ដំបូល របស់ ផ្សារ ធំ ថ្មី ដែល ប្រកប ដោយ សោភណ្ឌភាព និង មាន រចនាបទ បារាំង ត្រូវ បាន បើក ឲ្យ ដំណើរការ ឡើង វិញ នៅ ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១១ នេះ នៅ ទី ក្រុង ភ្នំពេញ ក្រោយ ការ ជួស ជុល អស់ រយៈពេល ៧ ឆ្នាំ។ ផ្សារ ធំ ថ្មី ជា ផ្សារ ធំ មួយ ដែល ត្រូវ ស្ថាបនា កាល ពី ឆ្នាំ ១៩៣៧។ (រូបថត៖ AP)
ផ្សារធំថ្មីដែលជាកេរដំណែលមួយរបស់ប្រទេសបារាំង ត្រូវបានបើកសម្ពោធជាថ្មីឡើងវិញនៅថ្ងៃពុធនេះ ដែលក្រុមន្រ្តីផ្លូវការចាត់ទុកថា ផ្សារនេះនិងក្លាយទៅជាមណ្ឌលប្រវត្តិសាស្រ្តមួយសម្រាប់ការទាក់ទាញ ទេសចរ។
ដោយរក្សាការលាបពណ៌លឿងដូចកាលពី៧៤ឆ្នាំមុន ផ្សារធំថ្មីដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ត្រូវបានចាប់ផ្តើមជួសជុលឡើងវិញកាលពីខែមករា ឆ្នាំ២០០៩។ នេះគឺជាផ្សារបុរាណ ក៏ប៉ុន្តែសំណង់មានលក្ខណៈទំនើប និងមានស្តង់សម្រាប់លក់ទំនិញសុរបជាង៣.០០០តូប។
ទំនិញទាំងនោះរួមមានបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងអលង្កា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក សៀវភៅ និងរបស់អនុវស្សាវរីយ៍ជាដើម។
លោក អេរិក បឺហ្កណត (Eric Beugnot) នាយកទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ AFD ដែលជាភ្នាក់ងារផ្តល់កម្ចីសម្រាប់ការជួសជុលផ្សារធំថ្មីឡើងវិញ។ លោក អេរិក បឺហ្កណត មានប្រសាសន៍ថា គោលដៅនៃការជួសជុលនេះ គឺដើម្បីសុខមាលភាពនៅក្នុងទីផ្សារ។ លោកបានថ្លែងតាមរយៈអ្នកបកប្រែភាសាថា នេះគឺជាផ្នែកមួយនៃការថែរក្សាកេរដំណែកបេតិកភណ្ឌ។ លោកបឺហ្កណត ថ្លែងថា៖
«ផែនការបច្ចេកទេសផងដែរ គម្រោងគឺមានគោលដៅក្នុងការធានាសុវត្ថិភាពរូបវ័ន្តរបស់ប្រជាពល រដ្ឋ និងការកែលម្អលក្ខខណ្ឌអនាម័យ។ ហើយជាពិសេសអភិរក្ស ឬរក្សានូវគុណភាពបេតិកភណ្ឌនៃអគារ»។
ផ្សារធំថ្មីត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពី ខែកញ្ញាឆ្នាំ១៩៣៧ ក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិមុន្នីវង្ស។
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ជំនួយប្រមាណជា៦លានដុល្លារសម្រាប់ការជួសជុលផ្សារនេះ។
ផ្សារ ធំ ថ្មី កំពុង ត្រូវ បាន ជួស ជុល កាល ពី ខែ កក្កដា ឆ្នាំ ២០១០។ (សឹង សុផាត វីអូអេ ខ្មែរ)
សព្វថ្ងៃផ្សារធំៗបីគឺជាគោលដៅមួយសម្រាប់ទេសចរបរទេសមកទស្សនា នៅក្នុងនាមជាកេរដំណែល ប្រវត្តិសាស្រ្តដែលនៅសេសសល់ពីសម័យអាណានិគមនិយមបារាំង។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍រំលឹកអំពីប្រវត្តិសាស្រ្តខ្លះៗរបស់ផ្សារធំថ្មី ដោយចាត់ទុកថា ផ្សារនេះគឺជាមោទនភាពរបស់កម្ពុជា។ លោក មានប្រសាសន៍ថា៖
«ផ្សារធំថ្មីបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ ប្រទេសកម្ពុជាក្នុងទសវត្យរ៍ទី៣០រហូតដល់៧០។ ប្រវត្តិនៃផ្សារធំថ្មីនេះ យើងត្រូវតែចងចាំ ហើយត្រូវមានមោទនភាពទាំងអស់គ្នាថា នេះជាបេតិកភណ្ឌរបស់ប្រជាជនកម្ពុជា»។
ទីក្រុងភ្នំពេញមានប្រជាពលរដ្ឋកើនដល់ជាងពីរលាននាក់នៅក្នុងពេល បច្ចុប្បន្ននេះ។ នេះបើផ្អែកទៅតាម ការប៉ាន់ប្រមាណរបស់លោកអភិបាលក្រុងភ្នំពេញកែប ជុតិមា។
ការរីកចម្រើនរបស់ក្រុងភ្នំពេញ បានធ្វើឲ្យមានការឃ្លាតឆ្ងាយពីការថែរក្សាសំណង់ចាស់ៗជាសម្បត្តិ បេតិកភណ្ឌប្រវត្តិសាស្រ្ត។ សំណង់ថ្មីបែបទំនើបបានរីកដុះដាល រីឯសំណង់បុរាណមួយចំនួនដូចជាអតីតពន្ធនាគារតេបី (T3) ត្រូវបានរំលាយចោល។
លោកគ្រី ស្យង់កុនណាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាមានប្រសាសន៍ថា ការជួសជុលអគារផ្សារធំថ្មីឡើងវិញ គឺជាសមិទ្ធិផលមួយចុងក្រោយរវាងប្រទេសបារំាងជាមួយ និងសាលាក្រុងភ្នំពេញ៕ ដោយ គង់ សុឋានរិទ្ធ
ប្រភព៖ វីអូអេ ខ្មែរ | ភ្នំពេញ
ថ្ងៃពុធ, 25 ខែឧសភា 2011
No comments:
Post a Comment