្រ គឺអាក្រក់!
ពូភក្ដី មិនអ៊ីចឹងទាំងអស់ទេ ម៉ែវា ។គិតអោយមែនទែន។អ្នកប្រុសម៉េង បើវាមិនរៀន វាមិន
កាត់តាមលោកឧកញ៉ា និងលោកស្រីជំទាវទេ។វាបាញ់បោះសេរីកោកកាក ធ្វើអោយលោក
ឧកញ៉ាជ្រុះសក្ដិធ្លាក់ពីស្មា។ខ្លាចតែការរួចវាអុកឡុកយើងនិងកូនយើងទៀតណា៎ម៉ែវា។
មីងវណ្ណេត តែធ្វើម៉េច បើគេភ្ជាប់ពាក្យនឹងយើងហើយនោះ?
ពូភក្ដី ជូនពាក្យគេវិញទៅ រួចស្រេចទៅហើយ។
មីងវណ្ណេត ពិបាកចិត្តណាស់លោកអើយ ផ្ដាច់ពីអន្ទិតចក់ ដាក់អ្នកប្រុសម៉េង ។ឥឡូវគិតផ្ដាច់ពីអ្នកប្រុស
ម៉េងទៀតហើយ។ខ្ញុំ លែងដឹង លែងលឺស្អីទៀតហើយ។ធុញណាស់!
ពូភក្ដី ម៉ែវា កុំអាលធុញ !អញអាណិតកូនស្រីយើង !វាមិនស្រលាញ់អ្នកប្រុសឡឺកឺនោះទេ។
ឯងឃើញទេ ស្រីលាភឥលូវ វា ចុះស្គមច្រើនណាស់!
លេចលឺសំលេងក្មេងៗស្រីប្រុសជាច្រើន ជជែកគ្នានៅខាងក្រៅ
ស្រីមុំ(និយាយទៅកាន់នាយចក់) ចក់! ពេលនេះ រដូវចូលឆ្នាំ។លោកពូ អ្នកមីង គាត់មិនប្រកាន់
នឹងឯងទេ។ចូរឯង ចូលរួមកំសាន្ត ជាមួយពួកយើង ហើយធ្វើចិត្តអោយសប្បាយឡើង។
មកដល់គេហដ្ឋាន ពូភក្ដីនិងមីងវណ្ណេត ពួកក្មេងៗលើកដៃ ជំរាបសួរម្ចាស់ផ្ទះ។
ទាំងអស់គ្នា ជំរាបសួរលោកពូអ្នកមីង!
ម្ចាស់ផ្ទះ លើកដៃថ្វាយព្រះក្មួយៗ!
ស្រីមុំ៖ លោកពូអ្នកមីង! ជិត ចូលឆ្នាំហើយ ក្មួយៗសុំ ស្រីលាភ ចូលរួមលេងកំសាន្តសប្បាយ
ផង។កុំអោយស្ងាត់ស្រុកភូមិយើង។
តារា- -មែនហើយ! ពួកក្មួយក៏សុំទីលាន មុខផ្ទះលោកពូអ្នកមីង ធ្វើជាកន្លែងកំសាន្ត ផង
ដែរ។ព្រោះថាទីនេះធំទូលាយ ហើយមានម្លប់ឈើត្រឈឺងត្រឈៃ ទៀតផង។
មីងវណ្ណេត ស្រែកហៅ) ស្រីលាភ !...មកនេះកូន! នែ៎មិត្តភក្ដិឯងមកលេង !
ស្រីលាភ ចូលមកញញឹមញញែមរាក់ទាក់នឹងមិត្តភក្ដិ
ពូភក្ដី -តើក្មួយៗ បានការអនុញ្ញាតិពីឪពុកម្តាយស្រូលបួលហើយរឺនៅហ្នឹង?
ទាំងអស់គ្នា៖ - បាទ ! -ចាស ! បានអនុញ្ញាតហើយ!
មីងវណ្ណេត -ល្អណាស់!មីង មិនថាអ្វីទេ។លេងទីនេះក៏លេងចុះ។ កុំអោយមានទាស់ពាក្យសំដីគ្នា!
