កំណាព្យ ប្រយោជន៍នៃការអាន
បទពាក្យប្រាំពីរ
1. អានច្រើនចេះច្រើនកើនវិជ្ជា អានរាល់ទិវាពិតប្រពៃ
វេលាចង្អៀតឆ្លៀតលកលៃ អានច្រើនប្រាជ្ញវៃមុតភ្លឺថ្លា។
2. អានច្រើនយល់ច្រើនកើនដំណឹង ទីដែលចង់ដឹងក្នុងចិន្តា
ទោះមិនដែលឃើញផ្ទាល់នេត្រា អានច្រើនកាលណាហាក់ទៅដល់។
3. អានច្រើនដឹងច្រើនកើនចំណេះ ជាយានពិសេសរត់លើថ្នល់
ស្រាយអាថ៌កំបាំងស្រាយចម្ងល់ ចំណោទកង្វល់អស់ព្រោះអាន។
4. អំណានជាផ្លូវនាំជីវិត រុងរឿងល្អពិតពុំប្រាសប្រាណ
ភោគផលពុំអាចកាត់ថ្លៃបាន បរវរក្សេមក្សាន្តប្រពៃពិត។
5. បណ្តាំដូនតាចាំណាពៅ ចូរយកសៀវភៅធ្វើជាមិត្ត
អានច្រើនចេះច្រើនកើនគំនិត វែងខ្លីឆ្ងាយជិតពិតស្មោះសរ។
6. ទោះក្រោមដំបូលរុក្ខជាតិ សំភីខ្មីឃ្មាតអានបន្ត
ស្តើងក្រាស់ចាស់ថ្មីនៅតែល្អ ភ័ក្រ្តស្រស់បវរចងចាំទុក។
ភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ ជីម វ៉ាតធីតា គ្រូភាសាខ្មែរ
No comments:
Post a Comment