Thursday, March 10, 2011

រឿងនិទាន៖ ដំរីក្បាលបី កណ្តឹងសាមពាន់ មាន់ស ក

ដោយ៖ បាក់ សំបុល បណ្ណារក្សខ្មែរ
កាលពីព្រេងនាយ នៅក្នុងនគរមួយ ដែលមិនមានឈ្មោះរហូតដល់សព្វថ្ងៃនេះ មានយាយតាប្តីប្រពន្ធ រស់នៅ ។គាត់ បានចិញ្ចឹមចៅប្រុសកំព្រាពីរនាក់។ចៅបង ឈ្មោះ
សុទ្ធអាយុដប់បីឆ្នាំ ឯចៅប្អូន ឈ្មោះសាតអាយុទើបតែបានប្រាំឆ្នាំ។
ថ្ងៃមួយពេលតាយាយ ចេញទៅជីកដំឡូងក្នុងព្រៃ ចៅទាំងពីរ មានសេចក្តីឃ្លានខ្លាំង
ក៍បបួលបងប្អូនទៅព្រៃខាងក្រោយផ្ទះ ខ្វេះកកាយបានដំឡូងមួយមើមតូច យកមកដុតចែក
គ្នាស៊ី ។លុះស៊ីរួច តាយាយក៍មកដល់ល្មម។
ចៅសាត បានអួតប្រាប់តាយាយ ថា៖
-ពេលតាយាយមិននៅ ពួកចៅៗក៍ចេះរកដំឡូង ដុតស៊ីបានដែរ។
តា លឺដូចនោះ ក៍ចងចិញ្ចើមសួរថា៖
-នៅឯណា ដំឡូងនោះ?
ចៅសុទ្ធ ឆ្លើយជំនួសប្អូន៖
-ពួកខ្ញុំ បានដុតវាចែកគ្នាស៊ីអស់ទៅហើយ។
យាយ ស្រដីឡើងទាំងខឹងថា៖
-ពួកឯង មានចិត្តអាក្រក់នឹងអញពីឥឡូវនេះទៅហើយ។ ចាំមើលចុះ! កាលណាដំឡូងអញឆ្អិន អញក៍មិនចែកអោយឯងស៊ីវិញដែរ។
ពោលចប់ យាយលាងដំឡូង ឯតាបង្កាត់ភ្លើងរៀបចំដាក់ស្ងោរ លុះស្ងោរឆ្អិនក៏នាំគ្នា
ឆីដំឡូងឥតហៅក្មេងៗមួយម៉ាត់។ចៅសាត ឃ្លានខ្លាំង ខំមើលមុខតាយាយវា ដែលទំពា
ដំឡូងឃ្មមៗ។
ចៅសុទ្ធ លើកប្អូនព៖
-“ចាំតាយាយ ពិសារួចរាល់សិន។”
យាយ តបសំដីឡុលៗស្អកស្អា៖
-“ គេថា ស៊ីឆ្អែតបាត់ឃ្លាន ដេកលក់បាត់ខ្លាច។ ប៉ុន្តែ ដេកលក់ ពួកឯងក៍បាត់
ឃ្លានដែរ។”
តាបន្ថែម ៖
-ចូរពួកឯង ដេកទៅ!
ចៅសាត យំ។ ចៅសុទ្ធ ពប្អូនដើរចេញ។ លុះត្រូវនឹងខ្យល់ជំនោរ ចៅសាតក៍លង់
លក់លើស្មាបងទៅ។ពេលយប់មកដល់ ក្មេងទាំងពីរ គេងអត់អាហារបាក់ពោះសន្ធៃ ឯ
ចំនែកចាស់ៗវិញ កំពុងជំនុំគ្នាយ៉ាងសំងាត់។
តា និយាយ៖
-តាំងពីម៉ែឪវា ស្លាប់អស់ទៅ យើង បានចិញ្ចឹមចៅៗយើងច្រើនឆ្នាំហើយ។
ក្នុងចិត្តអញ ៗគ្មានសង្ឃឹម ថានឹងបានពួកវាចិញ្ចឹមយើងវិញទេ។ពួកយើង ចាស់កោងខ្នង
កំលាំងក៍ខ្សោយ តើនឹងមានប្រយោជន៍អ្វីរកស៊ីចិញ្ចឺមពួកវាទៀតនោះ?
យាយ ងក់ក្បាលយល់ស្រប៖
- “តើតាវាឯង គិតយ៉ាងម៉េច?
តាចាស់ ចងចិញ្ចើមពោលខ្សឹបខ្សាវ៖
អញគិត ថាថ្ងៃស្អែកនេះយើងនឹងយកពួកវា ទៅបំបរបង់ចោល ក្នុងព្រៃជ្រៅ។
លុះព្រឹកឡើង តាចាស់ រៀបចំទឹមគោ បររទេះ។ឯយាយ ចូលទៅដាស់ក្មេងៗ ហើយ
យកដំឡូង ដែលសល់ពីល្ងាចមក ប្រាប់ថា៖
-ដំឡូងទំាងនេះ មានច្រើនណាស់នៅក្នុងព្រៃជ្រៅ។ត្បិតយាយ និងតា លឺថា
ចៅៗ ក៏ចេះជីកវាដែរ។ដូចនេះ ចូរពួកឯង ចេញទៅជួយជីកយកវាអោយបានច្រើនមក
ដើម្បីកុំអោយយើងអត់ឃ្លាននៅថ្ងៃមុខ។
ក្មេងទាំងពីរ ស៊ីដំឡូងបណ្តើរ មី្នម្នាឡើងរទេះគោបណ្តើរ។ពួកវាសប្បាយចិត្តណាស់ ព្រោះបានទៅព្រៃជាមូយជីតាវា។លុះបរទេះអស់ពេលមួយកំណាត់ថ្ងៃ ក៍បានមកដល់ព្រៃធំ
មួយ។ តាចាស់ ពោលឡើង៖
-កន្លែងនេះ មានដើមដំឡូងដុះច្រើន ប៉ុន្តែមានគេរុករកខ្លះៗហើយ។ដូចនេះ
យើងទៅព្រៃខាងមុខទៀត ទើបសំបូរ ព្រោះ ជាព្រៃដែលគ្មាននរណាទៅដល់។
តាចាស់ បំបោលគោ ឆ្ងាយដាច់សង្វែង ។លុះមកដល់ដល់ដើមឈើធំ មានមែក
