Friday, July 8, 2011

ចម្រៀងប្រជាប្រិយ


ចម្រៀងបទ
ស្វាគមន៍ភ្ញៀវទេសចរ

លំនាំបទគោះអង្រែ និង បទតាក់កន្តែរ៉ែ យីកេ

1. យើងជាកុមារអ៊ើៗអ៊ើងអ៊ើយ ស្វាគមន៍ប្រិយមិត្ត (២ដង)
មកពីៗឆ្ងាយជិត អ៊ើៗអើយ ជាតិអន្តរជាតិ។ (២ដង)
2. ចូលមកទស្សនាអ៊ើៗអ៊ើងអ៊ើយ ពុំដែលរវាទ (២ដង)
ប្រាង្គប្រាៗសាទជាតិ អ៊ើៗអើយ អង្គរល្បាញល្បី។
3. មានអង្គរធំអ៊ើៗអ៊ើងអ៊ើយ មានបន្ទាយស្រី (២ដង)
ព្រះវិហារៗជាញជ័យ អ៊ើៗអើយ និងអង្គរតូច។
4. មានទួលបាសានអ៊ឺៗអ៊ើងអ៊ើយ បារាយរាប់យោជន៍ (២ដង)
បឹងបួៗ រុងរោចន៍ អ៊ើៗអើយ ល្បីក្នុងលោកា។
5. ព្រែកទ័លចុងឃ្នាសអ៊ើៗអ៊ើងអ៊ើយ ប្រសើរថ្លៃថ្លា (២ដង)
សំបូរៗ បក្សា អ៊ើៗអើយ បក្សីគ្មានខ្វះ។
6. មានបឹងយក្សឡោមអ៊ើៗអ៊ើងអ៊ើយ ប៊ូស្រាល្អល្អះ (២ដង)
ស្រុកខ្មែរៗល្បីណាស់ អ៊ើៗអើយ សម្បត្តិវប្បធម៌។
7. សម្បត្តិធម្មជាតិ អ៊ើៗអ៊ើងអ៊ើយ ក៏មានមានហែហូរ (២ដង)
សត្វយំៗ ថ្ងួចថ្ងូរ អ៊ើៗអើយ រំពងប្រឹក្សា។
8. យើងសូមជូនពរអ៊ើៗអ៊ើងអ៊ើយ ឲ្យបានសុខា (២ដង)
ដែលមកៗ ទស្សនា អ៊ើៗអើយ អង្គរអច្ឆរិយ។

និពន្ធដោយ យី ឆេងអ៊ួ ប៉េងបណ្ណារក្ខ 22-តុលា-2010




ចម្រៀងបទ

កត្តិកធ្លាក់ខ្យល់

ចង្វាក់តាលុង
លំនាំបទ៖ សម្រស់ធម្មជាតិស្រុកយើង (លោក ម៉ិញ សុធីវណ្ណ)

1. ជំនោរកត្តិក បក់ធ្លាក់ពីជើង ប្រជាស្រុកយើង សែនអបអរក្រៃ កត្តិកធ្លាក់ខ្យល់ បងតែងស្រមៃ បានជួបរីករាយ ច្រូតស្រូវនួនល្អង។ បន្ទរ : យើងតែងជុំគ្នា ច្រូតស្រូវស្រែផង។
2. ជំនោរកត្តិក រងាផ្កាគ ប្រជាអបអរ នឹងអុំទូកខ្មែរ មិនថាទីក្រុង ឬចំការស្រែ យាយតាពុកម៉ែ ប្រណាំងទូកផង។ បន្ទរ : បងប្អូនពុកម៉ែ ប្រណាំងទូកម្តង។
3. ជំនោរត្រជាក់ ធ្លាក់មកពីជើង រាស្ត្រខ្មែរស្រុកយើង អបរអរកន្លង ខំប្រមូលផល ស្រែកច្រៀងលេងផង ដូចអូននិងបង បានស្គាល់ចិត្តគ្នា។ បន្ទរ : ច្រូតស្រូវរួចហើយ យើងនឹងរៀបការ។
4. ប្រជាគ្រប់ស្រុក សុខសើចក្អាកក្អាយ ទឹកមុខរីករាយ បានច្រូតស្រូវធ្ងន់ ស្រូវស្រាលត្រូវច្រូត ទុកជង្រុកមុន រីឯស្រូវធ្ងន់ ប្រមូលផលក្រោយ។ បន្ទរ : ប្រមូលរួចហើយ លៃលកលក់ខ្លះ ។
5. ប្រជាកសិករ អបអរកសិកម្ម ធ្វើស្រែច្រើនឆ្នាំ រាប់ពាន់តំណ តាំងពីបុរាណ សម័យអង្គរ សាងសុខបន្ត ដល់ពេលបច្ចុប្បន្ន។ បន្ទរ : យើងខំបន្ត ព្រោះជួយជាតិថ្កើង ។
6. ខ្មែរពូជអ្នកជា ខ្មែរមានសេរី ខ្មែរបានផុតភ័យ ខ្មែរត្រូវរុងរឿង ខ្មែរត្រូវក្លាហាន ដូចតាឃ្លាំងមឿង ខ្មែរត្រូវរុងរឿង ដូចសម័យអង្គរ។ បន្ទរ : ខ្មែរត្រូវរុងរឿង ឲ្យដូចសម័យអង្គរ ។

និពន្ធដោយ: យី ឆេងអ៊ួ (ប៉េង) ខែ កក្កដា ឆ្នាំ 2010





ចម្រៀងបទ
យើងខ្មែរស្រលាញ់ការអាន

(លំនាំបទរាំវង់ ស្មារតីខ្មែរ)
1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។


និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០
លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០





ចម្រៀងបទ
យើងនាំគ្នាអាន

(លំនាំបទ ប្រជុំគ្នា)

1. ជំរាបសួរ បងប្អូន មិត្តភក្តិទាំងឡាយ មកពីជិតឆ្ងាយ ចូលមកយើងនាំគ្នាអាន យើងនាំគ្នារៀន ស្រាវជ្រាវ បន្តសន្តាន នាំជាតិថ្កើងថ្កាន រុងរឿងល្បីសាយដូចសម័យអង្គរ។ បន្ទរ៖ មួយ ពីរ ដូចសម័យអង្គរ។
2. ចូលបណ្ណាល័យ នាំគ្នាចូលបណ្ណាគារ យើងស្ទុះយើងស្ទារជ្រើសអានទិញ សៀវភៅល្អ ស្រង់បទពិសោធន៍ចំនេះឲ្យខ្ពស់បវរ យើងជាកូនល្អ យើងជាសិស្សល្អ យើងជាមិត្តល្អ។ បន្ទរ៖ មួយ ពីរ ជាពលរដ្ឋល្អ។
3. នាំគ្នាអានរាល់ពេលដែលយើងទំនេរ មិនដើរលេងទេ មិនសេពគប់មិត្តមិនល្អ យើងអាន រាល់ថ្ងៃ យើងអានដោយចិត្តស្មោះស យើងនាំគ្នាល្អ ទាំងក្រុមគ្រួសារ ទាំងក្នុងសហគមន៍។ បន្ទរ៖ មួយ ពីរ ទាំងក្នុងសង្គម។
4. កុមារល្អ យុវជនល្អ ខំអានសរសេរ ស្រាវជ្រាវកើនទ្វេ ដើម្បីជាតិខ្មែរថ្កើងថ្កាន យើងមាន គុណធម៌ មានសីលធម៌ អភិវឌ្ឍឲ្យបាន គ្រប់ស្រុកភូមិស្ថាន គ្រប់ញាតិសណ្តានសេដ្ឋកិច្ចប្រសើរ។ បន្ទរ៖ មួយ ពីរ សេដ្ឋកិច្ចប្រសើរ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង)នៅភ្នំពេញ
ផ្តើមការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០ បញ្ចប់ការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០















ចម្រៀងបទ

បណ្តាំស្រីស្មោះស្នេហ៍

លំនាំបទ អនិច្ចាសីលធម៌ ច្រៀងដោយលោក ចាន់ សុធី

1. សាស័ព្ទសំដី អឺយ......ឱណាលោកអ្ហើយ.....ស្រីស្មោះនឹងស្នេហា អឺអឺយ។ (២ដង)
ផ្តាំជនខេមរា ឲ្យស្រលាញ់វប្បធម៌ អឺយ.......។ (ផ្ទួន)

2. ស្រលាញ់ចិត្តកាយ អឺយ......ឱណាលោកអ្ហើយ.....សំដីស្មោះស អឺអឺយ។ (២ដង)
សាងអំពើល្អ នាំជាតិឲ្យថ្កើងថ្កាន អឺយ.......។ (ផ្ទួន)


3. ស្មោះស្ម័គ្រស្រុកទេស អឺយ....ឱណាលោកអ្ហើយ....ការពារឲ្យបាន អឺអឺយ។ (២ដង)
ក្រែងចោរសាមាន្យ ឈ្លានពានទឹកដី អឺយ.......។ (ផ្ទួន)

4. ស្រីស្មោះស្នេហា អឺយ....ឱណាលោកអ្ហើយ....ជូនពរអស់ប្រុសស្រី ។ (២ដង)
រស់ក្នុងបុរី ខ្មែរឲ្យបានសុខសាន្ត អឺយ.......។ (ផ្ទួន)


