កាលពីយូរលង់ណាស់មកហើយ មានប្ដីប្រពន្ធពីរនាក់ រស់នៅឃ្លាតឆ្ងាយពីអ្នកស្រុកភូមិ មិនសូវមានគេរាប់រកឡើយ។ យប់មួយនាងជាប្រពន្ធ ឈឹពោះឆ្លងទន្លេ បានប្រើប្ដីអោយទៅហៅឆ្មបមក
បង្កើតកូន។
បុរសប្ដី ភ័យឡើងត្រជាក់ដៃជើង ព្រោះថាផ្លូវទៅភូមិនោះ មានដើមជ្រៃ មួយធំ ជាលំនៅ
នៃខ្មោចព្រាយបិសាច ដែលតែងតែលងបន្លាចមនុស្សម្នាឆ្លងកាត់ទីនោះ អោយលស់ព្រលឹងស្លាប់មិនដែល
ខានឡើយ ហើយគ្មានផ្លូវណា គេចវាងផ្សេងទៀតទេ។ បុរសប្ដី ទទួលពាក្យយល់ព្រម តែពីមុខប្រពន្ធ លុះ
ចុះពីលើផ្ទះមក ក៏សំងំពួនក្នុងទីងងឹត អស់ពេលមួយស្របក់ធំ ទើប ធ្វើជាត្រលប់មកវិញប្រាប់ប្រពន្ធថា៖
- អូនអើយ យាយម៉ប មិននៅផ្ទះទេ។
ប្រពន្ធមិនជឿប្ដី ក៏តបទាំងឈឺពោះពុងថាៈ
- កុំកុហក! បងឯង សំងំនៅខាងមុខផ្ទះ ។ តើហ៊ានស្បថទេ?
បុរសប្ដី មិនហ៊ានស្បថ ក៏នៅស្ងៀម ហើយត្រូវប្រពន្ធស្ដីបន្ថែមថា៖
-បើមិនចង់អោយខ្ញុំស្លាប់ទេ ចូរឆាប់ទៅតាមយាយម៉បមក!
ប្ដី មិនតប ក៏ចុះដី ធ្វើដូចជាអ្នកក្លាហាន ប៉ុន្តែដើរ មិនបានប៉ុន្មានជំហានផងក៏នឹកខ្លាចព្រឺ
សំបុរ ហើយពួនសំងំអង្គុយយំមិនអោយប្រពន្ធលឺ ។លុះយំអស់ចិត្ត ទើបដើរមកប្រាប់ប្រពន្ធទៀត៖
-អូនអើយ យាយម៉ប ត្រូវបានគេអញ្ជើញមុនយើងបាត់ទៅហើយ។
ប្រពន្ធមិនជឿ និងដោយឈឺពោះខ្លាំងពេក ក៏តាំងស្រែកជេរៈ
- អាប្ដីចង្រៃ! --តាមពិត អាឯងខ្លាចខ្មោចលង ជាងខ្លាចអញស្លាប់។ប្រសិនបើអញស្លាប់
ទៅមែន អញ និងខ្មោចកូនអញ នឹងតាមលង កាច់កអាឯងមិនអោយរស់ទេ។
ប្ដី លឺប្រពន្ធជេរចង្អុលមុខ នឹកខឹងឆួលក្ដៅក្រហាយខ្លាំង លែងខ្លាច ក៏ស្ទុះចុះដី ហើយដើរ
យ៉ាងលឿនសំដៅទៅភូមិ។លុះ ដើរជិត ដល់ដើម ជ្រៃធំកន្លែងខ្មោចលង បុរស ភ័យខ្លាំង ក៏បិទភ្នែកជិត ខំ
ស្ទុះ រត់ពេញទំហឹង អត់ដង្ហើម ឆ្លងកាត់ក្រោមដើមឈើនោះ ក៏បុកខ្មោចដែលចាំលងកណ្ដាលផ្លូវ ខ្ទាតអុកគូទ
ទាំងសងខាងចំងាយស្មើគ្នា។ ឈឺខ្លាំងពេកបុរស ក្រោកឡើង បើកភ្នែកចង្អុលខ្មោច៖
-ខ្មោចអាណា ប្រាប់ឯងអោយរារាំងផ្លូវអញ រកទៅមុខពុំបានដូចនេះ?