សាខាល្អ តាបញ្ឈប់រទេះគោ ហើយនិយាយឡើងថា៖
-ចូរចៅៗ នាំបងប្អូនឡើងដើមឈើ ហើយរង់ចាំតានៅទីនេះ។ បើមានការអ្វី
កុំចុះដីអោយសោះ។ព្រោះ មានសត្វសាហាវច្រើនណាស់។ តា ជីកដំឡូងនៅជិតៗនេះទេ។
លឺ ថាមានសត្វសាហាវ ក្មេងទាំងពីរ ខំព្រយិតប្រតោងឡើងដើមឈើភ្លាម។តា ហុច
បង្វិចដំឡូងហើយណែនាំ៖
-«នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ។»ចូរឯង ចេះចែករំលែកគ្នាស៊ីសំរន់
ពោះឃ្លាន ទំរាំតា ជីកវាបានមកបន្ថែមទៀត។
ពោលចប់តាចាស់ ក៏បន្តដំណើរជ្រុលទៅមុខ ធ្វើដូចជាមិនត្រលប់បកក្រោយ ដើម្បី បង្វែងដាន ហើយរកផ្លូវគេចវៀង មកផ្ទះវិញ ដោយចោលចៅទាំងពីរអោយនៅកណ្ដោច
កណ្ដែងកណ្ដាលទ្រួងព្រៃស្ងាត់ជ្រងំឥតក្ដីអាល័យ។
លុះសូរិយា ជ្រាលជ្រេរៀបលិច ក្មេងទាំងពីរ ស្រែកហៅជីតាវា ម្នាក់ម្ដងៗរំពងព្រៃ
ប៉ុន្តែពួកគេ គ្មានទទួលបានអ្វីក្រៅពីសំលេងសត្វទោចយំឆ្លើយឆ្លងប៉ុននោះ។
កុមារបងនិយាយ៖
-តាយើង ប្រហែលជាគាត់ជីកបានដំឡូងច្រើនហើយអូន។ យើង តោងតែ
សំងំនៅលើប្រគាបមែកឈើនេះសិន។
ចាំបាត់ ៗ លុះត្រាតែថ្ងៃលិចបាត់ស្រមោល ក្មេងទាំងពីរ ក៏យំទល់មុខគ្នា គ្មានឃើញ
តាវា មករកពួកវាវិញសោះ កុមារបងក៏លួងប្អូន៖
-តាយើង ប្រហែលជាវង្វេងព្រៃ ចាំព្រឹកឡើង បងនឹងនាំប្អូនត្រលប់ទៅផ្ទះ
វិញ។
យប់នោះ ចៅសុទ្ធមិនហ៊ានដេក ទេ។វា អង្គុយច្រកគាវអោបប្អូន បើកភ្នែករំពៃមើល
ក្រោមខ្លាចខ្លាឡើងចាប់ធ្វើជាចំណី។ យប់ ជ្រៅទៅៗ សត្វប៉ោលតោក តាវៅ ទីទុយមៀមមុំ
យំឆ្លើយឆ្លង បណ្តាក់គ្នាឥតអាក់ ជួនកាលខ្លែងស្រាក់ ស្រែក“ខ្វាកៗរហូត ជិតភ្លឺ មាន់ព្រៃក៏
រងាវរន្ថើនល្វើយៗ។
ចៅសាត ដឹងខ្លួនឡើងក៏ស្រដី ៖
-ប្រហែលជាមានភូមិអ្នកស្រុកនៅជិតៗនេះ។
ចៅសុទ្ធ លឺប្អូននិយាយបានពីរបីម៉ាត់ដូចនេះក៏ធូរទ្រូង។វា អង្អែលក្បាលប្អូន៖
- ព្រឹកឡើង បងនឹងនាំប្អូនទៅរកគេនៅភូមិនោះ។
មេឃភ្លឺបន្តិចម្តងៗកុមារ ទាំងពីរ ក៏សំរូតខ្លួនចុះពីដើមឈើ។ពូកវា ដើរតាមដានកង់
រទេះប៉ុន្តែលុះយូរបន្តិចទៅ ផ្លូវនៅក្នុងព្រៃនោះក៏បែកទៅតាមទិសផ្សេងៗ ពុំដឹងផ្លូវណាទៅ
ណាឡើយ។ ពួកវា រើសផ្លែឈើទុំៗ ដែលសត្វស៊ី មកបរិភោគ និងសន្សំទុកធ្វើដំណើរ។
ពេលយប់ ក៏ឡើងដេកពួនលើដើមឈើ ថ្ងៃឡើងក៏ចុះដើរគ្មានទីដៅ អស់ជាច្រើនថ្ងៃ ទើប
ធ្លាយធ្លាក់មកដល់វាលខ្សាច់ឆ្នេរសមុទ្រ។ ចៅសាត ឃើញសមុទ្រ ធំធេង រែងរលឹក នឹកដល់
ផ្ទះ ក៏ទួញយំជាទុក្ខធំពុំមានស្បើយ។ចៅសុទ្ធ លូងប្អូនមិនស្ងាត់បាត់មាត់សោះ វា ក៏យកដៃ
គូរដីលេង។ ចៅសាត ឃើញរូបគំនូរ ក៏បាត់យំភ្លាម។
ថ្លែងពីស្តេចមួយព្រះអង្គ យាងប្រពាតព្រៃមកដល់សមុទ្រ។ពេល ទតឃើញក្មេង
ទាំងពីរ អង្គុយលេងដីខ្សាច់ ដាច់ឆ្ងាយពីភូមិអ្នកស្រុកដូចនេះ ព្រះអង្គសង្ស័យ ក៍បញ្ជាសេនា
បរពលចូលមក។ គ្រាន់តែបានមកដល់ទីកន្លែងក្មេងលេងដី ស្រាប់តែដំរីសរបស់ព្រះអង្គ
លុតជង្គង់ចុះភ្លាម។ ស្តេច ចុះចាកពីខ្នងដំរី នឹកសង្ស័យថាក្មេងទាំងពីរ ជាអ្នកមានបុណ្យ
ក៏រកឧបាយកលចោទប្រកាន់៖
-នែ អាក្មេងសំគម!តើឯងគូររូបអ្វី?
