បទពាក្យប្រាំពីរ
1) នំខ្មែរនំម៉ែបង្កើតមក...............លីវយីគោកធ្លកម្ចាស់ក្សត្រី
ស្តេចដំបូងគេដ៏ល្បាញល្បី...................គ្រងទឹកគ្រងដីថែប្រជា។
2) នំខ្មែរមានរសឆ្ងាញ់ពិសា.............តំណាងដូនតាពីសួគ៌ា
បានហូបនំខ្មែរគាប់ទ័យា.....................នាំភាពរមនាសុខសួស្តី។
3) នំខ្មែរមានអ្វីខ្លះទៅមិត្ត?..............កវីសូមគិតគូរស្រដី
បង្ហាញប្រាប់ញាតិទាំងប្រុសស្រី.................ខំឈ្លកលកលៃបង្ហាញប្រាប់។
4) មាននំបញ្ចុក ក្រុប ក្រូច កង............នំពងអន្សង ត្នោត ដំណាប់
នំដុត នំពុម្ព ម៉ែបង្ហាត់ ........................នំខ្មែរមិនបាត់ ដូរប្រាក់រៀល។
5) មាននំអន្សម គ្រក់ គម កូរ..............នំខ្មែរសំបូរនំល្ពៅ ជាល
នំទៀន អំបុក គ្មានគេដៀល.....................នំនាំប្រាក់រៀលកើនសេដ្ឋកិច្ច។
6) មាននំក្រតម ពពាយ ខ្ញី.................នំហ៊ានស្រដី ខ្មែរកុំភ្លេច
គួរខ្មែរលើកស្ទួយត្បូងជើងលិច.....................កើតក្រែងរិលរេចក្រោយលែងស្គាល់។
7) មាននំអាកោ បត់ អម្បែង.................នំស្លឹកស្រស់ក្មេង គ្មានពិភាល់
នំបត់ នំលត សុទ្ធគេស្គាល់........................បានស្រង់រសផ្ទាល់ភ្លេចលែងបាន។
8) មាននំអម្បែង ចាក់ចុរ ធ្មៃ.................ជាតិខ្មែរឈ្លាសវៃ ច្នៃឲ្យថ្កាន
នំអម្បែងខ្មែរស្គាល់សណ្តាន........................នាំខ្មែរសុខសាន្តពេញបូរី។
9) មាននំច័ក្កច័ន ត្រចៀកព្នង.................នំចាហួយផង ការ៉េមកី
នំតាប៉ែ ភឹង សង់ខ្យាស្រី...........................ហូបបានគ្រប់វ័យមិនជិនណាយ។
10) មាននំក្រឡាន ពោត ប៉េងប៉ោះ..............ជ័រគល្បីអស់ទីជិតឆ្ងាយ
នំបេ កង់ខ្វៀននាំសប្បាយ..........................ខ្មែរនៅជិតឆ្ងាយឲ្យរាប់អាន។
11) មាននំកំពង បង្អែមត្នោត ...................ចេកខ្ទិះ គេកោតថា ថ្កើងថ្កាន
លាយរសខ្ទិះដូងឆ្ងាញ់រកគ្មាន.........................សន្តានព្រេងលានពេញនិយម។
12) មាននំផ្កាស្នោនំតាឡៃ....................ខ្មែរខំកែច្នៃល្អសក្តិសម
ស្ទួយជាតិឲ្យខ្ពស់យសឧត្តម្ភ........................ថ្លៃថ្លាមនោរម្យក្រៃកន្លង។
13) មាននំប៉ាក្រុង នំកន្ទ្រាំ ....................ចេកចៀនភូមិខ្ញុំ សមម៉ត់ហ្មង
បើបានភ្លក់ហើយឈប់រំលង.........................ញាតិមិត្តប្អូនបងស្នេហ៍រាល់ថ្ងៃ។
14) មាននំចាក់ចុរនំចេកបុក....................នំនាំខ្ពស់មុខនាំឈ្លាសវៃ
នំខ្មែរបុរាណនំប្រពៃ......................ធាតុផ្សំមិនថ្លៃងាយរកបាន។
