Monday, May 30, 2011
កំណាព្យ ផ្ទះខ្មែរ បទពាក្យ ប្រាំពីរ
1. ផ្ទះខ្មែរ ផ្ទះម៉ែពីបុរាណ ............. ផ្ទះម៉ែថ្កើងថ្កានទ្រង់លីវយី
ផ្ទះខ្មែរស្រស់ល្អស្រស់គ្មានពីរ ................ ផ្ទះម៉ែសង់ពីឈើស្រុកខ្មែរ។
...2. ម៉ែសង់ផ្ទះខ្មែរល្អវិចិត្រ ............... ផ្ទះខ្មែរថេរឋិតគ្រប់ក្រុងស្រែ
កូនចៅជាន់ក្រោយខិតខំថែ .................ចិត្តមិនប្រួលប្រែថែជានិច្ច។
3. ផ្ទះខ្មែរតំណាងព្រលឹងខ្មែរ ...................... កូនត្រូវខំថែក្រែងរិលរិច
ខំថែខំសាងច្នៃជានិច្ច ....................... បង្កើនកលល្បិចពង្រីកផល។
4. រស់នៅផ្ទះខ្មែរផ្ដល់សេរី .....................ប្រជាផុតភ័យទុក្ខលែងដល់
សម្រានលក់ស្រួលភ្លេចកង្វល់ .................គេងលក់ស្កប់ស្កល់សុបិន្ដល្អ។
5. ផ្ទះខ្មែរមានឈ្មោះច្រើនប្រភេទ............... សង់ឡើងតាមហេតុថ្នាក់ភូមិករ
មានឈ្មោះប្រាំពីរស្រស់បវរ ................ គ្រប់គ្នាសាទរសង់តាមចិត្ត។
6. ទីមួយមានឈ្មោះថាផ្ទះខ្មែរ ................ ផ្ទះនេះជាកេរយូរពេកពិត
មានដំបូលខ្ពស់ព្រមឫទ្ធិ ................ រឹងមាំជាប់ជិតរយសិបឆ្នាំ។
7. ទីពីរផ្ទះលាង រឺផ្ទះកន្ដាំង ................. រាងរៅដូចខ្លាំងសូមចងចាំ
ដូចផ្ទះខ្មែរដែរស្រស់ស្រងាំ................. ខ្ញុំសូមផ្ដែផ្ដាំខ្លីដំបូល។
8. ទីបី គឺជាផ្ទះរោងដោល .................. ខ្មែរយើងមិនចោលរាងជាស្នូល
តដំបូលតូចមួយបញ្ចូល ....................... ច្រកផ្លូវចេញចូលតែមួយទេ។
9. ទីបូនគឺជាផ្ទះរោងជាង ........................ អមអែមរូបរាងខាងទាំងទ្វេរ
មុខក្រោយដំបូលតូចបុព្វេ ...................... ពីរមិនរិះរេច្រកតែមួយ។
10. ទីប្រាំគឺឈ្មោះថាផ្ទះប៉ិត .................... ស្រីស្រស់ជាប់ចិត្តស្នេហ៍លែងព្រួយ
ផ្ទះមានហោនាំងដំបូលមួយ ........................ ដំបូលជាប់ស្ទួយតាំងពីលើ។
11. ទីប្រាំមួយគឺផ្ទះរោងឌឿង ...................... ផ្ទះដ៏រុងរឿងស្រស់ជំទើរ
ផ្ទះសាលាកុដិវិហារលើ .....................អ្នកខ្លះលើកស្នើស្មើ ខសង។
12. ទីប្រាំពីរ គឺជាផ្ទះជ្រោម .............................. ផ្ទះមិនទ្រុឌទ្រោមផ្ទះនួនល្អង
ផ្ទះខ្មែរទាក់ចិត្តអស់អ្នកផង ........................ សុំចូលទាក់ទងដល់មេបា។
13. នេះហើយអនុភាពស្នាដៃ ....................... ស្រស់ថ្លាប្រពៃនៃដូនតា
បន្សល់ទុកឲ្យជនខេមរា ......................... ថែតឆ្លាក់ចារជាពូជខ្មែរ។
14. កូនចៅប្រុសស្រីថែកុំធ្វេស ......................... ឈប់នាំបរទេសមកបង្វែរ
ក្រែងពេលក្រោយទៀតភ្លេចជាខ្មែរ .......................ត្រូវថែផ្ទះយើងឲ្យរុងរឿង។
ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ១និង៥៣នាទីយប់ ដល់ ម៉ោង៣និង២៣នាទីយប់
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស ខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment