1. ឆឆាប់រិះគិតឆាប់ឆ្ពោះដល់ ឆមិនដែលខ្វល់ឆោតឆេវឆាវ
ឆឆាន់ក្នុងវត្តមិនគិតផៅ ឆនោះគេហៅឆៅតម្រា។
2. ឆឆាប់រៀនអានឆឆាប់យល់ ឆឆាប់ដឹងកលព្រោះឧស្សាហ៍
ឆឆាប់បានជួយជាតិខេមរា ឆឆាប់ឆ្លាក់ចារថ្លាគំនិត។
3. ឆឆាប់ធ្វើការពីព្រលឹម ឆឆាប់សង្ឃឹមទាញមកជិត
ឆឆាប់ត្រួសត្រាយជួយឲ្យស្និត ឆឆាប់ស្រាយពិតទុក្ខអាត្មា។
4. ឆឆាប់សរសេរតែងនិពន្ធ ឆឆាប់និមន្តលោកទេសនា
ឆឆាប់រៀនគិតស្រាយតម្រា ឆឆាប់ស្នេហាបណ្ឌិតប្រាជ្ញ។
5. ឆឆាប់និយាយតែពាក្យល្អ ឆឆាប់ជួយទ្រខ្មែរអង់អាច
ឆឆាប់គិតអ្វីឲ្យស្រេចបាច់ ឆឆាប់រត់គេចពីបារី។
6. ឆ រៀនរៀបឬកចរិយា ឆ នាំអាត្មាពណ្ណរង្សី
ឆកុំឆខ្លាំងនាំសេរី ឆកុំគប្បីឆអន្ធពាល។
7. ឆឆាប់ស្រាវជ្រាវឆឆាប់យល់ ឆឆាប់រុករុលឆាប់ដល់វាល
ឆឆាប់ច្រូតស្មៅឆាប់ពេញជាល ឆឆាប់ខ្វាលគោគោឆាប់ឆ្អែត។
8. ឆឆាប់អប់រំទាន់ថ្មីៗ ឆឆាប់ដាស់ដីចុងខែចែត្រ
ឆឆាប់សាបព្រោះគ្រប់ស្រុកខេត្ត ឆឆាប់បណ្តែតមងវស្សា។
9. ឆឆាប់បង្កើតគ្រឿងសិប្បកម្ម ឆឆាប់ផ្តែផ្តាំដល់ខេមរា
ឆឆាប់លើកស្ទួយកេរ្តិ៍ដូនតា ឆឆាប់រក្សាអស់ដែនដី។
10. ឆឆាប់ញញឹមរកញាតិមិត្ត ឆឆាប់រិះគិតជំនួញថ្មី
ឆឆាប់ឈ្មុសឈ្មុលកាប់គាស់ដី ឆឆាប់បុកដីដាំដំណាំ។
11. ឆឆាប់បង្រៀនខ្មែរឲ្យចេះ គ្រប់អស់តំរិះរុក្ខកម្ម
ផ្សព្វផ្សាយបន្តដល់ម៉ឺនឆ្នាំ ពូជកសិកម្មឲ្យវឌ្ឍនា។
12. ឆឆាប់រៀបចំគ្រោងជីវិត ឆឆាប់ឲ្យសិទ្ធមនុស្សផងគ្នា
ឆឆាប់ក្លាហានមិនរួញរា ឆឆាប់កាប់ឆ្ការដើម្បីខ្មែរ។
13. ឆឆាប់ភ្ញាក់ខ្លួនពីលោភៈ លះបង់ទោសៈមោហៈដែរ
តាមបណ្តាំព្រះពុកនិងម៉ែ ក្តីសុខមិនប្រែទេព្រះស្តែង។
14. ឆឆាប់ក្រោកឡើងពីដំណេក ឆឆាប់ពុនរែកទូលលីសែង
ឆឆាប់ពឹងពាក់លើខ្លួនឯង ឆនេះមិនវែងក្តីលំបាក។
15. ឆឆាប់ចាប់យកក្រមសីលធម៌ ឲ្យខ្ពស់បវរដូចហ៊ឹងស្កាក
ខ្ពស់ផុតលើក្បាលតំកល់ដាក់ ព្រះពុទ្ធរូបឆ្លាក់ក្នុងលំនៅ។
16. ឆឆាប់ចូលគេងពីព្រលប់ ឆឆាប់ត្រលប់ពីស្រុកក្រៅ
ឆឆាប់ជួយខ្មែរក្រែងខ្មែរខ្លៅ ឆឆាប់ជួយចៅដែលរងទុក្ខ។
17. ឆឆាប់រូតរះទាន់រដូវ ឆឆាប់នាំផ្លូវកូនអ្នកស្រុក
ឆឲ្យឆាប់ដើរក្នុងផ្លូវសុខ ឆឆាប់ខ្ពស់មុខព្រោះយល់ច្បាស់។
18. ឆឆាប់លក់ដូរទាន់នៅព្រឹក ឆឆាប់រំលឹកមេរៀនចាស់
ឆឆាប់ទទួលពាក្យល្អល្អះ ឆឆាប់ថែចាស់កុំឲ្យស៊ុន។
19. ឆឆាប់ដាំដុះឈើហូបផ្លែ ឆឆាប់ថ្នមថែកូនប្រពន្ធ
ឆឆាប់ធ្វើអ្វីល្អបានមុន ឆឆាប់រែកពុនថែគ្រួសារ។
20. ឆឆាប់លះបង់ខ្ជិលច្រអូស ឆឆាប់លះចុះពាក្យមុសារ
ឆឆាប់យកធម៌តាមអាត្មា ឆឆាប់ទៅរ៉ាចោលពាក្យឈ្លោះ។
21. ឆឆាប់កែប្រែភាពខុសឆ្គង ឆឆាប់រំលងពាក្យទ្រគោះ
ឆឆាប់ជៀសឆ្ងាយពីរឿងឈ្លោះ ឆនោះឈ្មោះថាឆបានសុខ។
22. ឆឆាប់យកពាក្យដូនតាខ្មែរ ឆឆាប់បែកបែរពាក្យនាំទុក្ខ
ឆឆាប់ចងចាំពាក្យម៉ែពុក ឆឆាប់នាំសុខឲ្យប្រពន្ធ។
23. ឆឆាប់ចចារនឹងឆោមឆាយ ឆនាំសប្បាយឲ្យដូចមុន
ឆអ្វីឲ្យល្អឆទន់ភ្លន់ ឆដេញទារុណឲ្យឆ្ងាយឆាប់។
24. ឆឆ្លាស់ពាក្យពេចន៍ឲ្យពិរោះ ឆលេងឲ្យស្មោះជាប្រញាប់
ឆឲ្យលីណាបានសាស័ព្ទ ប្អូនហេងសូមស្តាប់ឈប់ឆខុស។
25. ឆឆាប់ជួយគ្នាគ្រាមានទុក្ខ ឆឆាប់វាយលុកខ្មាំងសត្រូវ
ឆឆាប់រុញវាឲ្យឆ្ងាយទៅ ឆឆាប់ត្រាយផ្លូវកូនចៅយើង។
26. ឆឆាប់ពិនិត្យរកហេតុផល ឆឆាប់បានយល់ពាក្យផ្កុំថ្កើង
ឆឆាប់ដាំដុះស្រូវស្រែយើង ឆឆាប់កើតកើនយសទទួល។
27. ឆចេះលៃលកឆ្អែតក្រពះ ឆប្រឹងយកឈ្នះឆេះឆាបឈួល
ឆកុំឆេវឆាវនាំរមួល ឆពោះព្រួលៗឆឆាប់ខឹង។
28. ឆឆាប់ជំរុះភាពហ្មងសៅ ឆឆាប់ជួយពៅស្រស់ព្រលឹង
ឲ្យចេះរៀនរកខ្លាំងដូចសឹង្ហ ឆឆាប់ឡើងវឹងខ្ពស់ថ្កុំថ្កើង។
29. ឆខ្ញុំមិនកាចណាជីវ៉ា ឆឆ្លាតដូចតាខេមរាយើង
ឆឆាប់សាងសង់ខ្មែរត្បូងជើង ឆឆាប់ស្ទុះឡើងខ្មែរទាំងឡាយ។
30. ឆឆាប់គេចពីល្បែងស្រីស្រា ឆនោះគេថាមិនលីលា
ឆឆាប់យល់ចិត្តញាតិរាល់គ្នា ឆនោះគេថាឆមិនស្តាយ។
31. ឆនេះនៅស្ទើរមិនទាន់អស់ ឆស្អាតល្អក្បោះឆឆើតឆាយ
ឆវីឆវ័ន្តឆដូចម្តាយ ឆឆាប់និយាយពាក្យទន់ភ្លន់។
32. ឆឆាប់ទទួលយល់ខុសត្រូវ ឆនេះមិនសូវជាស៊យស៊ុន
ឆនេះដូចជាឆពីមុន ឆផុតអាសន្នគួរតំកល់។
33. ឆឆាប់សាងសង់ផ្ទះឲ្យខ្ពស់ ឆឆាប់ស្រាយអស់នូវចម្ងល់
ឆឆាប់កត់ត្រារាល់ពាក្យឆ្ងល់ ឆឆាប់ទៅដល់ព្រោះខំប្រឹង។
34. ឆឆាប់នៅមានន័យច្រើនទៀត ឆឈប់រាប់រៀបស្លេះត្រឹមហ្នឹង
ឆឆេងអ៊ួកាត់ចិនខ្មែរក្លឹង ឆដូចខ្ញុំហ្នឹងឆព្រោះខ្មែរ។
35. ឆនេះពិតជាឆបវរ ឆនាំអំណរដល់ពុកម៉ែ
ឆឆ្លាតឆឆ្លាក់ឆឆាប់កែ ឆនាំជាតិខ្មែរស្គាល់រុងរឿង។
ភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
សហអ្នកនិពន្ធ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ស PSE
និង សុខ គឹម ហេង បណ្ណារក្ស វិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា
No comments:
Post a Comment