1. កវីខ្ញុំបាទសូមរៀបរាប់ ទ្រព្យដ៏គួរគាប់កំប្លោកខ្មែរ
ដុះអណ្តែតទឹកដីកេរម៉ែ ពុកខិតខំថែព្រោះយល់ច្បាស់។
2. ពុកយល់កំប្លោកថាថ្លាថ្លៃ ប្រយោជន៍ច្រើនក្រៃយ៉ាងជាក់ច្បាស់
ជាប្រភេទស្មៅដុះក្នុងស្រះ ខ្មែរយើងច្រើនណាស់ស្គាល់ពិសី។
3. ឱផ្កាកំប្លោកដុះក្នុងបឹង ឃើញស្រស់បែបហ្នឹងនឹកដល់ស្រី
កូនកសិករឃ្វាលក្របី ស្រស់ឆោមពិសីគាប់ចិន្តា។
4. កាលនៅពីក្មេងបងនិងម៉ុម ធ្លាប់ហូបជួបជុំម្ហូបខេមរា
ទឹកគ្រឿងអន្លក់កំប្លោកផ្កា ហូបឆ្ងាញ់អស្ចារ្យកណ្តាលស្រែ។
5. កំប្លោកអ្នកមានគុណច្រើនក្រៃ ខ្មែរខំលកលៃជាហូរហែ
ស្លឹកយកខ្ចប់នំធាងធ្វើខ្សែ ឫសវិញអ្នកស្រែយកធ្វើជី។
6. ដៃធាងខ្ចីស្លបានច្រើនមុខ ជន្លក់ប្រហុកឆ្ងាញ់វក់វី
ស្លម្ជូរកូនត្រីឆ្ងាញ់គ្មានពីរ រួមញាតិគ្រប់ទីស្នេហ៍កំប្លោក។
7. ដើមចាស់ហាលស្ងួតច្នៃធ្វើស្មុក សំពៀតនាំសុខខ្សែចងដោក
ជាខ្សែចែវចំណងកំប្លោក ចងនំថ្លៃថោកជាប់បានល្អ។
8. ស្លឹកខ្ចប់នំគមនំផ្លែអាយ ខ្ចប់ណែមជិតឆ្ងាយខ្ពស់បវរ
ទាក់ទាញទឹកចិត្តអស់ទេសចរ មានចិត្តសាទរទ្រព្យកំប្លោក។
9. ឫសខ្ចីជាចំណីសត្វទឹក សត្វធាត់សន្ធឹករស់ផុតរោគ
ព្រោះបានចំណីពីកំប្លោក សត្វខ្មែរមិនថោករស់សុខសាន្ត។
10. ស្លឹកខ្ចីជាចំណីសត្វក្របី គោផងណាថ្លៃស្រស់ចំណាន
ពួកវាចូលចិត្តគ្រប់សណ្តាន ទោះនៅភូមិឋានណាក៏ដោយ។
11. ផ្កាលំអដល់ធម្មជាតិ រក្សារៀងរាបមិនឲ្យរោយ
ដាស់អស់ទេចរស្នេហ៍ពាន់រយ ជ្រោមស្ទួយខ្ពស់ឲ្យផុតអស់ឋាន។
12. កំប្លោកជាចំណីសត្វស្លាប មានមាន់កាបកាបទាស៊ីបាន
ចំណីចំណេញកសិដ្ឋាន ចិញ្ចឹមឆាប់បានលក់យកសាច់។
13. កំប្លោកមានប្រយោជន៍ច្រើនទៀត ខ្មែរអើយសូមឆ្លៀតត្រៀមជាស្រេច
ទាញផលពីវាឲ្យល្អល្អាច់ បង្កើនសេដ្ឋកិច្ចឈប់ជួបរោគ។
14. ខ្ញុំនឹកកំប្លោកព្រោះខ្ញុំខ្មែរ ជាកូនអ្នកស្រែសែនវិយោគ
បានឃើញខ្មែរខ្លះភ្លេចកំប្លោក ទុកចោលមិនយកមកប្រើការ។
15. ខ្មែរអើយភ្ញាក់ឡើងខំលកលៃ ប្រឌិតផ្សំច្នៃកេរដូនតា
តម្លៃច្រើនណាស់ស្រស់ជីវ៉ា ខ្ពស់ស្មើវេហាត្រូវការពារ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ រសៀលថ្ងៃ០៤ មិនា ២០១១
កំប្លោក ជាឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកៀតដុះអណ្តែតទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន ដើមនិងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួត អាចប្រើការបានច្រើនយ៉ាងគឺ វេញជាខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើសំពៀត។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត
Rena Tep ផ្កាកំប៉ោង បេះធ្វើអន្លក់ទឹកគ្រឿង ឬបុកល្ហុងត្រីឆ្អើរ ដាក់ប្រហុកទន្លេ ។
ប៉េង៖ ជាចំណី និង ជាជំរកនៃសត្វទឹក ស្លឹកយកវេចនំគម នំផ្លែអាយ។
Work your best, and GOD will take care of the rest. Chanbo Keo
The manager asks how and when; the leader asks what and why.
~Warren Bennis
មានរឿងមួយពីផ្កាកំប្លោក
Chea Chan Boribo កាលពីជំនានសាធារណៈរដ្ឋប្រជាមានិតុកម្ពជាកាលនោះពួកសូវៀតមកស្រុកខ្មែរយើងច្រើនហើយក្នុង១ខែមានជើងយន្តហោះរបស់សហភាពសូវៀត Aeroflot មកភ្នំពេញម្តងពេលនោះពួកសូវៀតបានទិញផ្កាកំប្លោកធ្វើរជាបាច់ផ្កាសំរាប់ទទួលគ្នាគេ តែទំរាំតែដល់ម៉ោងប្រមាណ១១ថ្ងៃត្រង់ផ្កាបានស្វិតអស់កាលនោះខ្ញុំនៅបានចាំថាពួកសូវៀតបាននាំគ្នាមើលមុខគ្នាដូចជាឆ្ងល់មែនទែន។
Heng Vuthaមានពេលមួយមិត្ឨភ័ក្រជនបរទេសមកលេងមិតភ័ក្រជនជាតិខ្មែរចំពេលបាយថ្ធៃត្រង់ហើយខ្មែរយើងបានញាំកំប្លោក។ កជាមួយទឹកគ្រឿងពេលនោះជនបរទេសមានការភ្ញាក់ផ្អើលហើយស្ឨរខ្មែរថាតើពេលគេជូនបាច់ផ្កាអ្នកអ្នកញាំវាដែរទេ?
No comments:
Post a Comment