ចូលឆ្នាំគេមិនប្រកាន់ទេ។ ចាំំមីងនិងពូឯង ចាក់នំគ្រក់ ធ្វើបាញ់ឆែវអោយក្មួយៗញ៉ាំម្ដង។
ហយ - បាទ អរគុណណាស់!បើបាននំគ្រក់ ជ្រលក់ទឺកត្រី ក្ដៅៗ ឆ្ងាញ់ខ្លាំងណាស់។នែ៎ៗ
ផ្ទះខ្ញុំ មានមាន់ក្រៀវបួនដប់.។ ចាំដល់ពេលយប់ ក្មួយនឹងបបរ ហូបយកកំលាំងទុក
លេងដល់ថ្ងៃស្អែកទៀត។
លេចសំលេងអ៊ូអែ តារា -ហ្អាស! មានបបរមាន់ទៀត!?
ស៊ីថៃ- យកមកឥឡូវទៅ!ទុកអញអ្នកធ្វើ! ម៉ារី- ផ្ទះខ្ញុំ មានដូងទាំងធ្លាយៗ ! អត់តែអ្នកឡើង។
វ៉ាន់ដា -ប្រុសៗពូកែខាងឡើង!
នារី- មែនហើយប្រុសៗពូកែខាងឡើង!
តារា- គ្នាឡើងបានតែដូងកន្ទេ្រតទេវ៉ើយ!
ស្រីមុំ -នែ៎! អ្នកបាទហយ នេះ! ឆ្នាំទៅ កុហកស៊ីទេ។ ដណ្ដឹងកូនគេ អស់ ជ្រូកបាមួយហើយឥឡូវ លឺថានៅមានមាន់ក្រៀវបួនដប់ទៀត។បើពិតជាមានបបរមាន់យប់នេះមែន ខ្ញុំពិតជាពេញចិត្ត បងហយ អស់ទាស់។
វ៉ាន់ដា -ហយ បើបានគេ ចំអន់លេងអ៊ីចឹងទៅមុខឡើងខ្មៅរលោងតែម្ដង! ឥឡូវកុំអោយយូរពេក គ្នា
យើងមកកាន់តែច្រើនឡើងៗណាស់ហើយ។ តើយើងគិតលេងអ្វីមុន?
ចក់ កាន់ឈូង ដើរវែកគេ វែកឯងចូលមក៖
ចក់ -នែ៎ឈួងនេះ ពួកយើងប្រុសៗធ្លាប់ ច្រៀងចាញ់ស្រីៗកាលពីឆ្នាំទៅ។ឆ្នាំថ្មីនេះពួកយើងនឺងសុំ
សងសឺក យកឈ្នះម្ដងវិញ។
សំលេងអ៊ូអ តារា -ឆ្នាំទៅ អញអ៊ាវស្រីៗឡើងស្រៀវឆ្អឹង ខ្នង។
ហយ -អញឡើងក្ដៅខ្លួនចង់គ្រុន!
ម៉ារី -ទាំងអស់គ្នាស្រីៗ !ឥឡូវប្រុសៗគេមិនអស់ចិត្តទេ !ពួកយើង ពួយអោយដល់ប៉ែតទៅ!
ស្រីលាភ -ឥឡូវប្រុសៗ ទៅខាងប្រុសៗ!
ស៊ីថៃ៖ -ស្រីៗ ទៅខាងស្រីៗទៅ!
សំលេងអ៊ូអែ តារា - ពួកយើង ប្រុស ៗមកខាងនេះ !
នារី -ស្រីៗមកខាងនេះ!
ហយ - សាមគ្គីជាកំលាំង!
ចក់ -ចាំជួយច្រៀងបន្ទរគ្នា!
វ៉ាន់ដា - ម្នាក់នោះមកពីស្រុកណាដូចមិនដែលឃើញ ? ស៊ីថៃ -កុំទៅភ័យធ្វើស្អី!
