Monday, October 3, 2011

កំណាព្យ អស្សុចភ្លៀងធ្លាក់

បទពាក្យបួន
1. អស្សុចភ្លៀងធ្លាក់.................ចេញខែវស្សា
ភ្លៀងផ្តាំខេមរា...................ដល់ពេលកឋិន។
2. ផ្តាំទៅក្តាមខ្យង.....................ស្រអែមមាសឆ្អិន
ទប់ទឹកហើយសិន...............ទុកខែកត្តិក។
3. ភ្លៀងធ្លាក់ពេលល្ងាច.............ខ្យល់ធ្លាក់រអឹក
ទឹកច្រើនសន្ធឹក...................ហៀរហូរពេញស្រែ។
4. អស្សុចកត្តិក..........................ស្រអែមមាសស្នេហ៍
ប្រុសបងពូកែ......................ឡកក្បាច់ឆៃយ៉ាំ។
5. បងបង់សំណាញ់....................ស្រីស្រស់ស្រងាំ
អូនឈររងចាំ.........................យួរធុងដាក់ត្រី។
6. បងរាយសន្ទូច.......................ទំពាំងទូលដី
ត្រីស្រស់ថ្មីៗ.........................ស្លរកកូរអាំង។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៦និង៣០នាទី ដល់ ម៉ោង ៧ព្រឹក

កំណាព្យ អាយ៉ៃខ្មែរ

បទពាក្យបួន
1. តារ៉ាក់តាក់ទីង.......................អើយច្រៀងអាយ៉ៃ
ច្រៀងពេលរាត្រី.....................ដីស្រែចំការ។
2. អ្នកស្រុកគ្រប់គ្នា.....................ចូលមកទស្សនា
អាយ៉ៃដូនតា...........................មានមកជាយូរ។
3. តារ៉ាក់តាក់ទីង........................ជាទ្រព្យសំណាង
ញាតិមិត្តជិតខាង....................រាប់អានជានិច្ច។
4. ខ្ញុំជាកូនខ្មែរ............................មិនអាចបំភ្លេច
ថែទាំជានិច្ច............................មិនឲ្យបាត់បង់។
5. តារ៉ាក់តាក់ទីង........................ដ៏ស្រស់ផូរផង់
វប្បធម៌មិនបង់........................ជាតិនឹងថ្កើងថ្កាន។
6. អាយ៉ៃខ្មែរយើង.......................ជាទ្រព្យកំសាន្ត
ជូនញាតិសន្តាន.....................ស្តាប់ពេលទំនេរ។
7. តារ៉ាក់តាក់ទីង........................ទ្រព្យល្អលើសគេ
វប្បធម៌ស្រុកខ្មែរ.....................ដូនតាទុកមក។
8. អាយ៉ៃបែបខ្មែរ.........................ល្អណាស់ពន្លក
ច្រៀងឆ្លើយសៀតស៊ក...........កាព្យប្រជាប្រិយ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១០ ដល់ ម៉ោង ១១យប់

កំណាព្យ រទេះគោខ្មែរ

បទពាក្យបួន
1. គោខ្ញុំមួយនឹម......................ពុកទឹមទៅស្រែ
បរទេះខ្មែរ.........................លំនាំបុរាណ។
2. រទេះនង្គ័ល..........................នាំឲ្យសុខសាន្ត
ខ្មែរគ្រប់ៗប្រាណ...............ពេញដែនបុរី។
3. រទេះដឹកជី............................ដាក់ស្រែចាស់ថ្មី
នង្គ័លដាស់ដី.......................រនាស់ថ្កើងថ្កាន។
4. ស្រែច្រើនហិចតា.................ស្រូវល្អហួសស្មាន
ផ្ដល់ផលឲ្យបាន...................សម្បត្តិធូរធារ។
5. រទេះដឹកផល........................បានច្រើនប្រការ
តសាវតា..............................រាប់ពាន់ជំនាន់។
6. រទេះខ្មែរលឿន.....................រត់តាមមិនទាន់
កូនខ្មែររួសរាន់.....................ជួយថែរក្សា។
7. រទេះគោខ្មែរ.........................ថ្លៃខ្ពស់អស្ចារ្យ
ល្បីក្នុងលោកា.....................ទេសចរសរសើរ។
8. ចង់សាកចង់ជិះ ..................កំសាន្តដំណើរ
តំបន់ព្រៃលើ.......................ព្រៃក្រោមស្រុកស្រែ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១២និង០០នាទី ដល់ ម៉ោង ១២និង២៤ នាទីរសៀល

កំណាព្យ គីរីរម្យអនុស្សាហ៍

បទកាកគតិ
1. គីរីរម្យភ្នំ……….......ដ៏មនោរម្យ……........…ប្រជុំភ្នំខ្មែរ
ខេត្តកំពងស្ពី……...ទេសចរហូរហែ...........ធ្លាក់អន្លង់ស្នេហ៍
គីរីរម្យភ្នំ។
2. គីរីរម្យភ្នំ................លឺតែសត្វយំ...............តូចធំជួបជុំ
អមខ្យល់ត្រជាក់....ទឹកធ្លាក់រងំ..................ធ្វើឱ្យចិត្តខ្ញុំ
បំភ្លេចមិនបាន។
3. គីរីរម្យភ្នំ...............ធម្មជាតិមនោរម្យ............ប្រសើរថ្កើងថ្កាន
រុក្ខជាតិខ្ពស់ទាប...ផ្កាស្មៅប្រៀបបាន...........ពរជ័យពីឋាន
សួគ៌នភាល័យ។
4. គីរីរម្យភ្នំ................ជាទីប្រជុំ........................ទេសចរគ្រប់វ័យ
មកលំហែកាយ.....សប្យាយគ្មានភ័យ...........ទេសភាពខៀវខ្ចី
ទឹកជ្រោះធម្មជាតិ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៩និង១៧នាទី ដល់ ម៉ោង ១០ ព្រឹក

កំណាព្យ ពុកម៉ែគំរូ

បទពាក្យបួន
1. ពុកទៅឯស្រែ…………..ម៉ែនៅឯផ្ទះ
ខំធ្វើការណាស់............ចិញ្ចឹមបុត្រភ្ងារ។
2. ពុកខំធ្វើស្រែ...............ម៉ែធ្វើចំការ
ដីក្បែរសាលា..............ក្នុងភូមិជិតផ្ទះ។
3. ម៉ែរៀបបាយទឹក..........បំពេញក្រពះ
មនុស្សនៅក្នុងផ្ទះ.........ឱ្យមានសុខភាព។
4. ចាត់ចែងកូនចៅ...........ជារៀងដរាប
ឱ្យរៀបកាតាប.............ទៅសាលារៀន។
5. ឆ្លៀតពេលទំនេរ...........ម៉ែមិនខ្មាស់អៀន
ខិតខំបង្រៀន...............លេខនិងអក្សរ។
6. ឱ្យកូនបានចេះ............បានពិន្ទុល្អ
កូនពិតបវរ..................ដោយសារពុកម៉ែ។
7. ពុកខំធ្វើល្អ..................សក្តិសមជាខ្មែរ
ស្រលាញ់អ្នកម៉ែ..........ឧត្តមភរិយា។
8. ផ្តល់គំរូល្អ...................ដល់កូនគ្រប់គ្នា
ផ្តល់សុខរមនា............ពេញក្នុងបូរី។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង៥៣នាទី ដល់ ម៉ោង ៩និង១៦នាទីព្រឹក

កំណាព្យ អំបុកស្រូវខ្មែរ

បទកាកគតិ

1. អំបុកស្រូវថ្មី................ឆោមស្រស់ពិសី................ឈ្ងុយឈ្ងប់ម្លេះណា
អំបុកស្រូវខ្មែរ..............ថែតដូនតា.......................អស់ជនខេមរា
នឹកនាជានិច្ច។

2. អំបុកស្រូវថ្មី................នៅដែនបូរី........................មិនចេះរិលរិច
អំបុកដាល់ដៃ.............ម៉ែផ្ញើរជានិច្ច......................កូនមិនអាចភ្លេច
ទីភូមិសុខសាន្ត។

3. អំបុកស្រូវថ្មី.................ឈ្ងុយឆ្នាញ់រកអ្វី..............បំភ្លេចមិនបាន
អំបុកធម្មជាតិ..............ស្គាល់ញាតិសន្តាន...........ថែបរិស្ថាន
ថែសុខភាពខ្មែរ។

4. អំបុកស្រូវថ្មី................មិត្តទាំងប្រុសស្រី...............ក៏ចូលចិត្តដែរ
អំបុកសំណាង............ ទេព្តាស្រុកស្រែ.................យើងជាកូនខ្មែរ
ត្រូវថែរក្សា។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១១និង៣នា0ទី ដល់ ម៉ោង ១២និង៣០នាទី

