Monday, February 21, 2011

កំពាព្យ ស្ទួយវប្បធម៌ខ្មែរ បទពាក្យប្រាំពីរ

កំពាព្យ ស្ទួយវប្បធម៌ខ្មែរ
បទពាក្យប្រាំពីរ
1) អរគុណសុធាដែលបានភ្ជាប់ សួនដ៏គួរគាប់កំណាព្យខ្មែរ
អស់កូនខេមរាខិតខំថែ កំណាព្យកេរ្តិ៍ម៉ែពុកយាយតា។
2) ខំគ្មានសំចៃថែឲ្យគង់ ក្រែងជួបល្ងិតល្ងង់ដល់ខេមរា ឈប់ឲ្យជួបទៀតរឿងទុក្ខា ពុកម៉ែយាយតាញញឹមជាក់។
3) ញញឹមព្រោះបានឃើញទំពាំង ចេះបិទចេះបាំងស្រស់វលក្ខណ៍ កំណាព្យច្រើនបែបខ្មែរបានឆ្លាក់ សន្សំថ្នមថ្នាក់ខ្មែរលែងភ្លេច។
4) ខ្មែរអើយជួយថែជួយលើកស្ទួយ ម្នាក់មួយៗកូនកុំគេច
ខំថែហើយច្នៃខំរំលេច យើងខំស្ពាយវេចក្រែងបាត់បង់។
5) ខំថែខំច្នៃខំផ្សព្វផ្សាយ ពន្យល់អធិប្បាយកាព្យផូរផង់
មានជាងហុកសិបសូមជួយស្រង់ ពូនជ្រុំតម្រង់ឲ្យល្បីសាយ។
6) កុលបុត្រខ្មែរអើយភ្ញាក់ខ្លួនឡើង ស្ទួយខ្មែរខ្ពស់ថ្កើងជូបសប្បាយ
ឈប់មើលរំលងខ្ពស់ហួសឆ្ងាយ ឈប់អធិប្បាយថាខ្មែរអន់។
7) កាព្យខ្មែរល្បីណាស់ក្នុងលោកា សូមជាតិខេមរាឈប់ជិនឆ្អន់
ជាតិគេស្ទុះស្ទារខំបន់ស្រន់ រៀនឲ្យបានមុនកំណាព្យខ្មែរ។
8) កំណាព្យខ្មែរយើងមានប្រយោជន៍ វែងឆ្ងាយច្រើនយោជន៍ឃើញហូរហែរ
អាចអានអាចស្មូត្រច្រើនបទដែរ អាចច្រៀងឲ្យខ្មែរដេកលក់បាន។
9) កំណាព្យមានចួនរណ្តំក្រៃ ជាកេរនិស្ស័យតសន្តាន
ដូនតាមានញាណខ្ពស់គ្រប់ប្រាណ ខំទុកកេរបានដល់សព្វថ្ងៃ។
10) ទឹកភ្នែកដូនតាស្រក់ផ្តាំថា អស់កូនខេមរាសូមលកលៃ
ខំប្រឹងបន្តច្នៃលកលៃ ជ្រកជ្រៀតកុំបីភ្លេចវប្បធម៌។
11) ហៃអស់កូនខ្មែរទាំងឡាយអើយ ឈប់ធ្វើព្រងើយត្រូវបន្ត
ស្រលាញ់ជីកឫសខឿនវប្បធម៌ ខ្មែរយើងឲ្យល្អដូចដូនតា។
12) កូនអើយសូមឈប់ចម្លងគេ មិនថ្លៃថ្នូរទេដល់ខេមរា
ខ្វះអ្វីជាតិយើងកេរដូនតា ភាពស្រស់ហ៊ឺហាត្រូវខ្នាតខ្មែរ។
13) បើកូនចម្លងគេទាំងដុល គេនឹងតាំងយល់ថាយើងប្រែ
ជាតិយើងអស់ឈ្មោះថាពូកែ ដែលធ្លាប់ល្បីដែរកាលអង្គរ។
14) ច្នេះចាប់ពីពេលនេះទៅមុខ កូនត្រូវវាយលុកផ្សាយបន្ត
ខំតែងខំរៀនកាព្យបវរ ជួយឲ្យខ្មែរល្អផុតអស់ភ័យ។
ភ្នំពេញរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) Chheng Uor Yi
បណ្ណារក្សខ្មែរ

No comments:

Post a Comment