Friday, April 29, 2011

ផលវិបាកនានាដោយសារជម្លោះនៅតាមព្រំដែនខ្មែរ-ថៃ

មន្ត្រីរាជរដ្ឋាភិបាលខ្មែរ អ្នកវិភាគផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រជាពលរដ្ឋកម្ពុជា បានសម្លឹងមើលឃើញថា ការវាយប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតាមតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំង២នេះ បានធ្វើឲ្យប៉ះពាល់ដល់កត្តាជាច្រើន ទាំងទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងបរិស្ថានធម្មជាតិជាដើម។

RFA/Uon Chhin
២៧-មេសា-២០១១៖ ជនភៀសសឹកខ្មែរមកពីតំបន់អូរស្មាច់ ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ននាវត្តចូកគ្រួស ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតំបន់ព្រំដែនប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ថ្មដូន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយសាររឿងជម្លោះព្រំដែន ចាប់តាំងពីថ្ងៃទី២២ រហូតមកដល់ថ្ងៃទី២៨ ខែមេសានេះ នៅតែបន្តយ៉ាងខ្លាំងក្លានៅឡើយ។
ការប្រយុទ្ធដោយភាគីទាំងសងខាងនៅតែបាញ់កាំភ្លើងតូចធំដាក់ គ្នាទៅវិញទៅមកចំនួន ៧ថ្ងៃមកហើយនោះ មិនត្រឹមតែធ្វើឲ្យទាហានទាំងសងខាងបាត់បង់អាយុជីវិត និងរងរបួសប៉ុណ្ណោះទេ គឺវាបានធ្វើឲ្យជនស៊ីវិលទាំងសងខាងដែលរស់នៅជិតព្រំដែនបាន ទទួលរងផលប៉ះពាល់ ដោយខូចខាតទ្រព្យសម្បត្តិ និងចាកចោលលំនៅឋាន ខាតបង់ពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។
ប្រជាពលរដ្ឋស៊ីវិលដែលរស់នៅជិតៗព្រំដែន ហើយបានបង្ខំចិត្តចាកចោលផ្ទះសម្បែងនៅពេលដែលទាហានខ្មែរ-ថៃ ប្រយុទ្ធគ្នាសុទ្ធតែនិយាយថា ពួកគេបានចាកចោលទ្រព្យសម្បត្តិជាច្រើនដែលមិនអាចយកតាមខ្លួនបាន។
លោក សុខ សាន្ត អាយុ ៥៥ឆ្នាំ ដែលចាកចោលលំនៅឋានជាប់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិថ្មដូន បានមានប្រសាសន៍ថា គ្រួសាររបស់គាត់ដែលគេចេញពីសង្គ្រាមបានចោលទ្រព្យសម្បតិ្តជា ច្រើន ដែលមិនអាចយកតាមខ្លួនបាន ៖ «ខ្ញុំបាទចោលទាំងអស់ សម្ភារៈ គោយន្ត ម៉ូតូ និយាយរួមថា របស់របរមាន់ ទាអីច្រើនណាស់ ក្នុង១គ្រួសារ ៤-១០ក្បាល ២០-៣០ក្បាល ដែលអង្គការគេឲ្យយើងចិញ្ចឹមហ្នឹងទាំងទ្រុងៗ មិនបានយកមក។ មករួចតែខ្លួនទេ អង្ករស្បៀងអីមិនបានយកមកទាំងអស់»។
ចំណែកស្រ្តីចំណាស់ឈ្មោះ កែវ កង អាយុ ៦៧ឆ្នាំ មកពីភូមិថ្មដូនដែរ បានមានប្រសាសន៍ថា ទ្រព្យសម្បត្តិរបស់គាត់ជាច្រើនដែលខំប្រឹងរក និងសន្សំទុកចាប់តាំងពីឆ្នាំ១៩៩២មក គឺត្រូវទុកចោលនៅនឹងផ្ទះរបស់គាត់ទាំងអស់នៅពេលដែលគាត់ភៀស ខ្លួនគេចចេញពីការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃនេះ ៖ «ទ្រព្យ សម្បត្តិដូចជាខារ៉ាអូខេ ឈើគិតលើកផ្ទះហ្នឹងវា ២០ម៉ែត្រគូប ស្រូវប្រហែលជា ២តោន គោយន្ត ជ្រូក ៥ក្បាល ទា មាន់រាប់រយក្បាលណោះ ចោលតែម្ដង ហើយចម្ការខ្នុរ ចម្ការស្វាយមិនដឹងជាយ៉ាងណា។ ហ៊ឺ! មានអារម្មណ៍ស្មុគស្មាញណាស់ ធ្វើរកបានប៉ុណ្ណេះហើយក៏វាអស់ទៀត សង្គ្រាមរាប់សិបឆ្នាំហើយទើបស្ងាត់សង្គ្រាមហ្នឹង ខំរកដើម្បីចិញ្ចឹមកូន»។
មន្ត្រីខេត្តឧត្តរមានជ័យ របស់ប្រទេសកម្ពុជា បានឲ្យដឹងថា រហូតមកដល់ត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែមេសា ចំនួនប្រជាពលរដ្ឋខ្មែរដែលភៀសសឹកចាកចោលផ្ទះសម្បែងដោយសារការភ័យ ខ្លាច ចំពោះការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែននោះ បានកើនឡើងជាង ៨.៧៩០គ្រួសារ ដែលស្មើនឹងចំនួនមនុស្សប្រមាណជាង ៣៥.២៦០នាក់ហើយ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី ថងផាក់ឌី (Thani Thongpakdi) បានមានប្រសាសន៍កាលពីពេលថ្មីៗថា ស្ថានភាពបច្ចុប្បន្នមិនបណ្ដាលឲ្យមានផលល្អដល់ប្រទេស និងប្រជាជនថៃទេ ដោយសារប្រជាពលរដ្ឋថៃ ចំនួនពីរខេត្ត ប្រមាណ ៣ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់សង្គ្រាមដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ទាហានថៃ ដែលបានបង្កហេតុ និងប្រើកាំភ្លើងធំបាញ់រំលោភមកលើបូរណភាពទឹកដីខ្មែរនៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនោះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនដែលធ្វើឲ្យកិត្តិយសរបស់ ប្រទេសថៃ បានអាប់ឱននៅក្នុងសង្គមស៊ីវិល័យមួយដែលរស់នៅក្រោមច្បាប់ អន្តរជាតិផងដែរ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមថា ៖ «ទី១ គឺប៉ះដល់សម្បត្តិវប្បធម៌ ក៏ដូចជាបេតិកភណ្ឌរបស់មនុស្សជាតិ ហើយទី២ហ្នឹងប៉ះពាល់ដល់ការរស់នៅដ៏ស្ងៀមស្ងាត់របស់ប្រជាពលរដ្ឋ ស៊ីវិលកម្ពុជា ដែលមានមនុស្ស ៣ម៉ឺននាក់ជាងប៉ះពាល់ដល់ការវាយប្រហាររាល់ថ្ងៃនេះ ហើយជាមួយគ្នានេះផងដែរ សកម្មភាពនៃប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ទាំងផ្នែកលើកកម្ពស់ជីវភាព ក៏ដូចជាលើកកម្ពស់ជីវភាព បានផ្អាកនូវសកម្មភាពរបស់គេ នេះជាការប៉ះពាល់ធំ។ ចំណុចទី៣ ដែលប៉ះពាល់ខ្លាំងទៅទៀតនោះ គឺកងទ័ពថៃហ្នឹងបង្កើតការវាយលុកចូលមកកាន់កាប់ទឹកដីកម្ពុជា ប្រាសចាកពីស៊ីវិល័យរបស់មនុស្សជាតិ ដែលយើងទាំងអស់គ្នារស់នៅក្នុងសង្គមអង្គការសហប្រជាជាតិដែលយក ច្បាប់ជាធំ»។
តាំងតែពីទាហានថៃ ចាប់ផ្ដើមវាយប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី កាលពីថ្ងៃទី២២ ខែមេសាមក ថៃបានសម្រេចចិត្តបិទច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ មួយនៅតំបន់អូរស្មាច់ ក្រុងសំរោង និងមួយទៀតនៅច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋទាំងសងខាងដែលធ្លាប់តែនាំទំនិញចេញចូល ត្រូវអាក់ខាន។
កាលពីពេលថ្មីៗ ប្រទេសថៃ បានប៉ុនប៉ងបិទច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅពេលដែលទាហានកម្ពុជា-ថៃ នៅតែប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចំនួន ១សប្ដាហ៍មកហើយនេះ។