១៨-វិច្ឆិកា-២០១០
និពន្ធទំនុកច្រៀង ដោយ យី ឆេងអ៊ួ (ប៉េង)








ចម្រៀងបទ

បណ្តាំស្រីស្មោះស្នេហ៍

លំនាំបទ ណរេណរេ

5. សាស័ព្ទសំដី ស្រីស្មោះនឹងស្នេហា ក្រមុំបងអ្ហើយ ស្រីស្មោះស្នេហា។(២ដង)
ផ្តាំជនខេមរា ឲ្យស្រលាញ់វប្បធម៌ ។ (ផ្ទួន)

6. ស្រលាញ់ចិត្តកាយ សំដីឱស្មោះស ក្រមុំបងអ្ហើយ សំដីស្មោះស។ (២ដង)
សាងអំពើល្អ នាំជាតិឲ្យថ្កើងថ្កាន។ (ផ្ទួន)


7. ស្មោះស្ម័គ្រស្រុកទេស ការពារឲ្យបាន ក្រមុំបងអ្ហើយ ការពារឲ្យបាន។ (២ដង)
ក្រែងចោរសាមាន្យ ឈ្លានពានទឹកដី។ (ផ្ទួន)

8. ស្រីស្មោះស្នេហា ជូនពរអស់ប្រុសស្រី ក្រមុំបងអ្ហើយ ជូនពរប្រុស្រី។ (២ដង)
រស់ក្នុងបុរី ខ្មែរឲ្យបានសុខសាន្ត។(ផ្ទួន)


១៨-វិច្ឆិកា-២០១០
និពន្ធទំនុកច្រៀង ដោយ យី ឆេងអ៊ួ (ប៉េង)










ចម្រៀងបទ

ខ្មែររួបរួមគ្នា
ចង្វាក់ប្រជាប្រិយបែបបាសាក់
លំនាំបទ ខ្មែរអើយប្រុងប្រាណ (ចង្កឹះមួយបាច់)

1. សំណាងពឹងចំណេះ ឯអ្នកប្រាជ្ញចេះលោកពឹងគម្ពីរ រុក្ខជាតិពឹងធរណី អ្នករកស៊ីពឹងជំនួញ ខ្មែរអើយចូរកុំរារួញ ៗ ខំរៀនខំជួញ អើអើយជំនួញថ្លាថ្លៃ ៗ។

2. រទេះពឹងគោ រីឯម៉ូតូពឹងសាំង អ្នកលីលោកពឹងកំលាំង អ្នកប្រាជ្ញខ្លាំងពឹងវិជ្ជា
ខ្មែរអើយខំរៀនគ្រប់គ្នាៗ ខំពុះខំពារ អើអើយជំនះឧបសគ្គៗ ។

3. សេចក្តីស្នេហា ឱណាលោកពឹងគ្នីគ្នា ចេះរួបរួមសាមគ្គា ផ្គុំគ្នាចេញជាកម្លាំង
ខ្មែរអើយត្រូវហ៊ានតតាំងៗ ជួយជាកម្លាំងអើអើយកសាងរដ្ឋាៗ ។

4. សំណាបយោងដី ថ្លៃអើយស្រីយោងបុរស មានចិត្តស្ម័គ្រស្មោះ កសាងគ្រួសារតែមួយ ខ្មែរអើយត្រូវខំលើកស្ទួយៗ ជាតិខ្មែរតែមួយអើអើយកសាងរួមគ្នាៗ ។


ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១
( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ











ចម្រៀងបទ
សួស្តីឆ្នាំថ្មី

លំនាំបទ៖ ផ្គរលាន់ឯត្បូង(ចង្វាក់ប្រជាប្រិយ)

1. សួស្តីឆ្នាំថ្មីប្រុសស្រីកូនចៅខ្មែរ (ក្រមុំ មុំបង ឱកូនខ្មែរ)! (២ដង)
យើងមិនគ្នាន់គ្នេរនាំគ្នាឱចូលឆ្នាំ(២ដង)
2. យើងទៅវត្តវ៉ារលេងល្បែងតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ) ក្នុងថ្ងៃចូលឆ្នាំសន្សំឱសិរី...
3. យើងច្រៀងយើងរាំលេងបែបប្រជាប្រិយ (ក្រមុំ មុំបង បែបប្រជាប្រិយ)
សាងសុខសួស្តីឲ្យបានពេញមួយឆ្នាំ...។
4. យើងនាំគ្នាលេងធ្វើបុណ្យតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ)
យើងបណ្តុះផ្សាំពូជទំពាំងកុសលៗ
5. ប្រគេនចង្ហាន់ស្តាប់ធម៌ឲ្យឆ្ពោះដល់ (ក្រមុំ មុំបងឲ្យឆ្ពោះដល់)
សុខគ្មានពិភាល់ដល់ញាតិមិត្តគ្រប់គ្នា។
6. យើងរៀបចំផ្ទះទទួលតាមវេលាៗ (ក្រមុំ មុំៗបងតាមវេលា)
ដំណើទេវតាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីៗ
7. យើងសំអាតចិត្តឲ្យល្អជ្រះថ្លាសិរី ៗ (ក្រមុំ មុំបងថ្លាសិរី)
លាទុក្ខលាភ័យគ្មានថ្ងៃឲ្យជួបទៀតៗ
8. យើងពួនភ្នំខ្សាច់ស្រង់ព្រះល្អវរនាថ (ក្រមុំៗបងល្អវរនាថ)
យើងឈ្លកយើងឆ្លៀតស្ទួយខ្មែរឲ្យល្បីសាយៗ


ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១
( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ









ចម្រៀងបទ
សួស្តីឆ្នាំថ្មី

ចង្វាក់កន្ទ្រឹម លំនាំបទ សែនដូនតា

1. សួស្តីឆ្នាំថ្មី….បងប្អូនប្រុសស្រីទាំងឡាយៗ
សូមជួបសុខសប្បាយ រីករាយ គ្រប់ក្រុមគ្រួសារៗ។

2. សួស្តីឆ្នាំថ្មី សូមជួបសិរីគ្រប់ប្រការៗ
សូមថែដូនថែតាថែញាតិកូនប្តីប្រពន្ធៗ។

3. សួស្តីឆ្នាំថ្មី សូមផុតគ្រោះភ័យស៊យស៊ុនៗ
សូមជួបសុខជាទុន គ្រប់ៗគ្នារស់ក្នុងបុរីៗ។

4. ចូលឆ្នាំយើងច្រៀង យើងរាំលេងល្បែងប្រជាប្រិយៗ
យើងសើចលេងក្អាកក្អាយ សប្បាយគ្រប់ញាតិសន្តានៗ

5. សប្បាយរួចហើយ មិត្តអើយយើងរៀបចំខ្លួនប្រាណៗ
រៀបចំម្ហូបដាក់ចាន ប្រគេនព្រះសង្ឃគង់នៅវត្តៗ។

ព្រែកតាមាក់ រសៀលថ្ងៃទី ១៥-មេសា-២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ











ចម្រៀងកុមារ
យើងខ្ញុំរៀនសូត្រ
(លំនាំបទស្អាតជានិច្ច)
I. ម៉ាក់និងប៉ាៗ ខំធ្វើការដើម្បីកូនៗ ខំរៀនសូត្រមិនសាបសូន្យ ដើម្បីអនាគតរុងរឿង។

II. ស្ដាប់លោកគ្រូ ស្ដាប់អ្នកគ្រូ កុំរអ៊ូពេលធ្វើកិច្ចការ ត្រូវអត់ធ្មត់ជួយម៉ាក់ប៉ា អានសាស្រ្តារាល់ពេលទំនេរ។

III. យើងខំអានៗ ស្រុកក្សេមក្សាន្ដព្រោះមានបណ្ឌិត មានគុណធម៍ សីលធម៍ពិត ឆ្នៃគំនិតគំរូសង្គម។

និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង) 02-09-10
អត្ថន័យ៖ អប់រំកុមារឲ្យស្រលាញ់ការរៀនសូត្រ





















ចម្រៀងបទ

នឹកស្រុក
(លំនាំបទ ជីវិតក្មេងវត្ត)
1. គន់មើលទេសភាពអើយ....ពីកំពូលភ្នំ....ធ្វើឲ្យអ្ហើយចិត្តខ្ញុំ...នឹកស្រែចំការ (២ដង)
ធ្លាប់ឃ្វាលក្របី ....ភ្ជួរស្រែដូនតា ..សែនសុខរមនាជាមួយឱម៉ែពុក។
អ្ហាអឺងអឺយ សែនសុខរមនាអឺយ....ជាមួយឱម៉ែពុក។

2. នឹកគោក្របី……នឹកស្នាចដូនតា នឹកអស់អឺយខេមរា…ប្រជាកសិករ (២ដង)
ឧស្សាហ៍ព្យាយាម សាងអំពើល្អ ស្រលាញ់យុត្តិធម៌ រក្សាជាតិខ្មែរ។
អ្ហាអឺងអឺយ ស្រលាញ់យុត្តិធម៌ រក្សាជាតិខ្មែរ។

3. នឹកផ្អកត្រីអាំងអើយ…នឹកក្រសាំងប្រហុក នឹកត្រពាំងថ្លុកអឺយ…ធ្លាប់នេសាទត្រី (២ដង) នឹកផលដំណាំ នឹកកញ្ជើល្អី...ខ្ញុំនិងអឺយបងស្រី ធ្លាប់ទូលលក់ភោគផល។អ្ហាអឺងអឺយ ខ្ញុំនិងអឺយបងស្រី ធ្លាប់ទូលលក់ភោគផល។