ខ្មោច ទំលាក់សក់វែង ភ្នែក ខួងជ្រៅ អណ្ដាតក្រហមងៅដូចភ្លើង តបវិញទាំងកំហឹងថា៖
-អើ! តើអាណាប្រើឯង អោយមករត់បុកអញទាំងកណ្ដាលយប់ ស្ងាត់ដូចនេះ?ឯងមិនខ្លាច
អញ ជា ខ្មោចទេរឺអ្វី?
បុរស ភ័យធ្វើជា ស្រដីថា៖
-ប្រពន្ធអញ ប្រើអញ។ ខ្មោចដូចអាឯងគ្មានអ្វី គួរអោយខ្លាចទេ ។អញ ធ្លាប់ឃើញខ្មោចក្នុង
រឿងកុន ល្ខោនមុខអាក្រក់ជាងឯងឆ្ងាយណាស់។ឯង លងអញរបៀបណាក៏អត់ប្រយោជន៍ដែរ។យកល្អ
បើកផ្លូវអោយអញទៅ ប្រសើរជាង។
ខ្មោចដើមជ្រៃ នឹកអៀនខ្មាស ក៏សើចហេសៗ ចោលចំហាយស្អុយ ឆ្អាបឆ្អេះដូចគំរង់ ដើរមក
កាន់ស្មាបុរសយើង ហើយនិយាយឡើងថា៖
-គ្រាន់បើមែនសំលាញ់!អញ ខំស្កាត់រកមនុស្សក្លាហានដូច ឯងធ្វើជាសំលាញ់ពុំបានទេ។
តើប្រពន្ធសំលាញ់ឯង មានការអ្វី បានជាឯងប្រញាប់ខ្លាំងម៉្លេះ?
បុរស លឺសំដីខ្មោចដូចនោះ បានធូរចិត្តខ្សាកៗក៏ត្អូញត្អែថា៖
-ឱ!អា សំលាញ់អើយ! គ្នាមានធុរៈខ្លាំងណាស់ ព្រោះត្រូវទៅ រកយាយម៉បនៅក្នុងភូមិ។
គ្នាក្រ ហើយទាល់ដៃជើងផង។បើឃើញគ្នាចេញចូលតាមផ្លូវនេះ ចូរកុំរំខានដល់ការងារគ្នារកស៊ីធ្វើអ្វី។
ខ្មោចដើមជ្រៃ យំហ៊ូ!អាណិតមាណព ជាសំលាញ់៖
-មិនអ្វីទេ ក្រប៉ុណ្ណឹងៗនោះ ចាំថ្ងៃក្រោយ គ្នានឹងជួយអោយឯងរកស៊ី មានបានឆាប់។ តែឥឡូវ ចូរយើងប្រញាប់ កុំអោយប្រពន្ធឯងចាំមើលផ្លូវយូរពេក!
