ដោយ សឹង សុផាត វីអូអេ ខ្មែរ | អាថេនស៍ រដ្ឋអូហៃយ៉ូ ថ្ងៃអង្គារ, 24 ខែឧសភា 2011
រូបថត៖ វីអូអេ ខ្មែរ
បណ្ឌិត ឆានី សាក់ ហាំហ្រ្វ៊ី សាស្ត្រាចារ្យភាសាខ្មែរ ធ្វើបទអត្ថាធិប្បាយអំពីការបង្រៀនភាសាខ្មែរនៅរដ្ឋហាវ៉ៃ ក្នុងអំឡុងវេទិកាខេមរសិក្សាលើកទី៣ នៅសាកលវិទ្យាល័យអូហៃយ៉ូ (Ohio University) កាលពីថ្ងៃសុក្រទី២៩ខែមេសាឆ្នាំ២០១១។ លោកស្រីស្ថិតនៅក្នុងចំណោមអ្នកចូលរួមប្រមាណ១០០នាក់ដែលបានមក ជួបប្រជុំគ្នានៅក្នុងសន្និសីទរយៈពេល២ថ្ងៃដែលកាន់តែមាន ប្រជាប្រិយភាពនេះ។
«ដោយសារតែនៅសាលាយើងមានជនជាតិខ្មែរតែ៣នាក់ទេ យើងក៏អត់ទាន់មានសមាគមនិស្សិតខ្មែរអីនៅទីនេះដែរ ដូច្នេះការបង្កើតឲ្យមានវេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូ នេះដូចជាការបើកភ្នែកឲ្យនិស្សិតអន្តរជាតិផ្សេងៗដែលនៅសាលាបាន ស្គាល់បានយល់ដឹងពីស្រុកខ្មែរ»។
ក្រោយពីបានចាប់ដំណើរការអស់រយៈពេល៣ឆ្នាំរួចមក វេទិកាខេមរសិក្សាប្រចាំឆ្នាំរបស់សាកលវិទ្យាល័យអូហៃយ៉ូ សាហរដ្ឋអាមេរិក បានវិវត្តទៅជាសន្និសីទពេញលេញមួយ។ កាលពីចុងខែមេសាកន្លងទៅនេះ មានមនុស្សប្រហែល១០០នាក់បានចូលរួមនៅក្នុងវេទិកានេះដើម្បី ពិភាក្សាគ្នាអំពីប្រធានបទនានាជាច្រើនទាក់ទងនឹងប្រទេសកម្ពុជា។
វេទិកាខេមរសិក្សាលើកទី៣នេះ បានទាក់ទាញក្រុមអ្នកចូលរួមចំនួនកាន់តែច្រើននិងមានលក្ខណៈកាន់ តែចម្រុះឡើង។ ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យអូហៃអូ នៅក្រុងអាថេនស៍ (Athens) រដ្ឋអូហៃអូ (Ohio) ពីថ្ងៃទី២៩ដល់៣០ខែមេសាឆ្នាំ២០១១កន្លងទៅនេះ។
បណ្ឌិត គ្រីស្ទីន ស៊ូ (Christine Su) ប្រធានជំនួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍នៅ សាកលវិទ្យាល័យអូហៃយ៉ូ និងជាអ្នករៀបចំវេទិកានេះមានប្រសាសន៍ប្រាប់វីអូអេខ្មែរថា វេទិកាក្នុងឆ្នាំនេះកាន់តែរីកធំឡើងពីវេទិកាដំបូងបំផុត ដែលពេលនោះមានរយៈពេលតែមួយថ្ងៃនិងគ្រាន់តែជាការជួបប្រជុំគ្នា ក្រៅផ្លូវការរវាងនិស្សិតក្រោយឧត្តមសិក្សានិងអ្នកស្រាវជ្រាវមួយ ចំនួនតូចប៉ុណ្ណោះ។
«នេះជាឆ្នាំទី៣ហើយ ហើយវេទិកាត្រូវបានពង្រីកដល់២ថ្ងៃ ហើយមិនត្រឹមតែមាននិស្សិតសាកលវិទ្យាល័យអូហៃយ៉ូប៉ុណ្ណោះទេ តែក៏មានអ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចំពោះខេមរសិក្សាមកពី ទូទាំងសហរដ្ឋអាមេរិកផង។ ម៉្លេះហើយឆ្នាំនេះ យើងឃើញមានអ្នកចូលរួមមកពីរដ្ឋហាវ៉ៃ ក្រុងបូស្តុន (Boston) ក្រុងញូវយ៉ក ពីរដ្ឋកាលីហ្វ័រញ៉ា ពីក្រុងស៊ីអេថល (Seattle) ជាដើម»។
បណ្ឌិតស៊ូនិយាយថាគោលបំណងសំខាន់បំផុតរបស់វេទិកានេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកទាំងឡាយដែលមានចំណាប់អារម្មណ៍ពិភាក្សា អំពីបញ្ហានានារបស់ខ្មែរ មិនថាបញ្ហាក្នុងប្រវត្តិសាស្ត្រឬក្នុងពេលបច្ចុប្បន្ន។ បណ្ឌិតស៊ូ មានឪពុកជាជនជាតិខ្មែរ ហើយលោកស្រីក៏មានការពេញចិត្តផ្ទាល់ខ្លួនចំពោះការណ៍ដែលបាន រៀបចំព្រឹត្តិការណ៍អំពីខ្មែរបែបនេះដែរ។
ប្រធានបទនៅក្នុងវេទិកានេះមានចម្រុះនិងប្លែកៗគ្នា រួមមានដូចជា «ឱកាសនិងមធ្យោបាយក្នុងការរៀននិងបង្រៀនភាសាខ្មែរនៅរដ្ឋហាវ៉ៃ» «ទូរស័ព្ទដៃនិងការអប់រំពីចម្ងាយនៅជនបទកម្ពុជា» និងប្រធានបទ «ស្ថានភាពរបស់អ្នកនិពន្ធខ្មែរនាពេលបច្ចុប្បន្ន» ជាដើម។ ប្រធានបទទាំងនេះត្រូវបានគេបញ្ចូលគ្នាជាប្រធានបទធំៗ សម្រាប់ការពិភាក្សាចំនួន៥ គឺ ភាសានិងអក្សរសិល្ប៍ខ្មែរ អន្តោប្រវេសន៍និងអត្តសញ្ញាណ យុត្តិធម៌និងការសះស្បើយពីរបបខ្មែរក្រហម ការអភិវឌ្ឍនិងបច្ចេកវិជ្ជានៅកម្ពុជា និងការបង្កើតវប្បធម៌នៅកម្ពុជា។
មានអ្នកចូលរួមប្រមាណ១០០នាក់នៅក្នុងវេទិការយៈពេល២ថ្ងៃនេះ។ ថ្វីបើកម្មវិធីបានប្រព្រឹត្តធ្វើឡើងនៅក្នុងទីតាំងសាកលវិទ្យាល័យ មួយក្តី ក៏វាគ្មិនមិនមែនមានត្រឹមតែជាអ្នកសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ។ ក្រៅពីនិស្សិត គ្រូបង្រៀននិងអ្នកស្រាវជ្រាវ ក៏មានវាគ្មិនជាសកម្មជនសហគមន៍ អ្នកនិពន្ធ អ្នកជំនាញនានា និងអ្នកដែលមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជាផងដែរ។
កញ្ញា ហ៊ឹម ចាន់រិទ្ធី ជាអ្នកនិពន្ធសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនពីជីវិតក្នុងរបបខ្មែរ ក្រហម ដែលទទួលបានរង្វាន់មានចំណងជើងថា «ពេលដែលអំបែងអណ្តែត»។ កញ្ញាបានធ្វើជាវាគ្មិនកិត្តិយសនៅក្នុងវេទិកានេះ។ កញ្ញានិយាយថាវេទិកានេះជាវេទិកាខេមរសិក្សាដ៏ល្អបំផុតមួយដែល កញ្ញាធ្លាប់បានចូលរួម។
កញ្ញានិយាយថា បើប្រៀបធៀបនឹងវេទិកាដទៃទៀត វេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនេះមានលក្ខណៈពិសេសដោយមាន ប្រធានបទចម្រុះនិងផ្សេងៗគ្នាច្រើន ដែលនេះអនុញ្ញាតឲ្យកញ្ញាអាចយល់ដឹងពីប្រធានបទថ្មីៗនិងជួប ជាមួយអ្នកជំនាញផ្សេងៗដែលមិនដែលជួបពីមុន។
អ្នករៀបចំអះអាងថាវេទិកានេះជាវេទិកាខេមរសិក្សាតែមួយគត់នៅ ក្នុងសហរដ្ឋអាមេរិក ហើយឆ្នាំនេះ គេក៏ឃើញមានវាគ្មិនជាជនជាតិខ្មែរ-អាមេរិកាំងចូលរួមផងដែរ។ ពួកគាត់បានពិភាក្សាអំពីបញ្ហាសំខាន់ៗដែលមាននៅក្នុងសហគមន៍ខ្មែរ អាមេរិកាំង រួមទាំងបញ្ហាការចាប់បញ្ជូនជនជាតិខ្មែរអាមេរិកាំងទៅប្រទេស កម្ពុជាវិញ។
វាគ្មិននៅក្នុងវេទិកាខេមរសិក្សានេះមិនមានត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ។
លោក ត្រេនថ៍ វ៉ឃ័រ (Trent Walker) អ្នកស្រាវជ្រាវអាមេរិកាំងម្នាក់នៅឯមជ្ឈមណ្ឌលពុទ្ធិកសិក្សានៃ សាកលវិទ្យាល័យស្ទេនហ្វដ (Stanford) រដ្ឋកាលីហ្វ័រញ៉ា និយាយថា វេទិកានេះបានលើកទឹកចិត្តដល់លោកឲ្យបន្តការស្រាវជ្រាវក្នុងផ្នែក ខេមរសិក្សា។ លោកថ្លែងប្រាប់វីអូអេខ្មែរថា៖
«កាលខ្ញុំរៀននៅ ស្ទេនហ្វដ រៀននៅកន្លែងផ្សេងៗ មានតែខ្ញុំម្នាក់ទេដែលរៀនខាងខេមរសិក្សា ក៏អ្នកផ្សេងអត់សូវអាចយល់អំពីកិច្ចការស្រាវជ្រាវរបស់ខ្ញុំ។ ក៏ប៉ុន្តែកាលណាខ្ញុំមកចូលរួមនៅទីនេះ ក៏ខ្ញុំឃើញមានមនុស្សច្រើនណាស់ ទាំងខ្មែរទាំងបរទេស ដែលមានចំណាប់អារម្មណ៍ដូចនឹងខ្ញុំដែរខាងខេមរសិក្សានេះ»។
អ្នកនាង ហឿន ង្វៀង (Huyen Nguyen) និស្សិតវៀតណាមថ្នាក់អនុបណ្ឌិតម្នាក់នៅសាកលវិទ្យាល័យអូហៃយ៉ូ បានដឹងអំពីវេទិកានេះតាមរយៈមិត្តភក្តិជាជនជាតិខ្មែរ។ នាងក៏សម្រេចចិត្តធ្វើជាវាគ្មិនពិភាក្សាអំពីប្រធានបទស្នេហានិង មនោសញ្ចេតនានៅក្នុងរឿងប្រជាប្រិយខ្មែររឿង«ទុំទាវ» និងរឿងប្រជាប្រិយវៀតណាមមួយដែលអ្នកចូលរួមខ្មែរភាគច្រើនប្រហែល មិនដែលធ្លាប់ឮពីមុនមក។ រឿងនោះមានឈ្មោះថា «រឿងនិទានផ្លែទុរេន» ដែលរៀបរាប់អំពីស្នេហារវាងស្រ្តីខ្មែរម្នាក់និងបុរសវៀតណាមម្នាក់ ក្នុងសតវត្សរ៍ទី១៨។
អ្នកនាង ហឿន ង្វៀង ដែលចេះភាសាខ្មែរខ្លះៗផងនោះ និយាយថា ក្នុងនាមជាពលរដ្ឋប្រទេសជិតខាងកម្ពុជា វេទិកានេះផ្តល់ឱកាសឲ្យអ្នកនាងបានជួបនិងរាប់អានជាមួយអ្នក ស្រាវជ្រាវខ្មែរ។
«កត្តាមួយទៀតដែលជំរុញឲ្យខ្ញុំចង់មកចូលរួមនៅក្នុងវេទិកា នេះ គឺមិត្តភាពជាមួយប្រជាជនកម្ពុជា។ ខ្ញុំចង់បង្ហាញថាខ្ញុំមានការកោតសរសើរចំពោះវប្បធម៌ខ្មែរនិងចង់ ឲ្យមានការយោគយល់គ្នារវាងប្រជាជនវៀតណាមនិងប្រជាជនកម្ពុជា។»
ក្នុងចំណោមនិស្សិតខ្មែរតែពីររូបនៅសាកលវិទ្យាល័យអូហៃយ៉ូនេះ លោក បូរី ស៊ីលីវណ្ណ បានធ្វើបទបង្ហាញជាវីដេអូភាពយន្តឯកសារអំពីអង្គការកុមារកំព្រា ឈ្មោះ «សុវណ្ណកុមារ» ដែលលោកបានផលិតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០។ លោក ស៊ីលីវណ្ណ ដែលជានិស្សិតអាហារូបករណ៍ Fulbright កំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអំពីគមនាគមន៍និង ការអភិវឌ្ឍ (communications development studies) និយាយថា វេទិកាខេមរសិក្សានេះជួយផ្សព្វផ្សាយវប្បធម៌ខ្មែរដល់មជ្ឈដ្ឋាន និស្សិតអន្តរជាតិ។
«ដោយសារតែនៅសាលាយើងមានជនជាតិខ្មែរតែ៣នាក់ទេ យើងក៏អត់ទាន់មានសមាគមនិស្សិតខ្មែរអីនៅទីនេះដែរ ដូច្នេះការបង្កើតឲ្យមានវេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូ នេះដូចជាការបើកភ្នែកឲ្យនិស្សិតអន្តរជាតិផ្សេងៗដែលនៅសាលាបាន ស្គាល់បានយល់ដឹងពីស្រុកខ្មែរ ហើយក៏ជាឱកាសមួយដែលធ្វើឲ្យខ្ញុំជាខ្មែរផ្ទាល់បានជួបខ្មែរៗ ដែលនៅអាមេរិក។»
លោក តាន់វៀរ តានីម (Tanvir R. Tanim) និស្សិតអនុបណ្ឌិតផ្នែកវិស្វកម្មមេកានិកមកពីប្រទេសបង់ក្លាដេសនិយាយ ថា លោកមានការកោតសរសើរដែលជនជាតិខ្មែរចំនួនតែពីរបីនាក់ ប៉ុណ្ណោះអាចរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងល្អ។ លោកថានៅក្នុងវេទិកានេះ រឿងរ៉ាវជីវិតរបស់កញ្ញា ហ៊ឹម ចាន់រិទ្ធី ក្នុងសម័យខ្មែរក្រហមបានធ្វើឲ្យលោករំជួលចិត្តជាខ្លាំង ព្រោះវាស្រដៀងគ្នានឹងព្រឹត្តិការណ៍ហិង្សាដ៏សោកនាដកម្មមួយនៅ ក្នុងប្រវត្តិសាស្ត្រប្រទេសរបស់លោក។
និស្សិតអាមេរិកាំង ផេច អាឡេកស៊ិស វ៉លធ័រស៍ (Paige Alexis Walters) ដែលកំពុងសិក្សាអំពីកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យអូហៃយ៉ូ ក៏រំជួលចិត្តនឹងរឿងរ៉ាវក្នុងសៀវភៅ «ពេលដែលអំបែងអណ្តែត» នេះដែរ។ នាងមកចូលរួមក្នុងបំណងមកស្តាប់អ្នកនិពន្ធ ហ៊ឹម ចាន់រិទ្ធី ក៏ប៉ុន្តែនាងបានពេញចិត្តនឹងវេទិកាទាំងមូលផងដែរ ហើយមានបំណងនឹងចូលរួមទៀតនៅឆ្នាំក្រោយ។
«ខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែនដែលបានជួបមនុស្សជាច្រើនដែល មានចំណាប់អារម្មណ៍នឹងប្រធានបទអន្តរជាតិនានា ហើយដែលពួកគាត់មានចំណេះដឹងយ៉ាងច្រើនអំពីតំបន់មួយដែលខ្ញុំមិន ធ្លាប់បានដឹងអ្វីសោះ។»
លោក ដន ដ្យេម៉ឺសាន់ (Donald Jameson) អតីតអ្នកការទូតម្នាក់នៅប្រទេសកម្ពុជាក្នុងទសវត្សរ៍១៩៧០ បានធ្វើបទអត្ថាធិប្បាយអំពីប្រធានបទ ដំណើរការអភិវឌ្ឍន៍ដ៏«រដេបរដុប»របស់ប្រទេសកម្ពុជា។ លោកនិយាយថា ថ្វីបើគេឃើញមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជា បានកើនឡើងក្នុងចំណោមមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវក្តី ក៏ចំណាប់អារម្មណ៍កម្រិតដូចគ្នានេះមិនមានឃើញក្នុងចំណោមអ្នក ធ្វើគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោនទេ លើកលែងតែចំពោះប្រធានបទខ្លះដូចជាឥទ្ធិពលប្រទេសចិននិងការ កើនឡើងនៃជម្លោះព្រំដែនកម្ពុជាថៃជាដើម។ ក៏ប៉ុន្តែលោកបញ្ជាក់ថាការណ៍នេះជាសញ្ញាល្អទៅវិញទេ ដែលបញ្ជាក់ថាប្រទេសកម្ពុជាមានស្ថិរភាពនិងសន្តិសុខល្អ។
វេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនេះ បានបញ្ចប់ទៅដោយមានបទបង្ហាញអំពីមានការធ្វើម្ហូបខ្មែរ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការសម្តែងក្បាច់គុនបុរាណខ្មែរ ដោយក្រុម«គីរីហិង្សាគុនខ្មែរ» ប្រចាំក្រុងខូឡាំប៊ឹស (Columbus) រដ្ឋអូហៃអូ ចម្ងាយប្រហែល១២០គ.ម.ពីសាកលវិទ្យាល័យអូហៃយ៉ូ។
បណ្ឌិត គ្រីស្ទីន ស៊ូ និយាយថាលោកស្រីសប្បាយចិត្តដែលវេទិកានេះបានដំណើរការដោយជោគជ័យ ហើយសង្ឃឹមថានិស្សិតខ្មែរដែលគេរំពឹងថានឹងមកសិក្សានៅ សាកលវិទ្យាល័យអូហៃយ៉ូនៅឆ្នាំក្រោយ នឹងជួយដល់ការរៀបចំវេទីកាទី៤ប្រកបដោយជោគជ័យ៕
សាកលវិទ្យាល័យអូហៃយ៉ូនឹងរៀបចំវេទិកាខេមរសិក្សាលើកទី៣
ដោយ អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ | វ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍, 28 ខែមេសា 2011
រូបថត៖ អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ
ទិដ្ឋភាពមួយនៅសាកលវិទ្យាល័យអូហៃអូ រដ្ឋអូហៃអូ សហរដ្ឋអាមេរិក។
«វេទិកាខេមរសិក្សាសំខាន់ណាស់ ពីព្រោះវេទិកានេះជាឱកាសសិក្សាអំពីកម្ពុជាជាពិសេស និយាយអំពីប្រវត្តិសាស្ត្រកម្ពុជា វប្បធម៌កម្ពុជា បញ្ហាថ្មីៗរបស់កម្ពុជា ហើយនឹងជាឱកាសសម្រាប់បុគ្គលិកសិក្សា និងសហគមន៍ដែលប្រហែលមិនបានដឹងច្រើនអំពីកម្ពុជា រៀនពីនិស្សិត និងអ្នកធ្វើបទបង្ហាញ»។
សាកលវិទ្យាល័យអូហៃយ៉ូ (Ohio University) នឹងរៀបចំវេទិកាខេមរសិក្សាលើកទី៣របស់ខ្លួននៅចុងខែមេសានេះ។ វេទិកានេះផ្តល់ឱកាសដ៏កម្រមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពី កម្ពុជាដើម្បីចែករំលែកស្នាដៃ និងការរកឃើញរបស់ខ្លួន។
វេទិកាខេមរសិក្សាលើកទី៣ នៅសាកលវិទ្យាល័យអូហៃយ៉ូផ្តល់ឱកាសឲ្យមានការពិភាក្សាអំពីបញ្ហា កម្ពុជា។ នៅក្នុងវេទិកាពីរថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ មេសានោះ អ្នកសិក្សាស្រាវជ្រាវកម្ពុជា អ្នកសិក្សាអំពីកម្ពុជា និងអ្នកចង់ដឹងអំពីកម្ពុជានឹងជួបជុំគ្នានៅសាលកវិទ្យាល័យអូហៃយ៉ូ ក្នុងទីក្រុងអាថិន (Athens) រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ដើម្បីចែករំលែកគំនិត ស្នាដៃ និងការរកឃើញរបស់ខ្លួន។
បណ្ឌិតគ្រិស្ទីន ស៊ូ (Christine Su) អ្នករៀបចំវេទិកានេះនិយាយថា វេទិកាមានអ្នកចូលរួមចម្រុះទាំងអ្នកសិក្សាស្រាវជ្រាវ និងក្រុមបញ្ញវន្ត ក៏ដូចជាអ្នកចាប់អារម្មណ៍ខាងវប្បធម៌និងសហគមន៍។
«វេទិកាខេមរសិក្សាសំខាន់ណាស់ ពីព្រោះវេទិកានេះជាឱកាសសិក្សាអំពីកម្ពុជាជាពិសេស និយាយអំពីប្រវត្តិសាស្ត្រកម្ពុជា វប្បធម៌កម្ពុជា បញ្ហាថ្មីៗរបស់កម្ពុជា ហើយនឹងជាឱកាសសម្រាប់បុគ្គលិកសិក្សា និងសហគមន៍ដែលប្រហែលមិនបានដឹងច្រើនអំពីកម្ពុជា រៀនពីនិស្សិត និងអ្នកធ្វើបទបង្ហាញ»។
បណ្ឌិត ស៊ូ ប្រាប់វីអូអេខ្មែរ តាមទូរស័ព្ទថា វេទិកានឹងមានប្រធានបទច្រើនចាប់ពីភាសាសាស្ត្រ សំណេរខ្មែរបុរាណ បញ្ហាអ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍ ភាពយន្ត ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បញ្ហាឆ្លងកាត់ព្រំដែន ការបញ្ជូនត្រឡប់ទៅប្រទេសវិញដោយបង្ខំ ការបណ្តេញចេញពីលំនៅស្ថានដោយបង្ខំ ការអភិវឌ្ឍ និងនយោបាយកម្ពុជា។
បណ្ឌិត ស៊ូ ថ្លែងថា នឹងមានការបង្ហាញក្បាច់គុណបូរាណខ្មែរល្បុក្កតោ ម្ហូបខ្មែរ និងរបាំបូរាណខ្មែរ បន្ថែមទៅលើឯកសារសិក្សាស្រាវជ្រាវ។
លោក ដន ដ្យេម៉ឺសាន់ (Don Jameson) ជាអតីតអ្នកការទូតអាមេរិក ដែលធ្វើការនៅកម្ពុជាពីឆ្នាំ ១៩៧០ ដល់ ១៩៧៤។ លោកនឹងធ្វើបទបង្ហាញកិច្ចការរបស់លោកមួយ ដែលមានចំណងជើងថា «កម្ពុជានៅលើផ្លូវរលាក់ឆ្ពោះទៅរកការអភិវឌ្ឍ»។ លោកមានប្រសាសន៍ថា វេទិកានេះបង្ហាញអំពីថាតើមានការសិក្សាស្រាវជ្រាវអំពីកម្ពុជា ប៉ុន្មាននឹងត្រូវចេញផ្សាយ។
«នៅពេលខ្ញុំទៅទីនោះនៅដើមទសវត្សរ៍១៩៧០ មានសៀវភៅប្រហែលពីរបីក្បាលអំពីកម្ពុជា។ មានតិចណាស់ដែលជាការពិបាកក្នុងការស្វែងយល់អំពីកម្ពុជា និងអ្វីដែលកើតឡើងនៅទីនោះ។ ពេលនេះ មានឯកសារស្រាវជ្រាវ និងសៀវភៅច្រើនត្រូវបានចេញផ្សាយ»។
លោកស្រី ណារិន ដ្យេម៉ឺសាន់ (Narin Jameson) អ្នកនិពន្ធសៀវភៅធ្វើម្ហូបខ្មែរ ដែលមានចំណងជើងថា «ធ្វើម្ហូបតាមរបៀបខ្មែរ» ឬ “Cooking the Cambodian Way” នឹងបង្ហាញរបៀបធ្វើម្ហូបខ្មែរនៅឯវេទិកានោះដែរ។ លោកស្រីបានប្រាប់វីអូអេខ្មែរថា ម្ហូបគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។
«ម្ហូបក៏ជាវប្បធម៌ខ្មែរមួយដែរ។ ម្លោះហើយយើងគួរតែបង្ហាញម្ហូបខ្មែរយើងឲ្យគេស្គាល់។ ការបង្ហាញម្ហូបខ្មែរហ្នឹងមានប្រយោជន៍ណាស់ចា៎ ពីព្រោះដើម្បីឲ្យគេស្គាល់ខ្នែរយើងឡើង ព្រោះអីម្ហូបគឺជារឿងមួយសំខាន់ក្នុងជីវិត មនុស្ស»។
អ្នករៀបចំវេទិកាខេមរសិក្សានៃសាកលវិទ្យាល័យអូហៃយ៉ូ ថ្លែងថា វេទិកាទី១ និងទី២ បានទទួលជោគជ័យ ដូច្នេះពួកគេចង់ធ្វើឲ្យវេទិកាខេមរសិក្សានេះក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំ៕
អ្នកនិពន្ធខ្មែរតាំងចិត្តបន្តការសរសេរទោះបីប្រឈមនឹងការលំបាក
ដោយ អ៊ឹម សុធារិទ្ វីអូអេ ខ្មែរ | ប្រូវីដិនស៍ រដ្ឋរ៉ូដអាយឡិនដ៍ ស.រ.អ. ថ្ងៃច័ន្ទ, 21 ខែមិនា 2011
រូបថត៖ អ៊ឹម សុទ្ធារិទ្ធ វីអូអេ ខ្មែរ
