Friday, April 29, 2011
ខ្មែរ-ថៃ៖ ហេតុអ្វីបានជាបង្ហូរឈាមគ្នាដើម្បីតែដីព្រៃមួយដុំតូច?
អាវុធធុនធ្ងន់ ដែលកម្ពុជាបានប្រើក្នុងពេលប្រយុទ្ធជាមួយកងទ័ពថៃ
©វណ្ណារ៉ា/RFI
ដោយ សេង ឌីណា
បន្ទាប់ពីបានវាយប្រយុទ្ធគ្នាអស់រយៈពេល ៧ថ្ងៃជាប់ៗគ្នា នៅថ្ងៃព្រហស្បតិ៍ ២៨ មេសា ២០១១នេះ មេទ័ពខ្មែរ-ថៃបានព្រមព្រៀងឈប់បាញ់គ្នា។ ក៏ប៉ុន្តែ យោងតាមការសង្កេតឃើញកន្លងមក បើទោះជាមានការព្រមព្រៀងឈប់បាញ់ក៏ដោយ ការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃអាចនឹងកើតមានឡើងវិញគ្រប់ពេល។
ចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មក ក្នងជម្លោះដណ្តើមដី ៤,៦គីឡូម៉ែត្រការ៉េ កងទ័ពខ្មែរ និងកងទ័ពថៃបានវាយប្រយុទ្ធគ្នាជាច្រើនលើកមកហើយ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់។ បណ្តាញសារព័ត៌មានបរទេសខ្លះបានចោទជាសំណួរថា គ្រាន់តែដីមួយដុំតូចសោះ ហេតុអ្វីកម្ពុជា និងថៃ ឈានដល់ថ្នាក់ធ្វើសង្រ្គាមបង្ហូរឈាមគ្នាបែបនេះ?
នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បើនិយាយពីខាងភាគីកម្ពុជា គេគួរពិនិត្យមើលហេតុផលសំខាន់ពីរ ដែលជំរុញឲ្យកម្ពុជាក្រាញននៀលការពារចម្រៀកដីទំហំ ៤,៦គ.មការ៉េ គឺមូលដ្ឋានច្បាប់ និងសម្រោលប្រវត្តិសាស្រ្ត។
កម្ពុជាមិនទុកចិត្តប្រទេសជិតខាងរឿងព្រំដែន
នៅក្នុងរយៈពេលរាប់រយឆ្នាំមកហើយ ដែលកម្ពុជាប្រឈមមុខនឹងប្រទេសជិតខាង ដែលតែងតែច្បិចយកទឹកដីកម្ពុជាម្តងបន្តិចៗ ធ្វើឲ្យទឹកដីកម្ពុជារួមកាន់តែតូចទៅៗ។ កត្តានេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាតែងតែចិញ្ចឹមគំនិតសង្ស័យថា ប្រទេសជិតខាងមានមហិច្ឆតាច្បិចយកទឹកដីកម្ពុជាបន្តិចម្តងៗរហូតដល់ លេបទឹកដីកម្ពុជាទាំងមូល នៅថ្ងៃណាមួយ។ ហេតុដូច្នេះហើយបានជាបញ្ហាព្រំដែន គឺជាបញ្ហារសើបបំផុត សម្រាប់ប្រជាជនកម្ពុជា។ នៅពេលណាដែលមានជម្លោះទឹកដីជាមួយប្រទេសជិតខាង ប្រជាជនកម្ពុជាតែងតែប្រឆាំងដាច់ខាតមិនចង់ឲ្យបាត់បង់ទឹកដី សូម្បីតែមួយចំអាម។
កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំ
ហេតុផលដ៏សំខាន់មួយទៀត ដែលកម្ពុជាស្វិតស្វាញការពារដី ៤,៦គីឡូម៉ែត្រការ៉េមិនឲ្យទៅថៃ ពីព្រោះរាល់ឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបញ្ជាក់ថា ដីនោះជាដីរបស់កម្ពុជា។ ផ្ទុយពីកម្ពុជា ដែលមានមូលដ្ឋានច្បាប់យ៉ាងរឹងមាំ ថៃមានត្រឹមតែផែនទី ដែលថៃគូសជាឯកតោភាគីប៉ុណ្ណោះ ដើម្បីទាមទារយកដី ៤,៦គីឡូម៉ែត្រការ៉េនេះ។
បើគិតតាមលក្ខណៈសមហេតុផល តើមានប្រទេសណាមួយ ដែលមានប្រៀបខាង ផ្លូវច្បាប់យ៉ាងច្បាស់ បែរជាសុខចិត្តចុះញ៉ម ប្រគល់ទឹកដីឲ្យទៅប្រទេសមួយទៀត ដែលមានតែ ផែនទីឯកតោភាគីមួយសន្លឹកបែបនេះ?
ថៃបាក់អំណួត ចិញ្ចឹមចិត្តដណ្តើមព្រះវិហារទៅវិញ
បញ្ហាព្រះវិហារបានតាមលងប្រជាជន និងមេដឹកនាំថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ព្រះវិហារ គឺជានិមិត្តរូបនៃភាពអាម៉ាស់របស់ថៃ ដែលតែងតែចាត់ទុកខ្លួនឯងថាជាប្រទេសខ្លាំង ប៉ុន្តែ បែរជាចាញ់ក្តីជាមួយកម្ពុជា ដែលថៃតែងតែចាត់ទុកថាជាប្រទេសតូចតាចទន់ខ្សោយ។
តាមរយៈបណ្តឹងរបស់កម្ពុជា តុលាការក្រុងឡាអេបានសម្រេច កាលពីឆ្នាំ១៩៦២ ថា ប្រាសាទព្រះវិហារ និងតំបន់ដែលនៅជុំវិញប្រាសាទ គឺស្ថិតក្នុងទឹកដីរបស់កម្ពុជា ហើយតម្រូវឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់នោះ។ បរាជ័យនេះបានធ្វើឲ្យថៃបាក់អំណួត ទទួលនូវភាពអាម៉ាស់ ចិញ្ចឹមចិត្តគុំគួនជាមួយកម្ពុជា ហើយរង់ចាំតែមានឱកាសនឹងដណ្តើមយកទឹកដីព្រះវិហារទៅកាន់កាប់វិញ។
ថៃយកជម្លោះព្រំដែនទៅបម្រើផលប្រយោជន៍នយោបាយផ្ទៃក្នុង
ការផ្ទុះអាវុធលើកចុងក្រោយ ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ ២២ មេសា ២០១១នេះ កើតមានឡើង នៅចំពេលដែលថៃកំពុងគ្រោងរំលាយសភា និងរៀបចំបោះឆ្នោតសភា។ គេសង្កេតឃើញថា ចាប់តាំងពីមានគម្រោងការរំលាយសភាមក កងទ័ពថៃបានធ្វើយុទ្ធនាការយ៉ាងខ្លាំង តាមរយៈការបង្ហាញកម្លាំងទ័ពផង និងបណ្តឹងពីបទប្រមាថព្រះមហាក្សត្រផង ក្នុងគោលដៅបង្រ្កាបពួកអាវក្រហម។
មេទ័ពថៃកំពុងតែមានការបារម្ភខ្លាចគណបក្សភឿថៃ ដែលស្និទ្ធិនឹងលោកថាក់ស៊ីន និងក្រុមអាវក្រហមឈ្នះឆ្នោត ហើយឡើងមកកាន់អំណាចវិញ ព្រោះគណបក្សភឿថៃមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមពលរដ្ឋថៃដែលនៅ តាមខេត្ត។ កងទ័ពថៃទំនងជាចង់បង្កសង្រ្គាមជាមួយកម្ពុជា ដើម្បីបង្កើតភាពជ្រួលច្របល់ ជាលេសដើម្បីរារាំងកុំឲ្យមានការបោះឆ្នោត ឬដើម្បីធ្វើរដ្ឋប្រហារដណ្តើមកាន់កាប់អំណាចតែម្តង ដើម្បីចៀសវាងកុំឲ្យអំណាចធ្លាក់ក្នុងដៃក្រុមអាវក្រហម។
ម្យ៉ាងទៀត ប្រសិនបើការបោះឆ្នោតពិតជានឹងត្រូវរៀបចំធ្វើទៅមែន សង្រ្គាមជាមួយកម្ពុជាអាចជាយុទ្ធសាស្រ្តមួយ ទប់ទល់មិនឲ្យគណបក្សភឿថៃឈ្នះឆ្នោត។ នៅថៃ គេតែងតែចាត់ទុកគណបក្សភឿថៃរបស់លោកថាក់ស៊ីនថាជាសម្ព័ន្ធមិត្តរបស់ កម្ពុជា។ លោកថាក់ស៊ីនធ្លាប់ទាំងបានធ្វើជាទីប្រឹក្សាពិសេសរបស់រដ្ឋាភិបាល កម្ពុជាមួយរយៈខ្លីផង។ ដូច្នេះ ការបង្កើតភាពជាសត្រូវជាមួយកម្ពុជា អាចនឹងធ្វើឲ្យពលរដ្ឋថៃសម្លឹងឃើញគណបក្សភឿថៃថាជាក្រុមក្បត់ ដែលចូលដៃជាមួយសត្រូវ។