មនុស្ស និងខ្មោចបណ្ដើរគ្នាចូលក្នុងភូមិ ឆ្កែលូតៗគ្នាគួរអោយខ្លាច។មកដល់ផ្ទះយាយម៉ប
ខ្មោច រង់ចាំនៅខាងក្រៅ។បុរស ចូលទៅដាស់យាយម៉ប៖
-យាយៗ ! មេត្តាយាយជួយ ប្រពន្ធខ្ញុំផង។នាង ឈឺពោះឆ្លងទន្លេ។
-មាណពអើយ ថាអញមិនទៅទេ ត្បិតផ្ទះឯងដាច់ឆ្ងាយពីគេ។អញខ្លាចខ្មោចលង។
មាណព តប៖
-មើលចុះ! ខ្ញុំ ដើរតាមផ្លូវ គ្មានអ្វីកើតឡើងទេ។ ខ្ញុំ ហ៊ានធានា ។អាណិត យាយជួយខ្ញុំ យក
តែបុណ្យចុះ។
យាយម៉ប រៀបចំប្រដាប់ប្រដាបង្កើតកូនរួចស្រេច ក៏អុជចន្លុះបំភ្លឺផ្លូវនិយាយទាំងទើសទាល់៖
-ក្រៅពីចៅឯង យាយមិនទៅទេ។
តាមផ្លូវ ក្រោមដើមជ្រៃ ស្ងាត់ច្រៀប។ខ្មោចតូចធំបើកផ្លូវអោយអ្នកទាំងពីរ ចេញចូលគ្មាន
ភិតភ័យ។យាយម៉ប ទៅដល់ផ្ទះចៅមាណព ហើយចូលទៅជួយនាងប្រពន្ធ ដោយបង្កើត បាន កូនប្រុសមួយ
យំង៉ាឡើង ។គាត់ ដៅកំបោរព័ទ្ធសីមា សញ្ញាជើងក្អែកលើក្បាលសសរគ្រប់ជ្រុង។ចំនែកមាណព ឈរឈប់
ចាំនៅខាងក្រៅ និយាយលេងនឹងខ្មោច៖
-កូនគ្នាកើតហើយ! អញ្ជើញសំលាញ់ចូលជជែកគ្នាលេងខាងលើផ្ទះ។
ខ្មោចប្រកែក៖
-ទេ! ផ្ទះឯង អញចូលពុំបានទេ មានគេព័ទ្ធសំនាញ់ញឹកណាស់។ណ្ហើយចុះ !គ្នា គិតលាឯង
ទៅវិញហើយ។បើឯងមានកិច្ចការអ្វីចង់អោយគ្នាជួយ រំលឹកដល់អញទៅ អញជួយឯងភ្លាម។
-គ្នា អរគុណឯងណាស់ ។កុំភ្លេចជួយគ្នាផងណាសំលាញ់!
លុះខ្មោចដើមជ្រៃ ចេញទៅ ចៅមាណពឡើងមកលើផ្ទះ។យាយម៉ប សួរ៖
-ចៅឯង និយាយជាមួយអ្នកណានៅខាងក្រៅ?
-បាទ! ខ្ញុំ និយាយលេងជាមួយមិត្តភក្ដិ ។ឥលូវ វាទៅផ្ទះវាវិញហើយ។
យាយម៉ប ឆ្ងល់លែងចេញស្ដី។លុះភ្លឺឡើង បុរសជូនយាយត្រលប់ទៅផ្ទះគាត់វិញ។
នៅស្រុកជិតខាង នឹងកន្លែងចៅមាណពរស់នៅ មានកូនក្រមុំសេដ្ឋីម្នាក់ នាងស្លាក់ឆ្អឹងត្រី
បីបួនថ្ងៃហើយ។គ្រូពេទ្យ នៅស្រុកនោះទាល់ ចំនេះ យកអាសានាងពុំបាន។សេដ្ឋី ក៏ចាត់បាវបំរើអោយរក
គ្រូហ្មមកស្ដោះផ្លុំបន្ថែមទៀត តែគ្រប់គ្រូហ្មទាំងនោះគ្មានលទ្ធភាពនឹងជួយនាងបានទេ។ដំណឹងនេះបានលេច
លឺដល់បុរសជាមិត្តភក្ដិនឹងខ្មោច។លុះយប់ឡើង បុរសក៍ចូលទៅសួរខ្មោចជាសំលាញ់ក្រោមដើមជ្រៃ។ ខ្មោច
បានអោយបាលីទៅបុរសនោះ។បុរស ទន្ទេញបាលីចាំគ្រប់ម៉ាត់ ទើបលាប្រពន្ធទៅផ្ទះសេដ្ឋី។
សេដ្ឋីសួរ៖
-ចៅ ឯង ជាគ្រូហ្ម មែនទេ?
