Thursday, May 19, 2011

កំណាព្យ វិបត្តិពិភពលោកថ្មី បទកាកគតិ


1. អាកាសប្រែប្រួល ក្តៅខ្លាំងដីឈួល រុក្ខជាតិស្ងួតហែង
សត្វរងទុក្ខធំ មនុស្សសោកសង្រេង លំបាកលែងថ្លែង
ពិភពអន្តរាយ។
2. នៅតំបន់ខ្លះ ភ្លៀងព្យុះច្រើនណាស់ ប៉ើងផ្ទះទៅឆ្ងាយ
ស៊ូណាមិជន់ ព្រាត់កូនព្រាត់ម្តាយ សំណង់ខ្ចាត់ខ្ចាយ
បែបបាក់គ្មានសល់។
3. ទុក្ខកើនរាល់ឆ្នាំ ប្រជាលែងចាំ ដំណាំបាត់ផល
ពលរដ្ឋខ្វះបាយ ចាយលុយលែងសល់ ទាហានគ្រប់ពល
ជួយរាស្ត្រលែងឈ្នះ។
4. នៅប្រទេសខ្លះ ត្រជាក់ខ្លាំងណាស់ លែងហ៊ានជំនះ
ធ្លាក់ព្រិលទឹកកក គរក្រាស់លើផ្ទះ មនុស្សខ្វល់ក្រៃក្រាស់
បរិស្ថានអន្តរាយ។
5. នេះមកពីអ្វី សូមជនប្រុសស្រី ស្តាប់ខ្ញុំបរិយាយ
មកពីមនុស្ស ឃ្លាតចាកចេញឆ្ងាយ សីលធម៌ពណ្ណរាយ
បំផ្លាញបរិស្ថាន។
6. អ្នកខ្លះរកស៊ី មិនគិតសំភី សុខភាពភូមិឋាន បំផ្លាញព្រៃឈើ លែងគិតសន្តាន ឲ្យតែខ្លួនបាន
លុយចូលហោរប៉ៅ។
7. រីឯអ្នកប្រាជ្ញ ចិត្តមិនខ្លបខ្លាច ទាញភពចូលជ្រៅ ខួងប្រេងដុតសាំង បង្កើនកំដៅ អូស្សូនហោចទៅ
កំដៅចូលស្រួល។
8. អ្នកមានទុកមាស ពេជ្រច្រើនក្រៃក្រាស់ កើនគ្មានប្រែប្រួល
ចិត្តធំលាភច្រើន រោគលោភឆាបឈួល ជីកគាស់ដីទួល
រាវរករ៉ែត្បូង។
9. អ្នកក្រខ្វះភ័ព្វ ទុក្ខគ្មានគេរាប់ ខំបូងសង្រូង
រុលរើបំរះ ធ្វើការតាំងតូង ធ្វើទាំងលិចត្បូង
ជើងកើតផលតិច។
10. ខ្ញុំសូមអង្វរ អ្នកដែលមានធម៌ សូមកុំភ្លាំងភ្លេច
ចែកក្តីសុខគ្នា ការពារដីព្រេច ព្រៃស្រោងជើងលិច
ដាំដុះបន្ថែម។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១១
Oum Chanthou really good.....
រូបភាពដោយ លក្ខណ៍ ចៅតា
លក្ខណ៍ ចៅតា
1. គួរឲ្យបារម្ភ នេះជាទុក្ខធំ គួរតែពិចារ លៃលកការពារ មុនលោកមរណា មុនភ្លើងឆេះកាល មុនបាត់ផែនដី។
2. គួរឲ្យអាសូរ ទឹកភ្នែកជន់ជោរ ព្រោះការបែកបាក់ នេះគ្រោះធម្មជាតិ សាហាវខ្លាំងណាស់ មិនចង់ប្រទះ មិនចង់ជួបឡើយ។
3. អាកាសប្រែប្រួល ញាតិមិត្តស្រែកថ្ងួរ ព្រោះបាត់ទិន្នផល ស្រូវស្កកដេកដួល គួរឲ្យអាសូរ តើគួរផ្លាស់ប្តូរ អាកាសបែបណា?
4. នេះមកពីមនុស្ស មិនចេះសណ្តោស មិនចេះអាណិត គិតថាធម្មជាតិ គ្មានមាត់គ្មានចិត្ត បំផ្លាញគ្មានគិត អាណិតអាសូរ។
5. ដើម្បីមាសប្រាក់ មនុស្សប្រើអន្ទាក់ ប្រើគ្រប់ល្បិចស្នៀត បំផ្លិចបំផ្លាញ មិនគិតមនុស្សជាតិ អ្នកដទៃទៀត រួមលើលោកា។
6. នេះហើយហៅថា គិតតែអាត្មា ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតសុខទុក្ខ ញាតិមិត្តបងប្អូន ភ្លេចអស់ច្បាប់ក្បួន ភ្លេចជាតិជាមនុស្ស។
7. អូហ្សូនធ្លុះធ្លាយ លំបាកមិនងាយ ធ្វើការប៉ះប៉ូវ កំដៅសែនខ្លាំង ចាំងមកផែនដី ស្ទើរឆេះធរណី គួរឲ្យបារម្ភ។
8. គឺដល់ពេលហើយ ពេលមនុស្សដង្ហើយ ស្រែករកផែនដី តើជួយម្តេចបាន បើមនុស្សប្រុសស្រី បំផ្លាញផែនដី ស្ទើរតែខ្ទេចខ្ទី។
9. ព្រៃឈើវិនាស ទឹកជន់ផ្ទះរាស្រ្ត លំបាកសព្វយ៉ាង នាំគ្នារត់គេច ចង់បានសំណាង អ្នកធំក្អេងក្អាង មិនខ្ចីគិតខ្វល់។
10. ពិតជាមិនអាច កាប់គ្មានខ្លបខ្លាច កាប់គ្មានពិចារ កាប់ឈើអាធំ ដាំដើមកាស្សា បានអ្វីស្រាកស្រាល បានអ្វីទីពឹង?
11. ត្រឹមត្រូវហើយល្បង ឯកសារចងក្រង កាស្យាមិនល្អ ស្រូបអស់ជីជាតិ កុំឡើយបន្ត គួរតែផ្លាស់ប្តូរ ដាំរកុ្ខជាតិផ្សេង។