ចៅសុទ្ធ មិនស្គាល់ស្តេចក៍ឆ្លើយតបថា៖
-ខ្ញុំ គូររូបលេង ។
ស្តេច បែរព្រះភក្ត្រ សួរបញ្ជាក់ ទៅកាន់ ពិជ័យហោរា ៖
- តាហោរា! ចូរតា ពិនិត្យមើល រូបគំនូរលើដីខ្សាច់នេះ តើជារូបអ្វី?
ហោរា មើលហើយ ក៏ក្រាបបង្គំទូលថ្វាយ៖
-ករុណាថ្លៃវិសេស រូបគំនូរនៅលើដីខ្សាច់នេះមិនធម្មតាទេ។តាមពិត គឺជា
រូបដំរីក្បាលបី កណ្តឹងសាមពាន់ មាន់ស ក ។ សួមស្ដេច ទតចុះ! ព្រះទីនាំង សសុទ្ធរបស់
ព្រះអង្គពេលនេះកំពុងតែលុតក្រាបប្រណម្យចំពោះរូបស្តេចវានៅលើផែនដី។
នាម៉ឺនសេនាលាន់មាត់៖
-«អស្ចារ្យ! អស្ចារ្យមែន!»
ស្ដេច បញ្ជាក់៖
-លោកតា មិនកុហកយើង ទេរឺអ្វី ?”
-ទូលបង្គំ បានដឹងច្បាស់ ថាកុហកព្រះមហាក្សត្រត្រូវមានទោស ប្រហារ
ជីវិត។
ស្ដេច បើកព្រះនេត្រធំៗ ចង្អុលចៅសុទ្ធ ៖
-បានសេចក្ដីថា អាឯងកំពុងតែកុហកយើង។ អាឯងមិនមែនគូរលេងទេ។អា
ឯងប្រាកដជាបានឃើញដំរីក្បាលបី កណ្ដឹងសាមពាន់ មាន់ស កនៅក្នុងព្រៃនេះ។សេនា !
ចូរ ចាប់អាក្មេង នេះ ទៅកាត់អណ្ដាតចោលភ្លាម!
រំពេចនោះ សេនាបួននាក់ ចូលមកចាប់ចៅសុទ្ធផុតពីដី។ចៅសាត ភ័យខ្លាំងក៏ស្រែក
យំដេញតាម៖
-លែងបងខ្ញុំ! លែងបងខ្ញុំទៅ!
ឃើញដូចនេះមាន មន្ត្រីចាស់ទុំម្នាក់ ចូលគាល់ ព្រះរាជា ៖
-បើព្រះអង្គអោយគេសំលាប់វានោះឃើញថាយើងនឹងខាតលាភធំ។
ថាដល់ត្រឹមនេះ សំដីមន្ត្រីចាស់ទុំនោះ ខ្សឹបប្រាប់ស្ដេច។ស្ដេច អោយគេនាំយក
កុមារទាំងពីរនាក់នោះ មកវិញ។ តាមផ្លូវ សេនាទាំងបួន លួចប្រាប់អ្នកទោសក្មេងថា៖
-ម្នាក់ ដែលគេក្រាបសំពះគ្រប់គ្នានោះគឺ” ស្តេចផែនដី”។
-អ្នកណា ដែលប្រឆាំងនឹង ស្តេចផែនដីគឺត្រូវតែស្លាប់។
- បើឯងឆ្លាត ឯងត្រូវតែនិយាយថា”ឯងបានឃើញដំរីនោះប្រាកដមែន! »
-ហៃអើ!ៗ!តាមព្រះរាជាទៅ។ឯងនឹងបានរស់ជាពុំខាន។ …
នៅចំពោះព្រះភ័ក្ដ្រស្ដេច ក្មេងទាំងពីរលុតជង្គង់សំពះស្ដេចដូចគេឯង។
ស្ដេច ទ្រង់ញញឹម៖
-ឥឡូវយើង បានកែប្រែទោសឯងពីប្រហារជីវិត អោយបានរួចរស់ជីវិតវិញ។
ក៏ប៉ុន្តែ ឯងត្រូវតែ ដើរស្វែងរកដំរីក្បាលបីនោះអោយឃើញ ហើយនាំ វាមកថ្វាយយើងដល់
វាំង។សន្យា៧ឆ្នាំ បើឯង រកវាមិនឃើញទេ យើងនឹងបញ្ជាអោយគេសំលាប់ ប្អូនឯងចោល។
មានបន្ទូលចប់ ស្ដេចពាល ក៏បញ្ជាអោយគេចាប់ចៅសាត ដាក់លើខ្នងសេះ ហើយ
ហែហមព្រះអង្គចាកចេញពីទីនោះភ្លាម។
ចៅសុទ្ធ សោកសង្រេងតែម្នាក់ឯង។ឃើញតែដានជើងនៅលើដីខ្សាច់ ពុំឃើញប្អូន
វា យំទន់ខ្លូនសន្លប់បាត់ស្មារតី។
លុះភ្ញាក់ដឹងខ្លួនឡើង ស្រាប់តែវានៅ ក្នុងរោងប្រក់ស្លឹកកណ្ដាលព្រៃ បំភ្លឺដោយ
ចង្កៀងខ្លាញ់គ្រប់ទិស ។ វា បើកភ្នែកភ្លឹះៗមើលគ្រឿងស៊ីចុកពាសពេញនៅជុំវិញខ្លួនវា។
គ្មាននរណាម្នាក់ នៅទីនេះទេ។ សេចក្ដីឃ្លាន ធ្វើអោយវាខ្ជិលគិតច្រើន។ វា ក៏ប្រញាប់
ចាត់ការមាន់អាំង អស់មួយចំហៀងមិនបាច់ជ្រលក់ទឹកត្រី។ឆីបណ្ដើរ ភ្នែករំពៃលើជ្រូកខ្វៃ
ធំៗបីគូបណ្ដើរ។ប៉ុន្តែការនោះ ពុំអាចធ្វើទៅរួចឡើយ ព្រោះវាគ្មានកាំបិត ដូចនេះគ្រាន់តែ
បានបង្ហើបជ្រូកខ្វៃ បន្តិច វាក៏ ប្រញាប់បង្ហើយមាន់អាំងអោយអស់ពីដៃ។
ចៅសុទ្ធ មិនបានដឹងហេតុការណ៏នេះទេ។តាមពិតទៅ ខ្លួនវាត្រូវបានមនុស្ស ព្រៃភ្នំ
នាំយកមកសែន ជាមួយចំណីចំណុកទុកអោយយក្ស ស៊ីទាំងអស់។
លុះឆីចំណីអាហារឆ្អែត វាក៏ ឈឺពោះ ក៏រកកន្លែងដោះទុក្ខសត្វ ។ពេលនោះ មានអ្វី
មួយ មាឌធំសំបើមស្កឹមស្កៃដើរវែកព្រៃចូលមក។
ថ្វីត្បិតនៅក្នុងស្រុក ចៅសុទ្ធមិនដែលលឺគេនិយាយអំពីយក្សក៏ដោយ ក៏វា ស្មានមិន
ខុសទេ។ គឺជាយក្សចំលែក ដែលមានតែភ្នែកមួយធំក្រលោត ចំកណ្ដាលថ្ងាស ហើយនៅ
ចង្កេះ មានក្រវាត់កូនកាំបិតតូចមួយ ប៉ុនស្លាបមាន់ មិនសមជាអាវុធវាសោះ។ ប៉ុន្តែដោយ-