អ្នកនិពន្ធខ្មែរមួយក្រុមជាភ្ញៀវ សំខាន់នៅក្នុងកម្មវិធីមហោស្រពនិពន្ធរយៈពេល៤ថ្ងៃមួយកាលពី សប្តាហ៍មុន នៅសាកលវិទ្យាល័យប្រោន នាក្រុងប្រូវីដិនស៍ រដ្ឋរ៉ូដអាយឡិនដ៍ សហរដ្ឋអាមេរិក។
«ខ្ញុំគ្រាន់តែជាអ្នកសរសេរម្នាក់តើ។ បាទ ខ្ញុំសរសេរតាមបែបរបស់ខ្ញុំ។ ខ្ញុំមើលឃើញបញ្ហាក្នុងសង្គមខ្ញុំសរសេរ»។
អ្នកនិពន្ធកម្ពុជាមួយក្រុមបានប្តេជ្ញាបន្តការតែងនិពន្ធរបស់ ខ្លួនទោះបីជាប្រឈមនឹងការគំរាមកំហែង និងផលវិបាកសេដ្ឋកិច្ចក៏ដោយ។ នេះគឺជាអ្វីដែលអ្នកនិពន្ធកម្ពុជាបានប្រាប់អ្នកចូលរួមក្នុង មហោស្រពសេរីភាពតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិដែលត្រូវបានប្រារព្ធ ឡើងនៅសាកលវិទ្យាល័យប្រោន (Brown University) ក្នុងទីក្រុងប្រូវីដិនស៍ (Providence) រដ្ឋ រ៉ូដអាយឡិនដ៍ (Rhode Island) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ដល់១៧ខែមិនាឆ្នាំ២០១១។
លោក ខូ តារាឫទ្ធិ ដែលជាអ្នកទទួលបានអាហារូបករណ៍នៃកម្មវិធីអ្នកនិពន្ធអន្តរជាតិ នៃសាកលវិទ្យាល័យប្រោនថ្លែងថា ផលវិបាកដែលលោកជួបប្រទះនឹងមិនអាចបញ្ឈប់លោកពីការសរសេរបញ្ចេញ គំនិតរបស់លោកស្តីអំពីបញ្ហាសង្គមបច្ចុប្បន្នកម្ពុជាទេ។
«បើយើងដុះមកជាឈូកហើយ យើងមិនអាចប្រែក្លាយជាអ្វីផ្សេងទៀតទេ។ វាមានសារជាតិពីកំណើតរបស់យើងតែម្តងថាយើងនឹងធ្វើអញ្ចឹង។ ខ្ញុំក៏មិនមែនជាអ្នកដែលត្រូវប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ ទាំងឡាយដោយសារតែមុខរបរទាំងហ្នឹងដែរ ព្រោះខ្ញុំអត់មានកាន់អាវុធណា៎។ ខ្ញុំអត់មានទៅលួចទៅប្លន់គេណា៎។ ខ្ញុំគ្រាន់តែជាអ្នកសរសេរម្នាក់តើ។ បាទ ខ្ញុំសរសេរតាមបែបរបស់ខ្ញុំ។ ខ្ញុំមើលឃើញបញ្ហាក្នុងសង្គមខ្ញុំសរសេរ»។
ដូចគ្នានេះដែរ លោកស្រី ខាថឺរីន ហ្វ៊ីលូក្ស (Catherine Filloux) អ្នកនិពន្ធល្ខោនអំពីកម្ពុជា និងជាជនជាតិអាមេរិកដើមកំណើតបារាំង បានប្រាប់វីអូអេខ្មែរនៅឯមហោស្រពសេរីភាពក្នុងការតែងនិពន្ធ អក្សរសិល្ប៍អន្តរជាតិ ថាកម្ពុជាមានប្រពៃណី និងកេរដំណែលសិល្បៈធំធេងណាស់ ហើយថាប្រជាពលរដ្ឋខ្មែរ គឺមានគំនិតសិល្បៈ និងជាអ្នកសិល្បៈដ៏អស្ចារ្យ ដែលគេអាចមើលឃើញភស្តុតាងជាច្រើននៅអង្គរវត្ត នៅក្នុងស្ថាបត្យកម្មរបស់គេ និងនៅក្នុងគ្រប់ទម្រង់នៃសិល្បៈរបស់គេទាំងអស់។
«ខ្ញុំយល់ថា មានមនុស្សដូចជា ម៉ម សុខលី ឈុន ស៊ីណា អៀង ស៊ីធុល និងខូ តារាឫទ្ធិ ដែលត្រូវបន្តកិច្ចការសិល្បៈរបស់ខ្លួន គឺមិនត្រឹមតែជាចំណង់របស់គេប៉ុណ្ណោះទេ តែខ្ញុំជឿថា គេមានជំនឿថា នេះគឺជាបេសកម្មរបស់គេ ក្នុងការបន្តកេរដំណែលរបស់គ្រូរបស់គេ។ ខ្ញុំយើងថា កត្តានេះគឺជាថាមពលជំរុញឲ្យពួកគេបន្តកិច្ចការរបស់ពួកគេ ទោះបីជាមានស្ថានភាពដ៏លំបាក និងមានផលវិបាកខាងសេដ្ឋកិច្ចក្នុងជីវិតជាអ្នកសិល្បៈក៏ដោយ»។
កម្មវិធីសេរីភាពនៃការសរសេរ នៃសាកលវិទ្យាល័យប្រោន បានចាប់ផ្តើមឡើងកាលពី២០ឆ្នាំកន្លងមក ក្រោយពីមានការសម្លាប់រង្គាលនៅទីលានធាណាមេន (Tiananmen Square)។ នេះបើតាមសម្តីរបស់លោក រ៉ូប៊ើត ឃូវ័រ (Robert Coover) ដែលជាសាស្ត្រាចារ្យនៃកម្មវិធីសិល្បៈអក្សរសិល្ប៍ នៅសាកលវិទ្យាល័យប្រោន។
សាស្ត្រាចារ្យ រ៉ូប៊ើត ឃូវ័រ មានប្រសាសន៍ថា គំនិតនៃការបង្កើតកម្មវិធីនេះគឺក្នុងគោលបំណង នាំយកអ្នកនិពន្ធទាំងឡាយដែលមានបញ្ហានៅក្នុងប្រទេសកំណើតរបស់ ខ្លួន ឬប្រឈមនឹងការគំរាមកំហែង ឬជាប់ពន្ធនាគារ។ កម្មវិធីផ្តល់អាហារូបករណ៍ដល់អ្នកនិពន្ធ។ អ្នកនិពន្ធទី១ ដែលទទួលបានអាហារូបករណ៍គឺមកពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែឆ្នាំនេះ កម្មវិធីផ្តល់អាហារូបករណ៍ឲ្យអ្នកនិពន្ធខ្មែរម្នាក់គឺ លោក ខូ តារាឫទ្ធិ ដែលបានសរសេរកំណាព្យ ប្រលោមលោករឿងខ្លីៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងតថភាព និងបញ្ហាសង្គមនានាដែលមាននៅកម្ពុជា។
ដោយមានវត្តមានរបស់លោក ខូ តារាឫទ្ធិ សាស្រា្តចារ្យឃូវ័រ មានប្រសាសន៍ថា វាអាចមានប្រយោជន៍ច្រើនក្នុងការរៀបចំមហោស្រពសេរីភាពតែងនិពន្ធ អក្សរសិល្ប៍អន្តរជាតិ ស្តីពីការជំរុញឲ្យមានសំឡេងខ្មែរ ដែលមហោស្រពនេះផ្តោតជាពិសេសទៅលើស្ថានភាពតែងនិពន្ធនៅកម្ពុជា និងក្នុងតំបន់។ មហោស្រពចាប់ផ្តើមដោយផ្តោតទៅលើបញ្ហានៅក្នុងពិភពលោក ហើយបង្វែរទិសដៅទៅលើទំនាក់ទំនងប្រវត្តិសាស្រ្តរវាងអាមេរិក កម្ពុជា និងវៀតណាម។ ប្រធានបទនេះបានទាក់ទាញកវីកំណាព្យ និងអ្នកនិពន្ធវៀតណាមមួយចំនួន អតីតទាហានអាមេរិកក្នុងសង្គ្រាមវៀតណាម ដែលជាអ្នកនិពន្ធ។ ថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃចុងក្រោយគឺផ្តោតទៅលើកម្ពុជាពេញមួយ ថ្ងៃ។
អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ
លោក ខូ តារាឫទ្ធិ អាយុ៣៨ឆ្នាំ ជាអ្នកសិក្សាស្រាវជ្រាវខ្មែរដែលបានទទួលអាហារូបករណ៍ក្នុង កម្មវិធីអ្នកនិពន្ធអន្តរជាតិនៃសាកលវិទ្យាល័យប្រោន សហរដ្ឋអាមេរិក ប្រចាំឆ្នាំសិក្សា២០១០-២០១១។
លោក ខូ តារាឫទ្ធិត្រូវបានជ្រើសរើសចេញពីបេក្ខជនឧទ្ទេសនាមរាប់រយនាក់ សម្រាប់កម្មវិធីនេះ។ យោងតាមសាស្រ្តាចារ្យ ឃូវ័រ បេក្ខភាពរបស់លោកខូ តារាឫទ្ធិ មានការទាក់ទាញពីព្រោះប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ជាពិសេសសហគមន៍សាកលវិទ្យាល័យប្រោន មានការយល់ដឹងតិចតួចបំផុតអំពីអក្សរសិល្ប៍កម្ពុជា ហើយជំនាន់លោកខូ តារាឫទ្ធិគឺជាជំនាន់ថ្មី ដែលតំណាងឲ្យការងើបឡើងថ្មីនៃអ្នកសិល្បៈ និងអ្នកនិពន្ធ។ ដូច្នេះវាជាការសំខាន់ក្នុងការយកគាត់មកសិក្សាស្រាវជា្រវនេះ។ សាស្រ្តាចារ្យ ឃូវ័រមានប្រសាសន៍ថា៖