តារា -ដេកតែព្រួយទៅ។
ម៉ារី -គាត់ ជាចៅតាកក
ហយ -សំលេងអញដូចអាគក។
នារី -កុំមាត់លឺពេក ប្រយ័ត្នគាត់អៀនហា៎!ហាស
ស្រីមុំ -ស្រីៗ គេមិនអោយសើចលឺទេ!តែហ៊ោបាន ហាសៗ
ចក់ បើខាងប្រុស បោះឈូងទៅ...
វ៉ាន់ដា ស្រីៗចាប់ឈូងបាន ស្រីច្រៀង...
តារា ប្រុសៗបើកវង់ចូលរាំ។ ហ្អ៊េ!
ភ្លេង/ ចក់(ច្រៀង)៖ ១-បង បោះអឺងអឺយឈូងទៅ ពៅអើយឈូងបែកជាប្រាំ (បន្ទរ)ខែចែត្រចូលឆ្នាំ
( ហាអឺអឺអឺអឺងអឺយ) នាំគ្នាលេងឈូង។( បន្ទរ- ហាអឺអឺអឺអឺងអឺយនាំគ្នាលេងឈូង)។
២ -បង បោះអឺងអឺយឈូងទៅ ថ្លៃអើយឈូងទើរលើចុងដូង (បន្ទរ ) ក្រមុំឈរច្រូង
( ហាអឺអឺអឺអឺងអឺយ) ចាំចាប់ឈូងបង ។( បន្ទរ-ហាអឺអឺអឺអឺងអឺយ ចាំចាប់ឈូងបង) ។
-ឈូងអើយ...ឈូង!
ស្រីលាភ ៖ ហ្អេ...!ចាប់បានហើយ !ប្រុសៗរាំ!
ប្រុសៗ -ច្រៀងមក!
នារី ច្រៀងជាពួក។ (បុរសតំរៀបជួរចូលរាំ)
១- ពេលរលឹមស្រិចៗ ធ្វើម្ដេចនឹងបានគូរាំ អូនខំស្រលាញ់ ប្រុសបង ៗមានគេញ៉ែញ៉ង អូនសុំថយចេញ ៗ ៗ។
២- ពេលព្រលប់ធ្លាក់ខ្យល់ អូនខ្វល់នឹងប្រុសឆោមយង់ ហេតុម្ដេចមិនលេងរាំវង់ អូនខំរង់ចាំប្រុសបង មានគេ ញ៉ែញ៉ង អូនសូមថយចេញៗៗ។
៣ -ពេលបានជួបមុខហើយ ប្រុសបងអើយ មិនលឺវាចា ធ្វើរឹកកាច់ រាងសង្ហា គូខ្ញុំអ្នកនៅឯណា អោយអូន សោកា អូនសុំថយចេញៗៗ។
ច្រៀងចប់សាឡើងវិញ
ទាំងអស់គ្នាទះដៃ -សប្បាយមែន!ៗ! ហ្អេ!
ទាំងអស់គ្នាបែកមករកទីរៀងៗខ្លួន ។លេចបក្សពួកអ្នកប្រុសម៉េង ក្មេងទំនើង ចូលមកអុកឡុកកណ្ដាលទី។ ទាំងអស់គ្នា
ស្រលាំងកាំងមើលមុខ។ ស្រីលាភលបរត់ចូលក្នុង ។៖
វ៉ាន់ដា យីអ្នកប្រុសសំគម នេះមកពីណា?
ស្រីមុំ ម៉េចក៏មកឈរកណ្ដាលទីមិនអោយគេលេងអ៊ីចឹង?
ម៉ារី ហ្នឹងហើយអ្នកប្រុសម៉េង ។ គាត់ ជាគូដណ្ដឹងអ្នកនាងស្រីលាភ បុត្រីម្ចាស់ផ្ទះ។
នារី ងាប់ហើយ ម្ដេចក៏វាយឫកសំបើមម៉្លេះ!...