សារអាវុធដ៏មុតផុយនេះហើយ ទើបវាវះកាត់សាច់ខ្វៃមិនពិបាក។ យក្ស ស៊ីចំណីអាហារ
ឆ្អែតរកកន្លែងប្រះប្រាណ ហើយដេកលក់ស្រមុក រណ្តំដី។ ចៅសុទ្ធ ប្រថុយលូនចូលទៅ
បណ្តោះយកកាំបិតខ្លីបានហើយ ក៍គេចខ្លួនភ្លាម។ ភ្លឺឡើង វាក៏បានមកដល់ភូមិមួយ។អ្នក
ស្រុកព្រៃភ្នំ បានចាប់បញ្ជូនវាមកកាន់លំនៅនៃមានមេកន្រ្ទាញម្នាក់ ។
គ្រាន់តែបានឃើញកាំបិតខ្លីសៀតនៅចង្កេះ មេកន្ទ្រាញអោនគោរពចៅសុទ្ធ៖
-ពួកយើងទាំងអស់គ្នា សុំអោយលោកនាយកុមារ មេត្តាលើកលែងទោសកំហុស
ដែលពួកយើងបានប្រព្រឹត្តខុសពីមុនមក។
ចៅសុទ្ធ ត្រូវបានពួកជនជាតិតំបន់ព្រៃភ្នំលើកតំកើងធ្វើជាមេធំ ហើយសុំអោយនៅ
រក្សាពួកគេតទៅ ក៍ប៉ុន្តែចៅសុទ្ធ បដិសេធ ព្រោះថាខ្លួនត្រួវបន្តបេសកកម្ម តាមរកដំរីក្បាល
បីតទៅទៀត។
និទានពីយក្សភ្នែកមួយ ភ្ញាក់ឡើង រកកាំបិតទិព្វ ពុំឃើញ ។ វា ឆ្ងល់ឥតឧបមា
ហើយទន្ទ្រានព្រៃ ដើរមកបង្ករឿងហេតុដល់ភូមិស្រុក។ ពេលជួបប្រទះនឹងចៅសុទ្ធ ៗ
ក៏លើកកាំបិតខ្លី គប់ចំភ្នែកវា ។យក្សព្រៃ រត់មកដួលក្ស័យជីវិត លើប្រភពទឹកស្ទឹងមួយ។
ពីរបីថ្ងៃក្រោយមក សាកសពដ៏ធំសំបើមស្កឹមស្កៃក៍ចាប់ផ្តើមហើមប៉ោង ធុំក្លិនស្អុយអសោច
ពាសពេញនគរ។
ចៅវ៉ាយស្រុក បានយកដំនឹងអាក្រក់នេះទូលថ្វាយព្រះរាជា។ស្តេចមានរាជបញ្ជា អោយមន្ត្រីវាំងបិទផ្សាយរាជប្រកាសថា៖បើជនណាអាចលើកយកខ្មោចយក្សចេញពីជ្រោះភ្នំបានព្រះអង្គ នឹងលើករាជបុត្រី និងអភិសេកអោយធ្វើជាស្តេចសោយរាជ្យ។
នាយកក្រុមវាំង បែកចែកកំលាំងសេនាអាមាត្យជាប្រាំបីទិសផ្សេងៗគ្នា។ក្រុម
នីមួយៗខំខ្នះខ្នែងប៉ាវគងទូងភេរី ស្រែកអំពាវនាវប្រកូកប្រកាសបា្រប់អស់អាណាប្រជានុ-
រាស្រ្ត សព្វលំនៅស្ថាន ។ ប៉ុន្តែ គ្មានជនណាម្នាក់ចេញមុខទទួលយករាជបញ្ជានេះ ក្រៅពី
ចៅសុទ្ធតូចច្រមក់ឡើយ។ដោយខ្លាចស្តេចប្រទានទោស នាយកក្រុមវាំងបានអោយគេ
នាំខ្លួនកុមារអំនួតទៅថ្វាយស្តេច។ ស្តេចពាល ស្គាល់ចៅសុទ្ធច្បាស់ក៍ដាក់កំហិតថា “បើការនោះ មិនដូចការអួតអាង នឹងយកទោសពៃរ៍ ប្រហារជីវិតបង់ក្នុងទីសាធារណៈ។”
នាម៉ឺន មន្រ្តី ដង្ហែស្តេច តាមមើលស្នាដៃចៅសុទ្ធ។កុមារយើង ឧទ្ទិស៖
“មហាយក្សភ្នែកមួយ ឯងមានកំណើតកើតនៅ កន្លែងណា ចូលឯងវិលត្រលប់ទៅ
កាន់ទីនោះវិញចុះ។»
ឧទ្ទិសរួច ចៅសុទ្ធ ដកកាំបិតទិព្វ ឆ្កើសសាកសពធំមហិមានោះអោយប៉ើងរំលងភ្នំ
លឿនស្លៅខ្ពស់ទៅក្នុងលំហអាកាស ហើយសំយុងដាំក្បាលចុះក្រោម ធ្លាក់ចំកណ្តាលផ្ទៃ
មហាសាគរ “គ្រាំ” រញ្ជួយប្រឹថពី។ ស្តេចពាល នឹកស្ងើចសរសើរថា៖
- “កុមារនេះ មានបុណ្យបារមីអស្ចារ្យមែន!។»
តែព្រះទ័យ ច្រណែន នៅតែមាន ៖
-យើងមិនលេបពាក្យសន្យាទេ ថានឹងលើករាជបុត្រី ហើយអភិសេកអោយ
ឯង សោយរាជ្យ។ ក៍ប៉ុន្តែ រឿងតាមរកដំរីក្បាលបី កណ្តឹងសាមពាន់ មាន់សកនោះ ឯងធ្វើពុំ
ទាន់បានសំរេចនៅឡើយទេ។ឯងនៅតែមានទោស។ ដូចនេះអញ លើកតំកើងអ្នកទោស អោយសោយរាជ្យ ធ្វើជាស្ដេចផែនដីពុំបានឡើយ។
កុមារតប៖
-ទូលបង្គំ ឥតចង់ធ្វើជាស្ដេចទេ។ទូលបង្គំ ចង់បានតែប្អូនខ្ញុំមកវិញតែប៉ុន
នោះ។
-រឿងឯងឥតចង់ធ្វើស្ដេច មិនពិបាកទេ។បើឯង សំរេចលក្ខខណ្ឌមួយនេះបាន ចូរឯងមកយកប្អូនឯងចុះ។
មានបន្ទូលដល់ត្រឹមនេះ ស្ដេចពាល និងបរិវា យាត្រាត្រលប់ទៅព្រះបរមរាជវាំង
វិញ។ ចៅសុទ្ធ នៅក្នុងព្រៃតែម្នាក់ឯងកំសត់ខ្លួនខ្លាំងក៏ឡើងទៅអង្គុយលើកំពូលភ្នំខ្ពស់មើល
ទៅឆ្ងាយក៏គិតថា៖
-ទឹកដីស្ដេចពាល មានវិសាលភាពធំធេងណាស់ អញដើរយូរណាស់មក
ហើយ នៅតែចេញមិនផុតពីរាជសីមានេះសោះ។ តើដំរីក្បាលបី សេរីមង្គល ស្ថិតនៅក្នុង
នគរណា?”