«វាជាការល្អប្រសិនបើអ្នកអាចរកបានបេក្ខជនដែលមានសមត្ថភាពពី តំបន់ដែលសាកលវិទ្យាល័យមិនទាន់បានយកចិត្តទុកដាក់។ ហើយជាការពិតណាស់ថា យើងគ្មានកម្មវិធីស្តីអំពីកម្ពុជា ឬវៀតណាមទេ។ យើងមានសហគមន៍កម្ពុជាដ៏ធំនៅទីនេះ។ អ្នកដឹងទេ គេគិតថា សាកលវិទ្យាល័យប្រោន គឺនៅកន្លែងមួយក្នុងពិភពផ្សេងទៀត។ ដោយមានអ្វីមួយដែលអាចទាក់ទាញគេឲ្យមកចូលក្នុងបរិវេណ សាកលវិទ្យាល័យ ហើយទាក់ទាញគេឲ្យចូលមក ហើយការណ៍ដែលបង្កើតសហគមន៍ជាមួយមនុស្សទាំងនេះ គឺពិតជាទិដ្ឋភាពដ៏មានតម្លៃដែលកើតចេញពីអ្វីដែលយើងកំពុង ព្យាយាមធ្វើ»។
អ្នកស្រីឌ្យូឌីធ កាតាន (Judith Katan) ដែលបើកពីរដ្ឋខូណិកទីខាត់ (Connecticut) ដើម្បីមកចូលរួមក្នុងមហោស្រពនេះ បានប្រាប់វីអូអេ ខ្មែរថា ការពិភាក្សាគឺពេញដោយគំនិត និងព័ត៌មាន អំពីបទពិសោធរបស់មនុស្ស អំពីអ្វីដែលកំពុងកើតឡើងចំពោះសិល្បៈរបស់គេ អំពីពិភពប្រកបដោយការឆ្នៃប្រឌិតរបស់គេ អំពីជីវិតប្រកបដោយឆ្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងសង្គមរបស់គេនៅសហរដ្ឋអាមេរិក។ លោកស្រីកាតានបន្តថា៖
«ខ្ញុំពិតជាយល់ថា អ្វីៗគ្រប់យ៉ាងពិតជាធ្វើឲ្យរំជួលចិត្តខ្លាំងណាស់។ ពិតណាស់ថា ការស្តាប់រឿងរ៉ាវរបស់មនុស្សតែងតែធ្វើឲ្យយើងរៀន និងយល់ដឹងថែមទៀត។ ដូច្នេះខ្ញុំរៀនបានច្រើន ពីការស្តាប់រឿងរបស់គេ។ វាគ្មិនម្នាក់ៗមានរឿងដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកដឹងទេ ខ្ញុំមិនអាចនិយាយសង្ខេបឲ្យបានគ្រប់គ្រាន់អំពីអ្វីដែលខ្ញុំបាន រៀននោះទេ ប៉ុន្តែការតស៊ូទាំងឡាយដែលនៅតែត្រូវបានបន្តនៅកម្ពុជា សម្រាប់អ្នកដែលព្យាយាមទទួលព័ត៌មាន និងផលិតព័ត៌មាន។ ខ្ញុំដឹងអំពីរឿងនេះពីព័ត៌មាន ប៉ុន្តែការណ៍ដែលបានស្តាប់អ្នកបានប្រាប់អំពីរឿងនេះដោយផ្ទាល់គឺ ពិតជារំជូលចិត្ត និងក្រៀមក្រំណាស់»។
តារាហ៊ីបហប់ ខ្មែរអាមេរិកប្រាជ្ញ លី គឺជាវាគ្មិនម្នាក់ក្នុងមហោស្រពសេរីភាពក្នុងការតែងនិពន្ធ អក្សរសិល្ប៍អន្តរជាតិនេះ។ លោក ប្រាជ្ញ លី ដែលរស់នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ថ្លែងថា វាជាកិត្តិយសណាស់ដែលលោកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រព នេះ ដែលបានផ្តល់ឱកាសលោកបានទាក់ទងអ្នកនិពន្ធកម្ពុជាផ្សេងៗទៀត។ លោកប្រាជ្ញ លី ថ្លែងថា៖
«ខ្ញុំពេញចិត្តណាស់ ពីព្រោះខ្ញុំអាចភ្ជាប់បណ្តាញ និងបានឃើញអ្នកទាំងនេះមានទិសដៅដូចខ្ញុំដែរ ហើយព្យាយាមធ្វើឲ្យមានការផ្លាស់ប្តូរ និងធ្វើសេចក្តីថ្លែងការណ៍ ដូចលោក តារារិទ្ធ ជាដើម។ គាត់ដាក់ជីវិតគាត់នៅក្នុងគ្រោះថ្នាក់ ដោយនិយាយចេញមកនូវអ្វីដែលគាត់ចង់និយាយ។ គា្រន់តែមួយសប្តាហ៍នេះ គាត់ក្លាយជាវិរបុរសរបស់ខ្ញុំ។ ខ្ញុំក៏បានប្រាប់គាត់ដែរ ថា អ្វីដែលគាត់និយាយគឺជាពិតជាអ្វីដែលខ្ញុំកំពុងធ្វើ អ្នកដឹងទេ យើងមិនឯកោនោះទេ។ យើងមិនឯកោក្នុងការប្រយុទ្ធនោះទេ»។
នៅពេលដែលសួរថា តើតន្រ្តីរបស់គាត់ផ្តល់វិភាគទានទេចំពោះការផ្លាស់ប្តូរនៅក្នុង សង្គមកម្ពុជា លោកបា្រជ្ញ លី និយាយថា គាត់ដឹងថា ប្រជាពលរដ្ឋស្តាប់ចម្រៀងរបស់គាត់។ ចម្រៀងរបស់គាត់មានការប៉ះពាល់ដល់អារម្មណ៍របស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែលគាត់ព្យាយាមធ្វើគឺលើកឡើងពីបញ្ហាសង្គម។ លោក ប្រាជ្ញ លីបន្តថា ប្រសិនបើរដ្ឋាភិបាលនិយាយថា ខ្ញួនហាមប្រាមចម្រៀងរបស់គាត់ គឺមានន័យថា ចម្រៀងរបស់គាត់គឺត្រូវបានរិតត្បិត ហើយរដ្ឋាភិបាលមានអារម្មណ៍ថា តន្រ្តីរបស់គាត់គឺជាការគំរាមមួយដល់ខ្លួន ពីព្រោះប្រជាពលរដ្ឋស្តាប់វា។ លោកប្រាជ្ញ បន្តទៀតថា៖
«វាពិតជាមានផលប៉ះពាល់ក្នុងទម្រង់ណាមួយ និងមធ្យោបាយណាមួយ ប៉ុន្តែខ្ញំមិនដឹកនាំគេទេ។ ខ្ញុំមិននិយាយថា យើងគួរធ្វើនេះ យើងគួរធ្វើនោះទេ។ ខ្ញុំនិយាយថា នេះគឺជាបញ្ហា។ យើងត្រូវការដំណោះស្រាយសម្រាប់បញ្ហានេះ។ ខ្ញុំមិនមែនជាអ្នកនយោបាយទេ។ ខ្ញុំគឺជាតន្រ្តីករ។ ខ្ញុំជាសិល្បៈករ។ ដូច្នេះខ្ញុំនឹងមិនបញ្ជាថាគួរធ្វើយ៉ាងនេះ យើងគួធ្វើយ៉ាងនោះទេ។ វាមិនមែនជាកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំមិនមែនត្រូវគេបោះឆ្នោតឲ្យធ្វើដូច្នេះទេ»។
មហោស្រពសេរីភាពក្នុងការតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិត្រុវបាន បញ្ចប់ទៅដោយមានការអានស្នាដៃផ្ទាល់ ដោយកវីប្រលោមលោក ដ្យេហ្វ រ៉ៃមិន (Geoff Ryman) អ្នកនិពន្ធប្រលោមលោកបែបវិទ្យាសាស្ត្រ បែបគំនិតស្រមើស្រមៃ និងបែបមនោគតិនិយម ហើយជាអ្នកនិពន្ធសៀវភៅមួយដែលមានចំណងជើងថា ចម្រៀងចុងក្រោយរបស់ព្រះរាជា (the King's Last Song) ហើយបន្ទាប់មកមានលោកប្រាជ្ញ លី និងក្រុមតន្ត្រីរបស់លោកសម្តែង និងប្រគុំតន្ត្រី រែប និងហ៊ីបហប់ ដែលជាតន្រ្តីសម្រាប់យុវវ័យ ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ៕
សាស្ត្រាចារ្យខ្មែរម្នាក់ទទួលបានរង្វាន់កិត្តិយសពីសាកលវិទ្យាល័យស.រ.អ.