កំណាព្យ ទេសចរណ៍តាមទូក

បទពាក្យបួន
1. បងជិះទូកលេង..........................នៅតាមគង្គា
ចិត្តប៉ងទស្សនា........................ទេសភាពស្រុកខ្មែរ។

2. ឆ្លងបឹងតូចធំ............................នៅចំការស្រែ
ស្រអែមមាសស្នេហ៍.................អូនដើរទូលក្អម។


3. ក្នុងទឹកមានត្រី..........................ក្នុងស្រែមានម្អម
ស្រូវទុំក្រហម...........................ពេញស្រែល្វឹងល្វើយ។

4. អូនបេះព្រលិត..........................ត្រូវខ្យល់រំហើយ
ចាបយំឆ្លងឆ្លើយ........................ប្រលែងគូវា។


5. ផ្ទៃមេឃស្រឡះ........................គួរចង់ទស្សនា
ទឹកបឹងរងថ្លា.............................ត្រីហែលឆ្វាត់ឆ្វែង។

6. ធម្មជាតិស្រុកខ្មែរ......................ស្រស់គ្រប់កន្លែង
ទេសចរសំដែង.........................ទឹកចិត្តរីករាយ។


7. ជិះទូកទស្សនា..........................បងឃើញតាយាយ
ពុកម៉ែរៀបកាយ........................យួរស្រាក់ទៅវត្ត។

8. អមដោយចង្ហាន់.........................វេប្រគេនភ័ទ្ធ
ធ្វើបុណ្យទៅវត្ត...........................សន្សំកុសល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៩និង៣នាទី ដល់ ម៉ោង ១០និង៣០នាទីព្រឹក

កំណាព្យ អ្នកស្ទូចទេសចរណ៍

បទពាក្យបួន
1. បងរកស្ទូចត្រី.......................នៅក្រោយផ្ទះអូន
ជិះនៅលើក្បូន......................ចេកនិងឬស្សី។

2. ស្ទូចត្រីកន្ត្រប់.........................នុយប្រហុកថ្មី
ស្រស់ឆោមពិសី.....................បងលួចមើលនាង។


3. ត្រីខែកត្តិក..............................ត្រីល្អរូបរាង
ត្រីនាំសំណាង.........................មកដល់រូបបង។

4. ត្រីនៅក្នុងស្រែ.........................ហែលក្បែររបង
ត្រីស្រស់នួនល្អង......................ចិត្តបងចង់ស្ទូច។


5. បងអ្នកនេសាទ.........................ចិត្តចងប៉ងគួច
ស្នេហ៍មិនលាក់លួច..................តែលើរូបស្រី។

6. ចរិយាអូនល្អ..............................សក្តិសមឥតបី
ពាក្យពេចន៍សំដី.........................សមនារីខ្មែរ។


7. ឱត្រីកន្ត្រប់..................................សូមកុំប្រួលប្រែ
កុំភ្លេចនុយខ្មែរ.............................ប្រហុកដូនតា។

8. បងស្ទូចត្រីមែន............................តែមិនប្រហារ
ឱម្ចាស់ចិត្ត...................................បងស្ទូចទេសចរណ៍។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង២៣នាទី ដល់ ម៉ោង ៩ព្រឹក

កំណាព្យ សន្យាខែភ្ជុំ-ផលខែកត្តិក

បទពាក្យបួន
1. កត្តិកដល់ហើយ...............ត្រជាក់ឆ្អឹងខ្នង
ដល់ភ្ជុំនួនល្អង..................បងបានសន្យា។

2. សុំឲ្យម៉ែពុក.......................ចែចូវជីវ៉ា
ចូលដល់មេបា....................តាមប្រពៃណី។


3. កត្តិកដល់ហើយ..................កែវអើយកុំភ័យ
ធ្លាក់ខ្យល់ប៉ីៗ......................ពីទិសខាងជើង។

4. ត្រីចូលអន្លុង.......................ស្រែក្បែរផ្ទះយើង
ស្រូវក្រាស់មិនស្តើង.............ភោគផលពេញស្រែ។


5. កត្តិកដល់ហើយ...................ឱស្រស់មាសស្នេហ៍
ស្រូវនៅស្រុកខ្មែរ..................ជះក្លិនក្រអូប។

