Thursday, May 26, 2011

ភ្លក់រស់ជាតិម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: ដំណាំម្នាស់ជាប្រភេទដែលកសិករងាយស្រួលដាំនិងឆាប់ទទួលបានផល។ ប្រជាពលរដ្ឋមួយផ្នែកនៅខេត្តស្ទឹងត្រែងបានងាកមកដាំម្នាស់ដើម្បី បង្កើនជីវភាពក្នុងគ្រួសារគាត់ឲ្យកាន់តែប្រសើរឡើងមួយកំរិតថែមទៀត បន្ទាប់ពីធ្វើស្រែចម្ការ ដាំដំណាំផ្សេងៗ និងនេសាទត្រី។
ជួបជាមួយលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងនិងជាអ្នកដាំម្នាស់ផងនោះបាន រៀបរាប់ថា ប្រជាពលរដ្ឋនៅខេត្តមួយនេះនិយមដាំម្នាស់ក្រៅពីមានដំណាំផ្សេងទៀត រួចហើយ។
លោក អ៊ុក ធាវី បាននិយាយថា មុនឆ្នាំ២០០៨ ខេត្តស្ទឹងត្រែងមិនមានផ្លូវជាតិលេខ៧ ចាក់កៅស៊ូតភ្ជាប់ជាមួយខេត្តក្រចេះស្អាតនោះទេ។ លុះពេលមានផ្លូវជាតិលេខ៧ និងស្ពានមិត្តភាពកម្ពុជាចិនឆ្លងកាត់ទេន្លេសេកុង ក្នុងខេត្តស្ទឹងត្រែងមក អ្វីៗកាន់តែប្រែប្រួលច្រើន។ លុះពេលមានផ្លូវល្អមនុស្សក៏ចាប់ផ្តើមមកដល់ខេត្តដាច់ស្រយាលភាគ ឦសានប្រទេសកម្ពុជាកាន់តែខ្លាំងដែរ។ មានមនុស្សមកលេងនៅទីនេះច្រើនការប្រមូលទិញផ្លែម្នាស់យក ទៅបរិភោគជាលក្ខណៈគ្រួសារផង និងយកទៅលក់បន្តក៏មានកាន់តែច្រើនដែរ។ នេះជាហេតុផលមួយជួយឲ្យអ្នកស្ទឹងត្រែងមានមុខមាត់អាចដាំផលិតផល របស់ខ្លួនលក់ចេញទៅខាងក្រៅបានផង។
ប្រភពបានបន្តទៀតថា កាលមុនផ្លែម្នាស់មិនមានតម្លៃលើទីផ្សារទេពេលមានផ្លូវជាតិចាប់ពី ឆ្នាំ២០០៨ ដល់ ២០១១ នេះទើបម្នាស់មានអ្នកទិញច្រើន។ ក្នុងមួយថ្ងៃម្នាស់មានតម្រូវការទាំងក្នុង និងនាំចេញក្រៅខេត្តប្រមាណ ៤ទៅ៧ពាន់ ផ្លែបន្ទាប់មានសេវាដឹងជញ្ជូនងាយស្រួលមក។ ក្នុងមួយផ្លែជាមធ្យមចាប់ពី៣ទៅ៧គីឡូក្រាមលក់ក្នុងតម្លៃដុំ៤ ពាន់រៀលទៅ១ម៉ឺនរៀល នេះបើតាមការអះអាងពីលោកអ៊ុក ធាវី។បទពិសោធន៍ដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងៈ មុនដំបូងភ្ជូរដីឲ្យរាបស្មើស្អាតរាបជាជួរឲ្យត្រង់។ ជីករណ្តៅឲ្យមានគំលាតពីគ្នា៥តឹក។ ធ្វើរងចន្លោះពីជួរមួយទៅជួរមួយទៀត២ម៉ែត្រទៅ តាមសណ្ឋានដី។ សរើសពួជម្នាស់ណាដែលល្អមុនពេលយកកូនដាំ។ កូនម្នាស់មុនយកទៅដាំក្នុងដីត្រូវបកស្លឹកផ្នែកខាងកល់រឹសចាប់ពី ៣ទៅ៥សន្លឹកចេញ។ ពេលដាំរួចមានរយៈពេល៤៥ទៅ៦០ថ្ងៃគេពួនដីបង្កើតជារងនិងដាក់ស្មៅ នៅកណ្តាលរងធ្វើជាជីកំប៉ុស។ មូលហេតុគេពូនរងដោយសារម្នាស់មានរឹសចាក់ចំហៀងនិងគ្មានរឹសកែវ។ វិធីនេះវាបង្កើនទិន្នផលផ្លែធំល្អ។ ដើម្បីបានផលល្អត្រូវថែទាំស្រោចទឹកនិងមិនឲ្យមានស្មៅដុះទេ។ ចំពោះលិទ្ធផលទទួលបានវិញមានរយៈពេលចាប់ពី១៤ទៅ១៦ខែគិតពីថ្ងៃដាំ រួចមកដល់ពេលបានផល។

អត្ថប្រយោជន៍របស់ម្នាស់ទឹកឃ្មុំរួមមានៈ ធ្វើម្ហូបយកម្នាស់ទៅឆាជាមួយសាច់គោសាច់ជ្រូកនិងស្លរម្ជូរយួន ជាដើម។ ក្រៅពីនេះគេអាចយកទៅធ្វើជាទឹកផ្លែឈើធ្វើជាតំណាប់។
លោក លុន សាយលីន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ដំណាំម្នាស់នៅខេត្តនេះគេទិញតាមការកុំម៉ង់ទុកតាមតម្រូវការដឹក តាមរថយន្តក្រុងរថយន្តតាក់ស៊ីជាលក្ខណៈគ្រួសារជាដើម។ មានភ្ញៀវទេសចរគេមកលេងឃើញគេទិញយកទៅបរិភោគធម្មតាដាក់ក្នុងធុង ក្លាហ្សេទឹកកក។
លោក សាយ លីន បញ្ជាក់ថា ដីនៅទីនេះអាចដាំដំណាំបានផលល្អហើយប្រជាពលរដ្ឋដាំក៏ទៅតាមលទ្ធភាព ដែលពួកគាត់មានដែរ។ មិនទាន់មានការប្រមូលទិញផ្លែម្នាស់ជាទ្រង់ទ្រាយធំយកទៅផលិតដូច ប្រទេសគេនៅឡើយទេ។
ប្រភព: ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ
ដោយ : សេសាន
ថ្ងៃទី 26 ឧសភា 2011
CEN

No comments:

Post a Comment