ដោយ នុច សារីតា វី អូ អេ ខ្មែរ | វ៉ាស៊ីនតោន ថ្ងៃសៅរ៍, 19 ខែមិថុនា 2010
រូបថត៖ Noel - Baza Fine Art
រូបគំនូរស្រ្តីខ្មែរ គូរលើក្រដាសគគ្រាតដែលធ្វើដោយខ្លួនឯង ពីសសៃចំបើង និងទងស្មៅ។
“ខ្ញុំគូរពីជីវិតរបស់ស្ត្រី ពីជីវិតខ្ញុំ។ ជីវិតស្ត្រីដែលមានការគាបសង្កត់ពីសង្គម ពីឪពុកម្តាយដែលបង្ខំកូនស្រីឲ្យរៀបការជាមួយបុរសដែលខ្លួនមិន ពេញចិត្ត។ គំនូររបស់ខ្ញុំបង្ហាញអំពីការរើបម្រាស់របស់ស្ត្រីពីប្រពៃណី ដែលហាមស្ត្រីឲ្យនៅឆ្ងាយពីសង្គមសហសម័យ តើស្ត្រីអាចធ្វើអ្វីបានខ្លះក្នុងសម័យនេះ" ។
សិល្បៈគំនូរក្រោមចំណងជើងថា “ខ្សែចក្ខុវិស័យ” ជាស្នាដៃរបស់ស្ត្រីវិចិត្រករខ្មែរពីររូប កំពុងដាក់តាំងជូនសាធារណជននៅសារមន្ទីរ Noel-Baza Fine Art Gallery នៅទីក្រុង San Diego រដ្ឋ California ចាប់ពីថ្ងៃទី៣ខែមិថុនាដល់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០១០ ។
អ្នកស្រី នុច សារីតា មានសេចក្តីរាយការណ៍អំពីសិល្បៈគំនូររបស់នាងលីនដា សូភ័ណ និងនាងអឿ សុគុនទេវី មានសេចក្តីដូចតទៅនេះ ៖
សារមន្ទីរ Noel-Baza Fine Art Gallery នៅទីក្រុង San Diego បង្ហាញអំពីសិល្បករអន្តរជាតិដែលកំពុងរចនាទិដ្ឋភាពសិល្បៈបែបសហសម័យ ។ អ្នកស្រី Pierrette B. Van Cleve ស្ថាបនិកនិងជានាយកក្រុមហ៊ុន Art Cellar Exchange, Inc. និង Van Clene Fine Art បាននិយាយប្រាប់វីអូអេថា ពិព័រណ៍មានចំណងជើងថា Sight Lines ឬ ខ្សែចក្ខុវិស័យនេះ ផ្តោតទៅលើស្ត្រីពីរនាក់ពីប្រទេសកម្ពុជា គឺនាង លីនដា សូភ័ណដែលបានចាកចេញពីប្រទេសកំណើតតាំងពីនៅតូច ហើយបានធំដឹងក្តីនៅបស្ចិមប្រទេស និងម្នាក់ទៀតគឺនាង អឿ សុគុនទេវីធំដឹងក្តីនៅទីក្រុងបាត់ដំបងហើយបានរស់នៅ នៅក្នុងប្រទេសកម្ពុជា ជារៀងរហូតមក ។ ពិព័រណ៍នេះ ផ្តោតទៅលើ ថាតើស្ត្រីខ្មែរមើលឃើញខ្លួនឯងដូចម្តេចខ្លះ ទាំងអ្នកនៅក្នុងស្រុកនិងទាំងអ្នកចាកស្រុក ។
“នាង លីនដា សូភ័ណ មើលត្រឡប់ក្រោយ ទៅដល់នារីនៅក្នុងប្រទេសកម្ពុជា ឆ្លុះបញ្ចាំងខ្លួនឯងនៅក្នុងនារីម្នាក់ៗដែលនាងឃើញនៅតាមផ្លូវ ថ្នល់ ពីព្រោះនាងបានធំដឹងក្តីនៅបស្ចិមប្រទេសហើយទទួលបានអត្ថប្រយោជន៍ ទាំងអស់នេះ ហើយចំណែកនាងទេវីវិញ សម្លឹងទៅពិភពលោកថ្មីនេះ នៅក្នុងគំនិតថ្មី នៃមុខនាទីថ្មីរបស់ស្ត្រី និងមុខនាទីថ្មីរបស់សិល្បករ ។ ហេតុដូច្នេះហើយបានជាពិព័រណ៍នេះមានឈ្មោះថា “ខ្សែចក្ខុវិស័យ” ដែលនិយាយអំពីស្ត្រីខ្មែរពីរនាក់សម្លឹងទៅមុខនិងទៅក្រោយ” ។
នាង លីនដា សូភ័ណកើតនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៧៥ ។ ពេលភៀសខ្លួនពីរបបខ្មែរក្រហម នាងលីនដាបានទៅរស់នៅ នៅប្រទេសកាណាដានិងប្រទេសបារាំងអស់ជាងពីរទសវត្ស៍ ។ នាងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតខាងនរវិជ្ជាសង្គមនៅឆ្នាំ២០០៧ ពីសាកលវិទ្យាល័យក្រុងប៉ារីស នៅប្រទេសបារាំង និងបានទទួលបរិញ្ញាប័ត្រខាងការសិក្សាផ្នែកកិច្ចការកម្ពុជាផងដែរ ។