ថៃចង់ដណ្តើមកាន់កាប់ទីតាំងកម្ពុជាមុនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកព្រំដែន
ជាងពីរខែកន្លងមកហើយ ដែលកម្ពុជា និងឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន នៅរង់ចាំចម្លើយពីថៃ ស្តីពីការដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមបណ្តោយព្រំដែន ដើម្បីត្រួតពិនិត្យមើលការឈប់បាញ់រវាងកម្ពុជា និងថៃ។ ការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ត្រូវបានរដ្ឋាភិបាលថៃព្រមព្រៀងរួចមកហើយ ក្នុងពេលប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីខែកុម្ភៈកន្លងទៅ។ ក៏ប៉ុន្តែ គម្រោងដាក់ពង្រាយអ្នកសង្កេតការណ៍នេះត្រូវបានមេទ័ពថៃច្រានចោល។
ថ្មីៗនេះ អគ្គបញ្ជាការកងទ័ពជើងគោកថៃបានដាក់លក្ខខណ្ឌថា កម្ពុជាត្រូវតែដកថយចេញពីតំបន់ ៤,៦ ជាមុនសិន ទើបថៃសុខចិត្តទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។ នេះបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ថៃកំពុងតែចាញ់ប្រៀបកម្ពុជា ដោយសារតែតំបន់ ៤,៦ ដែលថៃទាមទារ ភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា។ នៅពេលដែលមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅតាមបណ្តោយព្រំដែន ទាំងកងទ័ពថៃ និងកងទ័ពកម្ពុជា ត្រូវឈប់បាញ់គ្នាជាអចិន្រ្តៃយ៍ ហើយរក្សាទីតាំងឈរជើងឲ្យនៅដដែល។ ក្នុងស្ថានភាពបែបនេះ កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅក្នុងតំបន់ ៤,៦ ស្រាប់ នឹងត្រូវបន្តគ្រប់គ្រងតំបន់នេះតទៅទៀត។ ចំណែកកងទ័ពថៃវិញ មិនអាចរុលចូលមកដណ្តើមកាន់កាប់ទីតាំងនេះបានទៀតទេ។ ដូច្នេះ មេទ័ពថៃទំនងជាចង់វាយដណ្តើមកាន់កាប់តំបន់ ៤,៦ ឲ្យបានមុនពេលដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី៕
អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 28 មេសា 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ព្រហស្បតិ៍ 28 មេសា 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment