Monday, August 22, 2011

កំណាព្យ ស្នូរទឹកភ្លៀង បទកាកគតិ



1. ស្តាប់ស្នូរទឹកភ្លៀងដូចសំនៀងស្រី………………..ដូចជាតន្ត្រីបុរាណជាតិខ្មែរ
ស្នូរតំណក់ភ្លៀងដូចសំនៀងម៉ែ……………………ធ្លាប់ច្រៀងបំពេរកាលកូនក្មេងវ័យ។

2. ទឹកភ្លៀងអ្នកបានផ្តល់ក្តីសុខា……………………...ដល់ជាតិខេមរាកិច្ចប្រពៃ
ធ្វើកសិកម្មបានផលច្រើនក្រៃ………………………ជាតិខ្មែរថ្លាថ្លៃល្បីក្នុងលោកា។

3. ឱស្នូរទឹកភ្លៀងសំនៀងធម្មជាតិ…………………….ផលល្អមិនឃ្លាតដូចរូបជីវា
ច្រៀងលួងលោមបងឲ្យស្បើយទុក្ខា……………….ដូចជាទេវតាចុះពីឋានលើ។

4. ស្នូរដំណក់ភ្លៀងអមខ្យល់តិចៗ…………………….ខ្ញុំមិនអាចភ្លេចស្រស់ស្រីជំទើ
អូនល្អគ្មានពីរញាតិក៏សរសើរ……………………….បងសូមចូលស្នើរៀបការនឹងបង។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង ៥កន្លះ ដល់ ម៉ោង ៦គត់ ព្រឹក

មេសូត្រ៖ ប្រដាប់ប្រដាររៀនសូត្ររបស់ខ្ញុំ (បទកាកគតិ)


1. ប្រដាប់ប្រដារ..........សម្រាប់សិក្សា............រៀនសូត្ររាល់ថ្ងៃ
ជ័រលុបសៀវភៅ........បន្ទាត់ខ្មៅដៃ............ប្រើថែសំចៃ
សន្សំវាទុក។
2. កាតាបក្តារឈ្នួន........ប្រើច្រើនថែថួន..........រៀបចំដោយមុខ ត្រូវការងាយរក.........ព្រោះបានដាក់ទុក............មិនរំខានពុក
រកប្រាក់ទិញទៀត។
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

ចម្រៀង យើងទៅសាលា


(លំនាំបទផ្កាយលើមេឃ)
1. មកមិត្តយើងអើយ...........កុំនៅកន្តើយទៅសាលារៀន..........ដើរអែបខាងស្តាំតាមពាក្យទូន្មាន ទីសាលារៀនឲ្យបានមុនគ្រូ។ (ស្ទួន)
2. ដល់ពេលចេញលេង............ពួកយើងក្មេងៗកុំបង្អង់យូរ......លេងល្បែងកម្រាន្តអារម្មណ៍បានធូរ កុំបង្អង់យូរលេងឲ្យសប្បាយ។ (ស្ទួន)
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

កំណាព្យ រីករាយថ្ងៃចូលរៀន


បទកាកគតិ
1. លាថ្ងៃសម្រាក.............ពីរខែបានផ្អាក...............ពីការសិក្សា
ខ្ញុំឃ្លាតមិត្តភក្តិ.............គ្រូនិងសាលា................ថ្ងៃនេះស្រស់ថ្លា
បានជួបជុំគ្នា។
2. ឆ្នាំសិក្សាថ្មី..................មិត្តខ្ញុំប្រុសស្រី................កែប្រែឫកពារ
តាំងចិត្តរៀនសូត្រ.........គ្រប់មុខវិជ្ជា...................បំពេញការងារ
ដោយចិត្តរីករាយ។
ដកស្រង់ចេញពីសៀវភៅ ថ្នាក់ទី ២ ក្រសួងអបរំ យុវជន និង កីឡា

កំណាព្យ ភ្ជុំទៅវត្តណា? (បទកាកគតិ)



