បទពាក្យបួន
1. កត្តិកដល់ហើយ...............ត្រជាក់ឆ្អឹងខ្នង
ដល់ភ្ជុំនួនល្អង..................បងបានសន្យា។
2. សុំឲ្យម៉ែពុក.......................ចែចូវជីវ៉ា
ចូលដល់មេបា....................តាមប្រពៃណី។
3. កត្តិកដល់ហើយ..................កែវអើយកុំភ័យ
ធ្លាក់ខ្យល់ប៉ីៗ......................ពីទិសខាងជើង។
4. ត្រីចូលអន្លុង.......................ស្រែក្បែរផ្ទះយើង
ស្រូវក្រាស់មិនស្តើង.............ភោគផលពេញស្រែ។
5. កត្តិកដល់ហើយ...................ឱស្រស់មាសស្នេហ៍
ស្រូវនៅស្រុកខ្មែរ..................ជះក្លិនក្រអូប។
6. ក្លិនឈួលពិដោរ...................ទេសចរសុំស្រូប
រសជាតិក្រអូប......................បាយអង្ករខ្មែរ។
7. កត្តិដល់ហើយ......................ញាតិមិត្តពុកម៉ែ
រៀបចំទៅស្រែ......................ច្រូតកាត់ផលថ្មី។
8. ឆ្នាំនេះផលល្អ........................អំណរឥតបី
អំបុកស្រូវថ្មី...........................ចេកដូងអំពៅ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៥និង៣០នាទី ដល់ ម៉ោង ៦ព្រឹក
No comments:
Post a Comment