Tuesday, April 26, 2011

កំណាព្យ រស់រៀន

(បទពាក្យប្រាំ)
1. រស់រៀនសូត្រអានឲ្យចាំស្ទាត់ រស់រៀនឲ្យម៉ត់គ្រប់វិជ្ជា
រស់រៀននិយាយពាក្យសន្ទនា រស់រៀនការពារអំពើល្អ។
2. រស់រៀនសន្សំគ្រប់វិជ្ជា រស់រៀនរចនាឲ្យបវរ
រស់រៀនសរសេរចារឲ្យល្អ រស់រៀនបន្ដកេរ្ដ៍ដូនតា។
3. រស់រៀនគិតច្នៃបង្កើតថ្មី រស់រៀនឲ្យល្បីអស់ខេមរា
រស់រៀនសាងបុណ្យគេស្នេហា រស់រៀនទេសនាប្រដៅសត្វ។
4. រស់រៀនកែប្រែកំហុសខ្លួន រស់រៀនអត់ឱនលះបង់បាត់
រស់រៀនធ្វើការឲ្យមធ្យ័ត រស់រៀនដើរស្កាត់រកវិជ្ជា។
5. រស់រៀនគិតគូរសួរឆ្លើយតប រស់រៀនឲ្យស្របនឹងគ្នីគ្នា
រស់រៀនឲ្យចប់សព្វវិជ្ជា រស់រៀនការពារភូមិឲ្យសុខ។
6. រស់រៀនសង្កេតឲ្យប្រាកដ រស់រៀនត្រាកត់ចាំទៅមុខ
រស់រៀនប្រព្រឹត្តការនាំសុខ រស់រៀនជួយស្រុកឲ្យរីកធំ។
7. រស់រៀនស្រាវជ្រាវការគ្រប់មុខ រស់រៀនចងទុកការភិរម្យ
រស់រៀនវែកញែកការតូចធំ រស់រៀនឆ្លាក់ផ្គុំការក្នុងក្រៅ។
8. រស់រៀនស្មូត្រច្រៀងឲ្យពិរោះ រស់រៀនបង់បោះការម្មងសៅ
រស់រៀនរាល់ថ្ងៃក្រែងខ្លោចឆៅ រស់រៀននាំចៅកែអផ្សុក។
9. រស់រៀនរកស៊ីការសុចរិត រស់រៀនគូរគិតជួយភូមិស្រុក
រស់រៀនថែព្រៃរបោះស្ដុក រស់រៀនដាក់ទុកទ្រព្យក្នុងក្រៅ។
10. រស់រៀនវែកញែកឲ្យប្រាកដ រស់រៀនសន្មត់ការរាក់ជ្រៅ
រស់រៀនប្រកបការត្រឹមត្រូវ រស់រៀនដើរផ្លូវពុទ្ធបានផ្ដាំ។
11. រស់រៀនឲ្យបានច្រើនភាសា រស់រៀនឆ្លាក់ចារអស់បណ្ដាំ
រស់រៀនថែកេរឲ្យយូរឆ្នាំ រស់រៀនចំណាំគុណពុកម៉ែ ។
12. រស់រៀនសេពគប់នឹងមនុស្សល្អ រស់រៀនស្មោះសរនឹងពូជខ្មែរ
រស់រៀនស្ទួយជាតិកុំប្រួលប្រែ រស់រៀនថ្មមថែឲ្យផុតភ័យ។
13. រស់រៀនមិនឈប់តកូនចៅ រស់រៀនក្នុងក្រៅឲ្យប្រពៃ
រស់រៀនឲ្យអស់សព្វអ្វីៗ រស់រៀនថ្លាថ្លៃជាពូជមនុស្ស។
14. រស់រៀនជានិច្ចនឹងនាំសុខ មិត្តអើយចាំទុករស់រៀននោះ
កប់ពាក្យរស់រៀនក្នុងពង់ពោះ ញាតិលែងរលោះពីភពសុខ៕
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់)
Khemara Both ពិតជាមានន័យល្អណាស់ !
អរគុណ

Le 25/04/2011 12:31, Chheng Uor Yi a écrit :
Phaly Ch ល្អមែន!អរគុណ
Chheng Uor Yi Thanks very much brother! Good lucks

No comments:

Post a Comment