ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ khotseiha កាលពី សប្បាយ ២៦-ឧសភា-២០១១
ផ្សារ ធំថ្មីត្រូវបានសាងសង់ក្នុងខែសីហា ឆ្នាំ ១៩៣៥ ហើយត្រូវបានបញ្ចប់រួចរាល់នៅខែ មិថុនា ឆ្នាំ ១៩៣៧ ក្រោមជំនួយរបស់សាធារណរដ្ឋបារាំង ក្នុងរជ្ជកាលគ្រប់គ្រងរាជសម្បត្តិដោយព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស។
អ្នកគូរប្លង់ផ្សារធំថ្មី គឺជាជនជាតិបារាំងឈ្មោះ JEAN DUBOIR ហើយសាងសង់ដោយក្រុមហ៊ុន[ឥណ្ឌូចិនសាយហ្គន]។
នៅខែមេសា ឆ្នាំ១៩៧៥ រហូតដល់ដើមឆ្នាំ១៩៧៩ ផ្សារធំថ្មីត្រូវបានផ្អាកទាំងស្រុង ដោយសារតែបនប្រល័យពូជសាសន៍ប៉ុលពត យកធ្វើជាឃ្លាំងដាក់ជី ដាំដើមដូង និងដើមចេកជុំវិញផ្សារ ដែលជាហេតុធ្វើឲ្យផ្សារធំថ្មីត្រូវខូចខាតជាអន្លើៗ ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារត្រូវបានខូចខាតទាំងស្រុង។
ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះចេញពី បនប្រល័យពូជសាសន៍ប៉ុលពត ពេលនោះប្រទេសកម្ពុជាត្រូវបានស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះផ្សារធំថ្មីក៏ត្រូវបានរៀបចំជាបណ្ដើៗ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់រាជធានីភ្នំពេញ។ ទន្ទឹមនឹងរាជធានីភ្នំពេញមានការអភិវឌ្ឍកាន់តែរីកចំរើនលើគ្រប់ វិស័យ រួមទាំងសក្ដានុពលសេដ្ឋកិច្ចកំពុងមានសន្ទុះកាន់តែខ្លាំងនោះ អគារផ្សារធំថ្មីត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្រ របស់រាជធានីភ្នំពេញ។
ដោយសារសំណង់អគារផ្សារធំថ្មី មានការប្រេះស្រាំនិងជ្រាបទឹកតាមកន្លែងមួយចំនួននោះ នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០០៤ សាលារាជធានីភ្នំពេញ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះអនុសញ្ញាជាមួយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) បានផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់ចំនួន៤លាន៥សែនអ៉ឺរ៉ូ សម្រាប់ជួសជុលនិងកែលំអឡើងវិញ។
នៅថ្ងៃ២៧ ខៃ មករា ឆ្នាំ ២០០៩ ការជួសជុលនឹងការកែលំអត្រូវបានចាប់ផ្ដើម ក្នុងនោះក្រុមហ៊ុន VILLA PARC ENGINEERINGជាអ្នកម៉ៅការសាងសង់ ក្រុមហ៊ុន KOSAN ENGINEERING ជាអ្នកប្រឹក្សាបច្ចេកទេស ហើយស្ថាបត្យកម្ម ARTE ENGINEERING ARCHIRTECHTESជាស្ថាបត្យករ។
ការជួសជុលនិងការកែលំអមានរយៈពេល២៥ខែ លើ ២៤ខែ ដោយត្រូវចំណាយទឹកប្រាក់ចំនួន ៥ ០៤៤ ៥១២ដុល្លារ បែងចែកជាតូបបានចំនួន៣១៦៣ ព្រមទាំងអ្នកលក់ចល័តជាង១៤០០នាក់ ។
នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ៕
ដោយ ៖ ខុត សីហា
No comments:
Post a Comment