Monday, January 9, 2012

បណ្តុំកំណាព្យល្អអប់រំនិងវប្បធម៌

កំណាព្យ ក្អមឆ្នាំងជាកេរ
បទកាកគតិ
១. ក្អមឆ្នាំងជាកេរ…….ប្រសើរលើសគេ…..កេរខ្មែរថ្លៃថ្លា
ប្រវត្តិយូរលង់………….របស់ខេមរា………….ស្នាដៃដូនតា
រយសតវត្សមុន។
២- ក្អមឆ្នាំងជាកេរ….សូមខ្មែរជួយថែ….ជៀសវាងស៊យស៊ុន
ត្រូវគិតឲ្យល្អិត….ប្រសើរជាងមុន…….ថែទុកជាទុន
តំណែលដូនតា។
៣-ក្អមឆ្នាំងជាកេរ….ជាគំនិតខ្មែរ……ប្រវត្តិបានចារ
តំណាងវប្បធម៌…….ដ៏ស្រស់ថ្លៃថ្លា….គំនិតក្លៀវក្លា
តាំងពីបូរាណ។
៤. ក្អមឆ្នាំងជាកេរ…..មិនត្រូវភ្លេចទេ…..ខំថែឲ្យបាន
តទៀតទៅមុខ……….ស្ទួយថែមឲ្យថ្កាន..ចារទុកឲ្យមាន
ផ្សព្វផ្សាយឲ្យដឹង។
៥. ក្អមឆ្នាំងជាកេរ……តំណាងពុកម៉ែ……..កូនតែងសញ្ជឹង
ថែមិនឲ្យធ្លោយ…..រៀនឲ្យបានដឹង……ច្នៃទៀតព្រលឹង
ថែទៀតមិនណាយ។
៦- ក្អមឆ្នាំងជាកេរ….យើងជាកូនខ្មែរ….គួរតែសប្បាយ
បានឃើញក្អមឆ្នាំង…ដ៏ស្រស់ទាំងឡាយ…ពុកម៉ែតាយាយ
លោកសល់ទុកមក។
៧-ខ្ញុំសែនមោទនៈ….បានឃើញក្បាច់ឆ្លាក់…..លើក្អមពន្លក
ក្បាច់បែបបូរាណ…..គំនិតយោនយក…..ដូនតាទុកមក
ថ្លៃកាត់មិនបាន។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
yi chheng uor
9 January 2012

កំណាព្យ រ៉ឺម៉កកង់បី
បទកាកគតិ

1. រ៉ឺម៉កកង់បី..................បងសុំឌុបស្រី.................ទស្សនាស្រុកខ្មែរ
មើលអង្គរវត្ត...............ធម្មជាតិហូរហែ...............រ៉ឺម៉កស្រុកស្រែ
ថែបរិស្ថាន។

2. រ៉ឺម៉កបងមួយ...............សូមអូនកុំព្រួយ...............ដំណើរសុខសាន្ត
ចរលឿនមធ្យម............គ្មានផ្សែងដូចឡាន..........ថែបរិស្ថាន
បានសុខជានិច្ច។

3. រ៉ឺម៉កបងធាក់..............ដោយចិត្តស្មោះស្ម័គ្រ.........គ្មានថ្ងៃណាភ្លេច
រឿងស្នេហាយើង........ធំធាត់ជានិច្ច.....................ចែងចាំងដូចពេជ្រ
ថ្នមថែរហូត។

4. រ៉ឺម៉កស្រុខ្មែរ................កេរពីពុកម៉ែ.....................ប្រយោជន៍ដូចសូត្រ
ទេសចរណ៍ជិតឆ្ងាយ....ចង់ជិះរហូត....................ដំណើរស្លូតបូត
សន្សំថវិកា។

5. រ៉ឺម៉កបងឌុប.................ទំនិញសព្វគ្រប់................រួមទាំងជីវ៉ា
ដឹកមនុស្សគ្រប់វ័យ........ដឹកយាយដឹកតា..............ដឹកសិស្សសាលា
ទៅមកងាយស្រួល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ តែងនៅម៉ោង ៥ ដល់ ម៉ោង ៦ ព្រឹក
ភ្នំពេញថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១១ តែងនៅម៉ោង ៦ ដល់ ម៉ោង ៧ ព្រឹក
កំណាព្យ ចង់ជួយជាតិខ្មែរ
បទពាក្យបួន
1. ចង់ជួយជាតិខ្មែរ…………..សូមកុំខ្មាស់អៀន
មិត្តអើយគួររៀន…………..ឲ្យបានគ្រប់វ័យ។
2. ខំរៀនជានិច្ច……………….ឲ្យបានប្រពៃ
ខំរៀនរាល់ថ្ងៃ………………ទ្រឹស្តីអនុវត្តន៍។
3. ចង់ជួយជាតិខ្មែរ……………រៀនអានឲ្យស្ទាត់
រៀនឲ្យធំធាត់……………….ភាសា ជំនាញ។
4. រៀនភាសាខ្មែរ……………...រៀនអូសរៀនទាញ
រៀនមុខជំនាញ……………..រៀនលក់ផលិត។
5. ចង់ជួយជាតិខ្មែរ………….…គួរថែគំនិត
ខ្មែរដែលល្អពិត……………..ឲ្យឋិតរហូត។
6. បង្រៀនគ្នីគ្នា………………...ឲ្យកើនឲ្យលូត
ប្រព្រឹត្តស្លូតបូត………………ឆ្លាតវៃជាខ្មែរ។
7. ចង់ជួយជាតិខ្មែរ………….….គួរកុំរួញរា
ចងក្រងគ្នីគ្នា………………….អភិវឌ្ឍសហគមន៍។
8. បំផុតគំនិត……………………ប្រសើរឧត្តម
ភូមិគេភូមិខ្ញុំ…………….…....ឲ្យបានខ្លាំងក្លា។
9. ចង់ជួយជាតិខ្មែរ..……………កុំប្រែមុសា
គួរខំឆ្លាក់ចារ………………….ភាសាជាខ្មែរ។
10. ប្រើឲ្យថ្លៃថ្នូរ…………………..តគ្នាហូរហែ
កុំកាលៃកែ………..………….លាយភាសាគេ។
11. ចង់ជួយជាតិខ្មែរ…………..…គួរកុំគ្នាន់គ្នេរ
គួរកុំទំនេរ………………….....គួរកុំឫស្យា។
12. គួរកុំឈ្នានីស…………………នឹងជាតិខេមរា
គួរគិតពិចារណ៍……………….ផ្តល់កម្លាំងចិត្ត។
13. ចង់ជួយជាតិខ្មែរ…..………….គួរតែកុំគិត
ឱស្រស់វរមិត្រ………………..គិតរឿងមុខមាត់។
14. គួរជួយដោយស្មោ……………ឲ្យខ្មែរធំធាត់
ឲ្យអភិវឌ្ឍ……………………..ពេញដែនបូរី។
15. ចង់ជួយជាតិខ្មែរ….…………..អស់ខ្មែរប្រុសស្រី
គួរចេះអភ័យ……….………...គួរចេះរលឹក។
16. មានព្រហ្មវិហា………………..មានប្រាជ្ញសន្ធឹក
ចេះភ្ញាក់រលឹក…..…………....ឈប់សាងកំហុស។
17. ចង់ជួយជាតិខ្មែរ……………….គួរកុំបន្ទោស
គួរខំបំផុស………………..…...គំនិតវិជ្ជមាន។
18. គួរកុំប្រើប្រាស់………..……….ភាសាបំពាន
គួរផ្តល់ឲ្យមាន………………....ការលើកទឹកចិត្ត។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១១
ចាប់ផ្តើមតែងពីម៉ោង ១និង៣០នាទី ដល់ ម៉ោង ៣ យប់
កំណាព្យ បណ្តាំឪពុក
(បទភុជង្គលីលា)
1. ឱកូនស្រីមាសឪពុក.................ម៉ែឪដាក់ទុក...................ឲ្យកូនមានប្តី។
2. កូនអឺយត្រូវប្រុងស្មារតី............យល់សព្វអ្វីៗ..................ការស្រីក្នុងក្រៅ។
3. កូនអឺយកុំដេកតែខ្លៅ...............ត្រូវដឹងរាក់ជ្រៅ...............ទើបគេសរសើរ។
4. ទោះនឹងអង្គុយដេកដើរ............កូនស្រីជំទើរ...................ឲ្យសមជាខ្មែរ។
5. កូនអឺយកុំភ្លេចអ្នកស្រែ...........ដែលលោកខំថែ.............ដំណាំធម្មជាតិ។
6. ការរួចត្រូវខំថែមទៀត..............ត្រូវប្រឹងឈ្លកឆ្លៀត.........បន្តវិជ្ជា។
7. ឆ្លៀតអានឆ្លៀតរៀនគ្រប់គ្រា.....កុំភ្លេចពាក្យបា...............កូនស្រីសម្លាញ់។
8. រស់នៅកុំចង់ឈ្នះបាញ់.............នាំគេខ្នក់ខ្នាញ់...............រលាយកេរ្តិ៍ឈ្មោះ។
9. កូនអឺយកុំនាំពាក្យឈ្លោះ..........ពាក្យអស់ទាំងនោះ.........នាំកូនអន្តរាយ។
10. គ្រួសារត្រូវការសប្បាយ............បានលុយចេះចាយ..........ចាត់ចែងសមគួរ។
11. កូនត្រូវចេះរាប់រកសួរ...............ពាក្យសមពាក្យគួរ............ញាតិទាំងសងខាង។
12. កូនកុំភ្លេចគុណអាងយ៉ាង..........ស្តីថាសំអាង.....................ត្រូវមានសីលធម៌។
13. នោះកូននឹងខ្ពស់បវរ..................ប្តីនឹងសាទរ.......................ស្រលាញ់កូនស្រី។
14. នៅផ្ទះត្រូវខំឃ្មាតខ្មី...................ចិត្តកុំពីរបី..........................ស្រលាញ់ការផ្ទះ។
15. ត្រូវចេះក្រាបឱនសំពះ...............ពេលជួបប្រទះ....................ចាស់ទុំប្អូនបង។
16. ត្រូវឆ្លៀតបង្រៀនកូនផង...........កូនខុសកូនឆ្គង...................ត្រូវកែតម្រង់។
17. ត្រូវពោលពាក្យល្អផូរផង់...........ដោយកាយផ្ចិតផ្ងង់..............សមជាមាតា។
18. ពេលកូនមកពីសាលា...............ត្រូវពិនិត្យការ.......................សិក្យាកូនផង។
19. កូនខ្វះមិនត្រូវរំលង ..................បង្រៀនសាកល្បង................បន្ថែមនៅផ្ទះ។
20. ក្នុងនាមម្តាយត្រូវជំនះ...............ចិត្តល្អដូចព្រះ.......................កុំប្រើហិង្សា។
21. កូននឹងបានខ្ពស់ថ្លៃថ្លា................វៃឆ្លាតប្រាថ្ញា.........................តទៅថ្ងៃមុខ។
22. នេះជាបណ្តាំឪពុក.....................សូមកូនចាំទុក.......................ណាកូនស្រីពុក។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១១
ចាប់ផ្តើមតែង៖ ម៉ោង ១០ និង ១០នាទី បញ្ចប់៖ ម៉ោង ១១និង១៥នាទី


កំណាព្យ បណ្តាំឱពុក
(បទពាក្យប្រាំបី)
1. កូនប្រុសសម្លាញ់មាសឱពុក......................................ចូរបាចាំទុកណាកូនណា
វ័យកូននៅក្មេងត្រូវឧស្សាហ៍...................................ក្រេបយកវិជ្ជាកុំជិនណាយ។

2. វិជ្ជាអក្សរលេខសិល្ប៍សាស្ត្រ....................................រៀនកុំឲ្យខ្វះជាសម្ពាយ
រៀនកុំបង្អង់ក្រែងឃ្លាតឆ្ងាយ....................................ចាស់លែងសប្បាយដូចអ្នកចេះ។

3. កូនត្រូវចេះស្តាប់ពាក្យពុកម៉ែ...................................រៀនឲ្យពូកែរៀនរេរិះ
រៀនឲ្យបានច្រើនសព្វចំណេះ..................................រៀនទាល់តែចេះទើបមានភ័ព្វ។

4. កូនអឺយត្រូវរៀនគិតរកស៊ី.........................................ទុនមួយទុនពីររកឲ្យជាប់
រៀនរៀបផែនការក្រែងបាត់ភ័ព្វ.................................រៀនធ្វើមេទ័ពធ្វើកូនចៅ។

5. រៀននិយាយស្តីពាក្យគួរសម.....................................រៀបឫកឲ្យធំធ្វើខ្លៅ
រៀនយល់អ្នកតូចរៀនស្គាល់ផៅ...............................រៀនស្គាល់ក្រយៅអ្នកខូចកាច ។

6. កូនអឺយត្រូវរៀនសេពគប់មិត្ត....................................ទាំងឆ្ងាយទាំងជិតដោយអង់អាច
សេបគប់មិត្តល្អកូនកុំខ្លាច.........................................តែត្រូវចេះគេចពីជនពាល។
ព្រលឹមថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចម្រៀង សម្លេងបំពេរ
កំណាព្យបទកាកគតិ
1. កូនអើយគេងទៅ...................កុំយំណាពៅ.....................គេងទៅមាសមេ
ម្តាយនៅជិតកូន.....................ថ្នាក់ថ្នមបំពេរ...................ពុកខំកើនទ្វេរ
ធ្វើស្រែចំការ។
2. កូនអើយកូនគេង......................ព្រោះកូននៅក្មេង............ត្រូវការអាហារ
ដំណេកឲ្យស្កប់.........................បំប៉នប្រាជ្ញា.....................ថែមរសថ្លៃថ្លា
ចម្រៀងបែបខ្មែរ។
3. កូនអើយកុំយំ............................គេងទៅមាសមុំ.................យាយតានៅក្បែរ
បងប្រុសបងស្រី........................ក៏នៅជួយថែ.....................រីឯពុកម៉ែ
លោកទៅរកស៊ី។
4. ពុកម៉ែខំណាស់..........................លោកមិនប្រែផ្លាស់............ព្យាយាមសំភី
កាប់គាស់ចូកចាំង......................កកាយធរណី.....................ចិត្តទៀងគ្មានពីរ
ទំនុកបុត្រភ្ងារ។
5. កូនគេងឆាប់ធំ............................ឱស្រស់មាសម៉ុម...............ឆាប់ទៅសាលា
ទទួលចំណេះ.............................បានច្រើនកាលណា...........កូននឹងបានផ្កា
ផ្លែសុខមង្គល។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១ , ចាប់ផ្តើមតែងពីម៉ោង ៦ កន្លះ ដល់ ម៉ោង ៨កន្លះព្រឹក
ចម្រៀង ស្នេហ៍បែបអង្គរ
កំណាព្យបទពាក្យប្រាំបី
អាចច្រៀនបានតាមលំនាំបទ៖ ស្រណោះទឹកហូ រហូរតាមប្រឡាយ