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន ថ្ងៃសុក្រ, 03 ខែកញ្ញា 2010
រូបថត៖ ឆាន្នី សាក់ហាំហ្រ្វី
សាស្ត្រាចារ្យភាសាខ្មែរ អ្នកស្រី ឆាន្នី សាក់ហាំហ្វ្រី ទទួលបានពានរង្វាន់ពីសាកលវិទ្យាល័យហាវ៉ៃ។
«ខ្ញុំស្ញើបចិត្តខ្លួនឯង។ ខ្ញុំមិនសង្ឃឹមថា គេទទួលស្គាល់យើងបានប៉ុណ្ណឹងទេ ព្រោះខ្ញុំបានធ្វើការស្ម័គ្រចិត្តបង្រៀនហ្នឹងវា៣០ឆ្នាំជាង ហើយ។ គេឲ្យប្រាក់ខែក៏ខ្ញុំបង្រៀន គេមិនឲ្យក៏ខ្ញុំបង្រៀន។ វាមិនជាសំខាន់ទេ។ ក៏ប៉ុន្តែដោយឃើញថា គេលើកស្ទួយអញ្ចឹង។ គេឲ្យរង្វាន់អញ្ចឹង ខ្ញុំនឹងមានចិត្តតទៅទៀត និងជួយភាសាខ្មែរយើងហ្នឹងឲ្យបានតទៅមុខទៀត។ អាហ្នឹងគឺថា បើយើងខំប៉ុណ្ណឹង គេសុំសរសើរយើងប៉ុណ្ណឹង។ យើងត្រូវខំតទៅទៀតដើម្បីឲ្យអ្នកដ៏ទៃទៀតគ្នាមាន លទ្ធភាពបង្រៀនភាសាខ្មែរយើងនៅសាកលវិទ្យាល័យផ្សេងៗ»។
សាស្ត្រាចារ្យខ្មែរម្នាក់ទទួលបានរង្វាន់កិត្តិយសដ៏ល្បីល្បាញពីបណ្តាសាកលវិទ្យាល័យសហរដ្ឋអាមេរិក។
សាស្ត្រាចារ្យខ្មែរម្នាក់គឺអ្នកស្រីបណ្ឌិត ឆាន្នី សាក់ហាំហ្វ្រី ទទួលបានរង្វាន់កិត្តិយសដ៏ល្បីល្បាញពីគណៈគ្រប់គ្រងសាកល វិទ្យាល័យរដ្ឋហាវ៉ៃ ចំពោះការដែលអ្នកស្រីបានរៀបចំកម្មវិធីបង្រៀនភាសាខ្មែរបានល្អ ដល់និស្សិតមកពីបណ្តាប្រទេសនិងរដ្ឋផ្សេងៗ នេះបើតាមការអះអាងរបស់លោក John Mayer នាយកការិយាល័យផ្នែកភាសានិងអក្សរសាស្រ្តតំបន់ប៉ាស៊ីហ្វិក-ឥណ្ឌូចិន របស់សាកលវិទ្យាល័យហាវ៉ៃ កោះManoa។
«កិច្ចការទាំងអស់របស់អ្នកស្រីឆាន្នី សាក់ហាំហ្រ្វី ទាក់ទងនឹងភាសាខ្មែរដែលអ្នកស្រីចំណាយពេលជាង២០ ឬ២៥ឆ្នាំនេះ បានបង្កើតជាកម្មវិធីដ៏ល្អឥតខ្ចោះបំផុតក្នុងស.រ.អ.»។
លោកថ្លែងប្រាប់ VOA ផ្នែកខេមរភាសាតាមទូរស័ព្ទយ៉ាងដូច្នេះ ដោយយោងថា អ្នកស្រីសាក់ហាំហ្រ្វីបានបង្កើតកម្មវិធីបង្រៀនភាសាខ្មែរជា សៀវភៅនិងថាស CD ហើយនិងបញ្ចូលកម្មវិធីក្នុងប្រព័ន្ធអេឡិចត្រូនិក internet ដើម្បីឲ្យអ្នករស់នៅកន្លែងផ្សេងៗ អាចរៀនភាសាខ្មែរបាន។
អ្នកស្រី ឆាន្នី សាក់ហាំហ្រី្វ ជនជាតិខ្មែរអាមេរិកាំងអាយុ៥៧ឆ្នាំ រស់នៅក្នុងរដ្ឋហាវ៉ៃមានកូន២នាក់ បានមករស់នៅប្រទេសអាមេរិកតាំងពីឆ្នាំ១៩៧២ ក្រោយពីទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យ East West Center ហើយអ្នកស្រីជាសាស្ត្រាចារ្យភាសាខ្មែរនៅសាកលវិទ្យាល័យ Hawaii University កោះManoa ជាច្រើនឆ្នាំហើយ មុនពេលអ្នកស្រីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសអាមេរិក ផ្នែកភាសាសាស្ត្រ។ អ្នកស្រីបណ្ឌិតឆាន្នី សាក់ហាំហ្រី្វទទួលបានរង្វាន់ Regents’ Medal For Excellence in Teaching ឬជារង្វាន់មេដាយដ៏ឆ្នើមក្នុងការបង្រៀន ពីគណៈអភិបាលគ្រប់គ្រងសាកលវិទ្យាល័យទាំងអស់ក្នុងរដ្ឋហាវ៉ៃ ប្រចាំឆ្នាំ២០០៨ និងឆ្នាំ២០០៩។ អ្នកស្រីថ្លែងថា៖
«ខ្ញុំស្ញើបចិត្តខ្លួនឯង។ ខ្ញុំមិនសង្ឃឹមថា គេទទួលស្គាល់យើងបានប៉ុណ្ណឹងទេ ព្រោះខ្ញុំបានធ្វើការស្ម័គ្រចិត្តបង្រៀនហ្នឹងវា៣០ឆ្នាំជាង ហើយ។ គេឲ្យប្រាក់ខែក៏ខ្ញុំបង្រៀន គេមិនឲ្យក៏ខ្ញុំបង្រៀន។ វាមិនជាសំខាន់ទេ។ ក៏ប៉ុន្តែដោយឃើញថា គេលើកស្ទួយអញ្ចឹង។ គេឲ្យរង្វាន់អញ្ចឹង ខ្ញុំនឹងមានចិត្តតទៅទៀត និងជួយភាសាខ្មែរយើងហ្នឹងឲ្យបានតទៅមុខទៀត។ អាហ្នឹងគឺថា បើយើងខំប៉ុណ្ណឹង គេសុំសរសើរយើងប៉ុណ្ណឹង។ យើងត្រូវខំតទៅទៀតដើម្បីឲ្យអ្នកដ៏ទៃទៀតគ្នាមាន លទ្ធភាពបង្រៀនភាសាខ្មែរយើងនៅសាកលវិទ្យាល័យផ្សេងៗ»។
ក្រោយពីមានការត្រួតពិនិត្យស្នាដៃ សម្ភារៈ ភស្តុតាងនានា គណៈអភិបាលសាកលវិទ្យាល័យបានផ្តល់រង្វាន់ដ៏ឆ្នើមនេះតាមការជ្រើស រើសចេញពីការប្រកួតប្រជែងជាមួយសាស្ត្រាចារ្យភាសារបស់ប្រទេស ផ្សេងៗទៀត ដូចជាថៃ ឡាវ ភីលីពីន និងភាសាផ្សេងៗទៀតក្នុងតំបន់អាស៊ីអគ្នេយ៍ដែលមានកម្មវិធីបង្រៀន ក្នុងសាកលវិទ្យាល័យហាវ៉ៃផងនោះ។
កម្មវិធីបង្រៀនភាសាដល់និស្សិតបរទេស និសិ្សតអាមេរិកាំង និស្សិតខ្មែរអាមេរិកាំងដែលមិនចេះភាសាខ្មែរ មាន៤វគ្គ ដែលត្រូវរៀនពីស្រះ ព្យញ្ជនៈ ហើយរៀនប្រកបពាក្យផ្សំ ពាក្យនិយាយសន្ទនា ស្តាប់ រៀនវេយ្យករណ៍ រៀនសរសេរសាកល្បងពីអ្វីមួយ និងរៀនពីកម្មវិធីផ្សេងៗទៀត។ អត្តបទភាសាខ្មែររបស់ VOA ផ្នែកខេមរភាសា និងសេចក្តីរាយការណ៍ជាសំឡេងក៏ត្រូវជ្រើសរើសយកមកចាក់ផ្សាយឲ្យ សិស្សស្តាប់ដែរ នេះបើតាមការអះអាងបន្ថែមរបស់អ្នកស្រីឆាន្នី សាក់ហាំហ្វ្រី ដែលបានបន្ថែមថា និស្សិតត្រូវចំណាយពេលរៀន៤ឆ្នាំ ទើបទទួលបានសញ្ញាប័ត្របញ្ជាក់ការសិក្សា ហើយពេលបញ្ចប់នោះអាចចេះស្ទាត់ ប្រើការបានទាំងសរសេរ ស្តាប់ និងនិយាយ។
