ភ្នំពេញ: ជម្លោះទឹកដីកម្ពុជានិងថៃបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ពោលគឺមួយសប្តាហ៍ក្រោយពីអង្គការ UNESCO បានចុះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បន្ទាប់ពីបរាជ័យក្នុងការរារាំងការចុះបញ្ជីប្រាសាទព្រះវិហារ ថៃបានចាប់ផ្តើមក្តៅក្រហាយនិងរករឿងកម្ពុជា និងបានបានប្រកាសទាមទារផ្ទៃដី ៤,៦ គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទដែលកើតឡើងពី «ផែនទីចោរ» ថាជារបស់ខ្លួន។
តាមពិតទៅ ថៃមានប្រវត្តិឈ្លានពានទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយពោលគឺ តាំងពីមុនសម័យបារាំងកាន់កាប់កម្ពុជាទៅទៀត។ គេគួររំលឹកថា នៅចុងសតវត្សរ៍ទី៩ ជនជាតិសៀម ដែលចុះមកពីប៉ែកខាងត្បូងនៃប្រទេសចិន បានមករស់នៅលើដែនដី នៃអាណាចក្រខ្មែរ ម្តុំប៉ែកខាងជើងនៃជួរភ្នំដងរែក។ បន្តិចម្តងៗ សៀមបានបង្កើតរាជាណាចក្រមួយឡើងចូលប្លន់អង្គរម្តងជាពីរដង ហើយបានវាយយកទឹកដីខ្មែរក្នុងបណ្តាខេត្តជាច្រើន។ ប៉ុន្តែ ពេលដែលបារាំងបានដាក់រាជាណាចក្រខ្មែរក្រោមអាណាព្យាបាលរបស់ខ្លួននៅ ឆ្នាំ១៨៦៣ បារាំងបានទាមទារយកបណ្តាខេត្តខ្មែរមួយចំនួននោះមកវិញដោយប្រើ រយៈពេលជាង៤០ឆ្នាំដើម្បីចរចានិង គាបសង្កត់។
ជាក់ស្តែង តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៩៣ សៀមបានប្រគល់ខេត្តស្ទឹងត្រែង ហើយក្រោយមកទៀត ផ្អែកទៅលើអនុសញ្ញាឆ្នាំ១៩០៤ សៀមប្រគល់ខេត្តម្លូព្រៃ និងទន្លេរពៅ មកឲ្យអាជ្ញាធរបារាំងដែលជាអ្នកត្រួតត្រារាជាណាចក្រខ្មែរ។ មិនតែប៉ុណ្ណោះ តាមរយៈអនុសញ្ញាឆ្នាំ១៩០៤ បារាំង និងសៀមថែមទាំងបានគ្រោងថានឹងគូសឲ្យបានច្បាស់និងជាស្ថាពរ បន្ទាត់ព្រំដែនរវាងកម្ពុជានិងសៀម។
បីឆ្នាំក្រោយមក សន្ធិសញ្ញាឆ្នាំ១៩០៧បានតម្រូវឲ្យសៀមប្រគល់មកវិញដែនដីនៃខេត្ត បាត់ដំបង សៀមរាប និងសេរីសោភ័ណ។ ជាថ្នូរវិញ បារាំងប្រគល់ទៅឲ្យសៀមដែនដីដែលកងទ័ពជើងទឹកបារាំង វាយយកនៅខែកក្កដាឆ្នាំ១៨៩៣ នោះគឺ Trat Chantaboun និង Dan Sai ។ ពីឆ្នាំ១៩០៧ដល់ឆ្នាំ១៩០៩ ភាគីបារាំងនិងភាគីសៀម បានគូសបន្ទាត់ព្រំដែនមួយឡើង ហើយពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩១៩ បង្គោលជាច្រើនសិបដើម ថែមទាំងត្រូវបានដាំទៀតផង នៅលើព្រំដែនប្រវែង៨០០គ.ម ដែលខណ្ឌចែកទឹកដីខ្មែរ និងទឹកដីសៀម។
ប៉ុន្តែ សៀមមិនដែលពេញចិត្តនឹងបន្ទាត់ព្រំដែននេះឡើយ ហើយនៅតែចិញ្ចឹមមហិច្ឆតាដណ្តើមបណ្តាខេត្តខ្មែរ ដែលខ្លួនធ្លាប់បានកាន់កាប់ និងជាជាពិសេសទឹកដីអង្គរដែលសម្បូណ៌ទៅដោយប្រាង្គប្រាសាទនោះមកវិញ ។ នេះជាហេតុផលដែលសៀមដែលក្រោយមកដូរឈ្មោះជាថៃនៅឆ្នាំ១៩៣៩ តែងតែរករឿង សើរើឡើងវិញនូវសន្ធិសញ្ញាព្រំដែនដែលសល់មកពីអតីតកាល។ អ៊ិចឹងហើយបានជានៅឆ្នាំ១៩៤០ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ថៃបានចូលដៃជាមួយជប៉ុន ហើយឆក់យកខេត្តបាត់ដំបង និងសៀមរាបទៅវិញ។ ប៉ុន្តែ ក្រោយមកបារាំងបានគាបសង្កត់សៀមដើម្បីយកខេត្តទាំងពីរមកវិញ។
មិនទាន់ចប់ទេ នៅឆ្នាំ១៩៥៣ ពេលដែលកម្ពុជាបានទទួលឯករាជ្យពីបារាំងភ្លាម ថៃក៏បានផ្តើមរករឿងកម្ពុជាជាថ្មីម្តងទៀត ដោយបានបញ្ជូនទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ។ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានតស៊ូយ៉ាងស្វិតស្វាញដោយចំណាយពេល៩ឆ្នាំ មុននឹងទាមទារប្រាសាទព្រះវិហារបានមកវិញ នៅខែកក្កដាឆ្នាំ១៩៦២ ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានចេញសាលក្រមមួយ ទទួលស្គាល់ថាប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរ ឋិតនៅលើទឹកដីខ្មែរ និងតម្រូវឲ្យថៃ ដកទ័ពចេញពីទីនោះ។
យ៉ាងណាក៏ដោយ ក៏ថៃនៅតែមិនបោះបង់មហិច្ឆតាឈ្លានពានកម្ពុជាដែរ។ នៅថ្ងៃទី១៥ កក្កដា ២០០៨ កងទ័ពថៃបានចូលកាន់កាប់តំបន់ក្បែរប្រាសាទព្រះវិហារម្តងទៀត ដែលបង្កើតបញ្ហាជាមួយកម្ពុជាមកទល់នឹងសព្វថ្ងៃ។
ប៉ុន្តែ កម្ពុជាដែលមានមូលដ្ឋានច្បាប់រឹងមាំ បានតស៊ូយ៉ាងស្វិតស្វាញនិងមានហេតុផលត្រឹមត្រូវដើម្បីការពារដី ៤,៦ គីឡូម៉ែត្រការ៉េមិនឲ្យថៃដណ្តើមយក។ ដូច្នេះ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់អំពីបុព្វហេតុ និងការចាំបាច់របស់កម្ពុជាក្នុងការធ្វើសង្គ្រាមតបតជាមួយថៃដើម្បី ការពារទឹកដីរបស់ខ្លួនមិនឱ្យថៃប្រើផែនទីចោរដើម្បីដណ្តើមទឹកដី ខ្មែរ៕
ដោយ : បញ្ញវន្ត
ថ្ងៃទី 29 មេសា 2011
CEN
No comments:
Post a Comment