Monday, February 21, 2011

កំណាព្យ អានមានច្រើនយ៉ាង បទកាកតិ

1. ខ្ញុំបាទពិសិដ្ឋ លំអោនកាយចិត្ត ក្រាបប្រណិប័តន៍
លើកហត្ថបង្គំ ប្រណម្យថ្វាយថ្វាត់ អង្គមហាក្សត្រ
និងប្រមុខរដ្ឋ ។
2. សូមលំឱនកាយ ញាតិញោមទាំងឡាយ ដែលស្គាល់ប្រាកដ
ជាខេមរជន អធនកំសត់ ក្នុងកម្ពុជរដ្ឋ
មហាក្សេមក្សាន្ត ។
3. មុននឹងតាក់តែង ខ្ញុំសូមថ្លាថ្លែង ស្តីពីការអាន
ចែងជាបទកាព្យ កំណាព្យថ្កើងថ្កាន ដែលខ្មែរធ្លាប់បាន
ចារក្នុងប្រវតិ្ត ។
4. អានមានច្រើនយ៉ាង ខ្ញុំមានភស្តុតាង បញ្ជាក់ប្រាកដ
អានមួយពេលបាយ អានស្តាយ(style)ហ្មត់ចត់ បង្អួតប្រាកដ
ដល់អស់ញាតិផង ។
5. អានពីរជិះឡាន ធ្វើឲ្យរំខាន ចិត្តគេមួហ្មង
ពុំហ៊ានចរចា វាចាឆ្លើយឆ្លង ចាប់រកញាតិផង
អ្នករួមដំណើរ ។
6. អានពីរជិះឡាន ធ្វើឲ្យរំខាន អានមិនប្រសើរ
ធ្វើឲ្យខូចភ្នែក រារែកស្ទាក់ស្ទើរ យល់ន័យសើៗ
ប្រឹងសម្លឹងខ្លាំង។
7. អានបីទីភ្លឺ ធ្វើឲ្យភ្នែកឈឺ ឆាប់ព្រិលស្រវាំង
អាននេះពុំល្អ វីវរទុក្ខខ្លាំង ព្រិលភ្នែកស្រវាំង
មើលអ្វីលែងយល់។
8. អានបីភ្លឺពេក ធ្វើទុក្ខដល់ភ្នែក នាំកើតកង្វល់
អានពុំប្រពៃ រីងរៃអំពល់ អានកើនក្តីខ្វល់
អានពុំត្រឹមត្រូវ។
9. អានទីងងឹត អានទីបួនពិត នាំទុក្ខឥឡូវ
ធ្វើឲ្យខូចភ្នែក យំយែកអាស្រូវ ស្រវាំងញ៉ាំញ៉ូវ
ទឹកមុខមិនស្រស់។
10. អានទីងងឹត ប្រឹងសម្លឹងគិត ប្រាជ្ញាប្រឹងអស់
ប្រឹងខុសធម្មតា នេត្រាខ្មៅស្រស់ ប្រែក្លាយក្រៀមក្រោះ
ស្រអាប់ល្អក់ស្លេក។
11. រីអានទីប្រាំ ចូរអ្នកចងចាំ គឺអ្នកអានដេក
ធ្វើឲ្យរោយក ពុំល្អដល់ភ្នែក ពិបាកក្រលេក
ក្រឡាប់មើលការ។
12. អានទីប្រាំមួយ អានផុតក្តីព្រួយ លំហែកាយា
ពេលទៅសមុទ្រ វិសុទ្ធចិន្តា រូបកាយស្រស់ថ្លា
អានចងចាំបាន។
13. អានទីប្រាំមួយ ចាកផុតក្តីព្រួយ អានកែកំសាន្ត
អានគ្រាន់តែដឹង ដំណឹងគ្រប់ដ្ឋាន អានកែកំសាន្ត
អានយកពត៌មាន។
14. អានទីប្រាំពីរ អានគ្រប់ទិសទី ពេលទំនេរមាន
អានដើម្បីចេះ តំរិះជាស្ពាន ផ្សំប្រាជ្ញាញាណ
ឲ្យល្អថ្លៃថ្លា។
15. អានទីប្រាំពីរ អានគ្រប់ទិសទី បង្កើនបញ្ញា
អានល្អវិសេស ព្រោះចេះយល់ការ អានដោយប្រាជ្ញា
រិះគិតសំភី។
16. អានមានច្រើនបែប ខ្ញុំសូមសង្ខេប យកត្រឹមតែពីរ
អានមួយអានខុស ប្រទុស្តយាយី អានក្រៅគម្ពីរ
នាំទុក្ខដល់ភ្នែក។
17. ដូចពេលហូបបាយ ជិះឡានសប្បាយ ភ្លឺងងឹតពេក
អាននាំកើតទុក្ខ វិលមុខឈឺភ្នែក អាននេះចម្លែក
គេហៅអានខុស។
18. ទីពីរអានត្រូវ តម្កល់ចិត្តត្រូវ មានចិត្តសន្តោស
តស៊ូអំណត់ ប្រាកដឈ្មុលឈ្មួស អានច្រើនចំរុះ
ប្រាជ្ញាទូលាយ។
19. នៅទីបញ្ចប់ សូមលើកម្រាមដប់ បង្គំថ្វាត់ថ្វាយ
គោរពជូនពរ បវរពីនាយ លំអុតឱនកាយ
ជូនពរអ្នកអាន។
20. សូមមានបញ្ញា ដោះស្រាយបញ្ហា បានក្តីសុខសាន្ត
ចូលចិត្តរៀនសូត្រ ឆាប់ស្រូតរៀនអាន ក្រេបយកឲ្យបាន
រសនៃវិជ្ជា។
21. វិជ្ជាមានច្រើន អានច្រើនចេះច្រើន ចូរកុំរុញរា
មានតែប្រាជ្ញា ភ្លឺថ្លាទើបជា អាវុធថ្លៃថ្លា
ការពារជីពជន្ម។
១៤-ធ្នូ-២០១០
និពន្ធដោយ ជួប ពិសិដ្ឋ
វាយអត្ថបទដោយ ស្វាយ ម៉េងឡាយ រៀនឆ្នាំទី ៤E និង រ៉ាត់ ចាន់សុភ័ក្រ្តណា ជំនាញមេកានិច ត្រួតពិនិត្យអក្ខរាវិរុទ្ធ ដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

No comments:

Post a Comment