អ្នកប្រុសម៉េង ម៉េចបានជាមើលមុខមាំម៉្លេះ? មិនដែលឃើញ មិនដែលស្គាល់?មើលអ្នកណាមួយ ប្រាប់ពួក អ្នកទាំងនេះជំនួសខ្ញុំ ផងមើល !?ហ៊ិះ ហ៊ឺ!ៗ
ឧត្តម នែ៎! ទាំងអស់គ្នា សូមកុំប្រកាន់នឹងអ្នកប្រុស ។គាត់ ជាកូនលោកឧកញ៉ា។ ឫកពាគាត់
តែអ៊ីចឹងទេ តែចិត្តគាត់ល្អណាស់។
អាន បើពួកឯងស្រេកស្រា គាត់អោយស្រា។បើឃ្លានជក់បារី !គាត់អោយ បារី។បើពួកឯងសុំអ្វីលើស
ពីហ្នឹង គាត់ អោយបានទាំងអស់ ។ប៉ុន្តែសុំតែម្យ៉ាង គឺកុំប្រឆាំងនឹងគាត់ ។ជឿតែខ្ញុំទៅ!
ស្រីមុំ តែពួកខ្ញុំមិនចង់បានអ្វីពីគាត់ទេ។ពួកខ្ញុំ សុំតែម្យ៉ាងគឺសុំបន្តលេងតទៅទៀត។
ហយ ហើយបើអ្នកប្រុសចង់លេងដែរ ចូលមកខាងពួកខ្ញុំប្រុសៗមក! ពួកយើងសូមស្វាគមន៍!មែនទេ អ្នកទាំងអស់គ្នា?
ទាំងអស់គ្នា មែនហើយ!
អ្នកប្រុសម៉េង តែអញ ចង់ចូលទៅខាងស្រីៗ ! ចូលខាងស្រីវិញទើបអញសប្បាយ!
ស្រីមុំ អ្នកប្រុស នៅស្រុកណា បានជាលេងខុសគេអ៊ីចឹង!?
ចក់ តែល្បែងបោះឈូងនេះ គេចែកប្រុសៗនៅខាងប្រុសៗ ហើយស្រីៗនៅខាងស្រីៗ។
អ្នកប្រុសម៉េង -ស្អីហ្អាស! ល្បែងស្អីប្រកាន់ស្រីប្រុសអ៊ីចឹង? វាមិនអន្តរជាតិទេ! ឈប់លេងទៅ!សម័យ
ឥឡូវ គេរាំក្បាលចុះក្រោម ជើងឡើងលើអស់ហើយ។
ឧត្តម ដែលមើលទូរទស្សន៍ទេ? តារាចំរៀង តារាសំដែង គេតែងសក់ឡូយៗអស់ស្ទះ។អាខ្លះ
សក់មិន បាច់សិតក៏បានដែរ អោយតែ ច្រូងច្រាង មើលទៅរាងសម!
ស្រីមុំ សមហើយសំនុំប៉ុនៗកញ្ជើនោះ!
អាន អាខ្លះសក់ស្រួចរលែមសើមរលោង ល្អ! យោ!ៗ!
ម៉ារី ដូចគូទគោ ជុះអាចម៍ជីបកណ្ដាលស្រែ។
ឧត្តម ម្យ៉ាងទៅដែរ...មានសក់ ស៊េរីសិរមាន់ សិរប៉ាង ប្លែកៗ អ៊ីចឹង !?តារាខ្លះ កាត់សក់ក្រលាភ្នែក
ម្នាស់ ។
ស្រីមុំ ខ្លះជ្រុលអស់ដល់ទៅកណ្ដៀរស៊ី! ខ្លះកោរក្បាលរលីងតិលស្អាតដែរតើ។
អាន ណ្ហើយបើថា គ្មានទូរទស្សន៍មើលទេ យកគំរូពីពួកខ្ញុំទៅ។ មែនទេពួកយើង?
អ្នកប្រុសម៉េង មែនហើយ! រូបរាងប្រហែលពួកយើង ទៅលេងស្អី អាល្បែងបុរាណចាស់គំរិល អ៊ីចឹងៗនោះ !