ប្រមុខរដ្ឋាភិបាលខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា នឹងឲ្យប្រជាពលរដ្ឋកម្ពុជា ឈប់ទិញទំនិញរបស់ថៃ ប្រសិនបើថៃ បិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃនោះ។
លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន អ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់វិទ្យាស្ថានកម្ពុជា ដើម្បីសិក្សា និងការអភិវឌ្ឍ បានមានប្រសាសន៍ថា នៅពេលណាដែលឈានដល់ការបិទច្រកទ្វារព្រំដែនអន្តរជាតិរវាងខ្មែរ- ថៃនោះ វានឹងធ្វើឲ្យប្រទេសថៃ បានខាតបង់ជាច្រើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជានេះ។
លោក កង ច័ន្ទតារារ័ត្ន មានប្រសាសន៍បន្ថែមថា ៖ «វាប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនាំចេញនាំចូលរបស់ប្រទេសយើង ហ្នឹង ហើយជាពិសេសបងប្អូនប្រជាជនកសិករនៅតាមទល់ដែនហ្នឹង ដែលមានការលក់ទៅឲ្យថៃ ឬក៏អ្នកនាំអីវ៉ាន់មកពីប្រទេសថៃអីវិញហ្នឹង អាហ្នឹងវាប៉ះពាល់ក្នុងកម្រិតមួយធ្ងន់ដែរ ហើយជាពិសេសទៅទៀត សម្រាប់អ្នកផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាទីកន្លែងផ្សេងៗទៀត ដែលមានការនាំចូលមកពីប្រទេសថៃ ឬក៏អ្នកដៃគូវិនិយោគនៅក្នុងប្រទេសខ្មែរយើងជាដើម»។
ក្រុមប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ជិតព្រំដែនខ្មែរ-ថៃ បានឲ្យដឹងថា ទាហានថៃដែលប្រើកាំភ្លើងធំបាញ់ផ្លោងរាប់រយគ្រាប់ដាក់កងទាហាន ខ្មែរ និងភូមិប្រជាពលរដ្ឋស៊ីវិលផងនោះ មិនមែនតែធ្វើឲ្យទាហាន និងប្រជាពលរដ្ឋស៊ីវិលស្លាប់ និងរងរបួសនោះទេ ប៉ុន្តែវាបានសម្លាប់ទាំងសត្វក្នុងព្រៃ និងបំផ្លាញព្រៃឈើជាច្រើននៅតាមព្រំដែន ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅជិតព្រំដែនបាននិយាយថា គេមិនចង់បានសង្គ្រាមបែបនេះទេ គឺគេត្រូវការភាពសុខសាន្ត និងការប្រកបរបរចិញ្ចឹមជីវិត។
ប្រទេសនៃសហគមន៍អឺរ៉ុប កាលពីពេលថ្មីៗបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ។
ប្រទេសសហគមន៍អឺរ៉ុប បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ យល់ព្រមជាមួយគ្នាបង្កើតនូវបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយទៅ តាមការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីខែកុម្ភៈ កន្លងមក។
គេបានប៉ាន់ប្រមាណថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែនតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ថ្មដូន ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមេសា យ៉ាងហោចណាស់មានទាហានទាំងសងខាងប្រមាណជិត ២០នាក់បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស៕
Copyright © 1998-2011 Radio Free Asia. All rights reserved.
ដោយ ហង្ស សាវយុត
2011-04-29

No comments:

Post a Comment