Sunrise Loveu
1. ដូចអ្នកបានថា ជីងរូងកាលណា បំផ្លាញធរណី កាប់គាស់ព្រែឈើ កំដៅប្រតិពី រោលរាលខ្ទេចខ្ទី ដោយព្រះសូរិយា។
2. ព្រៃឈើស្រទាប់ ការពារជ្រាបជ្រោគ កំដៅអគ្គី បំផ្លាញគ្មានសល់ នៅតែធូលី បានអ្ចិជាទី ការពារភពផែន។
3. អ្នកធំអាងទ្រព្យ កាប់ឆ្កាមិនគាប់ អោយតែមានប្រាក់ រាប់លានហិចតា កាប់មិនរអាក់ កាប់គាស់គ្មានស្រាក់ ដាំតែមួយដើម។
4. តើមានអីអាង ឈើធំៗបាន ដួលដេកគ្មានសល់ ដាំឈើថ្ងៃនេះ ១០ឆ្នាំបានផល អាចជាជន្ទល់ តែចាំបានទេ?
5. កាស្យាបំផ្លាញ ជាតិដីមិនស្រាន ប្រែក្លាយជាហិរ មិនមានបានផល ច្រើនអីពេកពៅ បានតែយកទៅ ប្រើក្នុងឧស្សាហកម្ម។
Sok Pov ពិតជាពូកែរៀបរាប់ណាស់
Chheng Uor Yi អរគុណបងដែលបានជួយគាំទ្រប្អូន។ កំណាព្យរបស់បង និយាយពីអ្នកតានោះ ប្អូនពិតជាចូលចិត្តអាន (ពេញចិត្តទាំងចុងចួន និង ទាំងអត្ថន័យ និង អត្ថរស)។ តើបង អាចតែងអ្វីបន្ថែមជួយចែករំលែកបទពិសោធន៍ដល់ប្អូនបន្ថែមទៀតផងបានទេបង?
Sok Pov មិនថ្វីទេ តែពេលវេលា មិនសូវអំណោយផលសម្រាប់ការចែករំលែកសោះ
Chheng Uor Yi សង្ឃឹមថាពេលក្រោយទៀតប្អូននឹងបានអានកំណាព្យថ្មីរបស់បង។ សូមសំណាងល្អគ្រប់ប្រការណាបងប្រុស។
Chakriya Soth The way to live. The way of life.
Chheng Uor Yi you are right. thanks very much.

No comments:

Post a Comment