Monday, May 30, 2011
កំណាព្យ ស្វាយខ្មែរ បទកាកកតិ
1. តើអ្នកដឹកទេ? ............ស្វាយនៅស្រុកខ្មែរ ...................មានស្វាយអ្វីខ្លះ?
ពេលនេះខ្ញុំសូម.................... រៀបរាប់ឲ្យច្បាស់ ....................ថាមានអ្វីខ្លះ?
ដូចតទៅនេះ។
...
2. ប្រភេទទីមួយ ..............ស្វាយនាំទុក្ខព្រួយ ...................គួរយើងរេរិះ
គួរយើងលះបង់ ...................ខំប្រឹងគេចវេស ....................... ស្វាយរោគប្រមេះ
ស្វាយក្រាប់ស្វាយបែក។
3. ស្វាយនេះកើតមាន ..................ដល់ជនដែលហ៊ាន .................ប្រព្រឹត្តប្លែកៗ
រួមបវេណី .............ដោយគ្មានប្រកែក.................. សុខចិត្តបែរបែក
ក្បត់ប្តីប្រពន្ធ។
4. ប្រភេទទីពីរ ................ គែស្វាយចន្ទី ................. ដំណាំល្បាញល្បី
ស្លឹកខ្ចីជារបោយ................ ផ្លែទុំយកឆី ....................គ្រាប់ទុំប្រុសស្រី
លៃលីងពិសា។
5. ស្វាយប្រភេទនេះ...................... ខ្មែររយើងគួររិះ ...................... រេដាំគ្រប់គ្នា
ស្វាយនាំសេដ្ខកិច្ច .....................ឲ្យកើនពូជធារ................ ដាំកុំរេរា
គ្រប់ដីទំនេរ។
6. ប្រភេទទីបួន ............ ស្វាយព្រមថ្វាយខ្លួន .................ដំណាំជាកេរ
រាស្ត្រខ្មែរគ្រប់ស្រុក .........................ដាំគ្មានទំនេរ ................ ផលផ្តល់កើនទ្វេរ
គ្រប់រដូវកាល។
7. ស្វាយនេះមង្គល......................... ស្វាយស្រស់និមល .............ខ្មែរត្រេកត្រអាល
ពេលខ្ចីរសជូរ ....................... ទុំផ្អែមវិសាល .................. វិសេសគ្រប់ថ្នាល
ដែលខ្មែរបានដាំ។
8. ស្វាយប្រភេទ៤ ....................មិនប្រកាន់ខ្លួន.......................... ចូរអ្នកចងចាំ
អាចយកមកហូប ....................ស្លរតាមចំណាំ ............... ស្រីស្រស់ស្រងាំ
លៃបានតាមចិត្ត។
9. ពេលមានផ្ទៃពោះ.................. ស្រ្ដីខ្មែរល្បីឈ្មោះ ............តែងស្នើរញាតិមិត្ដ
ជួយផ្ញើស្វាយខ្ចី ....................ចិតជាចំណិត ................ហូបរួមស្នាលស្និត
បំបាត់ចិត្តចង់។
10. ស្វាយនេះមានច្រើន............ ប្រភេទកើតកើន ..................ឈ្មោះច្រើនទម្រង់
ធុរេន-ខ្ទិះ-ចេក................... ពុំសែនផូរផង់ ................ មាស-មីង ផ្ចិតផ្ចង់
ដងខ្ទែង-ពងត្រង។
11. មានល្ហុង-ល្ហួត-ប៉ម............... កែវសារីថ្នម ................... ស-ពងអង្ក្រង
សេះ-ដោះក្រមុំ............... ក្បាលដំរីបង................. កែវស្រស់ស្នេហ៍ស្នង
កែវទែន កែវចិន។
12. មានពុំឥត-ឆ្អេះ..................... ចន្ទស្ករ-ខួបខេះ .................. ពងថ្កួតមាសឆ្អិន
ព្រៃ-ណាខាវ-ថៃ ..................ចូលខ្លួនមកសិន.................... បំរើមិនជិន
ពេលខ្វះម្ដងម្កាល។
13. ប្រភេទទី៥ ................... ខ្មែរតែងចំណាំ ................ ពណ៌ស្រស់ត្រកាល
សម្បុរសាច់ដើម.................. លឺចង់ត្រអាល ................ ពណ៌ស្រស់វិសាល
ពណ៌ថ្ងៃអង្គារ៍។
14. ដូច្នេះសូមអ្នក................... ដាំកុំស្ទើរស្ទាក់ .................. ឲ្យបានគ្រប់គ្នា
ដាំស្វាយណាល្អ.................. បវររមនា ..................... ឈប់ហ៊ានពានពារ
នឹងស្វាយអន្ដរាយ។
ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ១២និង០១នាទីយប់ ដល់ ម៉ោង១និង៤១នាទីយប់
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស ខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment