Monday, April 18, 2011

កំណាព្យ រំលឹកកេរខ្មែរ

បទកាកគតិ
1. អាកាសស្អុះស្អាប់ មេសាផ្តើមចាប់ រដូវក្តៅហែង
ចិត្តខ្ញុំមិនសុខ ចង់ពោលថ្លាថ្លែង ប្រាប់ខ្មែរគ្នាឯង
ឲ្យបានយល់ខ្មែរ។
2. ពូជខ្មែរខ្ពង់ខ្ពស់ ពូជមានកិត្តយស មានចារហូរហែ
លើស្ត្រាស្លឹករឹត លើប្រាសាទដែរ ចែកទុកមិនប្រែ
រហូតសព្វថ្ងៃ។
3. ខ្មែរមុនភ្លឺច្បាស់ ខ្មែរក្រោយក្រឡះ ខ្លះមិនដឹងអី
មិនដឹងថាខ្មែរ មានគុណតម្លៃ ថាធ្លាប់ជាញជ័យ
ពេញភាគអាស៊ី។
4. ខ្មែរល្បីអ្វីខ្លះ? ខ្មែរល្បីច្រើនណាស់ របាំគ្មានពីរ
មានអប្សរា រាំវង់សោភី ខ្មែរគ្រប់ទិសទី
រាំលេងចូលឆ្នាំ។
5. មានក្បាច់ចម្លាក់ ក្បាច់រស់ឥតអាក់ ខ្មែរតែងចំណាំ
មានចម្លាក់លៀន ចម្លាក់លោតផ្សាំ ចម្លាក់លិបផ្តាំ
ឆ្លាក់លើប្រាសាទ។
6. មានរបាំគែន ច្រូតស្រូវក្នុងដែន អង្គរស្អាងស្អាត
មានក្ងោកប៉ៃលិន គោះត្រឡោកឆ្លាត ត្រុដិនិងនេសាទ
ទេពមច្ឆាស្រី។
7. មានក្ងោកពោធិសាត់ បេះក្រវាញចាត់ របាំល្បាញល្បី
មានគោះអង្រែ មេខលាស្រី លាងអារក្សថ្មី
កន្សែងស្នេហា។
8. មានទេពមនោរម្យ របាំសក្ដិសម ជូនពរអស្ចារ្យ
មានគោះអង្រ្កង កេរពីដូនតា ខ្មែរគ្រប់អាត្មា
ចងចាំថែទុក។
9. មានម្ហូបអាហារ ល្បីឆ្ងាញ់អស្ចារ្យ កកូរអាម៉ុក
ម្ជូរគ្រឿងសម្លក់ ត្រីអាំងប្រហុក ជ្រក់ក្រៅឆ្នាំងសុខ
ឆ្ងាញ់អស់បាយកក។
10. មានបុកក្រសាំង ត្រីស្ងោរមាន់អាំង ទាខ្វៃសាច់ក្រក
ទឹកត្រីផ្អែមឆ្ងាញ់ អស់គ្រប់ច្រកល្ហក កូនខ្មែរមិនដក
ចិត្តពីម្ហូបខ្មែរ។
11. មាននំអាកោ គមអន្សមស្ងោរ នំក្រូចស្រុកស្រែ
នំគ្រក់នំត្នោត នំបញ្ចុកដែរ នំចក្រចន្ទស្នេហ៍
នំបត់ផ្លែអាយ។
12. មានចាហ៊ួយសំខ្យា នំជាលអស្ចារ្យ នំកងស្ដួចកាយ
នំដុតចេកចៀន ដំឡូងដុតផ្សាយ រសជាតិឈ្ងុយសាយ
ឆ្ងាញ់ពេញនគរ។
13. មានរបាំរាំវង់ ខ្មែរមិនបោះបង់ គ្រប់គ្នាសាទរ
មានចង្វាក់ច្រើន រាំវង់តុងហ្គោ រាំក្បាច់ស្រុះល្អ
រាំសារ៉ាវ៉ាន់។
14. រាំប្រឺនកន្ទ្រឹម រាំផ្តល់សង្ឃឹម តាលុងមិនប្រកាន់
រាំចូកកំពឹស ឡាំលាវវៀងច័ន្ទ ឡាំថូនតាយ៉ាន់
រាំស្លូរាំទ្វីស។
15. រាំបូឡេរ៉ូ រាំយែកម៉ាំបូ ឆាឆាមុងឃីស
រាំម៉ាឌីហ្សន បែបកាត់បរទេស រាំយែកពិសេស
ប៉ាសូដូបច្នៃ។
16. ខ្មែរមានកំណាព្យ មានច្រើនមិនសាប ច្រើនបទក្រាស់ក្រៃ
ជិតចិតសិបបទ ខ្មែរយកលកលៃ ច្រៀងស្មូត្រគ្រប់វ័យ
ចួនពាក្យរណ្តំ។
17. ខ្មែរអ្នកកសិកម្ម ធ្វើស្រែពាន់ឆ្នាំ លូតលាស់និយម
ដាំដុះយកផល ផ្គត់ផ្គង់ផ្សែផ្សំ សិប្បកម្មធំ
សង់ប្រាសាទទៀត។
18. ដូច្នេះយើងខ្មែរ ត្រូវជួយពូនថែ ជាខ្មែរកុំឃ្លាត
ស្រលាញ់វប្បធម៌ ថែច្នៃតទៀត ពូនជ្រុំញោមញាតិ
ឲ្យល្បីកើតកើន។
ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ របាំជនជាតិ របាំតាំងយូ នំអ៊ូ នំកាតំ នំចាំង នំចក្រចុល នំកូ នំបាញ់ឌុក នំបាញ់បែវ នំបាញ់ចានឿក នំអ៊ី នំទ្រាបបាយ នំជើងជ្រូក នំពុម្ព នំបំពង់ នំចេកបុក នំល្ពៅ។

No comments:

Post a Comment