Written by ភ្នំពេញដេលីញូវ
Tuesday, 24 May 2011
ជាង ៤ ឆ្នាំ ហើយដែល ពៅ បញ្ញាពេជ្រ បានលេង Facebook និង មកទល់ពេលនេះ នាងមានមិត្ត ដល់ជិត ៥ ពាន់នាក់ ។ តាមរយៈ Facebook នេះដែរ ដែលធ្វើឱ្យនាង អាចបំភ្លេច ទុក្ខព្រួយទាំងឡាយ និង យល់ថា ខ្លួននាងមិន ឯកោទេ ព្រម ទាំងមានគេដឹង សុខទុក្ខនាង នឹងជួយនាងផង ។
អ្នកស្រី ពៅ ចន្ទសុទ្ធាវី បងស្រីបង្កើតរបស់ ពៅ បញ្ញាពេជ្រ បានបង្ហើបប្រាប់ ឱ្យដឹងថា សុខភាព បញ្ញាពេជ្រ នាងមានសុខភាព ធម្មតា និង នៅតែមិនទាន់ អាចដើររួច ដដែលទេ គឺរស់ដូចមនុស្សពិការ ។ រាល់ថ្ងៃនាង នៅអង្គុយពីមុខ កុំព្យូទ័ររហូត លើកលែងតែ ពេលដេក ពេលហូបបាយ ពេលហាត់ប្រាណ និង ពេលងូតទឹកប៉ុណ្ណោះ ។ បើគិតពីរយៈពេល ដែលនាងចាប់លេង Facebook មកទល់ពេលនេះគឺបួនឆ្នាំហើយ និង មានមិត្តភក្តិដល់ជិត ៥ ពាន់នាក់ ។ ដោយសារតែ នាងដើរមិនរួច តែ បានអង្គុយលេង Facebook ទើបអាចធ្វើឱ្យ នាងភ្លេចនូវកង្វល់ និង ទុក្ខព្រួយលែង ធុញថប់ក្នុងអារម្មណ៍ ព្រមទាំងយល់ថា រូបនាងកំពុងនៅក្បែរ គេគ្រប់គ្នាលើ ពិភពលោកនេះ ពិសេសសម្បូរ មិត្តភក្តិទៀតផង ។
តាមរយៈ Facebook នាងត្រូវបានគេដឹង ពីសុខទុក្ខប្រចាំថ្ងៃ និង ដោយការ អាណិតអាសូរ ព្រោះស្គាល់ព្រមទាំងដឹង ថា នាងជាអ្នកចម្រៀងម្នាក់ ល្បីគួរសមកាលពី ពេលកន្លងទៅតែត្រូវ ឃាតកលបលួច បាញ់ប្រហារ បណ្តាលឱ្យនាងជួប សភាព រងគ្រោះ និង លំបាកទេវនា បែបនេះ ទើបមានការជួយ ឧបត្ថម្ភជាប្រាក់កាស តាមទឹកចិត្តរបស់ គេរៀងៗខ្លួន ដល់នាង គ្រាន់សម្រាប់ទិញថ្នាំ សង្កូវព្យាបាលខ្លួននាង ដែលសប្បុរសជន ភាគច្រើនជាអ្នក រស់នៅក្រៅប្រទេស គឺមានតាំងពីអ្នក រស់នៅ ប្រទេសចិន កូរ៉េ ជប៉ុន អាមេរិក កាណាដា អូស្ត្រាលី…ជាដើម ។
នៅក្នុង Facebook បញ្ញាពេជ្រ បានឱ្យដឹងពីការ ធ្វើខួបកំណើតរបស់នាង គឺនៅថ្ងៃទី ៤ ខែឧសភា ដោយមិនមាន ធ្វើពិធីអ្វីធំដុំទេ គឺគ្រាន់តែមាន នំមួយប៉ុណ្ណោះ ដែលតាមបងស្រី នាងប្រាប់ថា ខួបកំណើតឆ្នាំនេះ បញ្ញាពេជ្រ មានអាយុ ២៧ ឆ្នាំ ។ បងប្អូនជាអ្នកទិញ នំខួបកំណើត ឱ្យនាង និង ការធ្វើខួបកំណើតនោះ បានរៀបចំនៅក្នុងផ្ទះ ជួលនៅឯប្រទេស ថៃ ដោយពេលនេះ នាងឈប់នៅក្នុង មន្ទីរពេទ្យហើយ រយៈពេលមួយខែ ទើបទៅកាន់ មន្ទីរពេទ្យម្តង ដើម្បីពិនិត្យសុខភាព ។
បញ្ញាពេជ្រ បានធ្វើខួបកំណើត របស់នាងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៤ ខែឧសភា ដោយគ្រាន់តែមាននំ និង មានការជូនពរ គ្នាតែប៉ុណ្ណោះ គឺធ្វើក្នុងលក្ខណៈ គ្រួសារបងប្អូន គ្មានបានទទួល កាដូអ្វីធំដុំ និង ជាពិសេសអ្វីឡើយ ។ មិត្តភក្តិ Facebook របស់ បញ្ញាពេជ្រ ដែលដឹងថ្ងៃ ខួបកំណើតនាង បានធ្វើការជូនពរ ដល់នាងគ្រប់គ្នា ។
បញ្ញាពេជ្រ មានគម្រោង វិលមកកាន់ ស្រុកខ្មែរវិញដែរ តែមិនទាន់កំណត់ ពេលវេលាឱ្យបាន ច្បាស់លាស់នៅ ឡើយ ។ នាងពុំមានអ្នកជួយ ធានាយកទៅរស់នៅ ក្រៅប្រទេសសោះ រហូតមកដល់ ពេលនេះ ។ នាងបានបង្ហាញពី គំនិតផ្ទាល់ខ្លួនថា លែងចង់ចេញ ទៅរស់នៅ ក្រៅប្រទេសទៀតហើយ ព្រោះនាងទៅមិនរួច ដដែលដោយគ្មាន អ្នកជួយ តែបើបានទៅក៏យល់ថា ពិបាកក្នុងការ រស់នៅដែរ ដោយសារនាង ដើរមិនរួច ធ្វើអ្វីក៏មិនបាន ហេតុនេះយល់ថា បើនៅស្រុកខ្មែរ ស្រួលជាង គ្រាន់តែ បងប្អូនហុចបាយសម្ល ម្នាក់មួយចាន ក៏អាចរស់នៅ បានយ៉ាងស្រួល ។
រយៈពេលជាង បួនឆ្នាំ បានកន្លងផុតទៅ ដែល ពៅ បញ្ញាពេជ្រ ទទួលរងគ្រោះ ដោយឃាតក មិនស្គាល់មុខតាម បាញ់ប្រហារ ប៉ុន្តែចំពោះ មុខសញ្ញាជន ប្រព្រឹត្តល្មើស រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ អាចវែករកមុខ ឃើញនៅ ឡើយ ។
នាងត្រូវបាន ខ្មាន់កាំភ្លើងលប លួចបាញ់ប្រហារ ចំនួនពីរគ្រាប់ នៅម្តុំខាងកើតរបង ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល តាមបណ្តោយ មហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ វេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។ កាលនោះ នាងត្រូវបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ចារី នៃប្រទេសវៀតណាម តែក្រោយមក ក៏លេចចេញនូវ ព័ត៌មានថា នាងបានទៅសម្រាក ព្យាបាល នៅឯប្រទេសថៃ រហូតដល់សព្វថ្ងៃនេះ ៕
No comments:
Post a Comment