នាង លីនដា សូភ័ណបានទៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០៦ ហើយនាងបានឃើញនារីខ្មែរដែលមានអាយុស្រករគ្នានឹងនាង នៅតាមផ្លូវថ្នល់ ក្នុងសម្លៀកបំពាក់ខ្មែរ កំពុងបោសសំអាតថ្នល់ លក់ដូរក្នុងទីផ្សារ ឬធ្វើការក្នុងហាងទំនិញ ។ នាងបានថតរូបនារីទាំងនោះ ហើយបានគូរតាមរូបថតទាំងនោះ ប្រើពណ៌សខ្មៅ នូវរូបនារីរុំមុខដោយក្រមារ ។ នាងលីនដាសម្លឹងទៅរូបនិមួយៗ នូវជោគវាសនា របស់នាងម្នាក់ៗ ហើយនិយាយថា ស្ត្រីនេះអាចជារូបនាង ។
“នារីនៅក្នុងរូបនេះយកក្រមាររុំមុខ មានន័យថា គេការពារកុំឲ្យធូលីដីហុយចូលមុខពេលធ្វើការ។ ន័យម្យ៉ាងទៀត នារីដែលចេញដើរលេងជាមួយមិត្តភ័ក្រឬជាមួយសង្សារ ក៏មានក្រមាររុំមុខដែរ ព្រោះមិនចង់ឲ្យគេស្គាល់មុខ ឬស្គាល់ខ្លួនថាជាអ្នកណា។ នារីខ្មែរពេលនេះ ចង់បានសេរីភាពដូចបុរសដែរ ប៉ុន្តែសង្គមពុំបើកទូលាយដល់ពួកគេ" ។
នាង អឿ សុគុនទេវី បានសិក្សាសិល្បៈគូររូបនៅសាលាពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបង ហើយបានផ្លាស់ទៅនៅទីក្រុងភ្នំពេញនៅឆ្នាំ២០០៧ ដើម្បីប្រកបអាជីពជាវិចិត្រករដែលនាងជ្រើសរើស ។ នាងទេវីចាប់អារម្មណ៍ជាខ្លាំងក្នុងកិច្ចការរបស់នាង ជាសិល្បការិនីដ៏កម្រម្នាក់ខាងវិចិត្រករផ្នែកសហសម័យ ដែលបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន ។
បើតាមការអធិប្បាយរបស់អ្នកស្រី Van Cleve អ្នកអភិរក្សនៅសារមន្ទីរនិយាយថា សិល្បៈគំនូររបស់នាងលីនដា និងនាងទេវីមានសណ្ឋានស្រដៀងគ្នា ព្រោះអ្នកទាំងពីរគូរលើក្រដាសគគ្រាតដែលធ្វើខ្លួនឯង ដោយសរសៃចំបើងនិងទងស្មៅ។ គំនូររបស់នាងទេវី ប្រើពណ៌ស្រស់ឆើតនៅក្នុងទ្រង់ទ្រាយសិល្បៈបែបប្រពៃណី ស្តីអំពីរឿងរ៉ាវដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជានិងអំពី ជីវិតរបស់នាងក្នុងពេលនេះ អំពីមុខនាទីរបស់ស្ត្រីនៅក្នុងគ្រួសារ មុខនាទីស្ត្រីនៅក្នុងការទាក់ទងគ្នា មុខនាទីស្ត្រីនៅក្នុងពិភពលោក និងអំពីថាតើស្ត្រីកំពុងផ្លាស់ប្តូរយ៉ាងអស្ចារ្យដូចម្តេចខ្លះ ពីមុខនាទីប្រពៃណីរបស់ស្ត្រី ដែលបានកើតមាន មិនច្រើនពី ពីរឬបីឆ្នាំកន្លងទៅនេះនោះ។ សិល្បៈរបស់នាង សុគុនទេវីមានអត្ថន័យកាច មិនរាក់ទាក់ ពីព្រោះស្ត្រីនៅក្នុងពិភពលោកស្មុគស្មាញនេះ ជួបប្រទះនឹងការលំបាក ជាងពេលណាទាំងអស់ ។
“ខ្ញុំគូរពីជីវិតរបស់ស្ត្រី ពីជីវិតខ្ញុំ។ ជីវិតស្ត្រីដែលមានការគាបសង្កត់ពីសង្គម ពីឪពុកម្តាយដែលបង្ខំកូនស្រីឲ្យរៀបការជាមួយបុរសដែលខ្លួនមិន ពេញចិត្ត។ គំនូររបស់ខ្ញុំបង្ហាញអំពីការរើបម្រាស់របស់ស្ត្រីពីប្រពៃណី ដែលហាមស្ត្រីឲ្យនៅឆ្ងាយពីសង្គមសហសម័យ តើស្ត្រីអាចធ្វើអ្វីបានខ្លះក្នុងសម័យនេះ" ។