6. ក្លិនឈួលពិដោរ...................ទេសចរសុំស្រូប
រសជាតិក្រអូប......................បាយអង្ករខ្មែរ។


7. កត្តិដល់ហើយ......................ញាតិមិត្តពុកម៉ែ
រៀបចំទៅស្រែ......................ច្រូតកាត់ផលថ្មី។

8. ឆ្នាំនេះផលល្អ........................អំណរឥតបី
អំបុកស្រូវថ្មី...........................ចេកដូងអំពៅ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៥និង៣០នាទី ដល់ ម៉ោង ៦ព្រឹក

កំណាព្យ ស្លៀកពាក់បែបខ្មែរ

បទពាក្យប្រាំពីរ

1. ទៅវត្តអូនស្លៀកហូលផាមួង...................បងសុំបួងសួងជួបពិសី
ភ្ជុំរួចបងពឹងចាស់ចូលស្តី........................ពុកម៉ែលកលៃតាមទំនៀម។

2. អូនស្លៀកបែបខ្មែរសមណាស់ស្រី...........សម្បុរខៀវខ្ញីពេញចិត្តភ្លាម
បងក៏ជាខ្មែរថែទំនៀម.............................មិនឲ្យស្វិតក្រៀមទេនួនល្អង។


3. សំលៀកបំពាក់ខ្មែរបូរាណ......................សម័យមិនបានឲ្យឃ្លាតឆ្គង
ក្បូរក្បាច់ដូនតាល្អម៉ត់ហ្មង......................ថែមិនរំលងភាពជាខ្មែរ។

4. ខ្មែរគ្រប់កន្លែងមិនដែលភ្លេច...................ចងចាំជានិច្ចរាល់ថ្ងៃខែ
ស្លៀកពាក់ប្រកាន់ភាពជាខ្មែរ..................ជាតិខ្លាំងពូកែសាងអង្គរ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៣និង៣៥នាទី ដល់ ម៉ោង ៤និង៩នាទីរសៀល

កំណាព្យ បឹងរាក់ទឹកជន់

បទកាកគតិ

1. បឹងរាក់ទឹកជន់....................រាស្ត្រសែនទារុណ.....................ទឹកជន់លិចអស់
លិចស្រែលិចស្រូវ.................លិចដំណាំអស់.......................លិចផ្ទះទាបខ្ពស់
មនុស្សសត្វភិតភ័យ។

2. បឹងរាក់ទឹកជន់.......................ផលធារពីមុន..........................រលោះរាល់ថ្ងៃ
ដោយជនពួកខ្លះ....................គិតតែកម្រៃ.............................ល្ងិតល្ងង់មិនលៃ
ថែបរិស្ថាន។


3. បឹងរាក់ទឹកជន់.......................ច្បាស់ជាស៊យស៊ុន...................សង្គ្រោះលែងបាន
បឹងសូមអង្វរ..........................អស់ញាតិសន្តាន......................សូមថែបរិស្ថាន
ឲ្យបានគ្រប់គ្នា។

4. បឹងរាក់ទឹកជន់.......................ឈប់ធ្វើដូចមុន............................ទៅណាខេមរា
ឈប់ចាក់លុបបឹង..................សូមជួយជីកស្តារ.........................ឲ្យបានជ្រៅណា
រក្សាព្រៃផង។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៩ ដល់ ម៉ោង ១០ព្រឹក
Nemo Heng ធម្មជាតិមិនចេះនិយាយ តែដាក់ទោសមនុស្សដោយផ្ទាល់

កំណាព្យ ទូកដរអនុស្សាហ៍

បទពាក្យបួន
1. ព្រលឹមព្រលប់.......................ថ្ងៃយប់មិនថា
ចម្លងយាយតា........................បងប្អូនប្រុសស្រី។

2. ឆ្លងស្ទឹងព្រែកត្នោត.................ដាក់ដល់ត្រើយលៃ
ឲ្យបានប្រពៃ...........................សុវត្ថិភាព។


3. ខ្ញុំរត់ទូកដរ..............................ចេះស្ទង់ចេះស្ទាប
ផ្លូវសុវត្ថិភាព............................នៅលើជលសា។

4. ចម្លងមនុស្សសត្វ.....................ទ្រព្យធនខេមរា
ដោយពឹងច្រវ៉ា.........................អុំទៅអុំមក។