លោកស្រីបានអះអាងដែរថា មាននិស្សិតប្រមាណមួយពាន់នាក់ហើយដែលបាន រៀនជាមួយអ្នកស្រី ហើយមួយចំនួនទៅបម្រើការងារក្នុងប្រទេសកម្ពុជា ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ ជាដើម ហើយជាទូទៅមាននិស្សិតយ៉ាងតិច៣០នាក់ដែលរៀនភាសាខ្មែរក្នុងមួយ ត្រីមាស។
កញ្ញា Mariko Miyahiya អាយុ២៤ឆ្នាំ មកពីប្រទេសជប៉ុន ជានិស្សិតអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii University។ នាងជាសិស្សផ្នែកភាសាខ្មែររបស់សាស្រ្តាចារ្យ Channy Sak Humphry។ នាងបានរៀនភាសាខ្មែរមួយឆ្នាំហើយ។ នាងបាននិយាយសន្ទនាជាភាសាខ្មែរប្រាប់ VOA តាមទូរស័ព្ទពីរដ្ឋហាវ៉ៃ មកថា នាងរៀនភាសាខ្មែរ ព្រោះនាងមានមិត្តភ័ក្រខ្មែរច្រើន។ នាងចង់ជជែកលេង និងចង់ទៅធ្វើការនៅស្រុកខ្មែរក្នុងថ្ងៃអនាគត។
«ខ្ញុំចង់រៀនទៀតដើម្បីនិយាយលេងជាមួយគេទៀត ហើយខ្ញុំចង់ធ្វើការនៅស្រុកខ្មែរ នៅអង្គការដែរ»។
នៅពេលសួរថា តើនាងបានរៀនប៉ុន្មានឆ្នាំហើយ ចេះអ្វីខ្លះហើយមកដល់ពេលនេះ? នាង Mariko បានថ្លែងជាភាសាខ្មែរតបមកវិញភ្លាមៗថា «ខ្ញុំរៀនភាសាខ្មែរបានមួយឆ្នាំហើយ ហើយខ្ញុំរំពឹងថា នឹងទៅរៀនមួយឆ្នាំទៀត»។
នាងក៏បានថ្លែងដែរថា នាងឧស្សាហ៍ស្តាប់ VOA ខេមរភាសាដែរដើម្បីបង្កើនចំណេះដឹងភាសាខ្មែររបស់នាង។
អ្នកស្រី Channy Sak Humphry ដែលអះអាងពីការឆ្លៀតបង្រៀនតាម Internet ដោយអត់គិតថ្លៃនៅពេលទំនេរនោះ បានបន្ថែមថា អ្នកស្រីចង់ឲ្យកម្មវិធីរបស់អ្នកស្រីផ្នែកភាសាខ្មែរនេះបង្រៀន នៅតាមសាកលវិទ្យាល័យក្នុងប្រទេសអាមេរិកឲ្យបានច្រើន។
«ខ្ញុំចូលចិត្តបង្រៀន ព្រោះខ្ញុំចង់ឲ្យមនុស្សជាទូទៅ និស្សិតនិងមនុស្សធម្មតា មិនមែនថាតែនិស្សិតសុទ្ធទេ ចេះដឹងអំពីភាសាខ្ញុំ។ ភាសាខ្មែរយើងយល់ច្បាស់អំពីអក្សរសាស្ត្រ ភាសាសាស្ត្រ និងវប្បធម៌ខ្មែរយើង»។
អ្នកស្រីបានថ្លែងថា នេះជាអ្វីដែលអ្នកស្រីអាចរួមចំណែកជួយប្រទេសកម្ពុជា ពីចម្ងាយ៕
អង្គការរូមធូរីដជំរុញការបោះពុម្ពសៀវភៅកុមារ
ដោយ ពេជ្រ សំណាង វី អូ អេ ខ្មែរ | ភ្នំពេញ ថ្ងៃសុក្រ, 16 ខែកក្កដា 2010
«ការសិក្សារបស់យើង បើយើងប្រៀបធៀបក្នុងតំបន់ យើងនៅមានការទន់ខ្សោយច្រើន ហើយមួយចំណែកនៃការខ្វះខាតនេះ វាផ្សារភ្ជាប់ទៅនឹងកង្វះខាតសៀវភៅសម្រាប់អាន អញ្ចឹងហើយបានជាយើងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនេះ ដើម្បីធ្វើយ៉ាងណាឲ្យសៀវភៅសម្រាប់បម្រើឲ្យការអានរបស់ក្មេង ហ្នឹង វាមានលក្ខណៈសម្បូរបែប»។
ភ្នំពេញ៖ អង្គការរូមធូរីដ (Room To Read )កម្ពុជា ដែលមានទីស្នាក់ការធំនៅក្នុងសហរដ្ឋអាមេរិក បានបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធ និងអ្នកគូររូបភាពវ័យក្មេង និងអ្នកអាជីពសរុបចំនួន៣១នាក់ កាលពីថ្ងៃអង្គារ ប្រយោជន៍ដើម្បីឲ្យអ្នកនិពន្ធ និងវិចិត្រករទាំងនេះសរសេររឿង និងគូររូបគំនូរសម្រាប់សៀវភៅអានរបស់កុមារ។
វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល៥ថ្ងៃក្នុងទីក្រុងភ្នំពេញ ត្រូវធ្វើឡើងក្នុងគោលបំណងជួយជំរុញឲ្យមានការផលិតនិងបោះពុម្ព ផ្សាយបន្ថែមទៀតនូវសៀវភៅអាន និងសៀវភៅរឿងរូបភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកកាន់ កាល់ នាយកប្រចាំប្រទេសនៃអង្គការ រូមធូរីដកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅខ្វះខាតយ៉ាងច្រើននូវសៀវភៅ និងសម្ភារៈបម្រើដល់ការសិក្សាផ្សេងៗសម្រាប់កុមារ ដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលធនធានអ្នកនិពន្ធ និងអ្នកគូររូបភាពសៀវភៅរឿងសម្រាប់កុមារនេះឡើង។ លោកថ្លែងដូច្នេះថា៖
«ការសិក្សារបស់យើង បើយើងប្រៀបធៀបក្នុងតំបន់ យើងនៅមានការទន់ខ្សោយច្រើន ហើយមួយចំណែកនៃការខ្វះខាតនេះ វាផ្សារភ្ជាប់ទៅនឹងកង្វះខាតសៀវភៅសម្រាប់អាន អញ្ចឹងហើយបានជាយើងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនេះ ដើម្បីធ្វើយ៉ាងណាឲ្យសៀវភៅសម្រាប់បម្រើឲ្យការអានរបស់ក្មេង ហ្នឹង វាមានលក្ខណៈសម្បូរបែប»។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា កុមារភាគច្រើនសិក្សា ឬអានតែតាមសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និង កីឡាប៉ុណ្ណោះ ដោយសារតែកង្វះខាតសៀវភៅអំណានបន្ថែម និងសៀវភៅរឿងរូបភាពផ្សេងៗសម្រាប់កុមារនៅក្នុងថ្នាក់បឋមសិក្សា។
សៀវភៅ ឬសម្ភារៈបម្រើដល់ការសិក្សាផ្សេងទៀតសម្រាប់កុមារ ដែលមានស្រាប់ភាគច្រើនត្រូវនាំចូលពីបរទេស និងសរសេរជាភាសាបរទេសសម្រាប់លក់នៅលើទីផ្សារ ក៏ប៉ុន្តែមានគ្រួសារខ្មែរតិចតួចប៉ុណ្ណោះ ដែលមានលទ្ធភាពទិញសៀវភៅ និងសម្ភារៈទាំងនេះសម្រាប់កូនៗរបស់ពួកគេ។