1. ស្នេហ៍ស្និទ្ធស្និទ្ធស្នេហ៍ស្នេហ៍តែអូនមួយ............ស្នេហ៍អូនជាត្រួយពេញមួយជីវិត
ស្នេហ៍អូនអូនស្នេហ៍តែស្រស់វរមិត្ត……………….ស្នេហ៍ចិត្តចិត្តស្នេហ៍ថែជាអមតៈ។

2. កាលបងស្នេហ៍អូនអូនក៏ស្នេហ៍បង……………….ស្នេហ៍មិនរំលងប៉ងសុំស្មោះស្ម័គ្រ
ស្នេហ៍តាមលំអានជាតិយើងជាក់លាក់…………..ស្នេហ៍ជាអមតៈធំធេងក្រៃណា។


3. ស្នេហ៍យើងជាស្នេហ៍នាំសាមគ្គីគ្នា………………..ស្នេហ៍រាស្ត្រប្រជាស្នេហ៍ជាតិខេមរា
ស្នេហ៍អូនស្នេហ៍បងស្នេហ៍មានគេចារ…………..ជាជនថ្លៃថ្លាក្នុងប្រវត្តិសាស្ត្រ។

4. ស្នេហ៍យើងជាស្នេហ៍គំរូសង្គម…………………….ស្នេហ៍ពេញនិយមស្នេហ៍ពន្លឺច្បាស់
ស្នេហ៍មិនចម្លងពីគេផ្តេសផ្តាស…………………..ស្នេហ៍ប្រាកដណាស់ស្នេហ៍បែបអង្គរ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១១ , ចាប់ផ្តើមតែងពីម៉ោង ៧ ដល់ ម៉ោង ៧កន្លះព្រឹក


កំណាព្យ បំបាត់គ្រាប់មីន
បទពាក្យបួន
1. បំបាត់គ្រាប់មីន.............អាវុធជាតិផ្ទុះ
បំបាត់ឲ្យអស់...............លើដីក្នុងដី។
2. គ្រាប់មីនអាវុធ...............នាំគ្រោះចង្រៃ
នាំមនុស្សភិតភ័យ..........នាំបង់ជីវិត។
3. បំបាត់គ្រាប់មីន.............មិតអើយជួយគិត
បញ្ចៀសភ័យភិត...........មនុស្សក្នុងលោកា។
4. គ្រាប់មីនអាវុធ..............នាំមនុស្សពិការ
នាំក្ស័យសង្ខារ.............វេទនាច្រើនឆ្នាំ។
5. បំបាត់គ្រាប់មីន.............មិត្តអើយជួយចាំ
ដូនតាបានផ្តាំ...............សង្គ្រាមនាំហិន។
6. នាំមនុស្សធម្មជាតិ.........ណាស្រស់មាសឆ្អិន
រេចរិលហោចហិន.........ច្រើនក្រៃកន្លង។
7. បំបាត់គ្រាប់មីន.............ញាតិមិត្តប្អូនបង
តាមបច្ចេកទេសផង.......កុំលេងគ្រោះថ្នាក់។
8. បានឃើញគ្រាប់មីន.......សូមប្រាប់CMAC
គ្រប់ជាន់គ្រប់ថ្នាក់.........ឲ្យជួយកំចាត់។
9. បំបាត់គ្រាប់មីន..............ចម្លងវិបត្តិ
ឲ្យផុតខ្ចាយខ្ចាត់.............ពីមនុស្សក្នុងលោក។
10. បញ្ចៀសឲ្យឆ្ងាយ............ពីរឿងស្មោកគ្រោក
ធម្មជាតិគគោក................នឹងស្គាល់សុខា។
11. បំបាត់គ្រាប់មីន................ក្រុងOTAVA
ចុះហត្ថលេខា..................ពីគ្រប់ប្រទេស។
12. វីរៈនារី............................យ៉ាងឆ្នើមពិសេស
ផ្តួចផ្តើមច្បាប់នេះ.............ឈាមជ័រជាខ្មែរ។
13. លោកដើរគៀងគរ............លំដាប់ហូរហែ
ចូលរួមនឹងខ្មែរ.................សន្យាបញ្ឈប់។
14. បំបាត់គ្រាប់មីន................ឲ្យច្រើនលើសលប់
ខំរាល់ថ្ងៃយប់..................ឈប់ឲ្យពិការ។
15. បំបាត់គ្រាប់មីន................ពិតជាអស្ចារ្យ
កូនស្រីខេមរា...................តស៊ូផ្តើមគិត។
16. ចិត្តល្អក្រៃណា..................ការពារជីវិត
អ្នកក្រោយឲ្យខិត...............ឆ្ងាយពីគ្រោះភ័យ។
17. ឈប់ប្រហារគ្នា.....................បងប្អូនគ្រប់វ័យ
ឈប់នាំទុក្ខភ័យ....................ឈប់ប្រើប្រាស់មីន។
18. ឈប់បាញ់ឈប់បោះ..............ឈប់រាយគ្រាប់មីន
បើអ្នកចង់Win........................ឈ្នះអវិជ្ជា។
និពន្ធន៍ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញ - ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១១
ចាប់ផ្តើមតែងពីម៉ោង៥ ដល់ម៉ោង៥ និង ២៧នាទីព្រឹក

កំណាព្យ កន្ទោងធម្មជាតិ
បទពាក្យបួន
1. កន្ទោងផ្លែអាយ..............កន្ទោងធម្មជាតិ
កន្ទោងស្នេហ៍ញាតិ.........ស្នេហ៍បរិស្ថាន។
2. កន្ទោងធម្មជាតិ...............ថែញាតិសណ្តាន
ការពារបរិស្ថាន...............មិនឲ្យខូចបង់។
3. កន្ទោងស្ករត្នោត..............ណាស្រស់ឆោមយង់
ក្លិនឈ្ងុយមិនបង់.............គ្រប់គ្នាចូលចិត្ត។
4. ស្លឹកត្នោតខ្ចប់ត្នោត..........ណាស្រស់វរមិត្រ
ពិតជាជាប់ចិត្ត................ស្ករខ្មែរល្បាញល្បី។
5. កន្ទោងស្លឹកចេក..............ស្លឹកភ្ជាប់និស្ស័យ
ភ្ជាប់ស្នេហ៍ប្រុសស្រី.........បំភ្លេចមិនបាន។
6. ចេកងាយដាំដុះ...............ណាស្រស់កល្យាណ
ដុះតាមភូមិឋាន...............ខួបប្រាំងវស្សា។
7. កន្ទោងស្លឹកខ្ញុំ..................កំបោ្លកឬចា
អស់ញាតិខេមរា...............ប្រើជាប្រចាំ។
8. កន្ទោងស្លឹកឈូក..............ចូលខ្លួនផ្តែផ្តាំ
ញាតិអើយចូរចាំ................ប្រើខ្ញុំមិនខុស។
9. កន្ទោងខ្ញុំនេះ.....................អស់ញាតិស្រីប្រុស
ប្រើបានចំរុះ......................ខ្ចប់អ្វីក៏បាន។
10. ងាយដាំងាយដុះ................ឈូកថែបរិស្ថាន
ប្រើខ្ញុំនឹងបាន....................កើតជាទេវតា។
11. បើញាតិចង់សុខ................ពេញក្នុងលោកា
គួរឈប់ស្នេហា..................ស្បោងខ្ចប់ផ្លាស្ទិក។
12. កន្ទោងគីមី.........................នឹងនាំរិលរេច
នាំទុក្ខជានិច្ច......................ខូចបរិស្ថាន។
13. បើគេចមិនផុត....................អស់ញាតិសណ្តាន
គួរលៃគ្រប់ប្រាណ...............ប្រើដោយសំចៃ។
14. ប្រើលៃសន្សំ......................ឲ្យបានរាល់ថ្ងៃ
សន្សំគ្រប់វ័យ.....................ប្រើតិចខាតតិច។
15. កន្ទោងធម្មជាតិ...................មិនឃ្លាតមិនភ្លេច
ចងចាំជានិច្ច.......................វប្បធម៌ថ្កើងថ្កាន។
16. កន្ទោងខ្ចប់នំ.......................លំនាំបុរាណ
គួរខ្មែរគ្រប់ប្រាណ................រក្សាឲ្យគង់។
និពន្ធន៍ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញ - ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៨ ដល់ ម៉ោង ៨និង ១០នាទី យប់
- ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង៤និង៣០នាទីដល់ម៉ោង៥ព្រឹក
កំណាព្យ ការខែរងា
បទកាកគតិ
១- ត្រជាក់រងា......ត្រជាក់គ្រប់គ្នា............រងាមិនសុខ
ឆ្នាំនេះយុវជន.......ខំប្រឹងសម្រុក.............រៀបការគ្រប់ស្រុក
ទប់ទល់រងា។
២- រៀបការច្រើនគូ...ទឹកចិត្តប្តេជ្ញប្តូរ..........ស្មោះដល់ជរា
រៀបការខែនេះ.........នាំសុខជយា............ខ្មែរគ្រប់អង្គា
ស្មោះគ្នាមិនបែក។
៣-រងាឆ្នាំនេះ...........ជាឆ្នាំពិសេស...........ខ្មែរមិនអល់អែក
ខិតខំសិក្សា..............ធ្វើការមិនស្រែក.......មិនទុកថ្ងៃស្អែក
មិនត្អូញមិនថ្ងូរ។
៤-រងាម្តេចម្តា............ខ្មែរខំធ្វើការ..............រកស៊ីជួញដូរ
ពើបនឹងឧបសគ្គ.........មិនរួញមិនថ្ងូរ............ខ្មែរហ៊ានតស៊ូ
ជំនះដោះស្រាយ។
៥-ខ្មែរច្រើនរៀបការ......នៅខែរងា...............ផ្កាគមិនក្លាយ
ចម្រៀងកំណាព្យ...........លោកអធិប្បាយ.....ខ្មែរនៅជិតឆ្ងាយ
នឹកខែរងា។
៦-រងាច្រូតកាត់.............ខ្មែរខំដើរស្កាត់...........ចម្រើនជន្មា
ធ្វើការហាត់ប្រាណ.........គ្រប់អស់អង្គា............បែកញើសគឃៀរ
រងាចុះថយ។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ខ
ភ្នំពេញថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែង ពីម៉ោង ៤និង៤០នាទី ដល់ ម៉ោង៥ ទៀបភ្លឺ
កំណាព្យ សូមមុខប្រណី
បទពាក្យបួន
1. មុខអើយមុខស្រស់....................សម្រស់គ្មានពីរ
ទោះជាគីរី..................................ក៏ស្រស់មិនស្មើ។
2. ថែថួនខ្លាំងណាស់.......................រាល់ពេលដំណើរ
ដៃជួយបាំងថើរ............................ពេលថ្ងៃក្តៅខ្លាំង។
3. មុខមានសំណាង.........................មានអ្នកថែបាំង
ជួយជាកម្លាំង...............................ពេលមុខជួបគ្រោះ។
4. ពេលមុខទទួល.............................បាននូវកិត្តិយស
ដៃចាប់ជំនួស................................មុខញញឹមអម។
5. ពេលដៃជួបគ្រោះ..........................គ្មានអ្នកថ្នាក់ថ្នម
មុខឡើងក្រហម............................ខឹងទៅដៃវិញ។
6. ថាដៃម្តេចមិន................................ស្រវាស្រទេញ
បញ្ចៀសគ្រោះចេញ.....................ដោយខ្លួនឯងទៅ។
7. តែទោះយ៉ាងនេះ..........................ក៏ដៃមិនខ្លៅ
ដៃមិនសោកសៅ..........................អន់ចិត្តនឹងមុខ។
8. ពេលជួបគ្រោះភ័យ.......................ដៃខំសម្រុក
ការពារក្តីសុខ................................ទាំងមុខនិងដៃ។
9. មុខអើយសូមអ្នក..........................ល្មមគិតលកលៃ
គួរយល់និស្ស័យ...........................ដៃណាមាសមិត្ត។
10. ពេលដៃជួបគ្រោះ.....................មុខគួរជួយគិត
ផ្តល់កម្លាំងចិត្ត.............................ដៃឲ្យបានស្បើយ។
ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញរសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១១
តែងចាប់ពីម៉ោង៖ ៥និង៣០នាទីដល់ ម៉ោង ៦ព្រឹក
កំណាព្យ គួរកុំបណ្តោយ
បទពាក្យប្រាំពីរ

1. គួរកុំបណ្ដោយឲ្យបរទេស ……………មកជាន់មកជិះជាតិខ្មែរយើង
គួរកុំកាត់ក្ដីអាងកាន់ជើង……………..តែក្រុមពួកយើងល្អៀងនាំខុស។

2. គួរកុំបណ្ដោយឲ្យទំនេរ………………..កូនយើងកូនគេញាតិស្រីប្រុស
មិនរៀនមិនសូត្រគួរបណ្ដុះ……………ឲ្យស្គាល់កំហុសមកឧស្សាហ៍។


3. គួរកុំបណ្ដោយឲ្យទៅឆ្ងាយ…………….កូនក្មួយទាំងឡាយឃ្លាតកាយា
នៅស្រុកគេឯងខ្វះប្រាជ្ញា ……………..ញ្រោះតែធ្វើការចិញ្ចឹមជីព៕

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ៦ខែ កញ្ញា ឆ្នាំ ២០១១
តែង ពីម៉ោង៦ និង០០នាទី ដល់ ម៉ោង ៧និង៣០នាទី ពេលព្រឹក
កំណាព្យ សាងក្តីសង្ឃឹម
បទពាក្យបួន
1. ថ្ងៃមុនមិនល្អ..................ថ្ងៃនេះប្រសើរ
ចង់ដល់ខំដើរ................ដំណើរវែងខ្លី។
2. មនុស្សមួយនគរ............ធម្មជាតិពេញដី
កើតទុក្ខធ្វើអ្វី..................ខំដោះល្អជាង។
3. វិនាសចម្រើន...............ជាធម៌មិនទៀង
ចង់មុតសំលៀង...........ឲ្យបានញឹកញយ។
4. ពេលជួបឧបសគ្គ..........មិនត្រូវរាថយ
ប្រឹងឲ្យបានញយ..........គង់ឈ្នះឧបសគ្គ។
5. ទោះត្រូវវិនាស..............ក៏គួរខំឆ្លាក់
យកចិត្តទុកដាក់...........សាងក្តីប្រសើរ។
6. កុំសាងពាលា................នាំខកដំណើរ
ក្រែងក្តីប្រសើរ..............រត់ឆ្ងាយពីយើង។
7. សាងក្តីសង្ឃឹម.............ពិតជាថ្កុំថ្កើង
ទាំងគេទាំងយើង..........ពេញចិត្តដូចគ្នា។
8. បើយើងខំសាង.............គឃ្លើនពានពា
ពិតជាមិនធារ...............ដល់ពិភពលោក។
9. បើអស់សង្ឃឹម..............នឹងនាំសោយសោក
គ្នាច្រើនគគោក.............ហាក់គ្មានកម្លាំង។
10. ពេលជួបឧបសគ្គ..........មិនហ៊ានតតាំង
បាត់អស់កម្លាំង.............ខ្វះភាពសាមគ្គី។
11. ធម្មជាតិសត្វស្លាប........ទោះជាឈ្មោលញី
ខិតខំសំភី......................មានក្តីសង្ឃឹម។
12. ភ្ញាក់ឡើងពីព្រឹក..........ទឹកមុខប៉ប្រិម
ពេញក្តីសង្ឃឹម..............ស្វែងរកអាហារ។
13. ទោះហើរទៅខ្ពស់..........ឆ្លងកាត់វេហា
ភ្នំឬជលសា.....................ខ្យល់ព្យុះសមុទ្រ។
14. បក្សីក្លាហាន...................គ្មានចិត្តតក់ស្លុត
ស៊ូដល់បំផុត....................ដើម្បីជីវិត។
15. ពេលខ្លះបក្សី....................ជួបភាពងងឹត
ប្រឹងប្រែងគ្មានគិត...........រឿងការនឿយហត់។
16. ស្វែងរកចំណី..................ដោយភាពអំណត់
សក្តិសមប្រាកដ...............សត្វចេះសង្ឃឹម។
17. ចុះទំរាំមនុស្ស..................ខ្លាចអីញញឹម
ខ្លាចអីសង្ឃឹម....................ដើម្បីជីវិត។
18. វិនាសអន្តរាយ..................គួរតែកុំគិត
គួរច្នៃជីវិត.........................តាមធម៌អភិវឌ្ឍន៍។
ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១១
តែងចាប់ពីម៉ោង៖ ១២និង២៧នាទី ដល់ ម៉ោង ១និង២៧នាទីរសៀល
កំណាព្យ ស្រលាញ់ បទកាកគតិ
1. ស្រលាញ់មនុស្សម្នាក់....................ត្រូវចេះថ្នមថ្នាក់.............................ពូនជ្រុំថែគល់
សង់ទ្រើងឲ្យខ្ពស់..........................ស្រោចទឹកនិមល............................ក្តីល្អឲ្យយល់
វិជ្ជាឲ្យចេះ។
2. ស្រលាញ់បងប្អូន...........................ថែកុំឲ្យសូន្យ..................................មេត្តាពិសេស
ថ្នមពាក្យសំដី................................បង្រៀនឲ្យចេះ...............................ការល្អកុំធ្វេស
បង្ហាញត្រងត្រាប់។
3. ស្រលាញ់ម៉ែឱ..............................ធ្វើល្អគ្រប់ផ្លូវ...................................ពាក្យល្អឲ្យស្តាប់
ការណាខុសឆ្គង...........................មិនត្រាប់ធ្វើត្រាប់.............................រីរឿងចាក់កាប់
ចៀសឲ្យឆ្ងាយផុត។
4. ស្រលាញ់មិត្តភក្តិ.........................រាប់អានកុំស្ទាក់.................................ចរិយាវិសុទ្ធ
ពេលឃើញមិត្តខុស.....................ចិត្តឲ្យថ្លាមុត.....................................អប់រំឲ្យផុត
ពីផ្លូវពាលា។
5. ស្រលាញ់កូនចៅ.........................ស្តីថាប្រដៅ......................................កុំមីមុសា
កុំល្អៀងរកខុស............................នាំកម្មវេរា.......................................។ផ្តល់ឲ្យគ្រប់គ្នា
ព្រហ្មវិហាធម៌។
6. ស្រលាញ់គូស្នេហ៍.......................ស្មោះត្រង់កុំប្រែ...................................ប្រព្រឹត្តិឲ្យល្អ
គោរពសិទ្ធិគ្នា.............................តាំងចិត្តស្មោះស.................................រកស៊ីដោយធម៌
រក្សាមិត្តភាព។
និពន្ធដោយ យី ឆេងអ៊ូ (ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៦គត់ ដល់ ៦កន្លះព្រឹក
កំណាព្យ ចិត្តស្ងប់ បទពាក្យប្រាំពីរ
1. ចិត្តស្ងប់ ស្ងប់ចិត្តត្បិតព្រះធម៌.................ស្ងប់ចិត្តបវរ ល្អរកគ្មាន
ស្ងប់ចិត្ត បានល្អព្រោះសូត្ររៀន…………..ចំណេះរបៀនព្រះពុទ្ធថ្លៃ។

2. ចិត្តស្ងប់ដូចទឹកនៅក្នុងពាង…………………នឹងថ្កល់មិនល្អៀងគ្រប់អ្វីៗ
ទោះមានខ្យល់បក់បែបណាក្តី……………….ក៏ចិត្តពិសីនៅតែល្អ។

3. ចិត្តស្ងប់នឹងនាំឲ្យបញ្ញា……………………….បានរីកភ្លឺថ្លាស្មើព្រះធម៌
ចិត្តស្ងប់នាំជាតិឲ្យបវរ………………………..ខ្ពង់ខ្ពស់ស្រស់ល្អស្មើបុប្ផា។

4. ចិត្តស្ងប់នៅក្នុងសង្គមជាតិ…………………..ចិត្តគ្មានចង្អៀតដល់អ្នកណា
ចិត្តមិនជំពាក់រឿងស្នេហា…………………….មិនគិតមុសាប្រព្រឹត្តខុស។

5. ចិត្តស្ងប់នាំសំដីប្រសើរ………………………..គ្រប់កិច្ចសារពើទាំងស្រីប្រុស
ចេះលើកទឹកចិត្តមិនបន្ទុះ……………………..នាំចិត្តសប្បុរសដូចព្រះពុទ្ធ។

ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញ រសៀលថ្ងៃទី ១៥-វិច្ឆិកា-២០១១
កំណាព្យ គួរខំសន្សំ
បទកាកគតិ

1. គួរខំសន្សំ………………..គួរឈប់បន្លំ……………….កឹបកេងលុយជាតិ
គួរឈប់កាប់ឈើ……….គួរឈប់ជ្រែកជ្រៀត………ជិះជាន់មិត្តញាតិ
ក្រខ្សត់ល្ងិតល្ងង់។

2. គួរខំសន្សំ……………….ចំណេះតូចធំ……………….កុំឲ្យបាត់បង់
គួរត្រងត្រាប់គ្រូ………...គួរខំតម្រង់…………………សម្អាតផ្ចិតផ្ចង់
ចិត្តកាយឲ្យល្អ។


3. គួរខំសន្សំ……….………ទ្រព្យតូចទ្រព្យធំ………….ដោយចិត្តអំណរ
ទ្រព្យណាសុចរិត………..គួរថែឲ្យល្អ……………...អ្នកប្រាជ្ញសាទរ
លើកស្ទួយជានិច្ច។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង ៦និង៣០នាទី ដល់ ម៉ោង ៧ ព្រឹក
កំណាព្យ ទុនវិនិយោគ
បទកាកគតិ
1. ទុនវិនិយោគ……………….នាំផលជ័យជោគ..…………….បទពិសោធន៍ប្រាក់
ព្រោះយើងចេះលៃ………..រកស៊ីបណ្តាក់………..…………ឲ្យបានសមសក្តិ
ជាអ្នកឆ្លាតវៃ។
2. ទុនវិនិយោគ……………….នាំផលគគោក…………………..មុខរបរប្រពៃ
រកស៊ីសុចរិត……………….ពិតជាថ្លាថ្លៃ………………………កើនប្រាក់កម្រៃ
ព្រោះតែឧស្សហ៍។
3. ទុនវិនិយោគ……………….ចង់បានជ័យជោគ……………….អស់ជនខេមរា
យកទៅរកស៊ី………………អស់គ្រប់កិច្ចការ…………………ធំតូចមិនថា
ឲ្យតែជាប់លាប់។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង ៦និង៣៤នាទី ដល់ ម៉ោង ៦និង៥០នាទី ព្រឹក
កំណាព្យ ផឹកតែតែងកាព្យ
បទកាកគតិ

1. ផឹកតែតែងកាព្យ…………តែចត់ឬសាប………...តែងកាព្យឲ្យល្អ
តែនាំសុខភាព………..…ឲ្យស្រស់បវរ……….…តែនាំអំណរ
ជាងស្រាបារី។

2. ផឹកតែតែងកាព្យ…………មិនងងុយស្ងាប….…...មិននាំទុក្ខភ័យ
ផឹកតែងជុំគ្នា…………….ច្រើននាំសិរី…….…......ញាតិជិតឆ្ងាយក្ដី
ល្អគ្រប់វេលា។


3. ផឹកតែតែងកាព្យ…………ខ្ញុំសូមជម្រាប………….មិនខ្មាស់អ្នកណា
ព្រោះជាបែបបទ…………អ្នកមានប្រាជ្ញា…………អស់ជនខេមរា
គួរកាន់ទម្លាប់។

4. ផឹកតែតែងកាព្យ…………ពិតអាចបញ្ជ្រាប………រឿងល្អគួរគាប់
នាំឲ្យសង្គម………………ផូរផង់ជាប់លាប់….…..អ្នកប្រាជ្ញលោករាប់
ថាថ្លៃវិសេស។


5. ផឹកតែតែងកាព្យ……..…ពាក្យពេចន៍សុភាព……..ដូចបរទេះ
នៅលើផ្លូវជាតិ……….....ផ្លូវល្អពិសេស…………..គ្មានធូលីផេះ
ហុយចូលច្រមុះ។


6. ផឹកតែតែងកាព្យ…..……ខ្មែរគួរព្រោះសាប…………ឲ្យបានផុលផុស
ជ្រាបចូលបេះដូង……....គ្រប់គ្នាផងចុះ……………..ខ្មែរគួរបណ្ដុះ
ទម្លាប់គំរូ។

7. ផឹកតែតែងកាព្យ……..…ពិតជាមិនសាប…………….កវីតស៊ូ
ខំត្បាញគំនិត……………អស់ពេលយ៉ាងយូរ………..បន្ថយបន្ធូរ
ទុក្ខសោកសត្វលោក។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង៥និង១៥នាទី ដល់ ម៉ោង ៦ ព្រឹក




កំណាព្យ ឆ្នាំនេះទឹកធំ
បទកាកគតិ

1. ឆ្នាំនេះទឹកធំ………………….លេចកោះតូចធំ…………………..លេចស្រែចំការ
លេចក្រុងជាច្រើន…………..លេចផ្ទះលេចផ្សារ………………..ប្រជាទុក្ខា
ខូចផលដំណាំ។

2. ឆ្នាំនេះទឹកធំ………………….ឱស្រស់ស្រីមុំ………………………បងសូមផ្តែផ្តាំ
ប្រយ័ត្នលង់ទឹក………………ស្រីស្រស់ស្រងាំ……………………ទឹកចិត្តសកម្ម
ការពារជំនន់។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង៣និង១០នាទី ដល់ ម៉ោង ៣និង២៥នាទីរសៀល
កំណាព្យ ជាងប៉ះកង់
បទកាកគតិ

1. ខ្ញុំជាងប៉ះកង់…………………រកស៊ីស្មោះត្រង់………………..ចិញ្ចឹមអាត្មា
ទោះខ្លួនខ្ញុំនេះ………………..ជាជនពិការ…………………….ខ្ញុំគ្មានឥរិយា
បទសុំទានគេ។

2. ព្រលឹមព្រលប់……………….ខ្ញុំប៉ះមិនឈប់…………………..មិនទៅផ្ទះទេ
ខ្ញុំខំប៉ះកង់……………………នៅមុខផ្ទះគេ…………………….ឆ្លៀតពេលទំនេរ
ខំអានសៀវភៅ។


3. ខ្ញុំអ្នកប៉ះកង់…………………ខិតខំផ្ចិតផ្ចង់……………………..ដំណើរឆ្ពោះទៅ
លើកស្ទួយប្រាជ្ញា………….ឲ្យល្អឆ្អិនឆ្អៅ………………………ស្ទួយអស់កូនចៅ
បានរៀនគ្រប់គ្នា។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង៣និង២០នាទី ដល់ ម៉ោង ៣និង៤៨នាទីរសៀល

កំណាព្យ គួរស្ទួយវប្បធម៌
(បទពាក្យបួន)
1. គួរស្ទួយវប្បធម៌………….ខ្មែរឲ្យបានខ្ពស់
ឲ្យបានល្បីឈ្មោះ………..ពេញក្នុងលោកា។
2. គួររក្សាថែ……………….…កេរ្តិ៍ល្អដូនតា
រៀនសូត្រឆ្លាក់ចារ……….ផ្សព្វផ្សាយឲ្យច្រើន។
3. គួរស្ទួយវប្បធម៌..............ខ្មែរឲ្យចម្រើន
អភិវឌ្ឍន៍ឲ្យកើន.............រក្សាឲ្យគង់។
4. សិល្បៈភាសា.................អក្សរផូរផង់
រួមទាំងសំណង់..............ល្អសំបូរបែប។
5. តំបន់ទេសចរ.................កំពតក្រុងកែប
ធម្មជាតិច្រើនបែប...........គួរចង់ទស្សនា។
6. ដំណាំព្រៃឈើ................បក្សីបក្សា
ត្រីហែលឆ្លេឆ្លារ..............លួងចិត្តទេសចរណ៍។
7. គួរស្ទួយវប្បធម៌..............ដ៍សែនកម្រ
ដូចជាឧបករណ៍.............តន្រ្តីបុរាណ។
8. ទ្រមិមចាប៉ី.....................សាយឌៀវកល្យាណ
ចេះប្រើគ្រប់ប្រាណ.........ផ្សព្វផ្សាយគ្រប់ពេល។
9. គួរស្ទួយវប្បធម៌...............បូរាណកន្ទេល
កុំភ្លេចរង្វេល...................ទូលក្អមដងទឹក។
10. ក្រមាខ្មែរល្អ......................ប្រើបានល្ងាចព្រឹក
ប្រយោជន៍សន្ធឹក.............តំនាងជាតិខ្មែរ។
11. គួរស្ទួយវប្បធម៌................កសិកម្មស្រុកស្រែ
ដំណាំហូបផ្លែ...................ធម្មជាតិកំប៉ុស។
12. ស្រូវខ្មែរចាត់ចូល.............អស់ញាតិស្រីប្រុស
មាសដ៏សក្បុស...............លក់ក្នុងសកល។
13. គួរស្ទួយវប្បធម៌...............ឲ្យបានឆ្ពោះដល់
លំដាប់សកល.................គេឯងសរសើរ។
14. សូមឈប់ជាន់ឈ្លី............នាំអាក់ដំនើរ
ក្រែងផ្លូវប្រសើរ................ខ្មែរត្រូវបាត់បង់។
15. គួរស្ទួយវប្បធម៌.................ឲ្យច្រើនទម្រង់
ឲ្យស្រស់ផូរផង់...................សមពូជអង្គរ។
16. គួរស្ទួយជាតិខ្មែរ.................ឲ្យខ្ពស់បវរ
អ្នកក្រោយបន្ត....................លើកស្ទួយកុំទ្រាន់។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១១
តែងម៉ោង ៦និង ៣០នាទី ដល់ម៉ោង ៧ព្រឹក។
កំណាព្យ លើកស្ទួយកុមារ
បទកាកគតិ
1. ពាក្យចាស់ពោលថា...................ទំពាំងកុមារ...................ជាអ្នកស្នងចាស់
បើយើងខំថែ..............................ទំពាំងរហ័ស...................ស្នងឬស្សីចាស់
រឹងមាំកើនទ្វេ។
2. ដូច្នេះយើងត្រូវ ...................បង្រៀនកូនចៅ...................កុំឲ្យទំនេរ
បង្រៀនឲ្យអាន ...................នាំឲ្យសរសេរ...................កូនយើងកូនគេ
បង្រៀនទាំងអស់។
1. បង្រៀនរួចហើយ...................យើងមិនកន្តើយ...................ថែដោយស្ម័ត្រស្មោះ
ពូនជ្រុំដាក់ដី.........................ស្ទួយគ្មានចន្លោះ...................ថែទំពាំងនោះ
ស្មើរនឹងនេត្រា។
2. មើលថែសុខភាព...................ថែដោយរបៀប...................តាមក្បួនតម្រា
បញ្ចូនកូនទៅ.........................រៀននៅសាលា...................ស្គាល់ការសិក្សា
ពេញមួយជីវិត។
3. ថែដោយថ្នាក់ថ្នម...................បំពេរបីបម............................ឲ្យបានល្អន់ល្អិត
ពោលពាក្យសរសើរ...............ដោយអស់ពីចិត្ត....................ឆ្ងាយពីប្រព្រឹត្ត
អំពើហឹង្សា។
4. មិនកេងចំនេញ ...................មិនលក់ដូរចេញ...................ពលកម្មកុមារ
ផ្តល់សុខសិរី.......................ផ្តល់ជោគជ័យា.....................ថែស្មើសិរសា
ថ្លៃស្មើគុណធម៌។
5. លើកស្ទួយកុមារ...................ឲ្យបានទស្សនា...................ទីឋានបវរ
ប្រាសាទបុរាណ...................ភូមិឋានវប្បធម៌...................ខ្មែរដ៏ស្រស់ល្អ
ប្រសើរស្មើព្រះ។
6. លើកស្ទួយកុមារ...................តាមក្បួនតម្រា...................ឲ្យបានល្អល្អះ
ផ្តល់សិទ្ធិមូលដ្ឋាន................ឲ្យបានពេញពាស..............ថែថួនគ្រប់ផ្ទះ
ឲ្យបានក្លាខ្លាំង។
7. លើកស្ទួយកុមារ...................មិនឲ្យធ្វើការ...................ធ្ងន់ហួសកំលាំង
មិនឲ្យវាយថ្ម........................មិនឲ្យចូកចាំង.................មិនឃារឃាំង
កុមារក្នុងផ្ទះ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញយប់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១១
ភ្នំពេញរសៀលថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១១
កំណាព្យ ខ្មែរមានប្រាជ្ញា
បទកាកគតិ
1. ខ្មែរមានប្រាជ្ញា ខ្ពង់ខ្ពស់ថ្លៃថ្លា ជាយូរមកហើយ
ខ្មែរសង់អង្គរ សូមចាំមិត្តអើយ ខ្មែរឆ្លងដល់ត្រើយ
សួគ៌សុខសិរី។
2. ខ្មែរមានប្រាជ្ញា ស្ទើរគ្រប់កិច្ចការ ណាស្រស់ពិសី
ខ្មែរមានគំនិត ចេះប្រឌិតច្នៃ ទាំងប្រុសស្រី
សង្វាតរៀនសូត្រ។
3. ខ្មែរមានប្រាជ្ញា ក្រអូបដូចផ្កា ឧស្សាហ៏រហូត
ខ្មែរពូជអ្នកជា ខ្មែរពូជស្លូតបូត ខ្មែរចេះស្រូតរូត
ដាំដុះផលិត។
4. ខ្មែរមានប្រាជ្ញា ខំសរសេរចារ ខំឆ្លាក់គំនិត
ខំផ្ទេរពិសោធន៍ ណាដែលល្អពិត ខំកាន់សុច្ចរិត
ខំលូតខំឡើង។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង ៦ ដល់ ម៉ោង ៧ព្រឹក
កំណាព្យ គេចពីដំរី
បទពាក្យ ៤

១-ដំរីឈ្លោះគ្នា........ស្លាប់អស់ស្រមោច
ពេលដែលទឹកហោច....ស្រមោចស៊ីត្រី។
២-ដំរីឈ្លោះគ្នា.............ទុក្ខពេញបូរី
ចង់ផុតទុក្ខភ័យ.............ត្រូវប្រើប្រាជ្ញា។
៣-ជាសត្វដំរី................មិនខ្វល់អ្នកណា
សត្វក្នុងលោកា.............គួរមានពិសោធន៍។
៤-ឈប់តាមដំរី..............ឈ្លោះគ្នានាំឆោត
រស់មានពិសោធន៍...........ទើបរស់ប្រសើរ។
៥-ជាសត្វដំរី..................តែងមានដំណើរ
ចុះប្រេងនឹងដើរ...............រករឿងគេឯង។
៦-ស្រមោចចង់សុខ..........កុំធ្វើខែងរែង
លាក់ខ្លួនព្រះស្តែង............កុំអមដំរី។
៧-ជាសត្វស្រមោច...........ទោះតូចម្តេចក្តី
ត្រូវចេះសាមគ្គី..................កុំជ្រើមតាមគេ។
៨-កុំនាំគ្នាឈ្លោះ.................នាំវេទនាទេ
ទាំងយើងទាំងគេ.................រងគ្រោះព្រោះដំរី។
ភ្នំពេញថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១១ តែងពី ម៉ោង ៦និង២០នាទី ដល់ ម៉ោង៦និង៤៥នាទីព្រឹក
និពន្ធន៍ដោយ៖ យី ឆេងអ៊ួ (ប៉េង)
កំណាព្យ ថែទាំ
បទពាក្យបួន
1. ថែទាំប្រទេស...............ទើបសល់គ្រួសារ
ថែទាំខេមរា.................ទើបសល់អង្គរ។
2. ថែទាំបរិស្ថាន...............ទើបឈប់វឹកវរ
ថែទាំសីលធម៌..............ទើបបានក្តីសុខ។
3. ថែទាំប្រាជ្ញា..................ទើបកើនទៅមុខ
ថែទាំម៉ែពុក..................ទើបព្រះរក្សា។
4. ថែទាំវប្បធម៌.................អក្សរសាស្ត្រា
ថែទាំដូនតា..................ទើបបានល្បាញល្បី។
5. ថែទាំសេដ្ឋកិច្ច..............ក្នុងដែនបូរី
ផុសគំនិតថ្មី..................ទើបជាតិចម្រើន។
6. ថែទាំសៀវភៅ...............ទើបប្រាជ្ញាកើន
ចង់រីកចម្រើន................ឲ្យថែសុខភាព។
7. ថែទាំយុត្តិធម៌................ទើបសុខពេញប្រៀប
ស្លូតបូតសុភាព..............ទើបហៅអស្ចារ្យ។
8. មិនចេះផឹកស៊ី................មិនប្រើហឹង្សា
ទើបហៅថ្លៃថ្លា................សមជាបណ្ឌិត។
9. ថែទាំដំណាំ...................ទើបបានផលពិត
ចែកចាយគំនិត...............ទើបសល់ប្រាក់ចាយ។
10. ថែទាំកុមារ.....................ទើបសុខបានឆ្ងាយ
ថែគ្រូបាធ្យាយ................សម្បូរចំណេះ។
11. ថែទាំកូនខ្មែរ...................កុំឲ្យរបេះ
រលួយរលះ.....................ភ្លើតភ្លើនភ្លេចខ្លួន។
12. ថែទាំឲ្យល្អ.....................ដូចផ្កាក្នុងសួន
ឲ្យស្គាល់ជាតិខ្លួន.............តម្កើងជាតិខ្មែរ។
13. ថែទាំខេមរា......................ឲ្យបានហូរហែ
តម្កើងជាតិខ្មែរ..................ឲ្យខ្ពស់ដូចខ្លួន។
14. វប្បធម៌ពាលា...................កុំលាក់បំពួន
លះចេញពីខ្លួន.................កុំឲ្យសល់នៅ។
15. ថែវប្បធម៌ខ្មែរ..................ណាស្រស់ឆោមឆ្លៅ
ខំអានសៀវភៅ................របស់ដូនតា។
16. ខំប្រឹងស្វែងយល់.............នៅលើប្រាង្គប្រា
សាទដ៏ថ្លៃថ្លា...................យល់ឫសគល់ខ្មែរ។
17. ថែទាំពាក្យល្អ..................យារយាទហូរហែ
ជាមារយាទខ្មែរ................ណាដែលថ្លៃថ្លា។
18. នោះជាតិនឹងសុខ.............តពង្សាវតា
នឹងរីកថ្លៃថ្លា.....................ដូចផ្កាត្រូវព្រះភិរុណ។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែង៖ ពីម៉ោង ៥និង១០នាទី ដល់ ៥និង៣០នាទី ព្រឹក
Sok Pov អរគុណលោកប៉េង ពិតជាពីរោះណាស់
Chheng Uor Yi អរគុណបងប្រុស ដែលជួយលើកទឹកចិត្ត។
កំណាព្យ ខំចារ-ខំធ្វើ
បទពាក្យបួន
1. មួយថ្ងៃខំចារ.....................មួយឃ្លាមួយល្បះ
ផលធំធេងណាស់..............ចារពាក្យវិជ្ជមាន។
2. ខំផ្សាយគំនិត.....................ខំសង់ជាស្ពាន
ឲ្យបានកើតមាន.................សម្រាប់ជាតិខ្មែរ។
3. មួយថ្ងៃខំចារ......................មិនឲ្យប្រួលប្រែ
ពីវប្បធម៌ខ្មែរ......................ដ៏ល្អផូរផង់។
4. ខំជួយលើកស្ទួយ.................មិនឲ្យបាត់បង់
ថ្លៃថ្នូរផូរផង់.........................តំណរដូនតា។
5. រាល់ថ្ងៃខំចារ........................ទុកជាតម្រា
ប្រវត្តិថ្លៃថ្លា...........................ខ្មែរប្រាជ្ញាខ្ពស់។
6. ខ្មែរធ្លាប់តែថ្កើង......................ធ្លាប់តែល្បីឈ្មោះ
ខ្មែរក្រោយឈានឆ្ពោះ..............ចូលបន្តវេន។
7. ខ្មែរមានរបាំ............................អប្សរាពត់ពេន
ខ្មែរមានបរិវេណ......................ប្រាសាទល្អផ្តាច់។
8. ខ្មែរច្រើនជំនាន់........................ខំសង់សម្រេច
គ្រប់គ្នាប្តូរផ្តាច់.........................អភិវឌ្ឍខ្ពស់។
9. ខំចារខំច្នៃ...............................ឲ្យជាតិបានរស់
ឲ្យខ្មែរផុតគ្រោះ.......................ទុក្ខសោកទាំងឡាយ។
10. ខំគាស់កកាយ.........................ឲ្យខ្មែរសប្បាយ
នាំខ្មែរសុខកាយ.......................សុខចិត្តគ្រប់គ្នា។
11. ខំរៀនខំធ្វើ..............................ស្រូវប្រាំងវស្សា
ដំណាំផងណា.........................ស្ទួយសេដ្ឋកិច្ចជាតិ។
12. ខ្មែរជួយបង្រៀន.......................បងប្អូនសាច់ញាតិ
រៀនខ្លួនឯងទៀត......................អស់មួយជីវិត។
13. ខំជ្រោមខំស្ទួយ.........................ខំលើកទឹកចិត្ត
បងប្អូនញាតិមិត្ត........................ឲ្យមានសង្ឃឹម។
14. បណ្តុះទឹកចិត្ត............................ឲ្យហ៊ានញញឹម
ជីវិតប៉ប្រិម..................................ខំចារខំធ្វើ។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែង៖ ពីម៉ោង ៨និង៣០នាទី ដល់ ៩ព្រឹក
កំណាព្យ រដូវរំហើយ
បទពាក្យបួន
1. រដូវរំហើយ...............ច្រូតស្រូវវស្សា
កសិករជ្រះថ្លា...........ព្រោះផលស្រូវកើន។
2. ច្រូតកាត់រូតរះ...........មិនខ្វល់អ្វីច្រើន
ឲ្យតែចម្រើន.............ផលដាក់ជង្រុក។
3. រដូវរំហើយ................ច្រើនផ្ដល់ក្ដីសុខ
ប្រជាគ្រប់ស្រុក..........សម្រុកច្រូតកាត់
4. បោកបែនផលស្រូវ......វាលស្រែលែងស្ងាត់
ក្រខ្សត់រសាត់.............ឆ្ងាយចេញពីខ្មែរ។
5. រដូវរំហើយ..................បងប្អូនពុកម៉ែ
ស្រូវល្អពេញស្រែ..........ច្រូតទុកលក់ខ្លះ
6. បង្កើនសេដ្ឋកិច្ច.............ជីវភាពស្រឡះ
ចែងចាំងឃើញច្បាស់.....ខ្ពស់ខុសពីមុន។
7. រដូវរំហើយ....................ស្រូវផ្ដល់ជាទុន
លែងខ្វះដូចមុន.............ត្រៀមធ្វើថែមទៀត។
8. ព្រោះស្រូវខែប្រាំង..........បង្កើនគ្រប់ស្នៀត
ទាញយកផលទៀត........ក្លាយជាសេដ្ឋី។
9. រដូវរំហើយ....................ឱស្រស់ពិសី
ផលផ្ដល់ថ្មីៗ..................រសក្លិនប្រហើរ។
10. អំបុកស្រូវថ្មី...................ទេសចរណ៍សរសើរ
ទិញហូបបណ្តើរ.............សរសើរកសិករ។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែង៖ ពីម៉ោង ២ ដល់ ២និង២០នាទី រសៀល
Nicolas Pin ពីរោះមានន័យគួរអោយចាប់ចិត្តណាស់ ! ខ្ញុំកោតសរសើរបងខ្លាំងណាស់ ! បើមានពេលខ្ញុំសុំការណែនាំពីបងខ្លះ ! សូមអគុណ សង្ឃឹមថានឹងបានអានកំណាព្យបងលើកក្រោយទៀត !
Chheng Uor Yi បាទ អរគុណប្អូនដែលបានជួយគាំទ្រ!! បងរងចាំជួយដោយរីករាយណាប្អូន។ សូមជូនពរប្អូនបានជួប តែសំណាងល្អគ្រប់ប្រការ។