ចៅសុទ្ធ សំរេចចិត្តនិរទេសខ្លួនឯង យកព្រៃជាលំនៅ យកផ្លែឈើ មើមឈើជា
អាហារ ហើយយកសត្វម្រឹគីម្រឹគាជាមិត្តសំលាញ់។ វា ដើរតាមវ៉ូងដំរី ក្នុងព្រៃជ្រៅ ស្គាល់
រដូវ ដីរីចុះក្នុងទៅនៅព្រៃរនាម ព្រៃលិចទឹក ស្គាល់បឹងជាច្រើន ជាពិសេសបានស្គាល់ក្រុម
ញាតិពូជពង្សវ៉ូងដំរីផ្សេងៗស្ទើរគ្រប់ទីសទី ប៉ុន្តែមិនដែលប្រទះដំរីណាមានក្បាលបីដូចរូប
គំនូររបស់ខ្លួនសោះ។ចូលដល់ដើមឆ្នាំទី៧នៃកិច្ចសន្យាជាមួយស្ដេច ចៅសុទ្ធ មានកង្វល់
ក្រៃលែង។ខ្លួនវា ប្រដូចទៅនឹងមនុស្សព្រៃក្នុងវ័យកំលោះ។សំលៀកបំពាក់កាលនៅពីតូច
រហែកអស់។វា ស្លៀកពាក់ស្បែកខ្លាមើលទៅសង្ហាណាស់។វាលោត!វាផ្លោះ!វាយោលខ្លួន
ដូចសត្វទោចរហ័សដូចព្រួញ។
ព្រឹកមួយ មានមេដំរីមួយក្បាល រកស៊ីឆ្ងាយដាច់ពីវ៉ូង សសៀរចូលមកជិតចៅសុទ្ធ
ហើយបន្ទន់ខ្លួនយ៉ាងទាប ត្រកងដងខ្លួនយុវជនពនេចរនេះ ដាក់ពីលើក្បាលវា ហើយចាក
ចេញទៅ។ ធ្វើដំនើរ លើផ្លូវព្រៃ អស់រយៈពេលមួយ ខែ ទើបមេដំរី ដាក់បុរស ចុះនៅលើឆ្នេរ
សមុទ្រ ។ ពេលនោះ មានសត្វឥន្រ្ទីមួយធំ ឆាបពស់ លុះក្រលេកឃើញមនុស្ស ចង្អុលវា
នឹងចុង កាំបិត វាក៏ភ័យភិត ទំលាក់ចំណីលើឆ្នេរខ្សាច់មហាសាគរ។ជនពនេចរ ក៏ចូលទៅ
ជិត ពស់នោះក៏រួញខ្លួនក្លាយជាស្ត្រីម្នាក់ល្វតល្វន់សមសោភា ហើយវាចាជាសំនួរឡើងថា ៖
-អ្នកប្រុសពិត ជាឃាតក សំលាប់យក្យភ្នែកមួយមែនទេ!?
យុវជនភាន់ភាំង៖
-ម្ដេចក៏នាងដឹង?
-ខ្ញុំដឹង ដោយសារស្គាល់កូនកាំបិតទិព្វនៅនឹងចង្កេះ។ ឥឡូវ អ្នកប្រុស តាម
ខ្ញុំមក ។
យុវបុរស តាមស្រីនោះ ចុះទៅក្នុងសមុទ្រ។លុះទឹកលិចដល់ចុងច្រមុះក៏ស្ទុះឡើង
គោកវិញ។នាងអ្នកនាំផ្លូវ សើចស្ញាញចេញធ្មេញសស្គុះប្រាប់ថា ៖
-អ្នកប្រុស មានរបស់ទិព្វ ជាប់នឹងខ្លួន គ្មានលំបាកអ្វីទេ ។
ថាហើយ នាងក៏ដឹកដៃយុវបុរស ជ្រមុជខ្លួនចុះទៅក្នុងទឹកជ្រៅ ហើយហែលតាម
ចន្លោះផ្កាថ្ម យូរបន្តិចទៅ ទើបបានមកដល់ដែនភុជង្គនាគ ដែលស្ថាននោះប្លែកគ្នានឹងស្ថាន
មនុស្សលោក ដោយគ្រាន់តែយកទឹកធ្វើជាមេឃប៉ុននោះ។
-តើនាង ធ្លាប់លឺគេនិយាយអំពីដំរីក្បាលបីកណ្តឹងសាមពាន់មាន់ស.ករឺទេ?