ឧត្តម ដូចនេះ ទាំងអស់គ្នាបែរមក លេងអាប៉ោង ចាក់ខ្លាឃ្លោកវិញ ទើបសប្បាយជាង។
អាន មែនហើយ ទាំងអស់គ្នា! លេងអាប៉ោង ចាក់ខ្លាឃ្លោកវិញ សប្បាយជាង។
ឧត្តម ខ្លាឃ្លោកស្រួលក្រឡុក ឯអាប៉ោង ស្រណុកអ៊ុត ។
(បន្ទរ) អីយ៉ានីយ៉ានុំក្រពុំយ៉ាវឡ៉េ «ឆាក!»(ពីរដង) ម៉ៃយ៉ាំម៉ៃយេអីសារ៉ាវាន់ អីសារ៉ាវាន់ (ពីរដង)។
អានច្រៀង ១/ នែវ៉ើយគ្នាយើង លេងចាក់អាប៉ោង «-ឆាក!» (ពីរដង)លេងខ្លាឃ្លោកផង ទើបបានសប្បាយ ។
បន្ទរ៖ លេងខ្លាឃ្លោកផង ទើបបានសប្បាយ។
ឧត្តមច្រៀង ២/លេងល្បែងស៊ីសង មិននឿយហត់កាយ «-ឆាក!» (ពីរដង)ឈ្នះបានប្រាក់ចាយ សប្បាយ ឆ្នាំថ្មី ។
បន្ទរ៖ ឈ្នះបានប្រាក់ចាយ សប្បាយឆ្នាំថ្មី ។
ចក់ច្រៀង ៣/ លេងចាញ់កាលណាទាស់ប្រពន្ធប្ដី «-ឆាក!» (ពីរដង)លក់គោក្របី អស់ផ្ទះសំបែង ។
បន្ទរ៖ លក់គោក្របី អស់ផ្ទះសំបែង ។
ស៊ីថៃច្រៀង ៤/ ភូមិស្រុកកើតចោរ ពីព្រោះមានល្បែង«-ឆាក!» (ពីរដង)ជំលោះទាស់ទែង អំពើហឹង្សា ។ បន្ទរ៖ ជំលោះទាស់ទែង អំពើហឹង្សា ។
(បន្ទរ) អីយ៉ានីយ៉ានុំក្រពុំយ៉ាវឡ៉េ «ឆាក!»(ពីរដង) ម៉ៃយ៉ាំម៉ៃយេអីសារ៉ាវាន់ អីសារ៉ាវាន់ (ពីរដង)។
មីងវណ្ណេត និងពូភក្ដីចូលមក
មីងវណ្ណេត យី!មានរឿងអ្វី? ចុមម្ចាស់ថ្លៃអើយ មកដល់ពីអង្កាល់? ម៉្ដេចក៏ម៉ែមិនដឹង?មកលោកកូន!
អញ្ជើ្ញញឡើងលើផ្ទះមក ។ពុកវា ! ចុះមកមើល នរណានេះ!
អ្នកប្រុសម៉េង អ្នកម៉ែ ៗ ឯណាបាត់មិនឃើញ អូនលាភ?អ៊ូយ ខ្ញុំនឹកនាងណាស់! ហ៊ិះ ហ៊ឺ!
មីងវណ្ណេត ទេអំបាញ់មិញវានៅទីនេះទេតើ?
អ្នកប្រុសម៉េង - អ្នកម៉ែ! ពួកអាដែង មីដែងអស់នេះ វាចង់ដេញកូនចេញពីទីនេះ។
សំលេងអ៊ូអ ស៊ីថៃ -ដូចមិនគ្រប់ទឹក!
ម៉ារី - រឡឹករឡក់ដូចទឹកកន្ឡះក្អម។
តារា -អត់ចេះខ្មាសអៀនសោះហើយវ៉ើយ!
នារី -កុំ ថាអោយលឺ ប្រយ័ត្នមានរឿង!
ម៉ារី -គ្នាយើងមួយភូមិ មិនឈ្នះគេ ម្នាក់ទេ។
ស្រីមុំ -អាសំគមបាញ់លលក !