ក្រុមអ្នកអភិរក្សសារមន្ទីរបានជាប់ចិត្តជាខ្លាំងជាមួយសិល្បៈ ខ្មែរ ហើយបានជាប់ចិត្តនឹងប្រធានបទយោងគ្នាគឺ ក្រឡេកមើលក្រោយនិងសម្លឹងទៅខាងមុខ ។ អ្នកស្រី Van Cleve បាន រឿបរាប់ថា មានអ្នកសន្សំវត្ថុសិល្បៈជាច្រើននាក់ និងជាពិសេសក្រុមអ្នកអភិរក្សនៃសារមន្ទីរដែលបានមកមើលការតាំង សិល្បៈនេះ បានចាប់អារម្មណ៍ខ្លាំងនឹងស្នាដៃរបស់ស្ត្រីខ្មែរទាំងពីរនាក់ ដែលមានអាយុស្របាលៗគ្នា ប៉ុន្តែមានការពិសោធន៍ក្នុងការធំដឹងក្តីខុសគ្នា ពីព្រោះតែព្រេងវាសនាដែលពួកគេមានមកជាមួយ ។
“ខ្ញុំបានចំណាយពេលជាច្រើនម៉ោងពន្យល់ថា ប្រទេសកម្ពុជាឥឡូវនេះកំពុងជឿនលឿនទៅមុខដោយឆាប់រហ័សទៅក្នុង សតវត្ស៍ទី២១ ដែលកំពុងលូតលាស់ និងកំពុងចាប់យកការផ្លាស់ប្តូរអ្វីៗឲ្យទំនើបតាមសហសម័យ នៅក្នុងល្បឿនដ៏អស្ចារ្យមួយ” ។
អ្នកស្រី Van Cleve ក៏បានថ្លែងថា នៅពេលណាអ្នកស្រីនិយាយអំពីកិច្ចការរបស់នាងលីនដាប្រាប់ភ្ញៀវ អាមេរិកាំង អ្នកស្រីនិយាយអំពីស្ត្រី ដែលមានចំណេះវិជ្ជាខ្ពស់ ធំដឹងក្តីនៅប្រទេសកាណាដា រៀននៅប្រទេសបារាំង ហើយសព្វថ្ងៃរស់នៅ នៅទីក្រុង New York កំពុង សម្លឹងទៅក្រោយដល់ក្រុមមនុស្ស ដែលរស់ក្នុងស្ថានភាពបច្ចុប្បន្ន ដោយមានការសោកស្តាយ និងដោយមានការចាប់អារម្មណ៍ ថាតើនាងជានរណានៅក្នុងឬសគល់ដើមកំណើតរបស់នាង ។
“អ្នកទៅមើលរូបគំនូរសិល្បះភាគច្រើនចាប់អារម្មណ៍ស្នាដៃអ្នក ទាំងពីរជាខ្លាំង ។ យើងបានលក់ផ្ទាំងគំនូរជាច្រើនរបស់នាងទេវីនិងនាងលីនដា ទៅឲ្យមនុស្សមានចំណូលចិត្តខុសគ្នាពីរក្រុម ។ អ្នកខ្លះចូលចិត្តស្នាដៃនាងទេវីដែលប្រើពណ៌ស្រស់ឆើតនិងប្រធានបទ របស់នាង អ្នកខ្លះចូលចិត្តស្នាដៃស្រស់ស្អាតស្ងៀមស្ងាត់របស់នាងលីនដា អាស្រ័យទៅលើជីវភាពផ្ទាល់ខ្លួនរបស់ពួកគេនិងអារម្មណ៍ដែលគេមាន ចំពោះខ្លួនគេ” ។
អ្នកស្រី Van Cleve បាន ថ្លែងប្រាប់វីអូអេនៅពេលបញ្ចប់ការសម្ភាសន៍ដោយនិយាយថាគំរោងការ ដ៏ធំមួយ ដែលភ្ជាប់គ្នាជាមួយនិងស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា និងសារមន្ទីរ Paul Getty នឹងធ្វើឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០១១ ហើយការតាំងពិព័រណ៍រូបចម្លាក់សំរិទ្ធ “អាទិទេពក្រុងអង្គរ” ដែលសព្វថ្ងៃកំពុងដាក់តាំងនៅសារមន្ទីរ Freer និង Sackler នៅរដ្ឋធានី Washington នឹងប្តូរទៅតាំងនៅសារមន្ទីរ Getty ។ នៅពេលនោះ ការតាំងបង្ហាញដ៏ធំមួយអំពីកម្ពុជា ដោយមានការសម្តែងមហោស្រពសិល្បៈរបាំក្បាច់បូរាណខ្មែរ មហោស្រពសិល្បៈគំនូរ មហោស្រពសិល្បៈថតរូប និងមហោស្រពខ្សែភាពយន្ត ។
No comments:
Post a Comment