នាងនោះ ញញឹមជំនួសចំលើយ ហើយនាំប្រាណមាណពយើងមកដល់ ទីឃុំឃាំង
មួយទើបវាចាថា៖
-ខ្ញុំ ជួយអ្នកប្រុសបានតែត្រឹមនេះទេ។ប៉ុន្តែ ការងារអ្នកប្រុស នៅវែងឆ្ងាយ
ណាស់។សូមអ្នកប្រុស ប្រគល់កាំបិតតូចនេះ ប្ដូរនឹងមធ្យោបាយរបស់ខ្ញុំ ហើយចូលទៅ
សំងំក្នុងកន្លែងឃុំខ្ឡួននេះសិនទៅ។
មាណព ធ្វើតាមបង្គាប់ ហើយអង្គុយផ្អែកនឹងជញ្ជាំងថ្ម ភ្នែកសំលឹងចំរឹងទ្វារដែក។
នាងពស់ ចាក់សោទ្វាររួច ស្រេច លេចសេនាយក្សពីរនាក់ភ្នែកធំក្រលោតចេញមក ឈរ
យាមប្រចាំការ។
-“ឱអញអើយ ពុំគួរណាឡើយមកចាញ់បោក នាងនាគនោះសោះ។
កំពុងតែបន្ទោសខ្លួនឯង ស្រាប់តែលឺសំឡេងស្រីមួយក្រុមបណ្តើរគ្នាចូលមក។
-លឺថាកំលោះ ស្ថានកណ្តាលនោះ សង្ហាណាស់ព្រះនាង។
យក្សយាមទ្វារគុក បន្ទន់ខ្លួន គោរពម្ចាស់ស្រី ហើយថយចេញពីទីនោះ។ឯ កំលោះ នឹកអស់សង្ឃឹម ក៏បែរមុខផ្ទប់នឹង ជញ្ជាំងថ្ម។
ទ្វារគុករបើកឡើង ។ពួកភីលៀង អមដំណើររាជធីតា ចូលមក។
-នែបុរស! តើអ្នកដឹងទេថា នរណាយាងមកទីនេះ?ម្តេចក៍មិនឆាប់លុតជង្គង់
ចុះ?
បុរស ធ្វើតាមបញ្ជាដោយខ្ជិលបំផុត។រាជធីតាពោល៖
-“យើងលឺថា ឯងមានបំណងតាមរកដំរីក្បាលបីកណ្តឹងសាមពាន់មាន់ស ក
យកទៅដូរដោះ ប្អូនអ្នកឯងមែនទេ?
យុវបុរស បើកភ្នែកធំៗ ងើយសំលឹងរាជធីតាដោយឆ្ងល់៖
-មែន!
-អ្នកឯង ស្រលាញ់ប្អូនអ្នកឯងខ្លាំងណាស់។ យ៉ាងណាមិញយក្សភ្នែកមួយ ក៍ស្រលាញ់យើងដូចគ្នាដែរ។យើង បានកាន់ទុក្ខសោកសង្រេងប្រាំពីរឆ្នាំហើយ។តើអ្នកឯង
ដឹងថាយើងឈឺចាប់ប៉ុនណាទេ?
រាជធីតា ស្រក់ទឹកនេត្រតក់ៗកាត់ផែនថ្ពាល់។ព្រះនាង ដកកាំបិតដែលលាក់ទុកមក
បង្ហាញឡើង៖
-អ្នកឯង ប្រហារជីវិតម្ចាស់បងយើងដោយកាំបិតនេះ ។យើងក៏ត្រូវប្រហារ
ជីវិតអ្នកឯងដោយប្រើកាំបិតនេះវិញដែរ ។
ពោលចប់រាជធីតា លើកកាំបិតឡើង ។ស្រាប់តែមានភីលៀងម្នាក់ទូលជំទាស់៖
-ព្រះនាង! អ្នកទោសនេះត្រូវប្រហារជីវិតជាសាធារណៈ។សូមព្រះនាងទប់
ព្រះទ័យសិនចុះ។
បុត្រីយក្ស ងក់ព្រះកេស ហើយរៀបចំប្រាណត្រលប់ទៅវិញ។
-អ្នកឯង គ្មានពាក្យអ្វីផ្តែផ្តាំយើងទេរឺ?
អ្នកទោសបបូរមាត់ស្ងួត លើកដៃសំពះ
-ឱ!ព្រះរាជធីតា ដ៍មានសំរស់ផូរផង់អើយ! ទូលបង្គំ មានប្អូនប្រុសមួយ ដែល
ស្ថិតនៅក្នុងកណ្តាប់ដៃស្តេចពាល។ ពេលទូលបង្គំស្លាប់ទៅ សូមព្រះនាង ជួយយកដំនឹង
នេះទៅប្រាប់វាផង។
ព្រះរាជធីតា ស្លាប់ចិត្តបាត់ច្រលោត។នាង មើលមុខបុរស បន្តិចក៏នាំភីលៀងត្រលប់
ទៅ វិញ។
លុះយប់ងងឹត យក្សដែលយាម ប្រចាំការក៏ដុតបំភ្លឺភ្លើងគប់ហើយលើកអាហារមក។
ចៅសុទ្ធ ឃ្លានទទួលទានបានបន្តិចក៏ប្រទះ ដែក មួយចង្កោមបង្កប់ក្នុងបាយ។
-“កូនសោរ?” បុរសឧទាន «-អញ មានសេរីភាពវិញហើយ។»
បរិភោគឆ្អែត កំលោះប្រញាប់រំដោះខ្លួន។នាយ ដើរលបៗ ភ្នែកសំលឹងយក្សពីរ
នាក់កំពុងងោកផ្ងក់ៗ ដោយត្រូវនឹងថ្នាំសណ្តំ។មានស្រមោលខ្មៅ មួយរសាត់ពីចំងាយ។
លុះមកដល់ជិតបង្កើយ ក៍ហុច កាំបិតខ្លី ហើយធ្វើសញ្ញាអោយមាណពរត់តាមខ្លួន ។
ដំណាក់ព្រះរាជធីតា មានសភាពស្ងាត់ជ្រងំ ស្ថិតនៅកណ្ដាលចំនោមវិមានឯទៀត ដែលលឺសំលេងពួកយក្សសើចក្អាកក្អាយ។ ភីលៀង បួននាក់ដកខ្លួនថយភ្លាម បន្ទាប់ពី
បានឃើញយុវបុរសមកដល់។
រាជធីតា ពោលដោយបែរខ្នង ៖
-នៅក្នុងដៃអ្នក មានសោមាសមួយ។ ចូរ អ្នកតាំងចិត្តអោយមុត ហើយមុជ
ជ្រែកលង្វែកជ្រៅមហាសមុទ្រ ដែលខ័ណ្ឌទ្វីបលោកជាពីរ។ ទីនោះ មានកាកឆ្អឹងខ្មោចអ្នក
ក្លាហាន ច្រើនណាស់ ដែលគរកប់ ស្លាប់ដោយសារស្នាដៃអារក្សទឹក។ចូរអ្នកយកកាំបិតខ្លី
កកាយ ឆ្អឹងនោះចោលចេញ អ្នក នឹងឃើញរូងមួយ ដែលជាផ្លូវទៅរក ដំរីក្បាលបី កណ្ដឹង
សាមពាន់ មាន់ស ក។
ពោលចប់ព្រះរាជធីតា ប្រទានកញ្ចក់ បំភ្លឺផ្លូវអាថ៌កំបាំងដល់មាណព ដែលគ្រាន់តែ
នាយទទួលយកភ្លាម ព្រះនាងក្លាយខ្ឡួនជានារីពិការ ភ្នែកគួរអោយអាណិតអាសូរ។
-ចូរអ្នកប្រញាប់ចេញទៅ!