4. នឹកអស់បឹងឈូកអឺយ......នឹកជ្រូកមាន់ទា នឹកអស់ឱគ្នីគ្នា....ធ្លាប់រួមច្រួតស្រូវ (២ដង) នឹកល្បែងកំសាន្ត បូរាណខ្មែរនៅ....ច្រើនមុខពេកកូវ ដីឥដ្ឋបែបធម្មជាតិ។ អ្ហាអឺងអឺយ ច្រើនមុខពេកកូវ ដីឥដ្ឋបែបធម្មជាតិ។

5. សង្ឃឹមថ្ងៃមួយ អាចជួយភូមិស្រុក...ឲ្យបានអឺយខ្ពស់មុខ កិត្តិយសល្បាញល្បី។ (២ដង) រក្សាម៉ែពុក ញាតិមិត្តតាយាយ រួមរស់សប្បាយ ចម្រើនឱទៅមុខ។ អ្ហាអឺងអឺយ រួមរស់ សប្បាយ ចម្រើនឱទៅមុខ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចាប់ផ្តើម៖ ភ្នំពេញព្រលឹមថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១១
បញ្ចប់៖ ភ្នំពេញព្រលឹមថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១
អត្ថន័យ៖ លើកពីតម្លៃវប្បធម៌ខ្មែរ







ចម្រៀងបទ

កម្លោះស្រុកស្រែស្នេហ៏ក្រមុំទីក្រុង
លំនាំបទភ្លេងថ្មី

1. អូនអ្នកទីក្រុង បងអ្នកស្រុកស្រែ រីករាយម្លេះទេ កាលពីឆ្នាំមុន
រាប់បាតដាក់បិណ្ឌ សន្សំផលបុណ្យ ឆ្នាំនេះមិនស៊ុន បានជួបម្ដងទៀត។

2. អូនល្អគ្មានទាស់ សម្បត្តិចរិយា សុភាពរាបសារ ស្គាល់ខុស ស្គាល់ត្រូវ
រក្សារវប្បធម៍មិនឲ្យអាស្រូវ តកូនតចៅ ផៅសន្ដានខ្មែរ។

R…ល្អទាំងវិជ្ជាទឹកចិត្តសប្បុរស អូនល្អគ្មានទាស់យល់ចិត្តអ្នកផង
ក្មេងចាស់ប្រុសស្រីហារស្ដីមិនឆ្គង សក្ដិសមម៉ត់ហ្មងជានារីខ្មែរ។

3. អូនអ្នកទីក្រុងបងអ្នកជនបទ បងស្នេហ៍ប្រាកដចូលដល់មេបា
មិនឲ្យរំលងលំអានខេមរា យើងពីរអង្គារសុខសួស្ដីអើយ។

និពន្ធទំនុកច្រៀងនិងបទភ្លេងថ្មីដោយ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១០
ឬអាចច្រៀងតាម៖ លំនាំបទពីដើម សំបួរមាសអើយ(ស៊ិន ស៊ីសាមុត)
អត្ថន័យ៖ អប់រំ (លើកស្ទួយតម្លៃវប្បធម៌ខ្មែរ)












ចម្រៀងបទ

អនុស្សាហ៏ភូមិកំណើត
លំនាំបទភ្លេងពីខ្មែរដើម

1. លើខ្នងភ្នំធំ សូររងំ សត្វតូចធំស្រែកខ្ញៀវខ្ញារ
គន់មើលវង្សភ័ក្រត្រា អូនស្រស់ដូចទេពអប្សរាខ្មែរ។

2. ខាងស្ដាំដៃបង ស្រស់នួនល្អងគឺភ្នំតូចជិតបង្កើយ
ដូចជាស្រស់ត្រាណត្រើយ កំពុងរួមស្នេហ៍សុខសាន្ដនឹងបង។

3. ខាងមុខយើងនេះ កុំរេរិះ គឺទីវាលធំល្វឹងល្វើយ
មើលចុះមាសអូបអើយ ទីដែលបងធ្លាប់ឃ្វាលគោក្របី។

4. ខាងឆ្វេងដៃវិញ កុំទោរម្នេញ ស្រស់ពីសីគឺជលសារ
ផ្ទៃបឹងធំអស្ចារ្យ រដូវវស្សាធម្មជាតិមនោរម្យ។

5. លើខ្នងភ្នំដង យើងត្រសង រកជីកកមើមបេះផល្លា
ព្រៃគ្រីទីស្នេហា ភូមិស្រុកកំណើតដ៏ស្រស់នៃខ្ញុំ។

និពន្ធទំនុកច្រៀង៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១០
លំនាំបទពីដើម (ស៊ិន ស៊ីសាមុត)
អត្ថន័យ៖ អប់រំ (លើកស្ទួយតម្លៃ វប្បធម៌ ទេសចរណ៍ និង បរិស្ថានខ្មែរ)









ចម្រៀងបទ
ឱអំពិលទឹក
(លំនាំបទពីដើម ៖ ឱសែនស្រណោះលោកអ៊ីង យ៉េង)
1. ឱអំពិលទឹក បងនឹកនួនល្អងអើយ! ដុះតាមរបងស្រុកស្រែចំការ
ស្លឹកដុះលាស់ខ្ចី បងសែនស្នេហា ដូចស្រស់ ជីវ៉ាកំពុងពេញវ័យ។
2. ឱអំពិលទឺក បងនឹកតែស្រី អូនលាស់ត្រួយខ្ចីនាខែវស្សា
បងទៅភ្ជួររាស់ នាខែវស្សា ចុងខែមេសាធ្វើកសិកម្ម ។
R. អំពិលទឹកអូន ជាក្បូននិស្ស័យ ឆោមឆើតពិសី ដុះលើដីខ្មែរ
អំពិលទឹកអូន ផ្តល់ផលកើនទ្វេ ដើមស្លឹកនិងផ្លែទ្រនំសុខសាន្ត ។
3. អំពិលទឹកអូន ជាក្បូននិស្ស័យ ខ្លួនបងក្រក្រីមានភ័ព្វវាសនា
ជួបអំពិលទឹក ស្មោះនឹងស្នេហា កេរ្តិ៍ពីដូនតាអង្គររុងរឿង ។
4. បងមិនភ្លេចទេ អំពិលទឹកខ្មែរអើយ! ដុះលើដីកេរខេមរាយូរឆ្នាំ
អំពឹលទឹកផ្តល់ ផលជាប្រចាំ ស្នេហាបងចាំលុះថ្ងៃអវសាន។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
បាធាយព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១១ (ថ្ងៃទៅឆេងម៉េង)
ភ្នំពេញថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១
អត្ថន័យ៖ វប្បធម៌
















ចម្រៀងបទ
សម្រស់ស្រុកខ្ញុំ
(លំនាំបទ ពីដើម ៖ កំពតកំពូលដួងចិត្ត ស៊ិនស៊ីសាមុត)

1. ឳស្រុកព្រៃគ្រីទីដ៏ឧត្តម………………ទីដ៏មនោរម្យរស្មើនឹងសង្ខារ
ទីផ្ដល់កំណើតដល់ខ្ញុំនេះណា…………ទីស្រែចំការទីមិនអាចភ្លេច។
2. ទីដែលសំបូរទិដ្ឋភាពធម្មជាតិ………..ទីដែលអស់ញាតិចងចាំជានិច្ច
ទីខ្ញុំស្រណោះរាល់ថ្ងៃរៀបលិច…………ទីខ្ញុំមិនភ្លេចអនុស្សាវរីយ៍ទាំងឡាយ។
3. គឺទីនេះហើយដែលខ្ញុំលូតលាស់……ទីព្រៃរបោះទីធ្លាទាំងឡាយ
ទីធ្លាប់ឡើងភ្នំទីលំហែរកាយ…………..ទីខ្ញុំឃ្លាតឆ្ងាយជិតសាបសិបឆ្នាំ។
4. ទីខ្ញុំធ្លាប់រត់លេងកាលកុមារ …………ទីដែលដូនតាលោកធ្លាប់បានផ្ដាំ
ទីផ្ដល់ក្ដីសុខមិនធ្លាប់ប្រេះស្រាំ…………ទីដែលខ្ញុំចាំខ្ញុំនឹករាល់ថ្ងៃ។
5. ពេលដែលខ្ញុំបានទៅលេងម្ដងៗ…….មិនដែលរំលងឡើងភ្នំរុកព្រៃ
សំដៅកំពូលភ្នំខ្ពស់ស្កឹមស្កៃ …………...ព្រោះចង់ឃើញព្រៃជ្រោះកំពូលភ្នំ។
6. កំពូលភ្នំធំមនោរម្យជាងគេ……………សម្រស់កើនទ្វេររុក្ខជាតិតូចធំ
ថែមខ្យល់ត្រជាក់ញញាក់អារម្មណ៍…….ទាំងគេទាំងខ្ញុំមិនចង់ឃ្លាតឆ្ងាយ។
7. ឡើងដល់កំពូលហាក់បានទៅដល់….ឋានសួគ៌នឹងថ្កល់នាំចិត្តសប្បាយ
ទេសភាពជុំវិញវាលស្រែវែងឆ្ងាយ……..បឹងបួរទាំងឡាយអមអែបសម្រស់។