15) មាននំត្រៀបបាយ នំត្រឡាច.................នំហូបមិនខ្លាចទុក្ខរុកក្នុងប្រាណ
ហូបនាំសុខភាពគ្រប់សណ្តាន.....................នំនាំខ្មែរបានសួគ៌សិរី។
16) មាននំប្រអួល នំជើងជ្រូក.................បានឃើញសូមលូកភ្លក់ពីរបី
បានជ្រាបរសឆ្ងាញ់ចេញស្រដី......................សូមអ្នកលកលៃលក់ឲ្យខ្លះ។
17) មាននំសែសយ ត្រាវ សណ្តែក.............បំពួនស្ករ ប្លែករសឆ្ងាញ់ណាស់
បានហូបរួចហើយចង់ឃើញម្ចាស់ ...................លះភាពអៀនខ្មាស់ចង់ហូបទៀត។
18) មាននំដំឡូង កំពឹសចៀន.................កូនខ្មែរខំរៀនច្នៃគ្រប់ស្នៀត
រកឃើញនំខ្មែរថ្មីថែមទៀត.........................រាស្ត្រខ្មែរជ្រកជ្រៀតទាញយកផល។
19) មាននំផ្លែអាយនំកើតក្តី ...................នំជនប្រុសស្រីធ្លាប់បានយល់
ហូបពេលត្រជាក់សុខលែងខ្វល់.....................ហូបតិចឆ្ពោះដល់ឆ្ងាញ់ជាប់ចិត្ត។
20) មាននំម្សៅជ្រែ ក្រឡោជី..................នំផ្សំធាតុពីម្សៅមីស្អិត
នំបំពងខ្លាញ់ កន្ទក់ល្អិត......................នំឆ្ងាញ់ជាប់ចិត្តលំអងរំចេក។
21) មាននំគ្រាប់ស្លែង ក្រម៉ៅថត.............នំសុំទីចតទីដំណេក
ចតនៅស្រុកខ្មែរពន្លឺផ្លេក..................បំបាត់ភាពស្រេករសនំខ្មែរ។
22) ទាំងនេះជានំរបស់យើង...............សូមថែដាក់ទ្រើងកុំគេចកែ
លក់ទិញច្នៃស្ទួយនំកេរខ្មែរ..............ឲ្យល្បីហូរហែដូចដូនតា។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ចាប់ផ្តើមតែង៖ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១១
បញ្ចប់នៅ ព្រលឹមថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១១
រយៈពេលសរុប៖ ៦ ម៉ោង
ប្រភេទនំខ្មែររួមមាន
1. នំលំអងរំចេក 2. នំម្សៅជ្រែ 3. នំក្រឡោជី 4. នំបំពងខ្លាញ់ 5. នំកន្ទក់ 6. នំគ្រាប់ស្លែង
7. នំកើតក្ដី 8. នំសណ្ដែកកូរ 9. នំកំពឹសចៀន 10. នំដំឡូង 11. នំបំពួនស្ករ 12. នំក្រម៉ៅថត
13. នំផ្លែអាយ 14. នំដំឡូងចៀន 15. បង្អែមសណ្តែក 16. ពោតកំបោរ 17. នំសែសយ 18. នំត្រាវចៀន
19. នំជើងជ្រូក 20. នំប្រអួល 21. នំត្រៀបបាយ 22. នំត្រលាច 23. នំចេកបុក 24. នំចាក់ចុរ
25. បង្អែមត្នោត 26. នំចេកចៀន 27. នំផ្កាស្នោ 28. នំចេកខ្ទិះ 29. នំកំពង 30. នំជ័រគ
31. នំក្រឡាន 32. នំតាឡៃ 33. នំប៉េងកំបោះ 34. នំកន្ទ្រាំ 35. នំប៉ាក្រុង 36. នំកង់ខ្វៀន
37. នំបញ្ចុក 38. នំគម 39. នំអន្សម 40. នំអាកោ 41. នំកូរ 42. នំពុម្ព
43. នំកង 44. នំពោត 45. នំដុត 46. នំគ្រក់ 47. នំអម្បែង 48. នំជាល
49. នំក្រូច 50. នំត្នោត 51. នំបត់ 52. នំស្លឹកស្រស់ 53. នំត្រចៀកព្នង 54. នំលត