ពូភក្ដី វាល្មមហើយ អ្នកប្រុសម៉េង !អំពើអ្នកប្រុសនិងបក្សពួកអំបាញ់ម៉ិញ វាល្មមអាម៉ាសមុខ ហើយ។
សំលេងអ៊ូអ ស្រីៗ - ហ្ន៎! ប៉ូលីសមកហើយ ។ ប៉ូលីសមកហើយ!
ម៉ារី -នរណា ខលហៅប៉ូលីសទៅហ្ន៎?
ប្រុសៗ -នរណា មានរឿងអីហ្អែ?
វ៉ាន់ដា -មុខតែមានរឿងហើយ បានជាមានប៉ូលីសមក!
ប៉ូលីស ចូលមកចាប់អ្នកប្រុសម៉េងនិងបក្សពួក ។
ប៉ូលីស ក្មួយៗទាំងអស់គ្នា អ្នកប្រុសម៉េង ជាជនមុខសញ្ញាចាស់ជា ឧក្រិដ្ឋជន។ក្មួយៗមិនពាក់ព័ន្ធ កុំភ័យ!
អ្នកប្រុសម៉េង លោកប៉ូលីស !មិនមែនតែខ្ញុំទេ ! អាអាតដែរ...។
អាត ឧត្តម ក៏ដែរ!
ឧត្តម ទេ! ខ្ញុំអត់ទេ!
អាត អត់យ៉ាងម៉េចកើត អាឯងជាអ្នកដៃដល់។
ប៉ូលីស ទៅ!ៗ! ទៅប៉ុស្តិ៍ប៉ូលីស!
ប៉ូលិស ចូរបន្តការសប្បាយទៀតចុះ។ពូៗ នឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនក្មួយៗក្នុងពេលចូលឆ្នាំ
អោយបានមួយរយភាគរយ!
ចក់ បានលេងសប្បាយទៀតហើយពួកយើង!
មីងវណ្ណេត ក្មួយចក់ អភ័យទោសអោយមីងផង! មីងបានជាខុសឆ្គងទៅហើយ។
តារា -ជោគជ័យហើយចក់! ចូលឆ្នាំ ឯងបានជួបស្នេហ៍វិញ! ឯណាស្រីលាភ?
លេចស្រីលាភដើរចូលមក
ពូភក្ដី ស្រីលាភកូន! ពុក និងម៉ែឯង នឹងរៀបចំមង្គលការកូន ឯងនៅក្រោយចូលឆ្នាំថ្មីនេះហើយ។
ស្រីលាភ ពុក!ម៉ែ! អ្នកទាំងអស់គ្នា ខ្ញុំសុំ អរគុណជាអនេកប្បការ។
ទាំងអស់គ្នា -យើងទាំងអស់គ្នា រក្សាល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរយើងតទៅទៀត!
បទការ៉េម៉ាន់ដូ (បន្ទរ)-ការេម៉ាន់ដូង ៗៗសាវឡេ អីសារិយ៉ាំង(ពីរដង)ប៉ៃយ៉ាំប៉ៃយេ ឡេៗសួយបោះ អឺយសាវៗឡេ
១ -សិល្បៈយើងខ្ញុំចប់តែប៉ុណ្ណេះ(២ដង) តអំពីនេះ យើងសូមជូនពរ អឺយសាវៗឡេ។
២ -សូមមានជោគជ័យសេរីបវរ(២ដង) កិច្ចកាងារល្អ គំនិតភ្លឺថ្លា អឺយសាវៗឡេ។
៣-ពួកយើងជាសិស្សត្រូវតែសិក្សា(២ដង)អោយបានខ្លាំងក្លាជាទីសង្ឃឹមអឺយសាវៗឡេ
៤-មណ្ឌលកុមាររីកស្រស់ញញឹម(២ដង) តាំងចិត្តមុតមាំ រៀនយកវិជ្ជាអឺយសាវៗឡេ។
បន្ទរ -ការេម៉ាន់ដូង ៗៗសាវឡេ អីសារិយ៉ាំង(ពីរដង)ប៉ៃយ៉ាំប៉ៃយេ ឡេៗសួយបោះ អឺយសាវៗឡេ
No comments:
Post a Comment