ភ្នំពេញថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចាប់ផ្តើមតែង យប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១ វេលាម៉ោង ៦ល្ងាច









ចម្រៀងបទ
កុមារក្លាហាន
បទភ្លេងតែងថ្មី
១- យើងជាកុមារហាអើយ ក្លាហានអង់អាច
រៀបចំជាស្រេច ទៅឯសាលា។ (២ដង)
២- យើងខំស្តាប់គ្រូហាអើយ ខំសូត្រអក្ខរា
ខំពិចារណា ចំណោទលំហាត់។ (២ដង)
៣-យើងខំកត់ត្រាហាអើយ ឲ្យបានមត្យ័ធ
ខំស្រាយលំហាត់ ដែលគ្រូដាក់ឲ្យ។ (២ដង)
៤- យើងខំសូត្រអានហាអើយ ឲ្យបានញឹកញយ
យើងមិនបណ្តោយ ឲ្យល្ងង់រុករាន។ (២ដង)
៥-យើងខំរៀនសូត្រហាអើយ ចំណេះជាស្ពាន
នាំជាតិថ្កើងថ្កាន ល្បីសាយគ្មានអាក់។ (២ដង)
៦-ដូច្នេះពុកម៉ែហាអើយ គួរតែជឿជាក់
ថាកូនមិនធ្លាក់ អំពើពាលា។ (២ដង)

និពន្ធដោយ៖ យី ឆេងអ៊ួ ភ្នំពេញ ព្រលឹមថ្ងៃទី ៨-មីនា-២០១១ បណ្ណារក្ខខ្មែរ












ចម្រៀងបទ
សុ ចិ បុ លិ
លំនាំបទពីដើម៖ ស្អប់ណាស់ស្រីៗញ៉ាំស្រា


1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។
ខំរៀនខំសូត្រវិជ្ជាគ្រប់ មុខ។(ផ្ទួន) តាមដោយទំនុក សុចិបុលិ។ (បន្ទរ)

2. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។
បុ សួរសំនួរព្រោះ ការងឿងឆ្ងល់។ (ផ្ទួន) លិ កត់សំគាល់ ទុកជាក្បួនច្បាប់។ (បន្ទរ)

3. អ្នកណាប្រាសចាកអង្គបួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។
អ្នកណាត្រាប់អង្គបួននេះបានហើយ។ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។ (ផ្ទួន)


ដកស្រង់ចេញពី កំណាព្យ អង្គទាំងបួនរបស់អ្នកសិក្សាបទភុជង្គលីលា របស់បុព្វបុរសខ្មែរ
កែសម្រួលទំនុកច្រៀងដោយ៖ យី ឆេងអ៊ួ ហៅ ប៉េង បណ្ណារក្ខ
ភ្នំពេញ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១













ចម្រៀងបទ

ខ្យល់បរិសុទ្ធលើកំពូលភ្នំ

(លំនាំបទ ពីដើម ៖ វាយោបក់ផាត់ - នារីកំពូលដួងចិត្ត ស៊ិនស៊ីសាមុត)

1. វាយោបក់ផាត់មកប៉ះកាយា.................សត្វយំខ្ញៀវខ្ញារលើកំពូលភ្នំ
ចិត្តខ្ញុំរសាយពីរឿងទុក្ខធំ.........................ហាក់បានជួបជុំដូចវ័យកុមារ។
2. ភ្នំតូចភ្នំធំភ្នំបកឫស្សី............................ភ្នំខ្មោចភ្នំជ័យភ្នំមាន់រមនា
ភ្នំដងភ្នំខ្លាគេស្គាល់គ្រប់គ្នា.......................ភ្នំព្រះវិហារលើក្រោមជុំជិត។
3. នៅជុំវិញភ្នំមានបឹងច្រើនណាស់.............ទេសភាពល្អល្អះខ្ញុំតែងនឹកគិត
កាលនៅកុមារបឹងធ្លាប់ស្គាល់ចិត្ត...............ផ្តល់សារៈពិតត្រីព្រៃពេញប្រៀប។
4. វាយោអ្នកមានគុណធំពេកក្រៃ.................លួងលោមហឫទ័យបានស្បើយមួយគ្រា ធម្មជាតិស្រុកខ្ញុំគួរគន់ទស្សនា.....................ជ្រលងបព្វតាបឹងបួរល្វឹងល្វើយ។













ចម្រៀងបទ

ចាំស្នេហ៍
(លំនាំបទពីដើម ស៊ិន ស៊ីសាមុត) ចង្វាក់រាំវង់

1. ចាំអើយចាំ រាល់ខែរាល់ឆ្នាំរាល់ថ្ងៃ(២ដង) ចាំអូនរៀងរាល់រាត្រី (២ដង) ឱស្រស់ពិសីតើស្រីទៅណា? បងគេងសោកា ចង់ជួបជីវ៉ា បានចចារដូចគ្រាដើម(២ដង) ។