1. ដល់រដូវភ្ជុំ...............តើស្រស់ស្រីមុំ...................អូនទៅវត្តណា?
ទៅវត្តទីក្រុង...........ឬវត្តចំការ..........................វត្តស្រែមួយណា?
បងសុំទៅផង។
2. ភ្ជុំនៅឆ្នាំនេះ............ជាពេលពិសេស.................ណាស់ណានួនល្អង
អូនពេញក្រមុំ..........ចរិយាម៉ត់ម៉ង.....................បងធ្វើបុណ្យផ្សង
ជួបតែអូនមួយ។
3. រដូវបុណ្យភ្ជុំ.............ខ្មែរតែងជួបជុំ....................ធ្វើបុណ្យគ្មានព្រួយ
រាប់បាតដាក់បិណ្ឌ.....ប្រឹងប្រែងលើកស្ទួយ..........ព្រះពុទ្ធលោកជួយ
ព្រោះយើងធ្វើល្អ។
4. ឱស្រស់ពាលពៅ......យើងដើរសំដៅ..................ទៅវត្តស្រ៊ូស្រ
ដៃម្ខាងយួរស្រាក់.......ដោយចិត្តអំណរ................តាំងចិត្តស្មោះស
ប្រគេនចង្ហាន់។
5. ប្រគេនរួចហើយ.........ឱស្រស់ត្រាណត្រើយ........សូមកុំប្រកាន់
ទស្សនាទេសភាព.......ជ្រកក្រោមម្លប់ថ្ងាន់............ហូបបាយសារ៉ាម៉ាន់
សម្រស់វស្សា។
6. ភ្ជុំបុណ្យជាតិខ្មែរ..........កូនចៅតែងតែ...................មានចិត្តជ្រះថ្លា
រៀបចំបច្ច័យ...............ជូនដល់យាយតា................ពុកម៉ែផងណា
ព្រមទាំងសន្តាន។
7. ភ្ជុំបិណ្យរំឮក...............គុណច្រើនសន្ធឹក................ដូនតាចែកឋាន
ឧទ្ទិសសុំឲ្យ.................លោកទទួលបាន................ក្តីសុខសាន្តត្រាណ
ក្នុងឋានបរលោក។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២១-២២ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង៦ កន្លះ និងបញ្ចប់នៅម៉ោង ៧ព្រឹក
Chanroeun Pa
Peng! thanks for sharing your inspirational poems with us. I am so impressed by your talent and the constructive motives between each word. I am the founder of the www.CamboSastra.org. I am very interested in posting all your poems on this education website if you don't mind. Cheers and keep up your fantastic work. Chanroeun
CAMBOSASTRA
www.CamboSastra.org
Cambodian Education Resources Centre
Chheng Uor Yi
Dear Brother,
It’s my great honor to get admiration today.
I would like to say thanks you very much for your kindness to support my writing.
I promise to continue and to spend all my efforts on my writing to be more and more development.
Best respects.
Yi Chheng Uor (Peng)
Cambodian Librarian
Phnom Penh,
Cambodia

កំណាព្យ យើងសម្អាតផ្ទះ (បទកាកគតិ)

1. ព្រលឹមស្វាងរះ..........យើងសម្អាតផ្ទះ...........រូតរះបោសជូត
នាំសុខសួស្តី.............ជោគជ័យរហូត...........យើងខំស្រូតរូត
ទាន់នៅព្រលឹម។

2. យើងមិនបង្អង់..........សម្អាតផ្ចិតផ្ចង់.............ពុកម៉ែសង្ឃឹម
ជួយកិច្ចការលោក......លោកតែងញញឹម........គ្មានអ្វីប្រៀបផ្ទឹម
ឃើញកូនឧស្សាហ៍។

3. យើងសម្អាតផ្ទះ..........ឲ្យបានល្អល្អះ............សមកូនខេមរា
សមពូជអ្នកជា............សមពូជឧស្សាហ៍..........សមពូជអស្ចារ្យ
ល្បីក្នុងសកល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង៦ កន្លះ និងបញ្ចប់នៅម៉ោង ៧ព្រឹក