55. នំបេ 56. នំក្រតម 57. នំល្ពៅ 58. នំទៀន 59. នំខ្ញី 60. នំចាហួយ
61. នំធ្មៃ 62. នំច័ក្កច័ន 63. នំភឹង 64. នំពងអន្សង 65. នំដំណាប់ 66. នំតាប៉ែ
67. នំការ៉េមកី 68. នំអំបុក 69. នំសង្យា 70. នំពងអន្សង 71. នំក្រុប 72. នំពពាយ
នំដំណាប់( ចេក អំពិល ត្រាវ គូលែន ទុរេន ប៉េងប៉ោះ ប្រដូលពេជ្រ បើមឈូក កន្ទួត ស្វាយ ពុទ្រា ទំពាំងបាយជូ ) នំចំណី មេនំ នំនែក
ក. នំសៀម៖ នំថងមួន នំខាវម៉ៅថត នំថងងួន ខ. នំបារាំង៖នំបុ័ង គ. នំយួន៖ បាញ់ឌុក បាញ់ឆែវ បាញ់ស្រ៊ុង បាញ់ហយ បាញ់បែវ
ឃ. នំចិន៖ នំអ៊ី នំចាំង នំប៉ាវ នំពារ នំថងយិប នំចាំងនំអ៊ី នំ ( ន. ) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើមចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏មាន មានប្រភេទនិងឈ្មោះផ្សេងៗ (បា. ហៅ ខាទនីយ ឬ ខាទនីយាហារ) រាប់ចូលក្នុងពួកចំណីឬបង្អែមគ្រប់មុខ) វចនានុក្រមសម្តេចសង្ឃជួនណាត បង្អែម ( ន. ) ចំណីផ្អែម ។ ព. ផ្ទ. ចម្អាប ។ ចំណី ( ន. ) វត្ថុសម្រាប់ឆី, ខាទនីយវត្ថុ គឺអាហារដែលផ្អែម : ម្ហូបចំណី គឺចម្អាបនិងបង្អែម ។ គ្រឿងចិញ្ចឹមជីវិតរបស់សត្វតិរច្ឆានក៏ហៅថា ចំណី ដែរ : ស្មៅ, ស្លឹកឈើ ... ជាចំណីគោ, ក្របី ។ចំណុក ( ប. ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចំណី : ចំណីចំណុក គឺចំណីសម្រាប់ស៊ីចុក មានច្រើនមុខ នេះខ្លះនោះខ្លះ ។ សម្ល សំ-ល៉ ( ន. ) ម្ហូបដែលកើតពីស្ល : សម្លម្ជូរ, សម្លប្រហើរ ។ សម្លសំដៅ សម្លដែលគេបម្រុងចំពោះមនុស្សម្នាក់ៗ ។ (ព. សា.) សម្លរាយរងឬសម្លទាំងពួង ។ ( ន. ) ឈ្មោះខ្នុរមួយប្រភេទ ស្លឹកធំៗឆែកៗរង្វើលៗផ្លែខ្ចីប្រើជាបន្លែស្ល គ្រាន់ទុំប្រើលីងបរិភោគបាន : ខ្នុរសម្ល ។បាយ ( ន. ) ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិតឬសង្កត់យកទឹកចេញរួចផ្ងំឲ្យងំ : បាយខ្សាយ, បាយដំណើប ។ បរិភោគបាយ, ពីសាបាយ, ហូបបាយ, ទទួលទានបាយ, អាស្រ័យបាយ, ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត់ ។ ដាំបាយ គឺចម្អិនបាយ : ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឲ្យល្មម កុំផាត់ទឹកបាយចោលព្រោះការផាត់បាយនាំឲ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឲ្យខូចវីតាមីន) ។ ម. ព. វីតាមីន ទៀតផង ។ បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ថា បរិភោគ, ស៊ី ដោយរួបរួមជាការបរិភោគភោជនាហារក្នុងពេល, ច្រើននិយាយដោយខ្លីថា : អ្នកទាំងអស់គ្នា បាយហើយឬនៅ ? ទៅបាយឯណា ?; ម៍បាយជាមួយគ្នា! ។ល។
No comments:
Post a Comment