ដំបូលរបស់ផ្សារធំថ្មីដែលប្រកបដោយ សោភណ្ឌភាពនិងមានរចនាបទបារាំង ត្រូវបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃពុធទី២៥ខែឧសភាឆ្នាំ២០១១ នេះ នៅទីក្រុងភ្នំពេញ ក្រោយការជួសជុលអស់រយៈពេល៧ឆ្នាំ។ ផ្សារធំថ្មីជាផ្សារធំមួយដែលត្រូវស្ថាបនាកាលពីឆ្នាំ១៩៣៧។
«ប្រវត្តិនៃផ្សារធំថ្មីនេះ យើងត្រូវតែចងចាំ ហើយត្រូវមានមោទនភាពទាំងអស់គ្នាថា នេះជាបេតិកភណ្ឌរបស់ប្រជាជនកម្ពុជា»។
ផ្សារធំថ្មីដែលជាកេរដំណែលមួយរបស់ប្រទេសបារាំង ត្រូវបានបើកសម្ពោធជាថ្មីឡើងវិញនៅថ្ងៃពុធនេះ ដែលក្រុមន្រ្តីផ្លូវការចាត់ទុកថា ផ្សារនេះនិងក្លាយទៅជាមណ្ឌលប្រវត្តិសាស្រ្តមួយសម្រាប់ការទាក់ទាញ ទេសចរ។
ដោយរក្សាការលាបពណ៌លឿងដូចកាលពី៧៤ឆ្នាំមុន ផ្សារធំថ្មីដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ត្រូវបានចាប់ផ្តើមជួសជុលឡើងវិញកាលពីខែមករា ឆ្នាំ២០០៩។ នេះគឺជាផ្សារបុរាណ ក៏ប៉ុន្តែសំណង់មានលក្ខណៈទំនើប និងមានស្តង់សម្រាប់លក់ទំនិញសុរបជាង៣.០០០តូប។
ទំនិញទាំងនោះរួមមានបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងអលង្កា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក សៀវភៅ និងរបស់អនុវស្សាវរីយ៍ជាដើម។
លោក អេរិក បឺហ្កណត (Eric Beugnot) នាយកទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ AFD ដែលជាភ្នាក់ងារផ្តល់កម្ចីសម្រាប់ការជួសជុលផ្សារធំថ្មីឡើងវិញ។ លោក អេរិក បឺហ្កណត មានប្រសាសន៍ថា គោលដៅនៃការជួសជុលនេះ គឺដើម្បីសុខមាលភាពនៅក្នុងទីផ្សារ។ លោកបានថ្លែងតាមរយៈអ្នកបកប្រែភាសាថា នេះគឺជាផ្នែកមួយនៃការថែរក្សាកេរដំណែកបេតិកភណ្ឌ។ លោកបឺហ្កណត ថ្លែងថា៖
«ផែនការបច្ចេកទេសផងដែរ គម្រោងគឺមានគោលដៅក្នុងការធានាសុវត្ថិភាពរូបវ័ន្តរបស់ប្រជាពល រដ្ឋ និងការកែលម្អលក្ខខណ្ឌអនាម័យ។ ហើយជាពិសេសអភិរក្ស ឬរក្សានូវគុណភាពបេតិកភណ្ឌនៃអគារ»។
ផ្សារធំថ្មីត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពី ខែកញ្ញាឆ្នាំ១៩៣៧ ក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិមុន្នីវង្ស។
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ជំនួយប្រមាណជា៦លានដុល្លារសម្រាប់ការជួសជុលផ្សារនេះ។
សឹង សុផាត វីអូអេ ខ្មែរ
ផ្សារធំថ្មីកំពុងត្រូវបានជួសជុលកាលពីខែកក្កដាឆ្នាំ២០១០។
សព្វថ្ងៃផ្សារធំៗបីគឺជាគោលដៅមួយសម្រាប់ទេសចរបរទេសមកទស្សនា នៅក្នុងនាមជាកេរដំណែល ប្រវត្តិសាស្រ្តដែលនៅសេសសល់ពីសម័យអាណានិគមនិយមបារាំង។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍រំលឹកអំពីប្រវត្តិសាស្រ្តខ្លះៗរបស់ផ្សារធំថ្មី ដោយចាត់ទុកថា ផ្សារនេះគឺជាមោទនភាពរបស់កម្ពុជា។ លោក មានប្រសាសន៍ថា៖
«ផ្សារធំថ្មីបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ ប្រទេសកម្ពុជាក្នុងទសវត្យរ៍ទី៣០រហូតដល់៧០។ ប្រវត្តិនៃផ្សារធំថ្មីនេះ យើងត្រូវតែចងចាំ ហើយត្រូវមានមោទនភាពទាំងអស់គ្នាថា នេះជាបេតិកភណ្ឌរបស់ប្រជាជនកម្ពុជា»។
ទីក្រុងភ្នំពេញមានប្រជាពលរដ្ឋកើនដល់ជាងពីរលាននាក់នៅក្នុងពេល បច្ចុប្បន្ននេះ។ នេះបើផ្អែកទៅតាម ការប៉ាន់ប្រមាណរបស់លោកអភិបាលក្រុងភ្នំពេញកែប ជុតិមា។
ការរីកចម្រើនរបស់ក្រុងភ្នំពេញ បានធ្វើឲ្យមានការឃ្លាតឆ្ងាយពីការថែរក្សាសំណង់ចាស់ៗជាសម្បត្តិ បេតិកភណ្ឌប្រវត្តិសាស្រ្ត។ សំណង់ថ្មីបែបទំនើបបានរីកដុះដាល រីឯសំណង់បុរាណមួយចំនួនដូចជាអតីតពន្ធនាគារតេបី (T3) ត្រូវបានរំលាយចោល។
លោកគ្រី ស្យង់កុនណាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាមានប្រសាសន៍ថា ការជួសជុលអគារផ្សារធំថ្មីឡើងវិញ គឺជាសមិទ្ធិផលមួយចុងក្រោយរវាងប្រទេសបារំាងជាមួយ និងសាលាក្រុងភ្នំពេញ៕
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ ថ្ងៃពុធ, 25 ខែឧសភា 2011
រូបថត៖ AP
No comments:
Post a Comment