កំណាព្យ៖ សន្សំលុយទុក
បទពាក្យបួន
1. សន្សំលុយទុក.....................ក្នុងធនាគារ
ប្រាក់រៀលខេមរា..................តម្កើនជាតិខ្មែរ។
2. បង្កើនសេដ្ឋកិច្ច.....................ក្រុងចំការស្រែ
កសាងជាតិខ្មែរ.....................ឲ្យខ្ពស់ដូចគេ។
3. សន្សំលុយទុក.......................គ្រប់ពេលមាសស្នេហ៏
លុយរៀលលុយខ្មែរ................គួរតែតម្កើង។
4. និយមលុយខ្មែរ......................ឲ្យបានច្រើនឡើង
រួមស្ទួយតម្កើង......................ជាតិឲ្យល្បីល្បាញ។
5. សន្សំលុយទុក.......................ដើម្បីបង្ហាញ
ចិត្តមិនសូញសាញ.................ទុកឲ្យកើតកូន។
6. មិនទុកនៅផ្ទះ.......................នាំតែសុងសូន្យ
លុយមិនកើតកូន...................ដូចធនាគារ។
7. សន្សំលុយទុក.......................គ្រប់ពេលវេលា
ជួយដល់ខេមរា......................រួមទុនរកស៊ី។
8. សេដ្ឋកិច្ចជាតិខ្មែរ....................ស្រស់សោភី
ឈ្មួញគ្រប់ទិសទី....................ចូលមកបណ្តាក់ទុន។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែង៖ ពីម៉ោង ៩ ដល់ ៩និង៣០នាទី ព្រឹក
ចម្រៀង ស្រណោះស្រូវទុំ
I. ឱ!ស្រណោះស្រូវទុំ..........ស្រូវស្រែមាសមុំ..........ជួយបងឲ្យស្បើយ
ច្រូតស្រូវរដូវរំហើយ........ចាបយំល្វើយៗ..............ស្រែករកគូវា។
II. ពេលនេះចាបឈប់រងា.......បានជួបសង្សារ.........ស្រស់បណ្ដូលចិត្ត
មករួមបីបមស្នេហ៍ស្និទ្ធ........ប្រលែងកៀកកិត........អស់មួយជីវិតទៅអើយ។
R… ឱ!ចាបសំណាង........………អ្នកមានទីអាង…………ដូចបងនិងត្រាណត្រើយ
យើងឈប់ជួបរងាទៀតហើយ…ទ្រូងបងបានស្បើយ......ព្រោះបានកៀកកើយគូគាប់វាសនា។
III. ឱ!ស្រូវទុំស្រុកខ្មែរ.................ក្រហមក្នុងស្រែក្រោយខែវស្សា........ភោគផលពុកម៉ែយាយតា
ឆ្លងផុតទុក្ខាភាពក្រខ្សត់ទាំងឡាយ.....ស្រូវខែរំហើយនាំឲ្យសប្បាយ.....បានជួយឆោមឆាយច្រូតស្រូវប្រវាស់ដៃគ្នា។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែង៖ ពីម៉ោង ៧ ដល់ ៧និង២០នាទី ព្រឹក
លំនាំ ឱជំនោរត្រជាក់ ច្រៀងដោយលោក ឈាង ឧត្តម
កំណាព្យ ជាងដែក
បទពាក្យប្រាំពីរ

1. ជាងដែកជាងដំមិនសំចៃ ……………ជាងខំរាល់ថ្ងៃច្រុងដែកស្មិត
ជាងខំកែច្នៃច្រុងកាំបិត……………….ឲ្យល្អវិចិត្រផ្គាប់អ្នកស្រែ។

2. ជាងខំរកស្នៀតទាំងយប់ថ្ងៃ………….រៀនមិនសំចៃជាហូរហែ
រកល្បិចច្រុងដែកឲ្យពូកែ……………..ផ្គាប់ចិត្តពុកម៉ែញាតិយាយតា។

3. ទោះជាខ្លួនត្រូវកំដៅខ្លាំង…………….ឬប្រើកម្លាំងច្រើនម្តេចម្តា
ជាងដែកនៅតែពេញចិន្តា……………ប្រកបកិច្ចការសុចរិត។


4. នាមជាជាងដែកល្អពេកក្រៃ………….គំនិតប្រពៃកាយវិចិត្រ
សុខភាពមាំមួនសមខ្មែរពិត………….ខំឆ្លាក់គំនិតច្នៃសិប្បកម្ម។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១១
តែងពីម៉ោង១២ ថ្ងៃត្រង់ ដល់ ម៉ោង ១និង ៣០នាទីរសៀល
កំណាព្យ ដប់ធ្នូជួបចន្ទ
បទពាក្យបួន
1. ថ្ងៃទីដប់ធ្នូ.................ខ្មែរពេញបូរី
មានសំណាងក្រៃ.......បានឃើញហេតុការណ៍។
2. រាហ៊ូបានជួប...............នឹងដួងចន្ទ្រា
ខ្មែរលែងបែកគ្នា...........ដូចមុនទៀតហើយ។
3. បែកគ្នាពេលមុន...........នឹកគ្មានពេលល្ហើយ
ពេលនេះជួបហើយ.......ដោយមានសេរី។
4. រាហ៊ួជួបចន្ទ...................ផ្តល់សុខសួស្តី
ខ្មែរពេញបូរី...................មានសិទ្ធគ្រប់គ្រាន់។
5. ខ្មែរយើងបានដឹង...........ខំប្រឹងរួសរាន់
មើលឲ្យបានទាន់...........រាហ៊ូជួបច័ន្ទ្រ។
6. ជួបគ្នាពេលយប់............សិទ្ធពិតសំខាន់
បានជួបព្រះច័ន្ទ.............ពេញក្នុងហត្ថា។
7. រាហ៊ូនិងចន្ទ...................ជាកូនទេវតា
ដែលបានបែកគ្នា...........ព្រោះភារកិច្ច។
8. ចង់ជួបគ្នាណាស់............តែឲ្យធ្វើម្តេច
បើភារកិច្ច......................ត្រូវបម្រើរាស្ត្រ។
9. ទើបតែឆ្នាំនេះ................យើងខំរវាស
គិតដោយវៃឈ្លាស........ស្កាត់ជួបបងប្អូន។
10. បង្ហើយភារកិច្ច...............មុនជួបតាដូន
រាស្ត្រខ្មែរជួបចួន.............ហែហមទៅដែរ។
11. ពីរពាន់ដប់ពីរ.................នឹងមិនប្រួលប្រែ
មិនបែកពីខ្មែរ.................ផ្តល់ការពារសិទ្ធ។
12. ផ្តល់ឲ្យរាស្ត្រខ្មែរ.............រសថ្នាំទិព្វពិត
ដប់ធ្នូថ្ងៃសិទ្ធិ..................អន្តរអមតៈ។
ភ្នំពេញថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែង៖ ៦និង៣០នាទី ដល់ ម៉ោង ៧ព្រឹក
កំណាព្យ ជំនះឧបសគ្គ
បទពាក្យប្រាំពីរ
1. ដួលក្រោកៗឈប់សោកសៅ...............លះខ្លៅចេញទៅឈប់ទម្រន់
ក្លាហានជំនះការស្រាលធ្ងន់..................ហ៊ានទូលរែកពន់ធ្ងន់សម្រាក។
2. សម្រាកបាត់ហត់ទៅមុខទៀត..............ប្រឹងប្រែងគ្រប់ស្នៀតមិនស្រាកស្រាន្ត
ការសុចរិតមិនត្រូវខកខាន....................យកជ័យឲ្យបានជំនះភាពក្រ។
3. ពេលជួបឧបសគ្គកុំឆាប់ភ័យ..................គួរស្ទួយនិស្ស័យឲ្យបវរ
ក្រោកឡើងម្តងទៀតជំនះក្រ..................ស្ទួយខ្លួនឲ្យល្អទទួលជ័យ។
4. បើរៀនមិនចេះរៀនម្តងទៀត...................រៀនច្រើនមិនឃ្លាតនាំសិរី
រៀនច្រើនធ្វើច្រើនផុតគ្រោះភ័យ..............ជួបសុខសួស្តីមង្គលអើយ។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែង៖ ៦និង៥០នាទី ដល់ ម៉ោង ៧ព្រឹក
កំណាព្យ ស៊ូទៅចាំគេ
បទពាក្យ៤
1. ស៊ូទៅចាំគេ................កុំឲ្យគេចាំ
ទម្លាប់ច្រើនឆ្នាំ............គង់តែបានល្អ។
2. ទៅបានមុនម៉ោង…....ពិតជាបវរ
សមកូនអង្គរ................ខ្មែរដ៏ល្បាញល្បី។
3. ចង់បានសម្រេច...........កិច្ចការអ្វីៗ
កុំយឺតពិសី....................នាំគេតិះដៀល។
4. ទម្លាប់រហ័ស.................នឹងកើនប្រាក់រៀល
លែងមានពាក្យដៀល...ត្មះខ្លួនដូចមុន។
5. ផ្លាស់ទម្លាប់ទៅ..............នាំតែស៊យស៊ុន
ពោលពាក្យទន់ភ្លន់........ត្រូវតាមក្បួនខ្នាត។
6. ពាក្យណាត្រូវច្បាប់….....គួរតែសង្វាត
កុំពោលប្រមាថ...............ទើបជាតិរុងរឿង។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១១
កំណាព្យ ឫទ្ធិនំបញ្ចុក
បទពាក្យបួន
1. ឃើញនំបញ្ចុក.......គិតផ្អុកចង់ហូប
ក្លិនឈ្ងុយគួរស្រូប......សម្លរប្រហើរ។
2. ឫទ្ធិនំបញ្ចុក................ពុករែកបណ្តើរ
រសក្លិនប្រហើរ.............ទាក់ញាតិប្រុសស្រី។
3. នំបញ្ចុកខ្មែរ..................នំដ៏ល្បាញល្បី
ញាតិមិត្តប្រុសស្រី.........មិនដែលរំលង។
4. ហូបបានច្រើនចាន........ជាមួយប្អូនបង
បន្លែម្ទេសផង.................ស្រូបនឹងសម្ល។
5. ម៉ែលក់ចំណេញ............ពុកមានអំណរ
នំបញ្ចុកល្អ....................គ្មានជាតិគីមី។
6. បន្លែក្បែភូមិ....................បេះពីគ្រប់ទី
ផ្តល់រសគ្មានពីរ...............ឆ្ងាញ់ខ្លាំងជាប់ចិត្ត។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១១
កំណាព្យ ត្រូវខំពីតូច
កុំឃ្វាលពពក………កុំជ្រកក្រោមភ្លើង
ចង់ឲ្យខ្ពស់ឡើង…..ត្រូវសង់ពីតូច។
ចង់ឲ្យការល្អ……….កុំប្រៀបប្រដូច
ការងារដែលខូច…..ខុសខ្នាតសីលធម៌។Chheng Uor Yi
កំណាព្យ ពលរដ្ឋគំរូ
បទពាក្យបួន