បុរស កាន់កញ្ចក់បំភ្លឺផ្លូវ ធ្វើដំនើរមកដល់លង្វែកជ្រៅមហាសមុទ្រក៏យល់គំនរឆ្អឹង
ខ្មោចដូចរាជធីតា និយាយប្រាប់មែន។មិនបង្អង់យូរ កំលោះពនេចរ ប្រើកាំបិតទិព្វវែកផ្លូវ
ទៅមុខ ។ស្រាប់តែលេច បិសាចអសុរកាយរងោករងួយ ដកឃ្លាថយមិនហ៊ានចូលជិតយុវ-
បុរសយើងឡើយ។ អារក្សទឹកមួយ មាឌធំសំបើមដើរចេញពីជ្រុងកៀនងងឹតកាន់ដាវទំងន់
រាប់សិបហាប ក្រោកឡើងរារាំង៖
-នែ អាល្អិត! អញមិនសមនឹងប្រហារជីវិតឯងឡើយ។
-មែនហើយ សំដីឯងនរណាក៏គេគោរពដែរ ដូចនេះឯងមិនត្រូវប៉ះពាល់យើង
ទេ។
ថាហើយចៅសុទ្ធ ដើរ តាមចន្លោះជើងវា ចូលទៅបើកសោឃ្លាំង ទ្វាររបើកឃ្វាំង
ភាយ ក្លិនឆួល ក្រអូបឆួលពេញសួត។បុរស ដួលសន្លប់លែងដឹងខ្លួន។
អារក្សទឹក លើកសត្រូវ ដាក់លើបាតដៃហើយពិចារណា៖
-សំដីអញប្រកាន់ពាក្យពិតត្រង់ បានអោយអភ័យវាហើយ«មិនសមនឹងអញ
ប្រហារជីវិតវាទេ»។
គិតរួច អារក្សទឹក ក៏យកឃ្លោកទឹកមកច្រូច លើមុខកុមារលុះត្រាដឹងខ្លួន៖
-សូមលោកម្ចាស់ ធ្វើដំណើរតទៅទៀតចុះ!
ពោលរួច អារក្សទឹក ដាក់កុមារចុះ ហើយវា ក៏រលាយ រូបទៅ។ចៅសុទ្ធ ប្រញាប់
ចូលក្នុងទីជំរៅឃ្លាំង ក៏យល់រូបសំណាកដំរីមាស ដែលមានក្បាលបី កណ្តឹងសាមពាន់ និង
មានមាន់ស ក តំកល់ នៅលើកំរាលថ្មដ៏វិចិត្រ។
-គឺរូបសំណាកនេះហើយ ដែលអញស្វែងរករាប់ឆ្នាំ តើធ្វើម្ដេចយកទៅបាន?
បុរស យកដៃស្ទាបអង្អែលជើងដំរី។នាយ មានអារម្មណ៍ ថាដូចបានស្ទាបដំរីពិត
ប្រាកដ។ស្រាប់តែ មាន់ស ករងាវ ហើយកណ្ដឹងក៏រោទី៍ឡើង។ដំរី ក៏លើកប្រមោយ ត្រកង
ដងខ្លួននាយយ៉ាងថ្នមៗ ដាក់លើក្បាល ហើយបោះជំហានចេញពីរូងថ្ម។ លុះមកដល់វិមាន
រាជធីតា ស្ដេចដំរីក្បាលបីដ៍មានឫទ្ធិ៍ ក៏លើកប្រមោយផ្លុំព្រះនេត្រ ព្រះនាងអោយជាឡើង
វិញ។ ទាំងពីរអង្គា នាំគ្នាស្រូតរូត ចេញពីដែនសមុទ្រ។ យក្យ ទូងស្គរប្រមូលផ្ដុំទ័ព អាវុធ
ច្រូងច្រាងស្អេកស្កះ មានចំនួនច្រើនពន្លឹកភ្លូកភ្លឹកគោកទឹកសមុទ្រ។
ស្តេចយក្ស កន្រ្តាក់ធ្នូសិល្ប៍ ស្រែកគំរាមទាមទារ ដំរីជ័យមង្គលវិលត្រលប់ទៅវិញ ។
-ចៅសុទ្ធ ឥតភ័យ ព្រោះមានមាន់ រងាវនឹងដៃ កណ្តឹង រោទ៍រណ្តំខ្ទ័រដី ឯដំរី ក៏លើក
ប្រមោយ បញ្ចេញសំរែកកប់អាកាស។ទេវតា ជ្រួលច្របល់ ពេញស្ថានសួគ៌ ។
ស្តេចយក្ស ក្រេវក្រោធ ច្រលោតជ្រុះម្កុដ ក៍ផ្លែងសរលឿនស្លៅសំដៅទៅផ្តាច់សង្ខារ
បុត្រីនិងចៅសុទ្ធកុមារ។តែសរ ក៏បែកបំនែកព្រោងព្រាយ ក្លាយជាផ្កាភ្ញី ប្រាំពីរជាន់ បាំង
សែងសុរិយា មេឃាស្រទុំជុំជិត។ស្តេចយក្ស ផ្លែងសរជានាគ ប្រហារសត្រូវ ស្រាប់តែនាគ
ទាំងនោះក្លាយជាគ្រឿងអលង្ការមាសមករុំស្រោបកុមារ ភ្លឺផ្លេក ដូចទេវតា។
វេលានោះ មានយក្សចាស់មួយ ទូលថ្វាយថា៖
-ចៅសុទ្ធនេះគឺគ្មាននរណា ក្រៅពីបុត្រព្រះឥន្ទ្រាធិរាជកាលពីជាតិមុនឡើយ។សូម
ព្រះអង្គបោះបង់សង្គ្រាមនេះចោល ចុះ។”