លោកកាន់ កាល់ នាយកអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា ការបណ្តុះបណ្តាលអ្នកនិពន្ធ និងវិចិត្រករខ្មែរ ដើម្បីជំរុញឲ្យមានការសរសេរ និងបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារឲ្យច្រើនថែមទៀតនេះ គឺដើម្បីជួយឲ្យកុមារចាប់ផ្តើមចូលចិត្តសៀវភៅ និងមានទម្លាប់នៃការអានតាំងតែពីតូចៗទៅ។ លោកបន្តទៀតថា៖
«ទម្លាប់នៃការអាននេះសំខាន់ណាស់ ព្រោះនៅពេលដែលយើងរៀនទៅដល់វិទ្យាល័យ ទៅដល់មហាវិទ្យាល័យ ការអានគឺជាចំណែកមួយនៃការសិក្សា។ អញ្ចឹងប្រសិនជាយើងខ្សោយក្នុងការអានយើងឃើញថា និស្សិតរបស់យើង ពេលចេញទៅរៀននៅស្រុកក្រៅ គឺគាត់តែងមានបញ្ហាមួយក្នុងការអាន។ អញ្ចឹងហើយបានជាកិច្ចការនេះ យើងមិនអាចចាប់ផ្ដើមពីពេលដែលសិស្សរៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យទេ គឺត្រូវចាប់ផ្ដើមពីបឋមទៅ ចេញពីថ្ងៃដំបូងទៅដើម្បីជាទម្លាប់»។ អង្គការរូមធូរីដកម្ពុជាដែលធ្វើការងារជំរុញឲ្យមានការអានសម្រាប់ កុមារ បានបណ្តុះបណ្តាលអ្នកនិពន្ធ និងអ្នកគូររូប បានចំនួនសរុបជាង៨០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក ដើម្បីអភិវឌ្ឍសៀវភៅរឿងរូបភាពសម្រាប់កុមារនេះ»។
លោកហេង ឧត្តម អ្នកនិពន្ធវ័យក្មេងមា្នក់ដែលកំពុងទទួលការបណ្តុះបណ្តាល ខាងការសរសេររឿងសម្រាប់កុមារនេះ បានប្រាប់ឲ្យដឹងថា លោកមានទស្សនៈវិស័យមួយចង់ឲ្យកុមារចាប់ផ្តើមស្រលាញ់ការអានតាំង ពីតូច ដើម្បីឲ្យពួកគេក្លាយជាយុវជននិងយុវតីដែលចូលចិត្តអានសៀវភៅ និងប្រកបដោយចំណេះដឹងនៅពេលអនាគត។ លោកនិយាយថា៖
«កុមារគឺជាទំពាំងស្នងឫស្សីមួយ សម្រាប់អភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត។ អញ្ចឹង ខ្ញុំក៏កំណត់ចក្ខុវិស័យមួយក្នុងពេលអនាគតគឺអភិវឌ្ឍការអាននៅក្នុង ប្រទេសកម្ពុជាយើង។ ពេលដែលកុមារអានអញ្ចឹងទៅ បន្ទាប់មកគេនឹងទៅជាយុវជនដែលមានចំណេះដឹង និងធនធានមនុស្សមួយសម្រាប់អនាគតកម្ពុជា»។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ទទួលស្គាល់ថា បើទោះជាមានសៀវភៅសិក្សារបស់ក្រសួងអប់រំហើយក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យកុមារអានបន្ថែមដែរ។ ប៉ុន្តែលោកស្រីមានប្រសាសន៍បន្ថែមថា អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនទូទៅត្រូវតែរួមគ្នា ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនេះ ជាពិសេសគឺព្យាយាមផ្លាស់ប្ដូរទម្លាប់ប្រជាជន និងកុមារខ្មែរដែលមិនសូវចូលចិត្តអាន ឲ្យងាកមកនាំគ្នាអានឲ្យដូចទម្លាប់ជនបច្ចឹមប្រទេស ឬ ប្រជាជាតិជិតខាងមួយចំនួនរបស់ខ្លួនវិញ។ លោកស្រីបានថ្លែងដូច្នេះថា៖
«អញ្ចឹងយើងយល់ហើយ ដឹងហើយ យើងនាំគ្នាអនុវត្តធ្វើ ដើម្បីរុញឲ្យមានទម្លាប់អាននៅក្នុងកុមារភាពទៅរហូតដល់គេចោលអំណាន អត់បាន។ យើងឃើញជនជាតិគេ ទោះបីដើរលេង ទោះបីទំពាស្ករគ្រាប់ ទោះបីដេកនៅមាត់សមុទ្រក៏គេអានដែរ រឿងអីបានជាគេចេះទម្លាប់នេះ?»។
កញ្ញាសារ៉ា ស្ទូវត (Sarah Stewart) អ្នកសម្របសម្រួល និងជាជំនួយការកម្មវិធីបោះពុម្ពសៀវភៅរបស់អង្គការរូមធូរីដ (Room To Read) ប្រចាំការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា មានតែការផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារទេ ដែលធ្វើឲ្យកុមារអាចក្លាយជាអ្នកសិក្សាពេញមួយជីវិតរបស់ពួកគេបាន។ កញ្ញាបន្តថា៖
«ប្រសិនបើយើងចង់បង្កើតជំនាន់មួយដែលពោពេញទៅដោយអ្នកសិក្សា ពេញមួយជីវិត ពោលគឺកុមារដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គម និងចូលរួមនៅក្នុងសហគមន៍ ហើយនឹងមានការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងជីវិតនោះ អញ្ចឹងការអប់រំគឺជាកន្លែងមួយដែលចាំបាច់ និងសំខាន់សម្រាប់ពួកយើងដែលត្រូវចាប់ផ្តើម»។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា កុមារចំនួនជាង២លាននាក់កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាចំនួនជាង ៦ពាន់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារក្នុងថ្នាក់បឋមសិក្សាមាន ជាង១០%។ មូលហេតុមួយចំនួននៃការបោះបង់ចោលការសិក្សារបស់កុមាររួមមាន កង្វះមធ្យោបាយ និងសម្ភារៈសិក្សា ដោយសារតែភាពក្រីក្រ និងកង្វះទម្លាប់នៃការអានរបស់កុមារជាដើម។
ដូច្នេះ កញ្ញាសារ៉ា បានបន្ថែមថា សៀវភៅសម្រាប់កុមារគឺជាធនធានដ៏មានតម្លៃសំខាន់បំផុតសម្រាប់គោលដៅ នៃការជួយបំផុសទំលាប់នៃការអានរបស់កុមារ។
No comments:
Post a Comment