1. ពលរដ្ឋគំរូ………….……..មានន័យដូចម្ដេច
មិត្តកុំកែគេច……………...ចាំស្ដាប់អត្ថន័យ។

2. ពលរដ្ឋគំរូ………………….កាយចិត្តថ្លាថ្លៃ
សមគ្រប់សម័យ…………..ជួយជាតិឲ្យថ្កើង។

3. ពលរដ្ឋគំរូ………………….ហ៊ានជួយជាតិយើង
ជ្រោងឲ្យខ្ពស់ឡើង………..លើគ្រប់វិស័យ។

4. មិនប្រព្រឹត្តខុស…………….លើធម៌វិន័យ
ព្រះពុទ្ធថ្លាថ្លៃ……………….និងច្បាប់រដ្ឋា។

5. ពលរដ្ឋគំរូ…………………...ខិតខំសិក្សា
ព្យាយាមធ្វើការ……………..ចេះច្នៃប្រឌិត។

6. ចេះយល់ចិត្តគ្នា……………..ចេះលើកទឹកចិត្ត
សាមគ្គីជិតស្និទ្ធ……………...មិនបង្កឈ្លោះ។

7. ពលរដ្ឋគំរូ…………………….ចេះថែកិត្តិយស
ចេះជួយលើកឈ្មោះ………..ពូជខ្មែរអ្នកជា។

8. ចេះជួយរំដោះ………………..រាស្ត្រពីទុក្ខា
ការពាខេមរា………………….ពីខ្មាំងសត្រូវ។

9. ពលរដ្ឋគំរូ……………………..ចេះគេចពីផ្លូវ
ជ្រោះដ៏សែនជ្រៅ…………….ផ្លូវនៃកំហុស។

10. ហ៊ានសារភាពមុន……………ដោយចិត្តស្ម័គ្រស្មោះ
លះបង់ទាំងអស់……………...ផ្លូវនាំអន្តរាយ។

11. ពលរដ្ឋគំរូ………………………ទឹកមុខស្រស់ស្រាយ
ចេះគោរពម្តាយ………………..តាយាយឳពុក។

12. គោរពញាតិមិត្ត…………………នៅក្នុងភូមិស្រុក
ដោយមិនរើសមុខ……………...តាមក្រមសីលធម៌។

13. ពលរដ្ឋគំរូ………………………..ចេះសាងបន្ត
គោរពវប្បធម៌…………………….សាងល្អជានិច្ច។

14. មិនព្រមលះបង់………………….មិនព្រមកែគេច
ធ្វើល្អជានិច្ច………………………ពេញមួយជីវិត។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១១
ចាប់ផ្តើមតែងពីម៉ោង ៦ ដល់ ម៉ោង ៦និង៣០នាទីព្រឹក- ម៉ោង ៩ ដល់ ១០ យប់
កំណាព្យ អនុវត្តមុនរដ្ឋ
បទពាក្យបួន
1. រដ្ឋាភិបាល...............កើតពីកូនរាស្ត្រ
បើយើងចង់ឈ្នះ........ឈប់មើលបំណាំ។
2. ខំជំនះក្រ...................តាមពុកម៉ែផ្តាំ
សូមកូនឈប់ចាំ..........ឲ្យរដ្ឋជួយទៀត។
3. បើសិនកូនរាស្ត្រ..........ឧស្សាហ៍មិនឃ្លាត
អាចដាក់សម្ពាធ...........ឲ្យរដ្ឋឧស្សាហ៍។
4. កូនរាស្ត្រទីក្រុង.............និងស្រែចំការ
ឈប់ខ្វល់រឿងថា...........ធ្វើវិញល្អជាង។
5. បើគ្មានព្រៃឈើ...........ធ្វើម្តេចនឹងភ្លៀង
ចូរកូនឈប់ល្អៀង............ពីរឿងអភិវឌ្ឍន៍។
6. ចង់ឆ្ងាយក្តីទុក្ខ..............វាយលុកប្រាកដ
កុំឲ្យក្រខ្សត់....................រឿងអនុវត្ត។
យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១១
Chheng Uor Yi
ចង់ចេះឲ្យខំរៀន ចង់មានឲ្យខំរក ចង់គង់ឲ្យខំលៃលក ផលបានរកមក កើនព្រោះសន្សំ។
កំណាព្យ កាត់ទឹកមិនដាច់
បទពាក្យបួន
1. កាត់ទឹកមិនដាច់………………..កាត់សាច់វាឈឺ
ធ្វើស្រែពឹងភ្លឺ…………………….ទប់មាំបានជាប់។
2. បើស្រលាញ់ខ្មែរ…………………គួរថែទម្លាប់
ដែលល្អគួរគាប់…………………..រាប់ថាចម្រើន។
3. កាត់ទឹកមិនដាច់…………………សណ្តោសឲ្យច្រើន
ចង់រីកចម្រើន…………………….លះបង់ជម្លោះ។
4. រឿងហួសកន្លង………………….ដែលបានជ្រុលជ្រួស
បំភ្លេចឲ្យអស់…………………….សាមគ្គីល្អជាង។
5. កាត់ទឹកមិនដាច់………………….មិនខូចរូបរាង
ទឹកបឹងទឹកពាង……………………តែងចេះសណ្តោស។
6. ដូចទឹកចិត្តម្តាយ…………………..ឳពុកទាំងអស់
តែងផ្តល់សណ្តោស……………….ដល់កូនគ្រប់គ្នា។
7. កាត់ទឹកមិនដាច់……………………គ្រប់ពេលវេលា
ខ្មែរឈប់ចងពៀរ…………………..គ្នាឯងទៀតហើយ។
8. ខ្មែរពេញនគរ………………………មិននៅកន្តើយ
ខំជ្រោមឲ្យស្បើយ………………….ពីទុក្ខទាំងឡាយ។
9. កាត់ទឹកមិនដាច់…………………….នាំខ្មែរសប្បាយ
ញាតិមិត្តលែងឆ្ងាយ………………..ពីភាពសាមគ្គី។
10. ខ្មែរគ្រប់តំបន់……………………….ចូលមកមូលមីរ
វេញធ្លុងសាមគ្គី……………………..ប្រាជ្ញាកសាង។
11. កាត់ទឹកមិនដាច់……………………ខ្មែរធ្លាប់សំអាង
ចម្លាក់ស្អិតស្អាង…………………….អង្គរល្បាញល្បី។
12. រួមចិត្តតែមួយ……………………….កសាងបូរី
ចេះប្រឌិតច្នៃ………………………..ល្បីល្បាញអង្គរ។
13. កាត់ទឹកមិនដាច់…………………….ចាំជាតំណរ
មនុស្សលោកសាទរ…………………ប្រាជ្ញាថ្លៃថ្លា។
14. ព្រហ្មវិហាធម៌………………………..អ្នកប្រាជ្ញផ្តាំថា
ពិតជាថ្លៃថ្លា…………………………..លើសទ្រព្យទាំងពួង។
យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែងចាប់ពីម៉ោង៖ ៩ ដល់ ១០ យប់
កំណាព្យ ចង់មានឲ្យជីក ចង់រីកឲ្យកាយ
បទពាក្យបួន
1. ចង់មានឲ្យជីក.........ចង់រីកឲ្យកាយ
ចង់សុខសប្បាយ......ឲ្យលះក្តីទុក្ខ។
2. ចង់ក្លាយបណ្ឌិត........ឲ្យគិតគ្រប់មុខ
ពេលជួបក្តីទុក្ខ...........ត្រូវហ៊ានដោះស្រាយ។
3. ចង់មានឲ្យជីក...........សួរគ្រូបរិយាយ
ទុកជាសម្ពាយ............ឲ្យល្មមគ្រាន់បើ។
4. ចំណេះជំនាញ............ចង់ដល់ខំដើរ
សាកសួរមិនទើ............មិនរើសមុខគ្រូ។
5. គ្រូតូចគ្រូធំ..................រៀនកុំរអ៊ូ
ស្រង់យកគំរូ.............ណាដែលល្អៗ។
6. ជីកសួរកុំឈប់..............អ្នកនឹងឆ្ងាយក្រ
គ្រូនឹងសាទរ.................ព្រោះសិស្សចេះសួរ។
7. ចង់មានឲ្យជីក...............ដាំសណ្តែកកួរ
ជីកអណ្តូងយួរ...............យោងទឹកគ្រាន់ប្រើ។
8. ហូបស្រោចដំណាំ...........កើតការប្រសើរ
ជីកស្រះទុកប្រើ..............ស្តុកទឹកវស្សា។
9. ចង់មានឲ្យជីក...............ដីដាំផលា
ដំណាំចំការ………………ស្រែស្រូវកុំខ្ជិល។
10. ចង់មានឲ្យជីក……………ឫសគល់ខូចខិល
កាត់កប់ផ្តាច់ផ្តិល............ចេញពីអាត្មា។
11. ចង់រីកឲ្យកាយ...............ដីស្រែចំការ
ទុកដាំផលា...................កាយដីឲ្យផុស។
12. ឲ្យមានជីជាតិ................ដំណាំងាយដុះ
ងាយរីកលូតលាស់..........ព្រោះដីឆ្អិនល្អ។
13. ចង់រីកឲ្យកាយ.................ស្វះស្វែងរាវរក៍
ការងារល្អៗ.....................កុំឲ្យកប់ជ្រៅ។
14. កាយរកចំណេះ................ពីក្នុងសៀវភៅ
កាយស្រូវយកទៅ.............ទុកក្នុងខួរក្បាល។
15. ចង់រីកឲ្យកាយ...................ចំណេះវិសាល
ជំនាញបណ្តាល.................ឲ្យអ្នកលូតលាស់។
16. សៀវភៅក្នុងទូ....................មកអានឲ្យអស់
បង្កើនសម្ជស្ស....................គតិបណ្ឌិត។
យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១១ ផ្តើមតែងចាប់ពីម៉ោង៖ ៥ ដល់ ៥កន្លះព្រឹក
ចង់រាក់ឲ្យជីក ចង់រីកឲ្យកាយ
ស្រលាញ់កាយកប់ ស្អប់កាយឡើង
កំណាព្យ គួរសង់បង្គន់
បទពាក្យបួន
1. គួរសង់បង្គន់..........សម្រាប់ប្រើប្រាស់
សង់នៅក្បែរផ្ទះ......ទុកជាប្រយោជន៍។
2. គ្មានបង្គន់ប្រើ..........សុខភាពនឹងហោច
លុយកាក់ដាច់ដោយ..ចាយមើលជំងឺ។
3. បង្គន់ជាឆ្មាំ……………ដ៏ល្បីរន្ទឺ
ជួយនាំពន្លឺ……………ក្តីសុខគ្រប់គ្នា។
4. បញ្ចៀសគ្រោះភ័យ…. គ្រប់អស់រោគា
សក្តិសមសោភា……..ព្រោះតែបង្គន់។
5. ពេលសង់ផ្ទះថ្មី……….គិតឲ្យបានមុន
ត្រូវសង់បង្គន់…………ជាមួយផ្ទះផង។
6. កុំពន្យាពេល………….នាំតែសៅហ្មង
សង់បង្គន់ផង…………ការពារសុខភាព។
7. បង្គន់ស្អុយមែន……….តែគុណពេញប្រៀប
ខ្ញុំសូមជម្រាប…………រុយមិនអាចក្បែរ។
8. រុយមិនអាចធ្វើ………..ឲ្យកូនចៅខ្មែរ
មានជំងឺទេ…………….ព្រោះគ្មានអ្វីរោម។
9. សង់បង្គន់មួយ………..សេដ្ឋកិច្ចមិនទ្រោម
ជំងឺមិនចោម………….ដូចជាពេលមុន។
10. គេឯងសរសើរ……….ថាល្អពេកពន់
ចេះសង់បង្គន់……….មានអនាម័យ។
11. ដូច្នេះបងប្អូន………….សូមគិតលកលៃ
ផ្តើប្រឌិតច្នៃ…………...សង់ឲ្យបានប្រើ។
12. បង្គន់តូចធំ…………….លៃតាមដំណើរ
សង់ឲ្យបានប្រើ……….គ្រប់គ្នាកុំខាន។
និពន្ធន៍ដោយ៖ យី ឆេងអ៊ួ (ប៉េង)
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១១ តែងពីម៉ោង៖ ១២និង ២០នាទី ដល់ម៉ោង ១និង ២០នាទី រសៀល
កំណាព្យ កង់ឌុបស្រុកខ្មែរ
បទពាក្យបួន

1. កង់ឌុបស្រុកខ្មែរ………………កង់ថែបរិស្ថាន
កង់ឌុបកល្យាណ……………..ដោយសុវត្ថិភាព។
2. អ្នកជិះកង់ខ្មែរ………………….ចរិតសុភាព
ឡើងទួលខ្ពស់ទាប……………មិនចំណាយសាំង។

3. កង់ឌុបស្រុកខ្មែរ………………មានប្រយោជន៍ខ្លាំង
សម្រាលកម្លាំង………………..អ្នកចំការស្រែ។

4. កង់ផ្ទុកទំនិញ…………………..បងប្អូនពុកម៉ែ
កាត់វាលហូរហែ………………..ធ្ងន់ស្រាលមិនថ្ងូរ។

5. កង់ឌុបស្រុកខ្មែរ………………..សូមស្រីអាសូរ
សូមកុំដោះដូរ…………………..នាំខ្មាស់សណ្តាន។

6. កង់យឺតមែនពិត………………..ថែបរិស្ថាន
នាំយើងសុខសាន្ត……………..ជារៀងរហូត។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង១១ ដល់ ម៉ោង ១២ព្រឹក
កំណាព្យ ស្គរដីបុណ្យភ្ជុំ
បទកាកគតិ

1. រាំវង់បុណ្យភ្ជុំ…………….រាំនៅភូមិខ្ញុំ………………..រាំវង់ស្គរដី
រាំពេលភ្ជុំបិណ្ឌ………..ជាប្រពៃណី……………….បងហើយនិងស្រី
រាំតាមបែបខ្មែរ។

2. រាំពីព្រលប់………………ដល់កណ្តាលយប់………...ជាមួយពុកម៉ែ
ពូមីងយាយតា…………..នៅចំការស្រែ……………..រាំពេលទំនេរ
ពីការដកស្ទូង។


3. រាំសារ៉ាវ៉ាន់……………….រាំមិនប្រកាន់………………ភូមិកើតជើងត្បូង
ភូមិលិចកណ្តាល………..ស្គរដីតាំងតូង……………..ចេកធ្លាក់ត្រយ៉ូង
ស្លរម្ជូរក្បាលត្រី។

4. រាំវង់ព្រៃគ្រី……………….ស្រុកជលគីរី………………ស្រុកបងណាស្រី
រាំសប្បាយណាស់……….មិនប្រកាន់អី………………រាំវង់ស្គរដី
ទំនៀមបូរាណ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១១ តែងពីម៉ោង១១ ដល់ ម៉ោង ១២ព្រឹក
ចំរៀង៖ កុមារគំរូ
កំណាព្យ បទពាក្យបួន
1. ថ្ងៃនេះទំនេរ.....................យើងជាកុមារ
យើងកូនឧស្សាហ៍.............ជួយធ្វើការម៉ែ។

2. ដាំបាយលាងចាន..............បោសផ្ទះផងដែរ
សម្រាលពុកម៉ែ...................ទើបសមកូនល្អ។

3. ធ្វើការរួចហើយ...................យើងសែនត្រេកអរ
រំលឹកបន្ត............................មេរៀនថ្ងៃមុន។

4. ទន្ទេញឲ្យស្ទាត់...................មេរៀនស្រាលធ្ងន់
កុំស្ពឹកទម្រន់.......................ឆ្ងល់សួរគ្រូទៀត។

5. យើងកុមារល្អ.....................មិនចេះវិទាទ
ជាមួយមិត្តញាតិ.................មាមីងបងប្អូន។

6. យើងចេះស្រលាញ់.............ដូចទឹកនិងក្បូន
សក្តិសមជាកូន...................ខ្មែរដ៏គំរូ។


និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៩ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៥ ដល់ ម៉ោង ៦ព្រឹក
កំណាព្យ៖ ថ្ងៃនេះទំនេរ
បទពាក្យបួន
1. ថ្ងៃនេះទំនេរ…………….ពីការសិក្សា
យើងគួរទៅណា………..ធ្វើអ្វីទើបល្អ?

2. គួទៅហាត់ប្រាណ………ឬទៅស្តាប់ធម៌
សន្សំក្តីល្អ………………...ទាន់ខ្លួននៅក្មេង។

3. ឆ្លៀតពេលទំនេរ………….យើងទៅរៀនភ្លេង
គ្រាន់កំដរលេង…………..ស្វែងយល់សាវតា។
4. ហាត់ភ្លេងបុរាណ…………សមកូនខេមរា
ល្បីល្បាញអស្ចារ្យ………..ប្រពៃណីខ្មែរ។

5. ឬជួយធ្វើការ………………ជាមួយពុកម៉ែ
បរគោទៅស្រែ…………….ដាំបាយបោសផ្ទះ។

6. ពុះអុសរែកទឹក…………….ឲ្យបានរូតរះ
ទាន់ព្រឹកថ្ងៃរះ………………មិនទាន់ក្តៅខ្លាំង។

7. ឬទៅជួយគ្នា………………..បានជាកម្លាំង
កាប់គាស់ចូកចាំង………….ជួយសហគមន៍។

8. អភិវឌ្ឍភូមិយើង……………ឲ្យុខ្ពស់ឧត្តម
ឲ្យបានសក្តិសម…………….ជាពូជថ្លៃថ្លា។

9. ឬទៅទស្សនា………………..ប្រាសាទដូនតា
ល្បីក្នុងលោកា……………….អង្គរអច្ឆរិយ។

10. ទស្សនាសិប្បកម្ម……………ឲ្យបានជាក់លាក់
ទេសភាពត្រជាក់…………….ទេសចរណ៍ធម្មជាតិ។

11. ឬទៅរៀនសូត្រ……………….ពីកសិដ្ឋាន
នោះទើបយើងបាន…………..សមមានមាយាទ។

12. ខិតខំសន្សំ…………………….ចំណេះច្រើនទៀត
យើងត្រៀមគ្រប់ស្នៀត……….កសាងជាតិខ្មែរ។

13. ឬពេលទំនេរ……………………យើងអានសៀវភៅ
តម្លៃជ្រាលជ្រៅ………………..ម៉ែពុកខំថែ។

14. ក្នុងបណ្ណាល័យ………………..គ្រួសារយើងដែរ
ឲ្យបានពូកែ…………………….ក្លាយអ្នកនិពន្ធ។

15. ឬពេលទំនេរ ………………….យើងគួរតាក់តែង
ចំណេះខ្លួនឯង…………………ទុកឲ្យបានមុន។

16. ចារក្នុងសៀវភៅ………………..គ្រាន់ទុកជាទុន
យើងមិនទម្រន់…………………ខំច្នៃគំនិត។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៨-២៩ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៧ ដល់ ម៉ោង ៩យប់
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៥និង១០នាទី ដល់ ម៉ោង ៥និង៣០នាទីព្រឹក
កំណាព្យ ចំរៀង៖ ស្នេហ៍សារិកា
កំណាព្យ បទពាក្យបួន
1. សារិកាកែវកើច ................ទុំលើដើមខ្ទុំ
បងឃើញក្រមុំ ..................សាច់ខ្មៅស្រអែម។

