1. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រខ្មែរមិនយូរគ្រូវាងវៃ
គ្រូខ្មែរខិតខំប្រឌិតច្នៃ សន្សំលកលៃជម្នះក្រ។
2. គ្រូក្រតែទ្រព្យចិត្តទូលាយ ក្រគ្រូក្រងាយឆាប់បានល្អ
ក្រគ្រូចេះអប់រំបវរ ក្រគ្រូមិនក្រចិត្តសប្បុរស។
3. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរឆាប់ថ្កើងយស
ក្រគ្រូក្រប្រព្រឹត្តរឿងឈ្លោះ ក្រនេះខ្ពង់ខ្ពស់ញាតិរាប់រក។
4. ក្រល្អូរគ្រូល្អដូចជើងពាន គ្រូខំបង្រៀនដាំពន្លក
ក្រគ្រូមិនកាន់រឿងស្មោគគ្រោក ក្រគ្រូមិនយកលុយសូកប៉ាន់។
5. ក្រគ្រូសុខចិត្តយកគុណធម៌ ក្រគ្រូបវរក្រប្រកាន់
ក្រគ្រូចេះចាត់ចែងចង្ហាន់ ក្រគ្រូប្រកាន់សាងគំនិត។
6. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរព្រោះចេះគិត
ក្រគ្រូមិនកាន់ធម៌ទុចរិត គ្រូក្រប្រព្រឹត្តពាលឫស្យា។
7. ក្រគ្រូក្រចោលអស់សន្តាន ក្រគ្រូក្លាហានថែខេមរា
ក្រគ្រូខំបង្កើនវិជ្ជា ក្រគ្រូមិនរាក្នុងជីវិត។
8. គ្រូល្អក្រល្អូរមានឈប់ក្រ ក្រគ្រូបវរជាបណ្ឌិត
ក្រគ្រូថ្កើងយសព្រោះចេះគិត គ្រូក្រប្រព្រឹត្តល្បែងពាលា។
9. ក្រគ្រូក្រចោលអស់តម្រា ក្រគ្រូស្នេហាគ្រប់វិជ្ជា
ក្រគ្រូបង្កើតឋានរមនា ក្រគ្រូថែគ្នាក្រែងវិនាស។
10. ក្រគ្រូក្រប្រព្រឹត្តហិង្សា ក្រគ្រូឧស្សាហ៍ធ្វើការផ្ទះ
ក្រគ្រូសុខចិត្តប្រឹងជម្នះ ក្រគ្រូវាយឈ្នះអវិជ្ជា។
11. គ្រូល្អក្រល្អូរសិស្សត្រូវចាំ ក្រគ្រូសូមផ្តាំខំរៀនសូត្រ
ក្រគ្រូត្រូវធ្វើឲ្យស្លូតបូត ក្រមិនរបូតពីសីលធម៌។
12. ក្រគ្រូក្របំភ្លេចសិស្សគុន ក្រគ្រូក្រមុនក្រោយឈប់ក្រ
ក្រគ្រូមិនដែលក្រ.បី.ត ក្រគ្រូជួយទ្រជាតិឱ្យថ្កើង។
13. គ្រូល្អក្រល្អូរគ្រូសុភាព ក្រគ្រូមិនទាបដុះដាក់ផើង
ក្រគ្រូជួយជាតិញាតិផៅឡើង ក្រគ្រូដុះឡើងយសអំណាច។
14. ក្រគ្រូក្រលះបង់ចោលសិស្ស ក្រគ្រូប្រតិស្ឋក្នុងឋានប្រាជ្ញ
ក្រគ្រូបង្រៀនយ៉ាងអង់អាច ក្រគ្រូមិនខ្លាចសិស្សកាចខូច។
15. ក្រគ្រូមិនភ្លេចវប្បធម៌ខ្មែរ ក្រគ្រូមិនប្រែធំទៅតូច
ក្រគ្រូមិនខ្មៅដូចសំពោច ក្រគ្រូរុងរោចន៍អស់ចំបែង។
16. គ្រូល្អក្រល្អូរសូមញាតិចាំ គ្រប់អស់ខែឆ្នាំជួយជ្រោងជ្រែង
ជួយគ្រូឈប់ក្រឈប់ទើសទែង ក្រគ្រូមិនលែងអប់រំសិស្ស។
សំគាល់ ៖ ពាក្យ ល្អូរ = រអ៊ូរ
ភ្នំពេញ ព្រលឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស
No comments:
Post a Comment