5. ទូកត្នោតទូកឈើ.....................អ្នកផ្តល់ពន្លក
អ្នកបាននាំមក.........................នូវទ្រព្យសំណាង។

6. ប្រាករៀលកាក់ល្អិត..................ពីអ្នកជិតខាង
ដូរនឹងកម្លាំង.............................ខ្ញុំខំប្រឹងអុំ។


7. អនុស្សាវរីយ៍.............................ទីដ៏ឧត្តម
ក្រាំងតាផូខ្ញុំ...............................ដែលធ្លាប់រស់នៅ។

8. ឆ្លៀតពេលទំនេរ........................ដាំចេកអំពៅ
ចម្លងឆោមឆ្លៅ...........................ដាក់ទៅត្រើយម្ខាង។


9. ពេលនេះខ្ញុំឃ្លាត........................ពីទ្រព្យសំណាង
ញាតិមិត្តជិតខាង.......................ខានឆ្លងដូចមុន។

10. ធ្វើឲ្យចិត្តខ្ញុំ.................................នឹកច្រើនពេកពន់
ថ្ងៃណាតូចតន់............................បងបានជួបទៀត។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង៩ ដល់ ម៉ោង ១០ព្រឹក

កំណាព្យ ផឹកតែខែភ្ជុំ

បទកាកគតិ
1. ផឹកតែខែភ្ជុំ.........................ផឹកនៅស្រុកខ្ញុំ..................ជួបជុំបងប្អូន
ផឹកទាំងចាស់ក្មេង..............ផឹកលេងស្នេហ៍ស្នង..........និយាយផ្តោះផ្តង
រកអភិវឌ្ឍន៍។

2. ផឹកតែខែភ្ជុំ.........................ផឹកប្រមូលផ្តុំ......................អ្នកប្រាជ្ញក្នុងវត្ត
ក្រុមខ្លះជុំជិត......................ដំកង់ព័ន្ធព័ទ្ធ......................ផឹកនៅក្រៅវត្ត
តាមផ្ទះញាតិមិត្ត។


3. ផឹកតែខែភ្ជុំ......................តែស្រស់មាសមុំ....................ឈ្ងុយឆ្ងាញ់ជាប់ចិត្ត
តែឆុងថ្មីៗ.......................ដោយស្នាដៃពិត.....................ស្រីស្រស់វរមិត្ត
កូនខ្មែរល្បីល្បាញ។

4. ផឹកតែខែភ្ជុំ......................អ្នកស្រុកភូមិខ្ញុំ.........................ទាំងប្រុសទាំងស្រី
លះបង់សុរា....................កញ្ឆាបារី..................................លះល្បែងបនស្រី
មកជុំផឹកតែ។


5. ផឹកតែខែភ្ជុំ.....................ធ្វើឲ្យចិត្តខ្ញុំ.................................មានការប្រួលប្រែ
អារម្មណ៍ស្រស់ថ្លា...........ខ្លាំងក្លាពូកែ...............................តាំងចិត្តជួយថែ
ខ្មែរឲ្យគង់វង្ស។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១
តែងម៉ោង៩ ដល់ ១០យប់។
អា តឿ ពីរោះណាស់ មានន័យណាស់ នឹកដល់ទិដ្ឋភាពមួយនេះពិតជាត្រជាក់ក្នុងអារម្មណ៍មែន។

កំណាព្យ ខ្មែរកើនអ្នកប្រាជ្ញ

បទកាកគតិ

1. ផ្ទៃមេឃស្រឡះ..................ថ្ងៃរះភ្លឺច្បាស់.................ពីទិសខាងកើត
ព្រះច័ន្ទពេញវង់..................សម្រស់ល្អឆើត..............អ្នកប្រាជ្ញកើនកើត
ពេញផ្ទៃស្រុកខ្មែរ។
2. លោកគង់ថារិទ្ធ..................លោកមានគំនិត..............ខ្លាំងក្លាពូកែ
ច្នៃកង់អាគុយ.....................ប្រើនៅស្រុកខ្មែរ..............មិនលក់ឲ្យទេ
សិទ្ធអ្នកនិពន្ធ។
3. លោកញៀនផល្លឹក.............ប្រាជ្ញច្រើនសន្ធឹក.............ល្អខ្លាំងពេកពន់
ផលិតឡានខ្មែរ..................ដោយប្រើរូបមន្ត................ថាមពលកើតមុន
ឡានម៉ាកអង្គរ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង ១១ ដល់ ១២ព្រឹក