-បាទ! ខ្ញុំបាទមិនដែលរកស៊ីធ្វើគ្រូអ្វីទេ។ខ្ញុំបាទចេះចាំបាលីស្លាក់ឆ្អឹងបន្តិចបន្តួច។ប្រសិនជា
អាចទៅរួច ខ្ញុំសូមសាកល្បងគ្រាន់នឹងបានកេរ្តិ៍ឈ្មោះបោះសំលេងតទៅ។
សេដ្ឋីញញឹមៈ
-អើ!បើចៅឯងអាចជួយកូនស្រីយើងបាន យើងនឹងអោយរង្វាន់ជាទីគាប់ចិត្ត។
បុរស ត្រូវបានសេដ្ឋីអញ្ជើញអោយចូលទៅក្នុង អង្គុយលើកន្ទេលក្រហម។ នាយ បង្គាប់ អោយគេរៀបចំលំដាប់សែនព្រេនអោយខ្មោចស៊ីរួចស្រេច ទើបអោយយកទឹកមួយផ្តិល ដុតធូបបីសរសៃ រួច
សូត្របាលីខ្មោចបីចប់ខ្លាំងៗ កូរនឹងទឹក យកទៅអោយបុត្រីសេដ្ឋីផឹក។ពេលផឹកទឹកមន្តបានបន្តិច នាងក្រមុំ
នឹកដល់បាលីខ្មោចនោះចំអាសចំអូងពេក ក៏អស់សំណើចខឹក រលើងឆ្អឹងត្រីរលាយបាត់ពីបំពង់កទៅ។
សេដ្ឋី ត្រេកអរឥតឧបមាចង់លើកកូនក្រមុំអោយទៅចៅមាណព ប៉ុន្តែត្រូវមាណពប្រកែកថា
ខ្លួនមានប្រពន្ធហើយ ៗសុំលាសេដ្ឋីទៅផ្ទះវិញ។សេដ្ឋីនឹកមិនអស់ចិត្ត ក៏បង្គាប់អ្នកបំរើ អោយដឹកស្បៀងមួយ
រទេះមកដល់ផ្ទះមាណព។តាំងពីថ្ងៃនោះមក កេរ្តិ៍ឈ្មោះមាណព លេចលឺល្បី។
សម័យថ្ងៃមួយ ស្ដេចផែនដី ទ្រង់ប្រឈួនធ្ងន់ធ្ងរ ដោយជំងឺខាន់ស្លាក់ក្នុងបំពង់កសោយ
ក្រយាស្ងោយពុំបាន។ពេទ្យហ្លួងប្រចាំរាជវាំង អស់តំរិះព្យាបាល។ ស្ដេច ចេញរាជបញ្ជាអោយសេដ្ឋីនាំខ្លួនចៅ
មាណពទៅរាជធានី។ មាណព ភិតភ័យខ្លាំងណាស់ ចូលទៅក្រាបបង្គំគាល់ស្ដេចក្នុងវាំង ហើយបង្គាប់អោយ
មន្ត្រីពេទ្យ រៀបលំដាប់សែនព្រេនខ្មោចបុព្វបុរសរួចស្រេចទើបមើលថ្វាយ។ ស្ដេច សោយទឹកមន្តបាលីចៅ
មាណពបន្តិច ក៏ជាសះស្បើយព្រះរោគភ្លាម។ ស្ដេច មានព្រះទ័យដឹងគុណចៅមាណព ដោយតែងតាំង មាណពអោយធ្វើជានាយក្រុមពេទ្យហ្លួង តែមាណព ពុំអាចចាកចោលស្រុកស្រែចំការបានទើបសុំមករក្សា
រាស្ត្ររបស់ព្រះអង្គតាមជនបទវិញ។មាណព បានរង្វាន់ពីព្រះរាជាយ៉ាងច្រើន ហើយបង្គាប់អោយគេធ្វើបុណ្យ
យ៉ាងមហោឡារិកដល់វិញ្ញាណក្ខ័ន្ធខ្មោចនៅពោធិ៍ជ្រៃ ដើម្បីយោនយកកំណើតចាប់ជាតិជាថ្មី។ យប់នោះ
សំលាញ់ខ្មោច បានអោយក្បួនថ្នាំបុរាណមួយគម្ពីរ ទុកជាកេរដំណែលព្យាបាលប្រជាជនតូចតាចតរៀងទៅ។
«អំពើល្អ រមែងទទួលផលល្អ»
បាក់ សំបុល ០៩០៨១០៨៩៩
No comments:
Post a Comment