2. ចាំអើយចាំ ថ្ងៃណាស្រស់អូនវិលវិញ(២ដង) រាល់ថ្ងៃបងតែងទន្ទេញ (២ដង) ថាបានជួបវិញរួមក្តីស្នេហា តើដឹងទេថា អូនជាធីតាក្នុងដួងចិត្តបង(២ដង) ។


3. សូមអូនឆ្លើយ ឲ្យបងអស់ក្តីសង្ស័យ (២ដង) សូមអូននាងត្រាប្រណី(២ដង) ដាក់ទានស្នេហ៍ស្រី ឲ្យរូបបងផង ឱស្រស់ស្នេហ៍ស្នង បងមិនរំលងប្រពៃណីខ្មែរឡើយ(២ដង) ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ព្រលឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១
អត្ថន័យ៖ លើកពីតម្លៃវប្បធម៌ខ្មែរ










ចម្រៀងបទ
យើងជាកូនខ្មែរ

1. យើងជាកូនខ្មែរ រក្សាថួនថែ តម្លៃជាតិ អរិយធម៌ ថ្លៃថ្លាវរនាថ
ធនធានធានធម្មជាតិ ដែនដីសីមា ដំណែលដូនតា ពង្សអ្នកកេ្សមក្សាន្ត។

2. យើងមិនប្រហែស កសាងចំណេះ ប្រសើរកល្យាណ ទូន្មានខ្លួនល្អ
បន្តសន្តាន អំបូរថ្កើងថ្កាន សុខសាន្តមេត្រី ជាជាតិប្រពៃ ស្កឹមស្កៃបវរ ។

3. យើងជាកូនខ្មែរ បានរក្សាថែ ច្រើនរាប់តំណរ សិល្បៈរចនា ប្រាសាទអង្គរ
សម្បត្តិវប្បធម៌ អក្សរសាស្រ្តា ស្នាដៃអស្ចារ្យ ខេមរារុងរឿង ។

និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០


















ចម្រៀងបទរាំវង់
ស្មារតីខ្មែរ

1. យើងខ្មែរ ស្រលាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហប្រសប់គ្រប់យ៉ាង (ច្រៀងបន្ទរ) ។

2. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួង ចិត្តមេត្រី (ច្រៀងបន្ទរ) ។


3. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ ប្រជាជួបសុខសេរី (ផ្ទួន)
សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ) ។

4. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ នាំជាតិរុរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ) ៕


និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០














ចម្រៀង ពេលដែលរៀមថ្នាក់ថ្នម!
1. ពេល ដែលរៀមបីបមបំពេរ ស្រស់មាសមេ អូនគាប់ ហឫទ័យកន្លង រៀមសូមថ្នាក់ថ្នមត្រកង
ស្រស់ស្នេហ៍ស្នង កំពូងដួងចិត្តអមតៈ។
បឹងស្រុកខ្ញុំ៖ បឹងកំពឹស បឹងប្រយ៉ាប បឹងធំ បឹងឆ្នុកទ្រូ បឹងកំពង់ពោធិ៍ បឹងកាដឹង បឹងតាអ្នកដា បឹងអន្លុងអក បឹងកោះធំ បឹងសន្ទុះ បឹងស៊ៃតាកួច បឹងទន្លេច្រឡៃ បឹងតាប៉ន់ដូនតោ



2. ចម្រៀងកុមារ យើងខំរៀនសូត្រ
(លំនាំបទពីដើម៖ ស្អាតជានិច្ច)
3. ម៉ាក់និងប៉ាៗ ខំធ្វើការ ដើម្បីកូនៗ ខំរៀនមិនសាបសូត្រ មិនសាបសូន្យ ដើម្បីអនាគតរុងរឿង។


ចម្រៀងកុមារ៖ ទំនេរអានសៀវភៅ (លំនាំបទដេកឬដើរ)
I. ពេលទំនេរត្រូវអានសៀវភៅ កុំទុកនៅនាំអសោចកេរ្ដិ៍ អានរាល់ថ្ងៃយល់ន័យផងដែរ ក្រុងឬស្រែខំរៀនគ្រប់គ្នា។
II.
III.
IV. តាមប្រសាសន៍លោកគ្រូ ប៉ាក់ សំបុល បណ្ណារក្ខអង្គការដើម្បីភាពញញឹមនៃកុមារ បទយីកេសំខាន់ៗ៖

ឆឺមុនី តាក់កន្តែរែ ណោងភីសាណា ណរេណរេ
ណោងមនី កូរេយួនសា រំភើយផាត់ ឆាឱវារវ៉ាន់ អាតេរ៉ៃ

No comments:

Post a Comment