2. ខ្ចីដូចអន្លក់ .......................បងឈ្លក់វង្វេង
ស្តាប់ទៅសម្លេង ................ស្រួយគួរចង់ស្តាប់។

3. សារិកាកែងអើយ ...............នាងនៅស្រុកស្រែ
បងសូមថ្នមថែ ...................ស្របតាមផ្លូវច្បាប់។

4. អូនយល់យ៉ាងណា..............សូមស្រដីប្រាប់
បងនឹងរ៉ាយរ៉ាប់ ..................ពុកម៉ែចូលស្តី។

5. សារិកាអូនល្អ ....................ទាំងចរិយា
សុភាពរាបសារ ..................ប្រាជ្ញាឈ្លាសវៃ។

6. ឧស្សាហ៍ព្យាយាម ..............សប្បុរសថ្លាថ្លៃ
សាមគ្គីប្រពៃ .....................សមជាកូនខ្មែរ។

7. បងសូមសច្ចា ....................ថាថែរូបស្រី
ផ្តល់សុខសិរី ......................ចិត្តមិនវៀចវេរ។

8. រួមសុខរួមទុក្ខ .....................កសាងជាតិខ្មែរ
ឲ្យខ្លាំងពូកែ .......................រុងរឿងទៅមុខ។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៧ ដល់ ម៉ោង ៩យប់
កំណាព្យ៖ ទោសនៃសុរា
បទកាកគតិ
1. ទោសនៃសុរា.............សូមញាតកា..................មេត្តាចាំស្តាប់
មានទោសអ្វីខ្លះ...........កវីសូមប្រាប់.................ទុកជាក្បួនច្បាប់
លើកស្រាយបញ្ជាក់។
2. បើអ្នកផឹកស្រា............មិនល្អឡើយណា..............ប្រាជ្ញានឹងធ្លាក់
សុខភាពនឹងទ្រោម......ញាតិលែងរាក់ទាក់............ខ្លួនលែងជឿជាក់
បាត់ភាពថ្លៃថ្នូរ។
3. បើអ្នកផឹកស្រា.............ទោះនៅទីណា..................ទុក្ខាសំបូរ
កើតរឿងទាស់ទែង.......គ្រួសារទូញថ្ងូរ...................ជាតិលែងថ្លៃថ្នូរ
សេដ្ឋកិច្ចបាត់បង។
4. បើអ្នកផឹកស្រា..............ពេលចរយាត្រា..................គ្រោះច្រើនទម្រង់
វង្វេងស្មារតី..................បើកបរលែងត្រង់................កម្តៅពេញអង្គ
ស្រែករកឳម៉ែ។
5. បើអ្នកផឹកស្រា...............ប៉ះពាល់កុមារ.....................រៀនលែងពូកែ
គំរូមិនល្អ.......................តកូនហូរហែ.......................ព្រោះតែឱម៉ែ
ប្រព្រឹត្តខុសបទ។
6. បើអ្នកផឹកស្រា...............ទោះពេទ្យទេព្តា....................ក៏មិនប្រាកដ
ថាអាចជួយអ្នក.............ពុំហ៊ានសន្មត.......................ឲ្យអ្នកគេចផុត
ពីជំងឺបាន។
7. បើអ្នកផឹកស្រា..............កម្មកាចឫស្យា......................នឹងរុករានប្រាណ
ឈឺថ្លើមក្រពះ...............វះកាត់គ្មានស្រាន..................ខ្វល់អស់សន្តាន
គ្មានបានរកស៊ី។
8. បើអ្នកផឹកស្រា..............លុយរៀលដុល្លារ...................ចេញគ្រប់នាទី
ចំណេញថៅកែ.............ទ្វេមួយជាពីរ.........................អ្នកវិញវក់វី
តែរឿងខ្វះប្រាក់។
9. បើអ្នកផឹកស្រា...............រាងលែងសង្ហារ.....................មុខលែងរាក់ទាក់
វង្វេងស្មារតី...................ខ្វះអ្នកថ្នមថ្នាក់......................សំដីអួលរាក់
ស្តាប់មិនសូវជាក់។
10. បើអ្នកផឹកស្រា................នឹងកើតទោសា.....................និយាយខុសថ្នាក់
ប្រើពាក្យដៀមដាម..........រោលរាលគ្មានអាក់.................ហឹង្សាកើតជាក់
កាប់ចាក់គេឯង។
11. បើអ្នកផឹកស្រា.................ញាតិគេដឹងថា........................គ្រប់ទីកន្លែង
ថាជនប្រមឹក....................ផឹកគ្មានកោតក្រែង.................ញាតិអាចពោលក្លែង
ថាយើមិនល្អ។
12. ដូច្នេះមិត្តអើយ.................គួរកុំកន្តើយ...........................នៅឡើយបន្ត
គួរតែឈប់ផឹក..................ស្រាថ្នាំស្រាស.......................ស្រាថ្លៃស្រាល្អ
ទៀតទៅណាមិត្ត។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៨-២៩ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែងពីម៉ោង ៧ ដល់ ម៉ោង ៩និង២០នាទីយប់
កំណាព្យ ស្រាវជ្រាវប្រវត្តិ
បទកាកគតិ
១-ស្រាវជ្រាវប្រវត្តិ.......ឲ្យល្អប្រាកដ........គ្រប់ទីតំបន់
ទុកឲ្យអ្នកក្រោយ........តច្រើនជំនាន់.......ដែលកើតមិនទាន់
ឲ្យលោកបានដឹង។
២-ស្រាវជ្រាវប្រវត្តិ........មនុស្សសត្វនិងវត្ត.....ភពឋានត្រៃត្រឹង
មត៌កស្នាដៃ.................គំនិតព្រលឹង............ទុកគ្រាន់ថ្លែងថ្លឹង
កែច្នៃលើកក្រោយ។
៣-ស្រាវជ្រាវប្រវត្តិ.........ទន្លេសមុទ្រ.............បន្សល់ទុកឲ្យ
កូនចៅបានដឹង.............ថែមិនឲ្យធ្លោយ.........ប្រាប់អ្នកជាន់ក្រោយ
ឲ្យថែបន្ត។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែង៖ ពីម៉ោង ៦និង៣០ដល់ ម៉ោង៦និង៤៥នាទីព្រឹក
កំណាពព្យ បង្កើតគំនិត
បទកាកគតិ
១-បង្កើតគំនិត.....ថ្មីឲ្យល្អពិត........ទុកគ្រាន់ជាស្ពាន
ស្ទួយជាតិឲ្យថ្កើង.....ខ្ពស់ស្មើវិមាន......គំនិតរយលាន
កើនព្រោជួយគិត។
២-បង្កើតឲ្យច្រើន........ស្ទួយឲ្យចម្រើន...........សក្តិសមខ្មែរពិត
បង្កើតពាក្យថ្មី.............ស្រដីចេះគិត...............គិតគូរបានល្អិត
ស្ទួយមិនឈប់ឈរ។
៣-បង្កើតគំនិត........ចេះច្នៃប្រឌិត.......ទើបញាតិអបអរ
ខំសាងវិជ្ជា..............ធ្វើខ្លួនឲ្យល្អ..........ប្រកាន់សីលធម៌
ទើបព្រះរក្សា។
៤-បង្កើតគំនិត......រៀនសូត្រឲ្យល្អិត............កាន់ចិត្តឧស្សាហ៍
ធ្វើអស់ការងារ......ជួយស្ទួយខេមរា..............ឲ្យស្គាល់សុខា
ខ្ពស់ដូចអង្គរ។
៥-បង្កើតគំនិត.......ស្ទួយគ្រប់កម្រិត............ឲ្យខ្ពស់បវរ
កុំសាងក្តីទុក្ខ..........ត្រូវសាងតែល្អ...............ដោយចិត្តអំណរ
សុខខ្ពស់ក្នុងលោក។
និពន្ធន៍៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែង៖ ពីម៉ោង ១និង៣០ដល់ ម៉ោង១និង៤៣នាទីរសៀល
កំណាព្យ ប្រភេទនំខ្មែរ បទពាក្យប្រាំពីរ
1) នំខ្មែរនំម៉ែបង្កើតមក...............លីវយីគោកធ្លកម្ចាស់ក្សត្រី
ស្តេចដំបូងគេដ៏ល្បាញល្បី...................គ្រងទឹកគ្រងដីថែប្រជា។

2) នំខ្មែរមានរសឆ្ងាញ់ពិសា.............តំណាងដូនតាពីសួគ៌ា
បានហូបនំខ្មែរគាប់ទ័យា.....................នាំភាពរមនាសុខសួស្តី។

3) នំខ្មែរមានអ្វីខ្លះទៅមិត្ត?..............កវីសូមគិតគូរស្រដី
បង្ហាញប្រាប់ញាតិទាំងប្រុសស្រី.................ខំឈ្លកលកលៃបង្ហាញប្រាប់។

4) មាននំបញ្ចុក ក្រុប ក្រូច កង............នំពងអន្សង ត្នោត ដំណាប់
នំដុត នំពុម្ព ម៉ែបង្ហាត់ ........................នំខ្មែរមិនបាត់ ដូរប្រាក់រៀល។

5) មាននំអន្សម គ្រក់ គម កូរ..............នំខ្មែរសំបូរនំល្ពៅ ជាល
នំទៀន អំបុក គ្មានគេដៀល.....................នំនាំប្រាក់រៀលកើនសេដ្ឋកិច្ច។

6) មាននំក្រតម ពពាយ ខ្ញី.................នំហ៊ានស្រដី ខ្មែរកុំភ្លេច
គួរខ្មែរលើកស្ទួយត្បូងជើងលិច.....................កើតក្រែងរិលរេចក្រោយលែងស្គាល់។

7) មាននំអាកោ បត់ អម្បែង.................នំស្លឹកស្រស់ក្មេង គ្មានពិភាល់
នំបត់ នំលត សុទ្ធគេស្គាល់........................បានស្រង់រសផ្ទាល់ភ្លេចលែងបាន។

8) មាននំអម្បែង ចាក់ចុរ ធ្មៃ.................ជាតិខ្មែរឈ្លាសវៃ ច្នៃឲ្យថ្កាន
នំអម្បែងខ្មែរស្គាល់សណ្តាន........................នាំខ្មែរសុខសាន្តពេញបូរី។

9) មាននំច័ក្កច័ន ត្រចៀកព្នង.................នំចាហួយផង ការ៉េមកី
នំតាប៉ែ ភឹង សង់ខ្យាស្រី...........................ហូបបានគ្រប់វ័យមិនជិនណាយ។

10) មាននំក្រឡាន ពោត ប៉េងប៉ោះ..............ជ័រគល្បីអស់ទីជិតឆ្ងាយ
នំបេ កង់ខ្វៀននាំសប្បាយ..........................ខ្មែរនៅជិតឆ្ងាយឲ្យរាប់អាន។

11) មាននំកំពង បង្អែមត្នោត ...................ចេកខ្ទិះ គេកោតថា ថ្កើងថ្កាន
លាយរសខ្ទិះដូងឆ្ងាញ់រកគ្មាន.........................សន្តានព្រេងលានពេញនិយម។

12) មាននំផ្កាស្នោនំតាឡៃ....................ខ្មែរខំកែច្នៃល្អសក្តិសម
ស្ទួយជាតិឲ្យខ្ពស់យសឧត្តម្ភ........................ថ្លៃថ្លាមនោរម្យក្រៃកន្លង។

13) មាននំប៉ាក្រុង នំកន្ទ្រាំ ....................ចេកចៀនភូមិខ្ញុំ សមម៉ត់ហ្មង
បើបានភ្លក់ហើយឈប់រំលង.........................ញាតិមិត្តប្អូនបងស្នេហ៍រាល់ថ្ងៃ។

14) មាននំចាក់ចុរនំចេកបុក....................នំនាំខ្ពស់មុខនាំឈ្លាសវៃ
នំខ្មែរបុរាណនំប្រពៃ......................ធាតុផ្សំមិនថ្លៃងាយរកបាន។

15) មាននំត្រៀបបាយ នំត្រឡាច.................នំហូបមិនខ្លាចទុក្ខរុកក្នុងប្រាណ
ហូបនាំសុខភាពគ្រប់សណ្តាន.....................នំនាំខ្មែរបានសួគ៌សិរី។

16) មាននំប្រអួល នំជើងជ្រូក.................បានឃើញសូមលូកភ្លក់ពីរបី
បានជ្រាបរសឆ្ងាញ់ចេញស្រដី......................សូមអ្នកលកលៃលក់ឲ្យខ្លះ។

17) មាននំសែសយ ត្រាវ សណ្តែក.............បំពួនស្ករ ប្លែករសឆ្ងាញ់ណាស់
បានហូបរួចហើយចង់ឃើញម្ចាស់ ...................លះភាពអៀនខ្មាស់ចង់ហូបទៀត។

18) មាននំដំឡូង កំពឹសចៀន.................កូនខ្មែរខំរៀនច្នៃគ្រប់ស្នៀត
រកឃើញនំខ្មែរថ្មីថែមទៀត.........................រាស្ត្រខ្មែរជ្រកជ្រៀតទាញយកផល។

19) មាននំផ្លែអាយនំកើតក្តី ...................នំជនប្រុសស្រីធ្លាប់បានយល់
ហូបពេលត្រជាក់សុខលែងខ្វល់.....................ហូបតិចឆ្ពោះដល់ឆ្ងាញ់ជាប់ចិត្ត។

20) មាននំម្សៅជ្រែ ក្រឡោជី..................នំផ្សំធាតុពីម្សៅមីស្អិត
នំបំពងខ្លាញ់ កន្ទក់ល្អិត......................នំឆ្ងាញ់ជាប់ចិត្តលំអងរំចេក។

21) មាននំគ្រាប់ស្លែង ក្រម៉ៅថត.............នំសុំទីចតទីដំណេក
ចតនៅស្រុកខ្មែរពន្លឺផ្លេក..................បំបាត់ភាពស្រេករសនំខ្មែរ។

22) ទាំងនេះជានំរបស់យើង...............សូមថែដាក់ទ្រើងកុំគេចកែ
លក់ទិញច្នៃស្ទួយនំកេរខ្មែរ..............ឲ្យល្បីហូរហែដូចដូនតា។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ចាប់ផ្តើមតែង៖ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១១
បញ្ចប់នៅ ព្រលឹមថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១១
រយៈពេលសរុប៖ ៦ ម៉ោង
កំណាព្យ ស្ទួយភាសាខ្មែរ
បទពាក្យបួន