ស្ដាប់ទំនាយហោរា ស្ដេចយក្ស អស់សេចក្ដីក្រោធខឹង ហើយកើតមានចិត្តត្រេកអរ
ជាពន្លឹក ក៏បំបែរទិសសេនាយោធាតំរង់មកកាន់ព្រះនគរវិញ។ ទ្រង់ ប្រគល់នគរដែនទឹក អោយដល់ស្តេចនាគវិញ ទើបយាងចេញទៅបួសនៅព្រៃហេមពាន្ត។
ថ្លែងពីស្តេចពាល វេលារសៀល ស្តេចគង់ ក្នុងរោងទង ជំនុំជាមួយ នាម៉ឺនមន្ត្រី។
ស្រាប់តែមានសេនាបំផាយសេះ មកពីទិសទាំងបួន រាយការណ៍ ថាមានវ៉ូងដំរីព្រៃភ្លូកភ្លឹក
គឹកកង ឆ្លងតំរង់មករករាជធានីហើយ។ ពួក មេនំមេនាងភីលៀងស្រីស្នំ គ្រាន់តែទទួល
ដំណឹងនេះ ដ៍ដកខ្លួនថយម្តងមួយៗគ្មានសល់។ស្តេចភ័យ ក្រលេកមើលគ្រប់ទិសទី យល់
ទ័ពដំរីក្រែលក្រាស់ ដូចសេចក្តីរាយការណ៍មែន ក៏បញ្ជាទ័ពស្រួចគ្រប់ជ្រុង អោយទូងស្គរ បង្អើល ប៉ុន្តែទប់មិនបាន ក៍បែកទ័ពរត់ចោលជួរ យកតែអាយួសរៀងៗខ្លួន។ ស្តេច ភៀស
ព្រះកាយចូលពួនសំងំកៀនទ្វាររាជវាំង ដោយលួចសំលឹងមើល។
-តើ វ៉ូងដំរី ផ្អើលមកធ្វើអ្វីទីនេះ?
កំពុងនឹកចំលែកព្រះទ័យ ស្រាប់តែលឺសំលេង មាន់រងាវនៅលើមេឃ កណ្ដឹងរោទិ៍ខ្ទ័រ
អាកាស ឯដំរីទាំងអស់ ក៏ក្រួញក្រាបដាក់ប្រមោយរាបទាបនឹងដី ។ ភ្លាមនោះដំរីក្បាលបី ក៏
អណ្ដែតចុះមកពីលំហមេឃ មានទាំងទេវតា បាំងក្លស់ ឆ័ត្ររួតថ្វាយយុវក្សត្រពីរអង្គ ផង។
«-ទេ! គឺជាទេវតាម្ចាស់សួគ៌ទេតើ! ? ពេលនេះគូរតែអាត្មាអញចេញទៅសុំសេចក្ដី
ប្រោសប្រណីពីព្រះអង្គទើបនគរសុខសប្បាយ។»
ស្ដេចពាល គិតហើយ ក៏ដើរទាពីចំងាយ ចូលក្រាបបង្គំគាល់ចៅសុទ្ធ ៗញញឹមលើក
ព្រះរាជា៖

មហាក្សត្រ ឥតអំនាច ភ័យរត់តត្រុក ត្រលប់មករកទីគុក អាថ៌កំបាំង។ចៅសាត
រួចពីទីឃុំឃាំង ត្រូវបានរាជបុត្រី យកទៅស្អាងស្អាតដោយសំលៀកបំពាក់ឆើតឆាយ ទើប
ចេញមកជួបចៅសុទ្ធជាបង។
ចៅសុទ្ធ និងរាជធីតាចុះចាក ពីដំរីមង្គល៖
សាត !ប្អូនសំលាញ់! យើង បានជួបជុំគ្នាវិញហើយ! លែងបែកគ្នាហើយ!
តើឯងចាំបានទេ គ្រាន់តែដំលូងមួយមើមប៉ុនមេដៃ ក៍យើងចេះរំលែកចែកគ្នាស៊ីដែរ។”
ចៅសាត ស្ទុះទៅអោបបង ដោយនិយាយទាំងអូលដើមក៖
-“ប៉ុន្តែ ដោយសារដំឡូងប៉ុនមេដៃនេះហើយ ទើបយើងទាំងពីរមានវាសនា បានរស់
មកដល់ពេលនេះ។
ស្តេចពាល រំភើបព្រះទ័យ សុំទោសបងប្អូនទាំងពីរនាក់។ព្រះអង្គសោកស្តាយ
ព្រោះ ពុំបានថែទាំរាស្រ្ត អោយបានល្អ។ទ្រង់ ដាក់រាជ្យសម្បត្តិ លើកចៅសុទ្ធអោយសោយ
រាជ្យបន្ត ហើយលើករាជបុត្រី អោយថែទាំចៅសាត ទើបស្ដេច យាងសាងព្រះភ្នួស។
ចំណែកព្រះចៅសុទ្ធ និងរាជធីតា ពេលបានរាជ្យសម្បត្តិកាលណា ស្ដេច ក៏តែងតាំង
ចៅសាត ជាមហាឧបរាជ តំកើងតាពិជ័យហោរា ជាព្រះបិតាធម៌ ជ្រើសតាំងសេនាបួននាក់
ដែលជួយរំដោះគ្រោះព្រះអង្គ ធ្វើជាទីប្រឹក្សា និងតាមរកយកយាយតាមករក្សានៅក្នុងវាំង។
ស្ដេចទាំងពីរអង្គបងប្អូន ចេញរៀបចំនគរ ប្រជារាស្ត្រ បានសុខសប្បាយ ស្រុកទេសចំរើន
រុងរឿងជារៀងរហូតមក៕

No comments:

Post a Comment