Tuesday, February 15, 2011

កំណាព្យ នំបញ្ចុក បទពាក្យប្រាំពីរ

កំណាព្យ នំបញ្ចុក
បទពាកប្រាំពីរ
1. សូមជួយទិញនំបញ្ចុកខ្ញុំ ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
សម្លប្រហើរច្នៃគ្រប់ស្រុក បន្លែបន្លុកកៀនរបង។
2. សម្លប្រហើរបុកសាច់ត្រី រសឆ្ងាញ់តិចអីប្រហុកផង
ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។
3. មានបន្លែស្រស់ច្រើនមិនខ្វះ កន្ទំថេតប៉ះត្រួយស្វាយតា
ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា ត្រសក់ចំការព្រលិតស្ពៃ។
4. មានសន្តែកគួជីគ្រប់មុខ មានល្ហុងអ្នកស្រុកឈូសថ្មីៗ មានកំពីងពួយដុះលើដី គ្រលីងឈូកខ្ខីត្រយ៉ូងចេកខ្មែរ។
5. មានភ្លៅកង្កែបមានត្រួយរាំង ភ្លៅកង្កែបចាំងបៃតងដែរ
ងាយស្រួលរកបេះលើដីខ្មែរ ទោះចំការស្រែច្រើនភោគក្តា ។
6. ខ្ញុំរែកដើរលក់ពីព្រលឹម ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
ចំណូលផ្គត់ផ្គង់ដល់គ្រួសារ ថែបុត្រធីតាឲ្យក្សេមក្សាន្ត។
7. នំបញ្ចុកខ្មែរគុណភាពល្អ អ្នកលក់ស្មោះសក្នុងសន្តាន
មិនប្រើគីមីនាំសុខសាន្ត ខ្មែរយើងរស់បានមង្គលអើយ។
ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស

No comments:

Post a Comment