1. ស្ទួយភាសាខ្មែរ……………….រក្សាអភិវឌ្ឍ
ឲ្យរីកធំធាត់……………………ឋិតឋេរល្បាញល្បី។
2. ឲ្យខ្មែរគ្រប់ទិស………………..ពេញមួយផែនដី
ចេះថ្នាក់ថ្នមបី…………………ថែភាសាជាតិ។
3. ស្ទួយភាសាខ្មែរ………………ពុកម៉ែញោមញាតិ
ថែមិនឲ្យឃ្លាត……………….សាវតាល្អល្អះ។
4. បង្រៀនកូនចៅ………………ប្រើប្រាស់ពេញពាស
ស្វែងយល់វៃឈ្លាស…………ស្ទួយភាសាខ្មែរ។
5. ស្ទួយភាសាខ្មែរ………………រៀនសូត្រឲ្យមាំ
ប្រើប្រាស់ផ្ទួនៗ………………មិនចេះជិនណាយ។
6. ខំឈ្វេងអត្ថន័យ……………..ខំជួយសម្រាយ
ខំជួយពង្រាយ………………..ឲ្យខ្មែរបានល្បី។
7. ស្ទួយភាសាខ្មែរ……………….ទាំងប្រុសទាំងស្រី
ស្ទួយឲ្យល្បាញល្បី…………..តគ្រប់ជំនាន់។
8. ពាក្យណាឆ្គាំឆ្គង………………លះជាបន្ទាន់
កែប្រែរួសរាន់………………….សង្គ្រោះជាតិយើង។
9. ស្ទួយភាសាខ្មែរ………………..ឲ្យធំខ្ពស់ឡើង
អស់កូនខ្មែរយើង………………គួរកុំទម្រន់។
10. ស្ទួយអក្សរសិល្ប៍………………ឲ្យល្អដូចមុន
ទុកគ្រាន់ជាទុន…………………ដល់ខ្មែរជាន់ក្រោយ។
11. ស្ទួយភាសាខ្មែរ…………………ឈប់ចាក់បណ្តោយ
ទុកខុសនាំស៊យ………………..រួមទាំងអាត្មា។
12. ជាតិសាសន៍មួយៗ…………….តែងស្ទួយដូនាតា
ឯជាតិខេមរា…………………….ក៏ស្ទួយដូចគេ។
13. ស្ទួយភាសាខ្មែរ………………….គួរកុំទំនេរ
ឆ្លៀតពេលផ្ទូរផ្ទេរ……………….បង្រៀនកូនចៅ។
14. ឲ្យខិតខំអាន…………………….គ្រប់អស់សំណៅ
កុំឲ្យខ្លោចឆៅ…………………...គម្ពីរខេមរា។
15. ស្ទួយភាសាខ្មែរ…………………កុំនៅសង្កា
គួរលត់កាយា……………………រៀនទៀតកុំរា។
16. រៀនភាសាខ្មែរ……………………ឲ្យបានធូរធារ
ច្នៃគ្រប់ជន្មា……………………….ឲ្យលូតទៅមុខ។
17. ស្ទួយភាសាខ្មែរ……………………ចេះចាត់ចែងទុក
ពីនេះទៅមុខ………………………ជាតិខ្មែរនឹងល្បី។
18. ព្រោះខ្មែរសាមគ្គី…………………..ពេញដែនបូរី
បញ្ចៀសគ្រោះភ័យ……………….ភាសាខ្មែរថ្កើង។
19. ស្ទួយភាសាខ្មែរ……………………ពូនជ្រុំដាក់ទ្រើង
ឲ្យខ្មែរលូតឡើង…………………..គិតអ្វីជាខ្មែរ។
20. ចម្រាញ់ប្រឌិត…………………….ឲ្យបានឋិតថេរ
លៃលកជាខ្មែរ……………………..មិនប្រែវប្បធម៌។
21. ស្ទួយភាសាខ្មែរ…………………….ខ្ញុំសូមអង្វរ
អ្នកមានអ្នកក្រ……………………..មន្ត្រីសេដ្ឋី។
22. គួរចែកបេះដូង……………………..ជួយដល់បូរី
ឲ្យថ្កើងឲ្យល្បី……………………….ខ្មែរទៀតទៅមុខ។
ភ្នំពេញថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១១
ផ្តើមតែងពីម៉ោង៖ ៣ ដល់ ៤ ទៀបភ្លឺ។
រៀនស្គាល់ខ្លួនឯង-មោទនភាពខ្មែរ
កំណាព្យ សង្ឃឹមផលថ្មី បទកាកគតិ

1. ក្រោកពីព្រលឹម............ទឹកមុខញញឹម................សង្ឃឹមផលថ្មី
ផលពីកិច្ចការ...............ណាស្រស់ពិសី...............ទឹមគោក្របី
ភ្ជួររាស់ដកស្ទូង។

2. ទេសភាពល្អស្រស់........មើលឃើញទាំងអស់.......លិចកើតជើងត្បូង
បក្សាបក្សី....................ហិចហើរទាំងហ្វូង...........សម្លេងតាំងតូង
អ្នកភូមិគ្រប់គ្នា។


3. ទាំងនៅស្រុកស្រែ..........រាស្ត្រខ្មែរអ៊ូអែ................ដូចនៅស្រុកផ្សារ
ប្រកបរបរ....................ខិតខំម្នីម្នា......................សន្សំផលធារ
មិនចាញ់ចំការ។

4. អ្នកខ្លះទូលលី..............ខិតខំរកស៊ី......................ចិញ្ចឹមអាត្មា
សែងរែករាល់ថ្ងៃ..........មិនត្អូញឡើយណា............ផ្គត់ផ្គង់គ្រួសារ
ឲ្យបានចម្រើន។


5. អ្នកខ្លះដឹកឌុប.............មិនចេះឈរឈប់...............ភោគផលជាច្រើន
ទិញលក់យកប្រាក់......បង្កបង្កើន.........................ចំណេញបានកើន
ល្បីល្បាញបូរី។

6. ឯរូបខ្ញុំវិញ...................ព្រឹកឡើងទន្ទេញ...............មេរៀនចាស់ថ្មី
ប្រឹងស្រាយលំហាត់.....ទាំងវែងទាំងខ្លី...................ឲ្យយល់អត្ថន័យ
ស្រាយអស់បញ្ហា។


7. ប្រទេសសុខសាន្ត.........រាស្ត្រខ្មែរចង់បាន............ចម្រើនរដ្ឋា
ចង់បានសេរី................ប្រសើរថ្លៃថ្លា...................ចង់ចូលសិក្សា
ឲ្យបានគ្រប់គ្នា។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១១ ចាប់ផ្តើមតែពីម៉ោង៦-២០នាទី និងបញ្ចប់នៅម៉ោង ៧ព្រឹក

Monday, October 3, 2011

កំណាព្យ អស្សុចភ្លៀងធ្លាក់

បទពាក្យបួន
1. អស្សុចភ្លៀងធ្លាក់.................ចេញខែវស្សា
ភ្លៀងផ្តាំខេមរា...................ដល់ពេលកឋិន។
2. ផ្តាំទៅក្តាមខ្យង.....................ស្រអែមមាសឆ្អិន
ទប់ទឹកហើយសិន...............ទុកខែកត្តិក។
3. ភ្លៀងធ្លាក់ពេលល្ងាច.............ខ្យល់ធ្លាក់រអឹក
ទឹកច្រើនសន្ធឹក...................ហៀរហូរពេញស្រែ។
4. អស្សុចកត្តិក..........................ស្រអែមមាសស្នេហ៍
ប្រុសបងពូកែ......................ឡកក្បាច់ឆៃយ៉ាំ។
5. បងបង់សំណាញ់....................ស្រីស្រស់ស្រងាំ
អូនឈររងចាំ.........................យួរធុងដាក់ត្រី។
6. បងរាយសន្ទូច.......................ទំពាំងទូលដី
ត្រីស្រស់ថ្មីៗ.........................ស្លរកកូរអាំង។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៦និង៣០នាទី ដល់ ម៉ោង ៧ព្រឹក

កំណាព្យ អាយ៉ៃខ្មែរ

បទពាក្យបួន
1. តារ៉ាក់តាក់ទីង.......................អើយច្រៀងអាយ៉ៃ
ច្រៀងពេលរាត្រី.....................ដីស្រែចំការ។
2. អ្នកស្រុកគ្រប់គ្នា.....................ចូលមកទស្សនា
អាយ៉ៃដូនតា...........................មានមកជាយូរ។
3. តារ៉ាក់តាក់ទីង........................ជាទ្រព្យសំណាង
ញាតិមិត្តជិតខាង....................រាប់អានជានិច្ច។
4. ខ្ញុំជាកូនខ្មែរ............................មិនអាចបំភ្លេច
ថែទាំជានិច្ច............................មិនឲ្យបាត់បង់។
5. តារ៉ាក់តាក់ទីង........................ដ៏ស្រស់ផូរផង់
វប្បធម៌មិនបង់........................ជាតិនឹងថ្កើងថ្កាន។
6. អាយ៉ៃខ្មែរយើង.......................ជាទ្រព្យកំសាន្ត
ជូនញាតិសន្តាន.....................ស្តាប់ពេលទំនេរ។
7. តារ៉ាក់តាក់ទីង........................ទ្រព្យល្អលើសគេ
វប្បធម៌ស្រុកខ្មែរ.....................ដូនតាទុកមក។
8. អាយ៉ៃបែបខ្មែរ.........................ល្អណាស់ពន្លក
ច្រៀងឆ្លើយសៀតស៊ក...........កាព្យប្រជាប្រិយ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១០ ដល់ ម៉ោង ១១យប់

កំណាព្យ រទេះគោខ្មែរ

បទពាក្យបួន
1. គោខ្ញុំមួយនឹម......................ពុកទឹមទៅស្រែ
បរទេះខ្មែរ.........................លំនាំបុរាណ។
2. រទេះនង្គ័ល..........................នាំឲ្យសុខសាន្ត
ខ្មែរគ្រប់ៗប្រាណ...............ពេញដែនបុរី។
3. រទេះដឹកជី............................ដាក់ស្រែចាស់ថ្មី
នង្គ័លដាស់ដី.......................រនាស់ថ្កើងថ្កាន។
4. ស្រែច្រើនហិចតា.................ស្រូវល្អហួសស្មាន
ផ្ដល់ផលឲ្យបាន...................សម្បត្តិធូរធារ។
5. រទេះដឹកផល........................បានច្រើនប្រការ
តសាវតា..............................រាប់ពាន់ជំនាន់។
6. រទេះខ្មែរលឿន.....................រត់តាមមិនទាន់
កូនខ្មែររួសរាន់.....................ជួយថែរក្សា។
7. រទេះគោខ្មែរ.........................ថ្លៃខ្ពស់អស្ចារ្យ
ល្បីក្នុងលោកា.....................ទេសចរសរសើរ។
8. ចង់សាកចង់ជិះ ..................កំសាន្តដំណើរ
តំបន់ព្រៃលើ.......................ព្រៃក្រោមស្រុកស្រែ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១២និង០០នាទី ដល់ ម៉ោង ១២និង២៤ នាទីរសៀល

កំណាព្យ គីរីរម្យអនុស្សាហ៍

បទកាកគតិ
1. គីរីរម្យភ្នំ……….......ដ៏មនោរម្យ……........…ប្រជុំភ្នំខ្មែរ
ខេត្តកំពងស្ពី……...ទេសចរហូរហែ...........ធ្លាក់អន្លង់ស្នេហ៍
គីរីរម្យភ្នំ។
2. គីរីរម្យភ្នំ................លឺតែសត្វយំ...............តូចធំជួបជុំ
អមខ្យល់ត្រជាក់....ទឹកធ្លាក់រងំ..................ធ្វើឱ្យចិត្តខ្ញុំ
បំភ្លេចមិនបាន។
3. គីរីរម្យភ្នំ...............ធម្មជាតិមនោរម្យ............ប្រសើរថ្កើងថ្កាន
រុក្ខជាតិខ្ពស់ទាប...ផ្កាស្មៅប្រៀបបាន...........ពរជ័យពីឋាន
សួគ៌នភាល័យ។
4. គីរីរម្យភ្នំ................ជាទីប្រជុំ........................ទេសចរគ្រប់វ័យ
មកលំហែកាយ.....សប្យាយគ្មានភ័យ...........ទេសភាពខៀវខ្ចី
ទឹកជ្រោះធម្មជាតិ។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៩និង១៧នាទី ដល់ ម៉ោង ១០ ព្រឹក

កំណាព្យ ពុកម៉ែគំរូ

បទពាក្យបួន
1. ពុកទៅឯស្រែ…………..ម៉ែនៅឯផ្ទះ
ខំធ្វើការណាស់............ចិញ្ចឹមបុត្រភ្ងារ។
2. ពុកខំធ្វើស្រែ...............ម៉ែធ្វើចំការ
ដីក្បែរសាលា..............ក្នុងភូមិជិតផ្ទះ។
3. ម៉ែរៀបបាយទឹក..........បំពេញក្រពះ
មនុស្សនៅក្នុងផ្ទះ.........ឱ្យមានសុខភាព។
4. ចាត់ចែងកូនចៅ...........ជារៀងដរាប
ឱ្យរៀបកាតាប.............ទៅសាលារៀន។
5. ឆ្លៀតពេលទំនេរ...........ម៉ែមិនខ្មាស់អៀន
ខិតខំបង្រៀន...............លេខនិងអក្សរ។
6. ឱ្យកូនបានចេះ............បានពិន្ទុល្អ
កូនពិតបវរ..................ដោយសារពុកម៉ែ។
7. ពុកខំធ្វើល្អ..................សក្តិសមជាខ្មែរ
ស្រលាញ់អ្នកម៉ែ..........ឧត្តមភរិយា។
8. ផ្តល់គំរូល្អ...................ដល់កូនគ្រប់គ្នា
ផ្តល់សុខរមនា............ពេញក្នុងបូរី។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង៥៣នាទី ដល់ ម៉ោង ៩និង១៦នាទីព្រឹក

កំណាព្យ អំបុកស្រូវខ្មែរ

បទកាកគតិ

1. អំបុកស្រូវថ្មី................ឆោមស្រស់ពិសី................ឈ្ងុយឈ្ងប់ម្លេះណា
អំបុកស្រូវខ្មែរ..............ថែតដូនតា.......................អស់ជនខេមរា
នឹកនាជានិច្ច។

2. អំបុកស្រូវថ្មី................នៅដែនបូរី........................មិនចេះរិលរិច
អំបុកដាល់ដៃ.............ម៉ែផ្ញើរជានិច្ច......................កូនមិនអាចភ្លេច
ទីភូមិសុខសាន្ត។

3. អំបុកស្រូវថ្មី.................ឈ្ងុយឆ្នាញ់រកអ្វី..............បំភ្លេចមិនបាន
អំបុកធម្មជាតិ..............ស្គាល់ញាតិសន្តាន...........ថែបរិស្ថាន
ថែសុខភាពខ្មែរ។

4. អំបុកស្រូវថ្មី................មិត្តទាំងប្រុសស្រី...............ក៏ចូលចិត្តដែរ
អំបុកសំណាង............ ទេព្តាស្រុកស្រែ.................យើងជាកូនខ្មែរ
ត្រូវថែរក្សា។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១១និង៣នា0ទី ដល់ ម៉ោង ១២និង៣០នាទី