Friday, July 8, 2011

កម្រងកំណាព្យប្រជាប្រិយ


លើកស្ទួយកុមារ
បទកាកគតិ
1. ពាក្យចាស់ពោលថា...................ទំពាំងកុមារ...................ជាអ្នកស្នងចាស់
បើយើងខំថែ..............................ទំពាំងរហ័ស...................ស្នងឬស្សីចាស់
រឹងមាំកើនទ្វេ។
2. ដូច្នេះយើងត្រូវ ...................បង្រៀនកូនចៅ...................កុំឲ្យទំនេរ
បង្រៀនឲ្យអាន ...................នាំឲ្យសរសេរ...................កូនយើងកូនគេ
បង្រៀនទាំងអស់។
3. បង្រៀនរួចហើយ...................យើងមិនកន្តើយ...................ថែដោយស្ម័ត្រស្មោះ
ពូនជ្រុំដាក់ដី.........................ស្ទួយគ្មានចន្លោះ...................ថែទំពាំងនោះ
ស្មើរនឹងនេត្រា។
4. មើលថែសុខភាព...................ថែដោយរបៀប...................តាមក្បួនតម្រា
បញ្ចូនកូនទៅ.........................រៀននៅសាលា...................ស្គាល់ការសិក្សា
ពេញមួយជីវិត។
5. ថែដោយថ្នាក់ថ្នម...................បំពេរបីបម............................ឲ្យបានល្អន់ល្អិត
ពោលពាក្យសរសើរ...............ដោយអស់ពីចិត្ត....................ឆ្ងាយពីប្រព្រឹត្ត
អំពើហឹង្សា។
6. មិនកេងចំនេញ ...................មិនលក់ដូរចេញ...................ពលកម្មកុមារ
ផ្តល់សុខសិរី.......................ផ្តល់ជោគជ័យា.....................ថែស្មើសិរសា
ថ្លៃស្មើគុណធម៌។
7. លើកស្ទួយកុមារ...................ឲ្យបានទស្សនា...................ទីឋានបវរ
ប្រាសាទបុរាណ...................ភូមិឋានវប្បធម៌...................ខ្មែរដ៏ស្រស់ល្អ
ប្រសើរស្មើព្រះ។
8. លើកស្ទួយកុមារ...................តាមក្បួនតម្រា...................ឲ្យបានល្អល្អះ
ផ្តល់សិទ្ធិមូលដ្ឋាន................ឲ្យបានពេញពាស..............ថែថួនគ្រប់ផ្ទះ
ឲ្យបានក្លាខ្លាំង។
9. លើកស្ទួយកុមារ...................មិនឲ្យធ្វើការ...................ធ្ងន់ហួសកំលាំង
មិនឲ្យវាយថ្ម........................មិនឲ្យចូកចាំង.................មិនឃារមិនឃាំង
កុមារក្នុងផ្ទះ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញផ្តើម៖ យប់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១១ បញ្ចប់៖ រសៀលថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១




ផ្អកខ្មែរ
បទពាក្យប្រាំបី

1. ឃើញផ្អកចិញ្ច្រាំចង់ញ៉ាំម្លេះទេ ........................ផ្ទាប់អន្លក់ខ្មែររកគូប្រៀបគ្មាន
ឆ្ងាញ់អស់បាយសបាយក្តាំងដែលមាន ................អ្នកក្រអ្នកមានចូលចិត្តដូចគ្នា។

2. ផ្អកត្រឹផ្អកជ្រូកខ្មែរលូកមិនឈប់........................ហូបទាំងថ្ងៃយប់ចំអែតជន្មា
ខ្មែរចេះផ្សំគ្រឿងរសឆ្ងាញ់ពិសា.......................បរទេសស្នេហាសួររកចុងភៅ។

3. ផ្អកខ្មែរផ្សំគ្រឿងតាមបែបធម្មជាតិ......................ចែកជូនញោមញាតិពិសាក្តៅៗ
ផ្អកតំណាងខ្មែរសូមថែទុកនៅ............................បង្រៀនកូនចៅធ្វើឆ្ងាញ់ដូចម៉ែ។

ភ្នំពេញល្ងាចថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១១
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ


ពេលឃ្លាត facebook

បទកាកគតិ

1. ពេលឃ្លាតfacebook ………..ចិត្តនៅមិនសុខ...................ហាក់ខ្វះសេរី
ព្រោះខានចែកចាយ .............កាព្យប្រជាប្រិយ.................ដល់មិត្តប្រុសស្រី
អានកែអផ្សុក ។

2. បែកមួយរយៈ.......................សូមទោសមិត្តភក្តិ...............ស្រុកខ្មែរអែអុក
ព្រោះការងារច្រើន.................ត្រូវកើនសម្រុក...................ជួយខ្មែរច្រើនស្រុក
ផុតអចិជ្ជា ។

3. ពេលនេះរូបខ្ញុំ ......................វិលមកជូបជុំ.......................មិត្តទាំងអស់គ្នា
រួមចែករំលែក.......................សព្វអស់វិជ្ជា........................ពិសោធន៍ការងារ
ក្ដីសុខសប្បាយ ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១


រស់រៀន
(បទពាក្យប្រាំ)
1. រស់រៀនសូត្រអានឲ្យចាំស្ទាត់ រស់រៀនឲ្យម៉ដ្ឋគ្រប់វិជ្ជា
រស់រៀននិយាយពាក្យសន្ទនា រស់រៀនការពារអំពើល្អ។
2. រស់រៀនសន្សំគ្រប់វិជ្ជា រស់រៀនរចនាឲ្យបវរ
រស់រៀនសរសេរចារឲ្យល្អ រស់រៀនបន្ដកេរ្ដ៍ដូនតា។
3. រស់រៀនគិតច្នៃបង្កើតថ្មី រស់រៀនឲ្យល្បីអស់ខេមរា
រស់រៀនសាងបុណ្យគេស្នេហា រស់រៀនទេសនាប្រដៅសត្វ។
4. រស់រៀនកែប្រែកំហុសខ្លួន រស់រៀនអត់ឱនលះបង់បាត់
រស់រៀនធ្វើការឲ្យមធ្យ័ត រស់រៀនដើរស្កាត់រកវិជ្ជា។
5. រស់រៀនគិតគូរសួរឆ្លើយតប រស់រៀនឲ្យស្របនឹងគ្នីគ្នា
រស់រៀនឲ្យចប់សព្វវិជ្ជា រស់រៀនការពារភូមិឲ្យសុខ។
6. រស់រៀនសង្កេតឲ្យប្រាកដ រស់រៀនត្រាកត់ចាំទៅមុខ
រស់រៀនប្រព្រឹត្តការនាំសុខ រស់រៀនជួយស្រុកឲ្យរីកធំ។
7. រស់រៀនស្រាវជ្រាវការគ្រប់មុខ រស់រៀនចងទុកការភិរម្យ
រស់រៀនវែកញែកការតូចធំ រស់រៀនឆ្លាក់ផ្គុំការក្នុងក្រៅ។
8. រស់រៀនស្មូត្រច្រៀងឲ្យពីរោះ រស់រៀនបង់បោះការហ្មងសៅ
រស់រៀនរាល់ថ្ងៃក្រែងខ្លោចឆៅ រស់រៀននាំចៅកែអផ្សុក។
9. រស់រៀនរកស៊ីការសុចរិត រស់រៀនគូរគិតជួយភូមិស្រុក
រស់រៀនថែព្រៃរបោះស្ដុក រស់រៀនដាក់ទុកទ្រព្យក្នុងក្រៅ។
10. រស់រៀនវែកញែកឲ្យប្រាកដ រស់រៀនសន្មត់ការរាក់ជ្រៅ
រស់រៀនប្រកបការត្រឹមត្រូវ រស់រៀនដើរផ្លូវពុទ្ធបានផ្ដាំ។
11. រស់រៀនឲ្យបានច្រើនភាសា រស់រៀនឆ្លាក់ចារអស់បណ្ដាំ
រស់រៀនថែកេរឲ្យយូរឆ្នាំ រស់រៀនចំណាំគុណពុកម៉ែ ។
12. រស់រៀនសេពគប់នឹងមនុស្សល្អ រស់រៀនស្មោះសរនឹងពូជខ្មែរ
រស់រៀនស្ទួយជាតិកុំប្រួលប្រែ រស់រៀនថ្មមថែឲ្យផុតភ័យ។
13. រស់រៀនមិនឈប់តកូនចៅ រស់រៀនក្នុងក្រៅឲ្យប្រពៃ
រស់រៀនឲ្យអស់សព្វអ្វីៗ រស់រៀនថ្លាថ្លៃជាពូជមនុស្ស។
14. រស់រៀនជានិច្ចនឹងនាំសុខ មិត្តអើយចាំទុករស់រៀននោះ
កប់ពាក្យរស់រៀនក្នុងពុងពោះ ញាតិលែងរលោះពីភពសុខ៕
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់)


បណ្តាំឱពុក
(សម្រាប់កូនប្រុស)
(បទពាក្យប្រាំបី)
1. កូនប្រុសសម្លាញ់មាសឱពុក......................................ចូរបាចាំទុកណាកូនណា
វ័យកូននៅក្មេងត្រូវឧស្សាហ៍...................................ក្រេបយកវិជ្ជាកុំជិនណាយ។

2. វិជ្ជាអក្សរលេខសិល្ប៍សាស្ត្រ....................................រៀនកុំឲ្យខ្វះជាសម្ពាយ
រៀនកុំបង្អង់ក្រែងឃ្លាតឆ្ងាយ....................................ចាស់លែងសប្បាយដូចអ្នកចេះ។

3. កូនត្រូវចេះស្តាប់ពាក្យពុកម៉ែ...................................រៀនឲ្យពូកែរៀនរេរិះ
រៀនឲ្យបានច្រើនសព្វចំណេះ..................................រៀនទាល់តែចេះទើបមានភ័ព្វ។

4. កូនអឺយត្រូវរៀនគិតរកស៊ី.........................................ទុនមួយទុនពីររកឲ្យជាប់
រៀនរៀបផែនការក្រែងបាត់ភ័ព្វ.................................រៀនធ្វើមេទ័ពធ្វើកូនចៅ។

5. រៀននិយាយស្តីពាក្យគួរសម.....................................រៀបឫកឲ្យធំធ្វើខ្លៅ
រៀនយល់អ្នកតូចរៀនស្គាល់ផៅ...............................រៀនស្គាល់ក្រយៅអ្នកខូចកាច ។

6. កូនអឺយត្រូវរៀនសេពគប់មិត្ត....................................ទាំងឆ្ងាយទាំងជិតដោយអង់អាច
សេបគប់មិត្តល្អកូនកុំខ្លាច.........................................តែត្រូវចេះគេចពីជនពាល។

ព្រលឹមថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
















បណ្តាំឪពុក
(សម្រាប់កូនស្រី)
(បទភុជង្គលីលា)

1. ឱកូនស្រីមាសឪពុក.................ម៉ែឪដាក់ទុក...................ឲ្យកូនមានប្តី។
2. កូនអឺយត្រូវប្រុងស្មារតី............យល់សព្វអ្វីៗ..................ការស្រីក្នុងក្រៅ។
3. កូនអឺយកុំដេកតែខ្លៅ...............ត្រូវដឹងរាក់ជ្រៅ...............ទើបគេសរសើរ។
4. ទោះនឹងអង្គុយដេកដើរ............កូនស្រីជំទើរ...................ឲ្យសមជាខ្មែរ។
5. កូនអឺយកុំភ្លេចអ្នកស្រែ.............ដែលលោកខំថែ..............ដំណាំធម្មជាតិ។
6. ការរួចត្រូវខំថែមទៀត..............ត្រូវប្រឹងឈ្លកឆ្លៀត..........បន្តវិជ្ជា។
7. ឆ្លៀតអានឆ្លៀតរៀនគ្រប់គ្រា......កុំភ្លេចពាក្យបា...............កូនស្រីសម្លាញ់។
8. រស់នៅកុំចង់ឈ្នះបាញ់.............នាំគេខ្នក់ខ្នាញ់................រលាយកេរ្តិ៍ឈ្មោះ។
9. កូនអឺយកុំនាំពាក្យឈ្លោះ..........ពាក្យអស់ទាំងនោះ.........នាំកូនអន្តរាយ។
10. គ្រួសារត្រូវការសប្បាយ............បានលុយចេះចាយ..........ចាត់ចែងសមគួរ។
11. កូនត្រូវចេះរាប់រកសួរ...............ពាក្យសមពាក្យគួរ............ញាតិទាំងសងខាង។
12. កូនកុំភ្លេចគុណអាងយ៉ាង..........ស្តីថាសំអាង.....................ត្រូវមានសីលធម៌។
13. នោះកូននឹងខ្ពស់បវរ..................ប្តីនឹងសាទរ.......................ស្រលាញ់កូនស្រី។
14. នៅផ្ទះត្រូវខំឃ្មាតខ្មី...................ចិត្តកុំពីរបី..........................ស្រលាញ់ការផ្ទះ។
15. ត្រូវចេះក្រាបឱនសំពះ...............ពេលជួបប្រទះ....................ចាស់ទុំប្អូនបង។
16. ត្រូវឆ្លៀតបង្រៀនកូនផង...........កូនខុសកូនឆ្គង...................ត្រូវកែតម្រង់។
17. ត្រូវពោលពាក្យល្អផូរផង់...........ដោយកាយផ្ចិតផ្ងង់..............សមជាមាតា។
18. ពេលកូនមកពីសាលា...............ត្រូវពិនិត្យការ.......................សិក្យាកូនផង។
19. កូនខ្វះមិនត្រូវរំលង..................បង្រៀនសាកល្បង................បន្ថែមនៅផ្ទះ។
20. ក្នុងនាមម្តាយត្រូវជំនះ...............ចិត្តល្អដូចព្រះ.......................កុំប្រើហិង្សា។
21. កូននឹងបានខ្ពស់ថ្លៃថ្លា................វៃឆ្លាតប្រាថ្ញា.........................តទៅថ្ងៃមុខ។
22. នេះជាបណ្តាំឪពុក.....................សូមកូនចាំទុក.......................ណាកូនស្រីពុក។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១១
ចាប់ផ្តើមតែង៖ ម៉ោង ១០ និង ១០នាទី បញ្ចប់៖ ម៉ោង ១១និង១៥នាទី









ត្នោតក្រុង ត្នោតស្រែ
(បទពាក្យប្រាំពីរ)

1. ត្នោតនៅទីក្រុងគេស្រោចទឹក....................ថែទាំផ្ទួនញឹកត្នោតមានម្ចាស់
ត្នោតស្រែត្នោតដុះច្រើនក្រៃក្រាស់............ត្នោតស្រែកគ្មានម្ចាស់គ្មានអ្នកថែ។

2. ត្នោតស្រែរងារាល់យប់ថ្ងៃ.........................ត្នោតសែនអាល័យគ្មានឪម៉ែ
ត្នោតស្រែអ្នកក្រគ្មានគេថែ........................ត្នោតកេរអ្នកស្រែអភ័ព្វក្រៃ។

កំណាព្យ«អាសូរដើមដូង» និង «ឱដើមអំពិលទឹក» របស់គយ សារុន ព្រមទាំង កំណាព្យ«ដើមអំពិល»របស់អ្នកស្រីកែវ ច័ន្ទបូរណ៍ ប្រធានបទកំណាព្យទាំងបីនេះ បានធ្វើឲ្យខ្ញុំ មានគំនិតតាក់តែង កំណាព្យ« ត្នោតក្រុង ត្នោតស្រែ» នេះឡើង។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្សខ្មែរ
រសៀលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១


ការពារបរិស្ថាន
(បទកាកគតិ)

1. ខ្មែរអើយសូមភ្ញាក់.................យើងរស់ពឹងពាក់ ............ ជាមួយធម្មជាតិ
ត្រូវការពារព្រៃ......................ដាំថ្មីថែមទៀត.................ត្រូវលៃឈ្លកឆ្លៀត
ការពារបរិស្ថាន។
2. បើយើងការពារ....................ថែទាំងអស់គ្នា...................យើងនឹងសុខសាន្ត
រន្ទៈព្យុះមា............................លែងមកជិតបាន..............យើងនឹងស្គាល់ថាន
អភិវឌ្ឍន៍ចិរភាព។
៣-៦-២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
ហេតុអគ្គីភ័យ
(បទកាកគតិ)
1. សំណង់មិនល្អ………………….នាំហេតុបង្ក………………………..អគ្គីឆាបឆេះ
ដូច្នេះគ្រប់គ្នា…………………..ការពារកុំធ្វេស……………………...សាងសង់ត្រូវចេះ
គោរពតាមខ្នាត។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ៣-៦-២០១១





ចិត្តល្អ
(បទពាក្យប្រាំពីរ)
1. ចិត្តល្អចិត្តសដូចក្រដាស..................មិត្តមកពេញពាសស្ម័គ្ររាប់អាន
ចិត្តល្អចេះជួយញតិសន្តាន................ចិត្តល្អថ្កើងថ្កានយូរអង្វែង។

2. ចិត្តល្អមិនក្រទេណាមិត្ត....................ចិត្តល្អចេះគិតចេះចាត់ចែង
ចិត្តល្អនាំសុខអស់គេឯង...................ចិត្តល្អជន្មវែងរយវស្សា។

3. ចិត្តល្អចែកចាយអស់វិជ្ជា...................ដល់អស់ផងគ្នាគ្រប់តម្រា
ចិត្តល្អបង្រៀនអស់សាស្ត្រា................ចិត្តល្អឆ្លាក់ចារទុកជាកេរ។

4. ចិត្តល្អនាំមនុស្សរកផ្លូវសុខ.................ចិត្តល្អនាំស្រុករីកកើនទ្វេរ
ចិត្តល្អសាងល្អគ្មានទំនេរ....................ចិត្តល្អសរសេរតែពាក្យល្អ។

5. ចិត្តល្អជួយគ្នាគ្រាមានទុក្ខ...................ចិត្តល្អលើកមុខខ្ពស់បវរ
ចិត្តល្អជួយអប់រំអ្នកក្រ........................ចិត្តល្អស្មោះសមិនក្លែងក្លាយ។

6. ចិត្តល្អប្រកបដោយធម៌ព្រហ្ម...............ចិត្តល្អដូចខ្ញុំទាំងចិត្តកាយ
ចិត្តល្អនាំលោកសុខសប្បាយ..............ចិត្តល្អចេះស្តាយភាពខុសឆ្គង។

7. ចិត្តល្អមិនរកស៊ីខុសច្បាប់...................ចិត្តល្អមិនត្រាប់ខុសទំនង
ចិត្តល្អចេះចែកធនធានផង.................ចិត្តល្អចេះគ្រងអំពើល្អ។

8. ចិត្តល្អនៅមានច្រើនណាស់មិត្ត............ចិត្តល្អគួរគិតរសព្រះធម៌
ចិត្តល្អអនុវត្តឲ្យបានល្អ.......................គោលធម៌អដ្ឋមគ្គទាំងប្រាំបី។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១១
ចាប់ផ្តើមពីម៉ោង៣រសៀល និង បញ្ចប់នៅម៉ោង ៤រសៀល



វិជ្ជា
បទកាកគតិ
1. វិជ្ជាជាស្ពាន វិជ្ជាបួសរៀន វិជ្ជាសាលា
វិជ្ជាជីវិត ពិតស្រស់សង្ហារ វិជ្ជាបីតា
នាំសត្វផុតភ័យ។

២-មានវិជ្ជាហើយ មិត្តកុំភ្លេចឡើយ សីលធម៌ថ្លាថ្លៃ
ត្រូវខំភាវនា ប្រណិបត្តិឲ្យហើយ តាំងចិត្តឲ្យស្បើយ
ពីអគតិ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ

សាំងខ្មែរ
បទកាកគតិ

1. សាំងអើយសាំងខ្មែរ សាំងថ្លៃម្លេះទេ សាំងខ្មែរអ្នកមាន
សាំងបង្កើតកូន ចំណេញរយលាន សាំងខ្មែរមិនអៀន
សាំងឡើងមិនចុះ។
2. សាំងជួយអ្នកណា សាំងជាតិខេមរា សាំងមិនស្រួលស្រុះ
សាំងនាំសេដ្ឋកិច្ច ខ្មែរឲ្យធ្លាក់ចុះ សាំងចិត្តមិនស្មោះ
ថ្លៃកប់ពពក។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
សីលធម៌ធ្លាក់ចុះ
បទកាកគតិ
1. សម័យឥឡូវ យកខុសជាត្រូវ គប់ពាលជាគ្នា
យកស្រាធ្វើមិត្ត កាន់ចិត្តឫស្យា ពោលខុសតម្រា
ប្រព្រឹត្តខុសធម៌។
2. ប្រើពាក្យអាម៉ឹង ចិត្តគិតរំពឹង ទ្រព្យមិនបានរក៍
ថាទ្រព្យសំណាង យកមកលម្អ ប្រុសស្រីសាទរ
តែនឹងទ្រព្យគេ។
3. ពេលជួបមិត្តភក្តិ ស្តីមិនស្ទើរស្ទាក់ ពាក្យល្អគ្មានទេ
អានេះមីនោះ ពាក្យអាស្រូវកេរ្តិ៍ ពេលខ្លួនទំនេរ
ប្រជុំផឹកស្រា។
4. អ្នកខ្លះញៀនស្រី ខ្លះជក់បារី ខ្លះញៀនកញ្ឆា
ខ្លះសេពគ្រឿងញៀន តាំងហ៊ានឡូឡា ខ្លះឈ្ងោកនៅផ្សារ
លេងល្បែងបៀប៉ោ។
5. ខ្លះខ្ជិលធ្វើការ បែរទៅផឹកស្រា ស្រែកជេរបញ្ចោរ
ផ្អើលអស់អ្នកភូមិ កូនរត់ឆោឡោ រាគនោមដាក់ខោ
ព្រោះឪប្រមឹក។
6. ខ្លះរកស្រីក្មេង លបលួចជាល្បែង ប្រលែងល្ងាចព្រឹក
ក្បត់កូនប្រពន្ធ ចោលផ្ទះញយញឹក មិនខ្ចីរលឹក
រឿងដើមកម្សត់។
7. ខ្លះគេចសាលា ចូលរាំក្នុងបា ចោលប្រាជ្ញប្រាកដ
ដេកផ្ទះសំណាក់ អវិជ្ជាសង្កត់ តស៊ូអំណត់
តែរឿងខុសច្បាប់។
8. ពេលចូលក្នុងវត្ត ហាស្តីធាក់ទាត់ អួតរឿងកាប់ចាក់
មិនដោះស្បែកជើង ពាក់មួកខុសថ្នាក់ រឿងរ៉ាវបណ្តាក់
ដោះស្រាយមិនចប់។
9. ពេលជួបព្រះសង្ឃ ចិត្តមិនស្មោះត្រង់ ស្គាល់បុណ្យកំណប់
ធ្វើជាវាហី មិនភពប្រសប់ មិនព្រមកាយកប់
ពាក្យល្អក្នុងចិត្ត។
10. កូនអើយភ្ញាក់ឡើង តំកល់តម្កើង សីលធម៌ល្អល្អិត
ខ្មែរពីបុរាណ លោកមានគុណពិត កូនត្រូវប្រៀងប្រិត
ស្តាប់លោកទូន្មាន។
ភ្នំពេញ, ព្រលឹមថ្ងៃទី 0១-មិថុនា-២០១១
និពន្ធដោយ៖ យី ឆេងអ៊ួ (បណ្ណារក្ខខ្មែរ)


















ផឹកម្តេចទើបល្អ?
(បទពាក្យប្រាំពីរ)
1. ផឹកស្រាដូចម្តេចទើបបានល្អ? ផឹកទើបស្មោះសជាជាតិខ្មែរ
ផឹកម្តេចទើបហៅផឹកពូកែ? ផឹកម្តេចទើបថែសុខភាពទៅ?
2. មុនផឹកសូមនឹកទៅដល់គ្រោះ ពេលផឹកកុំឈ្លោះនាំហ្មងសៅ
បានផឹកកុំផឹកច្រើននាំខ្លៅ បានផឹកកុំដៅចូលផ្ទះបន។
3. ក្រោយផឹកសូមកុំធ្វើដំណើរ ផឹករួចកុំដើរនាំគូកន
ចរចេញទៅឆ្ងាយចាយបំប៉ន ស្រីល្បែងបារបននាំខូចឈ្មោះ។
4. មុនផឹកសូមនឹកផឹកបាយឆ្ងាញ់ ផឹកល្អស្រលាញ់ផឹកផុតគ្រោះ
ផឹកតិចផឹកឆ្លាតឆ្ងាយពាក្យឈ្លោះ ផឹកនេះកិត្តិយសមិនបាត់បង់។
5. ផឹកតិចមិនភេ្លចធ្វើការងារ ផឹកតិចការពារច្រើនទម្រង់
ការពាររោគស្ពឹកផឹកមិនបង់ វង់ភក្តិផូរផង់ព្រោះចេះផឹក។
6. ផឹកតិចចំណាយក៏តិចដែរ ផឹកតិចមិនក្អែររាល់ល្ងាចព្រឹក
ផឹកតិចងាយដាស់ងាយរលឹក ផឹកក្រោកបានព្រឹកទៅធ្វើការ។
7. កូនអើយបើផឹកចង់សប្បាយ ពុកសូមត្រួសត្រាយបុត្រខេមរា
ផឹកតាមរដូវតាមតម្រា ផឹកតិចឈ្មោះថាកូនចេះផឹក។
8. កូនអើយបើកូននៅក្មេងខ្ចី កូនកុំផឹកអីព្រោះនាំស្ពឹក
ខួរក្បាលកូនល្អកូនកុំផឹក សូមកូនប្រញឹកការរៀនសូត្រ។
9. អាយុក្រោមដប់ប្រាំបីឆ្នាំ ចូរកូនចងចាំសូមស្លូតបូត
ច្បាប់លោកហាមឃាត់កូនរហូត អាយុកូនលូតពីលើនេះ។
10. ស្រាមិនសំខាន់ទេណាកូន សូមនាំបងប្អូនញាតិគេចវេស
ផឹកស្រានាំកូនខូចចំណេះ កូនអើយត្រូវចេះឈប់ខកខាន។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១



ផឹកយករង្វាន់
បទកាកកតិ
1. ផឹកយករង្វាន់ ផឹកឲ្យបានទាន់ រង្វាន់តូចធំ
មិនផឹកគេថា មិនចេះខិលខូច ផឹកក្រែងមិនដូច
អ្នកក្លាហានផឹក។
2. ផឹកយករង្វាន់ ផឹកក្រែងមិនទាន់ រង្វាន់ល្ងាចព្រឹក
ផឹកស្រាគ្រប់មុខ ផឹកទល់មុខស្ពឹក ផឹកលុះទទឹក
ជោគខ្លួនលេចថ្លើម។
3. ផឹកយករង្វាន់ ផឹកឲ្យរួសរាន់ ផឹកទល់មុខហើម
ផឹកទល់ក្អួតអស់ ផឹកយកឈ្មោះឆ្នើម ផឹកកើតរោគថ្លើម
ក៏មិនខ្វល់ដែរ។
4. ផឹកយករង្វាន់ ផឹកអស់រយពាន់ ដុល្លាររៀលខ្មែរ
ផឹកទល់គេសែង ផឹកមិនក្រែងម៉ែ ផឹកទល់ពូកែ
នៅតែគ្មានលាភ។
5. ខ្ញុំលែងផឹកហើយ ឱរង្វាន់អើយ ស្រានាំតូចទាប
ផឹកនាំរោគថ្លើម នាំខាតជ័យលាភ ផឹកនាំបាត់ប្រៀប
ជាមនុស្សថ្លៃថ្នូរ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ២និង២៣នាទីយប់ ដល់ ម៉ោង៣និង៤៥នាទីយប់
ស្វាយខ្មែរ
បទកាកកតិ
1. តើអ្នកដឹកទេ? ស្វាយនៅស្រុកខ្មែរ មានស្វាយអ្វីខ្លះ?
ពេលនេះខ្ញុំសូម រៀបរាប់ឲ្យច្បាស់ ថាមានអ្វីខ្លះ?
ដូចតទៅនេះ។
2. ប្រភេទទីមួយ ស្វាយនាំទុក្ខព្រួយ គួរយើងរេរិះ
គួរយើងលះបង់ ខំប្រឹងគេចវេស ស្វាយរោគប្រមេះ
ស្វាយក្រាប់ស្វាយបែក។
3. ស្វាយនេះកើតមាន ដល់ជនដែលហ៊ាន ប្រព្រឹត្តប្លែកៗ
រួមបវេណី ដោយគ្មានប្រកែក សុខចិត្តបែរបែក
ក្បត់ប្តីប្រពន្ធ។
4. ប្រភេទទីពីរ គឺស្វាយចន្ទី ដំណាំល្បាញល្បី
ស្លឹកខ្ចីជារបោយ ផ្លែទុំយកឆី គ្រាប់ទុំប្រុសស្រី
លៃលីងពិសា។
5. ស្វាយប្រភេទនេះ ខ្មែររយើងគួររិះ រេដាំគ្រប់គ្នា
ស្វាយនាំសេដ្ខកិច្ច ឲ្យកើនពូជធារ ដាំកុំរេរា
គ្រប់ដីទំនេរ។
6. ប្រភេទទីបួន ស្វាយព្រមថ្វាយខ្លួន ដំណាំជាកេរ
រាស្ត្រខ្មែរគ្រប់ស្រុក ដាំគ្មានទំនេរ ផលផ្តល់កើនទ្វេរ
គ្រប់រដូវកាល។
7. ស្វាយនេះមង្គល ស្វាយស្រស់និមល ខ្មែរត្រេកត្រអាល
ពេលខ្ចីរសជូរ ទុំផ្អែមវិសាល វិសេសគ្រប់ថ្នាល
ដែលខ្មែរបានដាំ។
8. ស្វាយប្រភេទ៤ មិនប្រកាន់ខ្លួន ចូរអ្នកចងចាំ
អាចយកមកហូប ស្លរតាមចំណាំ ស្រីស្រស់ស្រងាំ
លៃបានតាមចិត្ត។
9. ពេលមានផ្ទៃពោះ ស្រ្ដីខ្មែរល្បីឈ្មោះ តែងស្នើរញាតិមិត្ដ
ជួយផ្ញើស្វាយខ្ចី ចិតជាចំណិត ហូបរួមស្នាលស្និត
បំបាត់ចិត្តចង់។
10. ស្វាយនេះមានច្រើន ប្រភេទកើតកើន ឈ្មោះច្រើនទម្រង់
ធុរេន-ខ្ទិះ-ចេក ពុំសែនផូរផង់ មាស-មីង ផ្ចិតផ្ចង់
ដងខ្ទែង-ពងត្រង។
11. មានល្ហុង-ល្ហួត-ប៉ម កែវសារីថ្នម ស-ពងអង្ក្រង
សេះ-ដោះក្រមុំ ក្បាលដំរីបង កែវស្រស់ស្នេហ៍ស្នង
កែវទែន កែវចិន។
12. មានពុំឥត-ឆ្អេះ ចន្ទស្ករ-ខួបខេះ ពងថ្កួតមាសឆ្អិន
ព្រៃ-ណាខាវ-ថៃ ចូលខ្លួនមកសិន បំរើមិនជិន
ពេលខ្វះម្ដងម្កាល។
13. ប្រភេទទី៥ ខ្មែរតែងចំណាំ ពណ៌ស្រស់ត្រកាល
សម្បុរសាច់ដើម លឺចង់ត្រអាល ពណ៌ស្រស់វិសាល
ពណ៌ថ្ងៃអង្គារ៍។
14. ដូច្នេះសូមអ្នក ដាំកុំស្ទើរស្ទាក់ ឲ្យបានគ្រប់គ្នា
ដាំស្វាយណាល្អ បវររមនា ឈប់ហ៊ានពានពារ
នឹងស្វាយអន្ដរាយ។

ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ១២និង០១នាទីយប់ ដល់ ម៉ោង១និង៤១នាទីយប់
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស ខ្មែរ



ផ្ទះខ្មែរ
បទពាក្យ ប្រាំពីរ
1. ផ្ទះខ្មែរផ្ទះម៉ែពីបុរាណ ផ្ទះម៉ែថ្កើងថ្កានទ្រង់លីវយី
ផ្ទះខ្មែរស្រស់ល្អស្រស់គ្មានពីរ ផ្ទះម៉ែសង់ពីឈើស្រុកខ្មែរ។
2. ម៉ែសង់ផ្ទះខ្មែរល្អវិចិត្រ ផ្ទះខ្មែរថេរឋិតគ្រប់ក្រុងស្រែ
កូនចៅជាន់ក្រោយខិតខំថែ ចិត្តមិនប្រួលប្រែថែជានិច្ច។
3. ផ្ទះខ្មែរតំណាងព្រលឹងខ្មែរ កូនត្រូវខំថែក្រែងរិលរិច
ខំថែខំសាងច្នៃជានិច្ច បង្កើនកលល្បិចពង្រីកផល។
4. រស់នៅផ្ទះខ្មែរផ្ដល់សេរី ប្រជាផុតភ័យទុក្ខលែងដល់
សម្រានលក់ស្រួលភ្លេចកង្វល់ គេងលក់ស្កប់ស្កល់សុបិន្ដល្អ។
5. ផ្ទះខ្មែរមានឈ្មោះច្រើនប្រភេទ សង់ឡើងតាមហេតុថ្នាក់ភូមិករ
មានឈ្មោះប្រាំពីរស្រស់បវរ គ្រប់គ្នាសាទរសង់តាមចិត្ត។
6. ទីមួយមានឈ្មោះថាផ្ទះខ្មែរ ផ្ទះនេះជាកេរយូរពេកពិត
មានដំបូលខ្ពស់ព្រមដោយឫទ្ធិ រឹងមាំជាប់ជិតរយពាន់ឆ្នាំ។
7. ទីពីរផ្ទះលាង រឺកន្ដាំង រាងរៅដូចខ្លាំងសូមចងចាំ
ដូចផ្ទះខ្មែរដែរស្រស់ស្រងាំ ខ្ញុំសូមផ្ដែផ្ដាំខ្លីដំបូល។
8. ទីបី គឺជាផ្ទះរោងដោល ខ្មែរយើងមិនចោលរាងជាស្នូល
តដំបូលតូចមួយបញ្ចូល ច្រកផ្លូវចេញចូលតែមួយទេ។
9. ទីបូនគឺជាផ្ទះរោងជាង អមអែមរូបរាងខាងទាំងទ្វេរ
មុខក្រោយដំបូលតូចបុព្វេ ពីរមិនរិះរេច្រកតែមួយ។
10. ទីប្រាំគឺឈ្មោះថាផ្ទះប៉ិត ឃើញភ្លាមជាប់ចិត្តស្នេហ៍លែងព្រួយ
ផ្ទះមានហោនាំងដំបូលមួយ ដំបូលជាប់ស្ទួយតាំងពីលើ។
11. ទីប្រាំមួយគឺផ្ទះរោងឌឿង ផ្ទះដ៏រុងរឿងស្រស់ជំទើរ
ផ្ទះសាលាកុដិវិហារលើ អ្នកខ្លះលើកស្នើស្មើ ខសង។
12. ទីប្រាំពីរ គឺជាផ្ទះជ្រោម ផ្ទះមិនទ្រុឌទ្រោមផ្ទះនួនល្អង
ផ្ទះខ្មែរទាក់ចិត្តអស់អ្នកផង សុំចូលទាក់ទងដល់មេបា។
13. នេះហើយអានុភាពស្នាដៃ ស្រស់ថ្លាប្រពៃនៃដូនតា
បន្សល់ទុកឲ្យជនខេមរា ថែតឆ្លាក់ចារជាពូជខ្មែរ។
14. កូនចៅប្រុសស្រីថែកុំធ្វេស ឈប់នាំបរទេសមកបង្វែរ
ក្រែងពេលក្រោយទៀតភ្លេចជាខ្មែរ ត្រូវថែផ្ទះយើងឲ្យរុងរឿង។
ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ១និង៥៣នាទីយប់ ដល់ ម៉ោង៣និង២៣នាទីយប់
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស ខ្មែរ

ភ្លៀងខុសរដូវ
បទកាកតិ
1. ភ្លៀងខុសរដូវ ភ្លៀងច្រើនពេកកូវ នាំនូវរន្ទះ
លាន់សូរផូងផាំង ក្តូងក្តាំងគ្រប់ផ្ទះ ភ្លៀងជ្រៀតជំនះ
ពិភពអន្តរាយ។
2. ភ្លៀងសម័យមុន បង្អុរភិរុណ នាំរាស្ត្រសប្បាយ
ភ្លៀងសម័យនេះ នាំរាស្ត្រខ្វល់ខ្វាយ ភ្លៀងនាំរូបកាយ
ខ្លាចរន្ទះបាញ់។
3. ពេលខ្ញុំនៅក្មេង ពេលភ្លៀងរត់លេង ភ្លៀងគ្មានខ្នក់ខ្នាញ់
ភ្លៀងនាំសេរី គ្មានរន្ទះបាញ់ រាស្ត្រខ្មែរហ៊ានចេញ
ចាប់ក្តាមកង្កែប។
4. ភ្លៀងពេលឥលូវ នាំរឿងអាស្រូវ ក្រៃក្រាស់គ្រប់បែប
ភ្លៀងនាំអាស៊ីត ជំនន់អមអែប ភ្លៀងចង់សោយសេព
តែទុក្ខរាស្ត្រខ្មែរ។
5. ភ្លៀងខុសរដូវ ភ្លៀងខុសគ្រប់ផ្លូវ ខុសបទហូរហែ
ភ្លៀងពេលទៀបភ្លឺ មិនថាក្រុងស្រែ ភ្លៀងនេះប្រួលប្រែ
ដូចខែកត្តិក។
6. មុនភ្លៀងក្តៅខ្លាំង ក្តៅដូចខែប្រាំង ផ្គរលាន់ទាំងព្រឹក
រន្ទះគំរាម រាស្ត្រខ្មែរស្ទើរភ្លឹក ភ័យច្រើនសន្ធឹក
នឹកស្មានមិនត្រូវ។
7. ហេតុអ្វីដូច្នេះ ភ្លៀងអ្នកមិនចេះ ភ្លៀងត្រូវរដូវ
តើភ្លៀងដឹងទេ? ធ្វើនេះមិនត្រូវ ភ្លៀងនាំអាស្រូវ
ភ្លៀងនាំអាពាធ។
8. ភ្លៀងអើយឈប់ទៅ ឈប់ខុសរដូវ ដូចពេលនេះទៀត
ខ្ញុំសូមអង្វរ អាណិតញោមញាតិ ភ្លៀងអើយកុំឃ្លាត
ពីត្រូវរដូវ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ ភ្នំពេញ
ភ្នំពេញព្រលឹម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១១

No comments:

Post a Comment