ដូចម្តេចដែលហៅថា ល្បែងកូនគោល ឬល្បែងប្រដំ? ល្បែងនេះមានប្រភពមកពីណា? គេលេងវាយ៉ាងដូចម្តេច? ហើយល្បែងនេះមានប្រយោជន៍អ្វីខ្លះសម្រាប់ជនជាតិខ្មែរ?
ចម្លើយ៖
ល្បែងកូនគោលអ្នកស្រុកខ្លះគេហៅថា: “ល្បែងប្រដំ” ជាល្បែងរបស់មនុស្សកម្លោះក្រមុំ រឺក្មេងជំទង់ តែងលេងនៅ ពេលទំនេរនារដូវប្រាំងរឺរដូវចូលឆ្នាំ។
ប្រដាប់លេង មានពីរមុខ គឺដំបង ឬទំពក់សំរាប់វាយ ឬប្រដំមួយមុខ កូនគោល ឬកូនប្រដំមួយមុខ។ ដំបង ឬ ទំពក់គេ ធ្វើពីគល់ ឬស្សីព្រេច ឬ គល់ពីងពង់ទំហំប៉ុនកដៃក្មេង មានដងស្រលួតគល់ក្រងក់។ កូនគោល កូនប្រដំ គេ ធ្វើពីឈើ សាច់ស្ពោតៗ ស្រាលៗមានឈើរលួសរឺគរជាដើម។
កូនគោលឬកូនប្រដំមានពីរបែប៖ មួយបែបសំរាប់លេង ក្នុងវេលាថ្ងៃ មួយបែបទៀតសំរាប់លេងក្នុង វេលាយប់។ បើលេងវេលាថ្ងៃគេយកឈើរលួសរឺគរមកកាត់ជាកង់ៗ ហើយលុបជ្រុងធ្វើឲ្យមូល ហាលថ្ងៃឲ្យស្ងួត ហើយយក ទៅវាយលេង។បើលេងវេលាយប់ គេយក ឈើ រលួស ឬ គរ ដែលកាត់ជាកង់ៗ នោះដុតភ្លើងឲ្យឆេះ ចេញ រងើក ហើយយកទៅវាយ អោយមើលទៅឃើញភ្លើងក្រហមឆ្អៅធ្លោចុះ ធ្លោឡើងតាមរយៈ ដែលវាយទៅមក។ កូនគោលភ្លើងស្រុកខ្លះ គេលេងជាការកំសាន្ត ស្រុកខ្លះគេលេងជាការបណ្ដេញខ្មោចបិសាច ក្នុងពេលស្រុកកើតជម្ងឺ។
ទីកន្លែងលេង គេច្រើនយកទីដីវាលស្រែឬចំការដែលមានទំហំធំទូលាយស្អាតល្អ ឬ បើមានផ្លូវថ្នល់ ធំវែងទូលាយ ជាទីស្ងាត់ ជួនកាលគេក៏យកជាទីលេងខ្លះដែរ។
ល្បែងនេះគេចែកមនុស្សអ្នកលេងជាពីរពួកមានចំនួនស្មើគ្នាយ៉ាងតិចពីរឬបួននាក់ឡើងទៅ បើអ្នកលេងមានប្រុសផងស្រីផងប្រុសលេងជាមួយប្រុសក៏បាន ស្រីលេងជាមួយស្រីក៏បានស្រីម្ខាងប្រុសម្ខាង លេងជាមួយគ្នាក៏បាន។ពេលលេងគេគូសដីចំពាក់កណ្ដាលជាទីស្មាមហើយគេយកភ្លឺស្រែឬចំការ ឬក៏ដំរុយ ម្ខាងៗខាងឆ្វេងដៃរបស់គេ ធ្វើជាគ្រឿងចំណាំបើអ្នកលេងសុទ្ធ តែប្រុសគេឲ្យប្រុសពីរនាក់ ឈរចំស្នាម នោះ បើអ្នកលេងសុទ្ធតែស្រីគេឲ្យស្រីពីរ នាក់ឈចំស្នាមនោះបើអ្នកលេងស្រីម្ខាងប្រុសម្ខាង គេឲ្យប្រុសម្នាក់ ស្រីម្នាក់ឈរចំស្នាមនោះបែរមុខរកគ្នាហើយ បណ្ដា អ្នកទាំងពីរ នោះម្នាក់កាន់កូនគោលឬកូនប្រដំ មកដាក់ ត្រង់កណ្ដាលស្នាមគូសនោះទើបអ្នកទាំងពីរនោះ គេកាន់ចុងដំបងឬទំពក់មួយម្នាក់លើកគល់ឡើងប្រទាក់គ្នាហៅថា “កៃ” គឺវាយលៗ ផ្លាសប្ដូរគ្នាពីស្ដាំទៅឆ្វេងពី ឆ្វេងទៅស្ដាំចំនួនបីរដង ហើយអ្នកកែ ទាំងពីរអ្នកនោះ សុទ្ធ តែលួចល្បក់គ្នាវាយកូនគោលឬកូនប្រដំនោះ ពីស្ដាំទៅ ឆ្វេងរបស់ខ្លួនដើម្បី ឲ្យកូនគោលឬកូនប្រដំ នោះរត់ទៅ កាន់ទីខាងឆ្វេងជានិច្ចដែលគេទុកជាទីរបស់គេរៀងខ្លួន។
ល្បែងនេះមានត្រណមតឹងណាស់ គឺពេលកំពុងប្រយុទ្ធដណ្តើម កូន គោល រឺកូនប្រដំគា្ន គេតមមិន អោយអ្នកវាយទាំងសងខាងយកដៃចាប់កូនគោលរឺកូនប្រដំនោះទៅទីរបស់ខ្លួនទេ គ្រាន់តែទាត់នឹង ជើងបានបើ ខាងណាម្នាក់យកដៃចាប់កូនគោល រឺកូនប្រដំ គេទុកការនោះជាអសារបង់ ត្រូវយក កូនគោល រឺកូនប្រដំ ទៅកែ សាជាថ្មី។ មួយទៀតគេតមមិនអោយអ្នកវាយទាំងសងខាងឈរ ឬរត់ទៅដណ្តើមយក កូនដល់ទីទេ ត្រណម ខាងក្រោមនេះ អ្នកលេងគេប្រយត្ន័ណាស់ ព្រោះដើរខុសត្រណមនេះរមែងមានគ្រោះថ្នាក់។
ល្បែងនេះគេយកចាញ់ឈ្មះគ្នា ត្រង់ការដែលគូរប្រយុទ្ធដណ្តើមវាយកូនគោលឬកូន ប្រដំអោយចូល ទៅដល់ចុង របស់ខ្លួនបាន។ បើខាងណាគេវាយកូនគោល ឬកូនប្រដំអោយចូលទីខាងគេបាន ឈ្មោះថា គេមាន ជ័យជំនះ ហើយគេលេងសារជាថ្មី លុះត្រាតែដល់ពេល ឈប់លេងទើបគេយកចំនួនលើក ដែលឈ្នះចាញ់នោះ មកគិត មើលអោយដឹងថាខាងណាឈ្នះប៉ុន្មានលើក ខាងណាចាញ់ប៉ុន្មានលើកគឺឈ្នះ ប៉ុន្មានទល់នឹងចាញ់ ប៉ុន្មានតែគ្រាន់ តែជាកិត្តិយស ឥតមានស៊ីសងជាវត្ថុអ្វីទេ។ តាមសេចក្តីអោយការណ៏ខ្លះថា ល្បែងនេះនៅស្រុកខ្លះ គេយកស្រកី ដូង មកធ្នូលចងអោយមូលធ្វើជាកូនគោល ហើយគេទាត់ ដោយជើង។ របៀបយកចាញ់យកឈ្មះ ប្រហែលគ្នា នឹងកូនឈើ ដែលវាយដោយដំបងនោះដែរ។
ល្បែងនេះ ជាល្បែងរបស់ខ្មែរសម័យបុរាណ ដែលរាប់ចូលក្នុងពួកកីឡាបាល់ទាត់បាល់បោះ បាល់ទះ កូនឃ្លី ក្នុងសម័យបច្ចុប្បន្ននេះបាន។
ដកស្រង់ចេញពីសៀវភៅ ល្បែងប្រជាប្រិយ ខ្មែរ
រៀបរៀងដោយ លោក ចាប ពិន
បោះពុម្ភនៅឆ្នាំ គ ស ១៩៦៥ ព ស ២៥០៧
No comments:
Post a Comment